សម្រង់​​ប្រសាសន៍​​​​​សម្ដេច​​​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ ពិធីជំនួបប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីជាមួយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

CNV:

ឯកឧត្តម វ៉ាង វិនទៀង អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
សម្ដេច ឯកឧត្តម លោកជំទាវអស់លោក លោកស្រី នាងកញ្ញា !

សមាគមសម្ព័ន្ធខ្មែរ-ចិន រួមចំណែកដល់ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន​ជួបអស់លោកអ្នកសាជាថ្មីម្ដងទៀត បន្ទាប់ពីមួយឆ្នាំមុន​ ដែលយើង​បានជួបគ្នានៅទីនេះ នៅក្នុងថ្ងៃទី ១០ ខែមេសា​ ឆ្នាំ ២០១៨។ មួយឆ្នាំក្រោយ ការជួបគ្នានោះមានព្រឹត្ដិការណ៍​មួយចំនួនបានឆ្លងកាត់​ ដូចឯកឧត្តម ពង្ស ខៀវសែ បានលើកឡើងក្នុងរបាយការណ៍គាត់អម្បាញ់មិញ​នេះ។ ខ្ញុំពិតជាមានមោទនភាពដោយសារការចូលរួមចំណែកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះ​ ក៏បានរួមចំណែកយ៉ាងធំធេងចំពោះស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដែលនាំទៅដល់ការលូតលាស់កំណើនសេដ្ឋកិច្ច​ ឆ្នាំ ២០១៨ រហូតដល់ ៧,៥ %។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងនូវការស្វាគមន៍យ៉ាងកក់​ក្ដៅ​ចំពោះអ្នកទាំងអស់ដែលបាន​អញ្ជើញចូលរួមនៅឱកាសនេះ។

អរគុណ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

បើតាមលោកប្រធានសមាគម ពង្ស ខៀវសែ ​​​បានឲ្យដឹងថា ថ្ងៃនេះ ក៏មានបងប្អូនជនជាតិចិន ដែលមកពីប្រទេសចិន​មួយចំនួនផងដែរ។ ខ្ញុំសូមស្វាគមន៍​នូវការចូលរួមនៅទីនេះ​ នៅក្នុងពេលវេលា ដែលប្រជាជនខ្មែរជិតប្រារព្ធខួបចូលឆ្នាំថ្មីរបស់ខ្លួន។ ខ្ញុំសូមយកឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់​ ខ្ញុំសូម​សម្ដែងអំណរគុណចំពោះបងប្អូនទាំងអស់​ ​ដែលក្នុងរយៈពេលកន្លងទៅនេះ​ បានធ្វើការបោះឆ្នោតគាំទ្រគណ​បក្សប្រជាជន និងគាំទ្រខ្ញុំ​ ឲ្យបន្ដដឹកនាំប្រទេសតទៅទៀត ដែលយើងមានឱកាសជួបជុំគ្នា​នៅក្នុងពេលនេះ។

សមាគមសម្ព័ន្ធខ្មែរ-ចិន (១) ចូលរួមទៅបោះឆ្នោត និង (២) បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ខ្ញុំពិតជាមានមោទនភាព​ ដោយសារតែបងប្អូនបានផ្ដល់ជំនឿទុកចិត្តសម្រាប់គណបក្សប្រជាជនកម្ពុជា​ ក៏​ដូច​ជាតួនាទីរបស់ខ្ញុំក្នុងការដឹកនាំ និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា​។ បងប្អូនខ្មែរ-ចិនរបស់យើងដែលមានសែស្រឡាយចិនរបស់យើង ដែលរស់នៅច្រើនជំនាន់ ហើយមិនមែនជាអាណិកជន​ចិននោះទេ ដែលមាន​សិទ្ធិ​បោះឆ្នោត បានធ្វើការសម្រេចចិត្តចូលរួមបោះឆ្នោត ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយដែលនោះ យើង​អាចចាត់​ទុកថា បងប្អូនបានបំពេញនូវការងារពីរសំខាន់​។

ទី ១ គឺបានគាំទ្រដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស​ តាម​រយៈការបោះឆ្នោតជាទៀងទាត់ ហើយដែលបងប្អូនបានចូលរួម​យ៉ាងសស្រាក់សស្រាំ រហូតដល់ទៅជាង ៨៣% នៃ​អត្រាអ្នកដែលមាន(ឈ្មោះ)ក្នុងបញ្ជីបោះឆ្នោត​ បានចូលរួមបោះឆ្នោត។ មានតែការបោះឆ្នោតទេ ដែលគាំទ្រទៅដល់​​ដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស​ អ្នកដែលប្រឆាំងនឹងការបោះឆ្នោត ជាអ្នកដែលប្រឆាំងនឹងដំណើរ​ការ​ប្រជាធិបតេយ្យ។​ តាមរយៈនៃការចូលរួមយ៉ាងកុះករក្នុងការបោះឆ្នោត នោះ​គឺបានបង្ហាញយ៉ាងច្បាស់ និងបានវាយ​បំបាក់នូវឧបាយកល ដេកផ្ទះ ឈ្នះឯង របស់ពួកប្រតិកិរិយា​ ដែលចង់បំផ្លាញការរស់រានមានជីវិត និង​ដំណើរ​ការប្រជាធិបតេយ្យ​របស់កម្ពុជា។

ឯចំណុច ទី ២ បងប្អូនបានសម្រេចចិត្តបោះឆ្នោតដោយរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍជាបន្ដ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​។ ការបោះឆ្នោតជូន​គណ​បក្សប្រជាជនកម្ពុជាឲ្យបន្តការដឹកនាំប្រទេស មាន​ន័យស្មើនឹងការបោះឆ្នោតដើម្បីរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ​ដែលបងប្អូនទាំងអស់គ្នា​បានឃើញមកដល់សព្វថ្ងៃនេះ​។ អ្វីដែលជារឿងដែលគួរឲ្យប្លែក ដែលសូម​បងប្អូនចាំឲ្យច្បាស់ និងចំណាំទុកតកូនតចៅ​រៀងទៅ នៅចាំបានទេ ​ឆ្នាំ ​២០១៣ នៅពេលដែលមាន​អានុភាពប្រតិកិរិយា អាសិរ​ពិស​ ដែលប៉ុនប៉ងបំផ្លាញដំណើរការ​ប្រជា​ធិបតេយ្យ​ និងក្ដាប់យកអំណាចក្រៅក្របខណ្ឌប្រជាធិបតេយ្យ តើពួកគេ​បានបង្កអស្ថេរភាពប៉ុណ្ណា​បន្ទាប់ពីការបោះឆ្នោត? ប្រៀបធៀបរយៈពេលដូចគ្នា នៅក្នុងពេលវេលានៃការបោះឆ្នោត​ឆ្នាំ​ ២០១៣ រហូតមកត្រឹមខែមេសានេះ សភាពការណ៍​នៅមិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ដោយសារមាន​ការប៉ុនប៉ងដើម្បីទាញយក​អំណាចក្រៅក្របខណ្ឌ នៃបែបផែនប្រជាធិបតេយ្យ​។ បោះឆ្នោតរួចហើយ ​គេធ្វើ​ឲ្យអស្ថិរភាពនៅក្នុងទីក្រុងភ្នំពេញ។​

កាបោះឆ្នោត ២០១៨ រក្សាបានប្រក្រតីភាពជីវភាព​ និងកំណើនសេដ្ឋកិច្ច

ក៏ប៉ុន្ដែ(ការបោះឆ្នោត) ២០១៨ នេះ សភាពការណ៍គឺខុសប្លែកឆ្នាំ ២០១៣ ដោយសារតែយើងបានកម្ទេចចោលនូវកម្លាំងដែលបំផ្លាញដំណើរការប្រជាធិបតេយ្យ និងប៉ុនប៉ងដណ្ដើម​អំណាចក្រៅក្របខណ្ឌ នៃប្រព័ន្ធប្រជាធិបតេយ្យ​។ ដូច្នេះ​កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨ ក៏ដូចជាដំណើរការប្រក្រតី ​នៃ​ជីវភាពប្រជាជន មិនថាតែទីក្រុងភ្នំពេញទេ​ នៅក្នុងក្របខណ្ឌទូទាំងប្រទេសយើងដំណើរការជាធម្មតា ​ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជាលើសការគ្រោងទុករបស់ខ្លួន​ គឺមានកំណើនរហូតទៅដល់ ៧,៥% ដែលនេះជាចំនួនមួយ ​ដែលគួរ​ត្រូវបានលើកទឹកចិត្តបន្ដទៀត។​ ហើយសង្ឃឹមថា បងប្អូនយើងទាំងអស់​ ដែលមានចំណែកយ៉ាងធំ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ នឹងបន្ដគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដល់រាជរដ្ឋាភិបាល ក្នុងការបន្ដដឹកនាំប្រទេស ​​ក្រោមក្របខណ្ឌនៃសន្ដិភាព ការអភិវឌ្ឍ និងដំណើរការប្រជាធិបតេយ្យជាទៀតទាត់។

សូមអរគុណសមាគមចំពោះការចូលរួមក្នុងសកម្មភាពសង្គម

ខ្ញុំសូមយកឱកាសនេះ​ សម្ដែងនូវការអរគុណ និងកោតសរសើរចំពោះសមាគម​ ដែលបានធ្វើកិច្ចការងារយ៉ាងច្រើន ​ក្នុងការចូលរួមចំណែកទៅដល់​ការដោះស្រាយបញ្ហា​ ទាក់ទងជាមួយនឹងសកម្មភាព​ដោះស្រាយបញ្ហាសង្គម​។ ដូចជា បញ្ហាជួយមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំនៅចាំបាន នៅថ្ងៃទី ១០ មេសា ឆ្នាំ ២០១៨ នៅទីនេះ ខ្ញុំក៏បានអំពាវ​នាវ​ចំពោះបងប្អូនសមាគមសែស្រឡាយខ្មែរ-ចិន ឲ្យចូលរួមនៅក្នុងការឧបត្ថម្ភដល់​មូលនិធិគន្ធបុប្ផា។ ដូច្នេះ​ ចំណូលមួយភាគ​ ដែលទទួលបានដោយមូលនិធិគន្ធបុប្ផា គឺបានមកពីការ​ចូលរួមចំណែកពីសមាគម ដែលមានអ្នកចូលរួមជាសមាជិកស្ថាបនិក​យ៉ាង​ច្រើនកុះករ។ នេះក៏ជាផ្នែកយ៉ាងសំ​ខាន់នៃការចូលរួម​សម្រាប់វិស័យសង្គម។ ហើយក៏បានចូលរួមជាមួយនឹង​កាក​បាទក្រហមកម្ពុជានៅក្នុងការផ្ដល់ តាមរយៈនៃទិវាជាតិកាកបាទក្រហមកម្ពុជា ដើម្បីនឹងប្រមូលធនធានសម្រាប់ជួយទៅដល់ប្រជាជនកម្ពុជា។ ខ្ញុំអរគុណចំពោះសមាគម ដែលបានជួយ​អណ្ដូងទឹក ដើម្បីដោះស្រាយបញ្ហាសម្រាប់ប្រជាជននៅតំបន់រងគ្រោះដោយសារជាតិពុលអំពីប្រេង។ ដែលនេះក៏ជាផ្នែកដ៏សំខាន់ នៃការជួយទ្រទ្រង់ នៃសកម្មភាពរបស់សមាគម។

ចង់បានវិនិយោគផ្ទាល់ពីបរទេសផង ការរីកសមត្ថភាពវិនិយោគក្នុងស្រុកផង

ខ្ញុំក៏សុំយកឱកាសនេះ កោតសរសើរចំពោះវិនិយោគិនរបស់យើង ដែលចេញពីក្នុងស្រុក ហើយដែលភាគច្រើនមាននៅក្នុងទីនេះ។ បើយោងទៅលើទិន្ន័យ នៃការវិនិយោគ មានចំនួនមិនតិចទេ ដែលវិនិយោគដោយវិនិយោគិនក្នុងស្រុករបស់យើង។ ចំណុចនេះហើយ គឺជាចំណុចដែលខ្ញុំចង់បាននៅក្នុងក្របខណ្ឌគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស នៅក្នុងក្របខណ្ឌនៃការគិតគូរជាយុទ្ធសាស្រ្តរបស់ខ្ញុំ។ ពិតមែន តែខ្ញុំចង់បានវិនិយោគផ្ទាល់ពីបរទេស ក៏ប៉ុន្តែខ្ញុំចង់ឲ្យវិនិយោគិនក្នុងស្រុករបស់យើង មានឱកាសកាន់តែធំ មានសមត្ថភាពកាន់តែខ្លាំង ដើម្បីចូលរួមការវិនិយោគនៅក្នុងប្រទេសរបស់យើង នៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យសេវា និងវិស័យដទៃទៀត យើងបានឃើញនៃបណ្ដាក្រុមហ៊ុនក្នុងស្រុក កាន់តែរឹងមាំឡើងៗ។ ចំណុចនេះ ខ្ញុំសុំលើកទឹកចិត្តឲ្យវិនិយោគិននៅក្នុងស្រុករបស់យើង ដែលមានវត្តមានជាច្រើននៅក្នុងពេលនេះ សុំបន្តការចូលរួមចំណែក។

ពីមុន ខ្មែរយកប្រាក់ទៅដាក់ធនាគារក្រៅប្រទេស ឥឡូវយកទុនមកវិនិយោគក្នុងស្រុកវិញ

ចំណុចនេះ វាខុសប្លែកពីសម័យមុន។ ខ្ញុំធ្លាប់បានលើករួចមកហើយថា សម័យមុន យើងមានទឹកប្រាក់តិចតួចណាស់ ក៏ប៉ុន្តែ យើងបែរជាវិនិយោគទៅក្រៅប្រទេសត្រឡប់ទៅវិញ តាមរយៈអ្នកមានក្នុងស្រុករបស់យើង មិនបានប្រើប្រាស់ទុនរបស់គេសម្រាប់ការវិនិយោគក្នុងស្រុក ដូចជាការបង្កើតរោងចក្រ ឬក៏បង្កើតនូវតំបន់ផលិតកម្មនោះទេ។ គេបែរជាយកប្រាក់ទាំងនោះ ទៅដាក់នៅធនាគារនៅក្រៅប្រទេស ទៅទិញនូវទ្រព្យសម្បតិ្តអចលនទ្រព្យនៅក្រៅប្រទេស។ នៅក្នុងដំណាក់កាលថ្មី ក្រោមការគ្រប់​គ្រង និងដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បងប្អូនខ្មែរយើងដែលរស់នៅក្រៅប្រទេស ទាំងបងប្អូនដែលមានសែស្រឡាយចិន និងបងប្អូនខ្មែររបស់យើងនៅក្រៅប្រទេស បានប្រមូលទុន និងបច្ចេកទេសពីខាងក្រៅ យកមកដាក់នៅទីនេះ ហើយបានទុនពីផលចំណេញនោះ ពង្រីកទៅកាន់វិស័យដទៃទៀត។ យើងឃើញធុរជន ដែលធ្វើការនៅប្រទេសរបស់យើង មិនបាននាំទុនទៅវិនិយោគនៅក្រៅប្រទេសទេ ក៏ប៉ុន្តែ ភាគច្រើនពង្រីកពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ ប្រាក់ចំណេញដែលគេរកបាន គឺគេចូលរួមវិនិយោគនៅក្នុងស្រុក។

ពង្រឹងសមត្ថភាពជនជាតិខ្មែរធ្វើធុរកិច្ច បង្កាពេលមានហានិភ័យកើតឡើង

យើងបានសង្កេតឃើញថា ប្រទេសរបស់យើង វណ្ណៈកណ្ដាលក៏កើតមានយ៉ាងច្រើន ទន្ទឹមនឹងវណ្ណៈដែលមានទ្រព្យធន ដែលអាចវិនិយោគដោះស្រាយការងារធ្វើ និងជួយទៅដល់ការពន្លឿននៃកំណើនសេដ្ឋកិច្ច។ អ្វី​ដែលខ្ញុំចង់បញ្ជាក់ ខ្ញុំមិនទាត់ចោល និងមិនមានចេតនាណាមួយ ដើម្បីនឹងរាំងស្កាត់នូវការវិនិយោគផ្ទាល់ពីក្រៅប្រទេសនោះទេ។ គ្រប់ប្រទេសទាំងអស់ សុទ្ធតែមានបំណងដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក៏ប៉ុន្តែ ចំណុចយុទ្ធសាស្រ្តរបស់យើង គឺនៅត្រង់ពង្រឹងសមត្ថភាពជនជាតិខ្មែរយើង ដើម្បីធ្វើធុរកិច្ចនៅក្នុងប្រទេសរបស់ខ្លួន នៅពេលដែលមានហានិភ័យកើតឡើង គឺមានតែជនជាតិយើង អ្នកវិនិយោគក្នុងស្រុករបស់យើងនេះហើយ ដែលជាអ្នកស្លាប់រស់ជាមួយនឹងទឹកដីកំណើតរបស់ខ្លួន។ ដូច្នេះ សុំអ្នកទាំងអស់គ្នាជឿទុកចិត្ត។ ខ្ញុំក៏សុំបញ្ជាក់ទៅអ្នកដែលមិនមែនជាអ្នកនៅក្នុងស្រុកថា សុំកុំបារម្ភពីសភាពការណ៍នៅក្នុងប្រទេសកម្ពុជា យើងមិនមានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគក្រៅស្រុកនោះទេ។ អ្នកវិនិយោគក្រៅស្រុក មានលទ្ធភាពនឹងវិនិយោគ ១០០% ដោយមិនចាំបាច់មានភាគហ៊ុនក្នុ​ងស្រុក។

ចង់ឲ្យប្រទេសកម្ពុជា មានមហាសេដ្ឋីកាន់តែច្រើន

អ្វីដែលខ្ញុំចង់បញ្ជាក់នៅទីនេះ គឺចង់ឲ្យជនជាតិខ្មែររបស់យើង ក្លាយទៅជាសេដ្ឋីកាន់តែច្រើនទៅៗ តែប៉ុណ្ណោះ។ នេះមិនមែនជាការរើសអើងទេ ក៏ប៉ុន្តែ ប្រទេសនីមួយៗ សុទ្ធតែចង់ឲ្យជនជាតិរបស់ខ្លួនមានសេដ្ឋីច្រើន មានអ្នកមានច្រើន។ ដូច្នេះ ខ្ញុំសង្ឃឹមថា នៅក្នុងចំណោមជនជាតិខ្មែររបស់យើងនេះ បើខ្ញុំគិតអំ​ពីចំនួនអ្នកដែលមានប្រាក់ពី ២០ លានដុល្លារឡើងលើ ប្រហែលជាមានចំនួនមិនតិចទេ។ បើគិតពីអ្នកដែលមានប្រាក់ ១ លានដុល្លារឡើងលើ ក៏មានចំនួនមិនតិចដែរ។ ប្រៀបធៀបទៅឆ្នាំ ១៩៧៩ អ្នកដែលមានប្រាក់ ១០០ ដុល្លារឡើងលើ គឺមានតិចតួចណាស់។ ប៉ុន្តែ ឥឡូវនេះ អ្នកដែលមានប្រាក់ ១ លានដុល្លារឡើងលើ ប្រហែលជានៅទីក្រុងភ្នំពេញស្ទើរតែទាំងអស់ ​ដែលមានទ្រព្យធនរបស់គេពី ១ លានដុល្លារឡើងលើ។ ខ្ញុំមិននិយាយពីសាច់ប្រាក់ទេ ខ្ញុំនិយាយពីអចលនទ្រព្យរបស់ពួកគេ។ នៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ ដីមួយតូចប៉ុណ្ណោះ ប៉ុន្តែតម្លៃស្មើ ១ លានដុល្លារ ឬ ២ លានដុល្លាររួចស្រេចទៅហើយ​។

វត្តមានជាអចិន្រ្តៃយ៍នៃសន្ដិភាព ធ្វើអោយដីមានតម្លៃ

កត្តានេះចង្អុលបង្ហាញថា នៅពេលដែលសង្រ្គាមមានវត្តមាននៅក្នុងប្រទេសរបស់យើង ដីទាំងអស់នោះពុំមានតម្លៃទេ ប៉ុន្តែវត្តមានជាអចិន្រ្តៃយ៍ នៃសន្ដិភាពសម្រាប់ប្រទេសរបស់យើង ដីរបស់គេឡើងថ្លៃពីអត់មានតម្លៃសោះ ទៅជា ១ លានដុល្លារ ឬ ២ លានដុល្លារ ៥ លានដុល្លារ ២០ ឬ ៣០ លានដុល្លារឯណោះ​។ ចំ​ណុចនេះហើយ ដែលយើងត្រូវមើលឃើញ ហើយដែលយើងត្រូវពង្រឹងសមត្ថភាពនៃជនជាតិកម្ពុជារបស់យើង ដើម្បីបន្តបណ្ដាក់ទុននៅទីនេះ ដោយមិនយកប្រាក់ទាំងនោះទៅ(ផ្ញើ)នៅខាងក្រៅ ដូចជាអតីតកាលរបស់យើង។ ក្រហើយ ថែមទាំងយកប្រាក់ទៅទុកតម្កល់នៅធនាគារនៅប្រទេសក្រៅ។ ក្រហើយ ថែមទាំងយកប្រាក់ទៅទិញផ្ទះនៅបរទេស។ ប៉ុន្តែឥឡូវ បងប្អូនទាំងនោះ បែរជាលក់ ឬក៏ប្រមូលទ្រព្យសម្បត្តិពីក្រៅប្រទេស ចូលមកនៅក្នុងប្រទេសវិញ ដែលជាការឆ្លើយតបទៅនឹងការអភិវឌ្ឍក្នុងប្រទេសរបស់យើង។

ពង្រឹងវប្បធម៌បង់ពន្ធ ដើម្បីការអភិវឌ្ឍ និងការពារជាតិ

មួយទៀត ខ្ញុំសុំយកឱកាសនេះ ដើម្បីកោតសរសើរចំពោះស្មារតីនៃវប្បធម៌បង់ពន្ធ។ ខ្ញុំគិតថា នៅក្នុងចំ​ណោមចូលរួមនៅទីនេះ ប្រមាណជា ៣០​% ទៅ ៥០% នៃចំណូលប្រាក់ពន្ធរបស់ប្រទេសបច្ចុប្បន្ននេះ។ ដោយសារតែនៅក្នុងចំណោមនៃអ្នករកស៊ី ដែលនៅក្នុងសមាគម ឬក៏ជាភ្ញៀវរបស់សមាគម អញ្ជើញមកទីនេះ គឺមានប្រមាណជាពាក់កណ្ដាល នៃប្រាក់ចំណូលជាតិរបស់យើង តាមរយៈពន្ធគយក្ដី តាមរយៈពន្ធដារក្ដី តាមរយៈចំណូលមិនមែនសាពើពន្ធក្ដី។ សង្ឃឹមថា អ្នកទាំងអស់គ្នានៅទីនេះ បន្តពង្រឹងស្មារតីនៃវប្បធម៌បង់ពន្ធ ដើម្បីឲ្យរដ្ឋមានលទ្ធភាពកាន់តែច្រើន ដើម្បីយកប្រាក់ពន្ធនោះទៅបម្រើឲ្យការអភិវឌ្ឍប្រទេសជាតិ និងការពារជាតិរបស់យើង។

មិនមានគោលដៅតម្លើងពន្ធ តែសូមបង់ពន្ធតាមច្បាប់ ទាន់ពេលវេលា និងគ្រប់ចំនួន

កងទ័ព នគរបាល កម្លាំងប្រដាប់អាវុធរបស់យើង មន្រ្តីរាជការរបស់យើង ត្រូវការនូវប្រាក់ចំណូល ប្រាក់បៀវត្ស។ សាលារៀន មន្ទីរពេទ្យ ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្រ្ត ឬផ្នែកដទៃទៀត សុទ្ធតែមានតម្រូវការសាងសង់។ ដូច្នេះ ការបង់ពន្ធមិនថាតែនៅប្រទេសណាទេ គ្រប់ប្រទេសទាំងអស់​សុទ្ធតែមានតម្រូវការពន្ធ។ ឯនៅក្នុងប្រទេសរបស់យើងយើងមិនមានគោលដៅតម្លើងប្រាក់ពន្ធនោះទេ តែអ្វីដែលយើងចង់បានគឺការរីកលូតលាស់ នៃស្មារតីបង់ពន្ធ ទៅតាមច្បាប់ដែលមានជាធរមាន បង់ឲ្យទាន់ពេលវេលា បង់ឲ្យគ្រប់តែប៉ុណ្ណឹងទេ។ ដូច្នេះ តាមរយៈ នៃជំនួបដែលយើងធ្វើនៅថ្ងៃនេះ ខ្ញុំអាច និងសង្កេតមើលបានថា ប្រមាណជាពាក់កណ្តាលនៃប្រាក់ពន្ធបានមកពីអ្នក ដែលនៅក្នុងទីកន្លែងដែលយើងជួបជុំនេះ។​ សង្ឃឹមថា ស្មារតី​​នេះនឹងបន្តតទៅទៀត ដើម្បីឲ្យរដ្ឋមានសមត្ថភាពធំឡើងៗ កសាងប្រទេសដ៏កម្សត់របស់យើងមួយនេះ។

បាត់សន្តិភាព បាត់សេចក្តីសុខ បាត់ការរីកលូតលាស់សេដ្ឋកិច្ច

ជាចំណុចចុងក្រោយ ខ្ញុំមិនគួរនឹងត្រូវនិយាយច្រើនពេកទេ ដោយសារតែយើងបាននិយាយគ្នាច្រើនហើយ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តអំពាវនាវឲ្យឯ​កឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលចូលរួមនៅក្នុងពិធីនេះ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សានូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាដល់ការអភិវឌ្ឍ។ ត្រូវចងចាំថា បើគ្មានសន្តិភាព វាពិតជាគ្មានការអភិវឌ្ឍកើតឡើងទេ ត្រូវយល់រឿងនេះឲ្យបានច្បាស់។ ប្រសិនបើមានចលាចលណាមួយកើតឡើង ប្រទេសនេះមិនអាចទទួលបាននូវសេចក្តីសុខ មិនត្រឹមតែមិនអាចទទួលបាននូវសេចក្តីសុខនោះទេ ​ក៏ប៉ុន្តែ ការរីកលូតលាស់នៃសេដ្ឋកិច្ច ក៏នឹងត្រូវ​បាត់បង់ផងដែរ។ នៅចាំបានទេ សង្គ្រាមឆ្នាំ ១៩៧០ បានចាប់ផ្តើមបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា។ បន្តបន្ទាប់ របបប្រល័យពូជសាសន៍ បានផ្តាច់ដល់ឫសគល់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ ទម្រាំនឹងយើងកសាងបានរហូតមកដល់ពេលនេះ គឺលំបាកខ្លាំងណាស់។

ចូលឆ្នាំក្នុងសន្តិភាព កម្សាន្តសប្បាយក្នុងទូទាំងប្រទេស

ដូច្នេះ បើរក្សាសន្តិភាពមិនបានទេ កុំនិយាយទៅដល់ការអភិវឌ្ឍ គឺនិយាយពីការរត់ចោលតំបន់អភិវឌ្ឍន៍ទៅវិញទើបវាត្រូវ។ សូមសម្លឹងមើលទៅប្រទេសស៊ីរី អ៊ីរ៉ាក់ យេម៉ែន លីប៊ី និងប្រទេសដទៃទៀត តើគេបានអភិវឌ្ឍអ្វីទៅ? ប៉ុន្តែ ហើយក៏សូមសម្លឹងមើលពីអតីតកាលរបស់យើង តើយើង​បានអភិវឌ្ឍអ្វីនៅក្នុងពេលវេលាដែលយើងជួបប្រទះនៅក្នុងកាលៈទេសៈមានសង្គ្រាម។ ឥឡូវនេះ យើងមានឱកាសដើម្បីអភិ​វឌ្ឍលើគ្រប់ផ្នែកទាំងអស់ ហើយទៅតាមតម្រូវការនៃទីផ្សារ។ ឥឡូវជិតដល់ចូលឆ្នាំថ្មី សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទទួលបាននូវការកម្សាន្តសប្បាយនៅក្របខណ្ឌទូទាំងប្រទេស ដែលនៅពេលមុននេះ ប្រទេសរបស់យើងត្រូវបានកាត់ផ្តាច់ជាកង់ៗ ដែលមានតំបន់ត្រួតត្រាខុសគ្នា ដែលប្រជាជនមិនអាចឆ្លងកាត់ទៅលេងគ្នាបាន សូម្បីបងប្អូនបង្កើត ម្ខាងមានបងប្អូននៅខាងនោះ ម្ខាងមានបងប្អូនខាងនេះ ក៏មិនអាចជួបមុខគ្នានៅក្នុងឱកាសធ្វើបុណ្យទានបានដែរ។

ខ្មែរខ្លាំង សាមគ្គីគ្នា រក្សាសន្តិភាព ទោះបី សត្រូវខ្លាំងប៉ុណ្ណា ក៏មិនអាចយកឈ្នះបាន

រឿងនេះ យើងត្រូវប្រមើលមើលឲ្យបានច្បាស់ រំលឹកអតីតកាលរបស់យើង និងក៏សម្លឹងទៅដល់ប្រទេសដទៃដែលកំពុងមានបញ្ហា។ យើងត្រូវរូមគ្នាដើម្បីរក្សានូវសន្តិភាព​ ដែលយើងរកបានដោយលំបាក ដោយពលីសាច់ស្រស់ ឈាមស្រស់និងដោយភាពហ្មត់ចត់ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះរបស់យើង។ ពិតហើយ មានអ្នកដែលប៉ុនប៉ងបំផ្លាញយើង ក៏ប៉ុន្តែ ខ្ញុំអាចបញ្ជាក់បានថា​​ គេបំផ្លាញយើងបាន មិនមែនដោយសារគេខ្លាំងទេ មកពីយើងខ្សោយពេក។ ប៉ុន្តែ នៅពេលដែលយើងខ្លាំង យើងចេះសាមគ្គីគ្នា យើងចេះរក្សាសន្តិភាព ទោះបីអ្នកឯងខ្លាំងប៉ុណ្ណា ក៏មិនអាចយកឈ្នះយើងបានដែរ។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងមានការយោគយល់ ហើយចូលរួមរក្សាទុកនូវសន្តិភាពដែលយើងរកបានដោយការលំបាក ហើយបន្តចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាបន្ត។

បន្តអនុវត្តម៉ឺងម៉ាត់ គោលនយោបាយចិនមួយ

មួយទៀត ដោយដឹងថា ថ្ងៃនេះ មានអ្នកដែលក្រៅពីបងប្អូនខ្មែរសែស្រឡាយចិននៅកម្ពុជា ក៏ដឹងថា មានបងប្អូនចិនមកពីចិនដីគោក មានបងប្អូនចិនមកពីម៉ាកាវ មានមកពីហុងកុង មកពីតៃវ៉ាន់ ខ្ញុំសូមស្នើនូវចំ​ណុចមួយ ដូចដែលខ្ញុំធ្លាប់បាននិយាយកាលពីពេលមុន។ អ្វីដែលខ្ញុំចង់និយាយសំដៅទៅលើបងប្អូនចិន ទាំងបងប្អូនខ្មែរសែស្រឡាយចិននៅទីនេះ និងបងប្អូនខ្មែរសែស្រឡាយចិនមកពីតៃវ៉ាន់ មកពីហុងកុង មកពីម៉ាកាវ ឲ្យយល់ពីគោលនយោបាយជាចម្បងដែលបានអនុវត្តតាំងពីព្រះករុណា ព្រះ​បាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះរាជបិតាជាតិខ្មែរ នៅក្នុងទសវត្សរ៍៍ ៥០ ទសវត្សរ៍ ៦០ រហូតមកដល់ ព្រះបាទ ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និងក្រោមការដឹកនាំរបស់ខ្ញុំ គឺខ្ញុំសូមបន្តអនុវត្តដោយម៉ឺងម៉ាត់បំផុត នូវគោលនយោបាយចិនមួយដែលសូមឲ្យអ្នកទាំងអស់គ្នាគាំទ្រនៅលើចំណុចនេះ។

មិនមានស្ថានតំណាង ឬការិយាល័យនានា និង/ឬលើកទង់ជាតិតៃវ៉ាន់

អ្នកទាំងអស់អាចនឹងយល់ថា ហេតុអ្វីបានជាលោក ហ៊ុន សែន មិនព្រមបើកឱកាសឲ្យមានការិយាល័យតៃវ៉ាន់ ស្ថានតំណាងតៃវ៉ាន់ប្រចាំនៅកម្ពុជា ដូចដែលប្រទេសមួយចំនួនបានធ្វើ? ខ្ញុំសុំទោស អំពីអស់​លោកអ្នក ហ៊ុន សែន មិនអាចអនុវត្តបានទេ នូវគោលនយោបាយចាប់ដៃជាន់ជើង។ ខ្ញុំមិនអាចធ្វើរឿងនេះបានទេ។ ខ្ញុំបើកឱកាសឲ្យបងប្អូនមកពីតៃវ៉ាន់ មករកស៊ីនៅកម្ពុជា តែខ្ញុំសំណូមពរថា នឹងមិនមានស្ថានតំណាងតៃវ៉ាន់ប្រចាំនៅកម្ពុជានោះទេ ហើយក៏មិនអនុញ្ញាតឲ្យលើកទង់ជ័យតៃវ៉ាន់ នៅក្នុងពិធីបុណ្យ ដែលហៅថា បុណ្យជាតិរបស់តៃវ៉ាន់នោះទេ។

គោរពអធិបតេយ្យភាពរបស់ចិន ស្មើនឹងគោរពឯករាជ្យ អធិបតេយ្យ នៃកម្ពុជាខ្លួនឯង

ដូច្នេះសូមយោគយល់សម្រាប់គោលនយោបាយការបរទេសរបស់ខ្ញុំទៅលើចំណុចនេះ យើងត្រូវដាក់ចេញជាបញ្ហាថា បើសិនជាយើងត្រូវបានគេផ្តាច់ខេត្តណាមួយចេញពីប្រទេសរបស់យើង តើយើងខឹងទេ? យើងច្បាស់ជាខឹង។ យើងមិនយល់ស្របឲ្យអ្នកណាផ្តាច់ខេត្តរបស់យើងមួយចេញពីប្រទេសរបស់យើងនោះទេ ទោះជាផ្តាច់ទៅភ្ជាប់ជាមួយប្រទេសផ្សេង ឬក៏ផ្តាច់ឲ្យទៅជារដ្ឋឯករាជ្យមួយ យើងមិនយល់ស្របទេ។ ដូច្នេះ បើសិនជាយើងមិនយល់ស្រប ចិនក៏មិនយល់ស្របដូចគ្នា។ ការគោរពអធិបតេយ្យភាពរបស់ចិនលើ​បញ្ហាតៃវ៉ាន់ ឬបញ្ហាទីបេ វាមិនខុសពីការគោរពឯករាជ្យ អធិបតេយ្យ នៃកម្ពុជាខ្លួនឯងនោះទេ។

គោរពគោលនយោបាយប្រទេស ១ ប្រព័ន្ធ ២ នៃសាធារណរដ្ឋប្រជាមានិតចិន

ដូច្នេះ សូម​មេត្តាយោគយល់ យើងគោរពទៅដល់ការអនុវត្តនូវគោលនយោបាយប្រទេស ១ ប្រព័ន្ធ ២ ដូចដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងអនុវត្តទៅលើដែនដីហុងកុង និងម៉ាកាវ។ សង្ឃឹមថា ប្រទេសចិន ១ ប្រព័ន្ធនយោបាយ ២ ក៏នឹងនាំទៅដល់​នូវការអនុវត្តនៅលើដែនដីតៃវ៉ាន់ផងដែរ។ ដូច្នេះសង្ឃឹមថា បងប្អូនទាំងឡាយ ទាំងអ្នកដែលមកពីតៃវ៉ាន់ ទាំងអ្នកដែលមានទំនោរទៅរកតៃវ៉ាន់ សូមមេត្តាយោគយល់ចំពោះខ្ញុំ ទៅលើរឿងមួយនេះ។ ហើយនេះគឺជារឿងចាំបាច់ នៃការគោរពឯករាជ្យ អធិបតេយ្យភាពរបស់ចិន នៅក្នុងពេលវេលា ដែលចិនកំពុងតែប្រឹងប្រែងដើម្បីអនុវត្តនូវគោលនយោបាយឯកភាពជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលយើងត្រូវផ្តល់ការគោរពនូវគោលនយោបាយមួយនេះ។

ទំនាក់ទំនងកម្ពុជា-ចិន ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប

នេះមិនមែនជាបញ្ហាថ្មីថ្មោងរបស់ព្រះរាជាណាចក្រកម្ពុជាទេ នេះជាគោលនយោបាយដែលបានដាក់ចេញតាំងពីព្រះរាជបិតាជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដាក់ចេញនូវគោលនយោបាយមួយនេះតាំងពីមុន យើងត្រូវបន្តថ្នាក់ថ្នមនូវចំណងមិត្តភាព ដែលយើងមកដល់បច្ចុប្បន្ននេះ បានឆ្លងទៅដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងចិន ហើយបានក្លាយទៅជាមិត្តដែកថែប។ ខែមករា ឆ្នាំ ២០១៩ កន្លងទៅ ខ្ញុំបានទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រ​ជាមានិតចិន ដែលពេលនោះ យើងបានពិភាក្សាយ៉ាងច្រើនជាមួយនឹងប្រធានាធិបតី ស៊ី ជិនភីង និងនា​យករដ្ឋមន្រ្តី លី ខឺឈាង ទៅលើកិច្ចសហប្រតិបត្តិការជាច្រើន។ នៅក្នុងចុងខែមេសានេះ ខ្ញុំនឹងមានឱកាសទៅចូលរួមនូវកិច្ចប្រជុំលើកទី ២ វេទិកាអំពីខ្សែក្រវាត់មួយ ផ្លូវមួយ ហើយនៅពេលនោះ តាមការគ្រោងទុក ខ្ញុំក៏នឹងមានជំនួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តី លី ខឺឈាង ផង និងមានជំនួបពិភាក្សាជាមួយនឹងឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ផង។ ទំនាក់ទំនងនេះវាកាន់តែច្រើន កាន់តែប្រសើរ។

ខិតខំទាក់ទាញទាំងទេសចរ ទាំងវិនិយោគិនចិន

អ្នកទាំងអស់គ្នាបានដឹងហើយថា ទេសចរចិនបានមកកាន់កម្ពុជានៅឆ្នាំ ២០១៨ មានរហូតទៅដល់ ១ លាន ៧ សែន នាក់ រួចស្រេចទៅហើយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អ្នកទេសចរចិននឹងមានចំនួនកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយនៃប្រាក់ចំណូលដ៏ធំរបស់កម្ពុជា ដែលកម្ពុជាទន្ទឹង និងធ្វើឲ្យកាន់តែលូតលាស់នូវការបើកចំហទីផ្សាររបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទទួលនូវទំនិញរបស់កម្ពុជា។ យើងនឹងកាន់តែបង្កើតនូវភាពងាយស្រួល ដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ យើងក៏កាន់តែខិតខំដើម្បីទាក់ទាញអ្នកទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជាជាបន្តទៀត។

នោះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់បងប្អូនអ្នកដែលជាខ្មែរសែស្រឡាយចិន ដែលមានការគិតថា ហេតុអ្វីដែលលោក ហ៊ុន សែន បដិសេធ មិនអនុញ្ញាតឲ្យបើកនូវការិយាល័យ​ស្ថានតំណាង ឬការិយាល័យណាមួយរបស់តៃប៉ិ ឬរបស់តៃវ៉ាន់ប្រចាំនៅកម្ពុជា ដូចដែលប្រទេសមួយចំនួនបានធ្វើ? សុំទោស ហ៊ុន សែន មិន​អាចធ្វើបានទេ ហើយក៏ចង់បញ្ជាក់ទៅកាន់បងប្អូនចិនដែលមកពីតៃវ៉ាន់ មកពីម៉ាកាវ និងហុងកុង ឲ្យបានយល់អំពីក្របខណ្ឌគោលនយោបាយមួយនេះ ដែលជាគោលនយោបាយឥតប្រែប្រួល​របស់ ហ៊ុន សែន និងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

ជួបប្រចាំឆ្នាំ ៩ លើកទៀត ជាមួយសមាគមខ្មែរចិន

អរគុណចំពោះការចូលរួម និងការស្តាប់នូវសុន្ទរកថារបស់ខ្ញុំនៅក្នុងពេលនេះ។ ខ្ញុំសង្ឃឹមថា យើងនឹងជួបគ្នា (នៅសល់) ៩ ឆ្នាំទៀត ដែលខ្ញុំបានបញ្ជាក់ហើយថា​ ខ្ញុំនឹងបន្តធ្វើនាយករដ្ឋមន្រ្តីមិនតិចជាង ១០ ឆ្នាំទៀតទេ។ ឥឡូវយើងអស់មួយឆ្នាំហើយ នៅសល់ ៩ ឆ្នាំទៀត។ យើងនឹងបន្តជួបគ្នា។ ប៉ុន្តែ សង្ឃឹមថា ឆ្នាំ ២០២៣ គណបក្សប្រជាជននឹងបន្តឈ្នះឆ្នោត ហើយខ្ញុំនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ ២០២៨។ ប្រសិនបើពេលនោះ សភាពការណ៍តម្រូវ ខ្ញុំក៏នឹងបន្តនូវការឈរឈ្មោះបន្តទៀ។ត តែនេះយើងទុកគិតក្រោយ។ ហោចណាស់ អ្នកទាំងអស់គ្នានៅអាចដឹងបានថា យើងនៅសល់ពេលជួបគ្នា ៩ ដងទៀត ក្នុងមួយឆ្នាំម្តង … ដែលយើងបានគ្រោងទុក ហើយរឿងនេះមិនបានកែប្រែក្នុងអាណត្តិខ្ញុំជានាយករដ្ឋមន្រ្តី។

ថ្ងៃនេះ ខ្ញុំក៏សូមអបអរសាទរអ្នកដែលទទួលមេដាយនៅថ្ងៃនេះផងដែរ។ ខ្ញុំនឹងបំពាក់ជូន​ដោយផ្ទាល់ដៃនៅក្នុងពិធីសំណេះសំណាលនេះ។ ​ជាមួយនឹងការអបអរសាទរសម្រាប់ជំនួ​បពិសាភោជនាអា​ហារប្រចាំឆ្នាំ លើកទី ៣ ហើយដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ ដែលនឹងចូលមកដល់ខាងមុខនេះ ខ្ញុំសូមជូនពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរចីរកាល ហើយក៏សូមជូន​ពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា