សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​ប្រគល់​សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់

CNV:

សូមក្រាបថ្វាយបង្គំ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជារីករាយ ដោយសារដើមអាទិត្យនេះ ក៏បានមកជួបជាមួយនឹងនិស្សិតជ័យលាភី ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់វិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)សរុប ៣ ២១៦ នាក់។ ហើយដែល​ក្នុងនោះ គឺយើងបានសង្កេតឃើញថា គ្រឹះស្ថានឧត្តមសិក្សាមួយនេះ ចាត់ទុកថា ប្រហាក់ប្រហែលនគរស្រីល្វោ ដោយ សារតែចំនួននិស្សិតគ្រប់ផ្នែកទាំងអស់ គឺមានជាង ៨២% (ជាស្រ្តី) នៃចំនួននិស្សិតសរុប ដែលជាតម្រូវការច្រើន សម្រាប់វិស័យដែលគេទទួលយកទៅធ្វើការ។

វឌ្ឍនភាពវិទ្យាស្ថាន វ៉ាន់ដា/សេរីភាវូបនីយកម្មលើវិស័យអប់រំនេះ ធ្វើតាំងពីជំនាន់អតីតរដ្ឋកម្ពុជាមកម្លេះ

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរបាយការណ៍លើកឡើងរបស់ ឯកឧត្តម ហេង វ៉ាន់ដា បានធ្វើរបាយការណ៍អម្បាញ់មិញនេះ ទាក់ទិនទៅនឹងវឌ្ឍនភាព នៃវិទ្យាស្ថាននេះ។ បើតាមខ្ញុំមិនច្រឡំទេ យើងតាំងពីអើយ ហើយកាលហ្នឹងមានទូរទស្សន៍ជាតិរបស់យើង ដែលផ្សព្វផ្សាយពាណិជ្ជកម្មថា វ៉ាន់ដា គណនេយ្យ ចាប់ផ្ដើមពីអាហ្នឹង អាមួយទៀត Banana ជាន័រតុន សព្វថ្ងៃ។ អញ្ចឹង ចង់រំលឹកចំណុចនេះបន្ដិច ថា រឿងវាមិនមែនចាប់ផ្ដើមក្រោយពេល ដែលយើងចូលអង្គការពាណិជ្ជកម្មពិភពលោក ឬក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ រឿងសេរីភាវូបនីយកម្មលើវិស័យអប់រំនេះ យើងបានធ្វើតាំងពីជំនាន់អតីតរដ្ឋកម្ពុជាមកម្ល៉េះ ។ ដែលយើងផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។ យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើឱ្យវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ក្លាយទៅជាជាក្បាលម៉ាស៊ីនរថភ្លើង ដែលទាញយកនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសរបស់យើង។

វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ ទាក់ទាញបាននិស្សិតជាស្រ្តីមកទទួលការបណ្ដុះបណ្ដាល

ឥឡូវនេះ វ៉ាន់ដា គណនេយ្យ បានក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលមានលក្ខណៈរឹងប៉ឹង ហើយដែលក្នុងនោះ គឺដែលគួរឱ្យកត់សម្គាល់ គឺវិទ្យាស្ថាននេះ នៅតែជាវិទ្យាស្ថានមួយដ៏ខ្លាំង ដែលទាក់ទាញបាននិស្សិតជាស្រ្តីមកទទួលការបណ្ដុះបណ្ដាលនៅទីនេះ។ ហើយបន្ទាប់ទៅ ពួកគេទៅធ្វើការឱ្យតាមស្ថាប័ននានា ក៏ដូចជា តាមគ្រឹះស្ថានរដ្ឋ និងគ្រឹះស្ថានឯកជន ប៉ុន្តែ ក៏មានមួយផ្នែកមករៀននៅទីនេះ បន្ទាប់ទៅទៅបង្កើតមុខរបរខ្លួនឯង ដែលជាផ្នែកមួយដ៏សំខាន់។

គ្រួសារមួយចំនួនរុញកូនឱ្យមករៀន ដើម្បីយកចំណេះដឹង ចំណេះធ្វើ ទៅបង្កើត/ពង្រឹងមុខរបររបស់គេ

យើងមិនត្រូវគិតថា ការរៀនរបស់យើង វាគ្រាន់តែដើម្បីយកទៅធ្វើការឱ្យគេនោះទេ ត្រូវហើយការដោះស្រាយការងារធ្វើ ទាមទារឱ្យយើងមករៀន យើងទៅរកការងារធ្វើនៅកន្លែងដែលមានតម្រូវការតាមមុខវិជ្ជារបស់យើង នូវចំណេះដឹងរបស់យើង។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសង្កេតឃើញថា មានក្រុមគ្រួសារមួយចំនួន ក៏បានរុញកូនឱ្យ​មករៀន ដើម្បីយកចំណេះដឹង ចំណេះធ្វើ ទៅបង្កើតមុខរបរថ្មី និងពង្រឹងមុខរបររបស់គេ ក្នុងហ្នឹងក៏មាននិស្សិតរបស់យើងមួយចំនួនមករៀននៅវិទ្យាស្ថាន វ៉ាន់ដា នេះផងដែរ។ ដែលនេះហើយ គឺជាវឌ្ឍនភាព និងជាឱកាសរបស់យុវជនក្រោយសម័យគ្រាប់ប្លោង ក្រោយសម័យដែលយើងមានសន្ដិភាព។

បើមិនមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ កម្ពុជាស្ថិតក្នុងកោះសន្ដិភាព

ឥឡូវនេះ ជិតចូលដល់ឆ្នាំខ្មែរហើយ អ្វីដែលជិតចូលដល់ឆ្នាំខ្មែរ យើងតែងតែនឹកដល់ថា៖ ទី ១. រដ្ឋប្រហារបានកើតឡើងនៅថ្ងៃទី ១៨ មីនា គឺមុនពេលចូលឆ្នាំខ្មែរមិនដល់មួយខែផង។ អាហ្នឹងគឺជាចំណុចដែលយើងត្រូវមើលឃើញ។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ តែងតែនឹកថា ប្រទេសកម្ពុជា ប្រសិនបើពុំមានរដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០ ហើយទុកឱកាសថ្វាយ ចំពោះសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបន្តដឹកនាំប្រទេសនៅក្នុងក្របខណ្ឌ នៃកោះសន្ដិភាពបន្តទៅទៀត ហើយពុំមានសង្រ្គាមកើតឡើង​។ ទោះបីថាវាយឺតបន្ដិត ប៉ុន្តែ វាគ្មានវិនាសកម្មកើតឡើង បំផ្លិចបំផ្លាញនោះទេ។

ក្នុងឆ្នាំ ១៩៦៨ ឬ ១៩៦៩ កម្ពុជាមានប្រាក់ចំណូល ២៦០ ដុល្លារអាមេរិក

ខ្ញុំគ្រាន់តែបញ្ជាក់ថា បើពិនិត្យទិន្ន័យដើម ក្នុងឆ្នាំ ១៩៦៨ ឬ ១៩៦៩ មានជើងលេខមួយបានបញ្ជាក់ថា ពេលនោះនៅកម្ពុជាមានប្រាក់ចំណូលរហូតទៅដល់ជាង ២៦០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងពេលដែលកូរ៉េខាងត្បូងមានតែ ៧២ ដុល្លារសហរដ្ឋអាមេរិកទេ។ ថ្ងៃហ្នឹងខ្ញុំបានបង្ហាញ ព្រះករុណា ព្រះមហាក្សត្របច្ចុប្បន្ន ពេលដែលយាងព្រះអង្គតាមផ្លូវគោកពីភ្នំពេញ កាត់តាមព្រៃវែង កាត់តាមកំពង់ចាម ចេញទៅក្រចេះ ហើយឡើងទៅរតនគិរី ប៉ុន្តែ (ទ្រង់សោយ)ព្រះស្ងោយនៅឯផ្ទះ(របស់)ឯកឧត្តម ពេជ្រ ប៊ុនធិន នៅក្នុងស្រុកស្នូល។ ពេលនោះ ឯកឧត្តម ស៊ុន ចាន់ថុល យក​​មកបង្ហាញនូវជើងលេខមួយ គឺពេលនោះ កម្ពុជាមានប្រាក់ចំណូល ២៦០ ដុល្លារ ក្នុងពេលដែលកូរ៉េខាងត្បូងមានត្រឹមតែ ៧២ ដុល្លារទេ។

ប្រទេសរាជានិយម ប៉ុន្តែ មានព្រះប្រមុខរដ្ឋ

អញ្ចឹង យើងចោទចេញជាសំណួរមួយថា ប្រសិនបើទុកថ្វាយព្រះករុណា ព្រះប្រមុខរដ្ឋរបស់យើងកាលពីពេលនោះ ព្រោះពេលនោះ កម្ពុជារាជានិយម ប៉ុន្តែ គ្មានព្រះមហាក្សត្រទេ តែមានព្រះប្រមុខរដ្ឋ ដែលរដ្ឋធម្មនុញ្ញចែងបន្ទាប់ពីឆ្នាំ ១៩៦០ ព្រះករុណា ព្រះបាទ សុរាម្រិត ព្រះអង្គសោយទិវង្គតទៅ គឺពុំមានរើសព្រះមហាក្សត្រទេ ប៉ុន្តែ រដ្ឋធម្មនុញ្ញត្រូវបានកែ ហើយបង្កើតឱ្យមានមុនតំណែងព្រះប្រមុខរដ្ឋ។ ប្រទេសរាជានិយម ប៉ុន្តែ មានព្រះប្រមុខរដ្ឋ។

ព្រះបរមរតនកោដ្ឋ ព្រះអង្គបានដឹកនាំប្រទេសដាក់នៅក្នុងគន្លងមួយ ដែលធានាឱ្យកម្ពុជាមានសន្ដិភាព

ព្រះប្រមុខរដ្ឋរបស់យើងបានដឹកនាំប្រទេស ឆ្លងកាត់នូវការលំបាក សង្គ្រាមហ៊ុមព័ទ្ធ ដែលយើងប្រើពាក្យថា កោះសន្ដិភាពនោះ គឺចង់និយាយសំដៅទៅដល់ជុំវិញខ្លួនយើងសុទ្ធតែសង្រ្គាមទាំងអស់ ប៉ុន្តែ ព្រះបិតាជាតិរបស់យើង ព្រះអង្គបានដឹកនាំប្រទសដាក់នៅក្នុងគន្លងមួយ ដែលធានាឱ្យកម្ពុជាមានសន្ដិភាព។ ទោះបីមានការទម្លាក់គ្រាប់បែកខ្លះៗតាមព្រំដែនកម្ពុជា-វៀតណាម និងមានអស្ថិរភាពខ្លះនៅតាមព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែ ស្ថានការណ៍ និងការរំខានទៅដោយកម្លាំងប្រដាប់អាវុធ ជាខ្មែរក្រហម ជាខ្មែរខៀវ ជាខ្មែរស ប៉ុន្តែ ជាទូទៅប្រទេសរបស់យើងមានវឌ្ឍនភាពនៅពេលនោះ។

បន្ទាប់ពីរដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ្ឋ យើងចាប់ផ្ដើមមានសង្រ្គាម ហើយអ្វីៗក៏បានបំផ្លាញពីពេលនោះ

ទាំងគេទាំងខ្ញុំ សុទ្ធតែបានទទួលផលពីព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបិតាជាតិកាលពីពេលនោះ។ យើងបានរៀនសូត្រ យើងបានធ្វើនេះ/នោះ គ្រាន់បើជាងប្រទេសជិតខាងរបស់យើងដែលគេមានសង្រ្គាម ត្រូវចាប់ទាហានស្អីៗ។ កាលៈទេសៈនោះ (កម្ពុជា)អត់មានការយកទាហានទេ មានទាហានកាតព្វកិច្ច ក៏ប៉ុន្តែ រើសទាហានកាតព្វកិច្ច ប្រទេសណាក៏គេធ្វើដែរ។​ ប៉ុន្តែ ១៨ មីនា ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់ព្រះអង្គដោយអយុត្តិធម៌បំផុត គឺប្រទេសជាតិរបស់យើងក៏ចាប់ផ្ដើមមានសង្រ្គាម ហើយអ្វីៗក៏បានបំផ្លាញពីពេលនោះ។ ហើយយើងត្រូវចាំថា ដល់ឆ្នាំប៉ុន្មានទេ បានយើងមានប្រាក់ចំណូចជាង ២០០ ដុល្លារ ឡើងវិញ ក្នុងទសវត្សរ៍ទី ៩០ ហើយ។ ទើបឥឡូវនេះ បានឡើងមកដល់ ១ ៧០៦ ដុល្លារ មកដល់ឆ្នាំហ្នឹង ទម្រាំនាំប្រទេសមកដល់ដំណាក់កាលនេះ គឺវាវែងឆ្ងាយណាស់។

ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ ប្រទេសត្រូវបែងចែកជាពីរ

បកមកនិយាយពាក្យ “ឱកាស” សម្រាប់មនុស្សវិញ។ ឱកាសធំជាងគេ គឺសម្រាប់យុវជនតែម្ដង។ យុវជនសម័យមុន ដែលពេលនេះនៅខាងលើនេះ ឥឡូវ យុវចាស់​ គឺសុទ្ធតែអ្នកស្ថិតនៅក្នុងស្ថានភាពជាចំណាប់ខ្មាំងនៃសង្រ្គាម។ ឥឡូវ ស្ថានភាពក្រោយរដ្ឋប្រហារ ១៩៧០ ដែលទម្លាក់ព្រះបិតាជាតិរបស់យើងដោយអយុត្តិធម៌ ប្រទេសត្រូវបែងចែកជាពីរភា្លម ម្ខាងសុខចិត្តឱនក្បាលជាមួយនឹងការឈ្លានពានរបស់បរទេស (និងម្ខាងទៀត) គឺត្រូវតែធ្វើការតស៊ូ ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស និងគាំទ្រភាពស្របច្បាប់របស់ព្រះករុណា ព្រះបិតាជាតិរបស់យើង ក្នុងឋានៈជាព្រះប្រមុខរដ្ឋ។ នៅខាងលើនេះ បែងចែកជាពីរកុ្រម ព្រោះយើងអត់ដឹងទៅណាទេ ហើយមិនអាចបន្ទោសអ្នកណាបានដែរ។

មូលហេតុនាំឱ្យមានឆ្នាំកំណើតពីរ

ខ្លួនខ្ញុំមានជម្រើសនៅពេលនោះ ដោយសារតែសភាពការណ៍វាអត់ទាន់មានបញ្ហាអីផង វាកើតចលាចល។ គ្រាន់តែក្រោយរដ្ឋប្រហារ គឺចាប់ផ្ដើមមានបាតុកម្ម ខ្ញុំក៏បានចូលរួមបាតុកម្មនឹងគេដែរ ជាមួយនឹងបងប្រុសរបស់ខ្ញុំនៅក្នុងការគាំទ្រ ចំពោះព្រះករុណា ព្រះបិតាជាតិ ក្រោយរដ្ឋប្រហារនោះ ដែលតាំងធ្វើដំណើរតាំងពីមេមត់ ហើយឆ្លងកាត់មកខាងកំពង់ចាម។ ហើយពេលនោះ មកដល់ស្ពានជ្រោយចង្វារ គេមកបាញ់នៅស្ពានជ្រោយចង្វារ។ ប៉ុន្តែ នៅសល់តែ ៣ ថ្ងៃ ទៀតតែប៉ុណ្ណោះ ដែលខ្ញុំយកថាជាថ្ងៃកំណើត។ ការពិតវាមិនមែនជាថ្ងៃកំណើតខ្ញុំទេ បន្តិចទៀតចាប់ផ្ដើមជូនពរហើយ ជូនពរ សម្ដេចតេជោ មានអាយុយឺនយូរ ខួបលើកប៉ុណ្ណោះឆ្នាំៗ។

ប៉ុន្តែ សូមបញ្ជាក់ថា អាហ្នឹងមិនមែនអាយុខ្ញុំទេ ថ្ងៃ ៤​ មេសា ១៩៥១ ដាក់ទៅអញ្ចេះ។ ខ្ញុំសុំនិយាយអាហ្នឹងបន្តិចទៅចុះ ការពិតខ្ញុំកើតនៅថ្ងៃទី ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃ អង្គារ៍ ១៥ កើត ខែ ស្រាពណ៍ ឆ្នាំរោង បានសេចក្តីថា កើតចំថ្ងៃពេញបូណ៌មីតែម្ដង។ ហើយនៅក្នុងគ្រួសារមួយនេះ គឺថា ទាំងកូន/ចៅ ឱ្យតែអីឡើងរកតែថ្ងៃសីល។ កើតចំតែថ្ងៃសីល សីលតូច/ធំ។ កើតចំតែថ្ងៃសីលភាគច្រើន។ ប៉ុន្តែ ហេតុអីបានជាដាក់ទៅជាថ្ងៃ ៤ មេសា ១៩៥១? រឿងនេះវាមានពីរគន្លាក់។ គន្លាក់ទី ១. ពេលចូលទៅព្រៃ យើងមិនយកទៅតាមទេជាមួយបញ្ជីជាតិស្អីៗហ្នឹង សូម្បីតែកាតកូនសិស្សក៏អត់យកទៅតាមដែរ។ អញ្ចឹងទេ ដល់គេសួរថាថ្ងៃណាអីថ្ងៃណា អត់ដឹងទេ។

យើងចូលព្រៃថ្ងៃទី ៤ មេសា យើងដាក់ថា យើងកើតថ្ងៃទី ៤ មេសា ១៩៥២។ មុននៅ ១៩៥២ នៅឡើយទេ។ ចុះ ១៩៥១ ហ្នឹងវាចេញមកពីណា? ១៩៥១ ហ្នឹងវាចេញមកពីថ្ងៃទី ៨​ មករា ១៩៧៩​ នៅពេលដែលបង្កើតរដ្ឋាភិបាល។ វាយ អាពត ដួលថ្ងៃទី ៧ មករា, ថ្ងៃទី ៨ មករា បង្កើតរដ្ឋាភិបាលក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា​ គឺជារដ្ឋាភិបាល។ ពេលនោះ មនុស្ស ៣ នាក់ ត្រូវប្រកាសផ្សាយប្រវត្តិរូប ទី ១. ដើរតួនាទីជាប្រមុខរដ្ឋផង និងជានាយករដ្ឋមន្ត្រីផង គឺសម្ដេច ហេង សំរិន។ ទី ២. រដ្ឋមន្ត្រីការពារជាតិ និង ទី ៣. រដ្ឋមន្ត្រីការបរទេស ត្រូវប្រកាសប្រវត្តិរូប។ អញ្ចឹងទេ ខ្ញុំបានសរសេរប្រវត្តិរូបឱ្យគេ ខ្ញុំដាក់ឆ្នាំ ១៩៥២ ដល់គេយកទៅវាយ ចេញឆ្នាំ ១៩៥១។ ដល់ចេញ ១៩៥១ គេប្រកាសផ្សាយគ្រឹបទៅ ដល់ប្រកាសចេញពឹ្របទៅអញ្ចឹងទៅ ពេលហ្នឹងក៏គិតថា ទេ! ឥឡូវនឹងបើគិតពីពេលនោះ ដើមឆ្នាំ ១៩៧៩ ខ្ញុំអត់ទាន់គ្រប់អាយុ ២៧ ឆ្នាំទេ បានសេចក្ដីថា ខ្ញុំទើបនឹងអាយុ ២៦ ឆ្នាំកន្លះ។ អញ្ចឹងទេ ក៏ចិត្តចង់បានថា ឱ្យវាចាស់មួយឆ្នាំចុះ។ អញ្ចឹង វាចាស់ទៅ។​ ដល់ឥឡូវវាស្ដាយក្រោយ។ ចង់បកមកវិញក៏បកវាមិនបាន ទុកវាអញ្ចឹងទៅចុះ។ អញ្ចឹង បានអ្នកយល់សប្តិឃើញខ្ញុំ ទៅចាក់លេខឆ្នោត ដល់ទៅចាក់ខ្លះគេចាក់ឆ្នាំ ១៩៥២ វាត្រូវ ដល់ទៅចាក់ឆ្នាំ ១៩៥១ បានត្រឹមរង្វាន់លួងចិត្ត។ យល់សប្តិឃើញយើងទៅចាក់លេខឆ្នោត មានរឿងអញ្ចឹង។ អាហ្នឹងទាក់ទិនជាមួយនឹងរឿងបញ្ហាអាយុ។

២០ ឆ្នាំ នៃសន្ដិភាព ផ្ដល់ឱកាសគ្រប់គ្រាន់ឱ្យយុវជន អាចជ្រើសរើសការរៀនសូត្រទៅតាមចិត្តចង់

ខ្ញុំចង់និយាយ ប្រទេសរបស់យើងចាប់ផ្ដើមបែកខ្ញែកតែម្ដង។ អ្នកណាបើមកតំបន់ លន់ នល់ កាន់កាប់ វាត្រូវតែធ្វើទាហាន លន់ នល់ និងបម្រើឱ្យ លន់ នល់ តែប៉ុណ្ណោះ។ ហើយបើអ្នកណានៅក្នុងតំបន់រំដោះ ត្រូវតែធ្វើកងទ័ពក្នុងតំបន់រំដោះ។ អញ្ចឹងទេ យុវជនពេលនោះ បាត់បង់ឱកាសស្ទើរតែទាំងស្រុង នៅសល់តែមួយផ្នែកណានៅតាមទីក្រុង ទីប្រជុំជន នៅក្នុងកាលៈទេសៈមួយ ក៏ប៉ុន្តែ ក្រោយមកទូទាំងប្រទេសរបស់យើងបាត់បង់ឱកាសទាំងអស់ ខ្លះស្លាប់ ខ្លះពិការ ហើយខ្លះទៀតបើទោះបីមិនស្លាប់មិនពិការ ក៏ប៉ុន្តែ ពួកគេមិនបានទទួលបាននូវការអប់រំរៀនសូត្របន្ថែមទេ។ ប្រៀបធៀបមកឥឡូវ ហើយបន្តមកទៀត ប្រទេសរបស់យើងមានសង្គ្រាមជាប់ ដែលតម្រូវឱ្យមានការប្រមូលផ្ដុំកម្លាំង ធនធានមនុស្សស្អីៗហ្នឹង យកទៅទប់ទល់ជាមួយនឹងសង្គ្រាម ក៏ប៉ុន្តែ យើងបានរកនូវដំណោះស្រាយនយោបាយ តាមដំណាក់កាលៗ ហើយចុងក្រោយនយោបាយឈ្នះឈ្នះរបស់យើង​ បាននាំប្រទេសឱ្យមានសុខសន្តិភាព។ ក្នុងហ្នឹង ២០ ឆ្នាំនៃសន្ដិភាពរបស់យើង បានផ្ដល់ឱកាសគ្រប់គ្រាន់ សម្រាប់យុវជនរបស់យើង គេអាចជ្រើសរើសការរៀនសូត្រផ្នែកនេះ/នោះ ទៅតាមចិត្តចង់ និងទៅតាមលទ្ធភាពធនធានរបស់គេផងដែរ។ អ្នកខ្លះក៏បង់ថ្លៃសាលារៀននៅកន្លែងនេះ/នោះ ទៅតាមមុខវិជ្ជាដែលគេចង់រៀន។

វិទ្យាស្ថាន វ៉ាន់ដា បានផ្តល់អាហារូបករណ៍ ៥៧៤ កន្លែងរួចមកហើយ

ដូចជានៅទីនេះ ឯកឧត្តម ហេង វ៉ាន់ដា ក៏បានផ្ដល់អាហារូបករណ៍ឱ្យខ្ញុំច្រើនណាស់ទៅហើយៗក្នុងថ្ងៃនេះក៏មានអាហារូបករណ៍របស់ខ្ញុំ ៣០ នាក់ ដែលចូលរៀននៅទីនេះ។ សរុបអាហារូបករណ៍របស់ខ្ញុំនៅក្នុងឆ្នាំនេះមាន ដោយឡែកតែវិទ្យាស្ថាន វ៉ាន់ដា បានផ្ដល់ឱ្យខ្ញុំ ៥៧៤ កន្លែងរួចមកហើយ។ អាហារូបករណ៍ ដែលខ្ញុំទទួលបានក្នុងឆ្នាំនេះមាន ៣,១៩២ កន្លែង។ អញ្ចឹង បានឥឡូវមានសមាគមនិស្សិតអាហារូបករណ៍ របស់សម្ដេចតេជោ ដែលខ្ញុំជួបគេនៅកំពង់ឆ្នាំងថ្ងៃមុន អ្នកដែលបានបញ្ចប់ការសិក្សាដោយអាហារូបករណ៍របស់ខ្ញុំមាន ១៨ ០០០ ពាន់នាក់ រួចស្រេចទៅហើយ ទាំងនិស្សិតដែលបានផ្ដល់អាហារូបករណ៍ ដែលតាមសាកលវិទ្យាល័យនានាឱ្យខ្ញុំ និងទាំងនិស្សិត ដែលខ្ញុំបង់លុយឱ្យគេរៀន ស្ថិតនៅក្នុងសមាគមនេះ អញ្ចឹង វាមិនយូរប៉ុន្មានទេ វានឹងដល់ ២ ម៉ឺននាក់ ដែលនេះគឺជាការយកចិត្តទុកដាក់មួយសម្រាប់យើង។

ពីមុនចំណាកស្រុករត់លូនដោយសង្គ្រាម ឥឡូវ ចំណាកស្រុកទៅរកកន្លែងមានជីវភាពកាន់តែប្រសើរ

ខ្ញុំបកមកនិយាយអំពីឱកាសរបស់យុវជន មិនត្រឹមតែឱកាសរបស់យុវជនទេ ឱកាសរបស់មនុស្សគ្រប់រូប ដែលឥឡូវនេះគេអាចទៅរកស៊ីធ្វើការងារនេះ/នោះ។ អាចចាកចេញដែលគេថាធ្វើចំណាកស្រុក ប៉ុន្តែ រឿងហ្នឹងវាមិនមែនជារឿងចម្លែកទេ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំកាលពីមុន បើនិយាយពីជីដូនជីតា ខាងម្ដាយរបស់ខ្ញុំវិញ គឺអ្នកកោះប៉ែន នៅខាងកំពង់ចាមឯនេះទេ ប៉ុន្តែ ដោយសារស្ថានភាពដីបាក់ គាត់ក៏ត្រូវបានធ្វើចំណាកស្រុកទៅពាមកោះស្នា ដើម្បីទៅរកដីធ្លីថ្មីនៅឯណោះ។ អញ្ចឹងហើយបានជាម្ដាយខ្ញុំទៅជួបឪពុកខ្ញុំ ហើយកើតបានក្បាលខ្ញុំនេះដល់រាល់ថ្ងៃនេះ ដោយសារគាត់ធ្វើចំណាកស្រុក។ អញ្ចឹងជីដូនជីតាខាងម្ដាយ ត្រូវធ្វើចំណាកស្រុកពីខាងកោះប៉ែន ជីដូនជីតាខាងខ្ញុំនៅនឹងខាងម្ដាយ រួច(ចំណាកស្រុក)ទៅខាងពាមកោះស្នា។ អញ្ចឹង ផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយ វាមិនមែនជារឿងចម្លែកទេ។

ខ្លះគេថា លោក ហ៊ុន សែន ដឹកនាំធ្វើឱ្យមនុស្សរាយប៉ាយពីត្រង់នេះទៅត្រង់នោះ រួចចុះភ្នំពេញកាលពីដើមមានតែប៉ុន្មានរាប់សិបម៉ឺននាក់ទេ ឥឡូវហ្នឹងភ្នំពេញមានទៅដល់រាប់លាននាក់។ អញ្ចឹង អាហ្នឹងមកពីណា? ចំណាកស្រុកពីជនបទមកកាន់ទីក្រុង ចំណាកស្រុកពីទីក្រុងទៅកាន់ជនបទ គឺជារឿងធម្មតាណាស់ហើយរហូតទៅដល់អ្នកខ្លះ ចំណាកស្រុករហូតទៅដល់ប្រទេសក្រៅឯណោះ ដើម្បីរកការងារធ្វើ ឬរកកន្លែងជីវភាពកាន់តែប្រសើរ ជារឿងសាមញ្ញធម្មតាទេ ក៏ប៉ុន្តែ ការដែលអាចំណាកស្រុកមួយ គឺជាចំណាកស្រុករត់លូនដោយសាសង្គ្រាម ដូចជាចំណាកស្រុកក្នុងឆ្នាំ ១៩៧០។ មុនឆ្នាំ ១៩៧០ គេធ្វើចំណាកស្រុកដើម្បីទៅរកដីថ្មី ដូចជាខ្ញុំ ជីដូនជីតាខ្ញុំត្រូវធ្វើដំណើរទៅពាមកោះស្នា ប៉ុន្តែ ក្រោយមកឪពុកម្ដាយខ្ញុំក៏ធ្វើចំណាកស្រុកមកខាងស្រុកមេមត់ទៀត ដើម្បីមករកដីធ្លីល្អនៅខាងនេះ។ បានជាមានចំរៀង “ជីវិតអ្នកចំការ វាសនាអ្នកស្រែ” ច្រៀងរៀបរាប់អំពីការលាហើយស្រុកកំណើតខាងនេះ ហើយមកកសាងជីវភាពថ្មីនៅខាងស្រុកមេមត់នេះ អាហ្នឹងអ្នកខ្លះគេថាដាក់ចំណងជើង “លាពុក លាម៉ែ” ប៉ុន្តែ ចំណងជើងពិតប្រាកដនៃចំរៀងនេះ គឺថា “ជីវិតអ្នកចំការ វាសនាអ្នកស្រែ” ពេលនោះ គេធ្វើចំណាកស្រុកទៅរកកន្លែងដែលមានការងារសមរម្យ និងមានមុខរបថ្មី ប៉ុន្តែ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ គេធ្វើចំណាកស្រុក ដោយបង្ខំចិត្តដោយរត់ចេញពីតំបន់ដែលមានសង្គ្រាម។ អញ្ចឹង ដីធ្លីដែលបានបង្កបង្កើនផលមុនរដ្ឋប្រហារឆ្នាំ ១៩៧០ បោះបង់ចោលទាំងអស់ ខ្លះក៏រត់មកកាន់ទីក្រុង ខ្លះក៏រត់មកកាន់កន្លែងនេះ/នោះ សូម្បីតែផ្ទះនៅមួយៗក៏ត្រូវជីកលេណដ្ឋាន។

រំលឹកអំពីសោកនាដកម្មអតីតកាល និងឱកាសបច្ចុប្បន្នកាលរបស់យុវជន

យើងរំលឹកដល់ ១៨ មីនា ប៉ុន្តែ កុំភ្លេចថា នៅសល់តែប៉ុន្មានថ្ងៃទៀតវាដល់ ១៧ មេសា ឥឡូវ ថ្ងៃនេះថ្ងៃ ១​ នៅសល់តែ ១៦ ថ្ងៃ ទៀតដល់ ១៧ មេសា ចំថ្ងៃ អាពត ជម្លៀស។ អញ្ចឹងទេ មីនា និង មេសា នេះ វានៅកៀកគ្នា។ ឯខ្ញុំនេះ ៤ មេសា ចូលព្រៃ។ ១៦ មេសា ចាប់ផ្ដើមពិការភ្នែក។ ប៉ុន្តែ នៅពេលដែលគេរំដោះក្រុងភ្នំពេញ និងរំដោះប្រទេសខ្ញុំអត់ដឹងទេ ពេលនោះ ខ្ញុំស្ថិតក្នុងស្ថានភាពជាអ្នកសន្លប់។ ត្រូវ(របួស)វាធ្ងន់ដែរ។ ដល់ថ្ងៃ ២១ និង ២២ មេសា ទើបខ្ញុំដឹងខ្លួនច្បាស់។ អញ្ចឹងទេ គ្រាន់តែនេះជាការរំលឹកឡើងវិញបន្តិចអំពីសោកនាដកម្មអតីតកាល និងឱកាសបច្ចុប្បន្នកាលរបស់យុវជន។ ដែលនេះផ្តល់ឱកាសឱ្យយើងរួមគ្នា ដើម្បីបង្កើតឡើងនូវសមិទ្ធផលថ្មីៗ រាប់ទាំងសមិទ្ធផលថ្ងៃនេះ ដែលធនធានមនុស្សរបស់យើងត្រូវបានបង្កើតឡើង ដោយក្នុងចំណោមយុវជនរបស់យើង។ ឥឡូវ យើងពិនិត្យបរិញ្ញាបត្ររង ៨២,៧៧% បរិញ្ញាបត្រ ៨៦,២៦%​ អាហ្នឹងនិយាយពីស្រ្តី បរិញ្ញាបត្រជាន់ខ្ពស់ស្មើនឹង ៥២%។ អញ្ចឹងទេ ចំនួនបរិញ្ញាបត្រជាន់ខ្ពស់មាន ១៣៦ នាក់ ក្នុងហ្នឹងស្រ្តីមាន ៧២ នាក់ ក៏លើសពី ៥០%។ ដែលជាទូទៅផ្តល់ឱកាសច្រើនវិទ្យាស្ថាន វ៉ាន់ដា គឺផ្តល់ឱកាសច្រើន សម្រាប់ស្ត្រីរបស់យើង។

យកចំណេះដឹង ចំណេះធ្វើ ដែលខ្លួនមានទៅរកការងារធ្វើ ហើយខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត

សង្ឃឹមថា ក្មួយៗដែលជាជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងយកចំណេះដឹង ចំណេះធ្វើដែលខ្លួនមាននេះ ទៅរកការងារធ្វើ ហើយខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត។ យើងមិនមែនគ្រាន់តែបញ្ហាយកទៅធ្វើការងារទាក់ទងជាមួយនឹងបញ្ហាក្រុមហ៊ុន។ ត្រូវហើយ យើងដើររកការងារធ្វើតាមក្រុមហ៊ុន ឬយើងដាក់ប្រឡងចូលនៅក្នុងក្របខណ្ឌរដ្ឋវាជាតម្រូវការ ក៏ប៉ុន្តែ ក៏មានមួយផ្នែកក៏ត្រូវពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងធុរកិច្ចរបស់ខ្លួន។ នៅក្នុងក្របខណ្ឌ នៃ​សហគ្រិនជាស្ត្រី ក៏មានសហគ្រិនមួយចំនួនចេញពីវិទ្យាស្ថាននេះផងដែរ។ ម្ចាស់សហគ្រាសមួយចំនួន ក៏មានចេញពីវិទ្យាស្ថាននេះផងដែរ។ ដែលយើងសូមកោតសរសើរ។

ការទៅបង្កើតមុខរបរថ្មី ជាការរួមចំណែកបង្កើតការងារធ្វើ

សូមកុំភ្លេចថា ការទៅបង្កើតមុខរបរថ្មី គឺការរួមចំណែកបង្កើតការងារធ្វើហើយ។ ត្រូវយល់អាកន្លែងហ្នឹង ព្រោះដែលមានពេលខ្លះថា អ្នកដែលធ្វើការចំមុខជំនាញប៉ុណ្ណេះ ធ្វើការមិនចំមុខជំនាញប៉ុណ្ណោះ ទៅបង្កើតមុខរបរវាប៉ុណ្ណេះ។ ប៉ុន្តែ កុំភ្លេចអាបង្កើតមុខរបរហ្នឹងមានតែ ៥% ទៅបង្កើតមុខរបរអាចចាត់ទុកថាជាសំណាងរបស់អ្នកដទៃទៀត ព្រោះ ៥% ដែលទៅនេះមិនមែនទៅគ្រាន់តែធ្វើការខ្លួនឯងទេ ទៅបង្កើតការងាររួចហើយអូសមនុស្សទៅធ្វើការ ដើម្បីបង្កើតការងារ គឺថា មនុស្សម្នាក់ទៅបង្កើតការងារឱ្យមនុស្សច្រើនដទៃទៀត។

វិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

សូមថ្លែងនូវការកោតសរសើរ ចំពោះវិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយនឹងគ្រឹះស្ថានរដ្ឋ ក៏ដូចជា គ្រឹះស្ថានឯកជនផ្នែកឧត្តមសិក្សា ដែលយើងត្រូវបន្តការងារតទៅទៀត​។ គ្មានធនធានមនុស្ស គឺមិនអាចធ្វើអីបានទេ។ ត្រូវបន្តការខិតខំ ហើយយើងបានប្រឹងប្រែងក្នុងជំនួបប្រចាំឆ្នាំ ដែលឥឡូវនេះ លោក ហេង វ៉ាន់ដា ក៏ជាប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជនដែរ ដែលត្រូវបានជួបគ្នាក្នុងមួយឆ្នាំម្តង។ យើងបានលើកទឹកចិត្តទៅដល់បញ្ហាពន្ធដារ ឬក៏ការសម្រួលស្អីៗនៅការជួបគ្នានីមួយៗ។ អាហ្នឹង គឺជាចំណុចដែលសូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ហើយក៏អបអរសាទរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះ។

បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខែ មេសា បើកតែម្តងមុនចូលឆ្នាំជាមួយប្រាក់ឧបត្ថម្ភ ៥ ម៉ឺន

ថ្ងៃនេះ ខ្ញុំចង់និយាយបញ្ហាមួយចំនួន ដំបូង ខ្ញុំគួរតែនិយាយថា ខ្ញុំអរគុណជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការចូលរួមលើកកម្ពស់វប្បធម៌ពន្ធដារ ដែលធ្វើឱ្យប្រាក់ចំណូលជាតិរបស់យើងកើនឡើង។ ហើយដែលនេះជាពេលវេលាមួយដ៏ល្អ ដែលខ្ញុំសូមបញ្ជាក់ថា សម្រាប់មន្ត្រីរាជការស៊ីវិលរបស់យើង កម្លាំងប្រដាប់អាវុធរបស់យើង និវត្តជន នៅ ខែ មេសា នេះ យើងមិនបើកប្រាក់ខែ ២ ដង ក្នុងមួយខែ(ដូចរាល់ដងទេ) ឥឡូវ ត្រូវដោះស្រាយយ៉ាងម៉េចអាបញ្ហាហ្នឹង? បើសិនជាបើកពាក់កណ្តាល ឧទាហរណ៍ថា៖ បើកមុនចូលឆ្នាំ បើកតែពាក់កណ្តាលទេ ហើយចាំដល់ទៅក្រោយចូលឆ្នាំបើកពាក់កណ្តាលទៀត អញ្ចឹង អត់មានលុយចាយគ្រប់ក្នុងពេលចូលឆ្នាំទេ។ អញ្ចឹង ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ក៏បានស្នើសុំយោបល់មកខ្ញុំថា បើកតែម្តងទេ គឺមុនចូលឆ្នាំបើកប្រាក់ពេញមួយខែតែម្តង បានសេចក្តីថា អាលើកទីពីរ យកមកបើកហ្នឹងលើកទីមួយមុនចូលឆ្នាំ បូកបន្ថែមនឹងការឧបត្ថម្ភម្នាក់ ៥ ម៉ឺនរៀល ថែមទៀត។

អញ្ចឹង ត្រូវបើកមុនចូលឆ្នាំ ដើម្បីឱ្យមានលុយចូលឆ្នាំ។ ដល់ចាំដល់ខែ ៥ បានចាប់ផ្តើមបើកតាមពីរសប្តាហ៍ម្ដងវិញ។ អញ្ចឹង ក៏សូមប្រកាសជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងថា នាយករដ្ឋមន្រ្តីបានសម្រេចតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ឱ្យបើកផ្តល់តែម្តងទេ គឺបើកនៅមុនចូលឆ្នាំខ្មែរ។ បើកទាំងពីរលើក ទាំងពីរអាទិត្យនៅដើមខែ និងពីរអាទិត្យចុងខែ បូកនឹងប្រាក់ឧបត្ថម្ភ គឺទៅតែម្តង។ អញ្ចឹង មន្ត្រីរាជការដែលមានការសង្ស័យថា ចុះបើបើកបានតែពាក់កណ្តាល អញ្ចឹងចាយចូលឆ្នាំគ្រប់​ ឬអត់? អញ្ចឹង សូមយកឱកាសនេះប្រកាសជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជា និវត្តជន ក៏ដូចជាមន្រ្តីទាំងអស់ រាប់តាំងពីភូមិ​ តាំងពីឃុំ តាំងពីស្អីឡើង គឺអោយបានយល់អំពីបញ្ហានេះ។ ដែលយើងអាចនឹងមានលទ្ធភាព ដើម្បីនឹងទទួលបាននូវប្រាក់សម្រាប់ការចំណាយក្នុងពេលចូលឆ្នាំ។

តង់ទី ១ ខែមករា – មេសា ឡើងបៀវត្សរ៍ តង់ទី ២ ឡើងប្រាក់បំណាច់មុខងារ

ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្តើមឡើងប្រាក់ខែ បានសេចក្តីថាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងឡើងពីរតង់​។ តង់ទី ១ គឺខែ មករា អាហ្នឹងឡើងបៀវត្សរ៍។ ដល់ខែ មេសា បើកតង់ទី ២ ឡើងប្រាក់បំណាច់មុខងារ។ អញ្ចឹងទេ ឥឡូវនេះ បើកប្រាក់ខែផង បូកជាមួយបើកឱ្យបានមុនចូលឆ្នាំផង។

ខែមីនា ជាខែដែលយើងមានប្រាក់ចំណូលពន្ធខ្ពស់

អ្វីដែលគួរកត់សម្គាល់ សម្រាប់ខែ មីនា គឺជាខែដែលយើងមានប្រាក់ចំណូលពន្ធខ្ពស់ ហើយដែលនេះ គឺជារឿងដែលប្រជាជនកម្ពុជារបស់យើងបានផ្តល់ គេហៅថា អនុវត្តនូវវប្បធម៌បង់ពន្ធដ៏ទៀងទាត់។ ដែលខ្ញុំគួរតែទម្លាយតួលេខឱ្យបានដឹងថា ក្នុងខែមីនានេះ ចំណូលរបស់យើងទាំងពន្ធគយ និងពន្ធដារជាង ៧០០ លានដុល្លារ។ នេះអត់បានគិតអំពីចំណូលមិនមែនសារពើពន្ធទេ។ ខ្ញុំសូមដាក់ជាលេខតែម្តង ចំណូលពន្ធផ្ទៃក្នុង ៤៧៦ លានដុល្លារ។ ចំណូលពន្ធគយ ២៥០ លានដុល្លារ។ អាហ្នឹងសុទ្ធតែជាង ២០០ លានដុល្លារ ប៉ុន្តែ ខ្ញុំនិយាយជាលេខគត់ ជាង ២៥០ លានដុល្លារ អាហ្នឹងពន្ធគយ។ ជាង ៤៧៦ លានដុល្លារ អាហ្នឹងពន្ធផ្ទៃក្នុង។ អញ្ចឹង យើងគិតអាពីរលេខហ្នឹងមើល ឡើងដល់ ៧២៦ លានដុល្លារ។

មិនដែលយកជំនួយពីបរទេស ឬកម្ចីពីបរទេសទៅបើកប្រាក់ខែទេ

មានអាក្រុមផ្កាប់មុខខ្លះ វាថាខ្ញុំទៅប្រទេសចិនគេឱ្យតែ ៦០០ លានដុល្លារមកទេ រួចហើយកូរ៉េខាងត្បូង គឺឱ្យតែ ៧០០ លានដុល្លារទេ សុំទោស ហ៊ុន សែន គ្រប់គ្រងសេដ្ឋកិច្ចជាង ៣៤ ឆ្នាំហើយ មិនដែលយកប្រាក់ដែលជាជំនួយបរទេស ឬកម្ចីពីបរទេសទៅបើកប្រាក់ខែទេ? ​ហើយក៏គ្មានប្រទេសណាមានចិត្តធម៌រហូតទៅដល់ឱ្យជំនួយមកយើងយកទៅបើកប្រាក់ខែដែរ។ អត់មានទេ។ បើសរុបពីដើមឆ្នាំមកដល់ពេលនេះ ចំណូលពន្ធផ្ទៃក្នុងបានទៅដល់ ៨៣៤ លានដុល្លារ។ ចំណូលពន្ធគយ ៧១៦ លានដុល្លារ។ អញ្ចឹង យើងបូកទៅឡើងប៉ុន្មានហើយ? ឡើងដូចជា ១ ៥០០ លានដុល្លារជាង។ អញ្ចឹង ហ្អែងចាំបន់ឱ្យរដ្ឋាភិបាល ហ៊ុន សែន ដួលដោយសារអត់លុយចាយ។ ហ្អែងរង់ចាំមើលទៅ។ ហ្អែងរង់ចាំមើល តើរដ្ឋាភិបាល ហ៊ុន សែន មានលទ្ធភាព មិនត្រឹមតែគ្មានលទ្ធភាព ដើម្បីបង្កើនបៀវត្សរ៍ទេ មានលទ្ធភាពបើកផ្តល់ឱ្យមន្ត្រីរាជការរបស់យើងមួយខែពីរសប្តាហ៍ម្តង ហើយនិងវិនិយោគរាប់រយលានដុល្លារទៅក្នុងវិនិយោគខ្លួនឯង ជាវិនិយោគធ្វើផ្លូវ ជាវិនិយោគធ្វើស្ពាន ជាវិនិយោគធ្វើប្រឡាយទឹក ជាវិនិយោគធ្វើសាលារៀន ជាវិនិយោគធ្វើមន្ទីរពេទ្យ ជាវិនិយោគជាថវិកាបដិភាគ នៃគម្រោងដែលជាជំនួយបរទេស តាមរយៈជំនួយឥតសំណង ឬក៏ជាជំនួយកម្ចីសម្បទាន ដែលយើងត្រូវតែមានប្រាក់។

ឱ្យតែខែ មីនា ពន្ធផ្ទៃក្នុងកើន

ខ្ញុំបានបញ្ជាក់ថា គ្រាន់តែដើមឆ្នាំនេះ យើងចាយអស់ប៉ុន្មានជាប់ជិត ១០០ លាន ទៅលើការបដិភាគសម្រាប់គម្រោងអភិវឌ្ឍន៍ កសាងផ្លូវមួយខ្សែ ត្រូវដោះស្រាយផលប៉ះពាល់ផ្ទះប្រជាជន ដីប្រជាជន ត្រូវដោះស្រាយលុយឱ្យគាត់។ ជីកប្រឡាយមួយខ្សែ ត្រូវដោះស្រាយលុយឱ្យគាត់។ អញ្ចឹងទេ អ្នកដែលរង់ចាំឱ្យរដ្ឋាភិបាល ហ៊ុន សែន ដួល ហ្អែងចាំមើលទៅ ឱ្យហ្អែងភ្លឺភ្នែក។ នេះគ្រាន់តែចង្អុលតួលេខថ្ងៃហ្នឹង។ តែអ្វីដែលខ្ញុំចង់និយាយ គឺចង់អរគុណប្រជាពលរដ្ឋរប​ស់យើង ដែលអនុវត្តខ្ជាប់ខ្ជូនទៅនឹងវប្បធម៌ពន្ធដារ ព្រោះពន្ធដារចូលច្រើន គឺចូលនៅក្នុងខែ មីនា ដោយសារកំណត់ពេលវេលា នៃការបង់ពន្ធវាបានមកដល់ពេលហ្នឹង។ ឱ្យតែខែ មីនា ពន្ធផ្ទៃក្នុងកើន តែនេះខ្ញុំអត់ទាន់និយាយដល់ចំណូលមិនមែនសារពើពន្ធទេ។ ចំណូលមិនមែនសារពើពន្ធ បន្តិចទៀត យ៉ាងហោចណាស់ប្រហែលជាថ្ងៃហ្នឹង ឬថ្ងៃស្អែក ខាងអង្គរវត្តគេប្រកាស មនុស្សប៉ុន្មានទិញសំបុត្រចូលមើលអង្គរ អាហ្នឹងគេហៅថា ចំណូលមិនមែនសារពើពន្ធ។ អាហ្នឹងគេក៏អាចប្រកាសដែរ បានប៉ុន្មានលាន ព្រោះទេសចរកើនរហូតហើយ ហើយគេមានតម្រូវការចូលមើលអង្គរ។ ដល់គេចូលមើលអង្គរបានប្រាក់។ ចំណូលដែលបានមកពីអាកាសយានដ្ឋាន នៅពេលដែលអ្នកឯងចុះមកដល់ ពិតហើយក្រុមហ៊ុនប្រតិបត្តិការ គេទទួលបានចំណែកណា យើងទទួលបានចំណែកណា។ សេវានាំផ្លូវអាកាស អាការនាំផ្លូវអាកាសចុះចត វាជារឿងចំណូលមួយហើយ តែអ្នកដែលហោះហើរឆ្លងកាត់ទឹកដីរបស់យើងក៏ត្រូវបង់ពន្ធឱ្យយើងដែរ។ យើងនាំផ្លូវ និងចំណូលមួយផ្នែកទៀត ដែលគេហៅចំណូលមិនមែនសារពើពន្ធ។

ដល់ដំណាក់កាលប្រជាពលរដ្ឋរបស់យើងអនុវត្តនូវពន្ធឱ្យខ្ជាប់ខ្ជូន

ចំណុចអស់ទាំងនេះ មួយផ្នែកកោតសរសើរជាមួយនឹងការកែទម្រង់រដ្ឋរបស់មន្ត្រីយើង ដែលទទួលបន្ទុកទៅលើការទារពន្ធ ទាំងផ្នែកគយ និងផ្នែកពន្ធដារ ដែលគេធ្វើកំណែទម្រង់ហើយការបង់ពន្ធ ឥឡូវហ្នឹង គឺមិនចាំបាច់ឱ្យអ្នកបង់ពន្ធ និងអ្នកទារពន្ធជួបមុខគ្នាទេ តាមអនឡាញទាំងអស់ ព្រោះឥឡូវសូម្បីតែឡានក្រុងមួយមានស្ពតមួយល្អ គេធ្វើឡានក្រុងមានស្ពតមួយគេហ្វឹកហាត់ពីរបៀបប្រើទូរស័ព្ទ មានម្នាក់ឡើងទៅ មានស្រីម្នាក់ចង់ធុញជាមួយអ្នកខាងមុខយឺត គេថា គ្នាប្រញាប់ទៅណា ដល់ខ្លួន​ឯងឡើងមកអត់មានលុយរាយ អាអ្នកខាងក្រោយថា កំពុងតែប្រញាប់ផង។ ប៉ុន្តែ ដល់ផុតពីអ្នកហ្នឹង អ្នកមួយគេរកលុយនេះមិនឃើញ គេបានបើកចូលទៅក្នុង ដល់នាងម្នាក់ឡើងមក អត់មានលុយរាយ អញ្ចឹង ស្នើសុំទៅដូរលុយនៅខាងក្នុង ដល់ម្នាក់ទៀតឡើងមកគេមានលុយយកទៅដាក់ ដល់ម្នាក់ទៀតគេយកទូរស័ព្ទទៅដាក់។ អញ្ចឹងទេ អានេះជារបៀបដែលយើងបានប្រមូលចំណូល។

ថវិកាបានពីការប្រមូលពន្ធ សម្រាប់បម្រើត្រឡប់ទៅវិញគ្រប់ផ្នែក

ខ្ញុំគិតថា ដល់ដំណាក់កាលប្រជាពលរដ្ឋរបស់យើងអនុវត្តនូវពន្ធឱ្យខ្ជាប់ខ្ជូន ព្រោះកន្លែងខ្លះយើងត្រូវមានការលើកទឹកចិត្តស្អីៗ។ ប៉ុន្តែរឿងនេះ ពន្ធដែលត្រូវជាប់ យើងត្រូវជំរុញការអនុវត្តនូវវប្បធម៌បង់ពន្ធទាំងអស់គ្នា ដែលនោះជាផ្នែកដ៏សំខាន់ ដែលធ្វើឱ្យប្រទេសរបស់យើងរីកលូតលាស់។ ពន្ធនេះសម្រាប់បម្រើត្រឡប់ទៅវិញឱ្យ​ប្រជាពលរដ្ឋរបស់យើង នៅក្នុងតម្រូវការនៃវិស័យអប់រំ នៅក្នុងតម្រូវការនៃវិស័យសុខាភិបាល គ្រប់ផ្នែកទាំងអស់។ បើយើងគ្មានប្រាក់ចំណូល យើងក៏មិនអាចធ្វើអី្វបានដែរ មួយឆ្នាំៗយើងអាចវិនិយោគរាប់លានដុល្លារត្រឡប់ទៅវិញ ដោយសារយើងមានប្រាក់សន្សំ។ វប្បធម៌របស់យើង គឺយើងចង់ថាឱ្យចូល ១០ យើងចាយត្រឹមតែ ៧ ឬ ៨ បានហើយ យើងសន្សំ ២ ឬ ៣ ដើម្បីយកប្រាក់ហ្នឹង សម្រាប់ទៅវិនិយោគនៅឆ្នាំក្រោយ ហើយត្រូវតែមានប្រាក់បម្រុង ទុនបម្រុងអន្តរជាតិ យើងមិនគិតទេ យើងគិតពីប្រាក់បម្រុងរបស់យើង។

មិនចាំបាច់តម្លើងពន្ធទេ យកឱ្យអស់តែពន្ធដែលយើងមិនទាន់បានយក

មកដល់ពេលនេះ មានប្រមាណជិត ៣ ពាន់លានដុល្លារ ជាសាច់ប្រាក់ដែលយើងអាចយកមកបើក ពីដើមយើងមានក្រដាសទៅបើកលុយ តែទៅដល់ស្រាប់តែរតនាគារអត់មានលុយ តែឥឡូវយើងពង្រាយលុយទៅតាមធនាគារនានា រួចហើយមន្ត្រីរបស់យើងមានសៀវភៅបើក។ អាហ្នឹងជាចំណុចដែលបង្ហាញឱ្យឃើញអំពីវប្បធម៌បង់ពន្ធរបស់ប្រជាពលរដ្ឋរបស់យើង ក្នុងចំណោមប្រជាពលរដ្ឋរបស់យើងបានរីកលូតលាស់ទៅដូចគេដូចឯង។ ពិតមែនតែវាមិនទាន់បានអញ្ចឹង ទើបខ្ញុំនិយាយថា មិនចាំបាច់តម្លើងពន្ធទេ យកឱ្យអស់តែពន្ធដែលយើងមិនទាន់បានយកបានហើយ ខិតខំធ្វើអាហ្នឹង។ កំណើននៃប្រាក់ចំណូលរបស់យើង អនុញ្ញាតឲ្យយើងមានលទ្ធភាព ដើម្បីនឹងធ្វើកិច្ចការច្រើនទៀត ហើយជំរុញពន្លឿននូវអ្វីដែលយើងត្រូវធ្វើ។

នៅពេលកិច្ចព្រមព្រៀងថ្មីមិនទាន់បានធ្វើឡើង ក្រុមហ៊ុន Royal Railway នៅតែបន្តសកម្មភាពតទៅទៀត

ខ្ញុំចង់បញ្ជាក់បន្តិច អំពីបញ្ហាទាក់ទងជាមួយនឹងផ្លូវដែក ដែលម្សិលមិញមានការប្រកាសឡើងវិញ។ ប្រហែលដោយសារការបកស្រាយមិនអស់របស់ខ្ញុំ អំពីគេហៅថា និយាយអំពីអន្តរកាល ខ្ញុំបានប្រកាសអំពីបញ្ហាការដកយកនូវរថភ្លើងពីក្រុមហ៊ុន​ Royal Railway ប៉ុន្តែ យើងបានត្រឹមតែនិយាយជាមួយនឹងឱ្យក្រសួងសាធារណការចរចាជាមួយនឹង ឧកញ៉ា គិត ម៉េង តែយើងអត់បាននិយាយពីបញ្ហាអន្តរកាល នៅពេលណាបញ្ចប់ទេ ធ្វើឱ្យ​ស្ថានភាពមួយមិនច្បាស់លាស់។ ខាងរដ្ឋក៏មិនអាចទៅគ្រប់គ្រងបានភ្លាមៗនោះទេ ក្នុងពេលដែលវិស័យឯកជនកំពុងគ្រប់គ្រង គ្នាដំណើរការយ៉ាងម៉េច។ ឥឡូវ ទំនិញកំពុងតែនៅលើរថភ្លើងស្រាប់ តើត្រូវយកទៅណា ត្រូវធ្វើរបៀបម៉េចអាហ្នឹង បុគ្គលិករាប់រយនាក់ តើបាត់បង់ការងារភ្លាមៗវាយ៉ាងម៉េច? អញ្ចឹង វាអាចនាំទៅដល់វិបត្តិផ្លូវដែកតែម្តង។ នេះប្រហែលជាបញ្ហានេះ បណ្តាលមកពីខ្ញុំនិយាយមិនបានច្បាស់។

បានជាម្សិលមិញនេះ បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ ធ្វើការបញ្ជាក់ឡើងវិញ ទិសដៅរបស់យើងឆ្ពោះទៅកាន់ការកែទម្រង់ ហើយនឹងរៀបចំប្រព័ន្ធធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនផ្លូវដែក មិនមែនគ្រាន់តែមួយទិសសព្វថ្ងៃទេ ធ្វើទាំងពីរទិស ដែលតភ្ជាប់ទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញរហូតដល់ព្រំដែនកម្ពុជា-ថៃ-ប៉ោយប៉ែត ឆ្លងកាត់ទៅក្នុងប្រទេសថៃផង ដែលយើងតភ្ជាប់ផ្លូវដែកជាមួយគ្នា។ អញ្ចឹងទេ បានជាត្រូវមានការប្រកាសឱ្យនៅពេលណា ដែលកិច្ចព្រមព្រៀងថ្មីមួយមិនទាន់បានធ្វើឡើង ក្រុមហ៊ុន Royal Railway របស់ឧកញ៉ា គិត ម៉េង នៅតែបន្តសកម្មភាពតទៅទៀត ព្រោះយើងត្រូវទទួលស្គាល់អញ្ចេះ រឿងបានចាប់ផ្តើមពីអ្វីបញ្ហាទម្លាក់បន្ទុកទៅលើក្រុមហ៊ុន Royal Railway របស់ឧកញ៉ា គិត ម៉េង បណ្តាលមកពីក្រុមហ៊ុន Toll របស់អូស្ត្រាលី បានដកខ្លួនចេញ ហើយមិនដឹងទៅណា គឺក្រុមហ៊ុន Royal Railway របស់លោកឧកញ៉ា គិត ម៉េង បានទិញយកភាគហ៊ុន ៥៥% នេះ។ អញ្ចឹង វាបានផ្តើមចេញអាហ្នឹង ហើយរដ្ឋក៏បានទទួលស្គាល់ អនុញ្ញាតឱ្យក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនរបស់អា Toll នេះ របស់អូស្ត្រាលីនេះ។

អញ្ចឹង កិច្ចព្រមព្រៀងនេះនៅមានសុពលភាពនៅឡើយ។ អញ្ចឹង ដើម្បីឈានឆ្ពោះទៅរកការបញ្ចប់នូវកិច្ចព្រមព្រៀងចាស់នេះ ក្រុមហ៊ុននេះនៅតែបន្តធ្វើសកម្មភាពបន្តទៀត រហូតទៅដល់មានកិច្ចព្រមព្រៀងថ្មី ដែលកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុន Royal Railway ក៏មានលទ្ធភាពចូលរួម ដើម្បីនឹងធ្វើការនៅក្នុងហ្នឹង ហើយយើងអាចនឹងទាញយកដៃគូដដែលយកមកដាក់ ដោយមិនផ្តល់សម្រាប់ក្រុមហ៊ុន Royal Railway គ្រប់គ្រងភាគហ៊ុនតែម្នាក់ឯង។ មុននេះ វាគ្រប់គ្រងភាគហ៊ុនដោយ Royal Railway ដោយ Toll របស់អូស្ត្រាលីផង ប៉ុន្តែ ក្រោយមកដោយសារក្រុមហ៊ុនអូស្ត្រាលីដកចេញ ត្រូវបានសង្គ្រោះដោយក្រុមហ៊ុនក្នុងស្រុករបស់យើង។ ឥឡូវ យើងត្រូវរកក្រុមហ៊ុនមួយទៀតមកធ្វើជាដៃគូ ដើម្បីឱ្យទុនហ្នឹងកាន់តែធំ ហើយមិនមែនធ្វើតែមួយទិសទេ ត្រូវធ្វើពីរទិស ដែលសព្វថ្ងៃយើងធ្វើតែមួយទិសទេ ដែលប្រព័ន្ធដឹកជញ្ជូនរបស់យើង ត្រូវមករើនៅទីក្រុងភ្នំពេញ រួចហើយបានដឹកទៅបាត់ដំបង ដឹកទៅពោធិ៍សាត់ ដឹកទៅកំពង់ចាម ដឹកទៅប៉ោយប៉ែត។ អញ្ចឹងថ្ងៃក្រោយយើង យើងមិនត្រូវរើនៅកន្លែងហ្នឹងទេ អាណាដែលត្រូវដឹក ត្រូវដឹកបង្ហូសទៅតាមហ្នឹង។

លី ឡាយស្រេង ចូលស្រុកមក

សូមបញ្ជាក់ឡើងវិញ ហើយអាឡប់ៗ ដែលធ្វើអត្ថាធិប្បាយតាមវិទ្យុនានា សុំអញ្ជើញឡប់តទៅទៀតទៅ ដោយ សារឡប់អញ្ចឹងហើយ បានរត់ចោលស្រុក។ ហើយមានអាតាមួយនោះ ចុះអ្នកណាដេញតាឯង ម៉េចក៏មិនមកស្រុកមក? ឃើញបាងកកប៉ុស្ដិ៍ចុះព្រឹកមិញ គេទៅ​វីដេអូ​ Live សុំចូលមកស្រុក។ សម្ដេចអើយ! សុំឱ្យខ្ញុំមកចូលស្រុក។ សុំមកងាប់នៅស្រុក។ អញ្ជើញចូលលោកតា គ្មានអ្នកណា​គេ​ចាប់ទេ ខ្ញុំក៏មិនចាំបាច់ធ្វើសំបុត្រលើកលែងទោសអីឱ្យដែរ។ តាឯងនិយាយ ខ្ញុំក៏និយាយទៅវិញ​។ ឥឡូវ ប្រកាសឱ្យ លី ឡាយស្រេង ចូលស្រុកមក។ ខ្ញុំប្រកាសបក់ដៃហៅ។ តាអើយតា! តាឯងមកវិញមក ប៉ុន្ដែ សុំកុំ​ឡប់​។ កុំហៅព្រះមហាក្សត្រសុទ្ធជាមាន់ក្រៀវ នេះជាការប្រមាថ។ តែប៉ុណ្ណឹងទេ។

ហើយក្នុងវីដេអូ Live ធ្លាប់ធ្វើ​ជាកូន​ចៅខ្ញុំបីអាណត្ដិ។ សុំយោគយល់ផង។ តិចងាប់នៅក្រៅស្រុកទៅ។ ឥឡូវ ជិតឆេងម៉េងហើយ មកឱ្យទាន់មក។ ឥឡូវ ​មកឱ្យលឿនមក។ គ្មានអ្នកណាគេចាប់ទេ។ ខ្ញុំមិនទៅចាប់តាឯងយកទៅណាទេ​។ ខ្ញុំដឹងហើយតាឯងនោះ បើ​ប្រជុំអង្គុយមិនបានយូរទេ បន្ដិចៗទៅនោមៗ ព្រោះគាត់(មានបញ្ហា)ប្រូស្ដាត​។ បើអង្គុយជាមួយអញ្ចឹង គឺថា ​ល្អ​ជាមួយយើងអស់ទាស់ហើយៗផុតពីហ្នឹងទៅនិយាយដើមរហូត​។ ខ្ញុំហៅគាត់បង ឥឡូវ ខ្ញុំបក់ដៃឱ្យមក។ ប៉ុន្ដែ ​​គាត់អ្នកបង្ករឿងដោយខ្លួនឯងតើ? ដោយហៅព្រះករុណាសុទ្ធតែជាមាន់ក្រៀវ។​ ជាការប្រមាថ។ ឥឡូវ ខ្ញុំបក់​ដៃហៅ មកចូលស្រុកមក មកចូលឆ្នាំមក ហើយតិចហៅប៉ុណ្ណឹងហើយនៅញ៉េះញ៉ោះអីទៀត។ មកជេរបញ្ចោរទៀត។ រឿងទៀត។ ឥឡូវ តាំងខ្លួនជាអព្យាក្រឹត្យ ហើយឱ្យច្បាស់ជាអព្យាក្រឹត្យ ហើយបើធ្លាប់​ធ្វើកូនចៅ ហ៊ុន សែន កុំតាំងខ្លួនជាព្រឹទ្ធាចារ្យនយោបាយ។ ផេះ។ គ្រាន់តែអ្នកឯងមានអាយុចាស់ប៉ុណ្ណេះទេ។​ តែឱ្យ​តាំងខ្លួនជាព្រឹទ្ធាចារ្យនយោបាយ ទៅមិនរួចទេ។​

ធ្វើត្រឹមតែ លី ឡាយស្រេង អតីតឧបនាយករដ្ឋមន្ដ្រី​ទៅបានហើយ ​ក្នុងមួយរយៈកាលដែរ​។ ធ្លាប់ធ្វើជានាយករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្រសួងអភិវឌ្ឍជនបទ និង​ជាឧបនាយករដ្ឋមន្ដ្រី​ និងរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ខ្ញុំទៅរករឿងអីជាមួយតាឯង? តាឯងអ្នកបង្ករឿង​ខ្លួន​ឯង​ហើយរត់ទៅហ្នឹង​។ ខ្ញុំមិនដឹងអី តាឯងជូនលុយឱ្យស្រីណាទៅទិញផ្ទះ ទិញដីត្រង់ណាៗខ្ញុំមិនដឹង​អី? អ្នកឯងចង់ឱ្យខ្ញុំបាញ់សំលេង ដែលតានិយាយមករាល់ថ្ងៃហ្នឹងត្រឡប់ទៅឱ្យតាឯងស្ដាប់វិញ ឬអី​? ​ពិត​មែន ​តានៅបាងកកប្រទេសថៃ ហើយតាទៅប្រជុំជាមួយអ្នកណា​ តើខ្ញុំមិនដឹងអី? តែខ្ញុំទៅប្រកាន់អី​តាឯងសុំអញ្ចឹងហើយ តែឱ្យខ្ញុំធ្វើសំបុត្រធ្វើស្នាមហៅតាឯងខ្ញុំមិនហៅទេ តែតាឯងសុំ ខ្ញុំហៅមកតើ ខ្ញុំបក់​ដៃ​ហៅ​។ ឥឡូវ បើចិត្តសឿងមកថ្ងៃនេះក៏បាន ស្អែកក៏បាន ខានស្អែកក៏បាន កុំង៉េកង៉ក់តទៅទៀត អត់ហៅ ប្រយ័ត្នទទារយំឆ្លងទៀត គ្មានអ្នកណាធ្វើបាបអីតាឯងទេ។ ហើយបើសិនមានតម្រូវការផ្នែកផ្លូវច្បាប់ ឯកឧត្តម ​អង្គវង្ស វឌ្ឍនា ពិនិត្យមើល ក្រែងមានលិខិតប្ដឹង (ត្រូវ)ជំពាក់លុយកាក់អី ធ្វើលិខិតព្រះរាជទានទោសឱ្យទៅ។

បើលោកចង់ឆេងម៉េង​ ព្រោះគាត់ត្រកូល លី ហ្នឹង គឺថា គាត់ចិនទេ ប៉ុន្តែ គាត់ក៏ស្អប់ចិនណាស់ដែរ។ ក្តៅណាស់ ត្រង់ថា អាខ្លះកូនវៀតណាមសុទ្ធ វាជេរឯងសុទ្ធតែក្បាលយួនខ្លួនខ្មែរ ត្រង់វាហ្នឹង គឺថាឈាមជ័រវាវៀតណាម ដល់ជេរ វាជេរឯងជេរយួ​ន វាទៅអញ្ចឹងទៅ? អញ្ចឹង បើសិនថាមានទំនាក់ទំនងខាងផ្លូវច្បាប់អីធ្វើទៅ ឱ្យរួចកម្មរួចពារគាត់ទៅ ហើយគាត់នៅទីនោះគាត់ជួលផ្ទះគេមួយខែ ២០០ ប៉ុន្តែ គាត់ក៏មានលុយផ្ញើឱ្យស្រីស្អីៗ យីតាហ្នឹងចាស់តែខ្លួនទេ កុំសូវពេក ហើយប្រពន្ធដើមរបស់គាត់អ្នករកាខ្នុរនោះទេ ប្រហែលជាជាប់សាច់ញាតិបន្តិចបន្តួចជាមួយប្រពន្ធរបស់ខ្ញុំ ហើយមិនដឹងថាប្រពន្ធប៉ុន្មានទេតាហ្នឹង។ ប៉ុន្តែ មិនអីទេតាឯង មកថ្ងៃណាជួបជាមួយគ្នា ស៊ីបាយជាមួយគ្នាម្តង តាហ្នឹងតែកាលណាគាត់ជួបខ្ញុំ គាត់​មិនដែលចោលទេ គាត់ប្រៀបថា សម្តេចជាមនុស្សដែល មាន COMAND POWER  គេហៅថា អំណាចបញ្ជា គាត់មិនដែលចោលទេអាភាសាហ្នឹង។ ការពិតគាត់ទទួលស្គាល់ថា ក្រៅតែពី ហ៊ុន សែន ដឹកនាំ តើឱ្យអ្នកណា? អាហ្នឹងគាត់និយាយអញ្ចឹង។ សភាពការណ៍វាអញ្ចឹង ប៉ុន្តែ គាត់បផ្លេកបផ្លូច ទៅតែតិចៗដូចអន្ទង់អញ្ចឹង។

ល្មមគាត់ស្តាប់បានហើយ គាត់បើកមើល FACEBOOK របស់ខ្ញុំហើយ ព្រោះព្រឹកមិញខ្ញុំមុនមក ខ្ញុំមើលឃើញ ពីមុន ស្វាយ ស៊ីថា ផ្ញើឱ្យខ្ញុំៗក៏បានមើលបន្តិចទៅ រួចព្រឹកមិញមើលទៅក៏នឹកឃើញ ដល់គាត់ចាស់ហើយមកចូលឆ្នាំទៅ មិនអីទេ តាឯងមិនចោលឆ្អឹងនៅក្រៅប្រទេសទេ ឱ្យតែហ៊ានមក ហើយមកមុនមក ហើយធ្វើឱ្យ​ទៀង​ត្រង់ទៅ។ ឈប់សុំទានទៅបានទេ។ កុំធ្វើជាអ្នកនយោបាយអីទៀត ព្រោះតាឯងហ្នឹងម្តងនយោបាយទៅខាងលិច/កើត ម្តងទៅខាងជើង/ត្បូង។ ឡប់របៀបហ្នឹងធ្វើនយោបាយមិនកើតទេ ហើយបើថាសម្ងំពងក៏សម្ងំទៅជាមួយអ្នកណាអីអ្នកណា តែមានខ្លះជាកូនធម៌ មានខ្លះជាលោកប៉ា ជាលោកអ៊ំអីអញ្ចឹងទៅ សម្បូរណាស់ព្រោះ Roaming របស់តាឯងហ្នឹង ក៏គេនៅតែទទួលបាននៅនេះអញ្ចឹងដែរ។ ហើយតាឯងហ្នឹងទៅជួបអ្នកណាអីអ្នកណាកន្លងទៅនៅបាងកក ក្រុមអ្នកវិភាគ ក្រុមអ្នកស្អីហ្នឹង ខ្ញុំក៏ដឹងដែរតាឯងមិនចោលក្បួនទេ ក៏ប៉ុន្តែ សង្ឃឹមថា តាឯងចោលក្បួនទៅចុះ។

រឿងវាមិនមែនដូចបញ្ហារទេះភ្លើងដែលក្មេងរុញលេង

ខ្ញុំគ្រាន់តែបញ្ជាក់អញ្ចឹង ដើម្បីកុំឱ្យមានអាធុនមនុស្សខ្លះ។ រឿងវាមិនមែនដូចបញ្ហារទេះភ្លើងដែលក្មេងរុញលេង ។ ឥឡូវ មានរទេះភ្លើងតូចៗ សម្រាប់រៀបឱ្យក្មេងលេង។ វាមិនមែនដូចអញ្ចឹង។ បុគ្គលិកត្រូវដោះស្រាយយ៉ាងម៉េចអីយ៉ាងម៉េច ហើយរំលត់អាកុងត្រាចាស់នេះ ត្រូវរំលត់រៀបម៉េច ឧទាហរណ៍ថាដក គិត ម៉េង ចេញ យើងត្រូវពិភាក្សាថា ត្រូវសង គិត ម៉េង ប៉ុន្មាន? ត្រូវតែមានកិច្ចព្រមព្រៀងមួយ ដើម្បីនឹងឥឡូវ គិត ម៉េង ទិញក្បាលរថភ្លើង ទិញស្អីៗ បំពាក់ស្អីៗ ក៏ត្រូវតែប្រើប្រាស់ ត្រូវការពេលវេលាចរចា ចប់អាហ្នឹងត្រូវរៀបចំ គេហៅថា ទន្ទឹមនឹងអន្តរកាលនេះ ក៏ត្រូវរៀបចំអាផែនការមកថ្មី ក្នុងផែនការថ្មីនេះក៏ត្រូវតែក្រុមហ៊ុនណាក៏មានសិទ្ធិដើម្បីមកចូលរួមដែរ ក៏ប៉ុន្តែ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការស្រាប់ ក៏គេមានសិទ្ធិដែរដើម្បីចូលរួម។ គេសុំចូលរួមនៅក្នុងការកាន់កាប់ភាគហ៊ុនប៉ុន្មានភាគរយ ហើយភាគហ៊ុនប៉ុន្មានភាគរយទៀតប្រគល់ទៅឱ្យក្រុមហ៊ុនណា ដើម្បីយកមកធ្វើដៃគូ ដើម្បីបើកប្រតិបត្តិការឱ្យធ្វើទំនើបកម្មផ្លូវដែកនេះ។

ការប្រមាថមួយនេះមិនអាចយោគយល់ ហើយក៏មិនអាចនិយាយគ្នាកើតដែរ

មានអាឡប់រត់ចោលស្រុកណា ខ្ញុំមិនស្តាប់និយាយទេ ប៉ុន្តែ ប្រពន្ធខ្ញុំថា រឿងមកពីចែកលុយគ្នាមិនស្មើ។ អាហ្នឹងអញ្ចឹងបានវារត់ចោលស្រុកនោះ? អញជេរត្រង់ៗអញ្ចឹងតែម្តងទៅ។ អូ! ធ្វើនាយករដ្ឋមន្រ្តីហាមជេរ ទេធ្វើនាយករដ្ឋមន្រ្តីជេរបានតើ មនុស្សតើ លោកសង្ឃនៅចេះបញ្ចោរ ត្រង់ ហ៊ុន សែន ជាមនុស្សដែរ គេថាហ្នឹងជាភាសាអសុរោះ ប៉ុន្តែ វាជេរម៉ែឯងវាជេរតាមចិត្ត វាជេរយើងជេរស្អីតាមចិត្ត វាគូររូបយកពូថៅកាប់ក្បាលយើងយកតាមចិត្ត រួចមេវាអ្នកណែនាំឱ្យធ្វើ។ ឃើញវាដែលណែនាំថាត្រូវមានគុណធម៌រហួត ដល់ការប្រមាថមួយ ដែលខ្ញុំមិនអាចអត់ឱនឱ្យពួកអាឆ្កែអស់ហ្នឹង ប្រមាថប្រពន្ធខ្ញុំទៅជាប្រពន្ធរបស់មេដឹកនាំវៀតណាម និង ហ៊ុន ម៉ាណែត ក្លាយទៅជាកូនមេដឹកនាំវៀតណាម។ រឿងមួយនេះ អ្នកឯងត្រូវចាំមួយជីវិត អញអត់អត់ឱនឱ្យអ្នកឯងទេ។ អ្នកឯងត្រូវចាំ។ អញបញ្ជូនខ្លីបទៅតាមស្ថានទូតនានា រឿងហ្នឹងហើយដែលអញមិនអត់ឱនឱ្យអ្នកឯង។ ហើយអ្នកឯងកុំថាអ្នកឯងយករឿងបុគ្គលធ្វើជាបញ្ហាធំ។ បុគ្គល ឬជាតិ បើអ្នកឯងហ៊ានធ្វើចំពោះអញប៉ុណ្ណឹង អញក៏មិនអត់ឱនឱ្យអ្នកឯងដែរ។ អញដាក់គោលដៅកម្ចាត់ឯង ស្មើនឹងអញដាក់គោលដៅកម្ចាត់ ប៉ុល ពត ដូចគ្នា។ អ្នកឯងចាំឱ្យច្បាស់អាកន្លែងហ្នឹង។ អត់បានទេ។ ប្រពន្ធដ៏កម្សត់មួយនេះ វេទនាណាស់ទម្រាំចិញ្ចឹមបានកូនមួយនេះ ហើយពេលដែលជួបមុខឪពុក ហៅឪពុក(ថាពូ) ២ ខែ រឿងអីឯងប្រមាថថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម?

ខ្ញុំបង្ហោះ ៣ ឃ្លីបចេញ ទី (១). មានចំណងជើងថា “គូព្រេងមិនព្រាត់” ដែលខ្ញុំនិយាយដំណើររឿងទាក់ទងជាមួយនឹងជីវិតរបស់ខ្ញុំជាមួយប្រពន្ធរបស់ខ្ញុំ។ មនុស្សអត់ស្គាល់គ្នាសោះ កូនទាហានផ្សំផ្គុំៗស្រឡាញ់គ្នាទាល់តែបាន។ យកគ្នាទាល់តែបាន។ អាហ្នឹងមួយវគ្គទៅ។ ខ្ញុំបង្ហោះក្នុងហ្នឹងមានបញ្ចូលសម្លេងហើយស្រេច ហើយមានទាំងអាអត្ថបទ ហើយមានទាំងអាគេបញ្ចូលសម្លេង។ ទី (២). ទាក់ទង ជាមួយនឹងដំណើរជីវិតក្រោយរៀបការ ប៉ុន្តែ ឃ្លីបមួយទៀត អាហ្នឹងរឿងទាក់ទិនជាមួយនឹងសោកនាដកម្ម បាត់កូនទី ១ នោះទេ។ អញ្ចឹង ហ្អែងត្រូវយល់។ មេដឹកនាំហ្នឹងជាអ្នកណែនាំឱ្យកូនចៅវាធ្វើ។ ហើយរឿងមួយនេះ វាថាយើងយកបញ្ហាផ្ទាល់ខ្លួនធ្វើជាបញ្ហាធំ តែហ្អែងកុំភ្លេច អញជាមេដឹកនាំប្រទេសម្នាក់ អញនិយាយជាមួយឯងមិនចាំបាច់ឯកឧត្តម ឬខ្ញុំអីទេ គ្រោះយើងបានដាក់គោលដៅកម្ចាត់ហ្អែងហើយ។ ការប្រមាថមួយនេះមិនអាចយោគយល់ ហើយក៏មិនអាចនិយាយគ្នាកើតដែរ។ ខ្ញុំទុកឱកាសឱ្យគេដើម្បីសុំទោស ឱ្យគេធ្វើការប្រកាស ដើម្បីថ្កោលទោសចំពោះក្រុមដែលធ្វើ ប៉ុន្តែ គេថ្កោលទោសយ៉ាងម៉េចបាន? បើគេជាអ្នកណែនាំឱ្យកូនចៅគេធ្វើរបៀបហ្នឹង។ អញ្ចឹងទេ ហ្អែងចាំមើលទៅ។ ហ៊ុន សែន ឈរមាំណាស់ កុំសូវពេក។ អាពត ខ្លាំងប៉ុណ្ណឹង ហ៊ុន សែន វាយដួលទាំងអស់។ អាធុនប៉ុណ្ណេះនៅលេងនៅខាងទៅ អញហៅតែ លី ឡាយស្រេង មកបានហើយ អាប៉ុន្មានទៀតទុកហ្អែងនៅចង្រៃនៅហ្នឹងទៅ។

រវាងការចូលរួមបោះឆ្នោតឃុំសង្កាត់ នៅខែ មិថុនា ២០២២ និងទទួលបានសិទ្ធិឡើងវិញនៅខែ វិច្ឆិកា ២០២២ រើសទៅ

ការប្រជុំថ្ងៃ សុក្រ កន្លងទៅ ប្រហែលជាមួយចំនួនបានស្តាប់ហើយ កំណែទម្រង់ជាកញ្ចប់របៀបម៉េច? ត្រូវធ្វើរបៀបម៉េច? ចាំមើលទៅ ដួលឬមិនដួល? ហើយអ្នករង់ចាំអាបក្សណារស់ឡើងវិញ អាណាចេញពីគុក ឯងរង់ចាំទៅ។ ជ្រើសរើសទៅ រវាងការចូលរួមបោះឆ្នោតឃុំសង្កាត់ នៅខែ មិថុនា ឆ្នាំ ២០២២ និងទទួលបានសិទ្ធិឡើងវិញ នៅខែ វិច្ឆិកា ឆ្នាំ ២០២២ ហ្អែងរើសទៅ? ហ៊ុន សែន អត់អង្វរអ្នកណាទាំងអស់។ ហើយបើហ្អែងមិនគ្រប់លក្ខខណ្ឌ អញក៏មិនស៊ីញ៉េសុំលើកលែងឱ្យហ្អែងដែរ និយាយអញ្ចឹងតែម្តង ព្រោះពួក​អានេះនិយាយស្រួល​ៗវាថាយើងអង្វរវា អញគ្មានអង្វរអាណាទាំងអស់ អាណាដាក់ក៏ដាក់ អាណាមិនដាក់ទេហី តែប៉ុណ្ណឹង។ ត្រូវនិយាយឱ្យហើយ ស្អែកខ្ញុំទៅកំពត ខ្ញុំមិនចង់និយាយនៅមុខទូតជប៉ុនទេ ខ្ញុំនិយាយឱ្យហើយ។ ថ្ងៃខានស្អែកគ្រាន់តែទៅកាត់ខ្សែបូ ហើយដើរឆ្លងកាត់ស្ពានជ្រោយចង្វារ ដែលយើងបានជួសជុលរួចហើយ។ អញ្ចឹង ចូលឆ្នាំខាងមុខនេះ មិនស្ទះទេ មួយចញ/ចូល។ ហើយខ្ញុំមិនមានសេចក្តីថ្លែងការណ៍នយោបាយណាទៀតទេ គ្រាន់តែចង់បញ្ជាក់ថា អត់ទេ។ ហើយកុំចង់សម្លាប់ ហ៊ុន សែន។

តើមានអ្នកណាបានសម្តែងការសោកស្តាយក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ទេ?

កម្ពុជាទទួលភាពអយុត្តិធម៌ច្រើនពេកណាស់ទៅហើយ តើមានអ្នកណាបានសម្តែងការសោកស្តាយក្នុងការធ្វើរដ្ឋប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ទេ? អត់មានទេ។ គេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែ បានគាំទ្ររដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋស្របច្បាប់របស់យើង ជាទីគោរពសក្ការៈរបស់យើង ធ្វើឱ្យប្រទេសយើងមានសង្គ្រាម។ ពួកគេបានប្រព្រឹត្តមកលើប្រទេសរបស់យើងយ៉ាងដូច្នេះ តើគេបានសម្តែងការសោកស្តាយថា បានគាំទ្ររដ្ឋបាល លន់ នល់ ខុសទេ ក្នុងការទម្លាក់សម្តេចព្រះនរោត្តម សីហនុ? អ្នកដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាគាំទ្ររដ្ឋប្រហារយោធា។ អាហ្នឹងទី ១។

តើពួកគេមានបានសម្តែងការសោកស្តាយថា គេបានគាំទ្រ ប៉ុល ពត ខុសទេ?

ទី ២. តើពួកគេមានបានសម្តែងការសោកស្តាយថា គេបានគាំទ្រ ប៉ុល ពត ខុសទេ? នៅពេលគេគាំទ្រពួក ប៉ុល ពត អង្គុយនៅអង្គការសហប្រជាជាតិពីឆ្នាំ ១៩៧៩-១៩៩១ ហើយបែរជាមកដាក់ទណ្ឌកម្មចំពោះយើងទាំងខាងនយោបាយ/សេដ្ឋកិច្ច តើពួកគេដែលតាំងខ្លួនថាជាអ្នកប្រជាធិបតេយ្យ តើគេបានសម្តែងនូវការសោកស្តាយទេ? គេអត់បានសម្តែងនូវការសោកស្តាយទេ។ ខ្ញុំមិននិយាយពីពលរដ្ឋកម្ពុជាទេ ព្រោះកាលៈទេសៈនោះយើងសុទ្ធតែជាចំណាប់ខ្មាំង នៃសង្គ្រាម។ ប៉ុន្តែ ខ្ញុំចង់និយាយពីប្រទេសក្រៅមួយចំនួន តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ក៏ប៉ុន្តែ បែរជាគាំទ្ររបបប្រល័យពូជសាសន៍ ហើយគាំទ្រឱ្យគេ អង្គុយនៅអង្គការសហប្រជាជាតិ តំណាងលើក្បាលជនរួមជាតិរបស់យើង ដែលបានស្លាប់យ៉ាងវេទនា ហើយអ្នកនៅរស់ក៏រស់នៅទាំងវេទនា។ ឥឡូវ ចង់គម្រាមកំហែងមកលើយើងបន្ថែមទៀត ដើម្បីគ្រាន់តែអាប៉ុន្មានក្បាលធ្វើសកម្មភាពខុសច្បាប់ យើងកាត់ទោសមិនបានឬអី? យើងអត់ព្រមទេ។

យើងធ្លាប់ទទួលហើយនូវការហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច យើងទ្រាំរស់ ងើបឡើងទាំងលំបាក

យើងធ្លាប់ទទួលហើយនូវការហ៊ុមព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច សម្រាប់ប្រទេសរបស់យើង។ យើងក្រណាស់ យើងទ្រាំរស់ ងើបឡើងទាំងលំបាក។ ហើយអ្នកទាំងអស់គ្នាបើទោះបីកើតមិនទាន់ ប៉ុន្តែ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗទាំងអស់ បានរួមដំណើរជាមួយពូតាំងពីរយៈកាលវាយ ប៉ុល ពត ទប់ស្កាត់ ប៉ុល ពត និងការស្វែងរកសន្តិភាព។ ក្មួយៗត្រូវចាំ នោះជាមោទនភាពរបស់ជីដូនជីតា (ឪពុកម្តាយរបស់ក្មួយៗ)។ ក្មួយៗបោះឆ្នោតគាំទ្រគណបក្សប្រជាជន មានតម្លៃនៃការបោះឆ្នោតឱ្យជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានងើបឈរឡើងជាមួយគណបក្សប្រជាជន រើបម្រះរហូតដល់សព្វថ្ងៃ។ យើងមិនត្រូវទុកឱ្យប្រទេសជាតិរបស់យើងក្រោមការប្រមាថរបស់អ្នកណាទាំងអស់។

ហៅតែ លី ឡាយស្រេង មួយចូលស្រុកវិញ ប៉ុន្មានទៀតហ្អែងទៅងាប់ឯណាងាប់ទៅ

ខ្ញុំអត់ត្រូវមានពាក្យពេចន៍អីល្អជាមួយនឹងពួកអាចង្រៃអស់នេះទេ ព្រោះវាប្រើភាសាមកសុទ្ធតែយើងអញ្ចេះ/អញ្ចុះ ហៅយើងសុទ្ធតែអាយ៉ង សុទ្ធតែអាក្បត់ជាតិ​ សុទ្ធតែអាស្អីឯណា? មួយថ្ងៃៗអំពាវនាវឱ្យកងទ័ពបះបោរវាយ ហ៊ុន សែន ចាំតើអាពៅ? ហ្អែងចាំដល់ថ្ងៃងាប់ខ្លួនឯងទៅ។ មិនចាំបាច់ហៅវាឯកឧត្តម ហៅវាបង ឬហៅស្អីទេ។ ខ្ញុំហាមាត់ហៅបង បានតែ លី ឡាយស្រេង មួយទេ។ ហៅគាត់តាក៏បាន ហៅគាត់បងក៏បាន តែខ្ញុំមិនហៅគាត់ឯកឧត្តមទេ ដោយសារជាទម្លាប់របស់ខ្ញុំៗមិនដែលហៅបង លី ឡាយស្រេង ថាជាឯកឧត្តមទេ ហៅតែបងៗហ្នឹង។ ឥឡូវ ហៅគាត់ចូលមក។ តាអើយតាចូលមក! បងអើយបងចូលមក! ប៉ុន្តែ អាប៉ុន្មានទៀតហ្អែងទៅងាប់ឯណាងាប់ទៅ។

តាមការព្យាករ ភ្លៀងនឹងធ្លាក់ប៉ុន្មានថ្ងៃមុខទៀត ហើយមានវិសាលភាពធំទូលាយជាងមុន

ឯចំណុចចុងក្រោយ ដែលខ្ញុំចង់និយាយនោះគឺ ភ្លៀងបានធ្លាក់នៅតំបន់មួយចំនួនហើយ ដែលវាសម្រាលការលំបាកមួយចំនួនឱ្យប្រជាពលរដ្ឋរបស់យើង ហើយតាមការព្យាករទុក ភ្លៀងនឹងធ្លាក់ប៉ុន្មានថ្ងៃមុខទៀត ហើយមានវិសាលភាពធំទូលាយជាងមុន។ អញ្ចឹង​ សុំបងប្អូនប្រជាពលរដ្ឋរបស់យើង ទឹកដែលវាបានមកដល់ ខិតខំត្រងទឹកហ្នឹងរក្សាទុក ឬកន្លែងដែលមានទឹកដក់ ខិតខំរក្សាទឹកទុក ដើម្បីប្រើប្រាស់។ វាភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃ ក៏ប៉ុន្តែ វាអាចអស់ត្រឡប់ទៅវិញ។ ប្រើទឹកដោយមានការសន្សំសំចៃ។

សូមអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ជួយជាបន្ទាន់ ចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងរន្ទះ

នៅកន្លែងដែលមិនទាន់មានទឹក អាជ្ញាធរមូលដ្ឋាននៅតែខិតខំបន្តដោះស្រាយទឹក ហើយវិធីដែលល្អជាងគេ គឺការជីកអណ្តូងនៅកន្លែងដែលជីកបាន ប្រើសើរជាងការដឹកទឹក(ទៅពីចម្ងាយ)។ សុំឱ្យប្រជាពលរដ្ឋរបស់យើងប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងរន្ទះ ដែលវាចាប់ផ្តើមជាមួយនឹងភ្លៀងធ្លាក់។ ខ្យល់កន្ត្រាក់ក៏មកដល់ រន្ទះក៏មកដល់ ដែលធ្វើឱ្យតំបន់មួយចំនួនមានការខូចខាតផ្ទះសម្បែង ដែលខ្ញុំសូមចូលរួមការសោកស្តាយ។ សុំឱ្យកាកបាទក្រហមកម្ពុជា ក៏ដូចជា អាជ្ញាធរយកចិត្តទុកដាក់ជួយជាបន្ទាន់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវជួយអន្តរាគមន៍ភ្លាមទៅកាន់ទីកន្លែងដែលមានគ្រោះថ្នាក់ ហើយរៀបចំផ្ទះសម្បែងឡើងវិញ តាមលទ្ធភាពដែលធ្វើទៅរួច កុំទុកឱ្យប្រជាជនជួបការលំបាក។ នេះជាបញ្ហាដែលមូលដ្ឋានត្រូវបន្តធ្វើតាមដានឱ្យជាប់ ហើយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្លួនឯងនៅពេលដែលខ្យល់ខ្លាំង ចៀសវាងនូវការធ្វេសប្រហែសណាមួយកើតឡើង។

ការដុតធូប/ទៀនត្រូវតែមានការប្រុងប្រយ័ត្ន

ឯមួយទៀត រដូវនេះចូលឆ្នាំបានមកដល់។ ចាប់តាំងពីឥឡូវហ្នឹងឆេងម៉េងចង់មួយប្រទេសហើយ ខ្លះខានទៅឆេងម៉េងដោយសារតែ(ជាប់កម្មវិធីចែកសញ្ញាបត្រនៅថ្ងៃនេះ) តែខ្ញុំរៀបចំកម្មវិធីអត់បានគិតទុកថា អ្នកណាទៅឆេងម៉េង អ្នកណាមិនទៅឆេងម៉េងទេ ដោយសារខ្ញុំមិនមែនចិន ការពិតប្រពន្ធខ្ញុំក៏ទៅឆេងម៉េងដែរ ខាងប្រពន្ធខ្ញុំក៏គាត់ឆេងម៉េងដែរ។ ជារៀងរាល់ឆ្នាំភរិយាខ្ញុំតែងតែនាំម្តាយ(ក្មេក)ខ្ញុំទៅឆេងម៉េង ក៏ប៉ុន្តែ ឆ្នាំនេះ ម្តាយក្មេករបស់ខ្ញុំសុខភាពមិនសូវល្អ មិនអាចនាំគាត់ទៅកន្លែងឆេងម៉េងនោះបាន។ អញ្ចឹង ការដុតធូប/ទៀនត្រូវតែមានការប្រុងប្រយ័ត្ន។ រយៈពេលចុងក្រោយឃើញមានអគ្គិភ័យបានឆាបឆេះនៅកន្លែងមួយចំនួន ម្ខាងទុសិរខ្សែភ្លើង ដែលអាហ្នឹងត្រូវខាងអគ្គិសនីយកចិត្តទុកដាក់ ប៉ុន្តែ ម្ខាងទៀតបង្កឡើងដោយធូបទៀនដែលយើងដុតដោយការធ្វេសប្រហែស។

គោលនយោបាយ ហ៊ុនសែនណូមិច បើកទូលាយឱ្យធ្វើទាំងអស់

ឥឡូវនេះ គឺថាឆេងម៉េងសម័យថ្មីរបស់យើងនេះដល់កហើយ យើងពិនិត្យមើលប្រដាប់ប្រដាឆេងម៉េង គ្រាន់តែប៉ុណ្ណឹងអាជីវករទាំងឡាយត្រូវប៉ាន់ មិនមែនដោយសារបក្សប្រឆាំង ដែលអាជីវកររកស៊ីបានទេណា? អាជីវករចេះធ្វើតាំងពីផ្ទះវីឡា មានអាវីឡាពីរជាន់ មានអាវីឡាបីជាន់ សម្រាប់ទិញយកទៅដុត។ មានលុយ ដុល្លារអាមេរិកកាំង មានដុល្លារហុងកុង មានដុល្លារសាំងហ្គាពួរ មានប្រាក់បាតថៃ មាន(ប្រាក់)អឺរូ សម្រាប់យកទៅដុត។ មានប៉ាស់ស្ព័រទៀត សម្រាប់ឆ្លងដែន។ មានឡានគ្រប់ប្រភេទ Roll Royce ក៏មាន, Mercedes ក៏មាន ដើម្បីឱ្យ​ដូនតាបានជិះឡាន នាំគ្នាយកទៅដុត។ គ្រាន់តែប៉ុណ្ណឹងអ្នករកស៊ីបានលុយ។ ឥឡូវ សួរថា អាហ្នឹងបានមកពីអី? គោលនយោបាយ ហ៊ុនសែនណូមិច បើកទូលាយឱ្យធ្វើទាំងអស់ អត់មានហាមអីទេ។ អញ្ចឹងទេ ដល់ទៅពេលដុតទៅវាច្រើនពេក វាមកឆេះអាកន្លែងសែន។

សម័យថ្មី ម្ហូនសែនអត់ចាំបាច់ធ្វើខ្លួនឯងទេ កម្មង់តាមទូរស័ព្ទ

ហើយសែនសម័យថ្មីនេះ អត់ចាំបាច់ធ្វើខ្លួនឯងទេ កម្មង់តាមទូរស័ព្ទ រួចហើយគេដឹកមកដល់ផ្ទះម៉ាប្រដាប់សែនហ្នឹង យើងចាំសែន។ ធ្វើបុណ្យរបៀបហ្នឹងមិនបានបុណ្យមិនដឹង? បានឬមិនអាហ្នឹងស៊ីសងលើជំនឿទេ។ អញ្ចឹង រដូវកាលនេះ បងប្អូនយើងត្រូវសែនព្រេនស្អីៗហ្នឹង គឺអត់ចាំបាច់ត្រូវធ្វើខ្លួនឯងនាំតែពិបាកទិញ ត្រីទិញអីយកមកធ្វើ អាកមាន់អីក៏អត់ធ្វើដែរ គឺទៅកម្មង់ឱ្យគេដឹកពីផ្សារយកមក រួចហើយដាក់សែនទៅ កុងម៉ាអោយទទួលទៅ ដុតក្រដាស ដុតដុល្លារ។ មិនដឹងដូនតាបានទទួលពិត ឬមិនពិត អាហ្នឹង គឺយើង មិនដឹងដែរ។

ចូលឆ្នាំខ្មែរត្រូវប៉ាន់របាំត្រុដិ ចូលឆ្នាំចិនត្រូវប៉ាន់ម៉ុងសាយ

កាល(ពី)ចូលឆ្នាំចិនម៉ុងសាយត្រូវប៉ាន់ណាស់ លោតឱ្យពេញទឹក/ដីទាំងអស់ ដល់ទៅប៉ុន្មានថ្ងៃទៀត និយាយពីត្រុដិត្រូវប៉ាន់ណាស់ មួយព្រឹកអញ្ចឹងត្រូវលេងអស់ប៉ុន្មានរោងឯណោះ លោតផ្ទះអ្នកនេះហើយទៅលោតផ្ទះអ្នកនោះ ព្រោះដេញអាឧបទ្រពចង្រៃ។ អញ្ចឹងទេ ខាងក្រុមសិល្បៈគ្នាក៏បានលុយដោយសារ អារឿងហ្នឹងដែរ។ ហើយយើងក៏ធ្វើពិធីទៅតាមក្បួនខ្នាតរបស់យើងអញ្ចឹងដែរ។ ធម្មតាផ្ទះខ្ញុំក៏លោតដែរ ហើយអ្នកមានសំណាងទៅលោតនៅផ្ទះខ្ញុំ តែងតែមានឱកាសទទួលបាននូវប្រាក់ចំណូលហ្នឹងក៏ខ្ពស់ដែរ ព្រោះយើងក៏ត្រូវការឧបត្ថម្ភអ្នកដែលលេងត្រុដិ ដើម្បីឱ្យគ្នាបានលុយចូលឆ្នាំដែរ។ អញ្ចឹង មិនដឹងថា ប្រពន្ធ ខ្ញុំរៀបចំកម្មវិធីពេលណាទេ ប៉ុន្តែ ដែលសមស្របជាងគេ ដូចជាថ្ងៃ សៅរ៍ លោតថ្ងៃទី​ ១៣ ឱ្យហើយទៅ ព្រោះថ្ងៃទី​ ១៤ ទុកឱ្យគេទៅលោតឯណាទៀត។ លោតមុនចូលឆ្នាំ ដើម្បីដេញឧបទ្រព អាហ្នឹងវាជារឿងធម្មតាទេ។ នេះជាបើកលំហ នៃសេរីភាពខាងជំនឿរបស់ប្រជាជន។

ផុតចូលឆ្នាំខ្មែរ ចូលដល់រ៉ាម៉ាឌនរបស់ឥស្លាម

ផុតចូលឆ្នាំចិន ចូលដល់ចូលឆ្នាំខ្មែរ ដល់ផុតពីចូលឆ្នាំខ្មែរ ចូលដល់រ៉ាម៉ាឌនរបស់ឥស្លាម អញ្ចឹង ឆ្នាំនេះ គ្រាន់តែចូលបួសភ្លាម ខ្ញុំត្រូវតែចាប់ផ្តើមបិទភ្លាម ព្រោះសួរមើលទៅ ថាអាគារកោះពេជ្រគេកក់អស់ហើយ សល់តែថ្ងៃណាមួយនោះ។ អញ្ចឹង គ្រាន់តែរ៉ាម៉ាឌនភ្លាម យើងត្រូវស្រាយបួសភ្លាម។ អញ្ចឹង អាចចាត់ទុកថា មានចូលឆ្នាំចិនផង ចូលឆ្នាំខ្មែរផង ចូលឆ្នាំចាមទៀត។ ប៉ុន្តែ ចាមគេមិនមានចូលឆ្នាំទេ គេមានការបួស ក៏ដូចជា ពិធីមួយនៃការចូលឆ្នាំរបស់គេដែរ។ អញ្ចឹង សេរីភាពច្រើនយ៉ាងណាស់។

សកម្មភាពការងារចាប់ពីដើមឆ្នាំជាប់គ្នារដឹក

ឆ្នាំនេះ សកម្មភាពចាប់ពីដើមឆ្នាំរហូតមក គឺថា វាជាប់(គ្នា)។ កិច្ចការច្រើនណាស់ វិលក្បុង។ អញ្ចឹងទេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មួយចំនួន គឺថា ទាល់តែសំខាន់ខ្លាំងណាស់ ទើបអាចទៅសុំជួប ដើម្បីទៅរាយការណ៍ផ្ទាល់ ទើបអាចនិយាយគ្នា។ បើមិនអញ្ចឹងទេ ឱ្យធ្វើរបាយការណ៍មកខ្ញុំនឹងពិនិត្យ និងផ្តល់ត្រឡប់ទៅវិញនូវចំណារ សម្រេចយ៉ាងម៉េចអីយ៉ាងម៉េច។ ប៉ុន្តែ អាហ្នឹងជាមុខងារដែលយើងត្រូវធ្វើទៅហើយ។

ជាមួយមនុស្សខ្លះទាល់ប្រើភាសាអសុរោះទើបស្តាប់បាន

ថ្ងៃនេះ និយាយសំដីដូចអាក្រក់បន្តិច សុទ្ធតែអាមឹង ពួកអានេះ បើមិននិយាយអញ្ចឹង គឺវាស្តាប់មិនបានទេ ហើយហ្អែងត្រូវចាំ រាសីហ្អែងមិនដល់ ហ្អែងជេរអញងាប់ខ្លួនឯងទេ ហ្អែងចាំមើលរន្ទះបាញ់ អាខ្លះរលូតកូន លឺថាមានមួយនានោះឧស្សាហ៍ជេរ គេចូលទៅខម្មិនថា ទណ្ឌកម្មលោកិយ៍ លឺថាឧស្សាហ៍ Live ជេរខ្ញុំពីស្រុកបារាំងមក ឥឡូវ លឺថា រលូតកូន។ ខ្ញុំលឺគេនិយាយដែរទេថា រលូតកូនគេប្រឹងយំទាំងប្តី/ប្រពន្ធ ប្រហែលជាពួកខាងយើងគេចូលទៅខម្មិន គេថា អាហ្នឹងកម្មពៀរ ដោយសារជេរសម្តេចនាយកច្រើនពេក។ អាហ្នឹងជួនកាលអាចដែរ រាសីហើយវាមិនដល់។ ឡើងគ្រប់គ្រងប្រទេស មិនមែនអ្នកណាចេះតែគ្រប់គ្រងបានទេ។ សូម្បីតែធ្វើមេភូមិ ធ្វើមិនស្រួលក៏មិនមែនធ្វើបានដែរ។ ត្រូវជឿលើជំនឿខ្លះទៅ។ ប៉ុន្តែ និយាយ អញ្ចឹងមិនឱ្យចាត់ទុកខ្ញុំជាអាទិទេពទេ ប៉ុន្តែ គ្រាន់តែថា សុំកុំជេរទៅមើល? បើកុំជេរខ្ញុំក៏អត់់ថាអីដែរ។ ហើយមានអាមួយនោះចែកលុយគ្នាមិនស្មើ បានជាមានរឿង។ គេហៅគ្រៀមភាសានៅស្រុកខ្មែរ គឺជេរ។ ជេរអារន្ទះបាញ់ ជេរអាគេបាញ់ ប៉ុន្តែ អាហ្នឹងភាសាអសុរោះ ប៉ុន្តែ យើងបង្ខំចិត្តប្រើភាសាអសុរោះ។ ហើយបើអ្នកឯងថា អើ!ថាទៅ អញមិនថាក៏ឯងនៅតែថា អញ្ចឹង បានតែថាតាមដូចដែលហ្អែងថាតែម្តងទៅ ឱ្យវា ស្រួល។ អាហ្នឹងគេហៅថា រុញទូកបណ្តោយទឹក ឱ្យវាទៅអញ្ចឹងតែម្តងទៅ។ ហ្អែងរកវិធីកម្ចាត់អញៗក៏ដាក់ គោលដៅកម្ចាត់ឯងដូចគ្នា។ អាហ្នឹងឱ្យវាច្បាស់លាស់ជាមួយគ្នាអញ្ចឹងតែម្តងទៅ។

ពាំនាំ

ថ្ងៃនេះ បាននាំមកសម្រាប់និស្សិតជ័យលាភីរបស់យើងទទួលសញ្ញាបត្រមាន ៣ ២១៣ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក និងសាស្ត្រាចារ្យ ចំនួន ៩៧១ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ) ថវិកា ៥ លានរៀល។ ជាមួយនឹងការកោតសរសើរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ) និងការអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញា បត្រនៅថ្ងៃនេះ សូមប្រសិទ្ធិពរឱ្យអ្នកទាំងអស់គ្នា ជួបតែសេចក្តីសុខ/ចម្រើន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមជួបប្រទះពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...