បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ រួចហើយ នៅរសៀលថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារបន្តជាមួយ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (The Asian Infrastructure Investment Bank (AIIB) ។
លោក Li Qun Jin បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាលើកទី៤ហើយដែលលោក បានមកកាន់ប្រទេសកម្ពុជា។ លោក Jin អបអរសាទរ និងមានកិត្តិយសណាស់ដែលប្រទេសកម្ពុជា បានក្លាយជាសមាជិកស្ថាបនិក នៃធនាគារ AIIB ។ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែល មានការរីក ចម្រើនយ៉ាងឆាប់ជាទីបំផុត។ លោកថាកម្ពុជាជាប្រទេសដែលមានសក្តារនុពល ខ្ពស់ក្នុងការអភិវឌ្ឍន៌។ ការអភិវឌ្ឍន៍ដែលប្រកបដោយភាពរស់រវើកគឺពិតជាជំរុញសេដ្ឋកិច្ចអោយកាន់តែរីក លូតលាស់ទៅមុខ ដែលនឹងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។
លោក Li Qun Jin ក៏បានជំរាបជូនសម្តេចតេជោផងដែរថា នៅពេលនេះធនាគារ AIIB មានសមាជិកចំនូន ៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។ លោក Li Qun Jin រីករាយខ្លាំងណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដឹកនាំរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនេះឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ គឺជាកិត្តិយសផងដែរ ដែលធនាគារ AIIB បានធ្វើជាសហប្រធានដឹកនាំ នៃវេទិកានេះ។ ជាមួយគ្នានេះ លោក Jin បានជម្រាបសួរទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនបើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ធនាគារ AIIB ដែលធ្វើជាសហប្រធានក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកនេះ។ សម្តេចតេជោ បានជំរាបជូនអំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់ កម្ពុជារួមមាន: ១)ការអភិវឌ្ឍន៌ធនធានមនុស្ស ២)ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ៣)ការផ្គត់ផ្គង់និង ដោះស្រាយទឹក និង ៤)វិស័យថាមពលអគ្គិសនី។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានលើកអំពី ការខិតខំទាក់ទាញវិនិយោគទុនក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មអោយបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មអោយកាន់តែច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ គឺកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥- ២០២៥ ដែលកំពុងតែជម្រុញ និងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗ ទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាណាជម្រុញកម្ពុជាអោយរីកចម្រើន ឆាប់រហ័សលឿន ទៅមុខ។
លោក Li Qun Jin ពេញចិត្តចំពោះស្ថេរភាព នយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រ អ្នកវិនិយោគ ដែលផ្តល់នូវកិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគិន ។ កម្ពុជាកំពុងស្ថិតនៅលើផ្លូវ ត្រឹមត្រូវមួយដែលពោរពេញទៅដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា៕