សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ

អគារ​សាលា​ខេត្ត អគាររដ្ឋបាល រួមនិង​ប្រព័ន្ធ​ហេដ្ឋារ​ចនាសម្ព័ន្ធមួយចំនួន នៃ​ខេត្តត្បូងឃ្មុំ ដែល​ជា​ខេត្តថ្មី ក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​បើក​សម្ពោធ​ដាក់ ឲ្យប្រើ​ប្រាស់ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព​​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ខេត្តត្បូងឃ្មុំ ដែលត្រូវបាន​បំបែកចេញ​ពីខេត្តកំពង់ចាម​ និង​ប្រកាស​ជាផ្លូវការ ជាខេត្ត​ទី២៥របស់​កម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ។ បន្ទាប់មក ខេត្តត្បូងឃ្មុំ ក៏ត្រូវបាន​ រាជរដ្ឋាភិបាល ប្រកាសស​ម្រេច​កំណត់​​ប្លង់គោល កសាង​ទីក្រុង​នៅទីរួម​ខេត្ត​លើផ្ទៃដី​ទំហំ​ប្រមាណ​ពីរពាន់​​ហិកតា ក្នុងនោះ​មានដី​​របស់​រដ្ឋស្ថិតក្នុង​ចំការព្រៃ​​ម៉ៃសាក់​​ចំនួន​៣២២ហិកតា។ គម្រោងកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និងគម្រោង​អាទិភាព​​ទីក្រុង ​នៃ​ខេត្តត្បូងឃ្មុំ​នេះ ក៏ត្រូវបាន​បើក​ដ្ឋានសាង​សង់​ក្រោម​អធិបតីភាព​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ កន្លងមកផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកថា ការបង្កើត​ខេត្តត្បូង​ឃ្មុំនេះ គឺជាការ​បង្ខិត រដ្ឋបាល​ថ្នាក់ខេត្តអោយ​មកនៅជិត​ប្រជាពលរដ្ឋ និងជាការ​រំលឹក​នូវ​អតីត​កាលប្រវត្តិសាស្ត្រ ដោយខេត្តត្បូងឃ្មុំនេះ ធ្លាប់ជាតំបន់​សមរភូមិសង្រ្គាម​ដ៏ស្រួចស្រាវមួយ ដែលបាន​រង​ការ​ទម្លាក់​គ្រាប់បែក របស់អាមេរិក​ផងដែរ។ សម្តេចតេជោ សង្ឃឹមថា បន្ទាប់ពីមាន​កន្លែង​ល្អស្អាតដូចនេះហើយ ការអនុវត្ត​ការងារក្នុង​ខេត្តនេះ នឹងតែកាន់​តែមាន​ភាពល្អប្រសើរ និងរហ័ស​​ថែមទៀត។​  នៅក្នុង​ក្តីសង្ឃឹម​ថាខេត្តមួយនេះ នឹងមានភាព​អូរអរ​​នាពេលខាងមុខនោះ សម្តេចតេជោ ហ៊ុនសែន បានជម្រុញ​អោយ​អ្នក​វិនិយោគ មកកសាង​លំនៅដ្ឋាន​មាន​តម្លៃទាប សម្រាប់​លក់​អោយមន្ត្រីរាជការ និងប្រជាព​លរដ្ឋ ជាពិសេសគួរ​មានការវិនិ​យោគ​សាងសង់សណ្ឋាគារ​ផងដែរ​នៅក្នុង​ក្រុង​សួងនេះ។ ដោយនា​ពេល​ខាងមុខ រដ្ឋាភិបាល​ចិនក៏នឹង​ជួយកសាង​មន្ទីរពេទ្យ​បង្អែក​ដ៏ធំមួយ​​នៅក្នុងខេត្តនេះ​សម្រាប់​ពិនិត្យ និងព្យាបាល​ជូនប្រជាព​លរដ្ឋ។

ជាងនេះ​ទៀត គួរបញ្ជាក់ដែរថា នៅក្នុងជំនួប​ពិភាក្សាជា​មួយសម្តេចតេជោ នាយរដ្ឋមន្រ្តីកម្ពុជា នាពេលក​ន្លងមក ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម ក៏បានប្រកាស​ផ្តល់​ថវិកាចំនួន​២លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​សាងសង់ផ្សារ​ដារនៅ​ក្នុង​ខេត្តត្បូងឃ្មុំ ដែលគម្រោង​នេះ​នឹងបង្កើត​​អោយមានទីតាំង​ផ្សារមួយ​ច្បាស់លាស់​នៅក្នុង​តំបន់ព្រំដែនរ​វាង​កម្ពុជានិង​វៀតណាម ដែលអាច​ជួយសម្រួល​ដល់ការរក​ស៊ី​របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។

ស្រពពេលដែ​លខេត្ត​ត្បូងឃ្មុំ កំពុងបន្តកសា​ងហេដ្ឋារច​នាសម្ព័ន្ធថ្មីនេះ សម្តេចតេជោ ក៏បានមើលឃើញ​ពីតម្រូវការ​ចាំបាច់ក្នុងវិ​ស័យអ​ប់រំក្នុងខេត្តនេះ ផងដែរ ដោយ​សម្តេចតេជោ បានសម្រេច​ផ្តល់ជូន​ការ​សាងសង់ អគារសិក្សាថ្មី​៣​ខ្នងកម្ពស់​៣ជាន់ ស្មើនិង​១៨​បន្ទប់​ដូចគ្នា សម្រាប់​ទាំង​ក្នុង​សាលា​បឋមសិក្សា និងអនុវិទ្យល័យ​ក្នុង​ក្រុងសួង សាងសង់ផ្ទះ​ស្នាក់នៅសម្រាប់គ្រូ និងផ្ទះស្នាក់​នៅ​​សម្រាប់​សិស្ស កម្ពស់២ជាន់ស្មើ​១០បន្ទប់ដូចគ្នា អគារទីចា​ត់ការ២បន្ទប់ និងសាងសង់ទីលាន​កីឡា​បន្ថែមទៀត នាពេល​ខាងមុខ។ បច្ចុប្បន្ន​ខេត្តត្បូងឃ្មុំ មានសាកល​វិទ្យាល័យ​ចំនួនមួយ វិទ្យាល័យចំនួន ២៣ អនុវិទ្យាល័យចំនួន៥៤ និងបឋម​សិក្សាចំនួន ៣៩៥កន្លែង ។

សូមបញ្ជាក់ថា សមិទ្ធិផលហេដ្ឋរចនាសម្ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ដែលត្រូវបើក​សម្ពោធ​ដាក់ឲ្យប្រើប្រាស់នា​ពេលនេះ ឯកឧត្តម  ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រច្ចនាសម្ព័ន្ធ​រួមមាន៖ ១. អគាររដ្ឋបាល​ប្រមូលផ្តុំ និងអគារស្នាក់នៅ​របស់​មន្រ្តីរាជការ ដែលមាន​ទាំង​អគារសាលា​ខេត្ត និងអគារ​មន្ទីរ​នានា​ក្នុងទីតាំង​ជាមួយ​គ្នា។ ២. ប្រព័ន្ធផ្លូវ ដែលក្នុង​នោះ​ផ្លូវ​ប្រភេទ «ក» មា​នចំនួនពីរខ្សែ ជាប្រភេទផ្លូវភ្លោះ ទទឹងផ្លូវ​ទំហំ៨០ម៉ែត្រ មានប្រវែង​សរុប ៥ពាន់៥០០ម៉ែត្រ មានសួន​កណ្តាល មាន០៣គន្លងទៅ ០៣គន្លងមក ។ ផ្លូវប្រភេទ «ខ១» មានពីរខ្សែ ប្រវែង​សរុប ៩ពាន់២៥០ម៉ែត្រ។ ផ្លូវប្រភេទ «ខ» ចំនួនមួយខ្សែជា​ផ្លូវវាងក្រុង ប្រវែង៨៦៦០ម៉ែត្រ និងផ្លូវ​ប្រភេទ «គ» ចំនួនពីរខ្សែ មានប្រវែងសរុប ៣២៥០ម៉ែត្រ។   ៣. អាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុក​ទឹកបានប្រមាណ​បីលាន​ម៉ែត្រគូប និង ស្ថានីយ​ផលិត​ទឹកស្អាត ដែលមានសមត្ថភាព​ផលិតទឹកស្អាត ២០៨​ម៉ែត្រគូប ក្នុងមួយ​ម៉ោង។

ខេត្តត្បូង​ឃ្មុំ ជាខេត្តថ្មី ទី២៥របស់ប្រទេស​កម្ពុជា មានផ្ទៃដីសរុប ជាង​៥ពាន់២៥០ គីឡូ​ម៉ែត្រ​ក្រឡា មានព្រំប្រទល់​ខាងលិច​ជាប់នឹង​​ខេត្តកំពង់ចាម ខាងត្បូងជាប់​នឹងខេត្តព្រៃវែង ខាងជើងជាប់​នឹង​ខេត្តក្រចេះ ខាងកើត​ជាប់ប្រទេស​វៀតណាម។ ខេត្តត្បូងឃ្មុំ ចែកចេញជា ក្រុងចំនួន១​ គឺក្រុងសួង ស្រុក​ចំនួន៦ ឃុំចំនួន៦២ សង្កាត់ចំនួន២ ភូមិចំនួន៨៧៣ ដោយមាន​ប្រជាព​លរដ្ឋ​សរុប ១៨ម៉ឺន៤​ពាន់គ្រួសារ ស្មើនិង ជាង​​៨៤​ម៉ឺន​៤ពាន់នាក់។ បើទោះបីជាខេត្តត្បូង​ឃ្មុំជាខេត្តថ្មី​ក៏ដោយ ប៉ុន្តែមានការ​រំពឹងថា ខេត្តមួយនេះនឹងក្លាយ​ជាទីតាំង​បណ្តុំ​សេដ្ឋកិច្ចដ៏សំខាន់ ជាពិសេសសម្រាប់​​ផ្គត់ផ្គង់ទិន្នផល កសិឧស្សាហកម្មតែម្តង ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ