សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងកម្មវិធីខួប ១០០ ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ នៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ

CNV:

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
  • លោក ហ្គ្រែម បាកឃ្លី (Graeme Buckley) នាយកការិយាល័យ អង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ
  • អង្គពិធីជាទីមេត្រី!

ថ្ងៃនេះ មានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ១០០ ឆ្នាំ (១៩១៩-២០១៩) របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ (១៩៦៩-២០១៩) នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ៖ «បង្កើនយុត្តិធម៌សង្គម – លើកកម្ពស់ការងារសមរម្យ» ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ។

ខ្ញុំសូមសំដែងនូវការកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយអង្គការអន្តរជាតិខាងការងារ (Governing Body) រៀបចំពិធីដ៏មានអត្ថន័យនេះ និងសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីស្ថាប័នមួយនេះ ក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគីឯកទេសផែ្នកពិភពការងារ នៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ខាងការងារដែលបានកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យ សម្រាប់ស្ត្រី និងបុរស។

ដូចរបាយការណ៍ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុន្ទរកថារបស់លោក ហ្គ្រែម បាកឃ្លី (Graeme Buckley) នាយកការិយាល័យ អង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ បានបញ្ជាក់អំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូមិនឤចខ្វះបានរវាងកម្ពុជា និងអង្គការអន្តរជាតិខាងការងារក្នុងរយៈពេលកន្លងមក និងទៅអនាគត។

ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិ ខាងការងារ នៅថៃ្ងទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៦៩ ។ ប៉ុន្តែកិច្ចសហប្រតិបត្តិការកម្ពុជាជាមួយនឹងអង្គការអន្តរជាតិខាងការងារបានរីកចម្រើនខ្លាំង ចាប់ពីឆ្នាំ ១៩៩២ មកទល់បច្ចុប្បន្ននេះ។ កម្ពុជាធ្លាប់បានជាប់ឆ្នោត ជាសមាជិកពេញសិទ្ធិ នៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧ ហើយកម្ពុជាបានខិតខំបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញា ដែលបានផ្តល់សច្ចាប័ន ព្រមទាំងសម្រេចបាននូវសមិទ្ធផល ជាច្រើនក្នុងវិស័យការងារ រួមមានការបង្កើត និងដោះស្រាយ ការងារជូនប្រជាពលរដ្ឋ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការអនុវត្តសិទ្ធិការងារ ការអនុវត្តសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិសេរីភាពនៃកូដកម្ម ការអភិវឌ្ឍយន្តការត្រីភាគី ការអភិវឌ្ឍយន្តការដោះស្រាយវិវាទការងារ ការអភិវឌ្ឍអនាម័យ និងសុវត្ថិភាពការងារ កិច្ចគាំពារសង្គម សមភាពយេនឌ័រក្នុងវិស័យការងារ ការទប់ស្កាត់ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការអភិវឌ្ឍន៍គោលនយោបាយទេសន្តរប្រវេសន៍ ការងារដោយសុវត្ថិភាព។ សមិទ្ធផលទាំងអស់នេះបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាក៏បានចែករំលែកបទពិសោធន៍ល្អៗទាំងនេះដល់ប្រទេសជាមិត្តមួយចំនួននៅក្នុងតំបន់ផងដែរ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើនក្នុងអត្រា ៩៩,៣% នៃកម្លាំងពលកម្មសរុបប្រមាណ ១០ លាននាក់ រួមមានកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១ លាន ៥ សែននាក់ កម្មករ និយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ២ លាន ៤ សែននាក់ វិស័យកសិកម្មប្រមាណ ជាង ៤ លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១ លាន ២ សែននាក់ និងមន្ត្រីសាធារណៈចំនួនប្រមាណជាង ៥ សែននាក់។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីជាទីមេត្រី !

ដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មុខរបរ និងការងារ និងការគាំពារសង្គម ជាពិសេសដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករ-និយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ខ្ញុំបានចុះជួបផ្ទាល់ ដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ និយោជិត គិតចាប់ពី ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ មកទល់ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ គឺមានរយៈពេល ១៩ ខែ និង ៨ ថ្ងៃ បានចំនួន ៦៦ លើក សរុបកម្មករ និយោជិតចំនួនជិត ៩ សែន ៥ ម៉ឺននាក់ ដែលតាមរយៈនេះខ្ញុំបានរកឃើញបញ្ហា ហើយបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនដែលបានធ្វើ និងបន្តផ្តោតការយកចិត្តទុកដាក់ ដូចខាងក្រោម៖

១. អនុវុត្តគោលនយោបាយធានាការគោរពសិទ្ធិការងារ លក្ខខណ្ឌការងារស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ រាជរដ្ឋាភិបាលចាត់ទុកការអនវុត្តន៍សិទ្ធិការងារ គឺជាការអនុវត្តន៍សិទ្ធិមនុស្ស ដោយបានដាក់ចេញនូវនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារសហការ ជាមួយគម្រោងឃ្លាំមើលលក្ខខណ្ឌ ការងារនៅកម្ពុជា ដែលបច្ចុប្បន្នជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបង្ហាញពីឆន្ទៈ និងតម្លាភាពនៃបរិយាកាសការងារនៅកម្ពុជា។

២. ផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈបន្តយន្តការត្រីភាគី ដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងសិទ្ធិ និងផលប្រយោជន៍របស់កម្មករ និយោជិត និងនិយោជក។ ជាក់ស្តែងគណៈកម្មការប្រឹក្សាការងារបានបង្កើតក្រុមការងារត្រីភាគី បានដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បានកើនឡើងពី ៤០ ដុល្លារ ក្នុង ១ ខែ នាឆ្នាំ ១៩៩៧ ដល់ ១៨២ ដុល្លារ ក្នុង ១ ខែ នាឆ្នាំ ២០១៩ នេះ ហើយបានបើកផ្តល់ ២ ដង ក្នុង ១ ខែ។

៣. បន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការអនុវត្តន៍ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។ គិតមកដល់ខែធ្នូ ឆ្នាំ ២០១៨ ចំនួនសហជីពសរុបដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៤ ៨៣៨ ក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៤ ៦២១ សហព័ន្ធសហជីពមានចំនួន ១៨០ សហភាពសហជីពមានចំនួន ២៨ និងសមាគមនិយោជកមានចំនួន ៩។

៤. ផ្តោតការការយកចិត្តទុកដាក់លើការអភិវឌ្ឍអនាម័យ និងសន្តិសុខការងាររបស់កម្មករ និយោជិត ជំរុញឱ្យរោងចក្រ សហគ្រាសទាំងអស់មានគិលានដ្ឋាន ប្រអប់សង្គ្រោះបន្ទាន់ ប្រចាំរោងចក្រ មានកន្លែងហូបបាយ មានបន្ទប់បំបៅកូន និងមានទារកដ្ឋាន ដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់ គ្រោះថ្នាក់ការងារ បង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករ និយោជិត។ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ឆ្ពោះទៅការបញ្ចប់ពលកម្មកុមារនៅឆ្នាំ ២០២៥។

៥. បន្តអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរយៈការអភិវឌ្ឍរបបសន្តិសុខសង្គម ដែលមកទល់ពេលនេះ មានសហគ្រាសគ្រឹះស្ថានជាង ១ ម៉ឺន ជាសមាជិក និងមានកម្មករ និយោជិត និងមន្ត្រីសាធារណៈ ១ លាន ៥ សែន នាក់ កំពុងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ។ នៅឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការរបបសោធនសម្រាប់កម្មករ និយោជិត និងរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ព្រមទាំងរៀបចំកិច្ចសហប្រតិបត្តិការភ្ជាប់របបសន្តិសុខសង្គមជាមួយប្រទេសដែលទទួលពលករកម្ពុជា។ ជាមួយនេះ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន មកទល់ពេលនេះ កម្មការិនីសរុបចំនួន ៦ ម៉ឺន ៥ ពាន់នាក់ និងចំនួនកូនជិត ៦ ម៉ឺន ៦ ពាន់នាក់ ដោយសរុបជាទឺកប្រាក់ជិត ៦ លាន ៦ សែនដុល្លារ។ ដោយឡែក ចំពោះស្រ្តីដែលមានកូនភ្លោះបី បន្ថែមពីលើប្រាក់របស់រាជរដ្ឋាភិបាល ខ្ញុំ និងភរិយាផ្តល់បន្ថែមចំនួន ៥ លានរៀល​។

៦. បន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការបង្កើតមុខរបរថ្មីៗ។ បន្តអភិវឌ្ឍសេវារកការងារធ្វើជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ព័ត៌មានអំពីតម្រូវការការងាររបស់សហគ្រាស គ្រឹះស្ថាន ដល់យុវជនយុវនារី ដែលកំពុងស្វែងរកការងារធ្វើ និងជួយដល់សហគ្រាស គ្រឹះស្ថានក្នុងការស្វែងរកកម្លាំងពលកម្មតាមតម្រូវការ។ ទន្ទឹមនេះ បានបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងកិច្ចការពារសិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជា។

៧. រាជរដ្ឋាភិបាលកម្ពុជាបាន និងបន្តភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការពារ ការរួមគ្នាអនុវត្តនូវគោលដៅរួមដែលបានដាក់ចេញកន្លងមក ជាពិសេសកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ យើងបានរួមគ្នាអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារ សមរម្យចំនួន ០៤ លើក រួចមកហើយ ចាប់ពីឆ្នាំ ២០០៥ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូតំណាងត្រីភាគី ហើយគម្រោងនេះនឹងបន្តអនុវត្តនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាលើកទី ៥ ឆ្នាំ ២០១៩-២០២៣ ដែលសំដៅសម្រេចឤេយបាននូវឤទិភាព ៣៖ ទី ១. ការលើកកម្ពស់មុខរបរ និងការងារ និងការអភិវឌ្ឍសហគ្រាសប្រកបដោយចីរភាព ទី ២៖ ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម ព្រមទាំងសុខភាព និងសុវត្ថិភាពការងារ និងទី ៣៖ ការធ្វើឤេយប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ។

៨. បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់គម្រោងបទដ្ឋានសង្គម និងការងារក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងតំបន់ឤស៊ី (GIZ-SLSG) គម្រោងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) និងគម្រោងផ្សេងៗជាច្រើនទៀត។

ជាថ្មីម្តងទៀត ខ្ញុំសង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍនានានឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដើម្បីកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរពិធីខួប ១០០ ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ នៃសមាជិកភាព របស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិដែលកំពុងធ្វើការ ទាំងក្នុង និងក្រៅប្រទេស សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ