សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​​​ពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យបង្អែកកម្ពុជា-ចិន

CNV:

ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អស់លោក លោកស្រី​ លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។

ដំបូងអនុញ្ញាតឲ្យខ្ញុំបានសុំសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ដែលបានមកកាន់ទីនេះ ដែលក្នុងនោះក៏មានមួយចំនួនបានស្គាល់ខ្ញុំតាំងពីជាង ៤០ ឆ្នាំមុនឯណោះ ហើយថ្ងៃនេះខ្ញុំក៏សុំអភ័យទោសដែលមិនអាច និងធ្វើការសន្ទនាគ្នា សំណេះសំណាលជាមួយនឹងការជួបមុខហើយ គ្រាន់តែបានជួបមុខតែប៉ុណ្ណោះ ហើយមានក្មួយស្រីម្នាក់ កាលពីដើម ហៅថាកូនត្រេនៗ ឥឡូវគេទៅជាសមាជិកក្រុមប្រឹក្សាស្រុក …។

តំបន់នេះមានប្រវត្តិសាស្ត្រចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ

តំបន់នេះគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ ដែលបងប្អូននៅក្នុងតំបន់នេះបានទទួលបីបាច់ ថែរក្សាខ្លួនខ្ញុំ នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត។ នោះគឺពេលវេលាដែលយើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ពួកចក្រព័ទ្ធ និងរបប លន់ នល់ ដែលបានធ្វើការឈ្លានពានប្រទេសរបស់យើង ។ ទឹកដីដ៏កំសត់នៅទីនេះ ក៏ជាកន្លែងរងរបួស ហើយចុងក្រោយនៅទីនេះមិនឆ្ងាយប៉ុន្មានដែលខ្ញុំត្រូវពិការភ្នែក ទីកន្លែងរៀបអាពាហ៍ពិពាហ៍ក៏នៅមិនឆ្ងាយពីទីនេះ។ បើយើងចង្អុលទៅច្រាប ឆ្វេងដៃ អាហ្នឹងគឺកន្លែងរៀបការ រួចចុះបើយើងចង្អុលទៅភូមិខ្នារ ត្រង់ណា? ខាងក្រោយនេះ អាហ្នឹងកន្លែងចាប់ផ្ទៃកូនទី ១ រួចតាហៀវនៅត្រង់ណា? អាហ្នឹងកន្លែងចាស់ៗឲ្យដេក ប៉ុន្តែបំបែកយើងប្តីប្រព​ន្ធមិនឲ្យដេកជាមួយគ្នា ក្រែងលោយើងគឺថារត់តាមគ្នា។ ប្រវត្តិកំសត់កម្រនៅទីនេះ អញ្ចឹងបានសុំអធ្យាស្រ័យពីសំណាក់បងប្អូនដែលពីដើមធ្លាប់ស្គាល់ ហើយឥឡូវនេះ យើងមិនបានពិគ្រោះពិភាក្សាគ្នាទៅតាមការចង់បានរបស់បងប្អូន។

កសាងមន្ទីរពេទ្យកម្ពុជា-ចិន តម្លៃជិត ៥០ លានដុល្លារ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានរួមជាមួយឯកឧត្តម អគ្គរដ្ឋទូត Wang Wentian នៃសាធារណរដ្ឋប្រជាមានិតចិន​ ដើម្បីធ្វើពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។ នេះគឺជាគំរោងទី ២ បន្ទាប់ពីគំរោងទី ១ ដែលបានបើកការដ្ឋានកាលពីខែតុលា ឆ្នាំ ២០១៨ គឺមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ។ ថ្ងៃនេះ យើងបានបើកនូវការដ្ឋានសម្រាប់ការសាងសង់នូវមន្ទីរពេទ្យមួយដ៏ធំ ដែលត្រូវចំណាយទឹកប្រាក់ជិត ៥០ លានដុល្លារសហរដ្ឋអាមេរិកនៅទីនេះ។ ដូចដែលឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ជូនអង្គប្រជុំ និងសុន្ទរកថារបស់ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់រួចហើយ ថាខ្ញុំបានជ្រើសរើសទីនេះ ដើម្បីប្រើជំនួយឧបត្ថម្ភរបស់មិត្តចិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

នៅពេលដែលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមជាមួយនឹងទុនដែលត្រូវបានផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើតឲ្យទៅជាខេត្តថ្មីនោះ យើងមិនភ្លេចនូវការចលនាទុនដើម្បីកសាងនូវសាកលវិទ្យាល័យមួយដែលមានឈ្មោះថា សាកលវិទ្យាល័យ ហេង សំរិន ដែលឥឡូវនេះនិស្សិតរបស់យើងកំពុងទទួលបាននូវការបណ្តុះបណ្តាលនៅទីនោះ។ ពេលមកសម្ពោធនូវអគារសម្រាប់រដ្ឋបាលត្បូងឃ្មុំ ខ្ញុំក៏បានចាប់ផ្តើមរៀបចំនូវវិទ្យាល័យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅទីនេះ ដែលនៅជាប់នឹងមន្ទីរពេទ្យនេះតែម្តង ដែលនោះគឺជាស្តង់ដានៃវិទ្យាល័យមួយ ដែលមានទាំងកម្រិតនៃការបណ្តុះបណ្តាល ថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និងមានទាំងអន្តេវាសិក សម្រាប់ការស្នាក់នៅរបស់គ្រូ និងរបស់សិស្សទៀតផង។

ប្រធានាធិបតី ស៊ី ជីងពីង នាយករដ្ឋមន្ត្រី លី ខឺឈាង ឆ្លើយតបជាវិជ្ជមាន

ថ្ងៃនេះ នៅទីនេះ ជាការរៀបចំទុកជាមុននៃគម្រោងសាងសង់រដ្ឋបាលត្បូងឃ្មុំថ្មី យើងបានកសាងនូវមន្ទីរពេទ្យ។ ខ្ញុំបាននិយាយជាមួយសម្តេចក្រឡាហោម ស ខេង ថា ជម្រើសដ៏ល្អជាងគេសម្រាប់ការកសាងមន្ទីរពេទ្យ គឺនៅត្រើយខាងនេះ។ យើងត្រូវរៀបចំនូវមូលដ្ឋានមន្ទីរពេទ្យ។ ជម្រើសដ៏សមរម្យ និងអាចធ្វើទៅរួច គឺខ្ញុំនឹងចរចាជា​មួយប្រធានាធិបតី ស៊ី ជីងពីង និងនាយករដ្ឋមន្ត្រី លី ខឺឈាង ដើម្បីស្នើសុំការឧបត្ថម្ភ គាំទ្ររបស់គាត់កសាងមន្ទីរពេទ្យនៅទីនេះ។ សំណើរបស់ខ្ញុំបានទទួលការឆ្លើយតបជាវិជ្ជមាន​ ហើយដែលថ្ងៃនេះគឺយើងបានបើកការ​ដ្ឋាន និងរយ

ៈពេលសាងសង់ ៤០ ខែ។ ជាធម្មតា ចិនតែងដាក់នូវពេលវេលាសាងសង់មួយរយៈពេលវែង តែការសាងសង់របស់ចិន គឺភាគច្រើនលឿនជាងការគ្រោងទុក។

ប្រវត្តិនៃការដាក់ឈ្មោះខេត្តត្បូងឃ្មុំ

នេះជាសមិទ្ធផលមួយថ្មីទៀត ដែលបានកើតលើទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានវិលត្រឡប់ទៅរកអតីតកាល ប្រមាណ ៥០០ ឆ្នាំមុន។ ៥០០ ឆ្នាំមុននោះ ទីនេះ គឺជាខេត្តត្បូងឃ្មុំ មិនមែនស្រុកត្បូងឃ្មុំទេ។ បើយើងមើលប្រ​វត្តិទាក់ទិនជាមួយអតីតកាលរបស់យើង ខេត្តនៅសសៀរខាងកើតទន្លេមេគង្គនេះ នៅខាងខេត្តព្រៃវែងមានឈ្មោះ​​ថាខេត្តត្បូងឃ្មុំ។ បើមើលពីប្រវត្តិទុំទាវទៅទៀត ក៏កាន់តែច្បាស់ថា កំលោះនៅឯបាភ្នំ ឯក្រមុំនៅឯត្បូងឃ្មុំយើងនេះ។ អញ្ចឹងទេ ការរៀបចំឲ្យមានរដ្ឋបាលខេត្តត្បូងឃ្មុំ មិនមែនជាការខុសប្លែកអ្វីដែលធ្លាប់មានពីអតីតកាលនោះទេ។ ក្រសួងមហាផ្ទៃស្នើសុំមកដល់ខ្ញុំ ដើម្បីរៀបចំបំបែកខេត្តកំពង់ចាម ម្ខាងគឺរក្សាទុកជាខេត្តកំពង់ចាមនៅខាងលិចទន្លេ និងម្ខាងទៀត គឺសម្រាប់ជាខេត្តត្បូងឃ្មុំ យកឈ្មោះអតីតកាលមកដាក់តែម្តង។ កាលពីជំនាន់ដើម យើងក៏ចាំថា ព្រៃនគរក្នុង យើងចង្អុលទៅខាងណា? ទៅខាងស្តាំដៃនេះ។ ព្រៃនគរក្នុងនេះ គឺជាព្រះរាជវាំងរបស់ហ្លួងព្រះស្តេចកន នៅក្នុងរង្វង់ឆ្នាំ ១៥១៤ ហើយដែលទីនោះហើយដែលជាកន្លែងនៃការបោះចាយនូវប្រាក់ស្លឹង ដែលមកដល់ពេលនេះ ក៏នៅតែមាន។ ខ្ញុំបោះជាវត្ថុអនុស្សាវរីយ៍សម្រាប់កាដូជូនមិត្តភក្តិបរទេស នូវប្រាក់ដែលមានទម្រង់ដើមជាប្រាក់ស្លឹង ដែលពេលនោះធ្វើពីមាស ពីប្រាក់ និងពីស្ពាន់ សម្រាប់ការចាយវាយ។ ដូច្នេះ ទឹកដីនេះ ជាទឹកដីដែលធ្លាប់មានប្រវត្តិ។ ប៉ុន្តែងាកមកដល់យើងវិញនេះ យើងក៏ចាប់ផ្តើមស្ថាបនា។

ពិការភ្នែកក្បែរស្ពានគីហ្ស៊ូណា ជារបួសទី ៥ ក្នុងការប្រយុទ្ធ ១០៥ លើក

ក្នុងសម័យសង្គមរាស្ត្រនិយម តំបន់ទាំងនេះចាប់តាំងពីទន្លេបិទ រហូតទល់ទៅខេត្តក្រចេះ ចាប់ផ្តើមមានការអភិវឌ្ឍ ក៏ប៉ុន្តែការអភិវឌ្ឍនោះវាត្រូវបានបំផ្លិចបំផ្លាញស្ទើរទៅដល់រឹសគល់ ចាប់ផ្តើមពីដំណាក់កាលនៃការឈ្លានពានពីបរទេស ចូលមកកាន់កាប់តាមផ្លូវជាតិលេខ ៧ របស់យើង​ ជាពិសេសនៅតំបន់ក្រែករបស់យើងនេះ នៅមេមត់ និងរហូតដល់ស្រុកស្នួល។ សូម្បីតែសួង ត្បូងឃ្មុំរបស់យើងនេះក៏មិនរួចផុតពីរថក្រោះ រថពាសដែក និងកងទ័ពរបស់អាមេរិក និងកងទ័ពវៀតណាមខាងត្បូងនោះដែរ។ បន្ទាប់ពីការចាកចេញទៅនៃកងទ័ពរបស់បរទេស ក៏នៅសល់វត្តមានកងទ័ពដែលជាកងទ័ពផ្តួលរំលំរដ្ឋប្រហារ ផ្តួលរំលំសម្តេចព្រះនរោត្តមសីហនុ ហើយដែលត្រូវបន្តដោះស្រាយបញ្ហានេះបន្តទៅទៀត ខ្ញុំក៏ត្រូវរបួសពិការភ្នែក នៅក្បែរស្ពានគីហ្ស៊ូណា ដែលនោះគឺជារបួសទី ៥ របស់ខ្ញុំនៅក្នុងការប្រយុទ្ធ ១០៥ លើក នៅតាមដងផ្លូវជាតិលេខ ៧ និងឃ្លាតពីនេះមិនឆ្ងាយប៉ុន្មាន នៅតាមបណ្តោយមាត់ទន្លេ ឯប៉ែកខាងក្រោម និងប៉ែកខាងលើ។

ឃាតកម្មរបប ប៉ុលពត នៅពពាលក្រែក និងត្រពាំងឈ្លូស

ក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលក្នុងនោះការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងតំបន់របស់យើងនេះ… មានកន្លែង ២ ដែលមនុស្សមួយចំនួន ប្រជាជនយើងក៏តែងតែទៅធ្វើការរំលឹកវិញ្ញាណក្ខន្ធទៅដល់អ្នកទាំងនោះ។ ឯមិត្តភក្តិរបស់ខ្ញុំក៏បានស្លាប់មួយចំនួននៅទីនោះដែរ គឺនៅខាងឃុំពពាលក្រែក ដែលមានការវាយសម្លាប់មនុស្សទៅក្នុងអណ្តូងទឹក ហើយនៅម្តុំត្រពាំងឈ្លូស … ឥឡូវតំបន់ហ្នឹងនៅរក្សាទុកសម្រាប់គោរពវិញ្ញាណក្ខន្ធ តំបន់ឧក្រិដ្ឋកម្មទាំងឡាយដែលពួកប៉ុលពត ព្រៃម៉ៃសាក់ អាហ្នឹងក្បែរត្រពាំងឈ្លូសហើយ។ អញ្ចឹងទេ ចំណុចអស់ទាំងនេះ គឺជាចំណុចនៃសោកនាដកម្មដែលយើងចាប់ផ្តើមពីបាតដៃទទេ ប្រឹងងើបឈរឡើង រើបំរះធ្វើយ៉ាងម៉េចឲ្យរស់រានមានជីវិត។

អំណរគុណ ៣ ប្រការ

ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅសម្រាប់ប្រជាជនដែលរស់ក្នុងតំបន់នេះ។ ការថ្លែងអំណរគុណ​របស់ខ្ញុំ ទី ១ គឺចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ចាប់តាំងពីស្រុកស្នួលរហូតធ្លាក់មកដល់ខាងផ្នែកខាងក្រោមនេះ ដែលបានជួយយកអាសាជីវិតរបស់ខ្ញុំ នៅច្រើនទីកន្លែងដែលខ្ញុំបានជ្រកកោននៅក្នុងតំបន់នោះ ទាំងនៅក្នុងដំណាក់កាលនៃការវាយកងទ័ពឈ្លានពាន និងទាំងដំណាក់កាលនៃការរស់នៅក្នុងដំណាក់កាលដ៏ឈឺចាប់នៃរបប ប៉ុល ពត​ ដែលខ្ញុំត្រូវធ្វើការតស៊ូរើបំរះ ដើម្បីដឹកនាំការវាយរំលំរបបនេះ។

ការអរគុណទី ២ គឺអរគុណចំពោះប្រជាពលរដ្ឋ ដែលទាំងអ្នកដែលបានស្លាប់ទៅ ទាំងអ្នកដែលបានរស់នៅ ដែលបានចូលរួមគាំទ្រចលនារំដោះប្រជាជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នេះជារឿងដែលយើងបានខិតខំរួមគ្នាកសាង។

ឯការអរគុណទី ៣ គឺអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិរយៈពេលកន្លងទៅ។ ​ពិសេស កាលពី ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ប្រជាពលរដ្ឋរបស់យើងនៅខេត្តត្បូងឃ្មុំនិយាយដោយឡែក និងទូទាំងប្រទេសបានធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ចូលរួមបោះឆ្នោត និងបោះឆ្នោតរក្សាសន្តិភាព និងអភិវឌ្ឍ

ប្រជាជនរបស់យើងបានចូលរួមអនុវត្តនូវកិច្ចការសំខាន់ ២ យ៉ាង៖ ទី ១ ការចូលរួមបោះឆ្នោត គឺបង្ហាញអំពីការគាំទ្រនៃលទ្ធិប្រជាធិបតេយ្យជាទៀងទាត់ តាមរយៈការទៅចូលរួ​មបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលប្រើប្រាស់សិទ្ធិអំណាច ដើម្បីជ្រើសរើសគណបក្ស និងមេដឹកនាំដែលខ្លួនពេញចិត្ត។ ឯទី ២ ប្រជាជនរបស់យើងបានបោះឆ្នោតជ្រើសរើសរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ។ បោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយខ្លួនឯង គឺជាការបោះឆ្នោតដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍតែប៉ុណ្ណោះ។

អរគុណការគាំទ្រផ្ដល់តួនាទីអោយបន្តការដឹកនាំប្រទេស

សម្រាប់ខ្លួនខ្ញុំផ្ទាល់ ដែលមានវត្តមានឈរនៅថ្ងៃនេះ បើពុំមានការឈ្នះឆ្នោតរបស់​គណបក្សប្រជាជនកម្ពុជានោះទេ ខ្លួនខ្ញុំក៏គ្មានលទ្ធភាពមកបើកការដ្ឋាន ដើម្បីសាងសង់នូវមន្ទីរពេទ្យនៅទីនេះផងដែរ។ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋរបស់យើង បានបោះឆ្នោតគាំទ្រសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាបានធ្វើយុទ្ធនាការក្នុងការឃោសនាបោះឆ្នោតដោយប្រើប្រាស់នូវឈ្មោះ ហ៊ុន សែន ធ្វើជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននៃគោលនយោបាយរបស់ខ្លួន គឺគណបក្សប្រជាជនជាប់ឆ្នោត សម្ដេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី។ ខ្ញុំអរគុណចំពោះការគាំទ្រ ដែលផ្ដល់តួនាទីអោយខ្ញុំបន្តការដឹកនាំប្រទេសតទៅទៀត។ បើទោះបីជាបានកាន់មុខតំណែងនេះ អស់រយៈពេលជាង ៣៤ ឆ្នាំ​រួចមកហើយក្ដី ក៏នឹងបន្តរយៈពេល ៥ ឆ្នាំតទៅមុខទៀតហើយខ្ញុំសុំបញ្ជាក់ជូនថា មិនមែនត្រឹមតែ ៥ ឆ្នាំទេ ខ្ញុំនឹងបន្តក្នុងរយៈពេល ១០ ឆ្នាំយ៉ាងតិច ព្រោះក្នុងប្រទេសរបស់យើងនេះ នៅមានក្រុមអាសិរពិស ដែលព្យាយាមផ្ដួលរំលំ និងធ្វើអោយកម្ពុជាច្របូកច្របល់។ ការគ្រប់គ្រងរដ្ឋមិនមែនជារឿងធម្មតាពេកទេ បើគ្រប់គ្រងខុសក្បួនខ្នាតតែបន្ដិច នឹងធ្វើអោយប្រទេសក្រឡាប់ចាក់​។

អស់សង្ឃឹមជាមួយនឹងការចង់បានចៅរហូតទៅដល់ ២២

… ខ្ញុំនឹងរួមដំណើរ បើទោះបីជាឥឡូវនេះ អាយុមិនដូចកាលពីមុនទេ។ ពេលមុន នៅទីនេះ បើខ្ញុំគិតពីពេលវេ​លាដែលខ្ញុំមកដល់ម្ដុំនេះ ពេលនោះ ខ្ញុំទើបមានអាយុ ១៩ ឆ្នាំទេ។ ហើយនៅពេលវេលាចុងក្រោយដែលខ្ញុំរៀបការនៅឯច្រាបនេះ ខ្ញុំមិនទាន់មានអាយុគ្រប់ ២៤ ឆ្នាំផង។ ប៉ុន្តែឥឡូវនេះ គឺសូម្បីតែចៅខ្ញុំមានអាយុជិត ២០ ឆ្នាំ ចាប់ផ្ដើមចូលមហាវិទ្យាល័យទៅហើយ។ ខ្ញុំគឺជាមនុស្សម្នាក់ដែលសម្បូរកូន ហើយពិសេសសម្បូរចៅតែម្ដង។ តើមានអ្នកណាមានចៅដល់ទៅ ២០ ដូចខ្ញុំនោះ? មិនសូវជាមានប៉ុន្មានទេ។ សម្រាប់មេដឹកនាំនៅក្នុងតំបន់នេះ លើកលែងតែគេមានប្រពន្ធច្រើន​ ប៉ុន្តែបើប្រពន្ធមួយដូចគ្នា អាហ្នឹងគឺចាញ់ខ្ញុំហើយ។ ខ្ញុំមានចៅដល់ទៅ ២០ ហើយខ្ញុំកំពុងតែអស់សង្ឃឹមជាមួយនឹងការចង់បានចៅរហូតទៅដល់ ២២ ឯណោះ បានវាគ្រប់។ ប៉ុន្តែប្រហែលជាការសង្ឃឹមនេះមានតិចតួចណាស់។ តែក៏នៅសង្ឃឹមខ្លះ ក្រែងលោគេបន្ថែមបានមួយម្នាក់អីទៀតទៅ យើងបានចៅរហូតដល់ ២២​។ បើទោះបីចៅច្រើន ឬចៅតិច មកដល់ពេលនេះ ភាពកំសត់បានចាប់ផ្ដើមជាមួយនឹងជីវិតរបស់ជីតា និងជីដូន ដោយសារចៅទៅរៀនអស់ យើងស្ងាត់នៅផ្ទះ។ គេក៏នៅផ្ទះគេ យើងក៏នៅផ្ទះយើង។ ដូច្នេះទីបំផុតដដែល។ ក៏ប៉ុន្តែចៅៗឧស្សាហ៍មកអើតយើងផងដែរ។

ដំណើរជីវិតមនុស្ស និងដំណើររីកចម្រើនរបស់ប្រទេសជាតិ បានផ្សារភ្ជាប់គ្នា

អ្នកនៅទីនេះក៏ដូចគ្នាផងដែរ។ ក្មួយៗខ្លះកាលពីដើមនៅតូចណាស់ ឥឡូវគេបានក្លាយទៅជាម្ដាយ ឬទៅជាជីដូនរបស់គេទៅហើយ ក្លាយទៅជាឪពុក ឬទៅជាជីតារបស់គេទៅហើយ។ អញ្ចឹងដំណើរជីវិតមនុស្ស និងដំណើររីកចម្រើនរបស់ប្រទេសជាតិ បានផ្សារភ្ជាប់គ្នា។ ពីសម័យក្រោយពីរំដោះប្រទេស តើយើងមានអ្វីខ្លះ? ឥឡូវនេះ យើងក្រឡេកមើលជុំវិញខ្លួនយើង តើយើងមានអ្វីខ្លះ។ កុំចាំបាច់មើលទៅណាឆ្ងាយ អ្នកដទៃហ៊ានស្បថទេថា ពេលនេះ ក្រជាងឆ្នាំ ១៩៧៩។ តើហ៊ានស្បថអោយរន្ទះបាញ់ទេ? តើហ៊ានស្បថអោយងាប់ទាំងកូនទាំងចៅ ទាំងពូជទេ? ព្រោះមានអ្នកដែលហ៊ាននិយាយថា ដឹកនាំយូរទៅៗកាន់តែក្រទៅៗ តើហ៊ានស្បថទេ? ខ្ញុំសុំសួរទៅក្រុមអាសិរពិសទាំងឡាយ តើហ៊ានស្បថទេថា សព្វថ្ងៃនេះ កម្ពុជាក្រទៅៗ។ បានសេចក្ដីថា ក្រជាងឆ្នាំ ១៩៧៩។ អញ្ចឹងបើអ្នក​ឯងមិនហ៊ានស្បថ គឺបានសេចក្ដីថា អ្នកឯងទទួលស្គាល់ការពិត ប៉ុន្តែបើអ្នកឯងហ៊ានស្បថ ច្បាស់ជាអាយុខ្លី រឿងតែប៉ុណ្ណឹង។

បបួលស្បថ អ្នកណាដែលថាដឹកនាំកាន់តែក្រទៅៗ

ឥឡូវពិបាកណាស់ បើភ្នាល់ វាភ្នាល់ចាញ់ឯងហើយ វារត់។ ធ្វើម៉េចវា។ ប៉ុន្តែឥឡូវបបួលស្បថ បើមានស្អីបបួលស្បថតែម្ដង ព្រោះពួកអាហ្នឹងមិនហ៊ានស្បថទេ ខ្លាចរន្ទះបាញ់។ ឥឡូវខ្ញុំបបួលស្បថ អ្នកណាដែលថា ខ្ញុំដឹក​នាំកាន់តែក្រទៅៗ ខ្ញុំបបួលស្បថ។ ឥឡូវហ៊ានស្បថទេ? បើសិនអ្នកឯងហ៊ានស្បថ ប្រកាសស្បថមក ហើយស្បថដាក់ទាំងពូជតែម្ដង។ អ្នកណាថា ក្រទៅៗ ក្រជាងឆ្នាំ ១៩៧៩ អោយងាប់ទាំងពូជ។ ជំនឿខ្មែរ។ កុំថាស្បថហ្នឹងជាអបិយជំនឿ មិនមែនទេ។ សូម្បីតែព្រោះព្រះមហាក្សត្រក៏ស្បថមុនពេលដែលព្រះអង្គគ្រងរាជ្យ។ ប្រធានាធិប​តី​តាមប្រទេសមុនចូលកាន់តំណែងក៏ត្រូវស្បថ។ សមាជិក សមាជិកាសភា និងរដ្ឋសភា រាជរដ្ឋាភិបាលមុនចូលកាន់តំណែងក៏ត្រូវតែស្បថ ចូលក្នុងតុលាការមុនពេលធ្វើសាក្សី គេអោយស្បថសិន។ អញ្ចឹង ស្បថ មិនមែនជាបញ្ហាអបិយជំនឿទេ ប៉ុន្តែ វាជារឿងតម្រូវ អញ្ចឹងទេ ខ្ញុំមិនយល់ដែរ។

អាគារ គេវាយខ្ទេចខ្ទីហើយ យើងធ្វើអាគារសុទ្ធតែ(៣ ជាន់)អញ្ចឹង ព្រោះក្មេងទារឡើង មិនមែន ១ ជាន់ទេ ពី ២ ជាន់ទៅ ៣ ឬ ៤ ជាន់។ អញ្ចឹងយើងដាក់ទៅតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសរបស់យើង។ ម្នាក់ៗប្រើសុទ្ធតែ smart phone រួចហើយចូល comment ទៅកាន់ខ្ញុំថា ដឹកនាំកាន់តែក្រទៅៗ។ តើអ្នកកាន់ smart phone ហ្នឹង វាហ៊ានស្បថទេ ក្នុងការចូលមក comment? ថ្ងៃក្រោយ អ្នកណាចូលរួម comment ក្រទៅៗ ចាត់ទុកថា អ្នកឯងបានស្បថជាមួយនឹងខ្ញុំ អោយអ្នកឯងស្លាប់។ អាហ្នឹងវាទាល់តែអញ្ចឹង។ ក្នុងសម័យក្រោយរំដោះ កុំថាឡើយមាន smart phone សូម្បីតែអាយកូមហ្នឹង ទម្រាំបានកាន់មួយៗ …។

លុយចិនឧបត្ថម្ភប្រមាណ ៦០០ លានដុល្លារ ទុកអនុវត្តគំរោងផ្សេង

ឥឡូវនេះ វិលមកបញ្ហាមន្ទីរពេទ្យរបស់យើងវិញ។ ថ្ងៃនេះ យើងប្រើប្រាស់ជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន។ កាលពីខែមករាកន្លងទៅនេះ ខ្ញុំបានទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដែលនោះ គឺទាំងប្រធានាធិបតី ស៊ី ជីនពីង ទាំងនាយករដ្ឋមន្រ្តី លី ខឺឈាង របស់ចិន បានប្រាប់ខ្ញុំថា ដើមឆ្នាំ ២០១៩ នេះ ភ្ញៀវទស្សនកិច្ចផ្លូវរដ្ឋ គឺនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន នេះតែម្ដង។ គាត់ទទួលក្រោយចូលឆ្នាំខ្មែរ និងមុនចូលឆ្នាំចិន។ យើងមិនបានប្រើប្រាស់នូវជំនួយឧបត្ថម្ភដែលមិត្តចិនបានផ្ដល់ ៣០០ ពាន់លានយាន់ ប្រហែលជា ៦០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងមន្ទីរពេទ្យនេះទេ។ លុយនោះគឺទុកការអនុវត្តនូវគម្រោងផ្សេង តែលុយនេះគឺជាជំនួយមុនៗ ដែលបានចុះហត្ថលេខាហើយ។

ទំនាក់ទំនងជិតខាងល្អ និងជាមួយប្រទេសនៅលើពិភពលោក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ

យើងបានធ្វើទំនាក់ទំនងមិត្តភាពជាមួយចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលប្រជាជនទាំងពីរមានទំនាក់ទំនងកាន់តែល្អទៅៗជាមួយគ្នា។ គ្មានអ្វីខុសទេ នៅក្នុងការដែលយើងស្វែងរកទំនាក់ទំនងជិតខាងល្អ នៅក្នុងការដែលយើងស្វែងរកទំនាក់ទំនងជាមួយនឹងប្រទេសទាំងអស់នៅលើពិភពលោក ដោយមិនប្រកាន់នូវនិន្នាការនយោបាយ។ អ្វីដែលយើងត្រូវការ គឺមិត្តគ្រាពិបាក មិត្តដែលចេះជួយគ្នា និងមិត្តដែលចេះគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់យើង។ លើមូលដ្ឋាននៃចំណងទាក់ទងដែលសម្ដេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ បានរួមជាមួយនឹងថ្នាក់ដឹកនាំចិនកាលពីជាង ៦០ ឆ្នាំមុន បានកសាងទំ​នាក់ទំនងនោះ។ បច្ចុប្បន្នទំនាក់ទំនងនេះ ក៏ត្រូវបានបន្តថែរក្សា និងពូនជ្រំដោយព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈ និងដោយខ្លួនខ្ញុំផ្ទាល់ ជានាយករដ្ឋមន្រ្តី បន្តការពូនជ្រំនូវទំនាក់ទំនងនេះ។ តាមរយៈទំនាក់ទំនងនេះ បានឃើញនូវការរីកដុះដាលយ៉ាងឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើអោយការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ផ្លូវថ្នល់ ស្ពានជាច្រើន ដែលបានសាងសង់រួចហើយ ហើយបានដាក់អោយប្រើប្រាស់ និងកំពុងតែសាងសង់ ហើយនិងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ មន្ទីរពេទ្យ សាលារៀន ជាពិសេសគឺសាកលវិទ្យាល័យនៅខេត្តក្រចេះ ដែលខ្ញុំបានទៅចូលរួមសម្ពោធកាលពីប៉ុន្មានខែមុននេះ ក៏ត្រូវបានប្រើប្រាស់នៅទីនោះ។

ក្រុមហ៊ុនចិនដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋរបស់យើងមិនតិចជាងកន្លះលាននាក់ទេ

ជំនួយ ក៏ដូចជាការវិនិយោគពីក្រុមហ៊ុនរបស់ចិន បានចូលមកវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ យោងទៅលើការប៉ាន់ស្មាន ក្រុមហ៊ុនចិនដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋ​របស់យើងមិនតិចជាងកន្លះលាននាក់ទេ អោយទទួលបានប្រាក់បៀវត្ស សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសាររបស់កម្មករ/ការិនីរបស់យើង និងវិស័យជាច្រើន។ សូម្បីតែអគ្គិសនីប្រើប្រាស់បច្ចុប្បន្ននៅប្រទេសកម្ពុជា គឺក្រុមហ៊ុនចិនស្ទើរតែទាំងអស់ ដែលបានវិនិយោគទៅលើវិស័យអគ្គិសនីនៅកម្ពុជា។ ខ្ញុំមិននិយាយទាំងស្រុងទេ អាចថា ក្នុងចន្លោះពី ៧០% ទៅ ៨០% នៃការប្រើប្រាស់អគ្គិសនីបច្ចុប្បន្ននៅកម្ពុជា ដែលទំហំទុនវិនិយោគរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក និងខ្សែបញ្ជូនចែកចាយ រាប់ទាំងសេសាន ២ នៅឯខេត្តស្ទឹងត្រែង ហើយដែលឆ្លងកាត់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាមរបស់យើង រុញភ្លើងចូលទៅទីក្រុងភ្នំពេញ គឺបានមកពីការវិនិយោគពីសំណាក់ក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិន។ គ្រាន់តែតំបន់សេដ្ឋកិច្ចពិសេសនៅឯខេត្តព្រះសីហនុមួយ គឺបានដោះស្រាយការងារធ្វើសម្រាប់កម្មករ កម្មការិនីរបស់យើងប្រមាណ ៣ ម៉ឺននាក់រួចស្រេចទៅហើយ។

ការអភិវឌ្ឍប្រទេសមួយ ត្រូវការទាំងជំនួយ ទាំងកម្ចីសម្បទាន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ

… នោះហើយគឺជាតម្រូវការនៃការអភិវឌ្ឍប្រទេសមួយ ដែលយើងចង់បានទាំងជំនួយផង ចង់បានទាំងកម្ចីសម្បទាន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផង និងយើងក៏ចង់បានអ្នកវិនិយោគមកវិនិយោគនៅក្នុងប្រទេសរបស់យើងផង។ នេះជាការចង់បានគ្រប់ប្រទេសទាំងអស់។ ទៅទីណាក៏ឮពាក្យ FDI ដែល ជាភាសាបរទេសថា Foreign Direct Investment ឬការវិនិយោគផ្ទាល់ពីបរទេស។ អ្នកណាក៏ចង់បានដែរ​។ ចម្លែកត្រង់កម្ពុជានេះ នៅពេលដែលចិនចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បែរជាមានអ្នកចង់បណ្ដេញចិនចេញទៅវិញ។ ឯងខំទៅទាក់ទងគេ ដើម្បីអោយគេមកវិនិយោគ យកលុយមកដាក់ស្រុកខ្មែរ កសាងអគារខ្ពស់ៗ កសាងរួចហើយ គេមិនអាចដឹកតាមយន្តហោះត្រឡប់ទៅស្រុកវិញបានទេ។ កុំឆ្ងល់ពេក។ អាហ្នឹងរកស៊ី វាមានចំណេញទៅវិញទៅមក។ បើយើងនៅតែខ្ទមស្បូវ យើងនៅតែបក់ផ្លិត តើយើងទទួលទេសចរយ៉ាងម៉េចទៅ?

ត្រូវការទេសចរចិន ៥ លាននាក់ ទៅ ១០ លាននាក់ មកកម្ពុជា

ឆ្នាំ ២០១៨ កន្លងទៅនេះ យើងមានទេសចររហូតទៅដល់ ៦ លាន ២ សែននាក់។ ក្នុងចំណោម ៦ លាន ២ សែននាក់ ទេសចរចិនមាន ២ លាន ២ សែននាក់។ តែខ្ញុំមិនមែនត្រូវការត្រឹមតែ ២ លាន ២ សែននាក់ទេ ខ្ញុំត្រូវការទេសចរចិន ៥ លាននាក់ ទៅ ១០ លាននាក់ ដើម្បីអោយមកកាន់ប្រទេសកម្ពុជា ព្រោះគោលដៅរបស់ ហ៊ុន សែន ត្រូវចាំអោយច្បាស់ថា ភាសានាំចេញនៅនឹងកន្លែង ពាក្យ “នាំចេញនៅនឹងកន្លែង” មិនចាំបាច់តែនាំចេញឆ្លងកាត់ទៅក្រៅប្រទេសទេ។ ពេលដែលភ្ញៀវបរទេសមកទស្សនកិច្ច មិនថា ភ្ញៀវចិន ឬភ្ញៀវអាមេរិក បារាំង អង់គ្លេស ភ្ញៀវប្រទេសណាទេ គេមិនដែលវេចអង្ករមកតាមទេ គេមកស៊ីអង្ករយើង។ ដូច្នេះ កសិករយើងលក់អង្ករបាន។ អង្ករឆ្ងាញ់ៗផលិតទៅ។ តាមសណ្ឋាគារ ភោជនីយដ្ឋានត្រូវការសាច់ ត្រូវការបន្លែ ត្រូវការអ្វីៗផ្សេងទៀត កសិករយើងនាំគ្នាផលិតដើម្បីបញ្ចូលទៅក្នុងបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីអោយទេសចរទទួលទាន។ នោះគឺជាផ្នែកមួយ​នៃការនាំចេញដែរ។ នេះជាផ្នែកមួយនៃការទាក់ទាញវិនិយោគ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជា។

ចិនវិនិយោគនៅកម្ពុជាផង ទៅកាន់ទ្វីប​អាមេរិកឡាទីន និងអាហ្វ្រិកទៀត

ការលើកឡើង(មិនត្រឹមត្រូវ)ណាមួយទាក់ទងនឹងបញ្ហានេះ វាជាកំហុសធ្ងន់ធ្ងរខាងផ្នែកនយោបាយក្រៅ(ប្រទេស) និងការទាក់ទាញការវិនិយោគពីបរទេសសម្រាប់អភិវឌ្ឍកម្ពុជា។ យើងមិនរើសអើងទេ ប្រទេសណាក៏ដោយដែលចង់មកវិនិយោគ យើងស្វាគមន៍ទាំងអស់ មិនមែនគ្រាន់តែចិនទេ ក៏ប៉ុន្ដែលទ្ធភាពប្រទេសខ្លះក៏គេមក ប្រទេសខ្លះក៏គេមិនមក។​ នៅប្រទេសវៀតណាមក៏មានការវិនិយោគ​សន្ធឹក​សន្ធាប់យ៉ាងច្រើនពីចិន និងកូរ៉េ ចូលមកប្រទេសវៀតណាម។ នៅឡាវក៏មានការវិនិយោគច្រើនសន្ធឹកសន្ធាប់​ពីចិន​ និងកូរ៉េខាងត្បូងទៅឡាវ។ ចិនមិនមែនគ្រាន់តែវិនិយោគមកកាន់ប្រទេសកម្ពុជាទេ ចិនវិនិយោគទៅកាន់ទ្វីប​អាមេរិកឡាទីន អាហ្វ្រិក ព្រោះចិនមានលុយ។ ទុនរបស់ចិន សេដ្ឋកិច្ចរបស់ចិនធំណាស់ ដូច្នេះ​យើងគួរតែ​មាន​មោទនភាពដែលយើងមានមិត្តភក្ដិ និងអាចទាក់ទាញបានជំនឿទុកចិត្តក្រុមអ្នកវិនិយោគចិនមក​វិនិ​យោគ​នៅប្រទេសរបស់យើង។

នៅពេលមានទីផ្សារ កសិករត្រូវតម្រង់ទិសសម្រាប់ការនាំចេញ

មួយផ្នែកទៀត នៅពេលទស្សនកិច្ចនៅចិនរាល់លើក ខ្ញុំតែងតែស្នើចិនឲ្យបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា។​ឥលូវនេះប្រជាជនកម្ពុជារបស់យើង ក្នុងនោះមានអ្នកត្បូងឃ្មុំ និងកំពង់ចាម នឹងត្រូវទទួលផលពីទីផ្សារចិន បើសិនជាយើងផលិតបានត្រឹមត្រូវ​​។ ខ្ញុំមិននិយាយពីអង្ករទេ ដោយសារខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បើនៅ​សល់អង្ករក៏មិនសល់ច្រើនប៉ុន្មានដែរ បើប្រៀបធៀបជាមួយខេត្តបាត់ដំបង​ និងខេត្តដទៃ។ ប៉ុន្ដែក៏មានផ្នែកខ្លះ(នៃប្រទេសដែលមានអង្ករ) ចិនទទួលទិញ ៤០ ម៉ឺនតោន។ អ្វីដែលសំខាន់ជាងនេះ អាចក្លាយជាមុខសញ្ញាដាំដុះរបស់ប្រជាពលរដ្ឋនៅ​ក្នុងខេត្តកំពង់ចាម គឺដំណាំផ្សេងៗ មានពោត ចេក (ចេក ១ ម៉ឺន ៤ ពាន់តោន គ្រាន់តែនាំចេញ​ ប៉ុន្ដែទីផ្សារចិនច្រើនជាងហ្នឹង) ស្វាយនេះ ហើយនៅមានស្អីច្រើនទៀត។ នៅពេលដែលយើង​មាន​ទីផ្សារនោះ ប្រជាកសិករបស់យើងត្រូវតម្រង់ទិសសម្រាប់ការនាំចេញទីកាន់ទីផ្សារ​របស់​ចិន។ ចិនក្លាយជាប្រ​ទេសមានទេសចរច្រើនបំផុត ដែលចេញទៅលេង​នៅ​ប្រទេសក្រៅ​ មួយឆ្នាំៗប៉ុន្មានរយលាននាក់ឯណោះ​ … យើងត្រូវខិត​ខំ​បើកទីផ្សារថែមទៀតទៅសាធារណរដ្ឋប្រជាមានិតចិន​។

ពឹងលើទីផ្សារពីរ យិតយោងតម្លៃស្រូវអង្ករ

ឥលូវនេះតម្លៃស្រូវមានការធ្លាក់ចុះ ដែលខ្ញុំបានប្រាប់ទៅរដ្ឋមន្ដ្រីកសិកម្ម​ រដ្ឋមន្ដ្រីពាណិជ្ជកម្ម ឲ្យប្រើប្រាស់ទីផ្សារ​ពីរដើម្បីយិតយោងតម្លៃ​ស្រូវរបស់ស្រូវយើងឲ្យកើនមកវិញ នោះគឺផ្សាររបស់ចិន ៤០ ម៉ឺនតោន​ និងទីផ្សារ​វៀត​ណាម ៣០ ម៉ឺនតោន។ ពីរទីផ្សារនេះ គ្របដណ្ដប់ ៧០ ម៉ឺនតោន ដែលស្មើនឹងស្រូវប្រហែល ១ លានតោន។​ ឆ្នាំនេះយើងសល់ស្រូវ​ប្រមាណជា ៦ លានតោន។ ពីប្រទេសមួយដែលខ្វះអង្ករស៊ី ចំនួនប្រជាជនប្រមាណជា​ ៧ ទៅ៨ លាននាក់​ ១០ លាន នាក់ពីពេលនោះ ខ្វះអង្ករស៊ី។ ឥឡូវវប្រជាជនប្រហែល ១៦ លាន នាក់ យើងសល់​ស្រូវប្រមាណ ៦ លានតោន ស្មើនឹងប្រមាណ ៤ លានតោន អង្ករ។ សូមឲ្យពួកអាសិរពិសទាំងឡាយ​ហ៊ាន​ស្បថឬអត់ … ហើយស្បថដាក់ជីវិតតែម្ដង។ ពួកនេះ​កុំគ្រាន់តែ​ស្បថលេងថាគ្រិចជើងគ្រិចដៃអី ស្បថយកជីវិតតែម្ដង ព្រោះវាខូចពេក ទាល់ប្រើប្រាស់វិធីអញ្ចឹង។

ជំនួយឧបត្ថម្ភ​ដែល​មិត្តចិនបានផ្ដល់ បម្រើអោយកិច្ចគាំពារសង្គម ព្យាបាលឥតគិតថ្លៃ ស្ត្រីមានផ្ទៃពោះ

… យើងបន្ដជាមួយនឹងការជម្រុញនៅមិត្ដភាព ដែលយើង​កសាងនៃមូលដ្ឋានជំនាន់មុន ហើយបន្សល់​ទុកនៅជំនាន់ក្រោយ។ ថ្ងៃនេះតាមរយៈឯកឧត្តម អគ្គរដ្ឋទូត អនុញ្ញាតអោយខ្ញុំផ្ដាំផ្ញើនូវការថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រជាជនចិន ដែលបានផ្ដល់នៅជំនួយឧបត្ថម្ភសម្រាប់មន្ទីរពេទ្យ​មួយ ដែលត្រូវសាងសង់អស់ទឹកប្រាក់ជិត ៥០ លានដុល្លារ​អាមេរិក វា(ត្រូវជា) ៣១០ លានយាន់។ ជំនួយឧបត្ថម្ភ​ដែល​មិត្តចិនផ្ដល់អោយខ្ញុំ នឹងបម្រើអោយគោលដៅ​នៃការអភិវឌ្ឍកិច្ចគាំពារសង្គម​ ដែលខ្ញុំបានដាក់ចេញតាំងពីអា​ណត្ដិទី ៥ ហើយបានប្រកាសជាថ្មីម្ដងទៀត​ នូវការសន្យាមុនការបោះឆ្នោត និយាយអញ្ចឹងទៅចុះ ដើម្បី​ឲ្យខ្ញុំសម្រេចគោលដៅនៃការអនុវត្ដគោលនយោបាយគាំពារសង្គមក្នុងការពិនិត្យព្យាបាលជំងឺ​ ដោយឥតគិត​ថ្លៃ និង​ការផ្ដល់អាទិភាពចំពោះស្ដ្រីមានផ្ទៃពោះ។ អម្បាញ់មិញជួប គ្រូបង្រៀនពីរនាក់ ឈរទន្ទឹមគ្នា អម្បាញ់មិញបាន​ផ្ដល់លុយជូនគាត់ហើយ ដើម្បីទៅឆ្លងទន្លេ។ មិនបានសួរប្រាក់ខែផងទេអម្បាញ់មិញ​ ប្រាក់ខែបានប៉ុន្មាន? (១លាន ៣០ ម៉ឺន) រួចកូនតូចដែលកើតត្រូវបាន ៨០ ម៉ឺនទៀត។

ចុះបញ្ជីបេឡាសន្ដិសុខសង្គម ដើម្បីបុគ្គលិកទទួលអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម

ប៉ុណ្ណឹងវាមិនគ្រប់ទេ។ យើងអនុវត្ដក្នុង​ក្របខណ្ឌមន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធសម្រាប់ស្ដ្រីដែលមានឆ្លងគឺ ៨០ ម៉ឺនរៀល សម្រាប់កម្មការិនី​ឆ្លង​ទន្លេ ៤០ ម៉ឺនរៀល​ ប៉ុន្ដែនៅពេលខាងមុខយើងនឹងអនុវត្ដចំពោះស្ដ្រីក្រីក្រ​ គឺប្រើប្រាស់រហូតទៅដល់ប្រមាណ​ជិត ៨០ ម៉ឺន រៀលដែរ​ ពីការចាប់ផ្ដើមមានផ្ទៃពោះរហូតទៅដល់កូនមានអាយុ ២ ឆ្នាំ ដែលយើងនឹងដាក់​ឲ្យ​អនុវត្ដនៅពេលខាងមុខនេះ។ ដូច្នេះហើយបានជាខ្ញុំអំពាវនាវអោយក្រុមហ៊ុន សហគ្រាសទាំងអស់ចុះបញ្ជី​ជាមួយបេឡាសន្ដិសុខសង្គម ដើម្បីអោយ​អ្នកធ្វើការទីនោះបានទទួលអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គមរបស់​រាជ​រដ្ឋា​ភិបាល​ ព្រោះកម្មករ ត្រូវទទួលបានការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ។ ប្រសិនបើតាមបណ្ដារោង​ចក្រ សហ​គ្រាស ឬតាមបណ្ដាសណ្ឋាគារ​ ​ឬនៅកន្លែងដទៃទៀតនៅក្នុងវិស័យឯកជនមិនបានចុះបញ្ជីទេនោះ គឺនឹងធ្វើ​ឲ្យ​បាត់បង់នូវអត្ថប្រយោជន៍របស់កម្មករ​/ការិនី ដែលខ្ញុំសូមបន្ដអំពាវនាវជាបន្ដទៀត​ បន្ដការចុះបញ្ជី​សម្រាប់ឲ្យយើងគ្រប់គ្រងជាពិសេសការទទួលផលរបស់កម្មករ/ការិនី។

មន្ទីរពេទ្យបង្អែក នឹងរួមចំណែកដល់គោលនយោបាយសុខុមាលភាព

ខ្ញុំសង្ឃឹមថា ជាមួយនឹងការកើតឡើងនូវមន្ទីរពេទ្យបង្អែកនៅកន្លែងនេះ ឬនៅ​កន្លែងនោះ នឹងធ្វើអោយការអនុវត្តគោល​នយោបាយគាំពារសង្គម សម្រាប់ថែទាំសុខភាព ក៏ដូចជាគោលដៅមួយចំនួននៅក្នុងវិស័យសុខាភិបាល នឹង​សម្រចបាន​ទៅតាមការគ្រោងទុក ដូចជាបំបាត់ជំងឺគ្រុនចាញ់អោយបាននៅឆ្នាំ ២០២៥ និងជំងឺដទៃទៀត ដែលយើងបានដាក់ចេញនូវកាលបរិច្ឆេទកំណត់​ ដូច្នេះមន្ទីរពេទ្យនៅទីនេះបានដើរតួនាទីមួយសំខាន់ចូលរួម​ចំណែក​ក្នុងការអនុវត្ដគោលនយោបាយសុខុមាលភាព ឬគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល​ដើម្បីការរីកលូតលាស់សម្រាប់ប្រជាជនកម្ពុជាយើង។ យើងបន្ដការខិតខំរួមគ្នាដើម្បីធ្វើការងារនេះ​តទៅទៀត ជាមួយកំណើនសេដ្ឋកិច្ច ដែលមានជាបន្ដ យើងមិនទាន់ស្កប់ស្កល់ត្រឹមប៉ុណ្ណេះទេ ដែលត្រូវទាមទារឲ្យយើង​ប្រឹងជាបន្ដដោយមិនចេះឈប់។

យកខ្សាច់/គ្រួស ចេញពីស្បែកជើង ដើម្បីដើរទៅមុខបាន ជាអភិក្រមទី ៥ (វះកាត់)

… ខ្ញុំសូមបញ្ជាក់ថា យើងត្រូវធ្វើដំណើរដោយស្វាហាប់ ហើយយើងត្រូវ​តែ​យកចេញពីក្នុងស្បែក​ជើងរបស់​យើង នូវគ្រាប់គ្រួសក៏ដោយ​ ខ្សាច់ក៏ដោយ អោយអស់ បើមិនដូច្នោះទេ យើងមិនអាច​ដើរ​ទៅមុខទៀតបានទេ​ ឬដើរទៅវាមានពងជើង ឬឈឺជើងរបស់យើង​។ ខ្ញុំចង់និយាយថា មន្ដ្រីរាជការណា​ដែលធ្វើអំពើផ្ដេសផ្ដាស ត្រូវទទួលវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬវិន័យធ្ងន់ធ្ងរជាងនេះ ​តាមរយៈ​នៃ​ការផ្ដន្ទាទោសដោយច្បាប់​ នៅប៉ុន្មានម៉ោងក្រោយទៀតនឹងដឹងរឿងខ្លះៗ ដែលខ្ញុំចាត់ទុកថាខ្លាក៏វាយ ពស់ កណ្ដុរ កណ្ដូប រុយ ក៏វាយ គឺវាយទាំងអស់ អោយតែរំខានដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ខ្ញុំដើរដល់អភិក្រមទី ៥ ដែលចាំបាច់ត្រូវធ្វើហើយ​។ ម្សិលមិញមានការប្រជុំ(ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់) អ្នកទាំងឡាយ​ដែលបាន​អង្គុយស្ដាប់នូវអ្វីដែលខ្ញុំបាននិយាយ ខ្ញុំគ្មានពេលណែនាំអប់រំបន្ថែមទេ ព្រោះខ្ញុំបានប្រើពេលច្រើន។ ខ្ញុំអត់មានពេលនិយាយជាមួយអស់លោកអ្នកតទៅទៀតទេ​ ទាំងមន្ដ្រីស៊ីវិល កងកម្លាំងប្រដាប់អាវុធ កុំថាឡើយអ្នកឯងពាក់ផ្កាយ ពាក់លោកខែ ក៏ខ្ញុំយកចេញ។ ពាក្យដែលខ្ញុំប្រើថា ខ្លាក៏វាយ ពស់ក៏វាយ កណ្ដុរក៏វាយ រុយ​ក៏វាយ វាយទាំងអស់​ ព្រោះខ្ញុំចង់អោយល្បឿននៃការអភិវឌ្ឍរបស់យើងវាទៅមុខដោយមិនឈប់ឈរ ហើយដែលប្រជាជនទទួលស្គាល់ថា អ្វីដែលគាត់បានប្រឹងបោះឆ្នោតអោយគណបក្សប្រជាជន ពួកគាត់នឹង​ទទួលផលបានពិតប្រាកដពីការអភិវឌ្ឍ ដោយគ្មានការរំខានពី​មន្ដ្រីដែលស៊ីប្រាក់ខែរបស់រដ្ឋនោះ​ទេ។ សូមចាំឲ្យបាន។

មន្ទីរពេទ្យល្អ គ្រូពេទ្យត្រូវតែបម្រើប្រជាជនដោយស្មោះត្រង់

យើងមានមន្ទីរពេទ្យល្អ គ្រូពេទ្យត្រូវតែបម្រើប្រជាជន ដោយស្មោះត្រង់។ ថ្ងៃនេះ យើងធ្វើ​ការដើម្បីសុខុមាលភាពរបស់ប្រជាជន មានតែមន្ទីរពេទ្យ បើអត់គ្រូពេទ្យ ក៏មិនបានដែរ ហើយបើមានគ្រូពេទ្យ​ តែបើគ្រូពេទ្យអត់គុណធម៌ អត់វិជ្ជាជីវៈ យើងនៅតែមិនអាចដោះស្រាយបានជាមួយប្រជាពលរដ្ឋ។ ដូច្នេះខ្ញុំក៏​អំពាវនាវឲ្យគ្រូពេទ្យទាំងអស់បង្កើនការយកចិត្តទុកដាក់ទទួលខុស​ត្រូវទៅលើសុខុមាលភាពរបស់​ប្រជាពល​រដ្ឋ។

សូមកុំមានការស្លន់ស្លោជាមួយនឹងការរកវ៉ាក់សាំងឆ្កែឆ្កួត

ថ្ងៃនេះ ខ្ញុំក៏សូមថ្លែងសាជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋ មេត្ដាកុំស្លន់ស្លោជាមួយ​នឹងកា​រស្វះស្វែង​រកវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត។ យើងមិនទាន់មានឆ្កែឆ្កួតខាំផងទៅប្រញាប់ធ្វើអី។​ ចង្អៀតណែននៅឯវិទ្យាស្ថាន​ប៉ាស្ទ័រ​។ កុំអាលអី។ វាងាយទេ។ ដូចដែលខាងសុខាភិបាលគេណែនាំ​។ បើចង់កុំអោយមានជំងឺឆ្កែឆ្កួត វាទាល់តែ​យើងកុំទៅប្រឡែងជាមួយឆ្កែ​។ សូមអោយគ្រូពេទ្យយកចិត្តទុកដាក់ នៅពេលដែលមានឆ្កែ​ ឬឆ្មា​ ឬសត្វ​ខាំ ប្រជាពល​រដ្ឋត្រូវរកវ៉ាក់សាំងការពារ ត្រូវចាក់អោយគាត់ជាបន្ទាន់​ដោយមានការពិគ្រោះ​ជាក់លាក់។ ​ប៉ុន្ដែ ប៉ុន្មានថ្ងៃនេះ មានចលាចលកើតឡើងបន្ទាប់ពីដូចជាកុមារីនៅខេត្តកំពង់ចាមនេះ ហើយដែលបានស្លាប់​​ហើយបង្កើតនៅការភ័យខ្លាចចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះបញ្ហាជំងឺចេញពីសត្វ។  ប៉ុន្ដែ​អ្នក​ចិញ្ចឹមសត្វក៏ត្រូវប្រើប្រាស់វ៉ាក់សាំងដើម្បីការពារសត្វនោះដែរ …។

ផ្លូវ/ស្ពាន កាត់តាម/ក្នុង ខេត្តត្បូងឃ្មុំ

… ពិតហើយផ្លូវជាតិលេខ ៧ មិនទាន់ល្អប៉ុន្មានទេ ប៉ុន្ដែយើងនឹងបន្ដការជួសជុលប្រើប្រាស់ផ្លូវនេះ តភ្ជាប់ទៅខេត្តក្រចេះ ឯពីខេត្តក្រចេះ​ ទៅទល់ព្រំដែនឡាវ ទល់​ស្ទឹងត្រែង​ នឹងតភ្ជាប់ពីស្ទឹងត្រែងទៅកាន់ព្រះវិហារ​ដោយស្ពានពីរស្ពានសេកុងមួយ ស្ពានមេគង្គមួយ​ ត្រូវ​កសាង​ដោយសាធារណរដ្ឋប្រជាមានិតចិនរួចស្រេចទៅហើយ ប៉ុន្ដែពីនេះទៅដល់ខេត្តក្រចេះ យើងនៅផ្លូវ​ចាស់​របស់​យើងដែលមិនទាន់បានពង្រីក ដែលនឹងត្រូវកសាងនៅពេលមុខ។ តភ្ជាប់ពីផ្លូវជាតិ​លេខ​ ៧ នៅម្ដុំក្រែក ក៏មានផ្លូវជាតិលេខ ៨ តភ្ជាប់ទៅផ្លូវជាតិលេខ ៦ ដោយមានស្ពានព្រែកតាមាក់ ​ដែលកសាងដោយសាធារណរដ្ឋប្រជាមានិតចិនផងដែរ ខ្ញុំគ្រាន់តែលើកបង្ហាញ អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈនៃជំនួយឧបត្ថម្ភរបស់មិត្តចិន​។

ទោះបីគ្មានចំណូលបន្ថែមក៏រាជរដ្ឋាភិបាលមានសាច់ប្រាក់សម្រាប់បើកអោយមិនតិចជាង ១២ ខែ

… យើងបន្តការខិតខំទាំងអស់គ្នា។ ឥឡូវនេះចង់សួរលោកគ្រូពេទ្យបន្តិច​ ប្រាក់ខែបើកពីសប្ដាហ៍ម្ដង តើបើកបានពិតប្រាកដ ឬមិនទាន់បាន? បាន។ ចុះអាប្រាក់ខែ ២ បើកបានហើយនូវ អា ១៥ ថ្ងៃ ខែ ២ បើករួចហើយនៅ? បានហើយ។ ចឹងបានសេចក្ដីថា ១៥ ថ្ងៃយើងបើកម្ដង អត់មានរអាក់រអួលអីទេ។ ឥលូវយើងបើកតាមធនាគារតើ។ ស៊ីសងលើយើងទៅ ឬមិនទៅតើ។ យឺតក៏យឺតលើយើងតើ មិនមែនយឺតមកពីយើងបញ្ជូនលុយមិនដល់ទេ។​ ខ្ញុំសូមនិយាយប្រាប់លោកអ្នកអោយត្រង់អោយច្បាស់ បើទោះបីគ្មានចំណូលបន្ថែមទៀត ក៏រាជរដ្ឋាភិបាលមានប្រាក់ មានសាច់ប្រាក់សម្រាប់ការបើកប្រាក់ខែរយៈពេលមិនតិចជាង ១២ ខែដែរ …។​

សាច់ប្រាក់បានបញ្ជូនទៅគ្រប់ធនាគារសំរាប់បើកប្រាក់បៀវត្សពីរដង ក្នុងមួយខែ

ប្រាក់ខែតិចហើយ តែបើកយឺតទៀត។ រហូតដល់មន្ត្រីរាជការរបស់យើងថាស្រុកខ្មែរ មាន ៩០ ថ្ងៃ ឬ ៦០ ថ្ងៃនោះមួយខែ។ យើងបានទៅខ្ចីលុយធនាគារដោយសុខចិត្តសងការប្រាក់ពីរធនាគារ សងការប្រាក់គេ យកអាប្រាក់នោះមកបើកអោយមន្រ្តីរាជការរបស់យើង។ ប្រាក់ខែតិចហើយបើកយឹតទៀត ប៉ុន្តែក្រោយមក យើងបានរកវិធីសន្សំសាច់ប្រាក់បន្តិចម្ដងៗ ដោយជម្រុញដំបូងបើកសម្រាប់អ្នកទីក្រុងភ្នំពេញ ហ្នឹងគឺបើកសម្រាប់អ្នកទីក្រុងភ្នំពេញនៅត្រឹមថ្ងៃទី ៥ នៃខែបន្ទាប់ ឯអ្នកនៅតាមខេត្តអាចយឺតជាងហ្នឹងបន្តិច។ ក្រោយមកបំព្រួញៗ រហូតក្នុងអាណត្តិទី ៥ មុនអាណត្តិទី ៥ ទៅទៀត យើងចាប់ផ្ដើមបើកបៀវត្ស នៅសប្ដាហ៍ទី ៣ ចាប់ផ្ដើមបើកបានហើយ​ គឺពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ បើកប្រាក់បៀវត្សបានហើយ ប៉ុន្តែយើងមិនអស់ចិត្ត។ យើងចង់អោយមានការងាយស្រួលលើសពីនេះទៀត ព្រោះកុំអោយមានភាសាថាដាច់ខែដាច់ខ្យល់ អញ្ចឹងបើក ២ អាទិត្យម្ដង ព្រោះយើងមានសាច់ប្រាក់គ្រប់ បញ្ជូនទៅគ្រប់ធនាគារហើយ …។

ក្របខ័ណ្ឌគ្រូបង្រៀន និងគ្រូពេទ្យ ២ ទទួលបានប្រាក់បៀវត្សខ្ពស់

ដូច្នេះ ទន្ទឹមនឹងការបង្កើតបៀវត្ស គឺយើងមានលទ្ធភាព ដើម្បីផ្ដល់សាច់ប្រាក់ឲ្យទៅមន្រ្តីរាជការរបស់យើងបើកបាន ដោយមុននោះយើងខ្វះសាច់ប្រាក់លំបាកណាស់។ ឥឡូវសុំសួរលោកគ្រូពេទ្យម្ដង។ អ្នកគ្រូពេទ្យម្ដងប្រាក់ខែប៉ុន្មានទៅអ្នកគ្រូ? ១ លាន ៥ សែន។ មានពីរក្របខ័ណ្ឌ សូមបញ្ជាក់ ២ ក្របខ័ណ្ឌ អោយប្រាក់ខែខ្ពស់ជាងគេ គឺគ្រូបង្រៀន និងគ្រូពេទ្យ។  អញ្ចឹងកងទ័ព ឬនគរបាលស្អីៗ មន្រ្តីរាជការនានាគេអត់ច្រណែននឹងយើងទេ ដោយសារពេទ្យត្រូវព្យាបាលមនុស្សគ្រប់តែរូបហ្នឹង គ្រូបង្រៀនបង្រៀនកូនយើងតែទាំងអស់គ្នាហ្នឹង។ អញ្ចឹងបានប្រាក់ខែ(ច្រើន)ហ្នឹង គេអត់ច្រណែននោះ។ ១ លាន ៥ សែន គិតជាដុល្លារប៉ុន្មាន? ៣៧៥ ដុល្លារដែរ។ ឯនោះមិញ ប៉ុន្មានមួយលានប៉ុន្មាន?​ ១ លាន ៣ សែន។ ១​ លាន ៣ សែន គិតជាដុល្លារប៉ុន្មានទៅ? ជាង បីរយដុល្លារ។ កុំទៅជឿគេអានេះប្រាក់ខែប៉ុណ្ណេះ អានេះប្រាក់ខែប៉ុណ្ណោះ។ ចាស់ៗ បួនម៉ឺនរៀល។ ខ្ញុំបន្លំធ្វើមនុស្សចាស់ដែរដើម្បីយកលុយពីអ្នកឯង។ ខូចនោះខូច។

កម្រិតតម្លៃទំនិញលើទីផ្សារ ដើម្បីការទទួលផលពិតពីការដំឡើងបៀវត្សរ៍

គេឡើងមានកម្រិតកំណត់របស់គេ​​​​​​​​​។ ប៉ុន្តែពួកដែលចង់បានអំណាចជ្រុល គិតតែឃោសនា។ ឯយើងគិតពីរឿងប្រាកដ ​ដែលយើងដំឡើងពិតប្រាកដ ហើយដំឡើងហើយមិនមែនគ្រាន់តែឡើងអោយរួចហើយឈប់ទេណា ទន្ទឹមនឹងដំឡើងប្រាក់ខែ ត្រូវខិតខំកម្រិតតម្លៃទំនិញលើទីផ្សារកុំអោយកើន ទើបតម្លៃពិតទទួលផលពិតពីរការដំឡើងបៀវត្សរ៍។ ឧទាហរណ៍ ពីដើមអាវមួយធ្លាប់តែ ៥ ពាន់រៀល​ ពេលដំឡើងបៀវត្សរ៍ហើយក៏នៅតែ ៥ ពាន់រៀល ពេលដំឡើងបៀវត្សរ៍ហើយក៏នៅតែ ៥ ពាន់រៀល អាហ្នឹងទើបបានតម្លៃពិត បើសិនជាកាលពីមុនដំឡើងប្រាក់ខែ អាវមួយតម្លៃ ៥ ពាន់រៀល ស្រាប់តែឡើងប្រាក់ខែអាវមួយដំឡើង ៦ ពាន់រៀល។ អាហ្នឹងវាមិនមែនដំឡើងពិតទេ។ អញ្ចឹងបានជារាជរដ្ឋាភិបាលត្រូវខិតខំធ្វើ ជាមួយនឹងការគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច សម្រាប់ប្រទេសរបស់យើង ហើយខ្ញុំពេញចិត្ត ជាមួយនឹងអ្វីដែលបាន និងកំពុងកើត។ ក៏ប៉ុន្តែ ការពេញចិត្តនេះនៅមិនទាន់ស្កប់ស្កល់ទេ នៅមានរឿងរ៉ាវច្រើនណាស់ដែលត្រូវដោះស្រាយ។

ពីប្រាក់ចំណូលមធ្យម ទៅប្រទេសប្រាក់ចំណូលកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងចំណូលខ្ពស់ ឆ្នាំ ២០៥០

ឥឡូវ ប្រជាជនយើងទើបនឹងមានប្រាក់ចំណូល ក្នុងម្នាក់ៗ ស្មើនឹង ១,៧០៦ ដុល្លារ តែប៉ុណ្ណោះ (ក្នុងមួយឆ្នាំ)។ យើងស្ថិតនៅក្នុងឋានៈជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប តែយើងចង់ឈានទៅដល់ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានចាប់ពី ៣,៨០០ ដុល្លារជាងឡើងទៅ ដែលហៅប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នេះជាគោលដៅដែលយើងចង់បាន។ មិត្តភក្តិនានា ក៏បានខិតខំរួមដំណើរជាមួយយើង ដើម្បីជួយយើងឲ្យ​យើងចេញផុតពីស្ថានភាពជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ពីប្រទេសដែលប្រាក់ចំណូលមធ្យម ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងសម្រេចនូវប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ពិតមែនតែខ្ញុំមានសង្ឃឹមតិចណាស់ ថាអាចរស់នៅដល់ឆ្នាំ ២០៥០ ក៏ប៉ុន្តែហោចណាស់ក៏យើងទុកជាចក្ខុវិស័យសម្រាប់ការឈានទៅមុខរបស់ប្រទេស។ នេះជាផែនទីចង្អុលផ្លូវសម្រាប់ការរីកលូតលាស់នៅពេលខាងមុខ។ ឆ្នាំ ២០៥០ យើងនៅសល់ប៉ុន្មានឆ្នាំទៀត? ៣១ ឆ្នាំ។ អត់ទេខ្ញុំនៅបានអត់ទាន់ស្លាប់ទេ។ គ្រាន់តែខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីតែប៉ុណ្ណឹង។ ត្រឹមតែ ៣៥ ឆ្នាំទៀតអត់អីពិបាកទេ។ ខ្ញុំរស់មិនយូទេ យ៉ាងហោច៤០ ឆ្នាំទៀតតែប៉ុណ្ណោះ។ គិតថាមិនរស់ដល់ឆ្នាំ ២០៥០ ដូចជាមើលងាយជីវិតឯងពេកវ៉ី …។

មិនមាននារីណាមួយនៅត្បូងឃ្មុំបានខកចិត្តទេ

ម្សិលមិញអស់ទាស់ហើយ តាំងពីម៉ោង ៦ ព្រឹកក្រោកឡើង ចាប់ផ្ដើមប្រជុំម៉ោង ៨ ជាងបន្តិច ប្រជុំដល់ម៉ោងជាង ២ ​ស៊ីបាយសាមគ្គីជាមួយនឹង ១៦ ប្រធានគណបក្សនយោបាយ។ ស៊ីបាយជាមួយគ្នារហូតដល់ម៉ោងជាង ៤។ ចេញមកដល់ផ្ទះមានភ្ញៀវ។ មើលឯកសារមួយចំនួន រួចហើយឡើងទៅហាត់ប្រាណកន្លះម៉ោង ទម្លាក់ ៣១៣ កាឡូរី ថែមទៀត។ ដូច្នេះ បានសេចក្ដីថា មើលទៅខ្លួនឯងដូចកាលនៅកំលោះ។ បងប្អូនមួយចំ​នួនធ្លាប់ស្គាល់ខ្ញុំកាលពីនៅកំលោះ រាប់ទាំងស្ត្រីមួយចំនួន កាលពីពេលនោះគេក៏នៅក្រមុំ ខ្ញុំក៏នៅកំលោះ ប៉ុន្តែឥឡូវនេះ ជាង ៤០ ឆ្នាំក្រោយជិត ៥០ ឆ្នាំហើយ ពួកយើងក្លាយទៅជាជីដូនជីតាគេទៅហើយ។ យ៉ាងណាក៏ដោយ នៅតំបន់នេះ ខ្ញុំមិនដែលបានកសាងនូវបាបកម្ម ឬ អំពើអាក្រក់ណាមួយទេ។ គ្មាននារីណាមួយខកចិត្តដោយសារ ហ៊ុន សែន នៅតំបន់នេះទេ។ សុំនិយាយដោយត្រង់ទៅចុះ។ អត់មានអ្នកណាខកចិត្តដោយសារ ហ៊ុន សែន ទេ ព្រោះខ្ញុំខ្លាចស្រី។ និយាយអញ្ចឹងប្រពន្ធខ្ញុំថា អញ្ចឹងៗក៏និយាយដែរ។ ប៉ុន្តែរឿងពិតវាអញ្ចឹង។

គូព្រេងមិនព្រាត់

ឥឡូវតាមបណ្ដោយផ្លូវជាតិលេខ ៧ ដែលខ្ញុំរស់នៅ តាំងពីស្នួលចុះមកមេមត់ ចុះមកដា ចុះមកក្រែកយើងនេះ កណ្ដុរជ្រុំនេះ ខ្នាររួចហើយចុះមកជប់យើងនេះ ម្ដុំច្រាបនេះ គឺល្ងៀងអីហ្នឹងតគ្នាចុះ បឹងព្រួល ពាមជីលាំង ស្អីៗនេះ (តើ)ខ្ញុំដែលទៅបំផើមពីណាចោលមួយ? និយាយការពិត កំលោះសុទ្ធ។ ស្ត្រីដែលយើងស្រលាញ់លើកដំបូង គឺប្រពន្ធយើងតែម្ដង ដែលខ្ញុំបានរៀបរាប់ ហើយខ្ញុំនឹងចេញអត្ថបទចុងក្រោយ ព្រោះខ្ញុំបានសរសេរដល់ដំណាក់កាលជិតចប់ហើយ។ កន្លងទៅសេសេរមួយកង់ៗ អញ្ចឹងឥឡូវខ្ញុំត្រូវសរសរបន្ថែម។ មួយថ្ងៃខ្ញុំដេក ក៏ខ្ញុំ Note បាន។ (ពាក់ព័ន្ធនឹង)កូនទីមួយរបស់ខ្ញុំ ខ្ញុំគិតស្មានថាខ្នារវានៅជាឃុំខ្នារ ប៉ុន្តែខ្នារវានៅឃុំសន្លប់ទេ។ អញ្ចឹងហើយត្រូវកែ។ និយាយរួម ត្រូវកែនៅលើយន្តហោះ។ កន្លែងចាប់កំណើតរបស់កូនខ្ញុំ ដែលវាទៅស្លាប់នៅមេមត់ នៅពេលឆ្លងទន្លេ នេះជាសោកនាដកម្ម។ រឿងរ៉ាវនោះ ខ្ញុំបានរៀបរាប់អំពីទាក់ទិននឹង គូព្រេងមិនព្រាត់ រឿងមនុស្សពីរនាក់ដែលមិនស្គាល់គ្នាសោះ កូនទាហានវាចាប់ផ្គុំគ្នាទាល់តែ​ ដល់ឃើញគេស្រលាញ់គេដកចិត្តមិនរួច ការ ១៣ គូ នៅច្រាប ប៉ុន្តែជីវិតមនុស្សវាអញ្ចឹងមើលមិនឃើញទេ។

ជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា

ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏មិននឹកស្មានថា យុទ្ធជនម្នាក់កាលពីសម័យនោះ ដែលរស់នៅតាមភូមិរបស់ខ្លួន ឬផ្ទះរបស់ខ្លួន បែជាក្លាយទៅជាមេដឹកនាំប្រទេសនេះទៅវិញ។ ហើយមិនមែនគ្រាន់តែដឹកនាំក្នុងរយៈពេលខ្លីទេ ក្រៅតែពីព្រះករុណាសម្ដេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គគ្រងរាជផង និងជាព្រះប្រមុខរដ្ឋ ពីឆ្នាំ១៩៦០-៧០។ ពេលនឹងមិនមានស្ដេចទេ មានព្រះប្រមុខរដ្ឋទៅវិញ។ ខ្លួនខ្ញុំគឺជាមនុស្សដែលកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា​ បើនិយាយពីថ្នាក់នាយករដ្ឋមន្ត្រី។ អត់មានទេ អត់មាននាយករដ្ឋមន្ត្រីណាដែលកាន់អំណាចបាន(យូរទេ)។ នាយករដ្ឋមន្ត្រី ប៉ុល ពត បានពីឆ្នាំ ១៩៧៦-៧៩ ពេលនឹងគេចាប់ផ្ដើមមាននាយករដ្ឋមន្ត្រី ប៉ុល ពត ហើយ។ នាយករដ្ឋមន្ត្រី អ៊ិន តាំ, ហង្ស ធនហាក់ ស្អីៗនេះ នាយករដ្ឋមន្រី្តមុនៗខ្លះបាន ៣ ខែ ខ្លះមានមួយឆ្នាំអីអញ្ចឹងទៅ។​ ប៉ុន្តែនាយករដ្ឋមន្ត្រីខ្ញុំបាន ៣៤ ឆ្នាំ បូកនឹង ៥ ឆ្នាំ ខាងមុខទៀតហើយបូកនឹង ៥ ឆ្នាំទៀត។ ប៉ុន្តែ ទៅមុខបានមិនបាន ស៊ីសងលើការគាំទ្ររបស់ប្រជាពលរដ្ឋ បោះឆ្នោតអោយឬមិនបោះ។ ប៉ុន្តែដើម្បីអោយប្រជាពលរដ្ឋបោះឆ្នោតឲ្យបាន ឬមិនបាន វាទាមទារនូវមានការធ្វើសកម្មភាពស្រុះគ្នាមួយ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ ព្រោះយើងមិនអាចទៅបង្ខំប្រជាពលរដ្ឋ ឲ្យគាត់សប្បាយចិត្តទៅលើរឿងអសកម្មរបស់យើងទេ …។

អគ្គរដ្ឋទូតចិន នឹងរវល់ច្រើន ធៀបជាមួយទូតនៃប្រទេសដទៃ

ថ្ងៃនេះឯកឧត្តម Wang Wentian ជាកម្មវិធីទី ២ ដែលឯកឧត្តមបានចុះជាមួយខ្ញុំ ប៉ុន្តែដូចដែលខ្ញុំបាននិយាយអញ្ចឹង គឺឯកឧត្តមត្រូវតែរវល់ច្រើន បើប្រៀបធៀបជាមួយនឹងធ្វើអគ្គរដ្ឋទូតនៅប្រទេសផ្សេង។ ដូចដែលឯកឧត្តមបញ្ជាក់ កាលដែលឯកឧត្តមរវល់ច្រើន គឺបង្ហាញថាមិត្តភាពកម្ពុជាចិន កាន់តែរឹងមាំ កាន់តែសកម្ម និងមានការ​ងារធ្វើច្រើនជាមួយគ្នា។ មិនអញ្ចឹង។ បើធ្វើអគ្គរដ្ឋទូតអត់មានការងារធ្វើទេ មានន័យថាទំនាក់ទំនងរបស់យើងអត់មានអី បានជាអត់សូវជួបគ្នា។ ដល់ទៅទំនាក់ទំនងយើងកាន់តែជិតស្និទ្ធ យើងកាន់ធ្វើដំណើរជាមួយគ្នាទៅបើកការដ្ឋាន ទៅសម្ពោធនេះសម្ពោធនោះជាមួយគ្នា។ មិនអញ្ចឹង។ ដល់អត់សូវមានទំនាក់ទំនងវាក៏អត់សូវជួបគ្នាដែរ។ ជួបគ្នានិយាយពីអី ព្រោះយើងជួបគ្នានិយាយពីសហប្រតិបត្តិការ ជួបគ្នានិយាយពីការអភិវឌ្ឍ។ ដូច្នេះបានជាយើងត្រូវធ្វើការជាមួយគ្នាតទៅទៀត។ ចាំមើលឯកឧត្តមធ្លាប់ឯកអគ្គរដ្ឋទូតនៅប្រទេសមួយចំនួន ឯកឧត្តមអាចនឹងដឹងថា តើឯកឧត្តមអាចរវល់ជាងប្រទេសណាប៉ុន្មាន ហើយពេលឯកឧត្តមលាខ្ញុំទៅ ឯកឧត្តមរាយការប្រាប់ខ្ញុំ។ ពេលនោះឯកឧត្តមប្រាប់ខ្ញុំ ថា(ខ្ញុំនិយាយ)ពិត ឬមិនពិត។ តែកាលណាទំនាក់ទំនងជាមួយគ្នាច្រើនហើយ កិច្ចការដែលត្រូវធ្វើជាមួយគ្នា​ក៏វាច្រើន ខ្ញុំមកបើកការដ្ឋានតែអាធំៗទេ ដែលតម្លៃរាប់សិបលានដុល្លារ។ អាតូចៗ ដូចជាមន្ទីរពេទ្យខ្លះ គឺរដ្ឋមន្ត្រីទៅបើកការដ្ឋានជាមួយឯកឧត្តម។ ឯកឧត្តមរវល់ជាមួយខ្ញុំផង តែត្រូវរវល់ជាមួយនឹងរដ្ឋមន្ត្រីដែលមានការពាក់ព័ន្ធជាមួយឯកឧត្តមផង ដូចជាប្រឡាយទឹក ស្ពាន ផ្លូវ​ ខ្នាតតូចដែលត្រូវការឯកឧត្តមចូលរួមក្នុងពិធីនេះ។

ខ្មែរមិនព្រមឲ្យចិនត្រួតត្រា ចិនក៏មិនចង់ត្រួតត្រាខ្មែរ

… កសាងប្រទេសបានប៉ុណ្ណឹង វាថាឯងទៅនាំចិនមកត្រួតត្រា។ ត្រូវយល់ឲ្យច្បាស់នៅទីនេះ ទី ១ ខ្មែរមិនព្រមដាច់ខាតឲ្យចិនត្រួតត្រាខ្លួនទេ។ បញ្ជាក់មុខចំពោះអគ្គរដ្ឋទូតចិនក៏ដូចជាប្រិយមិត្តចិនទាំងអស់។ ខ្មែរមិនព្រមដាច់ខាតឲ្យចិនត្រួតត្រា។ អាហ្នឹងទី ១។ ទី ២ ចិន ក៏មិនចង់ត្រួតត្រាខ្មែរដែរ។ ហ្នឹងនិយាយឲ្យច្បាស់។ គោលនយោបាយការបរទេសរបស់ចិន គឺចិនមិនចង់ត្រួតត្រាអ្នកណាទេ។ ចិនគ្រាន់តែចង់ធ្វើមិត្តជាមួយប្រទេសនា​នា​លើពិភពលោក។ អញ្ចឹងចរន្តនេះ វាត្រូវគ្នា ១ ខ្មែរមិនឲ្យចិនត្រួតត្រា ទី ២ ចិនក៏មិនចង់ត្រួតត្រាខ្មែរ។ រឿងវាអញ្ចឹង។ ប្រទេសណាសុខចិត្តទៅហៅគេមកត្រួតត្រា។ ចិនខ្លួនឯងក៏មាននយោបាយ មិនទៅត្រួតត្រាអ្នកណាទេ មិនទៅជ្រៀតជ្រែកអ្នកណាទេ។ ខ្ញុំបញ្ជាក់មុខអគ្គរដ្ឋទូតចិន បញ្ជាក់ចំពោះមុខសាធារណៈ និងជាសារសម្រាប់ប្រជាជនទូទាំងប្រទេស និងទៅកាន់ពិភពលោក ថាខ្ញុំមិនយល់ព្រមឲ្យចិនត្រួតត្រាទេ។

ក្រុមហ៊ុនតៃវ៉ាន់មករកស៊ីនៅកម្ពុជាបាន តែមិនអាចមានស្ថានទូត ឬស្ថានតំណាងទេ

ខ្ញុំស្គាល់ច្បាស់នយោ​​​​បាយរបស់ចិន ចិក៏មិនចង់ត្រួតត្រាអ្នកណាទាំងអស់។ ចិនការពារត្រឹមតែឯករាជ្យអធិប​តេយ្យភាពខាតខាតទ្ធ័យថាទំនាក់ទំនងអត់មានអីនឹងរល័យពូជសាសន៍ប៉ុលរបស់ចិនគ្រប់គ្រាន់ណាស់ទៅហើយ កុំឲ្យតែគេបំបែកតៃវ៉ាន់ចេញ កុំឲ្យគេបង្កើតបញ្ហានៅទីបេ បង្កើតបញ្ហានៅស៊ីនជាំង គឺចិនពេញចិត្តណាស់ទៅហើយ។ អញ្ចឹងបានយើងអនុវត្តគោលនយោបាយចិនមួយជាទៀតទាត់។ តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ យើងអនុញ្ញាតឲ្យក្រុមហ៊ុនមកពីតៃវ៉ាន់មករកស៊ីនៅកម្ពុជា ក៏ប៉ុន្តែមិនអាចមានស្ថានទូត ឬក៏តំណាងតៃវ៉ាន់នៅកម្ពុជាទេ។ មិនអាចឲ្យមានការលើកទង់ជាតិតៃវ៉ាន់នៅក្នុងសណ្ឋាគារ ឬកន្លែងណាមួយដែលក្រុមហ៊ុនតៃវ៉ាន់ធ្វើការទេ។ នេះជាបទបញ្ជារបស់ខ្ញុំតាំងពី ២០ ឆ្នាំមុន។ ដាច់ខាតហើយរឿងនេះ។

គោរពអធិបតេយ្យភាពចិន អំពីតៃវ៉ាន់ និងទីបេ មានតម្លៃស្មើនឹងគោរពអធិបតេយ្យភាពកម្ពុជាខ្លួនឯង

ចិនគាត់អត់ចង់បានអីទេ ហើយការគោរពអធិបតេយ្យភាពរបស់ចិនមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជា។ យើងសាកល្បងគិតមើល បើសិនជាប្រទេសណាមួយមកបំបែកខេត្តរបស់កម្ពុជាចេញពីប្រទេសកម្ពុជា តើយើងខឹងទេ? យើងខឹង។ ចិនក៏ចេះខឹងដូចគ្នាដែរ។ បើសិនអ្នកណាចង់បំបែកតៃវ៉ាន់ចេញពីចិន ឧទា​ហរណ៍ សុខៗស្រាប់តែគេមកបំបែកខេត្តស្ទឹងត្រែងរបស់យើងមួយចេញទៅភ្ជាប់នឹងប្រទេសណាមួយ។ ខេត្តកោះកុង ចេញឲ្យទៅជាឯករាជ្យ ឬទៅភ្ជាប់នឹងឯណា ប្រកាសឯករាជ្យនៅខេត្តនេះនោះ តើយើងសុខចិត្តទេ? យើងមិនសុខចិត្តទេ។ បើយើងចេះឈឺចាប់ ចិនក៏ចេះឈឺចាប់ដូចគ្នាដែរ។ អញ្ចឹងការគោរពអធិបតេយ្យភាព របស់ចិនលើបញ្ហាតៃវ៉ាន់ ទីបេ គឺមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង …។

គោលនយោបាយចិនមួយ កំពុងអោយផ្លែផ្កាសំរាប់កម្ពុជាបច្ចុប្បន្ន

អញ្ចឹងបានខ្ញុំបញ្ជាក់ជូន ជំនាន់មុនទសវត្សរ៍ ៨០ និងដើមទសវត្សរ៍ ៩០ មានអ្នកបបួលខ្ញុំឲ្យដាក់ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់នៅពេលនោះ ខ្ញុំមិនយល់ព្រមដាច់ខាត នេះជានយោបាយ។ ហើយចិនបានស្គាល់នយោ​បាយរបស់ ហ៊ុន សែន ទើបចិនប្រើភាសាមួយលើកដំបូងដែលប្រើចេញពី ឯកឧត្តម ហ្សាង ស៊ីមិញ អតីតអគ្គលេខា​ធិការ និងជាប្រធានរដ្ឋរបស់ចិន នៅឆ្នាំ ១៩៩៦ ពេលខ្ញុំទស្សនកិច្ចនៅប៉េកាំង។ ឯកឧត្តម ហ្សាង ស៊ីមិញ បាននិយាយជាមួយខ្ញុំថា “ឯកឧត្តម ហ៊ុន សែន ជាមិត្តចាស់របស់ចិន” តែម្តង។ អញ្ចឹងបានសេចក្តីថាសំដៅលើគោលនយោបាយរបស់ ហ៊ុន សែន ពីដើម តាំងពីមុនមកគឺជាគោលនយោបាយចិនមួយហ្នឹងតែម្តង វាសំ​ខាន់ទៅនឹងកន្លែងហ្នឹង។ អញ្ចឹង ផលប្រយោជន៍ដែលយើងទទួលបានពីគោលនយោបាយចិនមួយ កំពុងទទួលផ្លែផ្កានៅកម្ពុជាបច្ចប្បន្ននេះហើយ​តើ។

អគ្គរដ្ឋទូតចិន ទទួលខុសត្រូវជនជាតិចិន មិនថាដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ទេ

យើងបន្តនូវដំណើរនេះតទៅទៀត តែយើងមិនរារាំងនូវបណ្តាក្រុមហ៊ុនតៃវ៉ាន់មករកស៊ីនៅកម្ពុជាទេ ក្រុមហ៊ុនតៃវ៉ាន់ យន្តហោះ អេវ៉ាអ៊ែ ហោះពីតៃប៉ិ មកកម្ពុជា សុំកុំដាក់ទង់ជ័យតៃវ៉ាន់ទៅបានហើយ។ កុំហោះចូលកម្ពុជាដោយដាក់ទង់ជ័យតៃវ៉ាន់។ ហ្នឹងគឺតែប៉ុណ្ណឹងទេ អត់មានស្អីទេ។ រកស៊ីបាន ហើយយើងមិនបើកឲ្យមានស្ថានតំណាងឬស្អីៗ នៅប្រទេសកម្ពុជារបស់យើងទេ។ មានការអី ចិនតៃវ៉ាន់អាចទៅរកអគ្គរដ្ឋទូតចិនដីគោកបានតើ។ ចិនដូចគ្នាតើ។ ចិនតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ ដូច្នេះអគ្គរដ្ឋទូតចិនក៏គាត់ទទួលខុសត្រូវទៅលើជនជាតិចិនរបស់គាត់ មិនថាចិនដីគោក មិនថាចិនហុងកុង មិនថាចិនម៉ាកាវ  មិនថាចិនតៃវ៉ាន់ទេ។ គាត់ទទួលមើលទាំងអស់។ ពិតមែន ហុងកុង ម៉ាកាវ ត្រូវបានត្រឡប់មកវិញ ប៉ុន្តែអនុវត្តប្រទេសចិនមួយប្រព័ន្ធ ២ អញ្ចឹងអគ្គរដ្ឋទូតធ្វើការបានតើ នេះខ្ញុំគ្រាន់តែជាការបញ្ជាក់។

មន្ទីរពេទ្យនេះមិនមែនប្រើតែត្បូងឃ្មុំយើងទេ

ខ្ញុំសូមអរគុណចំពោះបងប្អូនដែលធ្វើដំណើរមកពីចំងាយដើម្បីមកអបអរសមទ្ធិផលថ្ងៃនេះ។ ថ្ងៃនេះ មិនមែនខ្ញុំមកព្យាបាលនៅហ្នឹងទេ ប៉ុន្តែអាចដែរចូលពេទ្យហ្នឹង។ មន្ទីរពេទ្យនេះ មិនមែនប្រើតែត្បូងឃ្មុំយើងទេ វានឹងជាផ្នែកមួយនៃការពិនិត្យព្យាបាលនូវភាគត្រើយខាងកើតទន្លេមេគង្គ ដែលមានមួយផ្នែកចេញពីខេត្តព្រៃវែង ដែលនៅជិតខាងជាប់នឹងខេត្តកំពង់ចាម ដូចជាកំចាយមា កញ្ច្រៀច អីនេះ។ ជួនកាលគាត់ពិបាកទៅ(ភាគខាង)នោះ គាត់មកនេះ។ មិនឆ្ងាយពីនេះ គឺទៅដល់ឆ្លូង។ ទៅមិនឆ្ងាយពីឆ្លូង ទៅដល់ក្រចេះ។ វាទៅដល់ស្ទឹងត្រែង វាទៅដល់រតនគិរី មណ្ឌលគិរី ដែលអាចមកកាន់ទីតាំងនេះ ដើម្បីពិនិត្យព្យាបាល។ ឧបករណ៍របស់ចិនកាន់តែទំនើបទៅៗ ជាមួយនឹងការបំពាក់បរិក្ខាដទៃទៀតដែលក្លាយទៅជាមូលដ្ឋានមួយដ៏សំខាន់ នៃការថែទាំសុខភាព និងដោះស្រាយបញ្ហាសុខភាពប្រជាពលរដ្ឋ ជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ប្រជាពលរដ្ឋយើងកាន់តែទទួលបាននូវសេវាសុខុមាលភាពកាន់តែប្រសើរ។ កាលពីមុនឆ្លងស្ពាន ឆ្លងទន្លេបិទ ត្រូវប្រើសាឡាង​ឆ្លង បើមានជំងឺឈឺថ្កាត់ សាឡាងឆ្លងទាំងយប់ រឿងដែលមិនគួរស្លាប់ ក៏ស្លាប់បានដែរ។ ផ្លូវ ថ្នល់ មានការលំបាក ធ្វើដំណើរមិនរួច ឥឡូវផ្លូវ ថ្នល់ ក៏វាងាយស្រួល ស្ពានក៏វាមាន មន្ទីរពេទ្យក៏មាន ដូច្នេះកាត់បន្ថយការលំបាករបស់ប្រជាជនច្រើនណាស់ កាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋយើងថែមទៀត។ អាហ្នឹងជាចំណុចដែលយើងត្រូវបន្តការខិតខំ។

បង្កើតមនុស្ស ហើយដាំមនុស្ស

សង្ឃឹមថា ក្រុមហ៊ុនសាងសង់ទទួលការសាងសង់ដោយសុខដុមរមនា និងមានសាមគ្គីភាព។​ ខ្ញុំជឿជាក់ថា ៤០ ខែ យើងគិតថាដល់ឆ្នាំណា? ២០២២ ខ្ញុំនឹងមានលទ្ធភាពមកសម្ពោធទៀត ព្រោះ ២០២៣ បានបោះឆ្នោត​។ ឆ្នាំ ២០២២ ខ្ញុំមកដាក់សម្ពោធឲ្យប្រើប្រាស់។ ប៉ុន្តែសាលានេះ ចាំ ២០២២ ចាំសម្ពោធជាមួយគ្នាតែម្តង​។ សាលាខ្ញុំ ៥២​ បន្ទប់។ ស្តង់ដា ហ៊ុន សែន សម័យថ្មី។ ពីមុនមានស្តង់ដា ហ៊ុន សែន ផ្សេងតែមួយជាន់ៗ អានេះស្តង់ដា ហ៊ុន សែន ប្រើឈើឲ្យតិច តែដាក់ជាកញ្ចក់ជាស្អី ហើយមានបង្គន់មានស្អីត្រឹមត្រូវ។​ ចាំដល់ពេលហ្នុង។ តែបើកឲ្យសិនរៀនសិនទៅ តែចាំដល់ពេលសម្ពោធៗ ជាមួយគ្នាតែម្តងទៅ។ គ្រាន់ជានិមិត្តរូបតើ។ កាត់ខ្សែបូជាមួយគ្នាតែម្តងទៅ។ អញ្ចឹងធនធានមនុស្សត្រូវបានយកចិត្តទុកដាក់ ប្រមូលផ្តុំនៅទីនេះ បានសេចក្តីថាកុមារ ទារក កើតនៅទីនេះ វាធំដឹងក្តីវាចូលសាលានេះ អញ្ចឹងយើងបង្កើតមនុស្សនៅទីនេះ ហើយយកមនុស្សទៅដាំនៅទីនោះអញ្ចឹង។ យើងនឹងមានអនាគតល្អទៅថ្ងៃក្រោយ។

ពាំនាំ

ហើយថ្ងៃនេះ ខ្ញុំបានពាំនាំមកសម្រាប់ជូនក្រុមកាយឬទ្ធិ និងយុវជនកាកបាទក្រហម យុវជន សសយក ចំនួន ៣០០ នាក់ ក្នុងម្នាក់ៗជូនថវិកា ២ ម៉ឺនរៀល អាហ្នឹងគេថាសេដ្ឋកិច្ច ប្រាក់ខែគ្រូបង្រៀនឡើង ប្រាក់ខែស្អីឡើង ហេតុអីអញនៅតែ ៥ ពាន់?  ជូនសិស្សានុសិស្ស ២៤៥៩ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៉ិចមួយដើម ថវិកា ១ ម៉ឺនរៀល អាល្អិតៗនោះ។ ជូននិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ១០១៧ នាក់ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀលដែរ ជូនលោកគ្រូ អ្នកគ្រូចូលរួមមក្នុងកម្មវិធីចំនួន ១៥៩ នាក់ ក្នុងម្នាក់ៗ ថវិកា​ ៥ ម៉ឺនរៀល ជូនសាលាបឋមសិក្សា ស ខេង ខ្នា ឃុំ សន្លប់ ថវិកា មួយលានរៀល ជូនសាកលវិទ្យាល័យ ហ៊ុន សែន ខ្នារ ឃុំសន្លប់ ថវិកា ២ លានរៀល។ (សាលាក្នុងត្បូងឃ្មុំ ៣៣០ អគារ ) ប៉ុន្តែ ខ្ញុំឲ្យលើក ក្រោយវិទ្យាល័យនៅកំពង់ទ្រឹស វិទ្យាល័យ ពាមជីលាំង បឋមសិក្សា ពាម ជីលាំង សុទ្ធតែ ២ ជាន់ ៣ ជាន់ ហើយធ្វើផុតពីទឹក ហើយនៅខាងរកាខ្នុរសុទ្ធតែ អា ៣ ជាន់ច្រើនណាស់។ មេមត់គឺអនុវិទ្យាល័យគ្រប់ឃុំ អាហ្នឹងគឺថាដាក់នោះដាក់ សាលាដើរដល់ជិតជើងជណ្តើរផ្ទះ អាថ្មី ៣៧ ខ្នង ៤៣៨ បន្ទប់ អស់ជាង ១០ លាន អាចុងក្រោយ ២០១៦-២០១៨ វិនិយោគក្នុងវិស័យអប់រំ ដែលខ្ញុំចុះផ្ទាល់ដល់កន្លែង ក្នុងហ្នឹងមានវិទ្យាល័យមួយនៅឯវិទ្យាល័យទំលូង អាហ្នឹងថែមម្តងហើយ ម្តងទៀត មានសាលា គ្រូ ផ្ទះគ្រូ ផ្ទះសិស្ស យ៉ាងសំបើមតែម្តង អាហ្នឹងតំបន់អនុស្សាវរីយ៍ចាកចេញតស៊ូពីតំបន់ហ្នឹងដើម្បីវាយ ប៉ុល ពត។ ឥឡូវបន្តទៀតជូនសាកលវិទ្យាល័យត្បូងឃ្មុំ ហេង សំរិន ៣ លានរៀល ជូនមណ្ឌលសុខភាពឃុំសន្លប់ ២ លានរៀល ជូនសាលាស្រុកត្បូងឃ្មុំថវិកា ២ លានរៀល ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីនេះ ចំនួន ៣ លានរៀល ចេះតែភ្លេចកន្លងទៅ ឥឡូវអត់ភ្លេចទេពេទ្យនោះ។ ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល (សម្តេចនិយាយឆ្លើយឆ្លងជាមួយក្រុមត្រន្តីពីបទទទាយំឆ្លងដែលគាត់និពន្ធ)។ ជា​មួយនឹងការប្រកាសបើកការដ្ឋានសាងសង់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនប្រមាណជិត ៥០ លានដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំសូមជូនពរឲ្យចំណងមិត្តភាពកម្ពុជា-ចិន រឹងមាំ ស្ថិតស្ថេរជាការជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស បងប្អូនជនរួមជាតិ សូមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...