ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា វប្បធម៌ក៏អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ ស្កាត់សង្គ្រាម និងក្នុងការកសាងសន្តិភាព។
ថ្លែងក្នុងពិធីបិទប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគាសុខា ខេត្ដសៀមរាប ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានលើកឡើងថា វប្បធម៌ រាប់បញ្ចូលនូវសមាសភាគជាច្រើន ដែល រួមមានដូចជា សាសនា គំនិត ទំនៀមទម្លាប់ ប្រពៃណី របាំ ចម្លាក់ របៀបរបបរស់នៅ និងឥរិយាបទ សង្គម ដែល មានលក្ខណៈខុសៗ គ្នាពីប្រទេស មួយទៅប្រទេសមួយ ពីជនជាតិមួយ ទៅជនជាតិមួយ។ ឯកឧត្តមបន្ដថា ប៉ុន្តែភាពខុសគ្នានេះ មិនមែនជាឧបសគ្គសម្រាប់ការតភ្ជាប់រវាងប្រជាជននិង ប្រជាជន រវាងវប្បធម៌ និងវប្បធម៌ និងការកសាងសហប្រតិបត្តិការល្អនឹងគ្នាឡើយ។ ផ្ទុយទៅវិញ ភាពខុសគ្នានេះ គឺជាមូលហេតុចម្បងដែលយើងត្រូវមានការសន្ទនា និងកិច្ចសហការនឹងគ្នា ដើម្បីការយោគយល់គ្នា ការរៀនសូត្រ ពីគ្នាទៅវិញទៅមក ការគោរពគ្នា សុខុដុមនីយកម្ម និងការរីកចម្រើនជាមួយគ្នា។ ម៉្យាងវិញទៀត គឺភាពខុសគ្នានេះហើយដែលធ្វើឱ្យពិភពលោកមានភាពចម្រុះដ៏រស់រវើក ដែលជាមូលដ្ឋានមួយនៃការផ្លាស់ប្តូរផ្នែកវប្បធម៌ ក៏ដូចជាវិស័យទេសចរណ៍សម័យទំនើបនេះ។ ឯកឧត្តមបានបន្តទៀតថាប្រជាជនកម្ពុជាមានភ័ព្វសំណាង ដោយយើងមានវប្បធម៌ និងអរិយធម៌ដ៏ចំណាស់ និងសម្បូរបែប ដែលត្រូវបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយ ពីបុព្វបុរសកម្ពុជាមកប្រជាជននាពេលបច្ចុប្បន្ន ជាពិសេសពីស្ថាបនិកដ៏ប៉ិនប្រសព្វ ដែលបានកសាងប្រាសាទដ៏មហិមា នៅក្នុងឧទ្យាន បុរាណវិទ្យាអង្គរនេះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា “យើងចង់ឈ្វេងយល់អំពីវប្បធម៌នៃជាតិសាសន៍ដទៃ ហើយយើងក៏ចង់ឱ្យជាតិសាសន៍ដទៃស្វែងយល់អំពីវប្បធម៌របស់កម្ពុជាដែរ”។
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិតបានឱ្យដឹងថា នេះជាប្រការចាំបាច់ ដើម្បីទាំងអស់គ្នាអាចរួមរស់ និងធ្វើការជាមួយគ្នាប្រកបដោយសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក និងវិបុលភាពជាមួយគ្នា។
ឯកឧត្តមបានរម្លឹកដែរថា នៅក្នុងសង្រ្គាម ភាគីទាំងអស់មានគោលដៅតែមួយគត់ គឺដើម្បីឈ្នះ ដូច្នេះវប្បធម៌ និងសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី ជារឿយៗ មិនត្រូវបាន គេយកចិត្តទុកដាក់ឡើយ។ ទន្ទឹមនេះ លទ្ធផលសង្រ្គាមបានបង្ក ការបំផ្លិចបំផ្លាញនូវវត្ថុបុរាណ និងបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិជាច្រើនដូចដែលយើងបានឃើញនៅក្នុងសង្គ្រាម លោកលើកទី១ សង្រ្គាមលោកលើកទី២ សង្គ្រាមនៅប្រទេសអាហ្វហ្គា នីស្ថានដែលព្រះពុទ្ធបដិមា បាមីយ៉ានសតវត្សរ៍ទី៦ត្រូវបានកម្ទេច ជម្លោះប្រដាប់អាវុធនៅប្រទេស អ៊ីរ៉ាក់ដែលប្រាសាទ និងវត្ថុបុរាណជាច្រើនត្រូវបានបំផ្លាញដោយក្រុមជ្រុលនិយម «រដ្ឋអ៊ីស្លាម (Islamic State)» សង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី ដែលទីក្រុងបុរាណអាឡេប៉ូ ជាបេតិកភណ្ឌពិភពលោក ត្រូវបានបំផ្លាញស្ទើរទាំងស្រុង និងតាមបណ្តាប្រទេសជាច្រើនទៀត នៅក្នុងពិភពលោក។ចំណែកនៅកម្ពុជារបបប្រល័យពូជសាសន៍ប៉ុលពតបានដុតបំផ្លាញគម្ពីរធម៌ ចាប់ព្រះសង្ឃផ្សឹក និងហាមឃាត់មិនឱ្យមានការគោរពសាសនា។ វត្តអារាម វិហារសាសនាគ្រឹស្ត វិហារសាសនាអ៊ីស្លាម និងទីសក្ការៈបូជាផ្សេងៗទៀត ត្រូវបានបំផ្លិចបំផ្លាញ។ ជាមួយគ្នានេះ វប្បធម៌ក៏អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់សង្គ្រាម និងក្នុងការ កសាងសន្តិភាពផងដែរ។ ឯកឧត្តមបានកត់សម្គាល់ឃើញថា ការយល់ដឹងអំពីវប្បធម៌ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ អាចរួមចំណែកដល់ការរក្សាអត្តសញ្ញាណរបស់ក្រុមមនុស្ស ដូច្នេះវប្បធម៌ប្រៀប ដូចជាថ្នាំបង្ការសង្រ្គាមយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ នៅពេលដែលក្រុមមនុស្សមួយក្រុ មបាត់បង់អត្តសញ្ញាណរបស់ខ្លួន ក្រុមនេះតែងមានទំនាស់ជាមួយក្រុមផ្សេងទៀត។ ឯកឧត្តមបានបន្ថែមថា ការស្ដារឡើងវិញនូវបេតិកភណ្ឌវប្បធម៌បន្ទាប់ពីសង្រ្គាម គឺជាធាតុផ្សំដ៏មានសារៈសំខាន់នៅក្នុងដំណើរការផ្សះផ្សា និងកសាងសហគមន៍ឡើងវិញឱ្យមានការរីកចម្រើន ជាកម្លាំងជំរុញឱ្យមានការសន្ទនា និងប្រែក្លាយជម្លោះទៅជាការយោគយល់គ្នា ការគោរពស្រឡាញ់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តមបានចាត់ទុកក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពាន ក្នុងការលើកកម្ពស់ពហុភាពនៃវប្បធម៌ ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងសម្បត្តិបេតិកភណ្ឌ ក៏ដូចជាការសន្ទនាអន្តរជំនឿ និងសាសនារវាងប្រជាជននៅក្នុងទ្វីបអាស៊ី ហើយប្រើប្រាស់វប្បធម៌ជាយានសម្រាប់ជំរុញការកសាងសន្តិភាព ការផ្សះផ្សា សហប្រតិបត្តិការ និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។ ជាមួយនឹងសក្តានុពលវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន កម្ពុជារីករាយជានិច្ចក្នុងការចូលរួម និងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅក្នុងទ្វីបអាស៊ី តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការរួមគ្នានៅក្នុងវិស័យវប្បធម៌ អប់រំ វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវ ត្តន៍ ពិសេសនៅក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាវប្ប ធម៌អាស៊ី បន្តពង្រឹងសហប្រតិបត្តិការជិតស្និទ្ធជាមួយ ICAPP និង UNESCO ដើម្បីប្រែក្លាយមតិយោបល់ និងអនុសាសន៍ល្អៗដែលកើតចេញពីកិច្ចពិភាក្សាថ្ងៃនេះ ទៅជាគំនិតផ្តួចផ្តើម ផែនការសកម្មភាព គម្រោង និងវិធានការជាក់ស្តែងនានា សំដៅជំរុញទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរផ្នែកវប្បធម៌ ការយោគយល់និងការគោរពគ្នាទៅវិញទៅមក សហប្រតិបត្តិការជិតស្និទ្ធ សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព រួមគ្នានៅក្នុងតំបន់ និងពិភពលោក៕
ដោយ ប៊ុន រិទ្ធ រូបថត៖ ថាច់ ផាណារ៉ុង