សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួប លោកប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia នៅ​សណ្ឋាគារ សុខាភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​លោកប្រធាន​ក្រុមហ៊ុនអាកាស​ចរណ៍ Air Asia នៅមុនពេល​សម្តេច​អគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទកាសែតកាលពីម៉ោង ១១:០០ព្រឹកមិញ នេះ។

សម្តេចតេជោបា​នអញ្ជើញ​ជួបលោក តាន់ស្រ៊ី Anthony F. Fernandees ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសច​រណ៍ Air Asia នៅសណ្ឋាគារ សុខាភ្នំពេញ។ លោកប្រធានក្រុម​ហ៊ុន​អាកាស​ចរណ៍​បានវាយត​ម្លៃខ្ពស់​ចំពោះកម្ពុជា ដែលបានរៀបចំនូវ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេសកម្ពុជា ដែលបាន​ឆ្លុះបញ្ចាំង​ពីការ​អភិវឌ្ឍ ភាពស្រស់ថ្លា និងថាមពល ដែលកម្ពុជា​កំពុង​តែមានសុខ​សន្តិភាព​​ពេញលេញ និងស្ថេរភាព​នយោបាយ​យ៉ាងល្អ​ប្រសើរ ពិសេសទៅទៀតនោះគឺយុវជនកម្ពុជាពោរពេញទៅដោយសក្តានុពលនិងមានភាពឈ្លាសវៃ ប្រកប ដោយឆន្ទះខ្ពស់ដើម្បី​ទទួល​បាននូវ​ភាព​ជោគជ័យ​ទាំងឡាយ​សម្រាប់​អនាគត​របស់ពួកគេ។

តាមរយៈកិច្ចសន្ទនាគ្នានេះ លោកប្រធានក្រុមហ៊ុន​បានសំដែង​នូវភាពសុទិដ្ឋិនិយម​យ៉ាង​ខ្លាំង ចំពោះ ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។ លោកតាន់ស្រ៊ី Anthony F. Fernandees ក៏បានជំរាបជូន សម្តេច​តេជោ​ផងដែរថា ក្រុមហ៊ុន​អាកាស​ចរណ៍ អ៊ែរ អេស៊ី នឹងធ្វើការ​ហោះហើរត្រង់ពីទីក្រុង​កូឡា​ឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ទីក្រុងព្រះសីហនុ ដោយការ​ហោះហើរជាលើក​ដំបូង ដែលមាន​ចំនួន ៤ជើងក្នុង១​សប្តាហ៍។ ក្រោយរយៈពេល៣​ខែបន្ទាប់​មកគឺ​នឹងមានការហោះហើរ​ជារៀង​រាល់ថ្ងៃ។ លោក ប្រធានក៏បាន​បញ្ជាក់​ផងដែរថា ឥឡូវនេះក្រុម​ហ៊ុន​របស់លោក​កំពុងការ​លក់​សំបុត្រ​នៃការហោះហើរ ត្រង់មកពីទីក្រុង​កូឡាឡាំពួរ​មកកាន់​ទីក្រុង​ព្រះសីហនុ ហើយរូប​លោកមាន​ជំនឿជឿ​ជាក់ថា ការហោះ​ហើរត្រង់​នោះនឹង​ជួយ​ជំរុញ​ភ្ញៀវទេសចរណ៍​មកកាន់​កម្ពុជាកាន់​តែច្រើនឡើង​ថែមទៀត ជាពិសេស​ក្នុងរយៈពេល​៥ឆ្នាំខាង​មុខ ក្រុមហ៊ុន​លោក នឹងអាចនាំ​ភ្ញៀវទេស​ចរណ៍ប្រមាណ ៣លាននាក់​មកកាន់ ប្រទេស​កម្ពុជា។

សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី រីករាយស្វាគមន៍​ចំពោះការ​ហោះ​ហើរ​ត្រង់​ជាលើក​ដំបូង​របស់ក្រុមហ៊ុន​អាកាស​ចរណ៍ Air Asia ពីទីក្រុង​កូឡាឡាំពួរ មកកាន់​ទីក្រុង​ព្រះ​សីហនុ។ ការហោះហើយ​ត្រង់​នេះ គឺនឹងនាំ​មកនូវការ​ទាក់ទាញ​ភ្ញៀវទេស​ចរណ៍​មកកាន់​កម្ពុជាផង និងម៉្យាង​វិញទៀត​គឺនឹង​ផ្តល់​នូវ​ជំរើស ដល់ប្រជាជន​កម្ពុជា​ដែល​និងត្រូវ​ធ្វើការ​ហោះហើរ​ត្រង់ ពីរាជធានីភ្នំពេញ​ឬពីក្រុង​ព្រះសីហនុ និងទៅ កាន់ទីក្រុង​កូឡាឡាំពួរទៀតផង ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ