ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ធុរជន និងវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាឈ្វេងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន។
ក្នុងពិធីបើកសិក្ខសាលា ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយនឹងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងដោយមានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសជប៉ុ
នប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះ សម្ដេចតេជោបានថ្លែងកត់សម្គាល់ថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា សុទ្ធសឹងតែជាការវិនិយោគប្រកបដោយសក្ដានុពល ប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរជូនដល់កូន ក្មួយកម្មករនិងយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសការងារសមរម្យ រក្សាកំណើនសេដ្ឋកិច្ច និងការធ្វើប្រព្រឹត្តកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។ ការវិនិយោគទាំងនេះមិនត្រឹមតែនាំមកនូវប្រាក់ចំណេញដល់អ្នកវិនិយោគប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកដល់ការរក្សាស្ថិរភាពយូរអង្វែងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ក្នុងគ្រប់បរិការណ៍នៃដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួន។
សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាពិតជាត្រូវការវិនិយោគជប៉ុនបន្ថែមកាន់តែ ច្រើនទៀតលើគ្រប់វិស័យ ពិសេសលើការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្មកម្ពុជា ជាដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់លោកអ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគ ដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីកម្មរបស់ខ្លួន។ ជាងនេះទៀតក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់កិច្ចសម្របសម្រួល រាល់នីតិវិធីរដ្ឋបាល និងដំណើរទៅតាមគ្រប់ដំណាក់កាលនៃប្រតិបត្តិការនៃអ្នកវិនិយោគ របស់អស់លោកអ្នកនៅកម្ពុជា»។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ជាការពិតណាស់ការរីកចម្រើនរបស់កម្ពុជាកន្លងទៅ និងពេលនេះ បច្ចុប្បន្នមិនទាន់កាត់ផ្ដាច់ចេញពីការចូលរួមរបស់មិត្តជប៉ុនបានឡើយ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្ដែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ជាថ្មីម្ដងទៀត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃនេះ តាមរយៈការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុន នៅកម្ពុជា។
គួររម្លឹកដែរថា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការយ៉ាងច្រើសន្ធឹកសន្ធាប់ ប្រមាណជាង ២,៨ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៥ភាគរយ នៃហិរញ្ញប្បទានសរុប របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។ ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ មកដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក ដែលផ្ដោតសំខាន់លើការផលិតគ្រឿងផ្នែកបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារបរិក្ខារបច្ចេកទេស កសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូច ចំនួនប្រមាណ ១៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជា វិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋានជាដើម៕