ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកសារព័ត៌មានជាទីមេត្រី!

ជាបឋម ខ្ញុំសូមសម្តែងសេចក្តីរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មូន ចេអ៊ីន នៅកម្ពុជា ដែលជាព្រឹត្តិការណ៍សំខាន់ណាស់ សម្រាប់ធ្វើឲ្យចំណងមិត្តភាពកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េ កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការក៏កាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ខ្ញុំសូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលសាធារណរដ្ឋកូរ៉េសម្រេចបានកសាងជាតិ រហូតបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន នាំមុខនៅលើពិភពលោក និងធំទី ៤ នៅអាស៊ី ហើយបានដើរតួនាទីកាន់តែសកម្មនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ មោទនភាពរបស់សាធារណរដ្ឋកូរ៉េមិនត្រឹមតែបាននាំមកនូវវិបុលភាពចំពោះប្រជាជនកូរ៉េប៉ុណ្ណោះទេ តែក៏បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដល់ប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ ដែលមានឆន្ទៈបន្តចូលរួមចំណែកកាន់តែធំក្នុងការកសាង និងអភិវឌ្ឍកម្ពុជា ជាពិសេស សាធារណរដ្ឋកូរ៉េបានទទួលស្គាល់ និងគាំទ្រ ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព និងបន្តនិរន្តរភាព នៃដំណើរការអភិវឌ្ឍន៍ តាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ។
ស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ខ្ញុំ និងឯកឧត្តម មូន ចេអ៊ីន បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សំដៅពូនជ្រុំថែមទៀតលើទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ យើងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ លើវិស័យនានាជាច្រើន រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ទេសចរណ៍ អប់រំ រវាងប្រទេសទាំង ២។ យើងបានឯកភាពគ្នាជម្រុញកិច្ចប្រឹងប្រែងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយបើកទីផ្សារឲ្យទូលាយជាងមុន សម្រាប់ផលិតផលកម្ពុជា ជាពិសេស ផលិតផលកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសក្តិសមទៅនឹងសក្តានុពល។ ក្នុងគោលដៅនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការវិនិយោគ យើងបានគូសបញ្ជាក់ពីសារសំខាន់ នៃការជម្រុញយុទ្ធនាការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលនឹងជួយធានាជោគជ័យក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធ្វើពិពិធកម្មគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ២។
ខ្ញុំ និងឯកឧត្តម មូន ចេអ៊ីន ក៏បានឯកភាពឲ្យមានការចុះហត្ថលេខា និងចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធនឹង (១)កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល អប់រំ និងបច្ចេកវិទ្យា និងព័ត៌មាន និងកិច្ចសហប្រតិបត្តិការជម្រុញពាណិជ្ជកម្ម និងវិនិយោគ និង (២)កិច្ចសម្របសម្រួលក្របខណ្ឌស្តីពីឥណទានសម្បទាន ពីមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា ២០១៩-២០២៣។
ខ្ញុំ និងឯកឧត្តម មូន ចេអ៊ីន មានការពេញចិត្តដូចគ្នា ដោយសង្កេតឃើញពីកំណើនការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំង ២ តាមរយៈការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងធុរកិច្ច ក៏ដូចជាការបញ្ជូនពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។
ស្តីអំពីកិច្ចការតំបន់ និងអន្តរជាតិ ខ្ញុំ និងឯកឧត្តម មូន ចេអ៊ីន បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាផ្សេងៗទៀត ដែលយើងយកចិត្តទុកដាក់ដូចគ្នា។ ខ្ញុំសូមអបអរសាទរសាធារណរដ្ឋកូរ៉េ ដែលនៅចុងឆ្នាំ ២០១៩ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ជាលើកដំបូង តភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលរំលឹកខួប ៣០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។
ខ្ញុំជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម មូន ចេអ៊ីន នឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សាធារណរដ្ឋកូរ៉េ មានភាពកាន់តែសកម្ម ប្រកបដោយផ្លែផ្កា ហើយនឹងឈានឡើងដល់កម្រិតខ្ពស់ថែមទៀត ដែលស្របទៅនឹង នយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងរបស់សាធារណរដ្ឋកូរ៉េ ក្នុងគោលដៅជម្រុញវិបុលភាពរួម ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងសន្តិភាពជានិរន្តន៍នៅក្នុងតំបន់៕




