នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើនៅ វិមានសន្តិភាពដែលមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នកវិនិយោគគិន ធុរជនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងផ្នែកវិស័យឯកជនទាំងអស់ដែលបានចូលរួមអភិវឌ្ឍប្រទេស ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការលើកឡើងដោយស្មោះត្រង់ និងក្នុងន័យស្ថាបនាពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាក្នុងនាមជាដៃគូសន្ទនាដែលមិនអាចខ្វះបាន ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមកក្នុងដំណើរឆ្ពោះទៅកាន់សមាហរណកម្មនៅក្នុងតំបន់ឲ្យកាន់តែទូលំទូលាយថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍អំពីការដាក់ចេញនូវគោលនយោបាយ និងជំរុញឲ្យមានការអនុវត្តប្រកបដោយឆន្ទៈមោះមុតឥតរាថយនូវកញ្ចប់វិធានការកែទម្រង់នៅក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ស្របតាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាមួយគ្នានឹង អភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់ សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិក្នុងគោលដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងមានភាពធន់រឹងមាំសម្រាប់រយៈពេលវែងខាងមុខ និងបង្កើនបរិមាណការងារប្រកបដោយគុណភាពជូនប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងវេទិកានេះផងដែរ តំណាងវិស័យឯកជនបានលើកឡើងពីមានសារៈសំខាន់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងចាត់ទុកថាជាធាតុចូលសម្រាប់រាជរដ្ឋាភិបាលក្នុងការសម្រេចបានជាលក្ខណៈគោលនយោបាយក្នុងការដឹកនាំនិងធ្វើអោយប្រទេសជាតិកាន់តែមានការរីកចម្រើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា ដោយមានការជជែកដោយបើកចំហរ រវាងការងាររបស់រាជរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយនឹងអ្នកធ្វើអាជីវកម្មនៅកម្ពុជាទៅលើបញ្ហាពាក់ព័ន្ធការវិនិយោគ, ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ច ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេស ដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភានេះ បាននិងកំពុងធ្វើការកែទម្រង់យ៉ាងមុតស្រួច និងស៊ីជម្រៅសំដៅកែលម្អនិងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃលើការធ្វើធុរកិច្ច មានជាអាទិ៍គឺ រាជរដ្ឋាភិបាលបានលុបបំបាត់នូវវិញ្ញាបនបត្រប្រភពដើមទំនិញ (CO) ការកែសម្រួលមុខងារ និងមុខនាទីរបស់កាំកុងត្រូលចេញពីការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល, ការរំសាយអង្គភាពកាំសាប, ការកាត់បន្ថយថ្លៃ Scan កុងតឺន័រ និងថ្លៃសេវាមួយចំនួនទៀត ពិសេសការកែលម្អសេវាអ្នកជាប់ពន្ធ, ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសធុនតូច និងមធ្យម និងវិធានការណ៍សំខាន់ៗជាលក្ខណៈប្រព័ន្ធជាច្រើនថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការកែទម្រង់បែបនេះ មិនមែនដោយសារតែហេតុផលរឿង (EBA) នោះទេ គឺដើម្បីភាពរីកចម្រើនរបស់កម្ពុជាខ្លួនឯងនាពេលខាងមុខ ដែលជាភាពចាំបាច់ដើម្បីឲ្យកម្ពុជាអាចលក់ផលិតផលដោយមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិបានទូលំទូលាយ ជាពិសេសគឺ ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលកម្ពុជាបានដាក់ចេញនូវការកែទម្រង់នេះគឺនឹងធ្វើអោយបរិយាកាសវិនិយោគនៅកម្ពុជានឹងមានឱកាសរឹតតែប្រសើរឡើងដែលនឹងផ្ដល់នូវភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិនិយោគិននិងធុរជនទាំងក្នុងនិងក្រៅប្រទេស។ ការកែទម្រង់នេះទៀតសោត គឺបានលើកកម្ពស់ភាពប្រកួតប្រជែង ជាពិសេសតាមរយៈ ការកាត់បន្ថយថ្លៃសេវានៃការធ្វើធុរកិច្ច, ការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការកែលំអឱ្យកាន់តែប្រសើរឡើងថែមទៀតនូវបរិយាកាសធុរកិច្ច ដែលជួយឲ្យវិនិយោគគិន និងធុរជនទាំងឡាយអាចរកចំណេញបានសមស្របនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដើម្បីបម្រើទីផ្សារទាំងក្នុង និងក្រៅប្រទេស ទោះបីជាត្រូវបង់ពន្ធទៅវិញទៅមកក៏ដោយ តែវាបានចូលរួមចំណែកដល់ការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ, បង្កើតការងារជូនដល់ពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់វិស័យឯកជន និងក្រុមហ៊ុនវិនិយោគទាំងអស់ រួមទាំងសហគ្រាសតូច និងមធ្យមត្រូវចុះបញ្ជីក្រុមហ៊ុនអោយបានត្រឹមត្រូវ និងត្រូវបំពេញនូវកាតព្វព្វកិច្ច និងអនុវត្តការងារអោយមានប្រសិទ្ធភាពស្របតាមបទបញ្ញាតិទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ ជាពិសេសត្រូវធ្វើអោយមានបរិយាកាសការងារល្អប្រសើរដល់កម្មករ និយោជិតក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕
*បងប្អូនពាណីជ្ជករ និងវិនិយោគគិន អាចទស្សនាវីដេអូដែលបានផ្សាយផ្ទាល់រួចហើយកាលពីព្រឹកមិញនេះក្នុងហ្វេសប៊ុគផ្លូវការសម្តេចតេជោ ។ ចំពោះខ្លឹមសារជាអត្ថបទអំពីចំណុចសំខាន់ៗដែល សម្តេចតេជោ បានដាក់ចេញក្នុងវេទិកានេះ នឹងមានផ្សាយជូននាពេលបន្តបន្ទាប់នេះ។