សម្ដេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតប្រមាណជិត ២.០០០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

 ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ -និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ប្រមាណជិត ២.០០០នាក់ បានទទួលសញ្ញាបត្រ ពីសម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៨​ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។

និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបញ្ចប់ការសិក្សា ដែលទទួល វិញ្ញាបនបត្រ និង​ស​ញ្ញា​បត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់សរុប១.៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់។ ក្នុងរបាយរណ៍របស់ នាយក​វិទ្យា​ស្ថា​ន​ខ្មែរ​ជំនាន់ថ្មី បានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនេះ មាន​និស្សិ​ត​ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ១៤​៤នាក់ផងដែរ។  វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈឯកជនមួយត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលតាមអនុក្រឹត្យចុះថ្ងៃ​ទី២៨​ខែធ្នូ ឆ្នាំ​២០​​១​១​។ ទន្ទឹមនេះ​ វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដោយធ្វើការ​បណ្តុះ​​បណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រ​វិជ្ជាជីវៈ រហូតដល់​កម្រិត​បរិ​ញ្ញា​បត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏​បានចូលរួមចំណែក​បម្រើឱ្យ​សកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា។ បច្ចុ​ប្បន្ន​វិទ្យា​ស្ថា​ន​មានសិស្ស និស្សិតកំពុងសិក្សាសរុប៣.៤១២នាក់។ ចាប់ តាំងពីឆ្នាំសិក្សា២០០២-២០០​៣​ ដល់ឆ្នាំសិក្សា២០១៧-២០១៨ មានសិក្ខាកាម សិស្ស និស្សិត បានបញ្ចប់ការសិក្សា​នៅវិទ្យា​ស្ថា​ន​សរុប១៨.៦៧១នាក់ ក្នុងនោះមាននារី ៨.២០៧នាក់។ របាយការណ៍របស់វិទ្យាស្ថាន​បានឱ្យ​ដឹងទៀតថា  សិស្ស និស្សិត ដែលបញ្ចប់ការសិក្សាពីវិទ្យា​ស្ថាន​ទៅទទួលបានការងារ​ធ្វើ​ក្នុងអត្រាជាង៩០ភាគរយ។ ជាងនេះទៀត ដើម្បីឆ្លើយតបទៅ​នឹងបច្ចុប្បន្នភាពនៃការរីក​ចម្រើន​​របស់សង្គមជាតិ វិទ្យាស្ថានខ្មែរជំនា់ថ្មីបាន និងកំពុងរៀបចំកែ និងកែលម្អកម្មវិធីសិក្សា, រចនា​សម្ព័ន្ធគ្រប់គ្រង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ ពង្រឹងសមត្ថភាព​សាស្ត្រ​ចារ្យ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក និងគុណភាព​សិក្សា​គ្រប់កម្រិត។ វិទ្យាស្ថាន​ខ្មែរ​ជំ​នា​ន់ថ្មី ក៏បានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនដោយផ្តោតជាចម្បង​ទៅលើការបណ្តុះ​បណ្តាល​ផ្នែ​ក​ព័ត៌​មានវិទ្យា តាមរយៈការស្រាវជ្រាវដោយផ្ទាល់ជាមួយ បណ្តា ក្រុមហ៊ុន មន្ទីរពេទ្យ ធនាគារ និងស្ថាប័នផ្សេងៗ ដើម្បីយល់ឱ្យបានច្បាស់ពីតម្រូវការ​ចាំ​បាច់ របស់ស្ថាប័នទាំងនេះ។ លទ្ធ​ផ​ល​នៃការស្រាវជ្រាវនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី​សិក្សា​សម្រាប់ជាចំណេះដឹងឱ្យ​និស្សិត​គ្រ​​ប់កម្រិតអាចយកទៅប្រកួតប្រជែងលើទីផ្សារ​ការ​ងារបាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ