តាកែវ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់កម្មករកុំជឿតាមការញុះញង់របស់មេសហជីព ដែលកំពុងធ្វើចលនាឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ដែលសកម្មភាពនេះមិនត្រឹមត្រូវទៅតាមច្បាប់ការងារនោះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករនិយោជិតចំនួន ១៨ ២៧៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តតាកែវនាព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពាវនាវដល់សហជីព ដែលកំពុងធ្វើចលនាឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់កម្មករថា «ប៉ុន្តែពូអត់នឹកដល់ថា ស្រាប់តែមានរោងចក្រប្រហែលជា៦រោងចក្រ នៅទីក្រុងភ្នំពេញ៣ នៅតាកែវ២ កំពង់ស្ពឺ១ បែរជាសុំទូទាត់នៅខែមករាហ្នឹងផ្តាច់តែម្តង។ ពីមុននេះបីបួនឆ្នាំមិនទាន់នឹងទូទាត់ផង បីបួនឆ្នាំ ទាល់តែគេបញ្ឈប់បានគេទូទាត់ឱ្យឥឡូវនេះ តើមានក្រុមញុះញង់មកពីណាទៅដែលបង្កើតឱ្យមានស្ថានភាព បើកផ្តាច់នៅក្នុងខែមករា ឆ្នាំ២០១៩»។
សម្តេចតេជោគូសបញ្ជាក់ថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ ម្ចាស់រោងចក្រ កាលពីពេលមុនគឺអនុវត្តន៍ តាមច្បាប់ចាស់ មិនមែនអនុវត្តតាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែ រោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេផងដែរ។ រាជរដ្ឋាភិបាលបានខិតខំរិះរក ដំណោះស្រាយឈ្នះ ឈ្នះ ដោយមិនទុកឱ្យកម្មករចាញ់ មិនទុកឱ្យថៅកែចាញ់ ហើយក៏មិនទុកឱ្យរាជរដ្ឋាភិបាលចាញ់នោះដែរ ហើយដែលកន្លងមក រាជរដ្ឋាភិបាលបានចំណាយថវិកា អស់ប្រមាណ២២លានដុល្លារអាម៉េរិក ដើម្បីសងចំពោះកម្មករដែលថៅកែរត់ចោលផងដែរ។
សម្ដេចក៏បានអំពាវនាវ ដល់សហជីពដែលដឹកនាំកម្មករធ្វើបាតុកម្ម កូដកម្ម ទៅលើរឿងនេះបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលឈានចូលទៅដល់ស្ថានភាពជ្រុល និយមនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តស្នើឱ្យកម្មករ និងម្ចាស់រោងចក្រ មានការយោគយល់គ្នាខ្ពស់ទៅវិញទៅមក និងចង់ឱ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយម្ចាស់រោងចក្រត្រូវមានការគោរពស្រឡាញ់ គិតគូរ និងយកចិត្តទុក្ខដាក់ឱ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវខិតខំបំពេញ ការងារឱ្យបានល្អត្រឡប់ទៅវិញ បង្កើតបានជាសាមគ្គីភាពល្អរវាងម្ចាស់រោងចក្រ និងកម្មករ៕