សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកក្រគរ ខេត្តពោធិសាត់

CNV:

ទំនាក់ទំនងលើសពីរវាងមេដឹកនាំ និងប្រជាពលរដ្ឋ

… ថ្ងៃនេះ បានមកជួបជុំជាមួយក្មួយៗកម្មករ/ការិនីនៅខេត្តពោធិសាត់ ជាពិសេស នៅក្នុងស្រុកក្រគរ … ខ្ញុំពិតជាមានការរីករាយ ហើយសូមអរគុណចំពោះក្មួយៗទាំងអស់ ដែលបានទទួលបដិសណ្ឋារកិច្ចពូ នៅក្នុងឱកាសពូមកកាន់ទីនេះ។ សុំការយោគយល់ អធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលទន្ទឹងរង់ចាំពូអស់រយៈពេលយូរមកហើយ ប៉ុន្តែដូចពូធ្លាប់បាននិយាយហើយថា មកយឺត ប្រសើរជាងមិនបានមក​។ បើទោះ​បីជាមកយឺតបន្ដិច តែថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ក្នុងបរិយាកាសសប្បាយរីករាយក្នុងក្របខណ្ឌជាក្រុមគ្រួសារ។ ទំនាក់ទំនងដែលក្មួយៗបានធ្វើចំពោះពូ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋប៉ុណ្ណោះទេ ក៏ប៉ុន្តែបង្ហាញឲ្យឃើញអំពីភាពជិតស្និទ្ធជាក្រុមគ្រួសារ ចាត់ទុកពូដូចជាជីតា ដូចជាឪពុកធំ ដូចជាឪពុកមា ឬឪពុកបង្កើត។ នេះគឺជាប្រភពនៃការលើកទឹកចិត្ត ហើយពូក៏អាចយល់បាន ពីទំនាក់ទំនងរវាងមេដឹកនាំប្រទេសជាមួយនឹងប្រជាពលរដ្ឋ ឆ្លងកាត់រយៈពេល ៤០ ឆ្នាំ ដែលយើងបានរស់នៅជាមួយគ្នា។

អ្នកខេត្តពោធិ៍សាត់ ជាពិសេសអ្នកស្រុកក្រគរ គាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក

នៅក្នុងពេលដែលពូមកដល់ស្រុកក្រគរ នៃខេត្តពោធិសាត់ ពូមិនភ្លេចជាមួយនឹងការថ្លែងអំណរគុណចំពោះប្រជាជននៅស្រុកក្រគរ​ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូលនិយាយជារួម និងនិយាយដោយឡែក ចំពោះកម្មករ /ការិនីទាំងអស់នៅក្នុងស្រុកក្រគររបស់យើងនេះ ដែលបានបោះឆ្នោតនៅក្នុងស្រុកក្រគរ គឺស្រុកក្រគរអាចចាត់ទុកថា ជាស្រុកមួយក្នុងចំណោមស្រុក ដែលបោះឆ្នោតច្រើនជាងគេឲ្យគណបក្សប្រជាជនកម្ពុជា។ ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៤ អាសនៈលើ ៤ អាសន

ៈ។ ស្រុកក្រគរ គឺជាស្រុកដែលយោងទៅដល់សំឡេងឆ្នោតនៅបណ្ដាស្រុកដទៃ ដែលទាញស៊ីកន្ទុយផ្ដាច់តែម្ដង យក ៤ កៅអីទាំងស្រុង។ ឥឡូវនេះ ស្រុកក្រគរនៅតែជាស្រុកឈានមុខ ប្រៀបធៀបជាមួយនឹងបណ្ដាស្រុកដទៃទៀត ដែល​មានអត្រាបោះឆ្នោតច្រើន​។ តាមរយៈក្មួយៗ ក៏សុំផ្ដាំសួរសុខទុក្ខ និងអរគុណចំពោះមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការគាំទ្រគណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើនឹងការបោះឆ្នោតគាំទ្រឲ្យ ហ៊ុន សែន បន្តតួនាទីជានាយករដ្ឋមន្រ្តីតទៅទៀត។

បន្តជានាយករដ្ឋមន្រ្តី មិនតិចជាង ១០ ឆ្នាំ

ច្បាស់ហើយ កាលពីមុនការបោះឆ្នោតឆ្នាំទៅ ពូបានប្រកាសថា ពូនឹងផ្អាកនៅក្នុងរយៈនៃការធ្វើយុទ្ធនាការក្នុងការចុះជួបកម្មករ/ការិនី ព្រោះពេលវេលានោះជាពេលវេលា(ដែលធ្វើការឃោសនាបោះឆ្នោត)។ អាចជួបបាន ប៉ុន្តែហាមការឧបត្ថម្ភណាមួយ។ ប៉ុន្តែ ធម្មតា ពូទៅជួបជាមួយកម្មករ/ការិនី ឬជួបជាមួយប្រជាពលរដ្ឋ តែងតែមានរបស់នេះ របស់នោះផ្ដល់ជូន ជាសាលារៀន ជាមន្ទីរពេទ្យស្អីៗជាដើម។ អញ្ចឹងពូបានផ្អាកក្នុងមួយរយៈ តែមុនពេលដែលផ្អាកនោះ។ ពូបាននិយាយថា ប្រសិនបើគណបក្សប្រជាជនឈ្នះ ពូនឹងបន្តដើរសួរសុខទុក្ខកម្មករ គឺមិនមែនគ្រាន់តែដើរសួរសុខទុក្ខមួយដំណាក់កាលនេះទេ ក្នុងរយៈពេល ១០ ឆ្នាំទៅមុខទៀត ដែលពូថា នឹងប្ដូរផ្ដាច់បន្តមិនតិចជាង ១០ ឆ្នាំ បានសេចក្ដីថា មិនតិចជាង ២០២៨ រហូតដល់ក្រោយ ២០២៨ ផងក៏អាចថាបាន។ ពូនឹងបន្តដើរសួរសុខទុក្ខ និងដោះស្រាយកង្វល់របស់កម្មករ/ការិនីរបស់យើង។

ប្រជាពលរដ្ឋផ្ដល់ការជឿទុកចិត្ត ឲ្យពូបន្តធ្វើជានាយករដ្ឋមន្រ្តី

ផ្ទុយទៅវិញ ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនបានទទួលការគាំទ្រឲ្យដឹកនាំប្រទេសបន្តទៀតទេ ពូមិនបំពានលើតួនាទីអនាគតនាយករដ្ឋមន្រ្តីរបស់ប្រទេសទេ គឺទុកឲ្យគេធ្វើទៅចុះ។ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងបានផ្ដល់នូវការជឿទុកចិត្តបន្តទៀត ឲ្យគណបក្សប្រជាជនកម្ពុជាឲ្យពូធ្វើជានាយករដ្ឋមន្រ្តី។ ដូច្នេះ បានជាថ្ងៃនេះ មានឱកាសមកជួបក្មួយៗ ដើម្បីសួរសុខទុក្ខ។ នេះ មានទៅ មានមក។ បើក្មួយត្រូវការពូ ពូមុខតែមកជួបក្មួយហើយ។ បើក្មួយត្រូវការពូ ពូនឹងដោះស្រាយបញ្ហាឲ្យក្មួយហើយ ប៉ុន្តែនៅពេលណាដែលក្មួយលែងត្រូវការពូ រឿងជំនួបបែបនេះ វាមិនអាចកើតមានបានទេ។ តម្រូវការដែលក្មួយៗត្រូវការពូឲ្យជួយនោះ គឺពូក៏ជួយលែងបានដែរ ព្រោះជាតួនាទីរបស់នាយករដ្ឋមន្រ្តីថ្មីទៅហើយ។ ប្រសិនបើពូជួយបាន ក៏ជួយត្រឹមតែកម្រិតចំណុចជាមួយដែលទាក់ទងជាមួយនឹងតួនាទីបុគ្គលរបស់ពូផ្ទាល់តែប៉ុណ្ណោះ។ ប៉ុន្តែតួនាទីរបស់រដ្ឋ គឺទុកឲ្យនាយករដ្ឋមន្រ្តីនៃគណបក្សដទៃ ដែលគេកំពុងធើ្វតែប៉ុណ្ណោះ។

ចំណុចស្នូលនៃគោលនយោបាយឧស្សាហកម្ម គឺដោះស្រាយបញ្ហាជូនកម្មករ

នៅប្រទេសកម្ពុជាយើងលំបាកដែរ មានអ្នកខ្លះ គេអញ្ចេះ មានប្រធានភូមិមួយ អាហ្នឹងវាមិនដែលបានធ្វើប្រធានភូមិទេ វាទៅប្រាប់អ្នកភូមិថា អ្ហែងទៅវាយអាប្រធានភូមិហ្នឹងឲ្យងាប់សិន ចាំអញចូលមក អញធ្វើមេភូមិតែម្ដង។ វាអត់ហ៊ានមកវាយខ្លួនឯងទេ វាទៅប្រាប់ប្រជាជនថា ឲ្យវាយឲ្យងាប់សិនទៅ ចាំវាចូលមក វាធ្វើមេភូមិតែម្ដង។ ចុះបើអ្ហែងចិត្តសឿង ចាំបាច់រត់ធ្វើអី ហើយមកខ្លួនឯងតែម្ដងទៅ។ ប៉ុន្តែអ្នកអញ្ចឹង បានត្រឹមតែប៉ុណ្ណឹង អត់មានអីក្រៅពីហ្នឹងទេ។ នៅទីនេះ បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលហើយ ពូបានធ្វើសកម្មភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោះស្រាយគ្រប់បញ្ហាទាំងអស់។ ក្នុងហ្នឹង ចំណុចស្នូលដែលពូនៅបន្ត គឺការបន្តដោះស្រាយបញ្ហាកម្មករ/ការិនី ដែលស្ថិតនៅក្នុងក្របខណ្ឌនៃគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ផង និងក៏ដូចជាដោះស្រាយបញ្ហាទូទៅរបស់ប្រទេសផង។

ចូលរួមបោះឆ្នោត (១) ចូលរួមដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស

រដ្ឋធម្មនុញ្ញបានកំណត់ឲ្យនាយករដ្ឋមន្រ្តីដឹកនាំនយោបាយទាំងក្នុង និងក្រៅប្រទេស។ បានសេចក្ដីថា គ្រប់វិស័យទាំងអស់ គ្មានវិស័យណាមួយដែលគ្មានការពាក់ព័ន្ធ និងការទទួលខុសត្រូវរបស់នាយករដ្ឋមន្រ្តីនោះទេ។ ថ្ងៃនេះ បានជួបជាមួយក្មួយៗ ពូពិតជាមានការរីករាយ ហើយសុំអរគុណចំពោះក្មួយៗ ដែលក្មួយៗបានធ្វើកិច្ចការ ២ ក្នុងរយៈពេលកន្លងទៅនេះ ដែលសុទ្ធតែជាកិច្ចការធំៗ។ នោះគឺទាក់ទងនឹងការចូលរួមការបោះឆ្នោត។ ការបោះឆ្នោតនេះ ក្មួយបាន​បំពេញនូវភារកិច្ច ២។ ទី ១ គឺការចូលរួមដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ គឺក្មួយបានទៅចូលរួមបោះឆ្នោត។ ការចូលរួមបោះឆ្នោត មានតម្លៃស្មើនឹងការគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ប្រជាជនថៃនឹងចូលរួមបោះឆ្នោតច្រើន, ឯប្រជាជនយើង ៨៣% បានបោះឆ្នោត

យើងមើលប្រទេសថៃ តាមដឹងប្រទេសថៃ បោះឆ្នោតមុនកាលកំណត់ពីថ្ងៃទី ១៧-១៨ កន្លងទៅនេះ អត្រានៃអ្នកចូលរួមបោះឆ្នោតមានដល់ ៨៦% បានសេចក្ដីថា ជាង ៨៦% ប្រជាជនថៃស្រែកឃ្លានជាមួយនឹងការបោះឆ្នោត ដើម្បីប្រើសិទ្ធិរបស់គេ បន្ទាប់ពីសភាពការណ៍ការអាក់ខាននៃការបោះឆ្នោតមួយរយ

ៈកាល​។ អញ្ចឹងទេ នៅថ្ងៃទី ២៤ ខាងមុខ សល់តែ ៤ ថ្ងៃទៀត ប្រទេសថៃនឹងមានការបោះឆ្នោត។ តាមការទស្សន៍ទាយ គឺប្រជាជនថៃទៅបោះឆ្នោតចំនួនច្រើន។ ឯយើងមានចំនួនជាង ៨៣% ទៅចូលរួមបោះឆ្នោត ក៏មិនមែនជារឿងតូចតាចទេ។ ជាអត្រាមួយដ៏ខ្ពស់ បើប្រៀបធៀបជាមួយនឹងប្រទេសមួយចំនួនក្នុងតំបន់ ឬលើពិភពលោក។ អញ្ចឹងក្មួយៗ ដែលបានទៅចូលរួមបោះឆ្នោត គឺបានចូលរួមបំពេញនូវកាតព្វកិច្ចក្នុងឋានៈជាអ្នកអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ តាមរយៈការបញ្ចេញនូវសិទ្ធិរបស់ខ្លួន បោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត។

ចូលរូមបោះឆ្នោត (២) ដើម្បីរក្សាទុកសន្តិភាព និងការអភិវឌ្ឍ

ទី ២ អ្វីដែលបានច្បាស់រួចមកហើយនោះ ក្មួយៗកម្មករ កម្មការិនីរបស់យើង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសម្រេចចិត្តបោះឆ្នោតរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ។ មានន័យថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានតម្លៃស្មើនឹងការបោះឆ្នោតរក្សាទុកសន្តិភាព និងការអភិវឌ្ឍតែម្ដង។ ក្មួយៗត្រូវចងចាំឲ្យបានថា ដំណាក់កាលកម្ពុជាបច្ចុប្បន្ន មិនអាចខ្វះបានតួនាទីរបស់គណបក្សប្រជាជន ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍបានទេ។ គណបក្សដទៃ មិនថា គណបក្សណាជាគណបក្សណា មិនទាន់មានលទ្ធភាពដើម្បីនឹងធ្វើកិច្ចការងារនេះនោះទេ ព្រោះគោលនយោបាយរបស់គេ មិនខុសពីទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ មិនទាន់ទាំងបានកាន់អំណាចផង អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ធ្វើចម្បាំងរាំងជល់ជាមួយរដ្ឋាភិបាល។

មិនប្រាកដថា ចូលនិវត្តន៍នៅឆ្នាំ ២០២៨

អំពើសងសឹកមួយវានឹងកើតឡើង ដូចរបបខ្មែរក្រហម។ អញ្ចឹងទេ ឥឡូវនេះមិនប្រាកដថាពូចូលនិវត្តន៍នៅឆ្នាំ ២០២៨ ទេ ពូនឹងធ្វើទាល់តែពួកអស់ហ្នឹងវាងាប់អស់។ ដាក់សារទៅអ្ហែងចឹងហ្មង ដើម្បីឲ្យវាច្បាស់ ព្រោះនៅលើពិភពលោកនេះ គ្មានរដ្ឋធម្មនុញ្ញណាកំណត់អំពីតំណែងនាយករដ្ឋមន្រ្តី ថាត្រូវធ្វើប៉ុន្មានឆ្នាំឈប់ទេ។ ប្រ​មុខរដ្ឋគេមានកំណត់ ថ្នាក់ប្រ​ធានាធិតីគេមានកំណត់ តែនាយករដ្ឋមន្ត្រីគេអត់កំណត់ទេ ព្រោះគេមិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីឯណា គេបោះឆ្នោតរើសសមាជិកសភា ហើយសមាជិកសភានោះ គណបក្សដែលឈ្នះឆ្នោតចង់រើសអ្នកណាធ្វើជានាយករដ្ឋមន្ត្រី អាហ្នឹងរឿងរបស់គេទេ អត់មានរដ្ឋធម្មនុញ្ញណាចែងទេ។

រឿងក្នុងប្រទេស ហ៊ុន សែន ដោះស្រាយ

អញ្ចឹងបានជាពូចង់ឲ្យសារទៅបន្ថែមទៀត បើពួកអាមេចង្រៃអស់ហ្នឹង មិនទាន់ងាប់អស់ទេ នៅតែមានពិសពុល ពូនៅតែបន្តធ្វើ ព្រោះលទ្ធភាពរបស់ពូអាចបង្ក្រាបពួកវាបាន។ គេបានដឹងហើយ គ្មានអ្នកណាសាហាវព្រៃផ្សៃជាង ប៉ុល ពត ទេ ប៉ុន្តែ នយោបាយច្រេះស៊ីដែករបស់ ប៉ុល ពត ពូបានបង្រ្កាបវាបាន ផ្ដួលទាល់តែបាន ទប់ស្កាត់ទាល់បាន។​ (ពួកឯង)ដាក់នយោបាយច្រេះស៊ីដែក អញដាក់នយោបាយឈ្នះឈ្នះ។ ទីចុងបំផុត អាពតងាប់រកតែដីកប់មិនបានផង។ ឥឡូវ ប្រទេសរបស់យើងមានសន្តិភាពប៉ុណ្ណេះហើយ ឲ្យអ្នកណាបំផ្លាញ? មិនសុខចិត្តទេ។ អ្នកឯងចង់ទៅងាប់ឯណាងាប់ទៅ សុំសិទ្ធជ្រកកោននៅក្រៅប្រទេសទៅៗ។ រឿងក្នុងប្រទេស រឿង ហ៊ុន សែន ដោះស្រាយ។ ប៉ុន្មានថ្ងៃហ្នឹងលឺសូរគេបញ្ជូនអ្នកណាមកដោះស្រាយរឿង EBA។ មកដោះទៅ។ ហ៊ុន សែន មកដើរជួបកម្មករ។ កសិករនៅតែកសិករ អ្នកណាធ្វើអីធ្វើហ្នឹង។ រឿងអ្នកឯងចូលទៅជំនុំជាមួយអ្នកណារឿងអ្នកនោះទៅ តែរឿងសម្រេចចុងក្រោយ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន …។

មានការងារធ្វើ មានប្រាក់ចំណូល កុំខ្វល់អ្នកណានិយាយអី

… ពូបានផ្ដាំជាមួយនឹង ក្មួយៗនៅកោះកុង និងក្មួយៗនៅកន្លែងដទៃទៀត បើក្មួយៗនៅបន្តមានការងារធ្វើ មានប្រាក់ចំណូល ក្មួយៗកុំខ្វល់អាណានិយាយពីអី។ ពួកអានេះទាល់តែនិយាយថា អាណានិយាយពីអី ព្រោះនិ​យាយថាអ្នកណានិយាយពីអី វាអត់ដឹងទេ។ ទាល់តែលឺសូរសម្លេងអញ្ចឹង ចាក់ចំត្រចៀករបស់វាតែម្ដង ព្រោះវាមិនចេះស្ដាប់ទេ។ បើវាបបួលភ្នាល់ កុំភ្នាល់ បបួលស្បថ ចាំធ្វើ។ ពួកអានេះអត់ហ៊ានស្បថទេ ខ្លាចណាស់ ព្រោះ​ពួកវានិយាយមុសារហូត។ ដល់តែមុសាគេបបួលស្បថតែងតែខ្លាច។ អញ្ចឹងបើវានិយាយអីមកខុស យើងថា អាហ្នឹងក្បត់ពាក្យសម្បថ ព្រោះរាល់ពាក្យសម្បថទាំងអស់ … សូម្បីសុំសីល គេហាម មុសាវាទា គេមិនឲ្យ​មុ​សា អញ្ចឹងទេ អ្ហែងក្បត់។ អានេះគ្រាន់តែថាពូបើកឆាកនិយាយប៉ុណ្ណឹង ដើម្បីជូនសារ …។

អតីតសហការីដែលមកសុំសិទ្ធិធ្វើនយោបាយ ជាទំនិញ ដែល ហ៊ុន សែន ទិញ

ប៉ុន្មានថ្ងៃនេះ សុំបើករង្វង់ក្រចកនិយាយអាហ្នឹងបន្តិចចុះ … ឃើញអាណាមួយបង្ហោះហ្វេសប៊ុក ពី​ Montreal (Canada) មកគេថា អ្នកសុំសិទ្ធិធ្វើនយោបាយ ត្រូវបានទិញ ១០ ទៅ ២០ ម៉ឺន ដុល្លារអាមេរិក។ បើអ្នកទៅទាញមនុស្សបានទៀត​ នឹងបន្ថែមបាន ២ ឬ ៣ ម៉ឺន បន្ថែមទៀត​។ សុំផ្ដាំទៅ អ្នកកុំចាត់ទុកអតីតសហការីរបស់អ្នកជាទំនិញលក់ដូរឲ្យសោះ។ កុំមើលស្រាល អ្នកដែលគេមិននៅជាមួយអ្នកឯង ហើយសុំសិទ្ធិនយោបាយ ដើម្បីសេរីភាពរបស់គេ ក្លាយទៅជាទំនិញដែល ហ៊ុន សែន ត្រូវទិញ​។ ហ៊ុន សែន គ្មានការចាំបាច់ដើម្បីទៅទិញអ្នកណាទេ។ មនុស្សទាំងអស់នោះមិនមែនជាសត្វធាតុ ឬជាវត្ថុសម្រាប់លក់ទេ។ យើងផ្ដល់ការគោរពចំពោះសេរីភាព​របស់មនុស្សទាំងអស់ ទោះបីមនុស្សនោះនៅក្នុងបក្សនយោបាយណាក៏ដោយ … អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយ យើងខ្ញុំក៏គោរព។ អ្នកដែលមិនសុំសិទ្ធិ ក៏យើងខ្ញុំគោរពចំពោះសេចក្ដីសម្រេចរបស់អ្នក។ ហេតុអ្វីបានជាអ្នកមើលងាយ ចំពោះអ្នកដែលធ្លាប់ធ្វើការនៅជាមួយអ្នក (ចាត់ទុកដូច)ទំនិញលក់ដូរទៅវិញ?

នៅជាមួយខ្លួន បានជាអ្នកស្នេហាជាតិ ចេញពីខ្លួនជាជនក្បត់ជាតិ?

គណបក្សប្រជាជន គេនិយាយជួនកាល បក្សខ្លះមានបណ្ឌិត ២ ទៅ ៣ នាក់ គេថា បក្សនយោបាយមួយនេះ​ មានក្រុមបញ្ញវន្តបង្តើតឡើង ប៉ុន្តែ តើគេបានដាក់ជាចំណោទសួរទេថា តើគណបក្សប្រជាជនមានថ្នាក់បណ្ឌិតប៉ុន្មាននាក់? ពូមិននិយាយអួតអាងអីទេ គណបក្សខ្លះគ្មានបញ្ញវន្តស្មើនឹងក្នុងមួយផ្ទះពូផង។ អត់ស្មើទេ។ ផ្ទះរបស់ពូកូន ៥ និងកូនប្រសា ៥ សុទ្ធតែថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទាំងអស់។ គណបក្សខ្លះ សូម្បីតែធនធានមនុស្ស ប៉ុនមួយផ្ទះរបស់ពូមិនគ្រប់ផង។ ងាកមកគណបក្សប្រជាជន បណ្ឌិតរាប់រយ រាប់ពាន់ឯណោះ បើនិយាយពីបណ្ឌិត។ ប៉ុន្តែ បើទោះបីបក្សតូច បក្សធំ យើងមិនដែលមើលងាយអ្នកណាទេ។ យើងផ្ដល់នូវតម្លៃ នូវការគោរពចំពោះអ្នកទាំងអស់។ មនុស្សមួយចំនួន បានចេញពីគណបក្សប្រជាជន ទៅនៅគណបក្សថ្មី គណបក្សប្រជាជនមិនដែលតាមជេរគេទេ។ យើងតែងផ្ដល់សិទ្ធិឲ្យគេ។ ប៉ុន្តែ គួរឲ្យអាសូរណាស់ តាំងពីឆ្នាំ ២០០៨ យើងបានសង្កេតឃើញថា ពេលអតីតអ្នកតំណាងរាស្ត្រមួយចំនួនចេញពីគណបក្សផ្សេង មកកាន់គណ​បក្សប្រជាជន គេចាត់ទុកថា ជាសាច់ស្អុយ សាច់រលួយ។ ឥឡូវ នៅបន្តទៀត ហើយជាសាច់ស្អុយ សាច់រលួយ ត្រូវបានគេទិញ/ដូរ។ សុំឲ្យអ្នកទាំងអស់គ្នា ហើយនិងជនបរទេសទាំងឡាយ វិនិច្ឆ័យឲ្យបានពិតប្រាកដ តើអ្នកកាន់លទ្ធិប្រជាធិតេយ្យត្រូវទប់សិទ្ធិគេទេ? ហើយត្រូវចោទប្រកាន់ ទាល់តែគេនៅជាមួយខ្លួន បានអ្នកស្នេហាជាតិ ដល់គេចេញពីខ្លួន ក្បត់ជាតិ?

អ្នកជេរ ហ៊ុន សែន ថាអាយ៉ង ធ្លាប់បានត្រូវ ហ៊ុន សែន ប្រើក្បាលដែរតើ

ប៉ុន្តែ អាអ្នកដែលជេរថា យើងក្បត់ជាតិ ត្រូវបានខ្ញុំប្រើក្បាលវា។ (ម្តេច)វាមិនគិតផង។ ​និយាយរួមខ្ញុំប្រើក្បាលពួកអានេះស្រួល។ ប្រើយ៉ាងម៉េច? ប្រើអ្ហែងជួយកែរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦។ ស្អីទៅអាហ្នឹង? ឥឡូវវាទៅឯង មនុស្សអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ មនុស្សអញ្ចេះ/អញ្ចុះ។ ចុងបំផុត អាមនុស្សហ្នឹងហើយធ្លាប់ប្រើក្បាលអានោះ ប្រើឲ្យកែរដ្ឋធម្មនុញ្ញ។ មិនមែនរឿងតូចតាចទេ។ កាលពីដើមប្រព័ន្ធ ២ ភាគ ៣ អ្នកដែលសម្លេងភាគតិច ទៅជាដឹកនាំ។ អង់គ្លេសគេហៅអី Minority Leader ។ ឯងប្រជុំសភាម្ដងៗ ទៅចលនាគេ ព្រោះកូរុម ៣ ភាគ ៤ ដើម្បីប្រជុំសភាបាន។ ឯងសម្លេងភាគច្រើន ដល់ទៅពេលប្រជុំម្ដងៗ ត្រូវទៅស្នើសុំគេឲ្យគេមកចូលរួមប្រជុំ។ ដល់គេធ្វើងិកង៉ក់ ឯងប្រជុំវាអត់បាន។ អញ្ចឹងទេវាមានសល់តែចន្លោះមួយ គឺកែរដ្ឋធម្មនុញ្ញ។ ដល់កែរដ្ឋធម្មនុញ្ញ ប្រើក្បាលអាអ្នកដែលជេរយើងថាអាយ៉ងហ្នឹង … ឥឡូវខ្ញុំជាចៅហ្វាយអ្នកឯង ឬអ្នកឯងជាចៅហ្វាយខ្ញុំ? បានជាអ្នកឯងជេរខ្ញុំ បើអ្នកឯងជេរខ្ញុំជាអាយ៉ង អ្នកឯងជាអាយ៉ងរបស់អាយ៉ង។ គ្រាន់តែនិយាយប៉ុណ្ណឹងយល់ហើយ។ នៅស្រុកខ្មែរគ្មានអ្នននយោបាយណាមួយ ដែលមិនសហការជាមួយ ហ៊ុន សែន ទេ។ ប៉ុន្តែ បើអ្នកឯងនៅតែនិយាយរបៀបហ្នឹង ខ្ញុំនិយាយថា អ្នកឯងធ្លាប់បម្រើខ្ញុំ ហើយជួយខ្ញុំឲ្យដោះស្រាយបានសភាពការណ៍ ដោយមិនមានការជាប់គាំងណាមួយក្រោយការបោះឆ្នោត។ ខ្ញុំអរគុណអ្នកឯង តែសុំបញ្ជាក់ថា នោះគឺខ្ញុំបានប្រើក្បាលអ្នកឯង ក្នុងពេលដែលអ្នកឯងជេរខ្ញុំថា ជាអាយ៉ង ហើយត្រូវកម្ទេចចោល ដេញចោលអីឲ្យគេជួយដេញ មិនមកដេញខ្លួនឯងតែម្តងទៅ?

នឹងជួយទូលថ្វាយព្រះមហាក្សត្រ ក្នុងការសុំនីតិសម្បទាខាងនយោបាយ ចំពោះអ្នកសុំសិទ្ធិនយោបាយ

… ខ្ញុំសូមអំពាវនាវសាជាថ្មីម្តងទៀត ខ្ញុំផ្តល់តម្លៃអ្នកទាំងអស់ អ្នកណាសុំសិទ្ធិនយោបាយ យើងគោរព ហើយខ្ញុំនឹងជួយបង្កលក្ខណៈ(ងាយស្រួល) ដើម្បីថ្វាយព្រះមហាក្សត្រដើម្បីសុំនីតិសម្បទាខាងនយោបាយ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលច្បាប់បានប្រគល់ការងារនេះឲ្យ។ ពិតមែនហើយនៅពេលអនាគត ខ្ញុំក៏នឹងពិនិត្យមើលថា អ្នកណាគួរបាន អ្នកណាគួរមិនបានផងដែរ។ ខ្ញុំបាននិយាយហើយថា មក ឬមិនមក មុខមិនមែនដូចម៉ែខ្ញុំទេ? ហ្នឹងខ្ញុំបានបញ្ជាក់ហើយ។ ប៉ុន្តែ គ្រាន់តែអ្នកត្រូវដឹងថា ឆ្នាំ ២០២២ អ្នកមិនបានចូលរួមបោះឆ្នោតឃុំ/សង្កាត់ ដែលនឹងគ្រោងបោះនៅខែ ឧសភា ឆ្នាំ ២០២២។ ឯអ្នកនឹងទទួលបានសិទ្ធិ នៅខែ វិច្ឆិកា ឆ្នាំ ២០២២ ឯណោះ។ ដូច្នេះ អ្នកនឹងបាត់បង់ឱកាស។ ខ្ញុំគ្រាន់តែប្រាប់អ្នកប៉ុណ្ណឹងទេ។ អ្នកមកក៏មក អ្នកមិនមកទេ ហ៊ុន សែន អត់ងាប់ទេ។ ផ្ទុយទៅវិញ វាស្រួលគ្រប់គ្រងផ្ទៃក្នុងផង។

បញ្ឈប់ជាបន្ទាន់សកម្មភាព “គណៈកម្មការចំពោះកិច្ច” …

នៅវាលវែងអាហ្នឹងជើងខ្លាំង។ ចាំអញរុញព័ត៌មានមួយចំនួនមកឲ្យ។ គួបផ្សំជាមួយអ្នកភ្នំពេញ អ្នកកំពង់ចាម។ ប៉ុន្តែអាអ្នកភ្នំពេញ ប្រុចរត់ធ្លាក់អន្លង់វែង។ ២ ថ្ងៃនេះ មកនៅកៀនស្វាយ។ លឺប៉ុណ្ណឹង មិនស្រួលរត់ទៀត​។ កម្លាំងស្រួចហើយហ្នឹង។ កុំឲ្យសោះ រឿងគណៈកម្មការចំពោះកិច្ចមួយឃុំប៉ុន្មាននាក់ៗ។ វាយខ្នោះជាប់រហូត​។ គេមកពិនិត្យ EBA លោក ហ៊ុន សែន (ម៉េច)និយាយអញ្ចឹង។ ទេ! អារឿងខុសច្បាប់អត់មាន EBA ឬមិន EBA អីទេ? តែរឿងខុសច្បាប់ គឺដាក់ហើយ។ រៀបចំកម្លាំងស្អី? អ្នកឯងរៀបចំធ្វើអំពើភេរវកម្មត្រៀមប្រយុទ្ធឬអី? ផ្ញើសារឲ្យទូទាំងប្រទេស។ បញ្ឈប់អាសកម្មភាពគណៈកម្មការចំពោះកិច្ចទាំងនៅភ្នំពេញ និងនៅវាលវែង ខេត្តណាៗ និយាយឲ្យត្រង់។ ឃើញមួយ វាយមួយ។ ចេញបញ្ជាអញ្ចឹង។ បើអ្នកឯងមិនទាន់សុំសិទ្ធិធ្វើនយោបាយ អ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយប្រជាពលរដ្ឋ។ អត់មានសិទ្ធិទេ ឃើញមួយវាយមួយ ឃើញពីរវាយពីរ  និយាយគ្នាឲ្យច្បាស់។ ខ្ញុំអត់មានត្រូវខ្លាចញញើតអីនិយាយទេ។

បើសិនគេផ្តល់ EBA ឲ្យ យើងក៏មិនក្លាយទៅជាអ្នកមាន តែបើដកក៏យើងមិនស្លាប់

ខ្ញុំបាននិយាយហើយ បើសិនគេផ្តល់ភាពអនុគ្រោះឲ្យយើងៗក៏មិនអាចក្លាយទៅជាអ្នកមានបានទេ តែបើគេដកភាពអនុគ្រោះពីយើង ក៏មិនធ្វើឲ្យយើងស្លាប់ដែរ។ យល់ទេអាកន្លែងហ្នឹង? បញ្ហាធំវាស្ថិតនៅត្រង់យើងកែទម្រង់​នេះ។ ថ្ងៃទី ២៩ ខាងមុខ នឹងប្រកាសជាកញ្ចប់នូវកំណែទម្រង់ ដើម្បីធានាថា សេដ្ឋកិច្ចកម្ពុជាមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ។ ម្សិលមិញខ្ញុំបានទទួលនូវការជូនព័ត៌មានមួយពីមិត្តភក្តិនៅសហរដ្ឋអាមេរិក គាត់ថា សម្តេច! កន្លែងដែលខ្ញុំរស់នៅដាច់ភ្លើង ស្រាប់តែចោរវាចេញមកច្រើន អាហ្នឹងទី ១។ ទី ២ តម្លៃលក់រាយ នៃអគ្គិសនីឡើងថ្លៃមួយជាពីរ អាចប៉ះពាល់ដល់កម្ពុជា។ ខ្ញុំបានវាយឆ្លើយតបទៅគាត់វិញថា កម្ពុជាមិនដល់កម្រិតប៉ុណ្ណឹងទេ។ ប្រេងសាំង ៣ ៦៥០ (រៀល)។ ប្រេងម៉ាស៊ូត ៣ ៦០០ (រៀល)។ អ្នកលក់សាំង គឺស្តាប់រាជរដ្ឋាភិបាល ប៉ុន្តែ នៅអាមេរិកវិញទេ ដែលអត់(ស្តាប់) ព្រោះមានកន្លែងដាច់ភ្លើងមិនតិច។ទេ សូម្បីតែនៅអាហ្វ្រិកខាងត្បួងដាច់ភ្លើង ៤ ០០០ មេហ្គាវ៉ាត់ ហើយពឹងភ្លើងពីម៉ូហ្សំប៊ិចៗ(Mozambique) … អញ្ចឹងទេ មិនមែនតែប្រទេសរបស់យើងទេ។

យកចិត្តទុកដាក់ដោះស្រាយទឹក ដោយជីកអណ្តូងនៅនឹងកន្លែង ប្រសើរជាងដឹកទឹកពីចម្ងាយ

ឥឡូវ ពិតហើយប្រទេសរបស់យើងមានបញ្ហា គឺបញ្ហាខ្វះទឹកផឹក។ ឥឡូវ ទឹកផឹកមិនទាន់ដល់កម្រិតឆ្នាំ ២០១៦ ទេ។ ឆ្នាំ ២០១៦ អណ្តូងនានាវាធ្លាក់ទៅរីងទាំងអស់។ អត់ចេញទឹក អត់មានទឹកទេ។ ឥឡូវអណ្តូងយើងនៅមានទឹក។ ប៉ុន្តែ កន្លែងខ្លះដែលធ្លាប់មានប្រភពទឹក ឥឡូវ ទឹកហ្នឹងវារីង។ អញ្ចឹង សុំឲ្យយកចិត្តទុក​ដាក់ដោះស្រាយទឹក រកវិធីជីកអណ្តូង ប្រសើរជាងដឹកទឹក(ទៅចែកប្រជាពលរដ្ឋ)។ ដឹកទឹកទៅបានតែក្នុងមួយរយៈទេ ប៉ុន្តែ បើយើងដាក់អណ្តូងនៅហ្នឹងបានរាប់ឆ្នាំ តកូន/ចៅ តជំនាន់។ អញ្ចឹងទេ ​រកវិធីសាស្ត្រជីកអណ្តូង ប្រសើរជាងការដឹកទឹក។ ពិតហើយ ពេលខ្លះយើងក៏មានតម្រូវការដឹកទឹក នៅពេលដែលជីកអណ្តូងនៅកន្លែងហ្នឹងវាមិនចេញ។

នឹងចរចាទិញនាវាផ្ទុកអគ្គិសនីពីទួគី ដើម្បីផ្គត់ផ្គង់កង្វះអគ្គិសនីនៅភ្នំពេញ

ឯបញ្ហាអគ្គិសនី យើងក៏កំពុងអំពាវនាវឲ្យបញ្ចេញនូវម៉ាស៊ីនភ្លើងទាំងអស់មកប្រើប្រាស់ ព្រោះយើងមានកង្វះ។ ឥឡូវនេះ ឯកឧត្តម កែវ រតនៈ បានរាយការណ៍ ប្រហែលជា ឯកឧត្តម កែវ រតនៈ នឹងហោះទៅទួគី ឬអ្នកណាហោះទៅ? ឯកឧត្តម កែវ រតនៈ នឹងហោះទៅទួគីភ្លាម ដើម្បីនាំកប៉ាល់មួយដែលផ្ទុកនូវម៉ាស៊ីនភ្លើងប៉ុន្មានជា ២០០ មីហ្គាវ៉ាត់ … បើសិនជាត្រូវថ្លៃគ្នាចូលមកទីក្រុងភ្នំពេញ ផ្គត់ផ្គង់ក្នុងរយៈកាលប៉ុន្មានឆ្នាំ ដើម្បីយើងរង់ចាំបន្ថែម។ ហេតុអីបានជាអញ្ចឹង? យប់មិញ ម៉ោង ៣ ជាង ស្រាប់តែភ្ញាក់។ ដល់ភ្ញាក់ឡើងដេកវាមិនលក់ទៅវិញ អញ្ចឹង បើកមើល WhatsApp, Telegram បើកមើលស្អីៗ មើល WhatsApp មួយ ឯកឧត្តម ជា ​សុផារ៉ា រាយការណ៍មកថា គម្រោងវិនិយោគលើវិស័យសំណង់កើនឡើងជាង ៧០០% ក្នុងខែ មករា និងខែ កុម្ភៈ ប្រៀបធៀបនឹងឆ្នាំទៅ។ ឡើងជាង ៧០០% អាហ្នឹងហើយ ដែលតម្រូវការភ្លើងសម្រាប់ការប្រើប្រាស់នោះ។

តម្រូវការអគ្គិសនីគ្រប់ទីកន្លែង កើនឡើងហួសពីការរំពឹងទុក

កំពង់សោមបច្ចុប្បន្ន មិនមែនកំពុងសោមប្រើប្រាស់ ២០-៣០ មេហ្គាវ៉ាត់ ដូចមុនទេ (ឥឡូវតម្រូវការ)ជាង ១០០ មេហ្គាវ៉ាត់។ នៅសៀមរាបក៏មានការកើន។ អញ្ចឹង អាគម្រោងដែលយើងព្យាករពីមុននោះ វាខុសទៅហើយ។ ដើម្បីរង់ចាំការដាក់អគ្គិសនីបន្ថែមនៅក្រុងព្រះសីហនុ ដោយធ្យូងថ្មក្តី ឬដោយហ្គាសក្តី​ មើលអាណាដែលវាទំនើប យកអាទំនើប ស៊ុយ សែម, កែវ រតនៈ … យកអាណាបច្ចេកវិទ្យាទំនើប ដូចជាហ្គាសជាដើម គឺដាក់អាហ្គាសហ្នឹងចូលមក ព្រោះអាធ្យូងថ្មនេះ ថ្ងៃណាមួយធ្យូងថ្មហ្នឹងក៏វាឡើងថ្លៃដែរ។ អញ្ចឹងទេ ដាក់អាទំនើបចូលមក ដើម្បីយើងប្រើប្រាស់អាហ្នឹង។ ដល់អាហ្នឹងរួចបានហើយ ចាំយើងដករបស់ទួគីត្រឡប់ទៅវិញ បើទោះបីថ្លៃបន្តិច។ ត្បិតតែយើងទិញរបស់ទួគីថ្លៃ តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។

បច្ចុប្បន្ន អ្នកប្រើអគ្គិសនី ៥០ គីឡូ ឡើងលើ ថ្លៃ ៦៥០ រៀល, ៥០ គីឡូ ចុះក្រោម ថ្លៃ ៤៨០ រៀល

នៅថ្ងៃ ច័ន្ទ កន្លងទៅនេះ តន្ត្រីគ្រួសារខ្មែរ គេលេងផ្សាយតាមហ្វេសប៊ុកផេករបស់តន្ត្រីគ្រួសារខ្មែរ ពេលនោះ មានកូនម្នាក់ឈ្មោះ សុខ សាន គាត់ច្រៀងពិរោះណាស់ នៅស្រុកវាលវែង។ គាត់និយាយពីប្រវត្តិរបស់គាត់នៅស្រុកវាលវែងកាលពីមុន អគ្គសិនី គឺថ្លៃជាង ២ ៥០០ ឬ ២ ៦០០ (រៀល)/គីឡូវ៉ាត់ម៉ោង។ ឥឡូវគាត់មិនដឹង … ខ្ញុំក៏ទាញទូរស័ព្ទ ព្រោះក្នុងទូរស័ព្ទរបស់ខ្ញុំមាន note ថ្លៃភ្លើងនៅក្នុងហ្នឹង។ កំពុងតែទាញអាថ្លៃភ្លើងហ្នឹងមក ស្រាប់តែអ្នកវាលវែងដែលគេកំពុងមើលនៅហ្នឹងដែរ គេថា ថ្លៃ ៦៥០ (រៀល)។ ប៉ុន្តែ ខ្ញុំគិតថា ថ្លៃ ៦៥០ (រៀល) គឺពួកអ្នកប្រើ ៥០ គីឡូវ៉ាត់ឡើងលើ។ ខ្ញុំប្រុងវាយថា ពួកអ្នកប្រើ ៥០ គីឡូ ចុះក្រោម វាតែ ៤៨០ (រៀល)ទេ តែណ្ហើយ! មិនបាច់វាយទៅបន្ថែមទេ ព្រោះនាយករដ្ឋមន្ត្រីវាយទាល់តែប្រាកដ …។

ផលិតកម្មឧស្សាហកម្ម កសិកម្ម និងប្រជាពលរដ្ឋ មិនត្រូវទទួលផលប៉ះពាល់ពីការនាំម៉ាស៊ីនភ្លើងពីទួគី

សូមបញ្ជាក់ជូនថា តម្លៃសម្រាប់ផលិតកម្មឧស្សាហកម្ម កសិកម្ម និងប្រជាពលរដ្ឋ មិនត្រូវទទួលផលប៉ះពាល់ពីការនាំម៉ាស៊ីនភ្លើង បើសិនជាអាចធ្វើទៅរួច … គម្រោងលក់ដូចជាជាង ១៤ សេន ឯយើងធម្មតា ១២ សេន ប៉ុន្តែ បើយើងទិញពីរោងចក្រវារីអគ្គិសនិរបស់យើងៗ គិតជាមធ្យមថា ១១ សេន ទៅចុះ។ តែអានោះមក ១៤ សេន។ ទោះបី ១៤ សេន តែយើងយកមកច្នៃវា យើងសុខចិត្តបំពេញខាតបន្តិច។ រដ្ឋបំពេញខាត។ ប្រជាពល​រដ្ឋមិនត្រូវទទួលបង់ថ្លៃបន្ថែមទេ។ សូមក្មួយៗជាកម្មករ/ការិនី និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស កុំកង្វល់អំពីបញ្ហាការឡើងថ្លៃភ្លើង។ មានតែចុះ។ យើងបានប្រកាសថ្លៃអគ្គិសនីឆ្នាំ ២០១៩-២០២០ ហើយ ក៏ប៉ុន្តែ ដើម្បីភាពប្រកួតប្រជែង យើងសិក្សាថ្លៃអគ្គិសនីនៅឆ្នាំ ២០២០ បន្ថែមទៀត ដើម្បីតើយើងអាចចុះថ្លៃបានប៉ុន្មាន? ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាមានការប្រកួតប្រជែង។ អញ្ចឹងទេ ផលប៉ះពាល់ដែលមកពីខាងក្រៅ ក្នុងចំណែកណាមួយវាមិនបានសម្លាប់យើងទេ។

សម្លេងស្មើភាព ស្មើសិទ្ធិ ក្នុងឋានៈជារដ្ឋឯករាជ្យអធិបតេយ្យ

ប្រសិនបើគេឲ្យភាពអនុគ្រោះមកចំពោះយើង ក៏ល្អ ក៏ប៉ុន្តែត្រូវចងចាំថា ភាពអនុគ្រោះនោះមិនអាចឲ្យយើងក្លាយទៅជាអ្នកបានដែរ។ ធ្វើអ្នកមានបាន ទាល់តែយើងប្រឹងខ្លួនឯងឲ្យទៅជាអ្នកមាន។ យើងពិនិត្យមើល នៅពេលដែលសេដ្ឋកិច្ចគ្រួសាររបស់យើង នៅទទួលការពឹងពាក់ពីអ្នកក្រៅ ភាពឯករាជ្យរបស់យើងមានកម្រិត។ យើងមិនហ៊ាននិយាយជាមួយនឹងអ្នកដែលផ្តល់ឲ្យជំនួយមកយើងទេ ខ្លាចគេកាត់ជំនួយ​។ ប៉ុន្តែ នៅពេលដែលយើងមានឯករាជ្យ មានបាយស៊ីគ្រប់គ្រាន់ មិនពឹងពាក់លើអ្នកដែលធ្លាប់ផ្តល់ឲ្យយើង យើងអាចមានសម្លេងស្មើភាព ស្មើសិទ្ធិជាមួយគេ។ មិនមែនទៅត្រួតគេទេ ប៉ុន្តែជាសម្លេងដែលគ្រួ​សារនីមួយៗត្រូវការ ហើយប្រទេសនីមួយៗក៏កាន់តែត្រូវការ ក្នុងឋានៈជារដ្ឋឯករាជ្យអធិបតេយ្យ។

ប្រទេសកម្ពុជាមិនមែនជារបស់ ហ៊ុន សែន ឬត្រកូល ហ៊ុន នោះទេ

ពូនិយាយនេះក្នុងកម្រិតនៃស្ថានភាពជាតិ ប៉ុន្តែក្មួយៗត្រូវចងចាំថា ជាតិនេះមិនមែនជារបស់ពូទេ។ ប្រទេសកម្ពុជាមិនមែនជារបស់ ហ៊ុន សែន ឬត្រកូល ហ៊ុន ដូចដែលពួកគេថា ប្រទេសនេះជារបស់ត្រកូល ហ៊ុន។ ត្រកូល ហ៊ុន មានប៉ុន្មាននាក់? មាន ហ៊ុន សែន មាន ហ៊ុន ម៉ាណែត មាន ហ៊ុន ម៉ានិត មាន ហ៊ុន ម៉ានី។ ឥឡូវយកវាទៅ​កាប់ចោល ឬយ៉ាងម៉េច? តើវាជាកូនទេ? តើវាជាមនុស្សទេ? វាជាមនុស្ស។ ប៉ុន្តែ ដើម្បីបំផ្លាញពូ ឥឡូវនេះគេឈានដល់កម្រិត មិនមែនវាយ ហ៊ុន សែន ម្នាក់ឯងទេ វាយត្រកូល ហ៊ុន តែម្តង។ ប៉ុន្តែអ្នកឯងត្រូវចងចាំថា ត្រកូលមួយនេះបានរួចចំណែកជាមួយនឹងប្រទេសនេះយ៉ាងច្រើន ហើយនឹងបន្តតកូន តចៅ តជំនាន់។ អ្នកឯងត្រូវដឹងថា ត្រកូល ហ៊ុន មួយនេះមានចៅរហូតដល់ ២០ នាក់ អ្នកឯងត្រូវចាំ។ បើនិយាយពីត្រកូល ហ៊ុន កំ​ពូល​វិញ រាប់តាំងចៅហ្វាយខេត្តពោធិសាត់ហ្នឹង គឺត្រកូល ហ៊ុន ដែរ។ ប៉ុន្តែ ឥឡូវយកវាទៅណា? យកវាទៅវាយចោល? ឬយកវាទៅ (…) ចៅហ្វាយខេត្ត នេះជាក្មួយបង្កើត។ ឥឡូវបើវាធ្វើការមិនកើត ប្រាប់មកពូ ទុកឲ្យពូលត់វា … ពូអត់មានត្រូវការនិយាយច្រើនទេ ត្រូវការដកតែម្តង ដកចោលតែម្តង។ ប៉ុន្តែ បើធ្វើការបាន ឲ្យវាធ្វើការទៅ …។

ឧទាហរណ៍ កូន ហ៊ុន សែន អាមួយច្បងសូម្បីតែអាមេរិកក៏ទទួលស្គាល់ដែរ។ រៀននៅសាលាអាមេរិក បណ្តុះ​បណ្តាលនៅអាមេរិក បន្ទាប់ទៅ ទៅរៀននៅអង់គ្លេសជាប់ថ្នាក់បណ្ឌិត។ អាកូន ២ នាក់ទៀតប្រុសៗ រៀននៅប្រ​ទេសបារាំងជាប់វិទ្យាល័យនៅបារាំង បញ្ជូនទៅអាមេរិក ជាប់បរិញ្ញានៅអាមេរិក បញ្ជូនទៅអូស្ត្រាលីជាប់បរិញ្ញាជាន់ខ្ពស់នៅអូស្ត្រាលី។ ឯកូនមួយទៀតត្រូវសហរដ្ឋអាមេរិកយកទៅបង្ហាត់នៅសាលាការពារជាតិរបស់អាមេរិកកម្រិតថ្នាក់អនុបណ្ឌិតការពារជាតិរបស់អាមេរិក … អញ្ចឹងឲ្យយកវាទៅណា? ឬក៏ឲ្យវាដឹកនាំក្រុមចោរប្លន់? វាទៅ​ជាអញ្ចេះ។ ប៉ុន្តែបើត្រង់ពួកវាវិញ ប្តីក៏តំណាងរាស្ត្រ ប្រពន្ធក៏តំណាងរាស្ត្រ អាខ្លះប្រពន្ធដល់ទៅ ២ ឯណោះ ធ្វើតំណាងរាស្ត្រ … ដល់ទៅឯង គ្រាន់តែកូនធ្វើការនេះធ្វើការនោះ វាថាប្រទេសហ្នឹងជាប្រទេសគ្រួសារត្រកូល ហ៊ុន …។

អរគុណម្ចាស់រោងចក្រ ផ្តល់ពេលអោយកម្មករ/ការិនី មកជួបជុំ និងសម្រាកមួយល្ងាច

… សូមឲ្យប្រជាពលរដ្ឋកុំកង្វល់ ក្នុងហ្នឹងមានចំណោមកម្មករ/ការិនី។ ថ្ងៃនេះខ្ញុំសូមអរគុណដល់ម្ចាស់រោងចក្រទាំងអស់ ដែលបានផ្តល់កម្មករ/ការិនី មកជួបខ្ញុំនៅទីនេះ ហើយបានទទួលនូវការឈប់សម្រាកក្នុងមួយល្ងាចនេះតទៅទៀត។ ពិតហើយក្មួយៗ ខ្លះមកតាំងម៉ោង ២ ​ឯណោះ។ ក៏ប៉ុន្តែមិនខុសគ្នាប៉ុន្មានទេ? ក្មួយឯងភ្ញាក់ម៉ោង ២ ពូ ភ្ញាក់ម៉ោង ៣ ដែរ។ តាមពិត រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម គេហាមពូហោះ ឲ្យពូរង់ចាំឲ្យមេឃស្រឡះបន្តិច។ គេនិយាយត្រូវមែន ដោយសារយប់មិញមានភ្លៀងធ្លាក់ដូចជានៅតំបន់ព្រំប្រទល់រវាងខេត្តពោធិសាត់ និងខេត្តកំពង់ស្អឺ។ ដូច្នេះមុនម៉ោង ៥ គាត់វាយមកថា សូមសម្តេចពន្យារបន្តិច ដោយសារអាចនឹងមេឃអ័ព្វ។ ពេលដែលយើងហោះមក យើងអាចមើលឃើញខាងមុខប្រហែលជា ៧០០ ម៉ែត្រ ទៅ ៨០០ ម៉ែត្រ ប៉ុណ្ណឹងទេ។ វាមិនស្រឡះទេ ដោយសារពីយប់វាមានភ្លៀង។ ប៉ុន្តែលឺព័ត៌មាននៅឯណេះថា ជុំគ្នាតាំងម៉ោង ៥ កន្លះបាត់​។ អញ្ចឹង រឿងអីដែលយើងត្រូវចាំ … វាលស្រែខែនេះចុះបានតើ …។

បើគ្មានសន្តិភាព ខេត្ត​ពោធិសាត់មានតែរឿងវាយគ្នា

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍។ ក្មួយៗចោទចេញជាសំណួរមួយថា ហេតុអីបានជាថ្ងៃយើងជួបជុំគ្នានៅទីនេះ? មកពីមូលហេតុអីទៅ? ច្បាស់ហើយគិតឃើញរឿងនេះ គិតឃើញរឿងនោះ ក៏ប៉ុន្តែមូលហេតុចម្បងពូគ្រាន់តែបញ្ជាក់ថា គឺសន្តិភាពដែលនាំមកឲ្យយើងមកជួបជុំគ្នានៅថ្ងៃនេះ បើពេលណារកសន្តិភាពអត់បានទេ ពោធិ៍សាត់នេះ កុំនិយាយដល់ការអភិវឌ្ឍ និយាយពីរឿងវាយគ្នាអាហ្នឹងទើបត្រឹមត្រូវ។ ជំនាន់តា ស្រេង គាត់ធ្វើអភិបាលខេត្ត។ ពេលហ្នឹងវាជារឿងមិនគួរទេ ប៉ុន្តែ កូនស្រីរបស់ពូម្នាក់តាមពូ … កូនស្រីច្បង។ ឥឡូវគេមានកូន ៥ ទៅហើយ។ ហើយកូនមួយចូលមហាវិទ្យាល័យទៅហើយ។ ធម្មតាកូនប្រុសតាមម្តាយ កូនស្រីតាមឪពុក។ ទៅក្រៅប្រទេសក៏តាម មកក្នុងប្រទេសក៏តាម។ អញ្ចឹងទេ យកកូនស្រីមកជាមួយទៅពោធិសាត់ រួចហើយល្ងាចនោះ អត់ហ៊ានទុកកូននៅសាលាខេត្តទេ។

ចិញ្ចឹមចិត្តថា ត្រូវកសាងទំនប់បង្ហៀរដំណាក់អំពិល

ទៅមើលកន្លែងដំណាក់អំពិល ជំនាន់ឆ្នាំ ១៩៨៥ ព្រោះដំណាក់អំពិល ជំនាន់ អាពត វាធ្វើជាទំនប់បង្ហៀរដែរ។​ ទៅមើលតំបន់ហ្នឹង។ បានចិញ្ចឹមចិត្តទុក កសាងអាដំណាក់អំពិលទាល់តែបានហ្នឹង។ កាលហ្នឹងនៅចាំទេ បង អុល … ​អុល ហ្នឹងការពិតយកឈ្មោះបងខ្លួនឯងយកមកដាក់ទេ បងខ្លួនឯងត្រូវអាពតសម្លាប់ចោល​ ពួកក្រុមហ្នឹងគេមករៀននៅភ្នំពេញ ពួកហ្នឹងសុទ្ធតែពួកក្រុមរៀន ទាំងក្រុមគ្រួសារ។ ហ្នឹងភាគច្រើនជាគ្រូ ជាសាស្ត្រាចារ្យ។​​ អញ្ចឹងទេស្រាប់តែបាត់ឈ្មោះ។ ពីដើមគេហៅ បងកិនៗ ទេ។ ធ្វើមេខ្លាឃ្លោក។ ខ្ញុំចាក់ដួលរលំ ថ្ងៃចូលឆ្នាំនៅចាំទេ? ចាក់មុខផ្ទះបង​​ឯងហ្នឹង។ ចាក់ទាល់តែរលំមេខ្លាឃ្លោក។ ជំនាន់ហ្នឹងចូលឆ្នាំ ៣ ថ្ងៃ​ គឺគេបើកឲ្យលេងល្បែងតែម្តង។ គាត់ទៅធ្វើមេខ្លាឃ្លោក។ ដល់ទៅធ្វើមេខ្លាឃ្លោក ចាក់រលំមេ។ ពេលហ្នឹងគាត់នៅធ្វើចៅហ្វាយស្រុកបាកាន។ គេទើបនឹងវាយគ្នាពីយប់ ស្អែកឡើងល្ងាចចង់យប់ទៅហើយ ទៅមើលអាកន្លែងដំណាក់អំពិល។ ឯងពរកូនទៅ។

ផ្លូវជាតិ ៥៥ ធំហើយធ្លាក់ដល់ថៃ, ត្រៀមបើកការដ្ឋានផ្លូវភ្ជាប់ពីកោះកុង មកថ្មដា ពោធិសាត់

និយាយពីរឿងវាយគ្នា មិនមែននិយាយពីរឿងអភិវឌ្ឍទេ។ ក៏ប៉ុន្តែ ក្រោយពេលដែលយើងធ្វើសមាហរ​ណកម្មហើយ ឥឡូវពោធិសាត់ស្ថិតនៅក្នុងស្ថានភាពបែបណា? ពីមួយថ្ងៃទៅមួយថ្ងៃ ពោធិសាត់ មានកំណើន។ ឥឡូវនេះ ទម្លាយផ្លូវមួយដែលពីមុននេះហៅថាផ្លូវ ៥៦ ឥឡូវហ្នឹងគេហៅផ្លូវ ៥៥ ទម្លាក់ចុះទៅដល់ព្រំដែនថៃឯណោះ … រួចហើយត្រៀមបើកការដ្ឋានកសាងផ្លូវភ្ជាប់ពីកោះកុង មកថ្មដា មកផ្លូវជាតិ ៥៥ ហ្នឹង រួចហើយចុះទៅសំឡូត ចុះទៅខាងប៉ៃលិន ភ្ជាប់បាត់ដំបង។

ចៅហ្វាយស្រុកក្រគរ ពូកែសុំ ដើម្បីប្រជាពលរដ្ឋស្រុកក្រគរ

ស្រុកក្រគរ ឯណាចៅហ្វាយស្រុកក្រគរ? ពូកែសុំអស់ទាស់។ ឥឡូវ វិទ្យាល័យកសាងដល់ណាហើយ? ៩៥% ហើយ។ សុំចាំ ចៅហ្វាយស្រុកមួយនេះ គឺពេលណាក៏ដោយ ជួបគាត់ មិនដែលសុំខ្ញុំទៅបង្ហើយផ្ទះបាយទេ តែរឿងដែលគាត់សុំ គឺផ្លូវ/ថ្នល់ ប្រឡាយទឹក សាលារៀន … នេះបានប៉ុន្មានទៅវិទ្យាល័យនេះ? ធំជាងគេមួយខេត្ត ៣៦ បន្ទប់ ២ ខ្នង អន្តេវាសិក ២ ជាន់ ១០​ បន្ទប់ … ស្តង់ដាតែម្តង។ ខ្ញុំនិយាយណា ថ្ងៃក្រោយដីនេះ ម្តុំនេះ ត្រៀមទុកធ្វើតារាងបាល់ ឲ្យធំសម្រាប់ប្រកួតភូមិភាគ។ ផ្នែកខាងនេះ ដីតារាងកប៉ាល់ហោះចាស់ គ្រប់គ្រងដីហ្នឹងឲ្យជាប់។ ថ្ងៃក្រោយអាចឈានទៅធ្វើតារាងបាល់ សម្រាប់ការប្រកួតស្អីៗ … ចាំនិយាយគ្នាក្រោយ ប៉ុន្តែសំខាន់រក្សាទុកដីហ្នឹងឲ្យបាន។ ថ្ងៃហ្នឹង អត់មានសុំអីទៀតទេ? នៅក្នុងសន្និបាតឡើងមក មាត់ឲ្យប៉ប៉ែះ ប៉ុន្តែ ចៅហ្វាយស្រុកមួយនេះ គឺជាចៅហ្វាយស្រុកដែលគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋ សូម្បីតែផ្លូវណាដែលខ្វះ ដែលកន្លែងមួយនោះថា សុំដីស ឲ្យអាខ្មៅហើយ ប៉ុន្តែ កាលនោះសុំអាស ឲ្យដល់អាខ្មៅ។

កម្មករនៅពោធិសាត់ រកក្រុមការងារចុះជួយខេត្ត ចៅហ្វាយខេត្ត ឬស្រុកជួយ មុននឹងធ្វើបាតុកម្ម

… ឥឡូវហ្នឹង អ្នកក្រគរមានភ័ព្វសំណាង មានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​ដែលជាប្រធានអគ្គនាយកអគ្គិសនីកម្ពុជា ចុះមកកាន់ធ្វើជាប្រធានក្រុមការងារនៅស្រុកក្រគរតែម្តង។ អញ្ចឹង ក្មួយៗមានការអី រក កែវ រតនៈ រកចៅហ្វាយស្រុក … រកចៅហ្វាយខេត្ត។ ពិតហើយ មន្ទីរការងារ ត្រូវដោះស្រាយ ក៏ប៉ុន្តែដើម្បីឲ្យវាលឿន រកក្រុមការងារ រកចៅហ្វាយស្រុក ដោះស្រាយលឿន។ កិច្ចការណាដែលក្មួយៗមានបញ្ហា កុំអាលនាំគ្នាធ្វើបាតុ​កម្ម​ជ្រួលច្របល់អី ប្រាប់ទៅចៅហ្វាយស្រុក ប្រាប់ទៅ កែវ រតនៈ ប្រាប់ទៅចៅហ្វាយខេត្ត ឲ្យគេចូលមកមើលអាហ្នឹងមានរឿងអី។ ហ្នឹងរហ័ស។

ចៅហ្វាយស្រុកចាស់ធ្វើប្រធានបក្ស និងសមាជិកក្រុមប្រឹក្សា

ថ្ងៃក្រោយធ្វើទៀត អាយុប៉ុន្មានឥឡូវ? ៦០ ដល់ចូលនិវត្តន៍ហើយ រឿងវាត្រូវហើយ។ រួចហើយចាំយើងគិតពីរឿងការតែងតាំងស្អីៗមុខតំណែងនយោបាយ ប៉ុន្តែ មិនឈរឈ្មោះធ្វើប្រធានក្រុមប្រឹក្សាបណ្តោយទៅ គេឲ្យឈរហើយ អញ្ចឹងធ្វើប្រធានក្រុមប្រឹក្សានៅហ្នឹងតែម្តង។ អរគុណ! ទះដៃមួយ នៅហ្នឹងដដែល។ បន្តធ្វើប្រធានបក្ស ប្រធានស្រុកផង ប្រធានបក្សផង … ចៅហ្វាយស្រុកចាស់ធ្វើប្រធានបក្ស។ ឥឡូវហ្នឹងនៅធ្វើប្រធានបក្ស ឬធ្វើអី្វ​ទៀត? សមាជិកក្រុមប្រឹក្សា។ ប៉ុន្តែ ដល់ឥឡូវយើងត្រូវឡើងធ្វើប្រធានក្រុមប្រឹក្សា ប៉ុន្តែប្រធានបក្សវានៅតែប្រ​ធានបក្សសិនទៅ សំខាន់សាមគ្គីគ្នាធ្វើទៅ។ ខែ ៥ ហ្នឹងចូលរួមបោះឆ្នោតទៅ។ តានេះមិនបានទេ ទុកឲ្យគាត់នៅអញ្ចឹង​ ដល់ពេលប្រជុំនោះ តំណាងផលប្រយោជន៍ប្រជាជនស្រុកក្រគរតែម្តង ហើយក៏ដូចជាតំណាងឲ្យប្រជាជននៅខេត្តពោធិសាត់ គាត់សុំបានច្រើន​ …​​។

ធ្វើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ/ដឹកជញ្ជូន តបណ្តាញអគ្គិសនី ទាញវិនិយោគ

… ចាប់ផ្តើមនិយាយអំពីបញ្ហាហេតុអីបានយើងអង្គុយកន្លែងហ្នឹង? យើងអង្គុយកន្លែងនេះបាន ដោយសារយើងរកសន្តិភាពឃើញ ហើយតាមរយៈសន្តិភាពនោះហើយ ដែលយើងផ្តល់លទ្ធភាពទាក់ទាញអ្នកវិនិយោគឲ្យមកកាន់ទីនេះ។ ដើម្បីអ្នកវិនិយោគមកកាន់ទីនេះបាន យើងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការកសាងផ្លូវជាតិលេខ ៥ ដែលមុននេះខូចខាត យើងធ្វើបណ្តោះអាសន្ន។ ឥឡូវយើងបន្តពង្រីកផ្លូវជាតិលេខ ៥ តាំងពីចេញ​ពីភ្នំពេញ ៤ គន្លង មកដល់ព្រែកក្តាម។ ឥឡូវយើងបន្តពីព្រែកក្តាម រហូតដល់ព្រំដែនថៃ។ ឥឡូវឃើញថា ចាប់ផ្តើមឈូសឆាយ សុទ្ធតែជាង ២០ ម៉ែត្រ។ ផ្លូវជាតិពីដើម តែ ៧ ម៉ែត្រ ឥឡូវផ្លូវជាតិឡើងជាង ២០ ម៉ែត្រហើយ។ អ្នកដែលបោះទុនវិនិយោគនៅតាមដងផ្លូវជាតិលេខ ៥ អត់មានខកចិត្តទេ។ សេវាដឹកជញ្ជូនថ្ងៃក្រោយគឺកាន់តែស្រួល។ បើយើងបើកច្រកថ្មដាបាន រវាងកម្ពុជា និងថៃ ជួនកាល រុញទៅតាមផ្លូវជាតិ ៥៥ ចេញថ្មដា ហើយគេអាចរុញតម្រង់ទៅកំពង់ផែនៅត្រាត ប្រទេសថៃ ដែលវាជិតជាង។ តាមច្រកណាក៏បាន។ អគ្គិសនី គឺតបណ្តាញចេញមកតាមពោធិសាត់ទាំងអស់ ដែលបញ្ចេញពីខេត្តកោះកុងមក ៣ ស្ថានីយ៍ ហើយនៅខេត្តពោធិសាត់មួយ ចេញមកតាមហ្នឹង។

បើគ្មានរោងចក្រនៅពោធិសាត់ (១)ចំណាកស្រុកទៅរកការងារធ្វើ (២)នៅធ្វើកសិករជាមួយគ្រួសារ

… ចំណុចនេះ យើងត្រូវមើលឃើញ បើអត់មានសន្តិភាពទេ គ្មានការអភិវឌ្ឍទេក្មួយ។ ក្មួយ​ៗ ក៏គ្មានឱកាស ដើម្បីមកអង្គុយទីនេះ។ ក្មួយៗក៏អត់មានឱកាសមានការងារធ្វើ និងមានប្រាក់ចំណូលនោះទេ។ សំណួរសួរថា ប្រសិនបើមិនមានរោងចក្រកើតឡើងនៅលើទឹកដីខេត្តពោធិសាត់ តើពេលនេះក្មួយៗកំពុងធ្វើអី? ឥឡូវជួយឆ្លើយតិចមើល បើអត់មានរោងចក្រនៅក្នុងខេត្តពោធិសាត់ តើក្មួយៗពេលនេះកំពុងធ្វើអី? ធ្វើស្រែ។ ក្មួយត្រូវចាំ នេះមិនមែនជាពាក្យដែលពូបញ្ចេះក្មួយទេ។ ក្មួយស្រែក(ខ្លួនឯង) ការពិតរឿងវាអញ្ចឹងមែន។ អាចនឹងមាន ១ ចំ​នួនអញ្ចេះ ពូបែងចែកជា ២ ប្រភេទ។ បើគ្មានរោងចក្រនៅខេត្តពោធិសាត់ទេ ពេលនេះប្រភេទទី ១ ក្មួយ​ៗនៅទីកន្លែងផ្សេង នៅខេត្តផ្សេង ដូចជាក្រុងភ្នំពេញ ឬកន្លែងណាផ្សេង ដែលក្មួយៗទៅរកការងារធ្វើនៅទីនោះ ជាកម្មករកាត់ដេរ ឬក៏ជាកម្មករផ្នែកផ្សេងៗ ទៅតាមជំនាញ ឬទៅតាមអ្វីដែលគេរើសឲ្យក្មួយៗធ្វើ។ ហ្នឹងគឺជាប្រភេទទី ១ ប៉ុន្តែភាគច្រើនចម្លើយក្មួយៗត្រឹមត្រូវហើយ គឺធ្វើស្រែជាមួយឪពុកម្តាយ ធ្វើចំការជាមួយឪពុកម្តាយ ឬក៏រកស៊ីជាមួយឪពុកម្តាយ ជានេសាទ ជាធ្វើស្រែធ្វើចំការ ឬក៏ការលក់ដូរបន្តិចបន្តួចប៉ុណ្ណឹង។

នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត

ប៉ុន្តែដោយ​សារសន្តិភាពដែលយើងរកបានតាមរយៈនយោ​បាយឈ្នះឈ្នះ យើងជំរុញការអភិវឌ្ឍដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រាយរោងចក្រទៅតាមបណ្តាខេត្តផ្តល់ឱកាសឲ្យក្មួយៗមានការងារធ្វើ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅទីក្រុងភ្នំពេញ និងទៅខេត្តផ្សេងៗ យ៉ាងហោចណាស់ក៏មានកម្រិតប្រមាណជា ១ ម៉ឺននាក់នៅទីនេះ។ នេះមិនទាន់គិតពីសិប្បកម្មតូចតាចមិនទាន់បានចុះបញ្ជី ដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធផង។ ពូបានទៅស្រុកក្រវ៉ាញ នៅក្នុងឆ្នាំ ១៩៨៩ ដើមឆ្នាំ ១៩៩០ ពេលនោះកងពលតូចលេខ ៩៤ របស់ អ៊ីន ស៊ីតារា រាល់ថ្ងៃកងពល​ ២១ (ត្រូវបាន)បញ្ជាឲ្យដកចេញពីថ្មដា ហើយមកឈរជើងការពារពោធិសាត់ នៅស្រុកក្រវ៉ាញ។ សង្គ្រាម​វាដូច្នេះឯង។ លំបាកណាស់។ ផ្លូវតភ្ជាប់របស់យើងលំបាក។ ប៉ុន្តែឥឡូវវាមិនយូរប៉ុន្មានទេ ពូនឹងមកសម្ពោធផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់រវាងពោធិសាត់ និងថ្មដា ព្រំដែនកម្ពុជាថៃ ហើយក៏មិនយូរប៉ុន្មានដែរ ដែលនឹងបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់រវាងកោះកុង ពោធិសាត់ និងទៅប៉ៃលិន បាត់ដំបង​។

ពន្លត់ភ្លើងសង្រ្គាម តាមរយៈនយោបាយឈ្នះឈ្នះ

… យើងទាំងអស់គ្នាត្រូវគិតដល់តម្លៃសន្តិភាពជាមុន។ បើអ្នកណាមួយចង់បំផ្លាញសន្តិភាពទោះដោយតម្លៃណាក៏ដោយ ប្រជាជនកម្ពុជាត្រូវងើបឈរឡើងដើម្បីប្រឆាំងពួកអាសិរពិសបំផ្លាញសន្តិភាពរបស់ប្រទេស។​​​​​ ថ្ងៃនេះទើបនឹងថ្ងៃ ២០ ខែ មីនា ទេ។ វាជាខួបលើកទី ៤៩ នៃថ្ងៃដែលកម្ពុជាចាប់ផ្តើមមានសង្រ្គាម តាមរយៈរដ្ឋប្រ​ហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ សង្រ្គាមបានឆាបឆេះពេញបន្ទុកក្នុងផ្ទៃប្រទេស តាំងពីពូមិនទាន់អាយុ ១៨ ឆ្នាំផង។ ក៏ប៉ុន្តែ ប្រហែលជាទេវតាគូសវាស គូសក្រយ៉ៅមកថា ជោគ​វាសនារបស់អ្នកឯង ត្រូវទៅពន្លត់ភ្លើងសង្រ្គាមហ្នឹង បានជាបន្ទុកសង្រ្គាមមួយ ដែលអ្នកជំនាន់ដើមដុតរោល ត្រូវបានអ្នកជំនាន់ក្រោយ ដែលអាយុមិនទាន់ ១៨ នៅពេលដែលសង្រ្គាមឆាបឆេះ ជាអ្នកពន្លត់ភ្លើងសង្រ្គាមនេះ តាមរយៈនយោបាយឈ្នះឈ្នះ។ ត្រូវមើលឃើញឯករាជ្យ សន្តិភាព វាមានន័យសំខាន់ណាស់សម្រាប់ប្រទេសមួយ។ ធាតុអាកាសអាចធ្វើឲ្យយើងបាត់បង់ផលដំនាំ ធ្វើឲ្យយើងខូចខាតនេះបន្តិចបន្តួច គ្រោះទឹកជំនន់វាយប្រហារ ខ្យល់ព្យុះវាមាន ក៏ប៉ុន្តែ ប្រសិនបើប្រទេសធ្លាក់ទៅក្នុងសង្រ្គាម មហន្តរាយលើសអ្វីទាំងអស់​។

កម្មករ-កម្មការិនី បន្តចូលរួមថែរក្សាសន្តិភាព ដើម្បីភាពរីកចំរើននៃប្រទេស និងគ្រួសារ

អញ្ចឹងទេ បានជាអ្វីដែលពូសំណូមពរ សុំឲ្យក្មួយៗជាកម្មករ/ការិនីទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាទុកនូវសន្តិភាព ហើយការរក្សាទុកនូវសន្តិភាពនេះ គ្មានន័យអ្វីក្រៅតែពីបន្តការអភិវឌ្ឍ ដើម្បីការរីកចម្រើនរបស់ប្រទេស និងការរីកចម្រើននៃក្រុមគ្រួសារនីមួយៗនោះទេ។ នេះជាបំណងប្រាថ្នា ដែលយើងទាំងអស់គ្នាត្រូវ(ការ) ហើយរឿងនេះយើងអាចធ្វើបាន កុំទៅស្តាប់ពួកអាញុះញង់ហ្នឹងទៅ វាចប់រឿងហើយ។ បើឃើញពួកញុះញង់ហ្នឹង ជួយអប់រំវាទៅ ហើយបើអប់រំវាមិនបានទេ គុកហ្នឹងគេមិនមែនធ្វើសម្រាប់ដាក់ក្តាម ដាក់ខ្យងទេ គុកហ្នឹងគេដាក់សម្រាប់មនុស្សដែលមិនគោរពច្បាប់តែប៉ុណ្ណឹងទេ។ អាអ្នកនៅភ្នំក្រវ៉ាញ ដែលនិ​យាយរាល់ថ្ងៃ … អញមិនបញ្ចេញមុខអ្នកឯងទេ។ មិនចេញឈ្មោះទេ។ អ្នកឯងទាក់ទងដល់ណា អាខ្លះរត់ពីកំពង់ចាម មកដេកនៅភ្នំពេញ អាខ្លះរត់ពីភ្នំពេញទៅដេកនៅអន្លង់វែង។ កុំតែធ្វើសកម្មភាពខុសច្បាប់ទៅបានហើយ គ្មានអ្នកណាគេធ្វើអីអ្នកឯងទេ …។

តែ ៨ នាទី គេអាចរកឃើញទីតាំងឈរជើងរបស់អ្នកឯងហើយ

យប់មិញខ្ញុំបាននៅលើសម៉ោង ១២ មើលកុនគេបញ្ចាំងតាមទូរទស្សន៍ Fresh News គេដាក់(ចំណងជើងថា) Mekong Operation បានសេចក្តីថា គេបង្រ្កាបគ្រឿងញៀននៅក្នុងតំបន់មេគង្គ ហើយដែលធ្វើនៅក្នុងប្រទេសភូមា។ អញ្ចឹងទេដល់ពិនិត្យមើលប្រព័ន្ធបច្ចេកវិទ្យារបស់វា អានោះយកមកបង្ហាញខ្ទេច។ ប្រព័ន្ធបច្ចេកវិទ្យាស្តាប់សម្លេងយ៉ាងម៉េច អីយ៉ាងម៉េច? អាចូលទៅមានប្រដាប់យ៉ាងម៉េច អាខាងក្រៅតាមដានអាចូលទៅក្នុងយ៉ាងម៉េច អីយ៉ាងម៉េច។ អានោះយកមកបង្ហាញខ្ទេច។ អញ្ចឹងទេអ្នកឯងត្រូវយល់ ឧបករណ៍បច្ចុប្បន្ននេះអ្នកឯងរត់មិនរួចទេ។ អញ្ចឹងបានខ្ញុំថា អ្នកឯងបង្ហោះព្រឹប ៨ នាទីគ្រប់គ្រាន់សម្រាប់កំណត់ទីតាំងឈរជើងរបស់អ្នកឯងនៅកន្លែងណា។ គ្រាន់តែឲ្យយល់ពីកន្លែងហ្នឹងតែបុណ្ណឹងទេ។ អ្នកឯងបង្ហោះព្រឹបគឺគេអាចដឹងអ្នកឯងឈរជើងនៅកន្លែងណា។ អាហ្នឹងសុំគ្រាន់តែបញ្ជាក់បុណ្ណឹង។

សាមគ្គីភាពរវាងកម្មករ និងថៅកែរោងចក្រ, បង្កើតគិលានដ្ឋាន កន្លែងហូបអាហារ …

ខ្ញុំនៅតែសំណូមពរតទៅទៀត ម្ចាស់រោងចក្រជាមួយកម្មករត្រូវមានសាមគ្គីភាពគ្នា​។ ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករ។ នៅពេលដែលកម្មករមានសុខភាពល្អ កម្មករពង្រីកចំណេះដឹងរបស់ខ្លួន ការ​ងារ​រោងចក្ររបស់យើង ផលិតផលរោងចក្ររបស់យើងក៏នឹងកាន់តែល្អប្រ​សើរ ដែលនាំមកនូវប្រាក់ចំណេញ ហើយប្រាក់ចំណេញនោះក៏ជាផ្នែកមួយនៃការតម្លើងបៀវត្សឲ្យកម្មករ-កម្មការិនីរបស់យើង។ ម្ចាស់រោងចក្រត្រូវខិតខំសម្រួលយ៉ាងម៉េច ដើម្បីឲ្យមានគិលានដ្ឋាននៅតាមរោងចក្រ ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់កម្មករ ហើយដោះស្រាយកន្លែងហូបចុកទទួលទានអាហារថ្ងៃត្រង់ របស់កម្មករ/ការិនីរបស់យើង។ នៅរោងចក្រនៅតាមទីជនបទមិនពិបាកដីធ្លីសម្រាប់សាងសង់កន្លែង ហូបបាយទេ មិនពិបាកទេ នៅទីក្រុងភ្នំពេញទើបលំបាក ប៉ុន្តែ នៅជនបទមិនពិបាកទេ។

ខិតខំធ្វើឲ្យរោងចក្រក្លាយជាសហគមន៍ដ៏សុខសាន្តមួយ

សម្រាប់ក្មួយៗ កម្មករ/ការិនី ​អ្វីដែលពូសុំនោះ  គឺធ្វើយ៉ាងណាខិតខំធ្វើឲ្យរោងចក្ររបស់យើង  រោងចក្រមួយជាសហគមន៍ដ៏សុខសាន្តមួយ។ នេះជាចំណុចដែលដើរស្របជាមួយនឹងគោលនយោបាយភូមិ/ឃុំមានសុវត្ថិ ភាព។ កុំឲ្យរោងចក្រក្លាយមានបងតូច បងធំ កុំឲ្យរោងចក្រយើងមានជើងកាង កុំឲ្យរោងចក្ររបស់យើងមានគ្រឿងញៀន កុំឲ្យរោងចក្ររបស់យើងមានការរីករាលដាលនៃជំងឺអេដស៍ ជំងឺឆ្លង។ បើយើងខិតខំធ្វើបានទាំងអស់គ្នាទៅលើចំណុចនេះ យើងរួមចំណែកធំណាស់ដើម្បីស្ថេរភាពរបស់ប្រទេស ដើម្បីការរីកលូតលាស់របស់ប្រទេស ហើយការលូតលាស់របស់ប្រទេស វាជាការលូតលាស់របស់ប្រជាជនហ្នឹងឯង។

រាជរដ្ឋាភិបាលតម្លើងបៀវត្ស គ្រប់គ្រងថ្លៃទំនិញ ធានាកម្លាំងទិញពិត

ប្រទេសមួយដែលមានការរីកលូតលាស់ គឺប្រជាជនមានចំណេះដឹង ចំណេះធ្វើ មានជីវភាពល្អប្រសើរ នោះគឺជាប្រទេសដែលមានការរីកលូតលាស់។ អញ្ចឹងបានជារាជរដ្ឋាភិបាល ប្រឹងណាស់ក្មួយ ជាមួយនឹងការខិតខំតម្លើងបៀវត្សឲ្យក្មួយៗ រាជរដ្ឋាភិបាលកំពុងខិតខំរក្សាធ្វើយ៉ាងម៉េចគ្រប់គ្រងថ្លៃទំនិញ ដើម្បីឲ្យកម្លាំងពិតនៃការទទួលបានប្រាក់បៀវត្សនេះ គឺក្លាយជាប្រាក់បៀវត្សពិត តម្លើងបានពិត។ អង្កាល់ដែល ក្មួយនៅ ១៧០ ដុល្លារ តម្លៃភ្លើងវាខ្ពស់ជាងបន្តិច ដល់ឥឡូវក្មួយឡើង ១៨២ តម្លៃភ្លើងបែរជាទាបទៅវិញ បើទោះបីមិនបានទាប ក៏វានៅតែស្មើទ្រឹង ប៉ុន្តែបើឡើងបៀវត្ស តម្លៃភ្លើងក៏ឡើង អាហ្នឹងវាមិនមែនឡើងបៀវត្សទេ។

ពិនិត្យ ព្យាបាលជំងឺឥតគិតថ្លៃ

ការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ជាផ្នែកមួយ ដើម្បីកាត់បន្ថយនៃការចំណាយរបស់កម្មករ/ការិនីរបស់យើង ដើម្បីធានាថា ប្រាក់ដែលបានទទួលមកមិនត្រូវបានយកទៅប្រើប្រាស់ច្រើនហួសសម្រាប់ការព្យាបាលជំងឺទេ ដោយសារជាបន្ទុករបស់រាជរដ្ឋាភិបាលរបស់បេឡាជាតិសន្តិសុខសង្គមទៅហើយ។

រាជរដ្ឋាភិបាលចេញ ២ សេន ឯកជនចេញ ២ សេន ជួយទប់ថ្លៃប្រេង

សូម្បីតែថ្លៃប្រេងនៅប្រទេសខ្លះថ្លៃប្រេងជិត ២ ដុល្លារ ក្នុងមួយលីត្រ ស្មើនឹងជាង ៧០០០ រៀល ក្នុងមួយលីត្រ។ ឯយើងទិញប្រេងពីគេទេ ប៉ុន្តែ ឥឡូវនេះតម្លៃប្រេងនៅទីក្រុងភ្នំពេញសម្រាប់អាទិត្យនេះ និងអាទិត្យក្រោយ ៣ ៦៥០ រៀល ប្រេងសាំង និង ៣ ៦០០ រៀល ប្រេងម៉ាសូត។ ក្នុងនោះ​រាជរដ្ឋាភិបាលចេញ ២ សេន ឯផ្នែកឯកជនចេញ ២ សេន ដើម្បីជួយទប់ថ្លៃប្រេង កុំឲ្យឡើងថ្លៃ ទប់ស្កាត់កុំឲ្យមានអតិផរណា។​ ខ្ញុំតែងតែលើកឧទា​ហរណ៍ កាលមុនតម្លើងបៀវត្សអាវមួយថ្លៃ ១ ម៉ឺន  ប៉ុន្តែ បើក្រោយតម្លើងបៀវត្សរ៍អាវមួយឡើង ១៥ ០០០ រៀល អាហ្នឹងមិនមែនឡើងបៀវត្សរ៍ទេ ព្រោះតម្លៃទំនិញវាឡើងតាម។ អញ្ចឹង យើងខិតខំថាមុនតម្លើងបៀវត្សរ៍អាវមួយ ១០ ០០០ រៀល ឡើងបៀវត្សរ៍ហើយនៅតែ ១០ ០០០ រៀល ដដែល អាហ្នឹងគឺប្រសើរ វានឹងក្លាយទៅ ជាកម្លាំងទិញពិតប្រាកដនៃបៀវត្សរ៍ ដែលបានទទួលពីការតម្លើងនេះ …។

ថ្ងៃ ២៩ មីនា រកដំណោះស្រាយជាក់លាក់សម្រាប់ផ្លូវដែក

យើងបន្តការខិតខំបន្តទៅទៀត។ នៅពេលខាងមុខ យើងនឹងពិនិត្យជាកញ្ចប់បញ្ហា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ច និយាយជារួម មិនមែនគ្រាន់តែជាបញ្ហាស្អីគេឲ្យអនុគ្រោះ និងមិនអនុគ្រោះទេ។ វាជាបញ្ហាអនាគតប្រ​ទេសជាតិរយៈពេលវែង ដែលយើងត្រូវធ្វើកំណែទម្រង់ រាប់ទាំងប្រព័ន្ធផ្លូវដែក ដែលថ្ងៃ ២៩ នេះ ខ្ញុំនឹងចាត់ការ​លើ​បញ្ហាផ្លូវដែករបៀបម៉េច​។ ព្រោះទៅមុខ ក៏វាមិនទៅ ថយក្រោយ ក៏វាមិន​មក។ អញ្ចឹងខ្ញុំមិនអាចនឹង(ទុកស្ថានភាពអោយនៅដូចនេះ)បានទៀតទេ។ ខ្ញុំឲ្យជាសញ្ញាថា ខ្ញុំនឹងរកដំណោះស្រាយជាក់លាក់​មួយ។ ការដឹកជញ្ជូនតាមផ្លូវគោកនេះត្រូវដឹកហើយ​ ប៉ុន្ដែ បើយើងដឹកតាមផ្លូវដែកកាន់តែច្រើន ចំណេញកាន់​តែច្រើន​ខាងសេដ្ឋកិច្ច។ អញ្ចឹងត្រូវមើលគ្រប់។

ចាប់យកវិធីស្កេនតាមហានិភ័យ

សូម្បីតែស្កេនកុងតឺណ័រ អាហ្នឹងដូចឲ្យសារសម្រាប់ទៅអ្នក​វិនិយោគដែរ ។ កុងតឺណ័ររាល់ថ្ងៃនេះ អាថ្លៃនោះវាម្យ៉ាងហើយ តែអារឿងធំជាងគេវាកក។ ស្កេនឡាន ២០០ កុងតឺណ័រ មក​ដល់ត្រូវឈប់កន្លែងស្កេន។ អញ្ចឹងទេ ថ្ងៃ ២៩ ត្រូវយកវិធានការជាក់លាក់មួយ ស្កេនតាមហានិភ័យតែប៉ុណ្ណឹង។​ឧទាហរណ៍ ២០០ កុងតឺណ័រ បើអត់មានការសង្ស័យទេ មិនបាច់ស្កេនទេ ឲ្យទៅៗ …​ ប៉ុន្ដែបើមាន​ការសង្ស័យថា បង្កប់គ្រឿងញៀន ឬអ្វីជាសារធាតុសង្ស័យ ​ឲ្យចូលមកស្កេនតែប៉ុណ្ណឹងទៅ តែ ៤-៥ ឡានបានហើយ​។ ដល់តែចេញទៅក្រៅប្រទេស​ ប្រទេសណាគេឲ្យយើងស្កេន ចាំស្កេន ប្រទេសណាគេ​មិន​ឲ្យយើងស្កេនមិនបាច់ស្កេន​ទេ។​ វាមិនមែនបានលុយពីអាស្កេនហ្នឹងទេ។ ចំណេញសេដ្ឋកិច្ច។ យើងរំលាយកាំសាបមួយចោលហើយតើ យើងខ្លាចអី​? រំលាយកាំសាបមួយ មិនមែនឲ្យរស់កាំសាបមួយ ​សម្លាប់​សេដ្ឋកិច្ចស្រុកទេ។ កាំកុងត្រូលបញ្ឈរជើងនៅហ្នឹង ទុកគយមួយ និងប៉ូលីសបានហើយនៅហ្នឹង ដកកាំកុងត្រូលចេញ។ ដូច្នេះ​អ្នកដែល​ធ្លាប់បង់ប្រាក់ឲ្យកាំកុងត្រូលទាំងលើ និងក្រោមតុ មិនត្រូវបង់ឲ្យអ្នកណាទៀត យកវិធានការជាក់​លាក់ ទើបច្បាស់ថាសេដ្ឋកិច្ចខ្មែរ​ ទោះអ្នកណាឲ្យអី មិនឲ្យអីគឺ(មិនស្លាប់)។ បើគេឲ្យយើង​ក៏អរគុណ បើមិនឲ្យទេ យើងក៏មិនងាប់ ព្រោះអាគេឲ្យយើងមិនធ្វើអ្នកមានកើតទេ ទាល់តែ​យើងប្រឹងខ្លួនឯងទៅ​ជាអ្នកមាន រឿងវាអញ្ចឹង​។

ទំនាក់ទំនងម្ចាស់រោងចក្រ និងកម្មករ ត្រូវយកច្បាប់ការងារជាគោល

ដើម្បីមានបាន ទាល់តែយើងប្រឹង​ទាំងអស់គ្នា​។ ក្មួយៗជាកម្មករ/ការិនី ត្រូវដឹង​ថា​បើអត់មានរោងចក្រទេ ក្មួយៗពេលនេះ នៅធ្វើជាកសិករ ឬធ្វើការលក់ដូរ​ មិនមែនជាកម្មករទេ។ ប៉ុន្ដែ ម្ចាស់រោង​ចក្រ​ក៏ត្រូវយល់ដូចគ្នា​ បើយើងគ្រាន់តែមានរោងចក្រហើយ អត់កម្មករ យើងគ្រាន់តែជាម្ចាស់ឃ្លាំងទេ​។ អញ្ចឹងទាំងពីរហ្នឹង​ត្រូវយល់គ្នា ហើយយកអ្វីធ្វើគោល​? គឺយកច្បាប់ការងារធ្វើជាគោល។ ក្មួយៗកម្មករ/ការិនីទូទាំងប្រទេស​ បើ​ក្មួយៗដើររំលងផ្លូវ​ច្បាប់ហើយ ក្មួយៗលំបាកហើយ​។ ដូចជានៅទីក្រុងភ្នំពេញ លុះទៅដោយការញុះញង់ នៃ​ក្រុម​មនុស្សមួយចំនួន នាំគ្នាធ្វើកូដកម្ម​។ កូដកម្មហើយ ទៅទារឲ្យគេបង់លុយទៀត។ អញ្ចឹងទេ គេមិនឲ្យចូលធ្វើការ។ ត្រឡប់ទៅវិញ​ ហើយមកធ្វើបាតុកម្មមុខផ្ទះពូ។ ប៉ុន្ដែ សួរថារឿងចាប់ផ្ដើមពីអី? គឺចាប់ផ្ដើមពីយើងមិនគោរពច្បាប់ការ​ងារ​​​តាមការញុះញង់របស់មេសហជីពខូចៗមួយចំនួននោះ​។ អញ្ចឹងទេ ទាំងសងខាងក្នុងទំនាក់ទំនងការងារ ​និងវិជ្ជាជីវៈ ​ត្រូវយកច្បាប់ការងារធ្វើជាគោល ទើបអាចដោះស្រាយបានបញ្ហា​។ បើមិនដូច្នេះទេ នៅតែមិនដោះស្រាយបាន​បញ្ហាអញ្ចឹង​។

ដោះស្រាយការងារ និងបង្កើតផលិតផលច្រើន ដោយសហគ្រាសតូច និងមធ្យម ក្នុងដំណើរអភិវឌ្ឍ

សង្ឃឹមថា កម្មករ/ការិនី នៅក្នុងនេះ មានការផលិត​សំលៀកបំពាក់មានតែពីរទេ … ហើយផលិត​ត្រង់ស្វូ​អគ្គិស​នី? អាម៉េចទៅអាហ្នឹង? (តម្លើងត្រង់ស្វូ) លក់ទៅណា? (លក់ក្នុងស្រុក) … ដូច្នេះជំនួសឲ្យការនាំចូលពីបរ​ទេសបាត់ទៅហើយ … ឯណាក្រុមចិញ្ចឹម​សត្វ​ស្វា? ចិញ្ចឹមហើយយកទៅណា? (អាមេរិក និងជប៉ុន) យកទៅស៊ី ឬចិញ្ចឹម? (យកទៅមន្ទីរពិសោធន៍ថ្នាំ)។ ឯណាកម្មករខាងចិញ្ចឹមស្វា​? យើងដោះស្រាយការងារ។ យើងដោះស្រាយការងារបានធ្វើ​។ ផលិត​ផល​កម្ពុជាច្រើនណាស់ បង្កើតសហគ្រាសធុនតូច និងមធ្យម​។ ផលិតនេះ ផលិតនោះ រឿងរ៉ាវច្រើនណាស់​ ដែលបានមក​ពីការអភិវឌ្ឍប្រទេសរបស់យើង​។ ប្រទេសមួយនេះមិនត្រូវស្លាប់ដោយអ្នកណាបំផ្លាញទេ​។ គ្រាន់តែបញ្ជាក់ជូនប៉ុណ្ណឹង។ ថ្ងៃនេះ ​រីករាយ​ណាស់ដែលបានជួប ហើយក៏និយាយច្រើនដែរ ហើយថ្ងៃនេះក្មួយៗមានផ្ទៃពោះមាន ៣៩៨ ខ្វះ​តែ ២ នាក់ គ្រប់ ៤០០ នាក់ ប៉ុន្ដែអម្បាញ់មិញ វាឡើងជិតគ្រប់ហើយ ប៉ុន្ដែ មានក្មួយៗម្នាក់នោះខ្វះ ៤ ថ្ងៃ គេមិនឲ្យមក …​។

រក្សាទឹកនៅទំនប់ចារឹក និងដំណាក់អំពិល ជាប្រភពទឹកចំបងឲ្យប្រជាពលរដ្ឋប្រើ

ឥឡូវ ទឹកនៅដំណាក់អំពិលម៉េចហើយ។ មានទឹកច្រើនទេ? ប្រជាពលរដ្ឋនៅបន្តធ្វើស្រែប្រាំងទេ? … ស្នើឲ្យ​គាត់ផ្អាក ដើម្បីយើងបញ្ចាល់ទឹក។ ចុះ​នៅ(ទំនប់)ចារឹក … តែយើងនៅតែបាំង ដើម្បីធានាថាទឹកនៅតំប​ន់​ពីរហ្នឹងជាប្រភព​ទឹក​ដើម្បីធានា​ឲ្យប្រជាពលរដ្ឋ​របស់យើង។ គោលដៅធំជាងគេចំបងរបស់ខ្ញុំដំបូង​ ខ្ញុំចង់បានដំ​ណាក់អំពិល ​ដោយសារខ្ញុំបានឃើញវាតាំងពីឆ្នាំ ១៩៨៥ អញ្ចឹងក្រោយមកបានដំណាក់អំពិល។ ដល់ទៅអាទំនប់ចារឹក​នេះ ​កាល​នោះក្រុមហ៊ុនអូស្ដ្រាលីមួយឲ្យ​សួយសារខាងរ៉ែនោះ ៥ លានដុល្លារ។​ បានខ្ញុំចង្អុលថា ៥ លានដុល្លារ យកមកធ្វើទំនប់ចារឹកហ្នឹងបណ្ដោយ​ទៅ​។

អ្នកពោធិសាត់ឥឡូវធ្វើកសិកម្មផង ឧស្សាហកម្មផង

អ្នកពោធិសាត់មិនគ្រាន់តែធ្វើវិស័យកសិកម្មទេ អ្នកពោធិសាត់បាន​ក្លាយទៅជាតំបន់បង្កើតនូវឧស្សាហកម្ម។ ពីដើម អ្នក​ពោ​ធិសាត់ពឹងផ្អែក​លើការធ្វើស្រែ ធ្វើចំការ និងការនេសាទ។ ប៉ុន្ដែ ​ឥឡូវក៏មានមួយភាគ ចំនួនប្រជាជនជាង១ ម៉ឺន នាក់ ក៏បានធ្វើក្នុងវិស័យកសិកម្ម​ សិប្បកម្ម និងវិស័យដទៃទៀត​។

អំណោយ

ថ្ងៃនេះ ពូក៏បាននំាមកសម្រាប់កម្មករ/ការិនីរបស់យើង ចំនួន ១០ ៦៨៩ នាក់ ដែលមកពីមក ៦ រោង​ចក្រ​សហគ្រាសនៅក្នុងខេត្តពោធិសាត់។ ក្នុងនេះស្រុកក្រគរច្រើនជាងគេ ៣ រោងចក្រ​  ៨ ១៣២ នាក់ ស្រុកបាកាន ១ រោងចក្រ ១ ៨៥២ នាក់ ក្រុងពោធិសាត់ ២ រោងចក្រ ៧០៥ នាក់​។ ពូអត់មានអីច្រើនទេ ហើយក្មួយៗមកជួបពូក៏មិនដើម្បីមករកលុយដែរ​ អញ្ចឹងសូមជូនម្នាក់ៗ ២ ម៉ឺនរៀល។ ឯក្មួយៗជាស្រ្តីមានផ្ទៃពោះ​វិញ ពូនឹងដើរចែកផ្ទាល់នូវស្រោមសំបុត្រម្នាក់មួយ ប៉ុន្តែ អ្នកដែលមានកូនភ្លោះ ប្រាប់ពូថាមានកូនភ្លោះ ពូនឹងជូន ២ ស្រោមសំបុត្រ តែពូមិនបញ្ជាក់ថាប៉ុន្មាននោះទេ ចាំបើកមើលខ្លួនឯងទៅ។ ហើយក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ជូន ៥ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀលផងដែរ។

សម្លេងច្រៀងរបស់ ខេម និងជុំ លីណូ

ពេលមកនេះ ឡើងលើឧទ្ធម្ភាគចក្រព្រឹប គឺទាញទូរស័ព្ទដាក់ប្រដាប់ស្តាប់នឹងត្រចៀក ចាក់ចម្រៀង។ ព្រឹកនេះ សាកសម្លេងរបស់ ខេម និង ជុំ លីណូ។ សម្លេង ២ នាក់ហ្នឹងប្រហែលគ្នា … ​​​គ្រាន់តែសម្លេង ខេម រាងស្អក … នៅពេលដែលមានតន្រី្តគ្រួសារខ្មែរ គេយក ២ នាក់ហ្នឹងឡើងច្រៀង … ខេម ច្រៀង ​«លើលោកនេះ គ្មាននរណាចង់ក្រ» ហើយបទមួយទៀត «អរគុណមករា» ជាមួយនឹងបទរបស់ ជុំ លីណូ ច្រៀងបទ «ទឹកភ្នែកម្តាយ​លើខ្នោះដៃកូន» និង «ទំនួញអកឈ្មោល» ស្តាប់ទៅស្រដៀងគ្នា … ប៉ុន្តែ និយាយគ្នាឲ្យហើយ មានចម្រៀងមួយ ដែលនាំឲ្យមានបញ្ហាកន្លងទៅថា លោក ហ៊ុន សែន បញ្ជាឲ្យចាប់ ខេម នោះ គឺបទ «បុណ្យភ្ជុំនឹកស្រុក»។ ខ្ញុំសូមបញ្ជាក់ បទនេះឲ្យចាក់ចំណេញជាង។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? បទនេះអត់ខុសអីទេ បទនេះកាន់តែចាក់ កាន់តែចំណេញ។ មូលហេតុអី? មូលហេតុ គេយកការប្រៀបធៀបមួយ។ កាលពីមុនវាអត់មានលុយមែន ដល់បិណ្ឌ ១៤ ហើយ មិនទាន់បើកលុយផង។ វាមិនអញ្ចឹង? ដល់ឥឡូវ គេមានលុយ។ អញ្ចឹងទេ បានឲ្យកម្មកររបស់យើងបាននឹកឃើញថា អូ! រៀមច្បងកម្មករអញលំបាកណាស់។ ដល់សម័យអញនេះវាបានស្រួល។ អញ្ចឹង​ច្រៀងទៅ។ ចាក់ឡើងវិញទៅ។ ខ្ញុំស្តាប់ហើយ។ ខ្ញុំថាហេតុអីបាននាំគ្នាហាមមិនឲ្យចាក់បទហ្នឹង? បទហ្នឹង ខេម អ្នកច្រៀង។ បានគេថា … ខ្ញុំបញ្ជាឲ្យចាប់ ខេម។ អាហ្នឹងឆ្កួត … ទីចុងបំផុត ខេម ដើរតាមច្រៀងមួយគគោកនៅក្នុងស្រុកនេះ។ អ្នកចម្រៀងមិនសូវរំលងពីភ្នែករបស់ខ្ញុំទេ។ ព្រឹកមិញ ខ្ញុំផ្ទៀងសម្លេង ខេម និង ជុំ លីណូ … បើមាន ព្យាណូបាក់ខ្ទង់ហើយ កុំឲ្យមាន រៃលាបង្គងអី តែប៉ុណ្ណឹងបានហើយ។ ប៉ុន្តែ យ៉ាងណា កន្សែងក្រហម សម្រាប់កម្មករ/ការិនីយើង ត្រូវតែបានរក្សាទុកថាជាបទអាទិភាព ព្រោះ លោក ហ៊ុន ហេង បានតែងបទហ្នឹងសម្រាប់កម្មករ/ការិនីរបស់យើង។

កំពុងពិតពីអារម្មណ៍ឯកោ ពេលដល់វ័យចាស់

អរគុណចំពោះ ខេត្តពោធិសាត់ ក្រសួងការងារ ក៏ដូចជាអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមថ្ងៃនេះ។ ថ្ងៃនេះ ច្បាស់ហើយ ត្រឡប់ទៅដល់ផ្ទះវិញ … ចាប់ពីថ្ងៃនេះទៅ កម្សត់បន្តិច​។ ម៉ោងនេះប្រហែលជាប្រពន្ធកំពុងតែចាកចេញទៅក្រៅ។ អញ្ចឹងទេ ច្បាស់ជាស្គាល់ហើយរសជាតិ ដែលពីមុនធ្លាប់ថា បងគង់ដឹងខ្លួន ពេលអត់អូន។ ឥឡូវនេះ កំពុងគិតថា ពេលខ្លួនចាស់ទៅ តើអារម្មណ៍ឯកោវាទៅយ៉ាងម៉េច? កាលពីមុន ពេលដែលកូននៅតូចៗ បន្ទប់តែ ១ ទេ ដេកគ្នា ៧ នាក់។ កូន ៥ ឪពុកម្តាយ ២ ព្រលឹមឡើង កូនប្រុស ១ កូនស្រី ១ ពូកែនោម និយាយពីឆ្អេះ។ ប៉ុន្តែ សប្បាយរីករាយណាស់ដោយសារជុំកូនជុំចៅ។ មួយរយៈក្រោយមក កូនវាទៅរៀនអស់ នៅសល់តែ ២ នាក់។ អញ្ចឹងអារម្មណ៍ឯកោចាប់ផ្តើម។ ដល់ទៅកូនវ៉ាកង កូនៗមកជួបជុំមានអារម្មណ៍សប្បាយ … ដល់គេមានប្តីមានប្រពន្ធអស់ទៅ អស់មួយសាទៀតហើយ​។ បានចៅមួយយកមកទុកនៅផ្ទះ … ដល់ចៅហ្នឹងចូលមហាវិទ្យាល័យ គេទៅបាត់អស់ទៀត។ បាយតែ ២ នាក់ យាយតា។ ឥឡូវ យាយទៅបាត់ តាស៊ីបាយម្នាក់ឯង​។ ឥឡូវ គ្រាន់នៅសល់ចៅៗតូចៗ ថ្ងៃសៅរ៍ អាទិត្យ គេទៅនៅជាមួយយើងបានខ្លះ។ ប៉ុន្តែ ដល់ពេលគេធំទៅ យ៉ាងម៉េច? អញ្ចឹងបានឥឡូវ ត្រូវរៀបចំ។ អត់ចែកផ្ទះឲ្យកូនទេ ចែកផ្ទះឲ្យចៅតែម្តង។ ផ្ទះខ្លួនកំពុងនៅហ្នឹង ចែកឲ្យចៅ ដើម្បីឲ្យចៅវានៅ បើមិនអញ្ចឹងទេ កូនវាទៅបាត់ វាមានផ្ទះវា។ អញ្ចឹងទុកចែកឲ្យចៅ។ ប៉ុន្តែ មិនដឹងថា ឲ្យចៅធំ ឬចៅតូច? បើឲ្យអាធំ វាឆាប់បានកូន បានចៅ បានចៅទួតនៅជាមួយយើងទៀត អាហ្នឹងក៏វាល្អម្យ៉ាងដែរ … (និយាយពីក្រុមគ្រួសារ)

មិនអត់ឱន ចលនាមានចរិតញុះញង់ បំបែកបំបាក់ បំផ្លាញសន្តិភាព

សង្ឃឹមថា ទាំងអស់គ្នាយើងរួមដំណើរទៅជាមួយគ្នាណា។ ផ្តាំផ្ញើសួរសុខទុក្ខជីដូនជីតា ឪពុកម្តាយ ហើយអរគុណគាត់ផង បើសិនជាពួកគាត់នៅរស់។ ឆ្នាំនេះ បើទោះបីជាមានបញ្ហា ក៏ប៉ុន្តែ ក្មួយ​ៗក៏មិនទាន់ជួបបញ្ហាអីដែរ នៅតែរាំវង់ចូលឆ្នាំហុយដីបានហ្នឹង។ អ្នកដែលមិនបានរាំវង់ គឺអាអ្នករត់ចោលស្រុកទេ និងអ្នកធ្វើខុសច្បាប់។ អាមួយនៅបន្ទាយមានជ័យ គ្រាន់តែឯងស្រែកនៅភ្នំពេញ ប្រុចវារត់ធ្លាក់ព្រះវិហារ។ ស្មានតែគេមិនដឹង? រ័ត្ន សុធា? និយាយចំឈ្មោះអ្ហែងតែម្តង។ ឥឡូវអ្ហែងត្រឡប់មកវិញ លឺថាទៅព្រះវិហារស្អែកហ្នឹងទៀត … អាមួយឈ្មោះ ផ្លុង សំអុន នេះ ដែលថ្ងៃមុនគេត្រួតពិនិត្យ កុំនិយាយផ្តេសផ្តាសច្រើនពេកវើយ។ តិចថាអញស្តាប់មិនបាន។ អញស្តាប់បានតើ។ អញនិយាយចំឈ្មោះតែម្តង។ ប្រធានគណៈកម្មការចំពោះកិច្ច ដែលរត់ធ្លាក់អន្លង់វែង ត្រឡប់មកវិញ។ កុំណា។ ម្តងនេះចាប់ហើយ។ និយាយឲ្យច្បាស់ កុំថា គេមិនដឹង។ គេគ្រប់គ្រងសន្តិសុខជាតិ គេដឹង។ តែកាលណាផ្នែកណាមួយដឹង គឺវាដឹងដល់នាយករដ្ឋមន្រ្តីហើយ ព្រោះនាយករដ្ឋមន្រ្តីត្រូវមើលអំពីការទទួលខុសត្រូវលើបញ្ហាសន្តិសុខជាតិ កុំអ្នកឯងមកធ្វើផ្តេសផ្តាស។ ចលនាណាក៏ដោយ ដែលមានចរិតជាការញុះញង់ បំបែកបំបាក់ បំផ្លាញសន្តិភាពរបស់ប្រទេស គ្មានអត់ឱនទេ។

បើមានលុយ ហ៊ុន សែន ធ្វើសាលា និងតារាងបាល់វិញ

ហ្នឹងសុំព្រមាន ហើយសុំកុំនិយាយតទៅទៀត អារឿងបញ្ហាទិញដូរ។ សូមអ្នកឯងគោរពសិទ្ធិអ្នកដែលគេចង់បានសិទ្ធិ។ រាជរដ្ឋាភិបាលគោរពសិទ្ធិ។ សូម្បីតែខ្លួនមិនទាន់បានកាន់អំណាចផង ហ៊ានដៀលគេថា អំពើក្បត់បក្ស ឲ្យតែហ៊ានសុំសិទ្ធិធ្វើនយោបាយ ក្បត់បក្ស។ អញ្ចឹងទេ វាផ្តាច់ការអស់ប៉ុណ្ណឹងហើយ។ អញ្ចឹងសូមឲ្យប្រ​ទេសដែលថាតាំងខ្លួនជាប្រជាធិបតេយ្យ មើលអតីតបក្សប្រឆាំង និយាយរួម ពួកឧទ្ទាមក្រៅច្បាប់ វាធ្វើម៉េច? សិទ្ធិរបស់គេ មិនឲ្យគេ ដល់ពេលអញ្ចឹងទៅ មកលេងថាឯងនេះទិញ ១០ ម៉ឺន ២០ ម៉ឺន។ ហ៊ុន សែន គ្មានលុយ​ទិញទេ។ បើមានលុយបែបនេះ ហ៊ុន សែន ធ្វើសាលាឲ្យពេញវាល និងតារាងបាល់ … ហើយក៏មិនចាំ​បាច់ក្នុងការទិញដែរ។ ធនធានមនុស្សរបស់គណបក្សប្រជាជនមិនទាន់ប្រើអស់សក្តានុពល ហើយត្រូវតាមមុខជំនាញនៅឡើយទេ។ អ្នកឯងត្រូវចាំ តម្រិះត្រឹមពួកអ្នកឯង មិនគ្រប់គ្រាន់ទេ មិនទាន់ដល់កាលីបដែលគ្រប់​គ្រង​ប្រទេស ហើយមិនទាន់ដល់កាលីបសូម្បីតែធ្វើជំនួយការរបស់រដ្ឋមន្រ្តីម្នាក់របស់ ហ៊ុន សែន ផង។ គេកសាងធនធានមនុស្ស ៤០ ឆ្នាំហើយ រាប់ទាំងក្បាលពួកអ្នកឯងហ្នឹង គេបញ្ជូនទៅរៀន។

ហ៊ុន សែន បញ្ជូនអ្នកឲ្យទៅរៀន បែរជាមកជេរ ហ៊ុន សែន ថាក្បត់ជាតិ

មានមួយនោះ គាត់បានបង្ហោះក្នុងហ្វេសប៊ុក។ ខ្ញុំមើលដែរ ថា តើខ្ញុំគួរប្រឆាំងគាត់ទេ បើគាត់ដឹកនាំប្រទេស ហើយគាត់បញ្ជូនខ្ញុំឲ្យទៅរៀន … ទៅរៀនក្នុងដំណាក់កាល ហ៊ុន សែនៗ បញ្ជូនទៅរៀនទាំងអស់ ព្រោះ ហ៊ុន សែន ចាប់ផ្តើមមុខរបរអី? រដ្ឋមន្រ្តីការបរទេស។ អារដ្ឋមន្រ្តីការបរទេសវាទទួលបន្ទុកទៅលើអាកិច្ចការដើររកអាហារូបករណ៍ស្អីៗហ្នឹង។ ដល់ក្រោយមក ធ្វើនាយករដ្ឋមន្រ្តី ធ្វើរដ្ឋមន្រ្តីការបរទេសទៀត បញ្ជូននិស្សិតមិនតិចទេ ទៅរៀននៅក្រៅប្រទេស ដែលចប់បណ្ឌិត អនុបណ្ឌិត បរិញ្ញាស្អីនោះ។ ឯងបញ្ជូនវាទៅរៀន វាថា ទីចុងបំផុត អាអ្នកដែលបណ្តុះក្បាលវាហ្នឹង ទៅជាអ្នកក្បត់ជាតិ។ អញ្ចឹងបានន័យថា វាក្បត់(គុណនឹង)៥ ដង ព្រោះ(ខ្ញុំ)អ្នកបញ្ជូនទៅ។ ជេរឯងអាយ៉ង។ អញ្ចឹង​អានោះអាយ៉ងច្រើនដង ព្រោះអញអ្នកបញ្ជូនអ្ហែងទៅបណ្តុះបណ្តាលតើ អញអប់រំក្បាលអ្ហែង។ វាពីដើមអត់មានស្បែកជើងពាក់ ឥឡូវវាមានឡានជិះ វាមានម៉ូតូជិះ វាជេរឯងទៀត។ ល្មមៗបានហើយ … មកមើលស្រុកខ្មែរទៅ។ ខ្មែរគេកំពុងធ្វើអី? ម្នាក់ៗ … ឥឡូវ ខ្លាចតែរបួសចរាចរណ៍ទេ។ ក្មួយៗសូមយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ផង។ ចេះតែទៅណាទៀតហើយ ព្រោះអាងមើលទៅទើបម៉ោង ៩ តែក្មួយៗងងុយដេក។ អរគុណណាស់។ ចុងក្រោយហើយ សូមឲ្យអ្នកទាំងអស់ដែលចូលរួមនៅទីនេះ ជាពិ​សេស ក្មួយៗកម្មករ/ការិនី ក្នុងឱកាសចូលឆ្នាំថ្មី ដែលនឹងមកដល់នៅពេលខាងមុខនេះ គឺឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ សូមឲ្យក្មួយៗទាំងអស់ជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ