ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួមជាថ្មី ជាមួយឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិទាំងអស់ នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែក ឯកជនលើកទី ១៨ រយៈពេល ៥ ឆ្នាំ បន្ទាប់ពីជំនួបលើកទី ១៧ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៤។ ខ្ញុំសូមបញ្ជាក់ថា ដូចវេទិកាលើកមុនៗដែរៗ ជំនួបរបស់យើងពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ។ ប្រការនេះមានន័យថា រាល់សេចក្តីសម្រេចនានានៃវេទិកានេះ នឹងមានអនុភាពជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី។
មុននឹងឈានចូលដល់ខ្លឹមសារ នៃវេទិកា ខ្ញុំសូមយកឱកាសនេះបញ្ជាក់ដោយខ្លី អំពីមូលហេតុចំបងៗចំនួន ២ នៃការរៀបចំវេទិកា ដែលមានលក្ខណៈពិសេសបន្តិច បើធៀបជាមួយនឹងការរៀបចំវេទិកាលើកមុនៗ ដូចខាងក្រោម៖
ទី ១ ជាមួយនឹងការចាប់ផ្តើមដំណើរការនៃរាជរដ្ឋាភិបាលដំណាក់កាលទី ៦ នៃរដ្ឋសភា ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីការធ្វើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ កាលពីខែ កក្កដា ឆ្នាំ ២០១៨ កន្លងមក ខ្ញុំបានសម្រេចចិត្តរៀបចំវេទិការាជរដ្ឋាភិបាលផ្នែកឯកជននេះឡើង គឺដើម្បីជម្រាបជូនដៃគូអភិវឌ្ឍន៍របស់យើង ពិសេសវិស័យឯកជន អំពីការដាក់ចេញ និងការជំរុញអនុវត្តប្រកបដោយឆន្ទៈមោះមុត ឥតរាថយនូវកញ្ចប់នៃវិធានការកែទម្រង់ដ៏មុតស្រួច និងថ្មីៗរបស់រាជរដ្ឋាភិបាលនៅក្រោមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ ស្របតាមបាវចនា ២ គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យ» និងអភិក្រម ៥ យ៉ាង គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សំដៅកែលម្អភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក្នុងការធានាចីរភាពនៃកំណើនប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំ សម្រាប់រយៈពេលវែងខាងមុខ និងបង្កើតការងារ ប្រកបដោយគុណភាព ឲ្យកាន់តែច្រើនថែមទៀតជូនដល់ប្រជាជនកម្ពុជា។
ទី ២ នៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជាមួយនឹងការដាក់ចេញ និងអនុវត្ដគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចមួយចំនួន ជាពិសេស ការបន្តរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ កម្ពុជាសម្រេចបាននូវការអភិវឌ្ឍ ទាំងសេដ្ឋកិច្ច និងសង្គម ក្នុងល្បឿនមួយខ្ពស់ ជាមួយនឹងសន្ទុះដ៏ខ្លាំងក្លា ដែលបានប្រែក្លាយកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនជាទូទៅ មានភាពកាន់តែប្រសើរឡើងជាលំដាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកអាស្រ័យច្រើនលើវិស័យកសិកម្ម និងកាត់ដេរ ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើវិស័យកសិ-ឧស្សាហកម្ម សំណង់ ឧស្សាហកម្មបង្គុំ អេឡិកត្រូនិក និងទេសចរណ៍។ ប្រការនេះបានធ្វើឲ្យកម្ពុជាកាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង ក្នុងការកំណត់ជោគវាសនារបស់ខ្លួន ឆ្ពោះទៅអនាគតវែងឆ្ងាយ សំដៅសម្រេចឲ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ច្បាស់ណាស់ថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយប្រកបដោយមហច្ឆិតានេះ កម្ពុជាត្រូវតែបន្តធានាសម្រេចឲ្យបានជាប់មិនដាច់ នូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ប្រកបដោយបរិយាប័ន្ន និងមានភាពធន់រឹងមាំ។ នេះគឺជាមូលហេតុតម្រូវឲ្យរាជរដ្ឋាភិបាលបន្តផ្តោតអាទិភាពខ្ពស់ទៅលើការរក្សាសន្តិភាពជាតិ និងស្ថេរភាពនយោបាយ ព្រមទាំងគិតគូរបន្ថែមទៀត អំពីវិធានការកែទម្រង់មុតស្រួចនានា សំដៅបន្តពង្រឹង និងពង្រីកភាពប្រកួតប្រជែងក៏ដូចជាជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ក្នុងល្បឿន និងជវភាពមួយកាន់តែខ្ពស់ថែមទៀត ពិសេស តាមរយៈការដោះស្រាយដោយចំៗនូវបញ្ហាជារចនាសម្ព័ន្ធធំៗ ក៏ដូចជាបញ្ហាប្រឈមជាក់ស្តែងសំខាន់ផ្សេងៗទៀត ដែលបណ្តាវិនិយោគិន និងធុរជនបាន និងកំពុងតែជួបប្រទះនៅក្នុងកិច្ចការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ មួយវិញទៀត ការពង្រឹងភាពប្រកួតប្រជែង និងការជម្រុញធ្វើពិពិធកម្មសេដ្ឋកិច្ច មិនត្រឹមតែមានតួនាទីជាកត្តាគន្លឹះសម្រាប់ធានាឲ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍវែងឆ្ងាយរបស់ខ្លួនប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបាន សម្រាប់ការប្រកបការងារប្រកបដោយគុណភាព ការបង្កើនចំណូល និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេសផងដែរ។
ត្រង់នេះ ខ្ញុំចង់គូសបញ្ជាក់ថា ការដាក់ចេញ និងជំរុញអនុវត្តនូវវិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងខណៈនេះ គឺមិនមែនមកពីហានិភ័យនៃ EBA ពី EU នោះទេ ថ្វីត្បិតថា ហានិភ័យនេះអាចដើរតួជាកត្តាជំរុញបន្ថែម ឲ្យរាជរដ្ឋាភិបាលខិតខំបង្កើនល្បឿននៃការកែទម្រង់របស់ខ្លួនក៏ដោយ។ ផ្ទុយទៅវិញ គោលដៅធំរបស់យើង ដូចខ្ញុំបានលើកឡើងខាងដើម គឺជាការឆ្លើយតបទៅនឹងភាពចាំបាច់នៃការបង្កើនល្បឿននៃការកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានាឲ្យកម្ពុជាអាចបន្តទទួលបាននូវកំណើនក្នុងកម្រិតខ្ពស់ ប្រកបដោយបរិយាប័ន្ន ប្រកបដោយភាពធន់រឹងមាំ និងប្រកបដោយចីរភាព ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍដ៏រុងរឿងមួយក្នុងរយៈពេលវែងខាងមុន។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលមានាការរំពឹងទុកយ៉ាងមុតមាំថា ការអនុវត្តដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចនានា នឹងអនុញ្ញាតឲ្យកម្ពុជាអាចឈានទៅចាប់យកនូវមូលដ្ឋានសេដ្ឋកិច្ចថ្មី ដែលពឹងផ្អែកលើឧស្សាហកម្មបង្កើតតម្លៃបន្ថែមខ្ពស់ ព្រមទាំងឧស្សាហកម្មប្រើជំនាញ និងបច្ចេកវិទ្យាជឿនលឿនប្រកបដោយភាពជឿជាក់ ហើយជាលទ្ធផល និងជួយពង្រីកនូវលំហនៃឱកាសសេដ្ឋកិច្ចសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ និងជាពិសេស អនុញ្ញាតឲ្យកម្ពុជាអាចឈរដោយខ្លួនឯងបានដោយមិនចាំបាច់ពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពីប្រទេសផ្សេងៗ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
និយាយយ៉ាងដូច្នេះ មិនមែនមានន័យថា កម្ពុជាមិនត្រូវការកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពស្មោះត្រង់ និងការគោរពគ្នា ក្នុងនាមជាដៃគូស្មើសិទ្ធិ ស្មើភាព ជាមួយនឹងដៃគូខាងក្រៅរបស់យើងនោះទេ។ កម្ពុជាសម្ដែងនូវការដឹងគុណដ៏ស្មោះ ចំពោះជំនួយឧបត្ថម្ភដ៏សប្បុរសពីសំណាក់ដៃគូ និងមិត្តភក្ដិបរទេសទាំងឡាយរបស់យើង ដែលបានរួមវិភាគទានមិនអាចកាត់ថ្លៃបាន ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ដារ និងអភិវឌ្ឍកម្ពុជា តាំងពីគ្រាដ៏លំបាកបំផុត រហូតដល់យើងបានរឹងដៃជើងដូច បច្ចុប្បន្ននេះ។ ដោយឡែក ចំពោះករណី EBA យើងក៏មានការយល់ដឹងយ៉ាងច្បាស់ដែរថា ការអនុគ្រោះនេះមិនមានលក្ខណៈអចិន្ដ្រៃយ៍នោះឡើយ ហើយនឹងត្រូវបញ្ចប់នៅពេលដែលកម្ពុជាចាកចេញផុតពីឋានៈនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច និងមានជំហររឹងប៉ឹងសម្រាប់បន្ដដំណើរទៅមុខដើរខ្លួនឯង ក្នុងឋានៈជាដៃគូស្មើសិទ្ធិ និងស្មើភាពជាមួយ EU។ ជាការពិត ប្រសិនបើកម្ពុជាអាចនៅបន្ដទទួលបានផលប្រយោជន៍ពីការអនុគ្រោះក្នុងការធ្វើពាណិជ្ជកម្មជាមួយ EU តាមរយៈយន្ដការ EBA ក្នុងរយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក៏វាជាឱកាសល្អប្រសើរតទៅទៀតដែរ។ ក៏ប៉ុន្ដែដូចខ្ញុំធ្លាប់បានបញ្ជាក់ជារឿយៗហើយថា កម្ពុជាមិនអាចយកឯករាជ្យ និងអធិបតេយ្យរបស់ខ្លួន ទៅដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយពីបរទេសបានទេ។ យ៉ាងណាក៏ដោយ ខ្ញុំសូមគូសបញ្ជាក់ថា កម្ពុជានៅតែបន្ដត្រូវការកាន់តែច្រើននូវកិច្ចសហប្រតិបត្ដិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់ផ្នែក គ្រប់វិស័យ ពិសេស ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូររវាងប្រជាជន ជាមួយនឹងដៃគូសំខាន់ៗរបស់យើង ដោយឥតរើសអើង លើមូលដ្ឋាននៃការគោរពដោយស្មោះត្រង់ និងឯករាជ្យ អធិបតេយ្យភាពផងគ្នា ហើយក្នុងនេះ EU នៅតែជាដៃគូសំខាន់ និងធំបំផុតមួយរបស់យើង ក្នុងចំណោមដៃគូធំៗ និងសំខាន់ៗ ផ្សេងទៀត។
លើមូលដ្ឋាននេះ ទោះមាន ឬមិនមាន EBA ក្ដី កម្ពុជានឹងបន្ដធ្វើដំណើរទៅមុខដោយភាពស្វាហាប់ និងភាពជឿជាក់ខ្ពស់ ក្នុងការកំណត់ជោគវាសនារបស់ខ្លួនទៅថ្ងៃអនាគត ឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបំណងប្រាថ្នាមហិច្ឆតារបស់ខ្លួន ពោលគឺ៖«“ក្ដាប់យកមកវិញនូវមោទនភាពជាតិ និងកសាងជាតិមួយដ៏រស់រវើក» ឈានឆ្ពោះទៅរកអនាគតរុងរឿង ភ្លឺស្វាង និងត្រចះត្រចង់ តាមរយៈ «ការកសាងជាជំហានៗ នូវសង្គមកម្ពុជាមួយ ដែលមានសុខសន្ដិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំងសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ ហើយមានជីវភាពសមរម្យ ការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងសង្គមជាតិ និងក្រុមគ្រួសារ»។
ខ្ញុំក៏សូមយកឱកាសនេះ ជម្រាបដល់ជនរួមជាតិយើងថា ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានគិតគូរត្រៀមនូវវិធានការ និងថវិកាគ្រប់គ្រាន់ សម្រាប់ដោះស្រាយ ទប់ទល់សភាពការណ៍ និងហានិភ័យនានា ជាយថាហេតុ ដែលមិនសំដៅធានាឲ្យបាននូវសុខសន្ដិភាព និងស្ថេរភាពជារួមប៉ុណ្ណោះទេ តែថែមទាំងជួយជម្រុញថែមទៀតនូវកំណើនសេដ្ឋកិច្ចជាតិ និងធានាឲ្យបាននូវភាពនឹងនរ នៃជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ ជាពិសេស លំនឹងជីវភាពរបស់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ។
ពេលនេះ ខ្ញុំសូមងាកមកកាន់កិច្ចដំណើរការនៃវេទិការបស់យើង។ វេទិការបស់យើងអាចធ្វើពេញមួយព្រឹកនេះ ហើយប្រហែលជាអាចមិនចប់មុនម៉ោង ១២ ថ្ងៃត្រង់នោះទេ ដែលមានរបៀបវារៈ៖
ទី ១ គឺមតិបើកអង្គប្រជុំដែលខ្ញុំបានលើកអម្បាញ់មិញ។
ទី ២ របាយការណ៍ របស់ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកសម្របសម្រួលវេទិការរាជរដ្ឋាភិបាល ផ្នែកឯកជន ស្ដីពីសកម្មភាព និងលទ្ធផលនៃកិច្ចប្រជុំការងារក្នុងរយៈពេលកន្លងមក។
ទី ៣ បទអន្ដរាគមន៍របស់វិស័យឯកជនស្ដីពីលទ្ធផលទាំងឡាយ នៃកិច្ចពិភាក្សានៃក្រុមការងារ តាមវិស័យ និងការលើកមតិយោបល់ និងសំណូមពរផ្សេងៗជាបន្ដបន្ទាប់ ដោយ
ទី ១ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
ទី ២ លោក ប្រ៊េដតុន ស្ការ៉ូនី ប្រធានសភាធុរកិច្ចអន្ដរជាតិប្រចាំកម្ពុជា និង
ទី ៣ លោក ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និង
ទី ៤ បទអន្ដរាគមន៍គន្លឹះ និងបូកសរុបបិទវេទិការរបស់ខ្ញុំ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ថ្ងៃនេះ យើងរៀបចំខុសពីមុនបន្ដិច កាលពីពេលមុន យើងមានក្រុមការងារទាំងអស់វិស័យឯកជនលើកឡើង វិស័យផ្នែករាជរដ្ឋាភិបាលឆ្លើយតប ជាមួយនឹងការកាត់សេចក្ដីរបស់ខ្ញុំ ប៉ុន្ដែ ថ្ងៃនេះយើងមានរបៀបមួយដោយកាត់បន្ថយនូវការលើកឡើង ដោយសារយើងបានប្រជុំក្រុមការងារទាំងអស់រួចហើយ ហើយប្រមូលផ្ដុំបទអន្ដរាគមន៍ទាំងនោះ យើងមានក្នុងដៃនូវសំណូមពរទាំងនោះរួចហើយ។ ខ្ញុំនឹងបញ្ជាក់ជូនតែម្ដង ជួសមុខឲ្យក្រុមការងារទាំងអស់។ ម្យ៉ាងទៀត ខ្ញុំសូមបញ្ជាក់ដែលថា ហេតុអ្វីបានជាយើងខកខាន មិនបានធ្វើការប្រជុំតាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ។ មិនមែនបញ្ហាយើងមិនចង់ធ្វើទេ ក៏ប៉ុន្ដែដោយសារក្រុមការងារទាំងអស់សុទ្ធតែបានដោះស្រាយបញ្ហាការងាររួចរាល់។ ខ្ញុំសូមអបអរសាទរ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានដោះស្រាយបញ្ហា ក្នុងចន្លោះពីសម័យប្រជុំមួយ ទៅសម័យប្រជុំមួយ។ កាលពីមុន យើងមានការប្រជុំច្រើន ក៏ប៉ុន្ដែ បន្ទាប់ពីការប្រជុំក្រុមការងារបានដោះស្រាយដោយមានប្រសិទ្ធភាព ហើយក្នុងករណីដោះស្រាយមិនបានតែងតែលើកឡើងដល់ខ្ញុំឯណោះ ដូច្នេះការងារអត់មានស្ទះទេ។ ប៉ុន្ដែ ថ្ងៃនេះ យើងរៀបចំដោយមានតំណាងវិស័យឯកជនតែ ៣ នាក់ប៉ុណ្ណោះ នឹងលើកឡើង។
[បញ្ចប់សេចក្តីអធិប្បាយ]
ដើម្បីជាការបន្ដសូមអញ្ជើញ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុឡើងធ្វើរបាយការណ៍ (កិច្ចប្រជុំដំណើរការ)៕