– ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
– ឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ
– ឯកឧត្តម ផែនយ៉ារ៉ាក់ ផូលធូប (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
– សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដើម្បីប្រារព្ធពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដើម្បីភ្ជាប់ប៉ុស្តិព្រំដែននៃប្រទេសយើងទាំង ២ កម្ពុជា-ថៃ នាពេលនេះ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, តាមរយៈឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ខ្ញុំសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ក្នុងការរួមចំណែក កសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនាមជាប្រទេសជិតខាង និងនៅក្នុងសហគមន៍ឤស៊ានដូចគ្នា។
ខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីត រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ, ឯកឧត្តម ផែន យ៉ារ៉ាក់ ផូលធូប ឯកអគ្គរាជទូត និងសហការីទាំងអស់នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមសហការអនុវត្តគម្រោងនេះ។ ខ្ញុំសូមថ្លែងអំណរគុណទីភ្នាក់ងារ នីដា (NEDA) ដែលជាអ្នកសម្របសម្រួលគម្រោង ពិសេស នាយកដ្ឋានផ្លូវហាយវ៉េក្រសួងដឹកជញ្ជូនថៃ (DOH) ដែលបានជួយសិក្សា និងត្រួតពិនិត្យបច្ចេកទេសសាងសង់ និងសូមអរគុណកងវិស្វកម្ម នៃកងទ័ពភូមិន្ទថៃ ដែលបានសាងសង់ស្ពាននេះ។
ការសាងសង់ស្ពាននេះ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី រវាងប្រទេសយើងទាំងពីរ សំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ហើយដែលប្រទេសយើងទាំង ២ បានប្រសិទ្ធនាមឈ្មោះស្ពាននេះថាជា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តស្រះកែវ ពិសេសជាស្ពានភ្ជាប់និស្ស័យរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ។
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ ៦៧០ លានបាត (ស្មើនឹងប្រមាណជាង ១៩ លានដុល្លារ)។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគ សម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធឤករផ្សេងៗ។ ស្ពាននេះជាស្ពានធំទី ១ ដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ ៥០ និងលេខ ៥១, ស្ពានមានប្រវែង ៦២០ ម៉ែត្រ, ទទឹង ១៧ ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ ម៉ែត្រ, នៅផ្នែកថៃមានប្រវែង ៤០៥ ម៉ែត្រ ហើយនៅចំណុចដែលសាងសង់ស្ពាន ស្ទឹងមានទទឹងប្រមាណ ៣០ ម៉ែត្រ តែអ្នកបច្ចេកទេសបានសាងសង់ប្រឡោះស្ពានដល់ទៅ ៦០ ម៉ែត្រ ដោយសសរស្ពានទាំងសងខាងស្ទឹង ឈរផុតមាត់ស្ទឹងប្រមាណ ១៥ ម៉ែត្រ សំដៅការពារការប្រែប្រួលបរិស្ថានព្រំដែន ទៅតាមអនុសាសន៍របស់គណៈកម្មការចម្រុះ ព្រំដែនកម្ពុជា-ថៃ (JBC)។
ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា, សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលបានសាងសង់នាពេលនេះ ពិតជាបានជួយសម្រួលដល់ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត មានការឆ្លងកាត់ទំនិញ និងទេសចរ កាន់តែមមាញឹកយ៉ាងខ្លាំង។ ជាពិសេស ការសាងសង់ស្ពាននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា និង ប្រជាជនថៃ និងបានផ្តល់ភាពងាយស្រួលដល់ប្រជាជន ក្នុងប្រទេសមហាអនុតំបន់មេគង្គ ដើម្បីសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក-ភ្នំពេញ និងក្រុងហូជីមិញ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការ ដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍ឤស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានកំណត់ផ្លូវពី បាងកក-ប៉ោយប៉ែត-ភ្នំពេញ-ហូជីមិញ ជាផ្លូវឤស៊ានហាយវ៉េលេខ ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជញ្ជូនទំនិញចេញចូលមានភាពងាយស្រួល។ ម៉្យាងវិញទៀត, ស្ពាននេះនឹងទុកសម្រាប់តែការដឹកជញ្ជូនទំនិញ ចេញចូល ចំណែកឯច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រថេតទុកសម្រាប់តែភ្ញៀវទេសចរឆ្លងកាត់ប៉ុណ្ណោះ។
នៅក្នុងឱកាសដ៏រីករាយនេះ, ខ្ញុំនៅចងចាំថា តបតាមការសន្យារបស់ខ្ញុំជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា ខ្ញុំបានតែងបទចម្រៀងចំនួន ៤ បទ ដែលក្រុមតន្ត្រីរបស់យើង នឹងប្រគុំនាពេលបន្តិចទៀតនេះ ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-ថៃ រឹងមាំ ស្ថិតស្ថេរ ចីរកាល។
ជាទីបញ្ចប់ ជាមួយនឹងការប្រារព្វពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ព្រំដែនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ខ្ញុំសូមជូនពរឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា, សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ !