សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់​សញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

CNV:

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយនៅដើមសប្តាហ៍ក៏ចាប់ផ្តើមមកកាន់ទីនេះទៀត ដែលកាលពីអាទិត្យមុន គឺពីរដង អាទិត្យនេះត្រូវពីរដងទៀត ដែលទាក់ទងនឹងវិស័យអប់រំ ហើយដែលសាកលវិទ្យាល័យនានា ក៏ចង់បានអោយខ្ញុំព្រះករុណាខ្ញុំ មកចែកជូនសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី។

ការបណ្តុះបណ្តាលធនធានមនុស្ស ការងារជាអាទិភាព

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយថ្ងៃនេះ យើងបានទទួលធនធានមនុស្សបន្ថែមទៀត សម្រាប់ប្រទេសជាតិរបស់យើង ដែលវាស្ថិតនៅក្របខណ្ឌនៃការងារអាទិភាព ទាក់ទងជាមួយនឹងបញ្ហាការបណ្តុះបណ្តាលនេះ​។ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិថ្ងៃនេះ ក៏បានបញ្ចេញនិស្សិតដែលបានបញ្ចប់ការសិក្សា ១ ២៤៥ នាក់ ដូចដែលសាកលវិទ្យាធិការ ទេព កុលាប បានធ្វើរបាយការណ៍ អម្បាញ់មិញ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាកិច្ចការមួយដ៏សំខាន់ទៅលើការគ្រប់គ្រង និងបណ្តុះបណ្តាល។

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហា។ បើពិនិត្យរឿងអតីតកាលបន្តិច គឺមិនគួរថា សាកលវិទ្យាល័យនេះអាចឈរដល់សព្វថ្ងៃនេះបានទេ។ នៅក្នុងកាលៈទេសៈដ៏លំបាក ដែលកូន ទេព កុលាប បានជួបប្រទះនូវរឿងបញ្ហាក្តីក្តាំនៅក្នុងតុលាការ។ ក៏ប៉ុន្តែ អ្នកទាំងឡាយដែលនៅទីនេះ ជាសាស្រ្តាចារ្យ ជាបុគ្គលិក និងអតីតនិស្សិតរបស់សាកលវិទ្យាល័យនេះ ក៏បាននៅបន្តខិតខំដើម្បីធ្វើអោយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ បន្តឈរជើងរហូតមកដល់ពេលនេះ។ នេះអាចចាត់ទុកថា ជាការរួបរួមមួយ មិនមែនគ្រាន់តែជាការទទួលខុសត្រូវនៃសាកលវិទ្យាធិការ ឬអ្នកគ្រប់គ្រងតែប៉ុន្មាននាក់ទេ ក៏ប៉ុន្តែ វាជាការគួបផ្សំរវាងសាស្រ្តាចារ្យ និស្សិត និងអ្នកដែលធ្វើការនៅទីនោះទាំងអស់។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់នេះ។ ឥឡូវ សាកលវិទ្យាល័យនៅបន្តដំណើរការ រួមចំណែកមួយជាមួយនឹងសាកលវិទ្យាល័យដទៃទៀត ទាំងរដ្ឋ និងឯកជន ដើម្បីបន្តការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពសំខាន់របស់យើង។

សម័យកាលថ្មី ទាមទារកម្រិតវិជ្ជាជីវៈខ្ពស់ ចំណេះដឹងចំណេះធ្វើច្រើន

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយ គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីទេ ដូច្នេះហើយយើងបានប្រឹងតាំងពីមួយគ្រាប់ៗ ដំណាក់កាលដំបូងដែលយើងនិយាយថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”។ ប៉ុន្តែ សម័យកាលនោះវាបានឆ្លងផុតរួចទៅហើយ។ ដល់ដំណាក់កាលថ្មី ដែលទាម​ទារនូវកម្រិតវិជ្ជាជីវៈកាន់តែខ្ពស់ ហើយចំណេះដឹងចំណេះធ្វើ ក៏កាន់តែច្រើន មិនមែនគ្រាន់តែតម្រូវការសញ្ញាបត្រទេ ព្រោះអ្នកដែលមានសញ្ញាបត្រច្រើន (តែ)ខ្លះក៏គ្មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់នឹងធ្វើការងារដែរ។ ទន្ទឹមជាមួយការមានសញ្ញាបត្រ យើងក៏ត្រូវខិតខំធ្វើបញ្ចេញនូវចំណេះដឹងចំណេះធ្វើអោយបានច្បាស់លាស់។ សាលាជាច្រើន គឺបណ្តុះបណ្តាលមកមានកាន់សញ្ញាបត្របណ្ឌិតម្នាក់ៗមិនចេះតិចទេ បើមកពីក្រៅប្រទេសវិញ ឃើញសុទ្ធតែសញ្ញាបត្របណ្ឌិត។ លឺតែបណ្ឌិតនេះ/នោះ ដល់ពេលធ្វើការពិតប្រាកដ វាអត់ច្បាស់។ ខ្លះទៅនៅប្រទេសបារាំង ប៉ុន្តែ សរសេរបារាំងមិនច្បាស់​​ ខ្លះទៅនៅអាមេរិក ប៉ុន្តែ សរសេរអង់គ្លេសមិនច្បាស់​។ វាឆ្ងាញ់ជាងគេ គឺមានអ្នកបោកយើងនោះ។ សរសេរសំបុត្រសុទ្ធតែថាខ្ចីលុយប៉ុណ្ណេះៗ ហើយស្ថិតនៅប្រទេសអង់​គ្លេស តែសរសេរអង់គ្លេសមិនច្បាស់ទេ …។

ការផ្តល់ការងារមិនអាស្រ័យលើកម្រិតសញ្ញាបត្រ តែគុណវុឌ្ឍិ គុណសម្បត្តិ និងគុណភាព

ឧទាហរណ៍ យើងទៅរកការងារធ្វើ ហើយគេអ្នកពិនិត្យផ្តល់ការងារអោយយើងធ្វើ បានសេចក្តីថា គេមិនមែន​ល្ងង់ខ្លៅដែរ គឺគេច្បាស់ជាដឹងថា សមត្ថភាពរបស់យើងដល់កម្រិតណា។ កុំចាំបាច់ស្ពាយសញ្ញាបត្រថា​ខ្ញុំមានសញ្ញាបត្រប៉ុណ្ណេះ ហេតុអ្វីក៏មិនផ្តល់ការងារអោយខ្ញុំ? នៅតាមស្ថាប័នខ្លះ មានការលើកឡើងថា អានោះរៀនត្រឹមតែបរិញ្ញាសោះ អញថ្នាក់បណ្ឌិត ប៉ុន្តែ វាមកត្រួតអញ។ បញ្ហានេះវាអត់ចំណុះទៅលើបញ្ហា(សញ្ញាបត្រ)នោះទេ ចំណុះទៅលើគុណវុឌ្ឍិ គុណសម្បត្តិ គុណភាពការងារពិតប្រាកដ។ មិនមែនទាល់តែថ្នាក់បណ្ឌិត ទៅត្រួតបរិញ្ញាជាន់ខ្ពស់ បរិញ្ញាជាន់ខ្ពស់ ទៅត្រួតបរិញ្ញានោះទេ អាហ្នឹងសំខាន់បំផុតពិសោធន៍ការងាររប់សវានៅទីនោះ។

ធានាបរិយាកាសសន្តិភាព និងវិនិយោគ ដើម្បីបង្កើតការងារ

អញ្ចឹងទេ បានជាចំណុចអស់ទាំងនេះ យើងត្រូវរួមគ្នាដើម្បីកសាងនូវប្រទេសជាតិមួយ ដែលមានធនធានមនុស្សមានចំណេះដឹង ចំណេះធ្វើ និងមានឱកាសការងារ សម្រាប់ក្រោយការបណ្តុះបណ្តាល។ ដូច្នេះហើយ ទន្ទឹមនឹងការខិតខំនៅតាមសាកលវិទ្យាល័យនានា រាជរដ្ឋាភិបាលក៏ត្រូវតែខិតខំ ដើម្បីធានាបរិយា​កាសសន្តិភាព ធានាបរិយាកាសនៃការវិនិយោគ ដើម្បីបង្កើតការងារថ្មីៗ សម្រាប់និស្សិត ឬប្រជាពលរដ្ឋ ដែលដល់អាយុនឹងមានតម្រូវការការងារធ្វើ ដែលមកដល់ពេលនេះ យើងដោះស្រាយបានច្រើន។ យើងមិនមែនត្រឹមតែដោះស្រាយការងារក្នុងប្រទេសទេ​ យើងកំពុងខិតខំ ដើម្បីធ្វើការទាក់ទងជាមួយនឹងប្រទេសក្រៅ ព្រោះបើនិយាយអំពីលំហូរនៅក្នុងក្របខណ្ឌអាស៊ានរបស់យើង លំហូរធនធានមនុស្សនៅពេលខាងមុខ នឹងត្រូវក្លាយទៅជាលំហូរដែលបំពេញអោយគ្នា។ គេមកយើងៗទៅគេ។ អញ្ចឹងទេ យើងត្រូវប្រកួតប្រជែងទៅលើបញ្ហាទីផ្សារការងារនៅខាងក្រៅដែរ មិនមែនត្រឹមតែទីផ្សារការងារក្នុងស្រុកទេ។

ចំណាកស្រុក ដើម្បីការងារ

មានអ្នកខ្លះគេបង្អាប់ខ្ញុំ គេថា កម្ពុជានេះ ធ្វើអោយមានមនុស្សចំណាកស្រុក។ ប៉ុន្តែ ខ្ញុំចោទចេញជាសំណួរត្រឡប់ទៅវិញថា តើអ្នកស្គាល់ការងារទេ? អ្វីទៅដែលហៅថា ការងារ? អ្នកទៅនៅស្រុកគេហ្នឹង (ក្រែង)អ្នកទៅរកការងារធ្វើឬអី? ច្រើនតែអ្ន​កទៅក្រៅប្រទេសទេ ដែលវានិយាយមកជាមួយយើង។ ប៉ុន្តែ ក្បាលពួកវាហ្នឹងវាទៅក្រៅប្រទេស ទៅរកការងារធ្វើនៅក្រៅប្រទេស មិនត្រឹមរកការងារធ្វើទេ វាទៅសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសទៅទៀត។ វាបែរជាមកស្តីបន្ទោសយើងថា យើងគឺធ្វើការដឹកនាំប្រទេសអោយមានមនុស្សចំណាកស្រុក។ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ ប្រទេសដែលមានមនុស្សច្រើនបំផុត ដែលទៅរកការងារធ្វើនៅក្រៅប្រទេស គឺហ្វីលីពីន ប្រមាណជា ១២ លាននាក់។ សូម្បីតែនៅក្នុងស្រុកយើងនេះ ជនជាតិហ្វីលីពីនដែលមកធ្វើការនៅក្នុងស្រុកយើងនោះ គឺមានប្រមាណ ១ ម៉ឺននាក់ជាង។ តើគេមកធ្វើអី? ជនបរទេសមួយចំនួនត្រូវការមេដោះ ត្រូវការអ្នកបម្រើ គេអត់យកខ្មែរ (ព្រោះខ្មែរយើង)មិនទាន់មានសមត្ថភាពធ្វើការអោយគេទេ … ជនជាតិហ្វីលីពីនទៅធ្វើការនៅហុងកុង ជនជាតិហ្វីលីពីនទៅធ្វើការនៅច្រើនកន្លែងណាស់ សូម្បីតែនៅប្រទេសគុយវ៉ែតដ៏តូចមួយនេះ ត្រូវទទួលជនជាតិហ្វីលីពីនរាប់ម៉ឺននាក់ឯណោះ។

បណ្តុះបណ្តាលធនធានមនុស្ស ផ្គត់ផ្គង់អោយតម្រូវការវិនិយោគ

ប្រទេសថៃ ដែលមានតម្រូវការកម្មករពីកម្ពុជាទៅប្រទេសថៃ ពីឡាវទៅប្រទេសថៃ ពីមីយ៉ាន់ម៉ាមកប្រទេសថៃ ប៉ុន្តែ ប្រទេសថៃខ្លួនឯងទៅណា?​ ប្រទេសថៃខ្លួនឯងបញ្ជូនទៅកូរ៉េខាងត្បូង ទៅតៃប៉ិ ទៅមជ្ឈឹមបូព៌ា។ អញ្ចឹង នេះជាការប្រកួតប្រជែងដើម្បីរកការងារ សម្រាប់ប្រជាពលរដ្ឋរបស់គេ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់ទៅប្រ​ទេស Cape Verde ប្រទេសនេះទទួលប្រាក់ចំណូលដែលចូលមកក្នុងប្រទេសរបស់ខ្លួនស្មើនឹង ៧០% នៃផសស ដែលបានមកពីការងារធ្វើរបស់ប្រជាជនគេនៅក្រៅប្រទេស។ អញ្ចឹង ថ្នាលបណ្តុះបណ្តាលនៅក្នុង(ប្រទេស)ខ្លួនយើងនេះ ផ្គត់ផ្គង់អោយតម្រូវការវិនិយោគ ដែលមកពីក្រៅប្រទេស ដែលពេលនេះ យើងមិនទាន់ផ្គត់ផ្គង់អោយគេគ្រប់តាមកម្រិត ដែលគេចង់បានទេ។

អ្នកជំនាញជាតិកម្ពុជា កំពុងតែកើនចំនួន

បើនៅក្នុងវិស័យកាត់ដេរ (ពីមុនគេប្រើ)ជនជាតិបរទេសធ្វើជាមេការ និងធ្វើជាអ្នកបច្ចេកទេស។ យើងខ្វះ។ ឥឡូវ ជំនួសដោយជនជាតិកម្ពុជាហើយ។ បានជាមេការនៅក្នុងវិស័យកាត់ដេរ និងផ្នែកជំនាញមួយចំនួន ថ្នាក់ប្រធានក្រុម ប្រធានផ្នែក ជំនួយការស្អីៗ ប្រាក់ខែខ្ពស់។ រហូតមានប្រាក់ខែ ៣ ០០០ ទៅ ៤ ០០០ ដុល្លារឯណោះ តាមរោងចក្រកាត់ដេរ។ ១៨២ ដុល្លារ អាហ្នឹងប្រាក់ខែគោលទាបបំផុត ប៉ុន្តែអ្នកទទួលខុសត្រូវមួយចំនួន សួរបញ្ជាក់ហើយពី ៣ ០០០ ទៅ ៤ ០០០ ដុល្លារ។ បានសេចក្ដីថា សមត្ថភាពរបស់កម្មករ/ការិនីរបស់យើងកើនឡើង។ បរទេសគេមិនមែនចង់យកជនជាតិបរទេសចូលមកទេ ព្រោះតម្លៃពលកម្មដែលយកពីក្រៅមក គឺវាខ្ពស់។ យើងផ្គត់ផ្គង់អោយគេមិនទាន់គ្រប់។ វិស័យវិស្វកម្មសំណង់ យើងមិនទាន់មានលទ្ធភាព ដើម្បីផ្គត់ផ្គង់អ្នកបច្ចេកទេសជាន់ខ្ពស់អោយគេ ឬកម្រិតមធ្យមអោយគេគ្រប់គ្រាន់ទេ។ ដូច្នេះ បានជាយើងផ្ដល់ឱកាសអោយគេនាំអ្នកបច្ចេកទេសយកមក។ ដូចជាការកសាងស្ពានឆ្លងកាត់ទន្លេ វិស្វកររបស់យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីនឹងធ្វើកិច្ចការទាំងអស់នោះទេ។

ស្នើកូរ៉េខាងត្បូង ពង្រីកការងារបន្ថែមដល់កម្ពុជា

ក្រៅពីការដោះស្រាយបញ្ហាការងារក្នុងស្រុក យើងត្រូវប្រកួតប្រជែង ដើម្បីនឹងរកការងារធ្វើនៅក្រៅប្រទេស សូម្បីតែប្រធានាធិបតីកូរ៉េខាងត្បូង មកទស្សនកិច្ចនៅកម្ពុជា ខ្ញុំបានស្នើសុំអោយគាត់ពង្រីកកូតាការងារសម្រាប់ពលករកម្ពុជា ព្រោះឥឡូវនេះ យើងមានប្រមាណជា ៥ ម៉ឺននាក់។ បើប្រៀបធៀបចំនួន(ពលករ)ថៃ វៀតណាម គឺមានចំនួនច្រើនជាងកម្ពុជាឆ្ងាយ។ យើងចង់ពង្រីកអោយមានកម្មកររបស់យើងទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្រៅពីនោះ (ខ្មែរ)ជាមួយកូរ៉េ កូនកាត់មានឡើងដល់ជាង ១ ម៉ឺននាក់ទៅហើយ។ បានខ្ញុំពិភាក្សាជាមួយនឹងប្រធានាធិបតីកូរ៉េ តាំងពីជំនួបបាយគ្នា ហើយនិងនៅក្នុងពេលពិភាក្សាការងារ និងពេលអង្គុយពិភាក្សាគ្នានៅពេលដែលធ្វើវេទិកាធុរកិច្ច ខ្ញុំបានលើកថា ឥឡូវធ្វើម៉េច កូនកាត់(ខ្មែរកូរ៉េ)ជាង ១ ម៉ឺននាក់? ព្រោះស្រ្តីខ្មែរដែលរៀបការជាមួយនឹង(បុរស)កូរ៉េ ប្រមាណ ៨ ពាន់នាក់ … ខ្ញុំបានលើកទស្សនៈថា បើគេនៅប្រទេសកម្ពុជា ត្រូវធ្វើម៉េចអោយគេចេះខ្មែរផងអោយគេចេះកូរ៉េផង។ បើគេនៅកូរ៉េ ត្រូវធ្វើម៉េចអោយគេចេះកូរ៉េផង និងចេះខ្មែរផង។ យើងទៅរារាំងគេម៉េចបាន គេស្រឡាញ់គ្នា ហើយមិនដឹងយ៉ាងម៉េចកូរ៉េចង់បានប្រពន្ធខ្មែរ។

ពង្រីកសមត្ថភាពចូលរួម ក្នុងស្ថាប័នអន្តរជាតិនានា ទាំងស៊ីវិល ទាំងកម្លាំងការពារសន្តិភាព

កាប្រកួតប្រជែង ហើយប្រសិនបើយើងធ្វើការងារកាន់តែបានកាន់តែច្រើន កាន់តែល្អ។ យើងនៅមានតិចតួចណាស់ ដែលយើងចូលទៅក្នុងស្ថាប័នអន្តរជាតិសំខាន់ៗ។ ដូចជាស្ថាប័នអន្តរជាតិ អង្គការសហប្រជាជាតិ ជាយូណេស្កូ ឬស្អីៗ ចូលទៅក្នុងក្របខណ្ឌធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ឬក្របខណ្ឌដទៃទៀត យើងនៅតិចតួចណាស់ នៅក្នុងពេលដែលប្រទេសដទៃ គេមានសមត្ថភាពច្រើនជាង។ ឥឡូវ យើងកំពុងតែប្រជ្រៀតមន្រ្តីយោធារបស់យើង អោយចូលទៅក្នុងក្របខណ្ឌនៃ(ស្ថាប័នអន្តរជាតិ) មិនមែនគ្រាន់តែជាអ្នកប្រតិបត្តិការទេ ប៉ុន្តែ យើងទៅនៅក្នុងទីបញ្ជាការ ក្នុងឋានៈជាសេនាធិការ ឬក៏ក្នុងឋានៈថ្នាក់ដឹកនាំនៃទីកន្លែងនោះ។ បន្ទាប់ពីសោកនាដកម្ម ដែលបានកើតឡើងលើទាហានរបស់យើងនៅឯអាហ្វ្រិកកណ្ដាល ខ្ញុំបានស្នើសុំអោយពង្រឹងសមត្ថភាព របស់នាយសេនាធិការ និងបញ្ជាការរបស់អង្គការសហប្រជាជាតិនៅតាមកន្លែងនានា ព្រោះការរៀបចំកម្លាំងខ្លះ យើងមើលទៅឃើញថា វាចាញ់ប្រៀបគេតែម្ដង។ នេះ វាមិនមែនមកពីទាហានរបស់យើងទេ គឺមកពីសមត្ថភាពរបស់សេនាធិការរបស់អង្គការសហប្រជាជាតិ។

បញ្ចេញប្រាក់ ១៥ លានដុល្លារ បំពាក់រថពាសដែកដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា នៅ ម៉ាលី

… ខ្ញុំសុំបញ្ជាក់ដែរ ឯកឧត្តម ប៉ុល សារឿន ប្រហែលជាបានដឹងហើយ។ អាទិត្យមុននេះ បានចុះហត្ថលេ​ខា​បញ្ចេញប្រាក់ ១៥ លានដុល្លារសហរដ្ឋអាមេរិក ព្រោះអង្គការសហប្រជាជាតិតម្រូវការអោយបំពាក់មធ្យោ​បាយ ដូចជា៖ រថពាសដែកទៅកាន់ប្រទេសម៉ាលី។ ពីមុននេះ កម្ពុជាសុំស្នើអោយអង្គការសហប្រជាជាតិជាអ្នកដោះស្រាយ ប៉ុន្តែឥឡូវហ្នឹង អង្គការសហប្រជាជាតិកំពុងជួបវិបត្តិថវិកាទៀត។ អញ្ចឹង យើងមិនដកកងទ័ពរបស់យើងចេញដោយខ្វះការទទួលខុសត្រូវទេ។ យើងក៏មិនទុកអោយកងទ័ពរបស់យើងដៃទទេដែរ។ ត្រូវមានរថពាសដែកការពារខ្លួន។ អញ្ចឹង បានចុះហត្ថលេខា ដើម្បីបញ្ចេញថវិកា សម្រាប់ការទិញនូវរថពាសដែកបញ្ជូនទៅប្រទេសម៉ាលី។ (យើង)មិនមែនគ្រាន់តែការដោះស្រាយអាវុធយុទ្ធភណ្ឌនៅ​ក្នុងប្រ​ទេសរបស់យើងមួយទេ ក៏ប៉ុន្តែឥឡូវហ្នឹង អង្គការសហប្រជាជាតិមានតម្រូវការ ហើយយើងត្រូវចូលរួមផងដែរ ជាមួយនឹងប្រតិបត្តិការបែបនេះ។

ការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព បញ្ជាក់ពីតួនាទី និងសមត្ថភាពកងទ័ពកម្ពុជា

នៅពេលខាងមុខនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងទៅប្រជុំនៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសដែលបាន​បរិច្ចាគកម្លាំងទៅក្នុងប្រតិបត្តិការរក្សាសន្ដិភាព។ គ្រាន់តែចំណុចមួយនេះ អាចបង្ហាញថា កម្ពុជាបានចូលរួមនៅក្នុងការរក្សាសន្ដិភាពពិភពលោក ហើយដែលសមត្ថភាពរបស់ទាហានកម្ពុជាមាន មិនអន់នោះទេ​។ កន្លងទៅ យើងទើបទទួល(ទាហាន)វិលពីលីបង់។ ធម្មតាគឺមានការផ្លាស់ប្ដូរវេនគ្នាយ៉ាងដូច្នេះ។ អញ្ចឹង ចំណុចនេះ បានបង្ហាញអោយឃើញថា កម្ពុជាមិនមែនគ្រាន់តែដោះស្រាយបញ្ហាផ្ទាល់ខ្លួនទេ។ យើងត្រូវមានការរួមចំណែក (ក្នុងកាតព្វកិច្ចអន្តរជាតិ) ហើយយើងក៏ត្រូវការធ្វើការប្រកួតប្រជែងទៅលើបញ្ហាសមត្ថភាព ដើម្បីដោះស្រាយរកការងារធ្វើ។

កម្ពុជាជាប់ជាប្រធានសហព័ន្ធបាល់ទាត់អាស៊ាន

សម្រាប់ប្រទេសនានា ក៏គេមានតម្រូវការដែរ។ ឥឡូវតាមដឹង ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន បានធ្លាក់មកកម្ពុជា។ ឯកឧត្តម សៅ សុខា រាយការណ៍អោយខ្ញុំ។ គេបោះឆ្នោតនៅសៀមរាប។ ឯបេក្ខជនមានពីរ៖ បេក្ខជនទី ១ គឺស្ដេចរបស់ម៉ាឡេស៊ី និងបេក្ខជនទី ២ គឺអនុប្រធានសហព័ន្ធបាល់ទាត់របស់កម្ពុជា … ដល់ទៅមានបេក្ខជនកម្ពុជាប្រកួតប្រជែង ស្ដេចម៉ាឡេស៊ីដកខ្លួនចេញ។​ អញ្ចឹង បេក្ខជនកម្ពុជាជាប់ដោយស្វ័យ​ប្រវត្តិ ទៅជាប្រធានសហព័ន្ធបាល់ទាត់អាស៊ាន។ ប៉ុន្តែ បើទោះបីប្រកួតប្រជែង ក៏កម្ពុជាមានលទ្ធភាព ដើម្បី​នឹងប្រមូលមិត្តភក្ដិគាំទ្រខ្លួនដែរ …។

ពិការរូបកាយ តែចិត្តអត់ពិការ

ខ្ញុំក៏សុំយកឱកាសនេះ ជាមួយការកោតសរសើរដល់វឌ្ឍនភាពនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏សុំកោតសរសើរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំងនារី ទាំងបុរស ហើយមានទាំងជនពិការផង។ មានប៉ុន្មាននាក់ទៅ(ជ័យលាភី)ពិការ? មាន ៦ នាក់។ ត្រូវចាំកូនៗ ចាំអោយច្បាស់ បើយើងមានស្ថានភាពអញ្ចឹង យើងពិការតែរូបកាយទេ តែចិត្តរបស់យើងអត់ពិការទេ ត្រូវចាំ។ ពុកខ្លួនឯងផ្ទាល់ជាជនពិការម្នាក់ ប៉ុន្តែពុកងើបឈរឡើង មិនមែនគ្រាន់តែដើម្បីរស់ខ្លួនឯងទេ តែពុកបានធ្វើកិច្ចការសម្រាប់ប្រទេសមួយនេះ អោយរស់តាំងពីវាលពិឃាតមួយ វាយទាល់តែរលំ។ ខ្លះជេរពុកសុទ្ធតែអាខ្វាក់។ ប៉ុន្តែ ទំ​នាយអ្នកឯងត្រូវរន្ទះបាញ់ ព្រោះអ្នកឯងនៅតែប៉ុណ្ណឹង។ យើងពិការខ្លួនបាន តែកុំពិការផ្លូវចិត្ត។ ងើបឈរឡើងក្លាយខ្លួនទៅជាអ្នកខ្លាំង ហើយដែលគេមានតម្រូវការ។ សុំការយោគយល់អធ្យាស្រ័យពីអ្នកដទៃ សម្រាប់ជនពិការ ប៉ុន្តែជនពិការខ្លួនឯងក៏ត្រូវតែងើបឈរប្រឹងប្រែងខ្លួនឯងដែរ។ ចំណុចនេះក៏ជាមោទនភាពមួយ ចែកសញ្ញាបត្រថ្ងៃមុនដូចជា(មានជនពិការ) ៤ នាក់ដែរ ថ្ងៃនេះ ៦ នាក់ ល្អណាស់ បន្តទៀត រៀនទៀត ដំណើរការតទៅទៀត។

កុនរឿង ប៉ាវចិន មានអត្ថន័យរួមចំណែក កែទម្រង់តុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គម

សម្រាប់ជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក្លាយទៅជាធនធានមនុស្សរបស់ប្រទេសជាតិ ដែលត្រូវរួមដំណើរជាមួយគ្នា ដើម្បីកសាងអនាគតពីខ្លួនយើងផង និងសម្រាប់ប្រទេសជាតិរបស់យើងផង។ យើងកម្រឃើញបញ្ញវន្តដេកដាច់ពោះស្លាប់ ដែលអត់បាយ​ ដែលមិនចេះរកស៊ី។ យ៉ាងណាក៏ដោយមានការច្នៃប្រឌិតទៅលើរឿងនេះ។ ម្សិលមិញគាប់ជួនមានរឿងអញ្ចេះ ខ្ញុំមើលអា Fresh News … បានបញ្ចាំងរឿងប៉ាវចិន។ ខ្ញុំថាល្អណាស់ ចាប់ពីពេលនេះទៅ បើទូរទស្សន៍ណាមុនពេលសម្រាក បញ្ចាំងរឿងប៉ាវចិនមួយភាគ គឺល្អមែនទែន ព្រោះយើងចង់ធ្វើការកែទម្រង់តុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមអោយបាន។ មានតែដាក់កុនប៉ាវចិនអោយមើលតែម្តង។ ឯណាតាមដានព័ត៌មានការបោះឆ្នោតនៅប្រ​ទេស​ថៃផង ប៉ុន្តែក៏ឆ្លៀតមើលកុនហ្នឹងដែរ តាមប៉ុស្តិ៍ទូរទស្សន៍ Fresh News។ ហ្នឹងវាបានបង្ហាញអំពីបុរស ពេលដែលក្រីក្រស្រឡាញ់ណាស់ប្រពន្ធ/កូន។ ប្រពន្ធ និងកូន ឪពុកម្តាយ បានប្រឹងប្រែងអោយខ្លួនមកប្រឡង។ មកដល់មកបន្លំខ្លួនថាខ្លួននៅកំលោះ ក៏ក្លាយទៅជាព្រះរាជសុនិសា បានសេចក្តីថា កូនប្រសារស្តេច។ ដល់ពេលប្រពន្ធមកតាម អោយមនុស្សទៅរកសម្លាប់ប្រពន្ធ និងកូនចោល។ អញ្ចឹង សង្ឃឹមថា បុរសទាំងឡាយមិនក្បត់សង្សារទេ។

ស្រឡាញ់គ្នាក្នុងគ្រាក្រ មិត្តល្អស្គាល់គ្នាក្នុងគ្រាលំបាក

មានរឿងមួយទៀត មិនដឹងថាផលិតកម្មហ្នឹងជាផលិតកម្មណា តែក៏បញ្ចាំងតាមប៉ុស្តិ៍ Fresh News ដែរ មានចម្រៀងមួយ ខ្ញុំមើលដល់ទៅ ២ ដង ហ្នឹង ខេមរៈ សិរីមន្ត ជាអ្នកច្រៀង ជាអ្នកដើរតួ។ ឯខាងស្រីដូចជា ទី មុនីនាថ ចៅរបស់ ទី ជាហួត អ្នកនិពន្ធនៅវិទ្យុជាតិកាលពីដើម។ បានសេចក្តីថា តួអង្គបុរសជានិស្សិតមហាវិទ្យាល័យ ប៉ុន្តែ គ្នាក្រីក្រ រស់នៅជាមួយនឹងម្តាយក្នុងផ្ទះកម្មករកាត់ដេរ ជាប់នឹងផ្ទះជាមួយតួអង្គស្រី ដែលគ្នានោះតែងតែផ្តល់លុយកាក់ សម្រាប់ផ្គត់ផ្គង់អោយនិស្សិតនេះ។ គ្នាជាកម្មករកាត់ដេរទេ ដល់ទៅពេលនៅក្នុងសាលានោះ មានស្ត្រីម្នាក់ទៀតជានិស្សិតដែរ ដែលជាកូនអ្នកមាន គេមានឡានដឹកអីអញ្ចឹង​ទៅ។ ទៅដល់សាលាអីសប្បាយអីអញ្ចឹងទៅ ប៉ុន្តែ ក៏នៅតែទំនាក់ទំនងគ្នា។ ដល់ថ្ងៃទទួលសញ្ញាបត្រ គឺជាថ្ងៃដែលគ្នាឈឺចាប់ ប្រហែលជាអ្នកបានឃើញហើយ ព្រោះខ្ញុំមិនសូវធ្លាប់មើលអានេះ​ចឹងទេ ប៉ុន្តែ តាំងពី Fresh News កើតមក មានទូរទស្សន៍ដាក់តាមខ្សែកាប ព្រោះអាហ្នឹងព័ត៌មានច្រើន វាដាក់ចម្រៀងផង ដាក់ស្អីៗ ២៤ ម៉ោងលើ ២៤ ម៉ោងរបស់វា។

ថ្ងៃដែលទទួលសញ្ញាបត្រនោះ ជាថ្ងៃដែលខាងស្រីជាកម្មករនេះ គ្នាក៏យកផ្កាទៅ។ ខាងនោះគេកំពុងថតជាមួយស្រីម្នាក់ទៀត។ ដល់ឃើញ(ខាង)នេះ(ក៏)មកទទួលយកផ្កា ប៉ុន្តែទៅទម្លាក់ក្នុងធុងសំរាម។ អញ្ចឹង នាងជាកម្មករនេះ ក៏ទៅស្រុកកំណើត ទៅឈឺនៅស្រុកកំណើតនោះ។ មួយឆ្នាំក្រោយ នាងដែលជាកូនអ្នកមាន នាងមានសង្សារថ្មីទៅ។ បានខ្លួនឯងភ្ញាក់រលឹកទៅរកឯណោះ។ កុំបុរសកុំធ្វើធុនហ្នឹង។ ចេញពីកម្សត់កំរនេះហើយ ដែលត្រូវមើលឃើញ។ ស្រឡាញ់គ្នាក្នុងគ្រាក្រ មិត្តល្អស្គាល់គ្នាក្នុងគ្រាលំបាកនេះហើយ។ អានេះខ្ញុំគ្រាន់តែគិតថា អ្នកនិពន្ធ និងដឹកនាំរឿងអាហ្នឹង (រួមចំណែក)ជាផ្នែកមួយនៃការអប់រំដែរ។ យប់មិញទទួលមើលអានោះពីព្រឹកម្តង ល្ងាចម្តងទៀត ដល់យប់បានមើលរឿងប្តីប្រពន្ធនៅស្រុកស្រែមកប្រឡង រួចហើយដល់ប្រឡងចប់ បន្លំខ្លួនធ្វើជាកំលោះ យកបានធ្វើកូនប្រសារស្តេច។ មិនមែនបុរសទាំងអស់ទេ​ …៕

មេប៉េអឹមខេត្តក្រចេះ ត្រូវបញ្ចុះបញ្ចូលកូនអោយចូលខ្លួនតាមការកោះហៅនៃព្រះរាជអាជ្ញាខេត្តកំពង់ចាម

ការកែទម្រង់តុលាការ និងការរកយុត្តិធម៌សម្រាប់សង្គម តម្រូវអោយនាំគ្នាស្រាវជ្រាវការបំបែករឿងក្តី ដែលវាគិតថាប៉ុណ្ណាក៏កាត់ដែរ។ ប៉ាវចិនមានក្បាលសម្រាប់កាត់ក ៣ ក្បាលឆ្កែ សម្រាប់កាត់ពួកចោរប្លន់។ ក្បាលខ្លា សម្រាប់កាត់កមន្ត្រី។ ក្បាលនាគ សម្រាប់កាត់រាជវង្ស។ កាត់ទាំងអស់។ បន្តិចទៀតឃើញហើយ ព្រោះមានកូនប៉េអឹមណាមួយ ដកកាំភ្លើងភ្ជង់គេនៅកំពង់ចាម។ ឥឡូវ តុលាការកំពង់ចាម(កោះ)ហៅ។ ផ្តាំទៅមេប៉េអឹមខេត្តក្រចេះផង បញ្ចុះបញ្ចូលកូនអោយមកតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាមមក វាអត់ទាន់មានរឿងអីទេ។ បើសិនស្រឡាញ់កូនពេក អ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ។ ខ្ញុំគ្រាន់តែដោះស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង។ ខ្ញុំផ្តាំទៅមេប៉េអឹមខេត្តក្រចេះ អាកូនបានកាំភ្លើងមកពីណា? តើវាមានសិទ្ធិកាន់កាំភ្លើងទេ? បើជាប់គុកអោយជាប់គុកសិនទៅ។ បើមានរឿងត្រូវសម្រុះសម្រួល អោយវាមក មិនត្រូវគេចខ្លួន។ កុំយកឋានៈតួនាទីទៅបិទបាំងអំពើអាក្រក់របស់កូន។ វាមានរឿងស្អីកើតឡើង គេកោះហៅត្រូវតែមក។

ប្រតិបត្តិការប្រដាប់អាវុធ កាត់សេចក្តីដោយប្រដាប់អាវុធ មិនមែនជាជម្រើសល្អទេ

រឿងអាណោចអាធមមួយ បើទោះបីថាវាយ៉ាងម៉េចក៏ដោយ ខ្ញុំសុំចូលរួមមរណទុក្ខជាមួយនឹងដែលគេចោទថា ជាចោរលួចឡាន។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាអោយចាប់បាន ១ នាក់ហើយ នៅសល់ម្នាក់ទៀត។ បើទោះបីវាជាចោរមែនក៏ដោយ ប៉ុន្តែនៅពេលដែលយើងតាមវាជាប់ហើយ ត្រូវចាប់វា។ អត់ត្រូវបាញ់អញ្ចឹងទេ។ ហេតុអីបានទៅដល់ថ្នាក់ប៉ុណ្ណឹង? មិនយល់ទេ។ ឥឡូវ ចាប់បានមួយហើយ។ នៅសល់មួយទៀត។ រឿងអស់នេះត្រូវប្រយ័ត្នប្រយែង។ ប្រតិបត្តិការប្រដាប់អាវុធ។ កាត់សេចក្ដីដោយអាវុធ មិនមែនជាជម្រើសល្អទេ។ ទីចុងបំផុត បន្ទាប់ពីការបាញ់ស្លាប់ហើយនោះ វាមានអាវុធឯណាវា មនុស្សអត់មានអាវុធផងហ្នឹង ហើយតាមអ្នកដែលនៅរស់ លឺថាគ្នាលើកដៃសំពះ។ ប៉ុន្តែ ផ្ទុយទៅវិញបាញ់គ្នាអស់ប៉ុន្មានគ្រាប់។ អំពើអស់ទាំងនេះ ជាអំពើដែលត្រូវដាស់តឿន។ គ្នាអត់ទាំងមានកាំភ្លើងអី ដើម្បីនឹងត្រូវការពារខ្លួនផង ហើយខ្លួនធ្វើរបៀបអញ្ចឹង? អ្នកព្រៃវែង ប៉ុន្តែមករស់(នៅក្នុង)ខណ្ឌសែនសុខ។ ដូចជាមេការសំណង់។ ចោទគ្នាថាលួចឡាន។ រួចហើយបាញ់គ្នា។ បាញ់គ្នា ២ នាក់ ហើយដូចជាកូនមេប៉ូលីសម្នាក់ផង ហើយមេប៉ូលីសហ្នឹងត្រូវតែតាមរកកូនអោយឃើញ។ បើមិនអញ្ចឹងទៅទាំងមេប៉ូលីសហ្នឹង។ មិនថាអ្នកឯងចេះប៉ុណ្ណា អំណាចប៉ុណ្ណា ក៏ប៉ុន្តែ ធាតុជាមនុស្សត្រូវតែមាន។ មនុស្សមិនមែនគ្រាន់តែជាមនុស្សធម្មតាទេ ត្រូវមានគុណធម៌ និងសីលធម៌ផង។ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងប្រឹងប្រែង ដើម្បីឈានឡើងបន្ថែមទៀត ពង្រឹងសមត្ថភាព ដើម្បីដើរអោយទាន់នូវសភាពការណ៍។

ទាញយកផល និងទប់ស្កាត់ ផលវិបាកចេញពីបដិវត្តន៍ឧស្សាហកម្មទី ៤

ថ្ងៃស្អែកនេះ ខ្ញុំព្រះករុណាខ្ញុំ នឹងចូលរួមជាមួយនឹងសន្និសីទប្រចាំឆ្នាំ នៃវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កម្ពុជា CDRI អំពីបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលយើងត្រូវទាញយកផលពីអាហ្នឹងយ៉ាងម៉េច ហើយទប់ស្កាត់នូវផលវិបាកដែលចេញពីបដិវត្តន៍ឧស្សាហកម្មទី ៤ ព្រោះអានេះចេញមកវាល្អហើយ ប៉ុន្តែ បើវាម្នាក់ឯង វាដោះស្រាយការងារធ្វើជំនួសអោយមនុស្សមួយគគោកហើយ។ មនុស្សមួយគគោក(ទៀតតើគ្នា)ទៅបានការងារអី? ឧទាហរណ៍៖ ប្រើសុទ្ធមនុស្សយន្តអស់ហើយ អញ្ចឹង មនុស្សមែនទែនមានការងារឯណាធ្វើ? នេះជាបញ្ហា។ ស្អែកនេះ តាមដឹងគេដាក់អោយមនុស្សយន្តនិយាយតជាមួយខ្ញុំ។ តាមដែលគេជូនដំ​ណឹងមក គេស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន មកចូលរួមប្រជុំ គេអោយមនុស្សយន្តនិយាយ ចាំមើលស្អែកស្ដាប់គេមើល។ បើវានិយាយជំនួសយើងបានទៀត អាហ្នឹងស្រួលណាស់ថ្ងៃក្រោយ បើប្ដីប្រពន្ធមិនសូវត្រូវគ្នា គឺប្រើមនុស្សយន្ត។

២០ ឆ្នាំហើយ ដូចជាកាសែតរស្មីកម្ពុជាសរសេរ ព្រោះកាសែតរស្មីកម្ពុជាឧស្សាហ៍សរសេរអត្ថបទស្អីៗហ្នឹង​។ ប្ដី និងប្រពន្ធ អត់សូវត្រូវគ្នាទេ។ អញ្ចឹង ប្ដីក៏សរសេរលិខិតបន្តិច ទៅដាក់នៅក្បែរប្រពន្ធ ថាម៉ោងប៉ុននេះហៅបងផង បងទៅធ្វើការ។ គេអត់ព្រមប្រាប់ប្រពន្ធទេ។ គេសរសេរសំបុត្រ។ ដល់អញ្ចឹង ប្រពន្ធអត់មានទៅហៅ​ទេ គាត់សរសេរថា សូមបងក្រោកឡើងដល់ម៉ោងហើយ។ បើឯងសេសេរសំបុត្រដាក់ហ្នឹង អញ្ចឹង ក៏សរសេរសំបុត្រដាក់វិញ។ ឯងភ្ញាក់មិនភ្ញាក់ហីទៅ។ អញ្ចឹង បើបានមនុស្សយន្ត សារ៉េដាក់ប្រើបាន។ នេះវាគ្រាន់តែរឿងនិយាយលេងទេ ក៏ប៉ុន្តែ ទាក់ទៅនឹងការគិតគូរខ្លះក្នុងសង្គមរបស់យើង។ ឧទាហរណ៍៖ បញ្ហាអយុត្តិធម៌ខ្លះ ដែលមិនគួអោយកើត ហើយវាចេះកើតទៅរួច ដូចអារឿងបាញ់នេះ។ បើសិនជាទាក់ទងជា​មួយនឹងគ្រឿងញៀនវិញ ការបាញ់សម្លាប់នេះ ស្មើនឹងការបាញ់បំបាត់ភស្តុតាង។ នៅប្រទេសខ្លះ សង្គ្រាមគ្រឿងញៀនសម្បូរបែប។ ប៉ុន្តែ ជួនកាលសម្លាប់ផ្ដាច់អញ្ចឹង គឺខ្សែរយៈរវាងប៉ូលីស ឬក៏ទាហាន ឬក៏មន្ត្រី ជាមួយក្រុមគ្រឿងញៀន។ ត្រូវកាត់ផ្ដាច់ដោយការសម្លាប់ អានេះបំបិទមាត់បាត់ទៅហើយ …។

រឿងទី ១៖ អាជ្ញាធរបែងចែក រវាងបាន និងមិនបានទទួលនីតិសម្បទាយោបាយ

ក្រៅពីបញ្ហាទាក់ទងនឹងវិស័យអប់រំ ខ្ញុំព្រះករុណាខ្ញុំ មានបញ្ហា ២-៣ ដើម្បីថ្លែងទៅកាន់ជនរួមជាតិ ក៏ដូចជាសមត្ថកិច្ចរបស់យើងគ្រប់ជាន់ថ្នាក់ ដើម្បីបន្តធ្វើកិច្ចការ និងដំណើរការក្នុងរដ្ឋបាលសាធារណៈ នៅក្នុងសង្គមប្រជាធិបតេយ្យរបស់យើង​។

ទី ១. ទាក់ទងជាមួយនឹងនយោបាយ ដែលកាលមកពីថ្ងៃមុននៅទីនេះ ហើយនិងនៅកន្លែងដទៃ ខ្ញុំព្រះករុណាខ្ញុំបាននិយាយ អំពីបញ្ហាលក់ក្បាល ហ៊ុន សែន ទិញ ១០ ម៉ឺន(ដុល្លារ) ទៅ ២០ ម៉ឺន(ដុល្លារ)/ម្នាក់ … គេថា ហ៊ុន សែន អាងអីអាងបំបែក។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានតបត្រឡប់ទៅវិញថា បើអ្នកឯងយល់ថាគេបំបែក ហើយអ្នកឯងបែក គឺអ្នកឯងអន់បំផុតហើយ។ គឺបានផ្ដល់សារហ្នឹងរួចរាល់ហើយ ព្រោះធ្វើមេដឹកនាំគេ ទុកអោយគណបក្សនយោបាយខ្លួន ឬទុកអោយអង្គការចាត់តាំងមួយរបស់ខ្លួន កុំថាឡើយបក្សនយោ​បាយ ត្រឹមតែសមាគមមួយ ទុកអោយគេបំបែកបាន មេដឹកនាំវាអន់បំផុតហើយ។ ប្ដីប្រពន្ធ ២ នាក់ បើទុកអោយអ្នកដទៃបំបែកបានគឺអន់បំផុតហើយប្ដីប្រពន្ធហ្នឹងនោះ មិនចាំបាច់អ្នកក្រៅទេ សូម្បីម្ដាយ/ឪពុកក្មេក បង/ប្អូនថ្លៃបំបែក។ តែយើងកុំបែក អាហ្នឹងបានយើងខ្លាំង។ អញ្ចឹងអ្នកណា(ក៏ដោយ) ចាប់ពីនេះទៅអោយតែនិយាយថា ហ៊ុន សែន បំបែក, គណបក្សប្រជាជន បំបែកគេ អ្នកហ្នឹងគឺជាអ្នកអន់បំផុត។ មិនចាំបាច់យកខ្លួនបៀតទេ។ អត់ចេះទទួលខុសត្រូវ  សម្របសម្រួលផ្ទៃក្នុង​របៀបម៉េច? ធ្វើរបៀបម៉េច? តែរឿងនេះបាននិយាយរួចហើយ។

តែថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានប្រធានបទទាក់ទិនជាមួយនឹងបញ្ហា ស្នើសុំអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបែងចែកអោយច្បាស់ រវាងអ្នកដែលបានទទួលនីតិសម្បទាខាងនយោបាយ និងអ្នកដែលមិនទាន់បានទទួលនីតិសម្បទាខាងនយោបាយ។ អ្នកដែលបានទទួលនីតិសម្បទាខាងនយោបាយហើយ ត្រូវតែមានសិទ្ធិធ្វើនយោបាយពេញលេញ។ បើសុំធ្វើនីតិសម្បទានយោបាយហើយ នៅតែរាំងស្កាត់មិនអោយធ្វើនយោបាយ អញ្ចឹង ចាំបាច់សុំសិទ្ធិមកធ្វើអី? អាហ្នឹងវាមិនត្រូវ។ យើងមានគណបក្សច្រើនណាស់ ដែលកំ​ពុងធ្វើសកម្មភាពក្នុងប្រទេសរបស់យើង។ ខ្ញុំមានការលើកទឹកចិត្ត ដោយឃើញថាគណបក្សនយោ​បាយមួយចំនួន បានចុះឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភា។ ទាំងគណបក្សនយោបាយដែលចូលរួមនៅក្នុងក្រុមឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ ទាំងគណបក្សដែលមិនចូលរួម គឺសុទ្ធតែបានត្រៀមខ្លួនតាំងពីឥឡូវ ដើម្បីចូលរួមការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ ២០២២។ យើងត្រូវដឹងថា មានបក្សនយោបាយមួយដែលបានរំលាយ ហើយមានមនុស្សមួយចំនួន (១១៨ នាក់) ត្រូវបានហាមឃាត់សិទ្ធិនយោបាយរយៈពេល ៥ ឆ្នាំ។ ប៉ុន្តែ យើងបានធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនោះ ដើម្បីបើកច្រកអោយស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនការកំណត់នៃសាលដីកាតុលាការកំពូលរយៈពេល ៥ ឆ្នាំ តាមរយៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃមកនាយករដ្ឋមន្ត្រី ថ្វាយព្រះមហាក្សត្រ ដើម្បីទទួលបានសិទ្ធិនយោបាយឡើងវិញ។

  • សូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់ទីកន្លែងទាំងអស់ សម្រួលអោយអ្នកដែលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានឱកាសធ្វើនយោបាយពិតប្រាកដ។

តាមរយៈការជួបជុំនៃអ្នកគាំទ្រ ឬតាមមធ្យោបាយផ្សេងទៀត។ ឧទាហរណ៍៖ គេត្រូវជួលនូវបណ្តាញ​ផ្សព្វ​ផ្សាយ ឬគេបង្កើតនូវបណ្តាញផ្សព្វផ្សាយខ្លួនឯងជាអនឡាញ ជាហ្វេសប៊ុក ជាស្អីៗរបស់គេ​។ អាហ្នឹងរឿងគេបានទទួលសិទ្ធិនយោបាយ។ ល្អមើលដែរ ឯកឧត្តម រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្តខេត្តស្វាយរៀង។ គាត់មកដល់ពោធិ៍ចិនតុង គាត់បង្ហោះមួយទៅកន្លែងណាទេ … ម្សិលមិញ ស្វាយ ស៊ីថា គាត់ផ្ញើអោយ ព្រោះខ្ញុំមិនសូវបើកមើលទេរឿងហ្វេសប៊ុកអ្នកណា​ៗ។

លោក រៀល ខេមរិន្ទ្រ គាត់បានសិទ្ធិធ្វើនយោបាយហើយ គាត់សរសេរអញ្ចេះថា “មកដល់ស្រុកខ្មែរហើយមិនលក់ក្បាលលក់កន្ទុយអីទេ។ តេជោ សែន ក៏លោកបានបញ្ជាក់ហើយដែរ មិនត្រូវការទិញក្បាលខ្ញុំយកទៅធ្វើអីនោះទេ​ ព្រោះធនធានមនុស្ស CPP មានគ្រប់គ្រាន់។ ឯក្បាលខ្ញុំក៏មិនសម្រាប់ដាក់លក់ដែរ។ មកដល់ពោធិ៍ចិនតុងគ្មាននរណាមកទទួលអីទេ ព្រោះមិនបានប្រាប់នរណា។ ជិះរឺម៉កម៉ូតូកង់បីក្តៅណាស់ តែចិត្តត្រជាក់ៗ​ សប្បាយៗ ព្រោះបែកមាតុភូមិជាទីស្នេហាយូរហើយ។ អរគុណបងប្អូនកូនក្មួយទាំងអស់ ទាំងស្អប់ ទាំងអ្នកនៅតែស្រឡាញ់ ដែលបានជេរ និងមិនបានជេរ។ ជីវិតគឺអញ្ចឹងហើយ។ មានតែព្រះទេលោកដឹង”។ អានអោយលោក រៀល ខេមរិន្ទ្រ ស្តាប់ខ្លួនឯងវិញចុះ។ ម៉្យាងដែរតើ។ ហ្នឹងបានសេចក្តីថា គាត់មានសិទ្ធិពេញលេញហើយ។ គាត់ចង់ទៅជួបអ្នកគាំទ្រគាត់កន្លែងណា​ គឺជាភារកិច្ចរបស់គាត់។ នេះជាដំណើរការលទ្ធិប្រជាធិតេយ្យរបស់ប្រទេសយើង។ ឯអ្នកសុំសិទ្ធិនយោបាយដទៃទៀតដូចជា៖ ឯកឧត្តម គង់ គាំ​, គង់​ បូរ៉ា គាត់មានសិទ្ធិហើយ។

  • មិនត្រូវធ្វើសកម្មភាពតាមរូបភាពបក្សដែលស្លាប់ហើយទេ

ថ្ងៃនេះ តាមដឹងដូចជាមួយក្រុមមួយទៀត ដែលទទួលសិទ្ធិធ្វើនយោបាយ គេនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ អញ្ចឹងទេ គេមានសិទ្ធិធ្វើនយោបាយ (ឬ)ជួបជុំអ្នកគាំទ្រ។ សូមបញ្ជាក់អាបក្សមួយដែលស្លាប់ទៅហើយ គេមិនត្រូវធ្វើសកម្មភាពតាមរូបភាពបក្សនេះទេ​។ អត់បានទេ។ ប៉ុន្តែ គេអាចជួបជាមួយនឹងអតីតអ្នកគាំទ្របក្សហ្នឹង ក្នុងទម្រង់ណាមួយ (នោះជា)រឿងរបស់គេ។ ប៉ុន្តែ ទម្រង់អាងាប់ទៅហើយនេះ វា(អត់)រស់ឡើងវិញទេ។ គេមានសិទ្ធិជួលវិទ្យុផ្សាយសម្លេង ឬអាចមានទាំងទូរទស្សន៍ទៀតផង។​​ ទូរទស្សន៍សម័យឥឡូវនេះ គេបង្កើតតាមហ្វេសប៊ុក គេផ្សព្វផ្សាយអាហ្នឹងជារឿងរបស់គេ។ ជាមធ្យោបាយរបស់គេ។ គេមានហ្វេសប៊ុកផេករបស់គេ។​ ជួនកាលគេបង្កើតបានអាទូរទស្សន៍អនឡាញអីរបស់គេ។​ អញ្ចឹង សូមបង្កលក្ខណៈលើបញ្ហានេះ។

  • អ្នកមិនបានទទួលនីតិសម្បទាខាងនយោបាយ ហើយធ្វើសកម្មភាព គឺខុសច្បាប់

ក៏សូមជម្រាបដែរ អ្នកដែលមិនបានទទួលនីតិសម្បទាខាងនយោបាយទេ អ្នកឯងធ្វើសកម្មភាព គឺខុសច្បាប់។ ខ្ញុំត្រូវតែចាត់ការអ្នកឯងហើយ។ ចែកអោយដាច់ពីគ្នា មួយអ្នកបានទទួលសិទ្ធិធ្វើនយោបាយ មួយទៀតអ្នកដែលមិនបានទទួលសិទ្ធិធ្វើនយោបាយ តាមសាលដីការតុលាការកំពូល អ្នកអត់មានសិទ្ធិទេ។ បើអ្នកទៅធ្វើចលនាខុសច្បាប់ និងបក្សខុសច្បាប់ អាហ្នឹងទោសកាន់តែធ្ងន់ធ្ងរ គឺការប្រឆាំងនឹងសាលដីកាតុលា​ការកំពូល។ អញ្ចឹងទេ យើងបើកច្រក។ បើអ្នកឯងមិនចូលទេ គឺអ្នកឯងត្រូវរង់ចាំដល់ខែវិច្ឆិកា ឆ្នាំ ២០២២ បានអ្នកឯងមានសិទ្ធិ។ ហ្នឹង គឺជាការអំពាវនាវ ហើយជម្រាបទៅគ្រប់មូលដ្នានទាំងអស់។ យើងបានដឹងហើយអ្នកណាបានសុំសិទ្ធិធ្វើនយោបាយ។ អ្នកខ្លះសុំសិទ្ធិធ្វើនយោបាយ តែមិនធ្វើនយោបាយតទៅទៀត គ្រាន់តែគេថា អោយវាចប់រឿងទៅ ដើម្បីគេទៅរកស៊ីស្រួល។ ហ្នឹងរឿងរបស់គេទៅ។ គេទៅរកស៊ីទៅ។ អ្នកណាគេធ្វើនយោបាយគេធ្វើទៅ …។

  • ស្តង់ដារទ្វេ៖ តើគេចង់អោយកម្ពុជា ធ្វើតាមប្រទេសថៃ ឬមីយ៉ាន់ម៉ា ឬ?

សូមកុំភាន់ច្រឡំ កម្ពុជាបានរំលាយគណបក្សនយោបាយមួយ ដែលធ្វើខុសច្បាប់មុនពេលបោះឆ្នោតមួយឆ្នាំ។ ប៉ុន្តែ នៅប្រទេសថៃ ដែលកំពុងបោះឆ្នោតពីម្សិល ឥឡូវ ហ្នឹងមកដល់ពេលនេះ គណៈកម្មការបោះឆ្នោតមិនទាន់បានប្រកាសនៅឡើយទេ។ អ្នកណានាំមុខ​ អ្នកណានាំក្រោយអី។ ប៉ុន្តែ នៅប្រទេសថៃ គេរំលាយគណបក្សនយោបាយក្នុងពេលយុទ្ធនាការបោះឆ្នោតតែម្តង។ អ្នកឯងគិតយ៉ាងម៉េច? ប្រទេសដទៃគិតយ៉ាងម៉េច? តើនៅលើលោកីយ៍នេះ វាមានប៉ុន្មានស្តង់ដាទៅ? Single ស្តង់ដា Double ស្តង់ដា ឬ Triple ស្តង់ដា? អ្នកឯងគិតមើលទៅ។ ខ្ញុំមិនមែនជ្រៀតជ្រែកចូលកិច្ចការប្រទេសខ្លះ(ទេ) ប៉ុន្តែខ្ញុំបាននិយាយទៅកាន់មនុស្សមួយចំនួនថា តើអ្នកឯងចង់អោយខ្ញុំធ្វើដូចប្រទេសមីយ៉ាន់ម៉ា ឬប្រទេសថៃ ឬយ៉ាងម៉េច? ប្រទេសមីយ៉ាន់ម៉ា គឺគេដាក់កូតាហើយស្រេចសម្រាប់ពួកទាហាន ២៥%។ ខ្ញុំក៏អាចធ្វើបានដែរ។ កែរដ្ឋធម្មនុញ្ញ ដាក់ថា បោះឆ្នោតខាងមុខ កូតាទាហានដាក់ចូល ២៥%។ ឯនៅប្រទេសថៃ គេដាក់អោយសមាជិកព្រឹទ្ធសភា ២៥០ នាក់ មានសិទ្ធិចូលរួមបោះឆ្នោតជាមួយនឹងសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ ប្រទេសមួយវាមានបរិបទរបស់វាមួយ។

  • កង្វល់របស់គេ(បរទេស) មិនមែនជាច្បាប់តម្រូវអោយ(កម្ពុជា)អនុវត្តទេ

បានពីម្សិលមិញ បន្ទាប់ពីការអានរបាយការណ៍របស់ ឯកឧត្តម ប្រាក់ សុខុន ហើយ បានចារថា បានឃើញ រួចហើយខាងក្រោមដាក់អក្សររៀងធំៗបន្តិច “កង្វល់របស់គេ មិនមែនជាច្បាប់តម្រូវអោយយើងអនុវត្តទេ។ ប្រទេសខ្លះមកកង្វល់ពីកម្ពុជាលើបញ្ហានេះ/នោះ តែរឿងកង្វល់របស់អ្នកឯង តើអ្នកឯងមានបានស្តាប់អំពីកង្វល់របស់ប្រទេសខ្ញុំទេ? តើប្រទេសខ្ញុំវាត្រូវការអី? កុំយកអាស្អីនេះមកគំរាមអញ្ចេះ/អញ្ចុះ”។ ឥឡូវតើគេធ្វើយ៉ាងម៉េច? ម្សិលមិញខ្ញុំជួបជាមួយនឹងបងស្រី អេវា (មីស្លីវិច) ដែលគាត់មកនៅជាមួយយើងតាំងពីឆ្នាំ ១៩៧៩ ហើយគាត់ចេញពីយើងគាត់ទៅប្រទេសម៉ាលីវិញ។ មុនមកកម្ពុជាគាត់ធ្វើការនៅម៉ាលី។ ប៉ុន្តែ រដ្ឋប្រហារចុះ/ឡើង គេបណ្តេញគាត់ចេញ។ ឥឡូវ គាត់ទៅម៉ាលី គាត់កសាងបានសាលាមួយ ដោយខ្ញុំបានរួមវិភាគទាន ឈ្មោះថា អនុវិទ្យាល័យ ហ៊ុន សែន។ នៅបាម៉ាកូ។ ឥឡូវ វិទ្យាល័យនោះត្រូវគេបិទបាត់​ទៅទៀត ព្រោះអញ្ចេះ បិទហ្នឹងមិនមែនរដ្ឋាភិបាលអ្នកបិទទេ ក្រុមអ្នកធ្វើបាតុកម្មនាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ទាមទារអោយបិទសាលា។ អញ្ចឹង សាលារបស់ខ្ញុំ ជាមួយគាត់នៅបាម៉ាកូត្រូវគេបិទ។លើពិភពលោកនេះ គ្មានអ្វីដែលហៅថា យុត្តិធម៌។ ចុងបំផុតគេឆ្លើយថា ប្រទេសមួយមានបែបផែនមួយ។ អើ! បើទទួលស្គាល់ថា ប្រទេសមួយបែបផែនមួយ ទទួលស្គាល់ថា កម្ពុជាមានបែបផែនរបស់ខ្លួនដែរទៅ? យើងលើកឧទាហរណ៍ថា ប្រទេសខ្លះមានតែបក្សមួយសោះ អ្នកឯងអត់មានបានគិតទៅដល់ អាហ្នឹង បែរជាគិតរឿងខ្ញុំបក្សគគោក? គ្រាន់តែអាបក្សមួយធ្វើខុសច្បាប់ យើងអនុវត្តច្បាប់ គេឆ្លើយថា ប្រទេសមួយមានរឿងរៀងខ្លួន។ ចុះម៉េចមិនទទួលស្គាល់ថា កម្ពុជាមានរឿងរៀងខ្លួនផងទៅ? បានខ្ញុំអត់ដកថយទេអារឿងកន្លែងហ្នឹង។

  • អ្នកខ្លះនៅឃុំក្នុងផ្ទះ ព្រមានអ្នកដទៃកុំអោយសុំសិទ្ធិធ្វើនយោបាយ

មានអ្នកខ្លះនៅឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំអោយសុំសិទ្ធិនយោបាយ។ ចាំហ្អែងរួចខ្លួនទៅ។ អញមិនអោយហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃទេ។ សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន អាលក់សតិសម្បជញ្ញៈ គ្រប់សព្វហើយ។​ ខ្ញុំគ្រាន់តែបញ្ជាក់ជូនចំពោះមន្ត្រីតាមខេត្ត/ស្រុក/ឃុំ ដែលធ្វើការនៅទីនោះ នៅពេលណាអ្នក(ដែល)បានសិទ្ធិធ្វើនយោបាយហើយ គឺគេត្រូវតែមានសិទ្ធិ ដើម្បី(ធ្វើ)ការជួបជុំអ្នកគាំទ្ររបស់គេនៅកន្លែងនេះ/នោះ តាមការស្នើសុំ ឬយើងគាំពារខាងផ្នែកសន្តិសុខអោយពួកគេ។ ប៉ុន្តែ សម្រាប់អ្នកដែលមិនទាន់បានទទួលសិទ្ធិ កុំធ្វើសកម្មភាព ហើយកុំលួចលាក់។

  • គណៈកម្មាធិការចំពោះកិច្ច ត្រូវប្រញាប់រំលាយ

ខ្ញុំនៅតែនិយាយដដែល អ្នកឯងត្រៀមចាត់តាំងកម្លាំង ដើម្បីធ្វើអ្វី? អាគណៈកម្មាធិការចំពោះកិច្ចគ្រប់ទីកន្លែងទាំងអស់ ត្រូវតែប្រញាប់(រំលាយ) បើមិនអញ្ចឹងប្រយ័ត្ន។ សុំព្រមាន។ អាគណៈកម្មាធិការចំពោះកិច្ចមានភារកិច្ចជ្រើសរើសមួយឃុំ ៥ នាក់ ដើម្បីត្រៀមទទួលអាចង្រៃណានោះ។ សាកលមើលទៅមើល? សុទ្ធ​តែអួត អោយតែមកមានអង្គការសហប្រជាជាតិ/បរទេសមកជាមួយ។ ចាំតើ។ … ខ្នោះអញមិនទុក​ដាក់​បរទេសទេ អញវ៉ៃខ្នោះអាអ្នកមានសាលដីការតុលាការទេ។ បើមកតាមទល់ដែន … អញអត់ដឹងទេ។ តាមទល់ដែន ឯងត្រូវដឹងទល់ដែនគេធ្វើម៉េច? គេដាក់លេណដ្ឋាន ហើយគេមានកាំភ្លើងយន្តនៅទីនោះ។ គ្រាន់តែបច្ចុប្បន្នយើងហាមប្រើប្រាស់មីនប្រឆាំងមនុស្សតែប៉ុណ្ណឹងទេ។  ឯងត្រូវដឹង តែមកតាមទល់ដែន គឺរឿងធំហើយ។ មកតាមទល់ដែន តើមកតាមទល់ដែនណា? ខាងវៀតណាមអត់ត្រូវជាមួយគេ។ ឡាវមិនត្រូវជា​មួយ​គេ។ នៅសល់ថៃ។ ថៃស្មានតែគេល្ងង់អោយអ្នកឯងមកធ្វើអញ្ចឹង? នៅក្នុងពេលដែលប្រទេសទាំងពីរ មិនអនុញ្ញាតអោយកម្លាំងណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំង។ អញ្ចឹង កុំសង្ឃឹម។ ដេកទៅ។ ហើយរៃលុយទៅ យកទៅដើរលេង ជិះទឹកកកទៅ ជិះស្គីទៅ ហើយមានចិត្តធម៌អញ្ចឹងនាំគ្នារៃលុយអោយទៅ។

រឿងទី ២៖ សូមម្ចាស់រោងចក្រទទួលយកកម្មករ/ការិនីចូលធ្វើការវិញ

ឯរឿងទី ២. ខ្ញុំសូមអំពាវនាវទៅកាន់ម្ចាស់រោងចក្រ ដែលថ្ងៃមុនមានការធ្វើកូដកម្ម ឥឡូវហ្នឹងបានបញ្ជាក់ ហើយថា កូដកម្មដើម្បីសុំទូទាត់ប្រាក់អតីតភាពតែម្តងត្រូវបានបញ្ចប់ហើយ តែរឿងដែលវានៅសល់ វានៅត្រង់ថា បន្ទាប់ពីកូដកម្មហើយនោះ គឺថៅកែរោងចក្រដេញមនុស្សមិនអោយធ្វើការ។ ខ្ញុំបានប្រាប់ទៅ ឯកឧត្តម អ៊ិត សំហេង ពីម្សិលថា អោយធ្វើការសម្របសម្រួលជាមួយថៅកែ។ អំពាវនាវពីទីនេះទៅកាន់ថៅកែរោងចក្រ សុំអោយទទួលយកកម្មករ/ការិនីចូលធ្វើការវិញ។ ខ្ញុំធ្លាប់បាននិយាយហើយ ការធ្វើកូដកម្ម ក៏មិនមែនជាមធ្យោបាយ(ល្អ)ទេ ឯការបណ្តេញកម្មករ ក៏មិនមែនជាមធ្យោបាយ(ល្អ)ដែរ។ សុំអោយមានការយល់គ្នាកន្លែងនេះ។ ប៉ុន្តែ កម្មករ/ការិនីរបស់យើង ក៏មិនត្រូវទាមទារហួសហេតុទេ។ នៅពេលខ្លួនរាប់ខែមិនបានចូលធ្វើការបែរជាទារប្រាក់ខែ បានសេចក្តីថា ទៅ(ធ្វើ)កូដកម្មបានប្រាក់ខែ គឺវាដូចស្រួលពេក។ ត្រូវរកវិធីសម្របសម្រួលគ្នាយ៉ាងម៉េចទៅលើបញ្ហានេះ។ យើងបានធ្វើខុសច្បាប់ពិតប្រាកដ បើគេអោយចូលធ្វើការវិញវាជាភ័ព្វសំណាងពេកទៅហើយ។ ប៉ុន្តែ ដល់ទៅថ្នាក់ថា ទារតាំងពីលុយ ទារតាំងពីអ្វីផ្សេងៗទៀត ក្នុងពេលដែលយើងអត់ធ្វើការសោះ ហើយអ្នកដែលគេធ្វើការបានប្រាក់ខែ ឯងអត់ធ្វើការគ្រាន់តែធ្វើកូដកម្មបានដែរ អញ្ចឹង ថ្ងៃក្រោយមួយប្រទេសធ្វើតែកូដកម្ម ចាំតែបើកប្រាក់ខែ អត់ផលិតផល។

ខ្ញុំអំពាវនាវចំពោះម្ចាស់រោងចក្រ W and D សុំអោយទទួលយកកម្មករ/ការិនីចូលធ្វើការវិញ ហើយផ្តល់នូវភាពកក់ក្តៅទាំងសងខាង កុំរកការប្រឈមមុខ(ដាក់គ្នា)។ ចំណុចនេះ បណ្តាលមកពីកម្មកររបស់យើង អនុវត្តខុសច្បាប់ខ្លួនឯង នៅក្នុងពេលដែលច្បាប់តម្រូវថា ទូរទាត់ ៦ ខែម្តង យើងនាំគ្នាដោយការញុះញង់ ដោយមនុស្សមួយចំនួនទៅធ្វើបាតុកម្មបើកប្រាក់ផ្តាច់។ ដល់ធ្វើយូរៗទៅ ម្ចាស់រោងចក្រគេបញ្ឈប់អត់អោយធ្វើការ។ ថ្ងៃមុនខ្ញុំនិយាយទៅទីនេះ ក្រសួងការងារប្រាប់ខ្ញុំថា នៅសល់ ១០០​ នាក់ ដែលបន្តការងារហ្នឹង​។ ប៉ុន្តែ ការពិត ១០០ នាក់នេះ តំណាងអោយកម្មករប៉ុន្មាននាក់ផ្សេងទៀត ដើម្បីសុំចូលធ្វើការវិញតែប៉ុណ្ណោះ មិនមែនទាមទារប្រាក់នោះទេ។ ខ្ញុំព្យាយាមនឹងស្វែង​យល់បញ្ហានេះ។

កាន់ទូរស័ព្ទនេះ ផ្ញើសារទៅទូរស័ព្ទនោះ

ដោយសារខ្ញុំមានទូរស័ព្ទ(១៣ គ្រឿង) អាត់ ធុន គាត់ក៏បានវាយចូលអាសនេះ ដល់ខ្ញុំកាន់អាខ្មៅនេះ មិនសូវបើកអាមួយនេះ ​ព្រោះដោយសារផ្ទេរលេខទាំងប៉ុន្មាននេះ(មកក្នុងអានេះ) រាប់ទាំង ខៀវ កាញ្ញារីទ្ធិ គាត់វាយមកអានេះ គាត់អត់មាន Reply ជាមួយយើងទេ។ យើងវាយទៅគាត់អាលេខមួយនោះ គាត់ Reply មកអាលេខមួយទៀត។ ដល់ទៅម្សិលបានគាត់សួរថា តើអោយប្រើលេខមួយណា? ខ្ញុំថា វាយទៅអាមួយណា ឆ្លើយមកអាមួយហ្នឹងមក វាស្រួលទេតើអាហ្នឹង? តែគាត់មិនចេះកាន់ខ្លួនឯង។ (គឺកិច្ចការ)អំពីបញ្ហាទាក់ទងជា​មួយ​នឹងរឿងច្បាប់សារព័ត៌មានស្អីៗនេះ។ ដល់ម្សិលមិញ វាយអោយគាត់(ដោយ)ប្រាប់ថា អោយ(ឆ្លើយ)មកអាលេខនេះ ហើយអោយទាំងលេខទូរស័ព្ទទៅទៀត។ ព្រឹកមិញឃើញឆ្លើយមកអរគុណ។ ខ្ញុំវាយទៅអោយគាត់ម៉ោង ៧ ល្ងាច ម៉ោងប្រហែល ៦ ភ្លឺ (បានឆ្លើយតប)។ អញ្ចឹង ត្រូវប្រើពេល ១១ ម៉ោង។ ឥឡូវកុំថា ខៀវ កញ្ញារីទ្ធិ អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនមែនទេណា គាត់រដ្ឋមន្ត្រីព័ត៌មាន។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ផៃ ស៊ីផាន ព្រោះរដ្ឋមន្ត្រីព័ត៌មានលេង ១១ ម៉ោង បានឆ្លើយជាមួយនាយករដ្ឋមន្ត្រី។ ធ្វើការម៉េចកើត? ព្រោះអាហ្នឹងតែពឹ្របទៅពឹ្របមកភ្លាម។ ខ្ញុំព្រះករុណាខ្ញុំរហ័សទេ ប៉ុន្តែ ទាល់តែវាយអោយចំលេខ ព្រោះខ្ញុំព្រះករុណាខ្ញុំប្រើ ១៣ ទូរស័ព្ទឯណោះ អ្នកតាមចេះតែតាមទៅ អាខ្លះ Location របស់វានៅវិមានឯករាជ្យ អាខ្លះ Location របស់វាទៅនៅកំពង់ចាម ហ្អែងតាមទៅ។

រឿងទី ៣៖ សូមថ្នាក់មូលដ្ឋាន បន្តការដោះស្រាយទឹកតទៅទៀត

ឯរឿងទី ៣. សុំអោយថ្នាក់មូលដ្ឋានទាំងអស់បន្តការដោះស្រាយទឹកតទៅទៀត បើទោះបីជាកន្លងទៅមានភ្លៀង អាចថាជាភ័ព្វសំណាងមួយហើយ។ បើប្រៀបធៀបព្យាករពេលមុន វាអត់មានភ្លៀងទេ ប៉ុន្តែឥឡូវថា អាអែលនីណូ និងអែលនីណា វាបុកគ្នាយ៉ាងម៉េចទេ វាផ្ទុះទឹកចេញមក។ យប់ម្សិលភ្នំពេញ និង(ខេត្ត)កណ្តាលអត់មានទេ តែយប់មិញភ្នំពេញ និង(ខេត្ត)កណ្តាលមាន(ភ្លៀង)។ តាមរបាយការណ៍ ឯកឧត្តម លឹម គានហោ ធ្លាក់ច្រើនជាងគេមាន៖ កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ បើអញ្ចឹងស្ថានភាពនេះ អាចនឹងទឹកចូលមួយចំនួនទៅក្នុងអាងវារីអគ្គិសនី សម្រាប់តំបន់ពោធិ៍សាត់ កោះកុង និងកំពង់ស្ពឺ។ តែភ្លៀងនេះវាមិនច្រើនទេ។ សូមអំពាវនាវអោយប្រជាពលរដ្ឋរបស់យើង នៅពេលដែលដឹងថាមានភ្លៀង ត្រូវខិតខំត្រងទឹករក្សាទុក ដើម្បីដោះស្រាយបញ្ហាការខ្វះខាតទឹក។ (បញ្ហានេះ)មិនមែនគ្រាន់តែប្រទេសយើងទេ។ ប្រ​ទេសយើងរាំងស្ងួតខ្វះខាតទឹក ប៉ុន្តែ ប្រទេសខ្លះទៅជាទឹកជំនន់សម្លាប់មនុស្សទៅវិញ។ អញ្ចឹងទេ នេះគេហៅថា ការប្រែប្រួលអាកាសធាតុ ដែលជារឿងមួយយើងត្រូវប្រឈមដោះស្រាយបញ្ហានេះ។

ពាំនាំ

ថ្ងៃនេះ បាននាំមកសម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ១ ២៤៥ អង្គ/នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ សម្រាប់និស្សិតពិការរបស់យើង សុំជូនម្នាក់ៗ ១ លានរៀល ថែមទៀត។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ២៨៣ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ថវិកា ៥ លានរៀល។ ជូនវិទ្យាស្ថាន ជាតិអប់រំ ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ សម្រាប់ជោគជ័យ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក៏ដូចជា ការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា