រដ្ឋមន្រ្ដីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្ដីការបរទេស អាស៊ាន-សហរដ្ឋអាមេរិក

AKP ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧– ក្នុងសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមេស ឆ្នាំ២០១៧ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិ ភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្ដី ការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្ដទៅ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា នេះគឺជាលើកទី១ហើយ រវាងរដ្ឋមន្រ្ដីការបរទេស អាស៊ាន និងរដ្ឋមន្រ្ដីការបរទេសអាម៉េរិក ចាប់តាំងពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់អំណាចនៅខែមករា ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការរំពឹងទុកថា  នឹងបញ្ជាក់អះអាងឡើងវិញនូវបំណងរួម និងរឹងមាំ របស់ភាគីទាំងពីរក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងនៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋ អាមេរិក ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានដំឡើងមកជាដៃគូយុទ្ធសាស្រ្ដ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ឯកឧត្តមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏នឹងមានជំនួបទ្វេភាគី ជាមួយឯកឧត្តម ចន អេហ្វ ខេល្លី រដ្ឋមន្រ្ដីសន្ដិសុខមាតុភូមិ របស់ អាម៉េរិកផងដែរ។

សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតទី៤របស់អាស៊ាន៕

ដោយ អ៊ុន រិទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ