សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ និយោជិត នៅស្រុកពញាឮ ខេត្តកណ្តាល

CNV:

រីករាយបានជួបកម្មករ/ការិនីតាមការគ្រោងទុកក្នុងជុំទីមួយ

… (សំណេះសំណាលលេង) … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្តងទៀត សម្រាប់កម្មករ/ការិនីរបស់យើងតាមការគ្រោងទុកនៅក្នុងជុំទីមួយ។ សម្រាប់ក្មួយៗនៅទីនេះមួយចំនួនបានជួបពូនៅឯកោះពេជ្រ ឯមួយចំនួនទៀតមិនទាន់បានជួបនៅឡើយទេ។ ខ្ញុំក៏សុំអភ័យទោស ដោយសារតែពេលវេលាតម្រូវឱ្យយើងត្រូវធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយ។ ដូច្នេះ ជំនួបដែលបានគ្រោងទុកក៏ត្រូវបានពន្យារ ដែលមកដល់ពេលនេះ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញ គឺនៅជំពាក់ខេត្តកណ្តាលចំនួនមួយដងទៀត។ ជំនួបរបស់យើងថ្ងៃនេះ គឺជួបជុំរវាងម្ខាង គឺកម្មករ/ការិនីដែលមកពីខាងកំពង់ស្ពឺ និងម្ខាងទៀត កម្មករ/ការិនី ដែលអញ្ជើញមកពី(ខាងខេត្ត)កណ្តាល នៅស្រុកពញាឮ។ អ្នកកំពង់ស្ពឺនៅខាងណា? អ្នកកំពង់ស្ពឺនៅម្ខាង។ ចុះ(អ្នកខេត្ត)កណ្តាលនៅខាងណា? អញ្ចឹង អម្បាញ់មិញបានដើរទៅខាងអ្នក(ខេត្ត)កណ្តាល អត់បានដើរទៅខាងអ្នក(ខេត្ត)កំពង់ស្ពឺ។

បញ្ចុះទម្ងន់ក្រោម ៧៤ គីឡូ ហ៊ឹងត្រចៀក និងស្អកក

សំដីរបស់ពូរាងស្អកទេ? ស្អកបន្តិចអី? រឿងវាអញ្ចេះ ឥឡូវនេះ ពេទ្យដែលព្យាបាលយើងនៅឯ(ខាង)ក្រៅ គេផ្តាំមកថា ទម្ងន់មិនឱ្យលើសពី ៧៤ គីឡូ។ ឥឡូវ ប្រាប់ទៅពេទ្យវិញហើយថា មិនត្រឹមតែ ៧៤ គីឡូទេ ក្រោម ៧៥ (គីឡូ) ហ៊ឹងត្រចៀកតែម្តង ហើយស្អកក។ ពេទ្យប្រាប់ថា កម្ពស់យើង ១.៧០ ម៉ែត្រ ហើយនៅតែ ៦៨ គីឡូទេ។ ឥឡូវ ពេទ្យបានកំណត់ថា ឱ្យយើងនៅក្រោម ៧៤ (គីឡូ) ប្រឹងឱ្យទៅក្រោម ៧៤ (គីឡូ) ហ៊ឹងត្រចៀកង៉ឺង។ អញ្ចឹងទេ សុំមួយឆ្ងាញ់ហើយ។ ទៅហាត់ប្រាណ បែកញើសគឃៀរ រួចហើយបែរជាហ៊ឹងត្រចៀក ស្អកក ធ្វើការមិនកើត។ អញ្ចឹងទេ ទ្រាំឱ្យវាទៅអញ្ចឹងទៅចុះ។ មិនអីទេ។ ប៉ុន្តែ ថ្ងៃនេះ បានជាជ្រុលពីម្សិលទៅហើយ ថ្ងៃហ្នឹងឱ្យវាស្អកបន្តិចទៅចុះ តែនិយាយបន្តិចទៅ គឺខ្លាំងណាស់។ ដកក្បាលមេក្រូចេញក៏បានដែរ អត់បញ្ហាទេ។

ដើមឆ្នាំ ២០១៩ អនុវត្តបៀវត្សរ៍អប្បបរមា ១៨២ ដុល្លារអាមេរិក សម្រាប់កម្មករ/ការិនី

ថ្ងៃនេះ យើងរីករាយ ដែលបានជួបជុំ ហើយការជួបជុំរបស់យើងនេះ ក៏បានធ្វើនៅមុនពេលដាច់ឆ្នាំសកល។ នៅសល់តែប៉ុន្មានថ្ងៃទៀត ក្មួយៗជាកម្មករ/ការិនី នឹងអនុវត្តនូវបៀវត្សរ៍អប្បបរមាថ្មី ដែលឡើងពី ១៧០ ទៅ ១៨២ ដុល្លារសហរដ្ឋអាមេរិក ហើយដែលនេះ គឺជាបំណងប្រាថ្នា ដែលនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលចង់បាន។ ពិតហើយ វាមិនគ្រប់ទៅតាមបំណងរបស់យើងទេ។ គ្មានអ្នកណាមួយនៅលើពិភពលោកនេះ ទោះបីជាមានប៉ុណ្ណាក៏ដោយ មហាសេដ្ឋីមានប៉ុណ្ណាក៏ដោយ ក៏មិនដែលស្កប់ស្កល់ដែរនឹងរឿងលុយនោះ។ កុំថាឡើយយើងមានត្រឹមប្រមាណជាង ២០០ ដុល្លារអាមេរិក រាប់ទាំងប្រាក់អប្បបរមា និងប្រាក់កម្រៃផ្សេងៗ ពួកអ្នកមានដែលមានប្រាក់ចាយមិនអស់ ក៏គង់តែត្រូវការនូវប្រាក់ចំណូលបន្ថែមទៀតដែរ។ ប៉ុន្តែ ស្ថានភាពប្រទេសរបស់យើងដែលបានលូតលាស់មកបានប៉ុណ្ណេះ ចាត់ទុកថា វាជាភ័ព្វសំណាងមួយ នៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ ហើយប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាម  និងរបបប្រល័យពូជសាសន៍។

អរគុណបណ្តាម្ចាស់រោងចក្រអនុញ្ញាតឱ្យកម្មករ/ការិនីបានមកជួបជុំ និងឈប់មួយល្ងាច

ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្តល់ឱកាសសម្រាប់ការ​ចូលរួមរបស់កម្មករ/ការិនី ដែលក្នុងនោះ មកពីខេត្តកណ្តាល ចំនួន ១៥ រោងចក្រ មាន ១៦.៦៣២ នាក់ និងមកពីខេត្តកំពង់ស្ពឺ ចំនួន ៧ រោងចក្រ ដែលមានកម្មករ/ការិនី ចំនួន ៤.៩៧៤ នាក់ ហើយក៏ផ្តល់ការអនុញ្ញាតឱ្យក្មួយៗកម្មករ/ការិនីរបស់យើងបានឈប់សម្រាប់រយៈពេលល្ងាចនេះមួយល្ងាចទៀត។ ពូដឹងច្បាស់ណាស់ថា ក្មួយៗពិតជាក្រោកមកពីយប់ ហើយនេះ គឺជាក្រឹត្យក្រមធម្មតា ដែលជាវិន័យរបស់កម្មករ ដែលមិនខុសពីវិន័យរបស់កងទ័ពនោះទេ។ ពូក៏មិនឱ្យចាញ់ក្មួយៗដែរ ពូក៏ត្រូវក្រោកពីម៉ោង ៥ ភ្លឺដែរ មិនទុកឱ្យក្មួយៗរង់ចាំនៅទីនេះរហូតទៅដល់ម៉ោង ៨-៩ ព្រឹក ទើបនាយករដ្ឋមន្ត្រីមកដល់ទេ។ គ្រប់ទីកន្លែង ដែលខ្ញុំទៅជួបជុំជាមួយ រមែងបានធ្វើពិធីមុនម៉ោង ៧ (ព្រឹក) ឬក្រោយម៉ោង ៧ (ព្រឹក)បន្តិច។ ព្រឹកមិញនេះ បានមើលនាឡិកាពេលដែលមកដល់ត្រឹមវត្តភ្នំ គឺម៉ោង ៦.១០ នាទី។ អញ្ចឹងទេ នេះក៏ជាការបញ្ជាក់អំពីភាពស៊ីសង្វាក់គ្នា រវាងម្ខាងអ្នកដែលមកជួប និងម្ខាងទៀតអ្នកដែលមករង់ចាំជួប។

ជាង ១ ឆ្នាំ មកនេះ បានជួបកម្មករជាង ៨៧ ម៉ឺននាក់

អរគុណ សម្រាប់ក្មួយៗកម្មករ/ការិនីទាំងអស់ ដែលបានមកចូលរួមនៅទីនេះ។ ខ្ញុំក៏សុំយកឱកាសនេះ អភ័យទោស ចំពោះការយឺតយ៉ាវសម្រាប់ការជួប។ ប៉ុន្តែ ក្មួយៗទាំងអស់ពិតជាបានដឹងហើយថា ជំនួបក្នុង​រយៈពេលជាង ១​ ឆ្នាំ កន្លងទៅនេះ រហូតមកដល់ពេលនេះ បានជាង ៨៧ ម៉ឺននាក់។ ក្នុង ៨៧ ម៉ឺននាក់ មាននៅទីក្រុងភ្នំពេញផង មាននៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ (ខេត្ត)កំពង់ឆ្នាំង (ខេត្ត)កំពង់ចាម (ខេត្ត)ស្វាយរៀង ក្រុងព្រះសីហនុ។ អញ្ចឹង យើងនៅជំពាក់ខេត្តកណ្តាលខ្លះ ជំពាក់(ខេត្ត)តាកែវ (ខេត្ត)កំពត (ខេត្ត)កោះកុងថ្ងៃមុនយើងខ្វះ យើងមិនបាន(ជួប) គួបផ្សំនឹងសហការរៀបចំបុណ្យសមុទ្រ ក៏ប៉ុន្តែ យ៉ាងណាក៏យើងត្រូវទៅកោះកុងវិញដែរ ព្រោះមានកម្មករជាង ១ ម៉ឺននាក់ ឯណោះ។ បើទៅបីជានៅទីនោះរោងចក្រកាត់ដេរមានតិចតួចទេ ក៏ប៉ុន្តែ រោងចក្របច្ចេកវិទ្យា ដូចជា ការដំឡើងរថយន្ត ការធ្វើខួរក្បាលរថយន្ត និងការធ្វើឧស្សាហកម្មដទៃទៀត គឺមាន ទៅដល់ជាង ១ ម៉ឺននាក់ ឯណោះ។

ជំនួបជាមួយកម្មករនៅក្រោយការបោះឆ្នោត ធ្វើតាំងពីរាជរដ្ឋាភិបាលថ្មីមិនទាន់បានបង្កើត

ដំណើរជួបនេះ ពូបានបញ្ជាក់ហើយថា យើងបានឈប់តែក្នុងរយៈពេល នៃការធ្វើយុទ្ធនាការ(ឃោសនា និង)បោះឆ្នោតតែប៉ុណ្ណោះ ហើយពេលនោះ ខ្ញុំក៏បានប្រកាសបញ្ជាក់ប្រាប់ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ហើយពូក្លាយទៅជានាយករដ្ឋមន្ត្រីឡើងវិញ ដំណើរការជួបនឹងត្រូវបន្ត។ ប៉ុន្តែ ប្រសិនគណបក្សប្រ​ជាជនមិនឈ្នះ(ការបោះ)ឆ្នោតនោះទេ ពូមិនបំពានទៅលើអនាគតនាយករដ្ឋមន្ត្រីថ្មីនោះទេ។ ប៉ុន្តែ អ្វីៗវាបានច្បាស់លាស់រួចហើយ បន្ទាប់ពីការបោះឆ្នោត ដំណើរការនៃការជួបជាមួយនឹងកម្មករ បានធ្វើតាំងពីពេលដែលរាជរដ្ឋាភិបាលថ្មីមិនទាន់បានបង្កើតឯណោះ។ ក្រោយការបោះឆ្នោត យើងជួបបានប៉ុន្មានដងទៀតហើយ? ជាង ១០ ដង នៃជំនួប រវាងខ្ញុំជាមួយនឹងកម្មករ/ការិនីរបស់យើង។ ការជួប(ជាមួយកម្មករ/ការិនី)ទាំងអស់ ក៏បានដោះស្រាយបញ្ហាមួយចំនួន វាមិនទាន់អស់ទាំងស្រុងទេ ក៏ប៉ុន្តែ យ៉ាងណាក៏យើងបានដោះស្រាយបញ្ហាមួយចំនួន ទាក់ទងជាមួយនឹងផលប្រយោជន៍របស់កម្មករ/ការិនីរបស់យើងដែរ។

នៅឆ្នាំ ២០១៩ គ្រប់រោងចក្របានត្រៀមខ្លួនអនុវត្តនូវប្រាក់បៀវត្សរ៍អប្បបរមាថ្មី និង ២ សប្តាហ៍បើកម្តង

… ឥឡូវនេះ សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ គ្រប់រោងចក្របានត្រៀមខ្លួនរួចអស់ហើយ ចំនួនប្រមាណ ៨០% ដើម្បីអនុវត្តនូវប្រាក់បៀវត្សអប្បបរមាថ្មី ចំនួន ១៨២ ដុល្លារអាមេរិក រួមជាមួយនឹងការបើកប្រាក់ផ្តល់ឱ្យកម្មករ/ការិនីរបស់យើងនូវប្រាក់ ចំនួន ២ សប្តាហ៍ម្តង។ បានសេចក្តីថា នេះជាការរួមចំណែកដោះស្រាយបញ្ហា … មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក៏ត្រូវដោះស្រាយដូចគ្នា។ ខ្ញុំនៅចាំបានថា ឯកឧត្តម អៀង ម៉ូលី បានទៅខេត្តកំពង់ស្ពឺ ចុះស្រាវជ្រាវ ដល់ចុះស្រាវជ្រាវទៅឃើញថា កម្មករ/ការិនីមួយចំនួនគាត់បង្ហាញថា មិនចង់បើក ២ អាទិត្យ ម្តងទេ ព្រោះបើក ២ អាទិត្យ ម្តងវាយ​កមកចាយអស់ គាត់ចង់បើក ១ ខែម្តង។ បានខ្ញុំឆ្លើយទៅវិញថា វាដូចជាមិនលំបាកទេ ចុះបើយកមកយើងកុំចាយទៅវាយ៉ាងម៉េច? រឿងធំរឿងយកលុយឱ្យបានដល់ដៃ​របស់យើង។ ម៉េចបានថា ខ្លាចលុយមកដល់ដៃហើយចាយអស់? ចុះបើយើងមានលុយនៅក្នុងដៃ រួចហើយមានបញ្ហាអ្វីនោះ គឺយើងទៅដោះស្រាយបានបញ្ហា វាមិនស្រួល(ជាង)?

ពាក្យរបស់យើងកាលពីដើមមាន ចម្រៀងថា “ដាច់ខែ ដាច់ខ្យល់” ចង់សំដៅថា ដល់ពេលដាច់ខែ ព្រោះបៀវត្សរ៍កាលពីពេលមុន ធម្មតាគេធ្វើការងារ ធ្វើទាល់តែគ្រប់ថ្ងៃ ទើប ៣ ឬ ៤ ថ្ងៃក្រោយ ចាប់ផ្តើមបានបើកប្រាក់ខែ។ អញ្ចឹងទេ ចន្លោះពេលដាច់ខែនេះ អាប្រាក់ខែមិនទាន់បានបើកនេះ បើសិនជាមានការខ្វះខាត ត្រូវទៅខ្ចីលុយគេ ព្រោះអាថ្លៃទឹក/ភ្លើងស្អីៗ វាចាប់ផ្តើមមកអាចុងខែហ្នឹងដែរ ក្នុងពេលដែលបៀវត្សរ៍បើកយឺត។ អញ្ចឹងទេ បានជាយើងជម្រុញមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រយៈពេលជិត ១០ ឆ្នាំ កន្លងទៅនេះ យើងបានបើកនៅអាទិត្យទី ៣។ ចាប់ពីថ្ងៃទី ២២ (ឬ) ២៣ ទៅ គឺបើកលុយបានហើយ។ ឯក្មួយៗកម្មករ/ការិនី រហូតទៅដល់ថ្ងៃទី ៣០, ថ្ងៃទី ៣១ ឬអាចក្រោយនេះបន្តិច។

ត្រូវតែអនុវត្តឱ្យខាងតែបាននូវការបើកបៀវត្សរ៍ ២ សប្តាហ៍ម្តង

យើងមិនចង់ឃើញស្ថានភាពបែបនោះកើតឡើងទេ បានជារាជរដ្ឋាភិបាល ហើយជាពិសេស គណបក្សប្រជាជនដាក់នៅក្នុងគោលនយោបាយរបស់ខ្លួន ដែលត្រូវអនុវត្តអោយខាងតែបាន នូវការបើកផ្ដល់នូវប្រាក់បៀវត្សក្នុងរង្វង់ ២ សប្ដាហ៍ម្ដង។ សង្ឃឹមថា អ្នកដែលបានគិតថា បើកមកចាយអស់ នឹងរៀបចំកូនជ្រូកមួយ ឬក៏ហិបមួយ បើកមកដើម្បីកុំអោយរពិសដៃ ញាត់ចូលទៅក្នុងនោះ ចាំដល់ដាច់ខែចាំបើកវាមក ចាំប្រមូលយកវាទុក ឬក៏មិនចាំបាច់យកចេញមកក្រៅទេ ទុកនៅក្នុងហ្នឹង កុំអោយតែកណ្ដៀរស៊ីទៅបានហើយ។

ស្នើសុំម្ចាស់រោងចក្រ អនុញ្ញាតឲ្យអ្នកមានផ្ទៃពោះចេញមុនហោចណាស់ ១៥ នាទី

នេះជាចំណុច ដែលយើងបានឃើញ ក្នុងការចុះជួបជាមួយនឹងកម្មករ/ការិនី។ យើងបានរកឃើញជាមួយបញ្ហាខ្លះ ដែលត្រូវដោះស្រាយ រាប់ទាំងបញ្ហាកម្មការិនីរបស់យើង ដែលមានផ្ទៃពោះ ដែលមុននេះរោងចក្រខ្លះអោយចេញមុន ៥ នាទី រោងចក្រខ្លះ ១០ នាទី រោងចក្រខ្លះអោយ ១៥ នាទី រោងចក្រខ្លះអោយច្រើនជាងនោះ។ ប៉ុន្តែពូបានស្នើសុំទៅម្ចាស់រោងចក្រទាំងអស់ អោយផ្ដល់ការអនុញ្ញាតចំនួន ១៥ នាទី។ ប៉ុន្តែមិនមែនបានសេចក្ដីថា អ្នកដែលអោយ ២០ នាទី ឬ ៣០ នាទីហើយ បំព្រួញអោយមកដល់ ១៥ នាទីទេ។ សុំចាំក្មួយណា បើគេឲ្យ ១៥ នាទី អាហ្នឹងត្រូវ បើគេអោយក្រោម ១៥ នាទី អាហ្នឹងខុស ប៉ុន្តែ បើអោយលើស ១៥ នាទី គឺត្រូវ។

ប្រាក់ខែចាប់ពី ១៨២ ដុល្លារ/ខែទៅ ទើបត្រូវច្បាប់, អរគុណរោងចក្រដែលបានឲ្យលើសការកំណត់

ប្រាក់ខែក៏ដូចគ្នាដែរ ចាប់ពីថ្ងៃ ១ ខែមករា ទៅ បើគេអោយ ១៨២ ដុល្លារត្រឹមត្រូវ អោយក្រោម ១៨២ ខុស​ អោយលើ ១៨២ ដុល្លារ ត្រូវ។ ទាំងកម្មករ/ការិនី ទាំងម្ចាស់រោងចក្រត្រូវយល់ដូចគ្នា ហើយខ្ញុំនឹងអរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលអោយកម្មករ/ការិនីរបស់យើងលើសការកំណត់នៃច្បាប់។ ខ្ញុំបានប្រាប់អោយមានចលនាប្រឡងប្រណាំង ព្រោះអញ្ចេះក៏មានរោងចក្រសហគ្រាសខ្លះ ក៏បានផ្ដល់ប្រាក់បៀវត្ស​សំរាប់កម្មករ/ការិនី តែងតែលើសការកំណត់ដោយយន្តការត្រីភាគី គឺរវាងតំណាងរដ្ឋាភិបាល តំណាងនិយោជក ដែលខាងម្ចាស់រោងចក្រ និងតំណាងសហជីព ដែលជាតំណាងអោយកម្មករ។ អញ្ចឹងទេ គ្រាន់តែបញ្ជាក់ថា ក្មួយៗត្រូវចាំអំពីចំណុចនេះ។

មានអ្នកខ្លះមើលស្រាលថា ការសុំឲ្យកម្មការិនីមានផ្ទៃពោះចេញមុន ជារឿងតូចតាច

យើងបានរកឃើញបញ្ហាខ្លះ។ អ្នកខ្លះរហូតទៅដល់ថា គ្រាន់តែអារឿងសុំអោយកម្មការិនីមានផ្ទៃពោះឆ្លងទន្លេហ្នឹង ក៏ចាំបាច់ទៅសុំម្ចាស់រោងចក្រដែរ។ នោះជាការមើលស្រាលចំពោះកិច្ចការ។ អ្វីក៏ដោយដែលជាផលប្រ​យោជន៍របស់ប្រជាជន មិនមែនជាបញ្ហាតូចតាចទេ បើទោះបីជាចេញមុនចេញក្រោយ ទោះបីជាចេញមុនបានបន្តិចប្រសើរជាង។ ឧទាហរណ៍ថា គេអោយ ៥ នាទី បើយើងបាន ១៥ នាទី វាល្អ។ នេះជាសេដ្ឋកិច្ចផ្សារ ពួកគេចោទថា រដ្ឋាភិបាលភ្នំពេញជារបបកុម្មុយនីស្ត ប៉ុន្តែសំរាប់ខ្ញុំ ខ្ញុំអត់ស្គាល់ថាកុម្មុយនីស្តនោះវាយ៉ាងម៉េចទេ ព្រោះនៅលើកពិភពលោកនេះ វាមិនទាន់មានរបបកុម្មុយនីស្តកើតឡើងនៅឡើយ។ មានឈ្មោះជាបក្សកុម្មុយនីស្ដ ប៉ុន្តែ របបកុម្មុយនីស្តពិតប្រាកដមិនដឹងមានទម្រង់បែបណាទេ។

សេដ្ឋកិច្ចផ្សារសេរីមែន តែត្រូវមានការយោគយល់មនុស្សធម៌ផង

ប៉ុន្តែទម្រង់សេដ្ឋកិច្ចផែនការ គឺពិតជាស្គាល់។ គេកំណត់អោយប៉ុននេះ អោយប៉ុននោះ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារគឺវាអគុណធម៌ណាស់។ សំរាប់យើង សេដ្ឋកិច្ចទីផ្សារ មានការយោគយល់ក្នុងកំរិតណាមួយ ដែលត្រូវផ្ដល់អោយជាមួយនឹងទិដ្ឋភាពផ្លូវច្បាប់ផង និងទិដ្ឋភាពមនុស្សធម៌ផងដែរ។ ខ្ញុំបាននិយាយហើយថា យើងបានដំឡើងពីការចេញមុន ៥ នាទី ឬ ១០ នាទី អោយទៅ ១៥ នាទី ស្មើគ្នា។ ខ្ញុំនៅតែទទូចស្នើសុំនៅតាមរោងចក្រខ្លះ ប្រ​សិនបើអាចធ្វើទៅបាន​ ឧទាហរណ៍ មានផ្ទៃពោះពីចន្លោះ ១ ខែ ទៅ ៣ ខែ អាចថា (ចេញមុន) ១៥ នាទី ប៉ុន្តែ ចាប់ពី ៤ ខែ ដល់ ៦ ខែ អាចឲ្យដល់ ២០ នាទី ហើយពី ៦ ខែ ដល់ ៨ ខែ គឺថាដល់ប៉ុន្មាននាទី ដើម្បីអោយឱកាសសំរាប់អ្នកដែលមានផ្ទៃពោះនេះ អាចចេញបានមុនម៉ោងបន្តិច ដែលវាជាផ្នែកមួយ នៃការយកចិត្តទុកដាក់ចំ​ពោះសុខុមាលភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីធានាថា ម្ដាយ និងទារកនៅពេលដែលសម្រាលកូនមានសុខភាពល្អ។ នេះជាការយកចិត្តទុកដាក់ធំបំផុតដោះស្រាយបញ្ហារបស់យើងកន្លងមក ក៏ដូចជាពេលខាងមុខ​។

ពេលសម្រាលកូន ឈប់ ៣ ខែ បៀវត្សរ៍ ១២០% បូកប្រាក់ឧបត្ថម្ភថែមទៀត

ក្មួយៗត្រូវចាំថា យើងបាន និងកំពុងអនុវត្ត ក្រៅពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាស្ត្រី យើងផ្ដោតការយកចិត្តទុកដាក់មុនគេ ទៅដល់ការដោះស្រាយបញ្ហាជាមួយនឹងកម្មការិនីនៅតាមបណ្ដារោងចក្រ/សហគ្រាស ដែលនៅពេលដែលសម្រាលកូន ត្រូវបានទទួលនូវការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្សចំនួន ១២០% ឯណោះ។ អញ្ចឹង នៅពេលធ្វើការក្មួយៗមានប្រាក់ខែត្រឹមតែ ១៨២ ទេ។ នៅសល់តែ ៦ ថ្ងៃ ទៀតតែប៉ុណ្ណោះ។ ប៉ុន្តែដល់ទៅពេលឆ្លងទន្លេព្រឹប បានឡើងទៅដល់ ២១០ ដុល្លារ ក្នុងរយៈពេល ៣ ខែនេះ។ រាជរដ្ឋាភិបាលក៏នឹងផ្ដល់បន្ថែមជាមួយនឹងប្រាក់ ៤០ ម៉ឺនរៀល សម្រាប់អ្នកដែលបានកើតកូនមួយ ហើយ ៨០ ម៉ឺនរៀល សម្រាប់អ្នកដែលបានកូនភ្លោះ ២ និង ១២០ ម៉ឺនរៀល សម្រាប់អ្នកដែលបានកូនភ្លោះ ៣ ជាមួយនឹង ៥ លានរៀល ដែលពូត្រូវផ្ដល់ ជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់អ្នកដែលបានកូនភ្លោះ ៣ នាក់។ ប៉ុន្តែកូនភ្លោះ ៣ វាមិនសូវកើតទេ។ មូលហេតុដែលវាមិនសូវកើត មុននេះកើតច្រើនណាស់ រហូតមកដល់ពេលនេះ ៣៤០ គ្រួសារ។ ប៉ុន្តែ ឥឡូវនេះ ការកើតកូនភ្លោះ ៣ គឺតិចណាស់ ប្រៀបទៅនឹងពេលមុន មូលហេតុនៅត្រង់ថា ភ្លើងវាភ្លឺពេក … ប៉ុន្តែ ភ្លោះ ២ គឺនៅសល់ច្រើនបង្គួរក្នុងចំនួននេះ។

ឈានទៅការឧបត្ថម្ភស្រ្តីមានផ្ទៃពោះ ដែលក្រីក្រចាប់ពីពេលមានផ្ទៃពោះ រហូតកូនអាយុ ២ ឆ្នាំ

… យើងនឹងឈានទៅបន្តដោះស្រាយសម្រាប់មានផ្ទៃពោះក្រីក្រនៅទូទាំងប្រទេស ដែលនឹងត្រូវអនុវត្តនៅប៉ុន្មានខែខាងមុខ។ នោះគឺការផ្ដល់អោយស្ត្រីរបស់យើងចាប់ពីការមានផ្ទៃពោះ រហូតទៅដល់ពេលឆ្លងទន្លេ ត្រូវបានទទួលការឧបត្ថម្ភ ៤ លើក។ នៅថ្ងៃឆ្លងទន្លេត្រូវឧបត្ថម្ភមួយលើក និងក្រោយឆ្លងទន្លេ រហូតដល់កូនអាយុ ២ ឆ្នាំ ត្រូវឧបត្ថម្ភ ១០ លើក ដែលរាជរដ្ឋាភិបាលនឹងត្រូវចំណាយសរុប សំរាប់ម្នាក់ចំនួនជិត ២០០ ដុល្លាសហរដ្ឋអាមេរិក។ អញ្ចឹងបានឃើញថា បើតាមពិនិត្យសង្កេតលើរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញឲ្យឃើញថា ចាប់ពីពេលរាជរដ្ឋាភិបាលប្រកាសអនុវត្តឈប់សំរាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០% បូកនឹងចំនួនប្រាក់ឧបត្ថម្ភ ១០០ ដុល្លារ ថែមទៀត ចំនួនអ្នកឆ្លងទន្លេមានការកើនរៀងរាល់ខែ។ មានកំណើន។ អ្នកដែលការរួចហើយនោះ មិនទំនេរពោះយូរប៉ុន្មានទេ។ អ្នកខ្លះគេក៏ត្រូវការទំនេរ អ្នកខ្លះគេក៏មិនត្រូវការទំនេរដែរ។ ក៏ប៉ុន្តែ សំរាប់ពូវិញ ពូអត់មានមធ្យោបាយទេកាលពីដើមនោះ។ ឥឡូវនេះគឺគេនៅតែមានមធ្យោបាយ តែពូនៅអត់យល់ ហេតុអ្វីបានជាពូកូនមួយឆ្នាំមួយៗ កូនញឹកម្ល៉េះ? ព្រោះអត់មានចេះក្បួន ពន្យារកំណើត …។

របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ម្ចាស់រោងចក្របង់ជំនួស ១០០%

យើងបន្តការអនុវត្តទៅលើការងារជាច្រើន ក្នុងហ្នឹងបញ្ហាទាក់ទងនឹងបញ្ហាកាតព្វកិច្ចបង់វិភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលមុននេះត្រូវបង់ដោយកម្មករ និយោជិត ៥០% ម្ចាស់រោងចក្រ ៥០% ក៏ប៉ុន្តែ មួយឆ្នាំកន្លងផុតទៅនេះ ម្ចាស់រោងចក្របង់ជំនួស ១០០% ដែលផ្ដល់ឱកាសអោយក្មួយៗកម្មករ/ការិនីរបស់យើងទទួលបាននូវផលចំណេញក្នុងរង្វង់ ៨ ពាន់រៀល ទៅ ១ ម៉ឺន ៣ ពាន់រៀល សម្រាប់មួយខែ ដែលនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់យើង ចំពោះការកាត់បន្ថយទៅលើការចំណាយត្រឡប់ទៅវិញ នៅពេលដែលខ្លួនបានទទួលប្រាក់។

២០១៩ អនុវត្តរបបសោធនិវត្តន៍វិស័យឯកជន និងរបបហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ

… ក្មួយៗត្រូវចាំថា ចាប់ពីឆ្នាំ ២០១៩ ទៅ រាជរដ្ឋាភិបាលនឹងដាក់អោយអនុវត្តនូវផ្នែកសោធន សម្រាប់កម្មករ និយោជិត ផ្នែកហានិភ័យការងារសំរាប់មន្ត្រីសាធារណៈ … អញ្ចឹងទេ វាគ្មានការខុសគ្នារវាងមន្ត្រីរាជការ ជាមួយនឹងកម្មករនិយោជិតទេ ដោយសារនៅពេលខាងមុខនេះ កម្មករនិយោជិតរបស់យើង ក៏នឹងទទួលបាននូវប្រាក់សោធនិវត្តន៍ នៅពេលដែលខ្លួនចាស់ទៅ ហើយមិនអាចបន្តធ្វើការងារបានទៀត។ ប៉ុន្តែ ចំណុចនេះក្មួយត្រូវចាំ មិនមែនចូលធ្វើ ១ ថ្ងៃ ២ ថ្ងៃ (ឬ) ១ ខែ ២ ខែ (ឬ) ១ ឆ្នាំ ២ ឆ្នាំ ហើយយើងទទួលបានប្រាក់សោធនិវត្តន៍ទេ យើងធ្វើការទាល់តែគ្រប់ឆ្នាំកំណត់ដោយច្បាប់ ទើបយើងបានទទួលនូវប្រាក់សោធនិវត្តន៍។ ពេលដែលយើងចាស់ទៅ មានប្រាក់ចិញ្ចឹមខ្លួន ដោយមិនចាំបាច់ពឹងផ្អែកទៅលើកូន ឬអ្នកណាផ្សេង …។

កែសម្រូលច្បាប់ដើម្បីបញ្ចប់ ឬកាត់បន្ថយបញ្ហាម្ចាស់រោងចក្ររត់ចោលរោងចក្រ ធ្លាក់បន្ទុកមករដ្ឋាភិបាល

… យើងខិតខំធ្វើអោយប្រទេសរបស់យើង ក្លាយទៅជាប្រទេសមួយ ដែលប្រជាជនរស់នៅដោយមានរបបការគាំពារសង្គមជាក់លាក់។ ក្នុងនោះក៏មានកម្មករ/កម្មការិនីរបស់យើងរាប់លាននាក់ ដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ដូចមន្ត្រីរាជការស៊ីវិលផងដែរ។ សូមយកឱកាសនេះ បញ្ជាក់ជូន … យើងបានកែសម្រួល ដើម្បីបញ្ចប់ ឬក៏កាត់បន្ថយនូវការខាតបង់សម្រាប់កម្មករ/ការិនី ហើយការខាតបង់នោះ វាតែងតែធ្លាក់មកលើរាជរដ្ឋាភិបាល ជាបន្ទុករបស់រាជរដ្ឋាភិបាល ដោយសារករណីម្ចាស់រោងចក្រខ្លះរត់ចោលរោងចក្រ ហើយដែលជំពាក់ប្រាក់ខែកម្មករ និងជំពាក់ប្រាក់អត្ថប្រយោជន៍របស់កម្មករ។ ដូច្នេះហើយបានជាយើងត្រូវធ្វើវិសោធនកម្មច្បាប់របស់យើង ដែលមិនពន្យារនូវការផ្តល់អត្ថប្រយោជន៍សម្រាប់កម្មករ/ការិនីទៀតទេ គឺយើងផ្តល់ឱកាសសម្រាប់រយៈពេល ៦ ខែ ត្រូវទូទាត់ម្តង។ ប្រសិនបើក្នុងរយៈពេល ៦ ខែ ហើយ បើសិនជាម្ចាស់រោងចក្របិទរោងចក្រ ហើយរត់ចោលរោងចក្រ ការជំពាក់របស់ម្ចាស់រោងចក្រជាមួយនឹងកម្មករ/ការិនី ក៏មានចំនួនតិចតួច ដែលវាមិនច្រើនដូចពេលមុន។

មកដល់ពេលនេះ ម្សិលមិញ ក៏បានចុះហត្ថលេខា បញ្ចេញនូវទឹកប្រាក់មួយចំនួនបន្ថែមទៀត ដែលជាទឹកប្រាក់ដែលបានបុរេប្រទានកាលពីពេលមុន។ ប៉ុន្តែ ការបុរេប្រទាន វាត្រូវតែមានការទូទាត់។ ម្សិលមិញ បានចុះហត្ថលេខា ដើម្បីផ្តល់ គេហៅថា ជាប្រាក់បញ្ចេញសម្រាប់ទូទាត់។ មុននោះ គ្រាន់តែយល់ព្រមបុរេប្រទានលុយ ដើម្បីយកទៅបើកអោយកម្មករ/ការិនី ដែលម្ចាស់រោងចក្ររត់ចោល។ ប៉ុន្តែ ម្សិលមិញនេះ បានចុះហត្ថលេខា ដើម្បីផ្ទេរប្រាក់នោះទៅធ្វើការទូទាត់ចំពោះប្រាក់ដែលធ្វើបុរេប្រទាន។ ​អញ្ចឹងទេ ចំណុចនេះចាប់ពីឆ្នាំក្រោយទៅ ហានិភ័យសម្រាប់កម្មករ និងហានិភ័យនោះ ដែលធ្លាក់ជាបន្ទុករបស់រាជរដ្ឋាភិបាល នឹងត្រូវកាត់បន្ថយតាមរយៈការដោះស្រាយរបស់យើង។

កម្មករ/ការិនី និងប្រជាជនទូទាំងប្រទេស បានអនុវត្តនូវភារកិច្ច ២ ដ៏សំខាន់

យើងពិតជាបានរួមគ្នាខិតខំ ហើយក្នុងឱកាសនេះ ក្នុងនាមពូជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល និងក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា សូមយកឱកាសនេះថ្លែងអំណរគុណចំពោះក្មួយៗកម្មករ/ការិនី ដែលនៅទីនេះនិយាយដោយឡែក និងសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសនិយាយរួម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សូមអរគុណណាស់ជាមួយនឹងការគាំទ្រនេះ។ កន្លងទៅ តាមរយៈការបោះឆ្នោតរយៈពេលគន្លងទៅ ក្មួយៗបានអនុវត្តនូវភារកិច្ច ២ ដ៏សំខាន់៖

ទី ១៖ គឺការចូលរួមដំណើរការប្រជាធិបតេយ្យ តាមរយៈការអញ្ជើញទៅបោះឆ្នោត។ អ្នកទៅបោះឆ្នោត ទើបជាអ្នកមានឈ្មោះថា គាំទ្រដំណើរការប្រជាធិបតេយ្យ ដែលមានរហូតទៅដល់ជាង ៨៣% នៃចំនួនប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាអត្រាមួយដ៏ខ្ពស់។ ឯទី ២៖ ក្មួយៗបានសម្រេចជ្រើសរើស ការរក្សាទុកនូវវត្ត​មានជាអចិន្រ្តៃយ៍ នៃសន្តិភាព និងការអភិវឌ្ឍ ​គឺការបោះឆ្នោត ដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ នោះគឺការបោះឆ្នោតជូនគណបក្សប្រជាជន ដែលជាអ្នកធានារ៉ាប់រងទៅលើសន្តិភាព និងការអភិវឌ្ឍនេះឯង។

សម្ពោធវិមានឈ្នះឈ្នះ រំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុងរបស់កម្ពុជា

នៅតែ ៣ ថ្ងៃ ទៀតទេ វិមានឈ្នះឈ្នះ ដែលជានិមិត្តរូប នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ នឹង​ត្រូវធ្វើពិធីសម្ពោធ ដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ។ យើងធ្វើពិធីសម្ពោធវិមានឈ្នះឈ្នះនេះ ដើម្បីរំលឹកទៅដល់ការបញ្ចប់សង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ និងឈឺចាប់របស់កម្ពុជា។ ទម្រាំមានសន្តិភាព ក្មួយៗត្រូវចាំថា ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានប្រឹងប្រែងប៉ុណ្ណាទៅ? ដើម្បីងើបឈរឡើងក្នុងស្ថានភាពដ៏លំបាក រើបម្រះចេញពីរបបប្រល័យពូជសាសន៍  ប៉ុល ពត និងបន្ទាប់មក ខិតខំម្ខាងតស៊ូដើម្បីទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងម្ខាងទៀតកសាងជីវភាពគ្រួសារឡើងវិញ។ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានខិតខំខ្លាំងណាស់ រួមជាមួយពូ ដែលធ្វើការជាមួយពួកគាត់ ពូបានឈរជាមួយពួកគាត់មកដល់ពេលនេះ ជាង ៤០ ឆ្នាំ មកហើយ​។ បើនិយាយពីក្នុងអំណាច នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ វានឹងគម្រប់ ៤០ ឆ្នាំ ហើយ។ គ្មានការគាំទ្រពីជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ពិតជាមិនមានលទ្ធផលដូចថ្ងៃនេះទេ។ មានត្រឹមតែ ហ៊ុន សែន ម្នាក់ មិនមានលទ្ធភាពដើម្បីនឹងស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស។ គ្មានលទ្ធភាពទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ទេ។ ប៉ុន្តែ មាន ឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗ ទើបរក្សាបាននូវទឹកដីដែលយើងរំដោះបានពី ប៉ុល ពត ទប់ស្កាត់កុំអោយ ប៉ុល ពត ត្រឡប់មកវិញ។ ហើយបានរួមចំណែកបង្កើតឡើងនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសន្តិភាពកាលពី ២០ ឆ្នាំមុន​។

បោះឆ្នោតគាំទ្រគណបក្សប្រជាជន មានន័យថាជាមោទនភាពចំពោះជីដូនជីតា ឪពុកម្តាយរបស់ខ្លួនដែរ

ដូច្នេះ ការបោះឆ្នោតរបស់ក្មួយៗគាំទ្រគណបក្សប្រជាជន វាមិនខុសអីពីការបោះឆ្នោតគាំទ្រអ្វីដែលជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានធ្វើនោះទេ។ វាមិនមែនជាការបោះឆ្នោតដោយឡែកៗ គាំទ្រ ហ៊ុន សែន គាំទ្រគណបក្សប្រជាជនទេ ក៏ប៉ុន្តែ វាជាការបោះឆ្នោតក្នុងន័យមោទនភាព ដែលជាស្នាដៃរបស់ជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗដែលបានខិតខំរួមចំណែក ទោះបីក្នុងកម្រិតណា ក្នុងផ្នែកណាក៏ដោយ ពួកគាត់បានប្រឹងប្រែង។ សូមក្មួយៗចងចាំ។ ទឹកដីនេះជាទឹករបស់យើងទាំងអស់គ្នា ពេលដែលយើងជួបការលំបាក យើងលំបាកទាំងអស់គ្នា ពេលដែលយើងមានសុខស្រួល យើងក៏សុខស្រួលទាំងអស់គ្នា។ ពិតមែនហើយ ពូមិនអាចរកការស្មើភាពបានអោយមនុស្សគ្រប់ៗគ្នា មានដូចៗគ្នានោះទេ។ វាមានអ្នកមាន មានអ្នកក្រ មានអ្នកមធ្យម នៅប្រទេសណាក៏យ៉ាងដូច្នោះដែរ។ មានតែ ប៉ុល ពត មួយគត់ ដែលមានសមត្ថភាពធ្វើអោយប្រជាជនអាចរស់នៅស្មើៗគ្នាបាន។ ដល់ម៉ោង វាយរគាំង ចូលស៊ីបាយ ដល់ម៉ោងវាយរគាំង ចុះកាប់ដីទាំងអស់គ្នា​។ ពិតមែនហើយ ក៏នៅមានពួកអង្គការ ដែលមានកម្រិតជីវភាពប្រសើរជាងប្រជាពលរដ្ឋ។ ប៉ុន្តែសម្រាប់ប្រជាពល​រដ្ឋទូទៅ ដូចជានៅយើង មានអ្នកដែលធ្វើនូវមុខជំនួញពាណិជ្ជកម្ម មានអ្នកដែលរកស៊ី ធ្វើខាងវិស័យ​កសិកម្ម មានអ្នកដែលរកស៊ីធ្វើជាកម្មករ មានអ្នករកស៊ីធ្វើជាម្ចាស់រោងចក្រ គឺវាមិនអាចធ្វើទៅជាម្ចាស់រោងចក្រទាំងអស់គ្នាបានទេ។

បន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះឈ្នះ ដាក់ចេញនូវយុទ្ធសាស្រ្ត ២ ​សំខាន់

ក្មួយៗត្រូវចងចាំ ហើយត្រូវខិតខំរួមគ្នារក្សានូវសន្តិភាព ដែលរកបានដោយលំបាកនេះអោយខាងតែបាន … ពូសូមអំពាវនាវចំពោះកម្មករ/ការិនី និងប្រជាជននៅទូទាំងប្រទេសទាំងអស់ មុននឹងនិយាយអ្វីក៏ដោយ ត្រូវនិ​យាយអំពីសន្តិភាពជាមុន។ បើគ្មានសន្តិភាពទេ គឺមិនអាចធ្វើអ្វីបានទេ … ក្មួយៗត្រូវចាំ ដើម្បីពង្រាយរោងចក្របានទៅតាមបណ្តាខេត្ត ដែលជាគោលដៅ បន្ទាប់ពីការជោគជ័យនៃការអនុវត្តនយោបាយឈ្នះឈ្នះ ពេលនោះពូបានដាក់ចេញនូវយុទ្ធសាស្រ្ត ២ ​សំខាន់។ យុទ្ធសាស្រ្តទី ១ គឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ អោយទៅជាតំបន់អភិវឌ្ឍន៍។ ឯយុទ្ធសាស្រ្តទី ២ គឺប្រែក្លាយព្រំដែនជាមួយ​ព្រំដែនប្រទេសជិតខាងទាំងអស់ អោយក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​។ ជាជោគជ័យមួយដ៏ធំ ពូបានធ្វើដំ​ណើរជាង ៥០០០ គីឡូម៉ែត្រ ទៅកាន់បណ្តាខេត្ត ហើយទៅកាន់តំបន់ដែលធ្លាប់មានការប្រយុទ្ធគ្នា។ តំបន់ទាំងនោះបានក្លាយទៅជាតំបន់ដែលមានរោងចក្រ បានក្លាយទៅជាតំបន់ដែលមានការដាំដុះ ទទួលផលរួចស្រេចទៅហើយ។ រាប់ទាំងតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ សុទ្ធតែមានរោងចក្រ សុទ្ធតែមានទីផ្សារ សុទ្ធតែមានសណ្ឋាគារ​ សុទ្ធតែមានតំបន់ដាំដុះ ហើយមានច្រកនាំចេញ នាំចូល ដែលបង្កើនទំហំពាណិជ្ជកម្ម។

ទំហំពាណិជ្ជកម្មជាង ២៥ ពាន់លានដុល្លារ, នាំចេញ ១២ ពាន់លានដុល្លារ នាំចូល ១៣ ពាន់លានដុល្លារ

… នៅភាគខាងកើត ជាមួយនឹងប្រទេសវៀតណាម ប្រមាណជិត ៥០០០ លានដុល្លាសហរដ្ឋអាមេរិក និងជា​មួយប្រទេសថៃ ជាង ៦០០០ លានដុល្លារសហរដ្ឋអាមេរិក។ នេះមិនទាន់គិតទៅដល់ទំនិញ ដែលយើងផ្លាស់ប្តូរ​ជាមួយនឹងប្រទេសដទៃ នៅក្រៅពីក្របខណ្ឌប្រទេស ដែលមានព្រំដែនជាប់ជាមួយយើងផង។ ទំហំពាណិជ្ជកម្មរបស់កម្ពុជានៅពេលនេះ គឺមានជាង ២៥០០០ លានដុល្លារអាមេរិក។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាប្រមាណជិត ១២០០០ លានដុល្លារ និងទំហំនៃការនាំចូលជាង ១៣០០០ លានដុល្លារ។ ក៏ប៉ុន្តែ ក៏សូមពន្យល់ទៅដល់អ្នកដទៃទៀតដែរថា ហេតុអ្វីបានជាកម្ពុជានាំចូលច្រើន ហើយនាំចេញទៅវិញតិចជាង? ពា​ណិជ្ជ​កម្មវាយ៉ាងដូច្នេះ។ សូមបញ្ជាក់ថា វាមិនមែនជាសមត្ថភាពស្រូបទំនិញចូលមកក្នុងប្រទេសយើង ដោយ​គ្មានការចេញទេ។ យើងបានប្រើប្រាស់នូវទំនិញនាំចូល ប៉ុន្តែគឺនាំចូលវត្ថុធាតុដើមមកផលិតក្នុងប្រទេសរបស់យើង រួចហើយយើងនាំចេញត្រឡប់ទៅវិញ(ផលិតផលសម្រេច)។ យើងឧទាហរណ៍ យើងនាំសាច់ក្រណាត់ ដែលដេរនៅតាមរោងចក្រ យើងនាំចូលពីប្រទេសដទៃចូលមកក្នុងប្រទេសរបស់យើង នោះហើយគេហៅពាក្យនាំចូល ដល់ពេលនាំចេញទៅវិញ គឺនាំសាច់ក្រណាត់ដដែល តែបន្ទាប់ពីការដេររួច។ នេះមិនមែនជា អ្វីដែលហៅថា​ វិបត្តិជញ្ជីងទូទាត់នោះទេ។

ទេសចរក្នុងស្រុកទៅក្រៅប្រទេសជាង ១ លាន ទេសចរបរទេសជិត ៦ លាន

ទេសចរកម្ពុជាទៅប្រទេសក្រៅ មានប្រមាណជាង ១ លាននាក់ … ពីមុនមានរាប់ម៉ឺននាក់ ក្រោយមករាប់សិបម៉ឺននាក់ ឥឡូវមានទៅដល់លើស ១ លាននាក់ ដែលចេញទៅធ្វើទេសចរណ៍នៅខាងក្រៅ ក្នុងពេលដែលទេសចរមកពីបរទេស មានរហូតដល់ជិត ៦ លាននាក់ឯណោះ។ នេះហើយជាស្ថានភាពប្រែប្រួលនៅក្នុងប្រ​ទេសយើង ដែលពីសូន្យដុល្លារនៃការនាំចេញ ទៅកាន់ប្រមាណ ១២ ពាន់លានដុល្លារនៃការនាំចេញ។ សូន្យទេស​ចរទៅដល់រាប់សិន ឬរាប់រយទេសចរ ដល់រាប់ពាន់ទេសចរ ដល់រាប់ម៉ឺនទេសចរ ដល់រាប់សែនទេសចរ ឥឡូវចូលដល់រាប់លានទេសចរ។ ឯទេសចរក្នុងស្រុកវិញ បូកសរុបមួយឆ្នាំៗ មិនតិចជាង ១០ លាននាក់ទេ ដែលធ្វើដំណើរដើរលេងនៅក្នុងប្រទេស ហើយកុំមើលស្រាលឲ្យសោះ ចំពោះចំណូលដែលបានមកពីទេស​ចរក្នុងស្រុក។ ពីទីនេះទៅកាន់ភ្នំព្រះរាជទ្រព្យ ដែលជាតំបន់ទេសចរណ៍មួយដែរ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ គឺបានទទួលផលប្រយោជន៍ពីទេសចរណ៍ ប្រសិនបើគេចេះផលិតនូវអ្វីដែលទេសចរត្រូវការ មិនថាទេសចរក្នុងស្រុក ឬទេសចរក្រៅស្រុកទេ។ អញ្ចឹងបានជានៅភ្នំព្រះរាជទ្រព្យរបស់យើង គេហៅថា ភ្នំអដ្ឋរស្ស អ្នកដែលលក់ផ្កាឈូក ក៏លក់ដាច់ដែរ ព្រោះអ្នកទៅឡើងបន់ស្រន់ត្រូវការផ្កាឈូក ត្រូវការផ្កានានា គ្រាន់តែដាំផ្កាដើម្បីឲ្យអ្នកទៅបន់ស្រន់ក៏ទទួលបានចំណូលដែរ។

កែសំរួល បុណ្យសង្សារ ឲ្យទៅជាបុណ្យនៃសេចក្តីស្រឡាញ់

ក៏ប៉ុន្តែសុំអ្នកដាំផ្កាទាំងឡាយ ឬអ្នកធ្វើក្តារមឈូសទាំងឡាយ មេត្តាកុំបន់ស្រន់ឲ្យមនុស្សស្លាប់ ដើម្បីលក់មឈូស និងផ្កាដាច់នោះ ព្រោះអ្នកលក់ក្តារមឈូស ដើម្បីឲ្យមុខរបររប​ស់ខ្លួនដាច់ បន់ឲ្យមនុស្សងាប់។ ប៉ុន្តែអ្នកលក់ផ្កា គាត់បន់ឲ្យមានបុណ្យទាន គាត់បន់ឲ្យមាន(រៀប)ការ គាត់បន់ឲ្យមានបុណ្យទាន ដែលអ្នកត្រូវការផ្កាត្រូវការ។ ក៏ប៉ុន្តែ បើតាមការកត់សំគាល់ ផ្កាដែលលក់ដាច់ជាងគេ គឺនៅពេលគេហៅថា បុណ្យនៃសេចក្តីស្រឡាញ់ទៅវិញ។ ម្នាក់មួយទងៗ … នៅមានអី បុណ្យឪពុក ស្អីបន្តិច យកមកឲ្យ​យើង រួចមានបុណ្យម្តាយ​ទៀត … នេះជាឥទ្ធិពលនៃបញ្ហាវប្បធម៌ តែយ៉ាងហោចណាស់ យើងក៏បានប្រែកែនូវអ្វីដែលគេហៅថា បុណ្យសង្សារ ឲ្យទៅជាបុណ្យនៃសេចក្តីស្រឡាញ់វិញ។ យើងខិតខំដើម្បីកែសម្រួលវា ព្រោះថ្ងៃហ្នឹងជាថ្ងៃក្មួយៗស្រ្តីខ្លះប្រគល់ខ្លួនប្រាណទៅឲ្យបុរស ដែលខ្លួនស្រ​ឡាញ់ ហើយបុរសកុំបោកស្ត្រីក្នុងថ្ងៃនោះ បើសិនជាស្រឡាញ់ពិត ថ្ងៃណាក៏បានដែរ មិនបាច់ចាំថ្ងៃនោះទេ។

លឺ ព្រហ្ម ម៉ាញ ទេនិយាយ រឿងពិត ឬមិនពិត អាហ្នឹង ព្រហ្ម ម៉ាញ ទេ ទទួលខុសត្រូវទៅ។ បុរសម្នាក់ឌុបក្រមុំម្នាក់ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ហ្នឹង ដែលមុនគេហៅបុណ្យសង្សារនោះ។ រួចហើយថា ឥឡូវយើងទៅណា? យើងទៅអូតែល? អូតែលហ្នឹងកក់អូតែលបន្ទប់លេខប៉ុន្មាននោះ ថាលេខ ៤០ ដល់លេខ ៤០ នាងជិះពីក្រោយ គាត់ថា អូ! អាបន្ទប់ ៤០ ក្តៅណាស់។ អញ្ចឹងបានសេចក្តីថា ក្រមុំនេះក៏ធ្លាប់ស្គាល់បន្ទប់លេខ ៤០។ អញ្ចឹងទេ អាខាងមុខនេះ អូ! អត់ស្រួលទេអញ។ និយាយលេងទេ។

រោងចក្រក្លាយជាសហគមន៍ដ៏សុខសាន្ត, បង្កើតគ្លីនិកសុខភាព កន្លែងទទួលទានអាហារ បំបៅកូន

ក៏ប៉ុន្តែ អ្វីដែលយើងត្រូវខិតខំ គឺយើងត្រូវបន្តដំណើរ រួមដំណើរជាមួយគ្នាទៀត។ ខ្ញុំសុំអំពាវនាវចំពោះម្ចាស់រោងចក្រ ខិតខំដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលជាសុខទុក្ខរបស់កម្មករ និយាយរួមយើងត្រូវខិតខំធ្វើយ៉ាងណាដើម្បីឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដើម្បីឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ បញ្ហាដំបូងត្រូវមានសាមគ្គីភាពជាមួយម្ចាស់រោងចក្រ និងកម្មករ រវាងអ្នកគ្រប់គ្រង ជាមួយនិងកម្មករ ត្រូវដោះស្រាយបញ្ហាជាមួយគ្នា ហើយក៏ត្រូវពិនិត្យមើលពីម្ចាស់រោងចក្រ។ ខ្ញុំអំពាវនាវបន្តឲ្យខិតខំមើលពីបណ្តារោងចក្រ ដែលមិនទាន់មានគ្លីនិក មិនទាន់មានមជ្ឈមណ្ឌលថែទាំសុខភាព មិនទាន់មានកន្លែងទទួលទានអាហាររបស់កម្មករ ត្រូវខិតខំកសាងវា។ កន្លែងខ្លះមានដល់កន្លែងបំបៅកូននោះ។ ប៉ុន្តែ ឥឡូវនេះ កន្លែងបំបៅកូនមិនសូវជាប៉ុន្មានទេ ព្រោះគេច្រើនបៅទឹកដោះគោ។

ជម្រុញឲ្យកម្មការិនីដែលមានកូន បំបៅកូនដោយទឹកដោះខ្លួនផ្ទាល់ ជាជាងទឹកដោះគោ

ក្មេងៗឥឡូវគឺថា ឲ្យបៅទឹកដោះម្តាយត្រឹម ២-៣ អាទិត្យអី គឺឈប់ហើយ។ បន្ទាប់ទៅ គឺគេបៅទឹកដោះគោ។ ក៏ប៉ុន្តែ យើងក៏កំពុងជម្រុញតាមរយៈក្រសួងសុខាភិបាល អំពីបញ្ហាការបំបៅកូនដោយទឹកដោះម្តាយ ដែលធានាបំផុត ចំពោះសុខុមាលភាពរបស់កូនៗ ដែលសង្ឃឹមថា ក្មួយៗឈប់សម្រាក ៣ ខែនេះ ខិតខំឲ្យកូនបៅក្នុងរយៈពេល ៣ ខែ ហើយបើអាចធ្វើទៅបានច្រើនជាងនេះ។ កុំបានឈប់ ៣ ខែ រួចហើយឲ្យបៅត្រឹមតែ ១ ខែ ទុក ២ ខែ ឲ្យអាធំបៅ។ ឲ្យអាតូចវាបៅ ព្រោះគេបានពិសោធន៍ហើយនៅលើពិភពលោក អាបៅទឹកដោះម្តាយ​នេះ បញ្ញា និងភាពរឹងធន់របស់វា គឺល្អជាងការប្រើនូវទឹកដោះគោ ឬអ្វីផ្សេងក្រៅពីទឹកដោះម្តាយ។

ថៅកែ និងកម្មករ បំពេញឲ្យគ្នាទៅវិញទៅមក

ខ្ញុំសុំស្នើឲ្យអ្នកដឹកនាំរោងចក្រ ម្ចាស់រោងចក្រ យកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មករ។ ម្ចាស់រោងចក្រទាំងអស់ត្រូវតែយល់ថា បើមានតែរោងចក្រអត់កម្មករ ខ្លួនគ្រាន់តែជាម្ចាស់ឃ្លាំងទេ មិនមែនថៅកែទេ គឺថៅកែឃ្លាំង។ ឯក្មួយៗជាកម្មករ/ការិនីវិញ សូមយល់ថា បើគ្មានអ្នកវិនិយោគមកដាក់ទុនបង្កើតរោងចក្រ ក្មួយៗក៏គ្មានការងារធ្វើនៅក្នុងរោងចក្រដែរ។ ក្មួយៗនឹងបន្តការងារជាកសិករ ឬក៏ពាណិជ្ជករជាមួយនឹងឪពុកម្តាយ ហើយពាណិជ្ជករនៅជនបទរបស់យើង មិនមែនជាពាណិជ្ជករធំដុំទេ ជាអ្នកលក់ដូរតូចតាចប៉ុណ្ណោះ​។ អញ្ចឹងថៅកែរោងចក្រ ម្ចាស់រោងចក្រ និងកម្មករ គួបផ្សំគ្នា ទើបក្លាយជាអង្គឯកភាពមួយ សម្រាប់ធានាទៅដល់ដំណើរការ នៃឆ្នាំងបាយរួមរបស់យើង។ ក្មួយៗជាកម្មករ/ការិនីយកចិត្តទុកដាក់ធ្វើការ បង្កើននូវចំណេះដឹងឲ្យកាន់តែខ្ពស់ ដើម្បីបង្កើនផលិតភាព តាមរយៈការតម្លើងបៀវត្សរ៍នេះ។ ពេលដែលម្ចាស់រោងចក្រទទួលបាននូវប្រាក់ចំណេញ ពេលនោះវាក៏នឹងផ្តល់ត្រឡប់មកវិញ នូវការបង្កើនប្រាក់បៀវត្សឲ្យកម្មករ/ការិនីរបស់យើង។

កុំឲ្យមានបងតូចបងធំតាមរោងចក្រ កុំឲ្យមានគ្រឿងញៀន និងមានការរីករាលដាលនៃមេរោគអេដស៍

ក្មួយៗត្រូវខិតខំធ្វើយ៉ាងណាកុំឲ្យរោងចក្ររបស់យើងក្លាយទៅជាទីកន្លែងដែលមានបងតូច បងធំ កាប់ចាក់គ្នា មិនត្រូវឲ្យមានស្ថានភាពនោះកើតឡើងទេ។ មិនត្រូវឲ្យរោងចក្ររបស់យើង ក្លាយទៅជាទីកន្លែងចែកចាយគ្រឿងញៀននៅតាមរោងចក្រនានាទេ ហើយក៏មិនត្រូវទុកឲ្យរោងចក្ររបស់យើងក្លាយទៅជាទីកន្លែងដែលមានការរីករាលដាលនៃជំងឺអេដស៍។ យើងគ្មានការរើសអើងណាមួយ សម្រាប់អ្នកដែលមានជំងឺអេដស៍ចូលធ្វើការជាកម្មករ/ការិនីនោះទេ។ ក៏ប៉ុន្តែ កម្មករដែលបានកើតមេរោគអេដស៍ហើយ សុំកុំទៅចម្លងដល់អ្នកដទៃ។ ជាកម្មករជាបុរស ក្មួយៗដែលមានផ្ទុកមេរោគអេដស៍ ត្រូវធ្វើយ៉ាងណាជៀសវាងចម្លងទៅអ្នកផ្សេង។ ឯក្មួយៗជានារី ដែលមានផ្ទុកមេរោគអេដស៍ ក៏ត្រូវជៀសវាងការចម្លងទៅសម្រាប់ដៃគូ ដែលខ្លួនបានទទួលនោះ។ ខិតខំធ្វើយ៉ាងដូច្នេះ ដើម្បីឲ្យយើងក្លាយទៅជាសហគមន៍សុខសាន្តមួយ មានសាមគ្គីភាព គ្មានបងតូច បងធំ គ្មានទីកន្លែងដើម្បីចែកចាយគ្រឿងញៀន ហើយមិនមែនជាតំបន់ដែលមានការរើសអើង តែក៏មិនមែនជាទីកន្លែងដើម្បីចម្លងមេរោគអេដស៍ពីបុរសទៅកាន់ស្ត្រីដែលជាដៃគូ ឬពីស្ត្រីទៅកាន់បុរសដែលជាដៃគូនោះទេ។

រោងចក្រក្លាយជាសហគមន៍សុខសាន្ត រួមចំណែកនយោបាយភូមិឃុំមានសុវត្ថិភាព

សហគមន៍សុខសាន្ដជាការរួមចំណែក នៃនយោបាយភូមិឃុំមានសុវត្ថិភាព​។ យើង​ពិនិត្យមើល រោងចក្រ​មួយ​មាន​មនុស្ស ១​ ពាន់ ២ ពាន់ ច្រើនជាងមនុស្សនៅតាមភូមិមួយផង។​ រោងចក្រខ្លះមានទៅដល់ ៤ ពាន់ ៥ ពាន់ នាក់ មនុស្សស្មើនឹងមួយឃុំទៅហើយ។ អញ្ចឹងទេ ត្រូវខិតខំអំពីបញ្ហានេះ ហើយសង្ឃឹមថា ទាំងម្ចាស់រោងចក្រ ទាំងកម្មករ/​ការិនី នឹងអាចធ្វើកិច្ចការងារ​នេះបាន។

អញ្ជើញកម្មករ/ការិនីទៅចូលរួមកម្សាន្ត ៣ យប់ ៣ ថ្ងៃ នៅក្បែរវិមានឈ្នះឈ្នះ

ថ្ងៃនេះ បើ​យោងតាមទម្លាប់ធម្មតា គឺរដូវនេះ ជារដូវរំហើយ។ បទ​ចម្រៀង​ រងាផ្កាគ វាត្រូវតែច្រៀង តែឥឡូវវាច្រៀងមិនត្រូវទៀត ព្រោះវាអត់ធ្លាក់ខ្យល់ ហើយតាមការព្យាករ​របស់ឯកឧត្តម លឹម គានហោ នោះ ថ្ងៃ ២៧  ២៨ ភ្លៀងទៀត។ ថ្ងៃ ២៩ មិនអីទេ? តែមិនស្រួល ពេលដែលយើង​សម្ពោធ​វិមានឈ្នះឈ្នះ … ភ្លៀងពីយប់​ … បើអញ្ចឹងពាក្យស្លោក ពាក្យអីហ្នឹង ទទឹកខ្ទេចខ្ទីហើយ … ក្មួយទៅមើលវិមានឈ្នះឈ្នះណា នេះជាការកសាងទុកសម្រាប់ជំនាន់ក្រោយ​។ មានការប្រមូលទុកឯកសារនៅទីនោះ ​ហើយក៏មានកន្លែងកម្សាន្ដ​ ហើយអ្នកពូកែរាំ​ក៏សូម​អញ្ជើញទៅរាំ ព្រោះយើងលេង ៣ យប់ ៣ ថ្ងៃឯណោះ។ ​ ខ្ញុំ​នឹងមកចូលរួម ​ដើម្បី​ឆ្លងឆ្នាំនៅវិមានឈ្នះ ឈ្នះ នៅម៉ោង ១២ អធ្រាត្រ​ ថ្ងៃទី ៣១ តែម្តង។ យើងចាប់ផ្តើមការសម្ពោធតែថ្ងៃទី ២៩ ទេ ក៏ប៉ុន្ដែដោយ​គាប់ជួនជាមួយនឹងចុងឆ្នាំ យើងក៏យកទីកន្លែងនោះ សម្រាប់ការកម្សាន្ដសប្បាយរបស់ប្រជាពលរដ្ឋរបស់យើង សម្រាប់​ ថ្ងៃទី  ៣០ និង ៣១ ដែលមានសិល្បៈកម្សាន្ដសប្បាយ ហើយកន្លែង Safari World ប្រហែលជាមាន​ការបញ្ចុះថ្លៃ​សម្រាប់ការចូលមើល។ ប៉ុន្ដែ ដំរីវាមិនទាន់មកដល់។ ដំរីទាត់បាល់ … សង្ឃឹមថា លោកឧកញ៉ា លី យ៉ុងផាត់ នឹងកាត់បន្ថយថ្លៃ​សំបុត្រចូលមើល​ សម្រាប់អ្នកចូលមើល​នៅទីនោះ​។

… ឥឡូវ គេហាមឈរ និងអង្គុយយូរ គេហាមអស់ហើយ។ ប៉ុន្ដែ​បើហាមអស់អញ្ចឹង យើងធ្វើអីក៏អត់កើតដែរ។ គេហាមក្នុងរង្វង់មួយខែ។ កូនហ្គោលក៏​គេហាមក្នុងមួយខែ គេមិនអោយវាយទេ  ព្រោះ​ក្នុងដំណាក់កាលនៃការលេបថ្នាំ ព្យាបាល ហាត់ប្រាណ​ គេមិនឲ្យវាយកូនហ្គោលមួយខែ។ អញ្ចឹងបាន​ផែន​ការ​បើកវាយ​កូនហ្គោល ថ្ងៃ ៣០ នេះ ព្រឹក អោយ ទៀ បាញ់​ បើក ល្ងាចបានខ្ញុំមកចែករង្វាន់វិញ ព្រោះខ្ញុំអត់វាយបាន អញ្ចឹងចូលតារាងធ្វើអី​ តែចូលតារាង វានឹក ​ត្រូវតែដាក់ តែវាយគ្រូពេទ្យថាខុស​ក្បួនទៀត អញ្ចឹង​ត្រូវ​គោរពដល់គ្រូពេទ្យ។

ច្បាប់ផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្រ្តីស្នើលើកលែងទោសអ្នកនយោបាយជាប់បំរាម ត្រូវបានព្រឹទ្ធសភាអនុម័ត

មានរឿងនយោបាយខ្លះដែលខ្ញុំចង់និយាយ​ ហើយខ្ញុំក៏មិនតបតជាមួយអ្នកណាដែរ គ្រាន់តែផ្តាំ ខ្ញុំមិនចង់​អោយ​ខ្មែរ​យើង​បន្ដការចាញ់បោក​គេតទៅទៀតទេ។ រឿងជម្លោះរបស់បក្សដទៃ ក្រុមដទៃ ទុកឲ្យគេទាស់គ្នាទៅ​។ វាចេញ​ច្បាស់មកហើយ ​កុំចាំបាច់មនុស្សម្នាក់មនុស្សពីរនាក់ ​ក្លាយទៅជាមនុស្សម្នាក់អី វាមិន​អាច​ទៅ​រួច​ទេ​។ ប៉ុន្ដែអ្វីដែលខ្ញុំសូមផ្ដាំ​នៅពេលនេះ ច្បាប់ស្តីពីការផ្ដល់សិទ្ធិឲ្យនាយករដ្ឋមន្ដ្រី​តាមសំណើរបស់​រដ្ឋមន្ដ្រី​ក្រសួង​​មហាផ្ទៃ ស្នើទៅព្រះ​មហា​ក្សត្រ ត្រូវបានព្រឹទ្ធសភា​អនុម័តរួចស្រេចទៅហើយ។ បន្ទាប់ទៅ នឹងត្រូវ​បញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ​ពេលក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យរួច នឹងដាក់ថ្វាយព្រះមហាក្សត្រ​ឡាយព្រះហស្ថ​លេខា​។

ច្បាប់ចេញ មិនរួចខ្លួនស្វ័យប្រវត្តិទេ, ត្រូវធ្វើសំណើម្តងម្នាក់ៗ (១) មកនាយករដ្ឋមន្រ្តី តាមរយៈរដ្ឋមន្រ្តីមហាផ្ទៃ (២) សំណើផ្ទាល់មកនាយករដ្ឋមន្រ្តី (៣) សំណើត្រង់ថ្វាយព្រះមហាក្សត្រ

ខ្ញុំសូមបញ្ជាក់សាជាថ្មីចំពោះមនុស្សល្ងង់មួយចំនួន ដែលមិនយល់​។ ច្បាប់នេះ គឺធ្វើតម្រូវសម្រាប់បណ្តាបក្ស​នយោបាយ​ទាំង​អស់​នៅពេលខាងមុខ មិនមែនតម្រូវមនុស្សមួយក្រុមណាមួយនោះ​ជាក់លាក់ទេ។ ពិតហើយ មនុស្សមួយ​ចំនួន ដែលកំពុងជាប់បម្រាមនេះ​ មិនមែនច្បាប់នេះចេញទៅ រួចខ្លួនជាស្វ័យប្រវត្ដិទេ។​ អ្នកឯង​ត្រូវ​ធ្វើ​ការ​សុំម្ដងម្នាក់ មិនមែនសុំ​មួយកញ្ចប់ទេ។ ផ្ដាំអោយហើយ​។ សុំម្ដងម្នាក់។ អ្នកអាចជ្រើសរើសទៅ អ្នកឯងអាច​ស្នើទៅ​រដ្ឋ​មន្ដ្រី​មហាផ្ទៃផ្ទាល់​ រដ្ឋមន្ដ្រីមហាផ្ទៃលើកសំណើទៅនាយករដ្ឋមន្ដ្រី នាយករដ្ឋមន្ដ្រីលើកសំណើទៅព្រះ​មហាក្សត្រ​ ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យលើកលែងបម្រាម។ នេះជាជម្រើសទី ១។ ជម្រើសទី ២ អ្នក​អាចលើកផ្ទាល់មកនាយករដ្ឋមន្ដ្រី នាយករដ្ឋមន្ដ្រី​នឹងបញ្ជូនទៅរដ្ឋមន្ដ្រីមហាផ្ទៃ ដើម្បីពិនិត្យ​ថាវាគ្រប់លក្ខណៈ​សម្បត្ដិ​សម្រាប់លើកលែងឬអត់ ហើយចាំស្នើត្រឡប់មកនាយករដ្ឋមន្ដ្រីវិញ​ នាយក​រដ្ឋមន្ដ្រី​​នឹងធ្វើសំណើទូលថ្វាយព្រះមហាក្សត្រដើម្បីសុំលើកបម្រាមនោះ​។ ជម្រើសទី ៣ អ្នកអាចធ្វើលិខិតត្រង់ថ្វាយព្រះមហាក្សត្រ​ ដើម្បីស្នើសុំលើកលែង។​ ព្រះមហាក្សត្រតាមទម្លាប់​ធម្មតា ​​គឺបញ្ជូនអោយនាយករដ្ឋមន្ដ្រីមានយោបល់។ នា​យករដ្ឋមន្ដ្រីនឹងផ្តល់នូវសំណើនោះទៅរដ្ឋមន្ដ្រីមហាផ្ទៃពិនិត្យថា តើមាន​​គ្រប់​លក្ខណៈសម្បត្តិ ហើយ​លិខិត​នោះ ជាលិខិតដែលទទួលបានយកបាន ឬអត់? រដ្ឋមន្ដ្រីមហាផ្ទៃ​ពិនិត្យរួច​ហើយ ក៏បញ្ជូនមកត្រឡប់មកនាយក​រដ្ឋមន្ដ្រី​វិញ​ នាយករដ្ឋមន្ដ្រីក៏នឹងស្នើថ្វាយទៅព្រះមហាក្សត្រវិញ ថាលើកលែង​បាន ដោយភ្ជាប់ទៅជាមួយ​នូវព្រះរាជក្រឹត្យលើកបម្រាមនោះ​។ សុំកុំភាន់ច្រឡំថា​ លើកលែងមួយកញ្ចប់តែម្ដង។ ម្នាក់ម្ដងតាមលក្ខណៈសម្បត្ដិ នៃមនុស្សម្នាក់ៗតែប៉ុណ្ណោះ​។

ច្បាប់បើកហើយ ធ្វើសំណើឬមិនធ្វើ មិនបង្ខំ

ពិតហើយ យើងបានលឺថាគេមិនសុំ (បើ)មិនសុំ ខ្ញុំសូមអរគុណ​។ អ្នកត្រូវដឹងថា អ្នកដែលមិនសុំ អ្នកក៏នឹងមិនបាន​ចូលរួមការ​បោះឆ្នោត​ឃុំសង្កាត់ នៅឆ្នាំ ២០២២ ដែរ។ អ្នកជ្រើសរើសទៅ រវាងម្ខាងអ្នកសុំ អ្នកនឹង​បាន​សិទ្ធិធ្វើ​នយោ​បាយពីឥឡូវ រៀបចំកម្លាំងដើម្បីចូលរួមការបោះឆ្នោត នៅឆ្នាំ ២០២២។ ប៉ុន្ដែបើអ្នកនៅជាប់​បម្រាម អ្នក​ហ៊ាន​ធ្វើនយោបាយ អ្នកនឹងទទួលទោសបន្ថែមទៀត។​ អ្នកគិតមើលទៅ ចំណេញ ខាត​នៅកន្លែង​​ណា​អ្នកគិត​មើល។ ខ្ញុំមិនបង្ខំអ្នកទេ តែច្បាប់បានបើកហើយ។ ពីមុននេះ បានស្នើសុំ ប៉ុន្ដែសាលដីកា​តុលាការ​កំពូលដែលចេញ​ហើយ បានបិទផ្លូវតវ៉ា។ ឥឡូវ យើងបើកច្រកហើយ។ អ្នកចង់ចេញក៏ចេញ អ្នកចង់ចូលក៏ចូល ខ្ញុំ​អត់​បង្ខំទេ​។ ផ្ទុយទៅវិញ ​ខ្ញុំអរគុណអ្នកទៅវិញ បើអ្នកមិនសុំ ព្រោះជៀសវាងភាពរញ៉េរញ៉ៃ។ និយាយតាមមួយបែប​ បើគ្មានពួកអ្នកទេ ក៏មាន​ ២០ គណបក្សផ្សេងទៀត ឬលើសពីនេះ ដែលគេកំពុងធ្វើសកម្មភាព​នយោ​បាយ​នៅក្នុងប្រទេសដែរ អត់ពួកអ្នកក៏អត់​ងាប់ខ្មែរនោះដែរ​។ ២០ គណបក្សនយោបាយ ដែលចូលរួម​បោះ​ឆ្នោត គេកំ​ពុងតែធ្វើសកម្មភាព​ ពង្រឹងខ្លួនរបស់គេ កំពុងរៀបចំដើម្បីត្រៀមខ្លួនសម្រាប់​ការប្រកួតប្រជែង នៃការ​បោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ ២០២២។ ​

មិនអាចសម្លាប់រដ្ឋាភិបាលភ្នំពេញ ដោយការគាបសង្កត់ពីខាងក្រៅទេ, មិនយកអធិបតេយ្យដូរជាមួយជំនួយ

អ្នករើស​ទៅ ​ប្រសិនបើអ្នកជាអ្នកយុទ្ធសាស្រ្ដពិតប្រាកដ។ ខ្ញុំមិនមែនតាំង​ខ្លួនជាអ្នកយុទ្ធសាស្រ្ដទេ​ ក៏ប៉ុន្ដែ ខ្ញុំ​គ្រាន់តែប្រាប់អ្នក​ថា អ្នកត្រូវច្បាស់ មិនអាចសម្លាប់រដ្ឋាភិបាលភ្នំពេញ តាមអ្វីដែលអ្នកចង់បាននោះទេ ឬហៅ​ថា ការគាប​សង្កត់​ពីខាងក្រៅទេ។ អ្នកមិនអាចសម្លាប់​បានទេ អ្នករង់ចាំមើលទៅ។ ខ្ញុំនិយាយថា រហូតដល់​សេះដុះ​ស្នែង។​ ដំណាក់កាលនេះ កម្ពុជាកំពុងតែធ្វើការអភិវឌ្ឍខ្លួន។ ពិតហើយ យើងអត់ធ្វើជាសត្រូវ​ជាមួយអ្នកណា​ទេ តែយើង​ក៏មិនយកអធិបតេយ្យរបស់យើង ដូរជាមួយជំនួយណាមួយដែរ។ នេះជារឿងដែល​ខ្ញុំសូមជម្រាប​អោយ​បានច្បាស់។

សមាជិកឃុំ/សង្កាត់/ខេត្ត/ស្រុក ចូលរួមជាមួយគណបក្សប្រជាជន បន្ដឈរឈ្មោះតទៅទៀត

ទី ២ កុំសង្ឃឹមថា ខ្មោចដែលងាប់ទៅ ហើយវារស់ឡើងវិញ ដែលរយៈពេលចុងក្រោយនេះ មានការប្រមូលគ្នា​រៀប​ចំ​។ សុំផ្ដាំទៅលោក ហេង សើ ជាប្រធានក្រុម​ការងារនៅខេត្តកំពត ដែលកំពុងរៀបចំ​រចនា​សម្ព័ន្ធតាម​ស្រុក​ តាមឃុំ ហើយថា អ្នកដែលប្រមូលអ្នកជាមេឃុំអី អោយមកធ្វើការឡើងវិញអី​ សូមកុំសង្ឃឹម។ លោក ហេង សើ នៅកំពត សូមផ្តាំទៅ លោកកំពុងតែ​បោកប្រាស់ ផ្ដល់ក្ដីសង្ឃឹមនូវអ្វីដែលវាគ្មានសង្ឃឹម​។ លោកកំពុងបំផ្លាញអនាគតរបស់អ្នកទាំងឡាយ តាម​រយៈវិធី​បោកប្រាស់​ រហូតដល់ឥឡូវនេះមានការសូក​ប៉ាន់​គ្នាទៅទៀត ដើម្បីឲ្យ​ថា អានោះវាទៅចូលជាមួយគណបក្សប្រជាជនហើយ​ កុំឲ្យវាមកវិញ។ អ្នក​ដែលទៅ​ជាមួយគណបក្សប្រជាជន រង់ចាំមើល មន្ដ្រីឃុំសង្កាត់ ដែលបានចូលរួមជាមួយគណបក្សប្រជាជន  នឹងបន្ដរហូតដល់ឆ្នាំ ២០២២ ហើយបន្ដឈរឈ្មោះនៅក្នុងគណបក្សប្រជាជនបន្ដទៅទៀត។​ មន្ដ្រីក្រុមប្រឹក្សា​ខេត្ត ស្រុក ដែលនឹងត្រូវធ្វើការបោះឆ្នោត នៅខែឧសភា ខាងមុខនេះ ដែលចូលរួមជាមួយ​គណបក្សប្រជាជន នឹងត្រូវឈរឈ្មោះបន្ដទៀត ជាសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត ឬអ្នកដែលមិនទាន់បានឈរ ក៏ត្រូវឈរឈ្មោះតទៅទៀត។ បងប្អូនដែលមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា​ហើយ ខ្ញុំធានាគ្រប់យ៉ាងសម្រាប់ក្របខណ្ឌឃុំ នឹងមានរហូតទៅដល់ឆ្នាំ ២០២២។ អ្នកដែលធ្វើកិច្ចការល្អ នឹងបន្តឈរឈ្មោះនៅឆ្នាំ ២០២២ តទៅទៀត។

មានអាជើងខ្លាំងទៅព្រមានអ្នកទាំងហ្នឹងថា អត់ការងារធ្វើគេអោយ​មកវិញ។ កុំទៅវិញ ទៅវិញធ្វើអី? កំពុងតែធ្វើជាមេឃុំ … ជាគោលបំណងប្រាថ្នាក្នុងការបម្រើប្រជាជន។ អ្នកដែលអត់ការងារធ្វើ នៅតែបន្តអត់ការងារធ្វើ។ ឥឡូវ ខ្ញុំដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ សូម្បីតែអ្នក​មួយចំនួន ដែលបានចាកចេញដោយគ្មានអ្នកណាបង្ខំទៅនៅបាងកក ក៏អត់មានលុយដើម្បីផ្ដល់ទៀតដែរ ព្រោះក្បាលម៉ាស៊ីនខាងក្រៅបែកបាក់គ្នាជាចំណែកៗហើយ។ អញ្ចឹងអ្នកផ្គត់ផ្គង់លុយមកផ្គត់ផ្គង់អ្នកនៅបាង​កកនេះ ខ្ញុំមិនចាំបាច់ធ្វើបាបទេ ខ្ញុំមិនចាំបាច់ស្នើអាជ្ញាធរបាងកកបញ្ជូនត្រឡប់មកវិញទេ អ្នកចង់ទៅណាទៅៗ។ អ្នកខ្លះចូលមក រួចហើយចេញទៅវិញ ថីវាមិនចេញទៅវិញ បើវានៅទីនេះ ប្រពន្ធវាប្រច័ណ្ឌ វាទៅណោះ វារកថ្មីបានរហូត។ រឿងអីវាមិនទៅ។ ចូលមក គ្មានអ្នកណាគេចាប់។ លោកណាចូលមក លោកណាចេញទៅវិញ ខ្ញុំក៏ដឹងដែរ មិនចាំបាច់លាក់អំពីបញ្ហាហ្នឹងទេ។

ក្រុមប្រឹក្សាឃុំសង្កាត់បច្ចុប្បន្ន បន្តដល់បោះឆ្នោតឆ្នាំ ២០២២, បង្កើនអាសនៈក្រុមប្រឹក្សាខេត្ត ស្រុក និងខណ្ឌ

សូមបញ្ជាក់ថា ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានបច្ចុប្បន្ន បន្តតំណែងរហូតដល់ការបោះឆ្នោតឆ្នាំ ២០២២។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ នឹងក្លាយទៅជាអង្គបោះឆ្នោតនៃក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សារាជធានី។ ឥឡូវនេះ ខ្ញុំពិភាក្សាជាមួយនឹងសម្ដេចក្រឡាហោមពីម្សិល យើងនឹងពង្រីកបន្ថែមអាសនៈ​នៅក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង និងខេត្ត អោយកើនចំនួនឡើង។ យើងបានធ្វើសន្និបាត កំ​ណត់អ្នកណាប៉ុន្មានភាគរយៗ នឹងធ្វើអោយមានការលំបាកបន្ដិច ហើយក៏មានកិច្ចការច្រើនដែរ។ យើងកំពុងតែធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដែលជាច្បាប់គ្រប់គ្រង ហើយក៏ត្រូវចេញអនុក្រឹត្យដើម្បីបង្កើនចំនួនអាសនៈនៅតាមខេត្ត ស្រុក ខណ្ឌ។ វាមិនដូចគ្នាទេរវាងដូចជារដ្ឋបាលភ្នំពេញ រដ្ឋបាល​កណ្ដាល និងខេត្តធំៗ ជាមួយនិងខេត្តតូចៗ ដូច្នេះវាមិនដូចគ្នាទេ​។

គ្មានការបោះឆ្នោតសភាឡើងវិញ រហូតទៅដល់ ខែកក្កដា ឆ្នាំ ២០២៣

អញ្ចឹងទេ សុំកុំដេកយល់សប្ដិទាំងថ្ងៃត្រង់ថា នឹងបានវិលត្រឡប់មកធ្វើជាមេឃុំឡើងវិញ។ សុំកុំយល់សប្ដិអោយ​សោះ … សុំកុំព្យាយាមអោយព្រះអាទិត្យរះនៅម៉ោង ១២ អាធ្រាត្រ។ ផ្ដាំទៅ។ ទី ៣ គ្មានការបោះឆ្នោតសភាឡើងវិញនោះទេ។ ការបោះឆ្នោតសភា ត្រូវរង់ចាំរហូតទៅដល់ ខែកក្កដា ឆ្នាំ ២០២៣។ ខ្លះសង្ឃឹមថា នឹងបានកៅអីសភាមកវិញ បានកៅអីនេះមកវិញ បានកៅអីនោះមកវិញ។ ទៅ! ផ្ដល់នូវក្ដីសង្ឃឹម ចំពោះអ្វីដែលជាការគ្មានសង្ឃឹម។ (អ្នក)កំពុងឲ្យសារ សម្រាប់នូវការសង្ឃឹម ចំពោះអ្វីដែលមិនអាចសង្ឃឹមបាន។

“អញ្ជើញអ្នកក្លាហានចូលស្រុក ដើម្បីទទួលទោសដែលអ្នកមាន”

ឯមួយទៀត អ្នកដែលបានត្រៀមខ្លួនចូលស្រុក ខ្ញុំក៏បានត្រៀមខ្នោះ និងគុករួចហើយដែរ។ សូមអញ្ជើញអ្នកក្លា​ហានមកកាន់ទឹកដីកម្ពុជា មុនក៏បាន ក្រោយក៏បាន បន្ទាប់ពីឱសានវាទនៃការភ្នាល់គ្នាគឺក្រោយថ្ងៃ ១ ខែមីនា​។ សូមអញ្ជើញ។ បើមិនមក អ្នកឯងមិនមែនជាមនុស្សទេ គឺជាសត្វតិរច្ឆាន​។ អញ្ជើញមក ព្រៃសចាំ ឬត្រពាំងផ្លុង ឬព្រះវិហារ ឬឧត្តរមានជ័យ ឬកន្លែងណា everywhere។ សូមអញ្ជើញអ្នកក្លាហានចូលស្រុក ដើម្បីទទួលទោសដែលអ្នកមានរួចមកហើយ។ មិនចាំបាច់រត់ចោលស្រុក ហើយប្រកាសផ្ដល់នូវក្ដីសង្ឃឹមថា នឹងចូលស្រុកនោះទេ។ មកឥឡូវក៏បាន។ ខ្ញុំបានប្រាប់ទៅអាកាសចរណ៍ទាំងអស់ កុំអោយហាមឃាត់ក្នុងការដឹកជនហ្នឹង។ អោយគេដឹកចូលមក។ ខ្ញុំក៏ចង់ជម្រះបញ្ជីជាមួយនឹងអាជននេះអោយបានច្បាស់។ ខ្ញុំបានប្រាប់អាកាសចរណ៍ស៊ីវិល កុំហាមឃាត់ក្នុងការដឹកអាចង្រៃនេះចូលស្រុក ព្រោះយើងត្រូវដាក់ខ្នោះវា។ យើងតាមចាប់វាយូរហើយ … ឥឡូវ(បើ)វាមកអោយយើងចាប់ហើយ រឿងអីមិនស្រួល។ សូមអញ្ជើញមក ខ្ញុំក៏បានត្រៀមខ្លួនហើយដែរ … ប៉ុន្តែបើសិនអ្នកឯងមិនមកក្រោយថ្ងៃទី ១ ខែមីនា ដែលជាឱសានវាទនៃការភ្នាល់ គឺអ្នកឯងជាសត្វឆ្កែសុទ្ធ …។

យកសេរីភាពបុគ្គល ជាដៃគូនយោបាយ មកធ្វើជាល្បែងភ្នាល់

… ពេលណាក៏រត់ដែរ អោយតែមានរឿងរត់ៗ កុំថា រឿងតូច រឿងធំ (មាន)រឿង(គឺដឹងតែ)រត់។ រួចហើយតាំងប្រ​កាស(ថា)មក។ លើកមុន ខ្ញុំលើកលែងទោសអោយអ្នកឯង ចំថ្ងៃឪពុករបស់ខ្ញុំមរណភាព។ តែលើកនេះ ខ្ញុំមិនបាន​លើកលែងទោសអោយអ្នកឯងទេ។ ខ្ញុំបញ្ជាដាក់ខ្នោះអ្នកឯង ព្រោះរដ្ឋបាលត្រូវអនុវត្តនូវសាលដីកាតុលា​ការ។ អ្នកណាចង់ថាអីថាទៅ។ សូមអញ្ជើញមកចូលឆ្នាំខ្មែរ នៅឆ្នាំ ២០១៩ ក្នុងគុក ប្រ​ហែលជាក្លាយទៅជាវីរបុរសនៃការជាប់គុក។ ប៉ុន្តែតាមការយល់ដឹងនៃមនុស្សដ៏ច្រើន គឺមនុស្សនេះកំសាកបំផុត។ ខ្ញុំនិយាយយ៉ាងដូច្នេះ រុញដើម្បីអោយអ្នកឯងមក។ នៅសុខមិនសុខ ទៅយកសេរីភាពរបស់អ្នកដទៃមកភ្នាល់។ បើខ្ញុំមិនភ្នាល់ទេ គឺគេថា ខ្ញុំហ្នឹងកំសាក អន់ … ពេលដែលខ្ញុំប្រកាសភ្នាល់ គេថា យើងសម្រេចជំនួសតុលាការ។ ក៏ប៉ុន្តែសុំស្ដាប់សំដីខ្ញុំឡើងវិញ ពាក្យថា​ “បើមិនទាន់កាត់ទោសផង តើមានទោសឯណា សម្រាប់ការលើកលែង” ទោះបីដល់សេះដុះស្នែង ក៏រឿងនេះមិនអាចកើតបានដែរ។ បើអត់មានទោសផង មានទោសឯណាសម្រាប់ការលើកលែង … តែគេស្ដាប់ច្រឡំ។ clip video មានជាសាក្សី។ ប៉ុន្តែអ្វីដែលហួសចិត្ត គឺនៅត្រង់ថា យកសេរីភាពបុគ្គល ដែលជាដៃគូនយោបាយរបស់គេ យកមកធ្វើជាល្បែងភ្នាល់​។ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំមិនភា្នល់មិនបាន​។ វាអគុណធម៌ តែត្រូវតែភ្នាល់។ សង្ឃឹមថា ក្រោយថ្ងៃទី ១ ខែមីនា សូមអញ្ជើញ បើមានសេចក្ដីក្លាហាន។ គេប្រកាសហើយ គេនឹងមកឆាប់ៗ។ សូមអញ្ជើញ។ ខ្ញុំក៏ត្រៀមអាឆាប់ហ្នឹងហើយដែរ។ ឆាប់ក៏ដោយស្អីក៏ដោយ every time។ សូមប្រាប់ទៀត ព្រលានយន្តហោះមាន ៣ ដែលសម្រាប់ចុះចត៖ ១. ទីក្រុងភ្នំពេញ ២. សៀមរាប និង ៣. ក្រុងព្រះសីហនុ អាចចុះចតបានទាំងបីកន្លែង ទៅតាមបំណងរបស់អ្នកជិះ តែខ្នោះក៏វាទៅតាមទីកន្លែងនោះដែរ។ តែដាក់ខ្នោះ ដាក់តាមស្ទីលអាមេរិកាំងតែម្តង។ ស្ទីលអាមេរិកាំង អត់មានដាក់ទៅមុខទេ ដាក់ខ្នោះដៃនៅក្រោយ អាហ្នឹងសូមបញ្ជាក់ជូនតែប៉ុណ្ណឹង។

អ្នកដែលបក្សត្រូវបានរំលាយ នឹងមិនអាចចូលរួមការបោះឆ្នោត រហូតដល់ឆ្នាំ ២០២២

ខ្ញុំគ្រាន់តែបញ្ជាក់ អត់ចង់តមាត់ តកអីទេ … ឥឡូវហ្នឹង គេដើរបង្ហោះហ្វេសប៊ុក តាមឃុំ តាមស្អីៗ ដើម្បីគាំទ្រប្រ​ធានស្ដីទីអាត្លង់តា ប៉ារីសឯណា។ ធ្វើអីធ្វើទៅ។ អាហ្នឹងគេថា បក្សប្រហារ បក្សស្អីណា។ ហ្នឹង​រឿងរបស់គេ។ រឿងរបស់យើង ខ្ញុំសូមបញ្ជាក់ ព្រោះមានបងប្អូនយើងខ្លះមួយចំនួន ដែលចូលមកគណបក្សប្រជាជនកម្ពុជា ក៏មានការបារម្ភដែរ បន្តិចអានោះឃោសនាថា គេនឹងអោយមកវិញនូវសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ខេត្ត ស្រុក អញ្ចឹងពួកទៅគណបក្សប្រជាជនកម្ពុជានឹងអត់។ អត់ទេ! អ្នកដែលគេកាត់រំលាយទៅ វានឹងអត់រហូតដល់ឆ្នាំ ២០២២។ បើវាមិនសុំសិទ្ធិទេ វាអត់មានសិទ្ធិទៅជួបជុំទេ កុំភ័ន្តច្រឡំ។ រើសទៅ ឬមួយអ្នកឯងចង់ឈ្នះតាមរយៈ​សាមគ្គីភាពរបស់អ្នកឯង។ ក៏ប៉ុន្តែ អ្នកឯងក៏អត់មានលទ្ធភាពដើម្បីចូលរួមបោះឆ្នោតឆ្នាំ ២០២២ ដែរ ព្រោះពួកអ្នកឯងនឹងរួចផុតបម្រាមនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ឯការបោះឆ្នោតប្រព្រឹត្តទៅក្នុង ខែ ៥ ឬ ខែ ៦ នៅឆ្នាំ ២០២២។ ដូច្នេះ អ្នក​ឯងរើសទៅ ខ្ញុំគ្រាន់តែប្រាប់ផ្លូវទេ។ អ្នក​ឯងមិនសុំ ខ្ញុំកាន់តែអរ ហើយគ្មានហេតុផលទម្លាក់ថា បិទច្រកទៀតទេ ព្រោះខ្ញុំបើកច្រកឲ្យអ្នកឯងហើយ។ អ្នកឯងចង់មកក៏មក មិនមកទេក៏ហី។ យើងក៏បានដឹងថា នរណានឹងមក នរណាមិនមក។ អ្នកខ្លះមិនមកដោយសារយើងចង់ទុកនៅហ្នឹងដែរ។ និយាយឲ្យចំៗ។ បើមក គឺវាបែក បើមិនមក អាហ្នឹងសាមគ្គីនៅនោះ ប៉ុន្តែ ព័ត៌មានឲ្យយើងរាល់ពេល អាហ្នឹងវាក៏ល្អដែរ។ មិនដឹងនរណារទុកចិត្តនរណាទេឥឡូវនេះ?

ព័ត៌មានភូតកុហកដល់ទៅចេញរាល់ថ្ងៃពេក វាបាត់អស់តម្លៃហើយ

វិភាគសព្វ វិភាគគ្រប់ហើយឥឡូវនេះ។ ព័ត៌មានក្លែងក្លាយនេះអាក្រក់អាក្រីណាស់។ ថ្ងៃមួយនោះ ស្រាប់តែឃើញថា នាយករដ្ឋមន្រ្តីចេញបញ្ជាឲ្យចាប់ ខេម នោះ ក្នុងពេលដែល ខេម នៅក្រៅប្រទេស ហើយពេលនោះ ខ្ញុំទើបនឹងដោនឡូតចម្រៀង រងាផ្កាគ។ វាយ រងាផ្កាគ ទៅវាចេញ កែវ សារ៉ាត់ មួយ និង ខេម មួយ។​ ខ្ញុំស្តាប់​ទាំងពីរហ្នឹង ឃើញថា សម្លេង ខេម ធ្ងន់ល្អ អញ្ចឹងយកទាំងពីរមកស្តាប់។ សុខៗចេញនូវព័ត៌មានទៀត សម្តេចឲ្យ​ចាប់ នាងខ្ញុង ហើយ។ ហើយចុះ នាងខ្ញុង ធ្វើអីបានជាចាប់? គេថា នាងខ្ញុង និយាយរឿងផ្ទះឈ្នួល។ ស្លាប់ហើយ នាងខ្ញុងអើយ អីក៏វាកម្សត់ម៉េះ ដល់ថ្នាក់នាយករដ្ឋមន្រ្តីចេញបញ្ជាឲ្យចាប់នោះ? ប៉ុន្មានថ្ងៃនេះ ថាវីវរហើយ សម្តេចចាប់ គិត ម៉េង បាត់ទៅហើយ។ អាឡប់! ប៉ុន្តែ ដល់ទៅព័ត៌មានបែបនេះ គឺវាទៅជាព័ត៌មានភូតកុហកមួយ ដែលបាត់តម្លៃអស់ បើសិនជាមួយឆ្នាំមានមួយ អាហ្នឹងប្រហែលជាគេអាចស្រាវជ្រាវ ប៉ុន្តែ ដល់ទៅពេលវារាល់ថ្ងៃពេក!

នាយករដ្ឋមន្រ្តីឧបត្ថម្ភលុយខ្លួនផ្ទាល់ដល់បុគ្គលិក មន្រ្តីរាជការ កីឡារករ ជារឿងធម្មតា

គេវិភាគហើយ លោក ហ៊ុន សែន ឲ្យលុយទៅបុគ្គលិក CNC និង Bayon បានលុយពីណា? លុយអញ។ អញធ្វើប៉ុណ្ណឹងដែរ អញអត់លុយ? ចុះហ្អែងបានលុយពីណាដែរចិញ្ចឹមខ្លួន? ជំនួយឧបត្ថម្ភសម្រាប់បុគ្គលិក ឬមន្រ្តីរាជការ ឬអ្នកដែលជួបការលំបាក វាតែងតែមានពីនាយករដ្ឋមន្រ្តី និងភរិយារបស់នាយករដ្ឋមន្រ្តី។ ខ្ញុំសូមបញ្ជាក់ គ្រាន់តែកីឡាប្រដាល់ ខ្ញុំសួរប្រពន្ធខ្ញុំ ឥឡូវហ្នឹងឯងឧបត្ថម្ភកីឡាប្រដាល់បានប៉ុន្មាននាក់ហើយ? គាត់ថា ប្រហែលជិត ១០០ នាក់ហើយ។ គាត់ឧបត្ថម្ភ អ្នកដែលវាយបាក់ដៃ បាក់ជើងអី។ ថ្ងៃមុន ដូចជាឲ្យ កែវ រំចង់ ដូចជា ៦០០០ (ដុល្លារ) ឡៅ ស៊ីណា ឡៅ ចន្ទ្រា ស្អីឯណា គាត់​ស្គាល់អ្នកប្រដាល់ច្រើនជាងខ្ញុំទៅទៀត។ ឲ្យតែឃើញស្ថានភាពលំបាកលំបិន តែងតែហៅឲ្យ។ នេះជារបៀប សិល្បៈនៃការចែករំលែក ប្រកបដោយគុណធម៌។ អញ្ចឹង បុគ្គលិកនៅទូរទស្សន៍នេះ នៅទូរទស្សន៍នោះ តែងតែទទួលបាននូវការឧបត្ថម្ភ នៅពេលដែលយើងឃើញថា សមត្ថភាពរបស់គ្នាមាន ហើយយើងចង់ពង្រឹងសមត្ថភាពធនធានមនុស្សនេះ ឬក៏ស្ថានភាពខ្លះគ្នាជួបការលំបាក។ អញ្ចឹងមិនចាំបាច់សួរថា លុយមកពីណា? លុយអញ។ កុំខ្វល់ពេក … ចុះឯងប៉ុណ្ណឹងដែរ ឯងមានលុយដែរតើ។ អញធ្វើដល់នាយករដ្ឋមន្រ្តី អញអត់លុយ? និយាយឲ្យច្បាស់ត្រង់ៗជាមួយគ្នា …។

ជិតដាច់ឆ្នាំសកល កើនមួយឆ្នាំទៀតហើយ

ជិតដាច់ឆ្នាំសកលហើយក្មួយ កើនមួយឆ្នាំទៀត ប៉ុន្តែ ពូមិនរាប់ថា ដាច់ឆ្នាំសកលថាឡើងមួយឆ្នាំទេ ទាល់តែដល់ថ្ងៃខែកំណើតពូ ទើបពូថែមមួយឆ្នាំទៀត។ តែយ៉ាងណាក៏ដោយ ជីវិតវាទៅមុខហើយ អត់ដើរថយក្រោយទេ។ កាលពីមុន គេហៅកុមារ បន្ទាប់ទៅគេហៅយុវជន ឥឡូវ គេហៅតា។ ប៉ុន្តែ​ នាងមួយនោះ បន្តិចទៀតបានចៅទួតមុនអញហើយ។ ប្អូនពៅសោះ ថ្ងៃមុនវាការចៅវា ហើយការហើយបន្តិចទៅមានកូនហើយ។ អញ្ចឹងត្រូវជាចៅទួតហើយ។ តាមប្អូនអត់ទាន់ទេ។ ប្អូននោះ វាមានកូន អាកូននោះវាមានកូនទៀត ឯអាកូននោះវាការថ្ងៃមុនទៀត។ អញ្ចឹងទេ មួយឆ្នាំទៀតវាបានចៅទួតមុនយើងបាត់។ ហ្នឹងរបៀបដោះស្រាយរឿងវាអញ្ចឹង។ បន្តិចទៀត នាងឯងគេហៅ យាយទួតហើយ ឯនេះនៅត្រឹមជីតាទេ។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយនោះ ក៏នឹងបានឃើញចៅទួតដែរ។ នេះគឺជារឿងធម្មជាតិរបស់មនុស្ស មិនអាចដើរថយក្រោយទេ។

ថ្ងៃនេះ​ ត្រឹមប៉ុណ្ណេះទៅចុះ ក្មួយៗដែលមានផ្ទៃពោះមានរហូតដល់ ៧១៧ នាក់ ល្អណាស់រែកកណ្តាល។ អ្នកខ្លះ ៨ ខែហើយ។ អញ្ចឹងចូលឆ្នាំ ២០១៩ ហ្នឹង ឡើងជ្រុញហើយៗពេលហ្នឹងឆ្នាំនេះមើលទៅមានធាតុរងា ឬមិនរងាមើលទៅ? ថ្ងៃ ៣០-៣១ ត្រជាក់។ អញ្ចឹងពេលមកឆ្លងឆ្នាំ(នៅវិមានឈ្នះឈ្នះ)យើងពាក់អាវក្រៅបានទេ ដើម្បីការពារត្រជាក់ ព្រោះត្រូវម៉ោង ១២ យប់នោះ បាញ់កាំជ្រួចដូចជា ៥០ នាទី នៅយប់នោះ។ អញ្ចឹង គឺបាញ់ ៣ យប់ ចាំមើលកាំជ្រួច ហើយនាំគ្នាទៅលេង ខ្លះទៅរាំ ខ្លះទៅអីអញ្ចឹងទៅ។

អំណោយជូនអ្នកចូលរួម

ថ្ងៃនេះបាននាំមកសម្រាប់ក្មួយៗ ១៥៦០៦ នាក់ មកពីរោងចក្រ/សហគ្រាសចំនួន ២២ គឺជាចំណងដៃតិចតួចទេក្មួយអើយ ហើយក្មួយៗក៏មិនមែនមកប្រាថ្នាដើម្បីនឹងរកលុយពូដែរ ប៉ុន្តែមកដើម្បីធ្វើការសំណេះ​សំណាលជាមួយគ្នា គឺជូនម្នាក់ៗចំនួន ២ ម៉ឺនរៀលប៉ុណ្ណឹង។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងកម្មវិធី ៥ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។ ប៉ុន្មានថ្ងៃនេះ មានចម្រៀងថ្មីៗច្រើនណាស់ ប៉ុន្តែ អង្គភាពប្រឆាំងភេរវកម្ម ដូច​ជា ក្មួយ សួស លីនដា អញ្ចឹង បានតាមជាប់នូវចម្រៀងថ្មីៗនេះ ហើយអ្នកចម្រៀងសុទ្ធតែបានតាមជាប់នឹងបទចម្រៀងថ្មីៗបង្ហោះតាមហ្វេសប៊ុក Page និងតាម YouTube មួយចំនួន គឺច្រៀងបទហ្នឹង ព្រោះចម្រៀងហ្នឹងឯកឧត្តម ហ៊ុន ហេង តែងដើម្បីតម្រូវការនៃខួបលើកទី ២០ នៃនយោបាយឈ្នះឈ្នះ និងខួប ៤០ ឆ្នាំ នៃជ័យជម្នះ ៧ មករា។

អនុវត្តនយោបាយពង្រាយរោងចក្រ បន្ទាប់ពីពង្រាយសាលារៀនទៅក្បែរប្រជាជនយើង

ចេញពីទីនេះ ពូសូមផ្តាំផ្ញើតាមរយៈក្មួយៗទាំងអស់ ជូនចំពោះឪពុកម្ដាយ ជីដូន ជីតា របស់ក្មួយៗបើសិនជាពួកគាត់នៅរស់ ហើយអរគុណគាត់ផងនូវការដែលបានគាំទ្រនៅក្នុងដំណើរការសម្រាប់កម្ពុជាមានសន្តិភាព ទប់ស្កាត់នូវការវិលត្រឡប់នៃរបប ប៉ុល ពត នាំឲ្យកម្ពុជាមានសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពទឹកដី និងនាំមកដល់ការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ដែលរាជរដ្ឋាភិបាលក៏បានប្រឹងប្រែងយ៉ាងច្រើន ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការវិនិយោគ។ នយោបាយពង្រាយរោងចក្រនេះហើយ ដែលនាំរោងចក្រដល់កាំជណ្ដើរ ដល់ក្បែរផ្ទះរបស់ក្មួយៗ ដែលមុននោះ គឺមានសាលារៀន ពង្រាយទៅតាមភូមិឃុំរបស់ក្មួយៗ។ ប៉ុន្តែ រយៈពេលក្រោយនេះ យើងបានពង្រាយរោងចក្រមកកាន់ទីជនបទ មកកាន់ខេត្ត មកកាន់ស្រុក ដើម្បីដោះស្រាយការងារធ្វើ ដែលផ្តល់ឱកាសឲ្យក្មួយៗងាយស្រួល ដោយមិនចាំបាច់ទៅកាន់ទីក្រុងភ្នំពេញ ឬកន្លែងផ្សេង ដើម្បីរកការ​ងារធ្វើ។ ក្មួយៗត្រូវក្តាប់ធ្វើយ៉ាងម៉េចរក្សារោងចក្រនៅតំបន់យើងឲ្យបាន បន្ថែមទៅដោយការកសាងរោងចក្រថ្មី​ៗបន្ថែមទៀត ដើម្បីដោះស្រាយការងារធ្វើឲ្យប្អូនៗកូនចៅរបស់យើងមានការងារធ្វើនៅពេលក្រោយ។

នៅចុងបញ្ចប់ ជូនពរចំពោះអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះ ជាពិសេស ជាមួយក្មួយៗកម្មករ/ការិនី សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកលនេះ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា