នាយករដ្ឋមន្ត្រីចិន៖ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេស​ជាមិត្ត​របស់​ចិន​លើក​ដំបូងបំផុត ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩

ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ -ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ ថា ស​​ម្តេច​តេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តរបស់ចិនលើកដំបូងបំផុត ដែ​ល​បានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩ ដែលនឹងជំរុញឱ្យទំនាក់ទំនង​កិច្ចស​ហ​ប្រ​តិបត្តិការ​លើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែប្រសើរឡើងថែមទៀត។

នេះបើតាមការឱ្យដឹងពីឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្រោ​​យ ពីជំនួបទ្វេភាគីរវាងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា​រសៀ​លថ្ងៃអង្គារ ២រោច ខែបុស្ស ​ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ​ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុង​ខ​ណៈ​​ដែលសម្ដេចតេជោបានដឹក នាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញ​ទស្ស​ន​​កិច្ចផ្លូវការពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩នៅប្រទេសចិននោះ។ ​

ឯកឧត្ដ​​​ម លី ខឺ​​ឈាង បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រប​ស់​​​សម្តេច​តេ​ជោ​ក៏ដូចជា​គណៈប្រតិភូ​នៅក្នុងប្រទេស​ចិន​។ ឯកឧត្ដម នាយក​រដ្ឋមន្ត្រី​ចិន​បាន​ចា​ត់​ទុក​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ចិន​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបា​ល​​នីតិកាលទី​៦ ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ដំណើរ​ ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​ស​ម្រា​​ប់​​ទំនាក់​ទំនង​ទ្វេភាគី​ កម្ពុជា​-​ចិន ។ ​ឯកឧត្ដម នាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ក៏បាន​សម្តែង​ការ​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​ទទួលបាន​គាំទ្រ​បោះឆ្នោត​ជា​នាយក​រដ្ឋ​មន្ត្រី​​ក្នុង​អាណត្តិថ្មី​ និងបាន​លើកឡើងថា ​កិច្ចសហការ​រវាង​ចិន​និង​កម្ពុជា​គឺជា​ការគោរព​គ្នា​ ​និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នាទៅវិញទៅមក។ ឯកឧត្ដមបានចាត់ទុក​សម្តេច​តេ​ជោ​នា​យករដ្ឋមន្ត្រី​គឺជា​មិត្តភក្តិ​ចាស់​នៃ​ប្រជាពលរដ្ឋ​ចិន ។

សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​មាន​ប្រ​សា​ស​ន៍ថា ​ដំណើរ​ទ​ស្ស​នកិច្ច​របស់​សម្តេច​មក​ប្រទេស​ចិន​នាពេលនេះ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំន​ង​​ទ្វេភាគី ​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ ​និង​មិត្តភាព​ប្រទេស​ទាំងពីរ​ផងដែរ ។ សម្តេច​តេ​ជោ​ក៏​បា​​ន​អរគុណ​ឯកឧត្ដម លី ខឺ​ឈាង ដែល​បាន​សម្តែង​ការអបអរសាទរ​ដល់​គណបក្ស​ប្រជាជនកម្ពុជា​និ​ង​​រូប​សម្តេច​ផ្ទាល់​ដែល​ទទួលបាន​ជោគជ័យ​ពី​ការបោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ។ សម្តេច​តេ​ជោ ហ៊ុន សែន​ ក៏បាន​ជម្រាបជូន​នាយក​រដ្ឋមន្ត្រី​ចិន អំ​ពី​ស្ថានភាព​នយោបាយ​និងស​ង្គ​ម​នៅ​កម្ពុជា ដោយ​សម្តេច​តេ​ជោ​បាន​លើកឡើងថា​ស្ថានការណ៍​នយោបាយ​និង​បញ្ហា​សង្គម​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជាពិសេស​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៨ រក្សា​កំ​ណើ​ប្រមាណ​ជា​ង ​៧​ភាគរយ​ ជាមួយ​ការ ធ្វើកំណែទម្រង់​ជាច្រើន​។

​សម្តេច​តេ​ជោ បាន​អរគុណ​ប្រទេស​ចិន​ដែ​ល​​បានផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​នាពេល​កន្លងទៅនេះ​។ ​សម្តេច​តេ​ជោ​ក៏បាន​អ​រគុ​ណ រដ្ឋាភិបាល​ចិន​ដែល​បាន​គាំទ្រ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចាត់ចែង​កា​រ​ងារ​ដើម្បី​រក្សា​សន្តិភាព ​ស្ថិរភាព​ និង​សន្តិសុខ​នៅក្នុង​ប្រទេសកម្ពុជា​។​ សម្តេច​តេ​ជោនា​យ​ក​​រដ្ឋមន្ត្រី​​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ​នៅក្នុង​ជំនួប​រវាង​សម្តេច​និង​ឯកឧត្តម​ប្រ​ធានា​ធីប​តី ស៊ី ជីនពីង បានផ្តល់​កូតា​នាំ​អង្ករ​កម្ពុជា​ចូល​ប្រទេស​ចិន​ពី៣០ម៉ឺន​តោន ទៅ​៤០ម៉ឺន​តោន ។ ​សម្តេច​តេ​ជោ​​បន្តថា ​ការបង្កើន​កូតា​នេះ​គឺជា​ការឆ្លើយតប​ផ្នែក​នយោបាយ​យ៉ាងសំខាន់​សម្រាប់​ប្រជាជន​ក​ម្ពុ​ជា ​និងប្រទេស​ដទៃទៀត​ផងដែ​រ​។​ ​សម្តេច​តេ​ជោ ​ហ៊ុន សែន បាន​មានប្រសាសន៍​ដែរ​ថា ស​ម្តេច​ចង់ឃើញ​ឱ្យ​មាន​កិច្ច ព្រមព្រៀង​ពាណិជ្ជសេរី​រវាង​ប្រទេស​ទាំងពីរ ​ក្នុងពេល​ឆាប់ៗ​ខាង​មុ​ខ​នេះ​។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ​ជំនួយ​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​គឺ​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់កម្ពុជា ហើយ​ជំនួយ​នេះ​បាន​ជួ​យ​​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា។សម្តេច​តេ​ជោបានថ្លែង​អំណរគុណ​ចិន ​ដែល​បានផ្តល់​ជំនួយ​សម្រាប់​ការ​បោះឆ្នោតកាលពី​ឆ្នាំ​២០១៨​។ សម្តេចនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​លើកឡើង ថា ​ប្រទេស​ទាំងពីរ​នៅមាន​សក្តានុពល​ជាច្រើន​ទៀត​ សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​វិ​និយោគ និង​ទេសចរណ៍​។ ​ស​ម្តេ​​ច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ មាន​គម្រោង​ជាច្រើន​ស្ថិតនៅក្នុង​គំនិត​ផ្តួចផ្តើម​គោលន​យោ​បា​យ​ខ្សែក្រវាត់​និង​ផ្លូវ ​និង​នយោបាយ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធនាគារ​ចិន​អាច​គាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​។​ សម្តេច​តេ​ជោ​មាន ប្រសាសន៍ថា ​ការគាំទ្រ​ដល់​គ​ម្រោងនោះ ​គឺជា​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។​ សម្តេច​តេ​ជោ​រំពឹងថា ​ប្រទេស​ទាំងពីរ​នឹងមាន​គម្រោង​ជាច្រើន​ទៀត​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​នៃ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​និង​​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​​សម្តេច​តេ​ជោ​បាន​លើ​​​​កឡើងថា ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង បានប្រកាស​ផ្តល់ជំនួយ ៤ពា​ន់​​លាន​យ័ន​សម្រាប់​រយៈពេល ៣ឆ្នាំ​ ចាប់ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ​២០២១ ។

សម្តេច​តេ​ជោ ហ៊ុន សែន បា​ន​​លើក​បង្ហាញ​នូវ​គម្រោង ៦សំខាន់ៗ​ពាក់ព័ន្ធ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងប្រ​ព័ន្ធ​​អគ្គិសនី​។ ​សម្តេច​តេ​ជោ​ស្នើ​ឱ្យ​ចិន​គាំទ្រ​គម្រោង​សំខាន់ៗ​ទាំង​៦​នេះ​។​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​សេរី​សម្តេច​តេ​ជោ ហ៊ុន សែន ​បានស្នើ​ឱ្យ​ភាគីទាំងពីរ​ពិនិត្យ ​និង​សិក្សា​ទៅលើ​បញ្ហា​នេះ​។​ ក្នុងជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​ចិន​បន្ត​នាំចូល​ផលិតផល ​និង​កសិផល​ក​សិកម្ម​រប​ស់​កម្ពុជា​ឱ្យ​បាន​កាន់តែច្រើន​ថែមទៀត​លើសពីអ្វី​ដែលមាន​នាពេល​បច្ចុប្បន្ន ​ប្រ​ទេ​ស​​​ចិន​ជាទី​ផ្សារ​ដ៏​ធំ​មួយ​នៅលើ​ពិភព លោក​។ ​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌ ​ទេសចរណ៍ និង​អប់រំ ​ក៏ដូចជា​វិស័យ​ផ្សេងៗទៀត​នោះ ​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ថ្លែងអំណរគុណ​មិត្ត​ចិន​ដែល​បាន​​ជួយ​កម្ពុជា​នាពេល​កន្លងមក​ហើយ​សម្តេច​ក៏បាន​ស្នើ​ឱ្យ​ចិន​បន្ត​ជួយ​លើ​វិស័យនេះ​បន្ថែម​ទៀ​ត​។ ទន្ទឹមនឹងនេះដែរ ​សម្តេច​តេ​ជោ​បានស្នើ​ឱ្យចិន​ជួយ​ជួសជុល​ប្រាសាទបុរាណ​នៅ​កម្ពុជា​ ហើ​យ​អរគុណ​ដល់​ចិន​ដែល​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ដែល​បច្ចុប្បន្ន​មាន​និ​ស្សិ​ត​កម្ពុជា​ជិត​២​ពាន់​នាក់​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន​។ សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ពី​ភា​ពចាំបាច់​នៃ​ធនធាន មនុស្ស​សម្រាប់​ក​ម្ពុ​ជានាពេល​បច្ចុប្បន្ន​។ ក្នុងជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុ​ន សែន​ក៏បាន​លើក ឡើង​ពី​បញ្ហា​សន្តិសុខ​ផងដែរ​។

​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ​ក៏បាន​ស្វា​គ​មន៍​ចំពោះ​ការចូល​ចត​របស់​នាវា​របស់​ចិន ដែល​បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៣​លើ​ក​​នៅក្នុង​ឆ្នាំ២០១៨កន្លងទៅ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណឯកឧត្ដម លី ខឺ​ឈា​ង​ ចំពោះ​ការ​ផ្តល់ជំនួយ ៨៤០លាន​យ័ន​សម្រាប់​វិស័យ​យោធា​នាពេល​កន្លងទៅនេះ​។ ​សម្តេច​តេ​​ជោបានបង្ហាញពី​ការ​ចង់ឃើញ​រដ្ឋាភិ បាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​ជួយ​ដល់​វិស័យ​ផ្សេងៗ​ទៀត ​រួមទាំង​វិស័យ​នគរបាល​ផងដែរ​សម្រាប់​ការគ្រប់​គ្រង​សន្តិសុខ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គោរព​អញ្ជើញ ឯក ឧត្ដម លី ខឺ​ឈាង បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេ​ល​វេលា​សមស្របណាមួយ​។

    ឯកឧត្ដម លី ខឺ​ឈាង ​បាន​ថ្លែងថា ​ចិន​ចាត់ទុក​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មិត្ត​របស់​ចិន​​ហើយ​កម្ពុជា​បច្ចុប្បន្ន​មាន​ស្ថិរភាព​នយោបាយ ​មាន​សន្តិ​សុខ ​និង​សន្តិ​ភាព​ផងដែរ​។​ ឯក    ឧ​ត្ដ​ម​​មានប្រសាសន៍ថា ​ប​ច្ចុ​ប្បន្ន​នេះ​ទោះបី​មានការ​ប្រឈម​នឹង​សម្ពាធ​ពី​ខាងក្រៅ​យ៉ាងណាក្តី​តែ​កម្ពុជា​គឺជា​កន្លែង​អភិវឌ្ឍន៍​ដ៏​ល្អ​។ ​ឯកឧត្ដមនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​រដ្ឋាភិបាល​ចិ​ន​​នឹង​បង្កើន​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ដើម្បី​ជួយ​ដល់​កម្ពុជា។ រីឯ​គម្រោង​ជួសជុល​ប្រាសាទ​ព្រះ​វិ​ហា​​រ​ និង​ប្រាសាទ​ផ្សេងៗ​ទៀត ​កម្ពុជា​និង​ចិន​អាច​បន្ត​សហការគ្នា ។ ឯកឧត្ដមនាយក​រដ្ឋមន្ត្រីចិន ​បា​ន​​ថ្លែងថា ​ចិន​នឹង​បន្ត​នាំចូល​កសិផល​ពី​ប្រទេស​កម្ពុជាផងដែរ ​ហើយ​សង្ឃឹមថា​កម្ពុជា​នឹង​បន្ត​នាំចេញ​កសិផល​ផ្សេងៗ​ទៀត​ទៅកាន់​ប្រទេស​ចិន ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ចិនក៏បាន ស្នើ​ឱ្យ​កម្ពុជា​និង​ចិន​បន្ត​ប្រើប្រាស់​យន្តការ​ដែលមាន​រួមមាន ​យន្ត​ទ្វេភាគី ​និង​យន្តការ​តំបន់​។ ​ពាក់ព័ន្ធ​នឹង​ការស្នើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនោះ ​ឯកឧត្ដម​នា​យក​រដ្ឋមន្ត្រី​ចិន​មានប្រសាសន៍ថា ​ភាគី​ទាំងពីរ​នឹង​ចាប់ផ្តើម​ពិភាក្សា​រួមគ្នា​ក្នុង​ពេលវេលា​ស​ម​ស្រប​ណាមួយ ។ ឯកឧត្ដមនាយក​រដ្ឋមន្ត្រី​បានលើកឡើងថា ​នៅ​ខែមេសា ​ឆ្នាំ​២០១៩​នេះ ​ឯក​ឧ​ត្ដ​ម​​នឹងមាន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អឺរ៉ុប​ ដែលក្នុង​ដំណើរ​នេះ​នឹងមាន​ការពិភាក្សា​ជាមួយ​ភា​គី​សហគមន៍អឺរ៉ុប​អំពី​បញ្ហា​អឺរ៉ុប ​និង​អាស៊ាន​ដែលជា​បញ្ហា សំខាន់។​ ​លើស​ពីនេះ​ទៀត​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រីចិន​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ​កម្ពុជា​និង​ចិន​អាចធ្វើ​ការរួមគ្នា​ដើម្បី​ជួយ​ដ​ល់​​ក្រុមហ៊ុន​នានា​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​។ឯកឧត្ដម លី ខឺឈាង បានថ្លែងទៀតថា ឯកឧ​ត្ដ​ម​​​​នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​ទៅបំពេញ ទស្សនកិច្ច​នៅ​កម្ពុជា​ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort