ប្រសាសន៍សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែងនៅក្នុង​ពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រស់ស្រូបអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនីផងដែរ។

កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមានអរិយធម៌ វប្បធម៌ដ៏រុងរឿងមួយតាំងពីបុព្វកាល។ តែអរិយធម៌ និងវប្បធម៌នេះត្រូវបានជាន់ពន្លិចបាត់បង់គ្មានសល់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ អរិយធម៌ និងវប្បធម៌របស់កម្ពុជាត្រូវបានកសាង និងរស់រៀនជាថ្មីទាំងត្រដាប់ត្រដួសក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវប្បធម៌របស់ខ្មែរឡើងវិញ រហូតសម្រេចបង្កើតឲ្យមានទិវា «វប្បធម៌ជាតិ ៣មីនា» នៅឆ្នាំ១៩៩៨។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» ដើម្បីជំរុញ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវវ័យឲ្យស្រឡាញ់វប្បធម៌របស់ជាតិ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ សម្តេច និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បី វប្បធម៌ជាតិ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៥ និងពិធីជួបជុំសិល្បករទូទាំងប្រទេសលើកទី២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រៀបចំឡើង សំដៅលើកទឹកចិត្ត បង្កើនសាមគ្គីភាព រវាងក្រសួង-ស្ថាប័នញក់ព័ន្ធ វិស័យឯកជន អង្គការសង្គមស៊ីវិល ជាពិសេសក្នុងស្រទាប់យុវជន ដែលជាអ្នកបន្តវេន បានផ្លាស់ប្តូរ មតិយោបល់និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក រួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិ ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីថែរក្សា ការពារ សម្បត្តិវប្បធម៌ ទាំងរូបី និងអរូបី ដែលជា ដួងព្រលឹងអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាព ស័ក្តិសមជាប្រទេសដែលមានអរិយធម៌រុងរឿង។

* សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១នេះ ជាថ្ងៃរំលឹកដល់គុណូបការៈ បុព្វបុរស និងដូនតាខ្មែរ និងសូមឱ្យ ទិវានេះ ស្ថិតនៅជាអមតៈក្នុង ដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងប្រទេស ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ រួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សា ការពារ និងលើកស្ទួយ វប្បធម៌ជាតិឱ្យមានវឌ្ឍនភាព និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

* សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំ និងម្រន្តីទាំងអស់នៃ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នារៀបចំ ព្រឹត្តិការណ៍នេះឡើង ដើម្បីលើកកម្ពស់មនសិការ និងបំផុសស្មារតីយុវជន-យុវនារី និងបងប្អូនជនរួមជាតិកម្ពុជា ទូទាំងប្រទេស ដែលជាអ្នក បន្តវេនឱ្យយល់ដឹងកាន់តែច្បាស់ ពីតម្លៃពិតនៃវប្បធម៌ជាតិ មានស្មារតី ទទួលខុសត្រូវក្នុងការថែរក្សា ការពារបេតិកភណ្ឌ វប្បធម៌ជាតិទុកសម្រាប់ជាកេមរតក ដល់កូនចៅ ជំនាន់ក្រោយ ។

* សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ការរៀបចំឱ្យមានការប្រារព្វ ទិវាវប្បធម៌ជាតិ រួមជាមួយនឹងពិធីជួបជុំសិល្បករ សិល្បការិនីទូទាំងប្រទេសជារៀងរាល់ឆ្នាំ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរំលឹកដល់ គុណូបការៈ និង ស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវ កេមរតក វប្បធម៌ ដែលមានតម្លៃ មិនឤចកាត់ថ្លៃបានដល់កូនចៅ ជំនាន់ក្រោយ។

* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ទិវាវប្បធម៌នេះ ក៏ជាការជំរុញ និងផ្សព្វផ្សាយផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ដើម្បីក្រើនិរំលឹក បំផុសស្មារតីយុវជន យុវនារីកម្ពុជាដែលជាទំពាំង ស្នងឫស្សីឱ្យស្រឡាញ់ វប្បធម៌ជាតិ មានមនសិការស្នេហាជាតិ មានកាតព្វកិច្ចថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិ ឱ្យបានគង់វង្ស សំដៅធ្វើឱ្យកម្ពុជាក្លាយទៅជា មជ្ឈមណ្ឌល នៃការផ្សព្វផ្សាយវប្បធម៌ជាតិ ដែលជាគោលដៅឤទិភាពមួយនៃ គោលនយោបាយជាតិ របស់រាជរដ្ឋាភិបាលស្តីពីវិស័យវប្បធម៌។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មរណភាពលោកតា ប្រាជ្ញ ឈួន និងលោកតា ផ្លុង មឿក គឺជាការបាត់បង់វីរសិល្បករដ៏មានតម្លៃរបស់កម្ពុជា។ សម្តេចតេជោ បានអញ្ជើញអ្នកចូលរួមប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ទាំងអស់ក្រោកឡើងស្មឹងស្មាធិ៍គោរពវិញ្ញាណវីរសិល្បករទាំងពីររូបផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តល់មតិណែនាំចំនួន៧ ដើម្បីឱ្យការរៀបចំទិវាវប្បធម៌ជាតិ កាន់តែមានភាពល្អប្រសើរឡើង។

មតិណែនាំនោះរួមមាន៖

១៖ ត្រូវរួមគ្នារៀបចំឱ្យមាន ទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង និងស្រឡាញ្ញ់វប្បធមជ៌ាតិ ការបណ្តុះ មនសិការ ឆន្ទៈ និងស្មារតីទទួលខុសត្រូវ ក្នុងការផ្ទេរ ទទួលយក ចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌សំដៅលើកកម្ពស់ ការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ ក៏ដូចពហុវប្បធម៌នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃ សុខដុមនីយកម្មរបស់សង្គមជាតិឱ្យស្ថិតស្ថេរគង់វង្ស។

២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំសកម្មភាព និងរំលេចនូវខ្លឹមសារ ប្លែកៗ ប្រកបដោយអត្ថន័យនៅក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែ ច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ តាមរយៈការបង្កើតសេវាកម្មនិង ផលិតផលវប្បធម៌សម្រាប់ គោលដៅញណិជ្ជកម្មនិងទេសចរណ៍ ។

៣៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជិត ស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ចំណេះដឹង ស្តីពីសិល្បៈវប្បធម៌ ក្នុងស្រទាប់យុវជនដែលជា កម្លាំងសកម្មរបស់សង្គម និងជាអ្នកបន្តវេន ដើម្បីចងក្រងរក្សាទុកនូវរាល់ឯកសារ បេតិកភណ្ឌវប្បធម៌ជាតិគ្រប់ប្រភេទទាំងរូបី និងអរូបី ដើម្បីអភិរក្ស អភិវឌ្ឍ និងលើកស្ទួយ ពហុវប្បធម៌ក្នុងសង្គមកម្ពុជា។ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយអង្គការមហាជន សមាគមសិល្បៈនានា រៀបចំព្រឹត្តិការណ៍វប្បធម៌ឱ្យបានច្រើន និងទៀងទាត់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ យុវជន កុមារ ដើម្បីបន្តនិរន្តរភាព លើវិស័យសិល្បៈសម្តែងក្នុងន័យ អប់រំ ដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីអប់រំ។

៤៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវមានយន្តការ ដើម្បីបង្កលក្ខណសម្បត្តិ ឱ្យកូនខ្មែរមានលទ្ធភាពឤចបង្កើតស្នាដៃ ដែលជាផលិតផលវប្បធម៌ថ្មីរបស់ខ្លួនតាមរយៈ វគ្គបណ្តុះបណ្តាល ដល់យុវជននៅតាមវិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគម សិល្បៈទូទៅ ដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីទាំងអស់ តាមទម្រង់ក្បួនខ្នាតនៃ វប្បធម៌ជាតិ សេចក្តីថ្លៃថ្នូរនិងគុណធម៌របស់ មនុស្សចៀសវាងការលួចចម្លងទាំងស្រុងនូវស្នាដៃ សិល្បៈបរទេស។

៥៖ សម្តេចគាំទ្រចំពោះប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ» ដែលបាន សម្រេចជ្រើសរើសសម្រាប់ទិវាវប្បធម៌ជាតិ ៣ មីនា នាពេលនេះ នៅឆ្នាំក្រោយៗទៀត ពីញ្រេះនេះជា ប្រធានបទដែលមានអត្ថន័យ សម្រាប់យុវជនកម្ពុជា គ្រប់រូបដែល ជាអ្នកបន្ត វេនត្រូវមានកាតព្វកិច្ចថែរក្សា ការពារ និងបង្កើតស្នាដៃ ថ្មីៗជាវិជ្ជមានបន្ថែមទៀត លើគ្រប់ផ្នែកគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជា ៖ ព្រះរាជាណាចក្រនៃវប្បធម៌ ដោយឈរលើទស្សនៈ បុរាណមិនយឺត ទំនើបមិនបរទេស។

៦៖ ត្រូវរួមគ្នាសហការ និងបង្កើនសាមគ្គីភាពក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិ វប្បធម៌ជាតិ តាមរយៈគោលនយោបាយជាតិ ស្ដីពីវីស័យវប្បធម៌ ដែលមានយុទ្ធសា្រស្តច្បាស់លាស់ គឺរដ្ឋជាអ្នកគ្រប់គ្រងគាំញរ ដៃគូឯកជនជាអ្នកអនុវត្ត។ ដូច្នេះក្រសួង-ស្ថាប័នញក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន សូមចូលរួមធ្វើសកម្មភាពបំផុស ស្មារតីទិវាវប្បធម៌នេះ ឱ្យកាន់តែផុសផុលទាំងក្នុង និង ក្រៅប្រទេស។

៧៖ កន្លងមកដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការជំរុញ និងលើកស្ទួយ វិស័យភាពយន្តខ្មែរ ដែលប្រឈមនឹងការ ប្រកួតប្រជែងដ៏ស្រួចស្រាវទៅនឹង ការហូរចូល ភាពយន្តបរទេសរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតសម្រួលផ្នែកពន្ធដារ ដល់សហគ្រាស ផលិតភាពយន្តក្នុងស្រុករយៈពេល ៣ឆ្នាំ រហូតដល់ ឆ្នាំ២០១៨។ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យ សិល្បៈ និងការផលិតភាពយន្តខ្មែរ រាជរដ្ឋាភិបាលសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារសម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៣ ដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន សម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារ សម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យ សិល្បៈ និងការផលិតភាពយន្តខ្មែរ។

ការសម្រួល និងអនុគ្រោះពន្ធរយៈពេល៥ឆ្នាំទៅមុខទៀតនេះរួមមាន៖

១៖ អនុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក ១៥% លើសួយសារនៃទ្រព្យអរូបិយ (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិត ក្នុងស្រុក)។
២៖ អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ។
៣៖ អនុញ្ញាតព្យួរទុកការអនុវត្តឤករពិសេសលើសេវា លំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀកនៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងគួរឲ្យមោទនភាពសម្រាប់ការរីកចម្រើនលើវិស័យភាពយន្តនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនលើវិស័យភាពយន្តនេះ គឺកើតចេញពីការខិតខំ មិនមែនកើតចេញពីការបន្ទោសបង្អាប់ណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យមានការខិតខំបន្ថែមទៀតក្នុងការផលិតខ្សែភាពយន្ត។ សម្តេចតេជោ បានលើកឡើងថា បើមានការនិពន្ធ និងដឹកនាំល្អនោះ ការសម្តែងរបស់តារាខ្មែរក៏បានល្អផងដែរ។ សម្តេចតេជោ ក៏បានសម្តែងការរីករាយផងដែរ ចំពោះការកើនឡើងនៃអ្នកគាំទ្រភាពយន្តខ្មែរ។

* ទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ទៅលើការនិពន្ធរឿងមួយ ដែលស្រ្តីម្នាក់មានអាយុ ៤០ឆ្នាំ តែបែរជាមានកូនរហូតដល់ទៅ២៥ឆ្នាំ។ សម្តេចតេជោ បានលើកឡើងថា ការនិពន្ធនេះខ្វះចន្លោះត្រង់ថា បើតួអង្គស្ត្រីជាម្តាយមានអាយុ ៤០ឆ្នាំ ហើយមានកូនអាយុដល់ទៅ២៥ឆ្នាំ មានន័យថា ស្ត្រីនេះត្រូវរៀបការនៅអាយុ ១៤ឆ្នាំប៉ុណ្ណោះ ដែលខុសនឹងច្បាប់ ក៏ដូចជាប្រពៃណីខ្មែរផង។ ដូច្នេះសម្តេចស្នើឲ្យអ្នកនិពន្ធពិនិត្យឲ្យម៉ត់ចត់ កុំឲ្យសាច់រឿងខុសទៅនឹងតថភាពជាក់ស្តែង។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងពិនិត្យមើលរូបភាព និងខ្លឹមសារកុំឲ្យប្រាស់ចាកគ្នា។ ដូចជាក្នុងសាច់រឿងមួយស្ត្រីម្នាក់ជាតិស្លាប់ទៅហើយ បែរជាបបូរមាត់នៅក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញវិស័យភាពយន្តដែលបាត់បង់ក្នុងរបបខ្មែរក្រហមនោះ ក្លាយទៅជាភាពយន្តដ៏ពេញនិយមរបស់ប្រជាជនកម្ពុជាក្នុងដំណាក់កាល ដឹកនាំរបស់សម្តេច។ សម្តេចតេជោ ក៏ចង់ឃើញវិស័យភាពយន្តនេះមិនត្រឹមតែពេញនិយមត្រឹមប្រជាពលរដ្ឋកម្ពុជាទេ សម្តេចក៏ចង់ឃើញភាពយន្តខ្មែរក្លាយជាភាពយន្តពេញនិយម សម្រាប់ជាតិសាសន៍ដទៃផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ដរាបណាសម្តេចនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី ពន្ធនឹងមិនត្រូវបានដាក់បន្ទុកលើអ្នកសិល្បៈនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺនៅតែបន្តសម្រាប់ការប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា»។ សម្តេចតេជោ បានថ្លែងថា យុវជន យុវនារី គឺជាអ្នកស្នងនូវមរតកវប្បធម៌របស់ខ្មែរដ៏សំខាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យវប្បធម៌។

* តាមរយៈការទស្សនាកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកត់សម្គាល់ផងដែរនូវការកើនឡើងនូវសមត្ថភាពរបស់តារាចម្រៀងសម័យនាពេលបច្ចុប្បន្ន ដែលអាចច្រៀងបានច្រើនទម្រង់។

* សម្តេចតេជោ បានថ្លែងថា ការរីកចម្រើនលើវិស័យវប្បធម៌ជាតិពីក្នុងដំណាក់កាលដ៏លំបាកមកដល់ពេលបច្ចុប្បន្ននេះ គឺជារឿងដ៏មោទនភាព។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងបន្តជួបជាមួយសិល្បករ សិល្បការិនីរហូតដល់សម្តេចលែងធ្វើជានាយករដ្ឋមន្ត្រី។

* ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារ ដែលក្រសួងវប្បធម៌និង វិចិ្រតសិល្បៈសម្រេចបាន ជាពិសេសមរតក មនុស្សរស់ សិល្បករ ចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជា មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃស្ថាប័ន វប្បធម៌ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាង សកម្ម និងរស់រវើក ក្នុងការអភិរក្ស និងអភិវឌ្ឍ សិល្បៈវប្បធម៌ខ្មែរ ឱ្យបានស្ថិតេស្ថរគង់វង្សនិងមានការរីកចម្រើន គួរជាទីមោទនៈ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត រួមជាមួយក្រុមសិល្បៈយុវជនទូទាំងប្រទេស មកពីបណ្តាគ្រឹះស្ថានមធ្យមសិក្សារាជធានី-ខេត្ត ទាំង២៥ សកលវិទ្យាល័យទាំង១១ និងអង្គការ/សមាគមសិល្បៈទាំង១០ ដែលបានខិតខំ ប្រឹងប្រែង ក្នុងការតែងនិពន្ធ ដឹកនាំរឿង និងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីចូលរួមប្រកួត ប្រជែង ក្នុងមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសនាពេលនេះ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល​បានចាត់ទុកការជួបជុំបណ្តាសិល្បករ សិប្បករ តន្ត្រីករ ទាំងសម័យ និង បុរាណ អ្នកចម្រៀង អ្នកសម្តែង អ្នកនិពន្ធ និងអ្នកជំនាញនានា គ្រប់ទម្រង់ នៃសិល្បៈវប្បធម៌ជាតិនៅទូទាំងប្រទេសនេះ ជាទិវាសុខដុមនីយកម្មនៃសិល្បៈវប្បធម៌ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៦៖៤៤នាទីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ