សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យឯកឧត្តម យ៉ាង ឈីឈី (Yang Chi Chi) ទីប្រឹក្សារដ្ឋនៃសាធារ​ណរដ្ឋប្រជា​មានិត​ចិន

សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងឯកឧត្តម យ៉ាង ឈីឈី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការ​ពិភាក្សាគ្នា​យ៉ាងយក​ចិត្តទុកដាក់ ទៅលើការងារ​​សំខាន់ៗ​ចំនួន៣ ទី១អំពីទំនាក់​ទំនងទ្វេភាគី​កម្ពុជា-ចិន ទី២ការងារ​តំបន់ និងទី៣លើបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងជំនួប​សំដែង​ការគួរ​សម សម្តេច​អគ្គ​មហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​​កម្ពុជា ដែល​ធ្វើឡើង​នៅវិមាន​សន្តិភាព​ ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២៨ មេសា ឯកឧត្តម យ៉ាង ឈីឈី ទីប្រឹក្សា​រដ្ឋ​ នៃសាធារណរ​ដ្ឋប្រជាមា​និតចិន មានប្រសាសន៍ថា  ដំណើរទស្សន​កិច្ចរបស់​ឯកឧត្តម​មកកាន់​​ប្រទេសកម្ពុជា​ នៅ​ពេលនេះទី១ គឺដើម្បីពិនិត្យ​មើល និង​ដើម្បីជំរុញ​ការ​​អនុវត្ត​នូវ​អ្វីដែល ឯកឧត្តម ស៊ី ជិនពីង និងសម្តេច​តេជោ​ នាយក​រដ្ឋ​មន្រ្តី បានឯកភាព​គ្នាកាល​ពីឆ្នាំ​កន្លង​ទៅ ពិសេសក្នុង​ដំណើរ​ទស្សនកិច្ចរ​បស់ ឯកឧត្តមប្រធា​នាធិបតី ​មកកាន់ប្រ​ទេស​កម្ពុជា ទី២ការ​ត្រៀម​លក្ខណះ​ក្នុងការទទួលស​ម្តេច​តេជោ អញ្ជើញទៅកាន់​ទីក្រុងប៉េកាំង ប្រទេសចិន នៅពាក់​កណ្តាលខែឧសភា ខាងមុខ។

លើបញ្ហា​ទ្វេភាគី ឯកឧត្តម យ៉ាង ឈីឈី   មានប្រសាសន៍​រាយការណ៍​ជូនសម្តេច​​តេ​ជោ អំពីលទ្ធផល​នៃកិច្ច​ប្រជុំ​អន្តរដ្ឋាភិ​បាល​លើកទី៤ នៃប្រទេស​ទាំងពីរ ដែលមាន​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង​ឯកឧត្តម​ជា​សហប្រធាន។ ឯកឧត្តម​មានប្រសាសន៍បន្តថា កិច្ចប្រជុំលើកទី៤នេះ បានបញ្ចប់​ទៅប្រកប​​ដោយ​លទ្ធផល​ជា​ផ្លែផ្កា។ ឯកឧត្តម​បន្តថា ប្រទេសចិន​ និងកម្ពុជានៅតែ​បន្តក្នុង​ភាព​ជាដៃគូ យុទ្ធសាស្រ្ត​​គ្រប់​ជ្រុង​​ជ្រោយ និងចាត់​ទុក​ថា​ទំនាក់ទំនង​កិច្ច​សហប្រតិ​បត្តិការ​រវាង​ចិន​និងក​ម្ពុជា មានភាព​ល្អ​ប្រសើរ ពីព្រោះដោយ​មាន​ការ​ចង្អុល​​បង្ហាញ​ពីមេដឹក​នាំនៃប្រទេស​ទាំងពីរ។ ឯកឧត្តមបន្តថា អ្វីដែល​ឯកឧត្តម ស៊ី ជិនពីង និង​សម្តេច​តេជោ បាន​​ដាក់​ចេញ គឺជា​ផែន​ទីចង្អុល​ផ្លូវ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត។

ឯកឧត្តម​បន្តថា ឯក​ឧត្តម​ប្រធានាធិបតី និង​ឯកឧត្តម​នាយក​រដ្ឋមន្រ្តីចិ​ន កំពុង​រងចាំ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចទៅ​កាន់​ប្រទេស​​ចិន និង​ការ​អញ្ជើញ​ចូល​រួមវ​រទិកា​អន្តរ​ជាតិ​ស្តី​ពី ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ នៅទីក្រុង​ប៉េកាំង នៅ​ពេល​ដ៏ខ្លី​ខាង​មុខ។ ឯក​ឧត្តម​បន្តថា ដំណើរ​ទស្សន​កិច្ចផ្លូវការ​ទៅកាន់​ប្រទេស​ចិននៅ​ពេល​ខាងមុខ គឺជាការ​ចូលរួមលើកតម្កើង​នូវទំនាក់​ទំនង នូវកិច្ច​សហ​ប្រតិ​បត្តិការ​ទិវេ​ភាគី ក៏ដូចជា​ការបន្ត​លើក​តម្កើង នៃការអនុវត្ត ភាពជា​ដៃ​គូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ នៃ​ប្រទេស​ទាំងពី​រចិន-កម្ពុជា នៅក្នុង​កម្រិត​មួយ​ខ្ពស់​ថែមទៀត។ ឯកឧត្តមបន្តថា រដ្ឋាភិបាល​ចិនមាន​ការ​​សប្បាយ​​រីក​រាយ ដោយសារាជ​រដ្ឋាភិបាលក​ម្ពុជា បានបង្កើតឡើង​នូវ​គណៈ​កម្មការ​សម្រប​សម្រួល​មួយ ដើម្បី​សហការ​ធ្វើការងារ​​ជាមួយភា​គីចិន តាមរយៈ​នេះ​យើងនឹង​បន្តធ្វើផែនការ​មេ នៃផែន​ទី​ចង្អុលផ្លូវ​ស្តីពី​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលនោះ​​គឺ​ជាការ​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្រ្ត​ចតុកោណ របស់រាជ​រដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម​មានប្រសាសន៍​​ជំរាប​ជូន​​សម្តេច​​តេជោ​ដែរថា ចិននឹង​បន្តគាំទ្រ​ដល់កម្ពុជា តាមរយៈការជំរុញឲ្យ​ក្រុមហ៊ុន​ចិន មកបណ្តាក់ទុនវិនិយោគ​នៅកម្ពុជា ពិសេសពាក់ព័ន្ធ​ទៅនឹងតំ​បន់សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ ការវិនិយោគ​លើផ្លូវ​ល្បឿនលឿនភ្នំពេញ ខេត្តព្រះ​សីហនុ ការកសាង​ព្រលាន​យន្តហោះ​ថ្មីនៅ​ខេត្តសៀ​មរាប ដែលជា​គំរោង​ដ៏មាន​សារសំខាន់នេះ បង្ហាញ​ពីអត្ត​សញ្ញាណ​ នៃ​កិច្ចសហប្រតិបត្តិការរ​បស់ប្រទេស​ទាំងពីរចិន-កម្ពុជា។

ឯកឧត្តម​បញ្ជាក់​បន្ថែមថា អ្វីដែល​ប្រទេសចិន​ជួយដល់ក​ម្ពុជា គឺ​ប្រជាជនទាំ​ងពីរ នឹងទទួលបាន​នូវផល​ប្រយោជន៍ ជាច្រើន​ ពីការ​សហការ​ របស់មេដឹកនាំទាំងពីរ។ ជាមួយគ្នា​នេះ​ភាគី​ចិន​នឹង​ជំរុញ​ល្បឿន នៃការ​អនុវត្ត​បណ្តា​​គំរោងដែលបា​ន​ឯកភាព​គ្នារួច​ហើយ​នោះ ពិសេសការប្រើ​ប្រាស់​កញ្ចប់​​ថវិកា​​៣ពាន់​១០០លាន​យ៉ន់ ដូចជា​គំរោង​អណ្តូង​ទឹកស្អាត សាលារៀន និងផ្លូវ​នៅតំបន់​ជនបទ ការសាង​សង់​​មន្ទីរ​ទេព្យ និងបរិក្ខារពេទ្យ​របស់ប្រទេស​កម្ពុជា។  ឯកឧត្តមបន្តថា ដោយសារ​តែប្រទេស​កម្ពុជារៀប​​ចំការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់នៅ​ឆ្នាំ២០១៧ និងការ​បោះឆ្នោតសកល​នៅឆ្នាំ​២០១៨ ចិននឹងបន្ត​ជួយដល់ប្រទេស​កម្ពុជា​ជាបន្ត​ទៀត។

សម្តេចតេជោ​ នាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី និង​ឯក​ឧត្តម​​នាយក​រដ្ឋមន្រ្តីចិន ដែលបានផ្ញើរ​នូវការជូន​ពរដល់រូប​សម្តេច។ តាមរយៈ​នេះសម្តេច​ពិតជា​មានការរីក​រាយ​​ចំពោះ​​លទ្ធផល នៃកិច្ចប្រជុំ​អន្តរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ ពិសេសលើការ​ជំរុញកិច្ច​សហប្រតិបត្តិការ នៃប្រទេស​ទាំ​ងពីរ។ សម្តេចតេជោមាន​ប្រសាសន៍​ចាត់ទុកថា ការងារកិច្ច​សហប្រតិ​បត្តិការ នៃប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ល្អ​​ប្រសើរ។ ជាមួយគ្នា​នេះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បានគូស​បញ្ជាក់ពីន​យោបាយ​ការ​បរទេស​របស់​កម្ពុជា គឺបន្ត​​ឥត​ងាក​រ៉េក្នុងការ​គាំទ្រ​នយោបាយ​ចិន​តែមួយ និងបានស្វាគមន៍​នូវរាល់ជំនួយ​របស់​ប្រទេស​ចិន ចំពោះប្រទេស​កម្ពុជា ដែលនោះគឺជាការ​រួមវិភាគ​ទាន​ដល់​ការ​អភិវឌ្ឍជាតិ និងព​ង្រឹង​អធិបតេយ្យ​របស់​កម្ពុជា។ សម្តេច​តេជោ​បន្តថា គំនិត​​ផ្តួច​​ផ្តើម​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ នឹងផ្តល់ផល​ប្រ​យោជន៍​ដល់ប្រទេស​ជាច្រើន ពិសេសចូលរួម​បង្កើនល្បឿន​ នៃការ​ធ្វើ​សមាហរណកម្ម​តំបន់ ពិសេសចូល​រួមចំណែក​ដល់ការថែ​រក្សានូវ​ស្ថេរភាព និងធ្វើឲ្យជីវភាព​របស់ប្រជាពលរដ្ឋ​​ក្នុង​តំបន់​កាន់តែប្រសើរជាងមុន។

ក្នុងជំនួប​ពិភាក្សាគ្នានោះ សម្តេចតេជោ នាយក​រដ្ឋមន្រ្តី និងឯកឧត្តម យ៉ាង ឈីឈី បានធ្វើការផ្លាស់​ប្តូរ​ទស្សនៈពីគ្នាទៅវិញ​ទៅមក ជុំវិញ​បញ្ហា​ទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសបញ្ហាស​មុទ្រចិន​ខាងត្បូង ដែល​មាន​ការយកចិត្តទុកដាក់​ដូចគ្នា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ