សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីជួប​សំណេះ​សំណាល​ជាមួយកុមារកំព្រា (គ-ថ្លង់) គ្រួសារថ្មី

CNV: 

ជាង ២ ឆ្នាំ មិនបានមកជួបគ្នា

ថ្ងៃនេះ បានមកជួបជាមួយនឹងចៅៗ ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានមើលថែទាំ ចំ​ពោះចៅៗនៅតាមសាលារហូតទៅដល់បួន។ បើគិតពីចុងឆ្នាំ ២០១៥ មកដល់ឥឡូវ គឺរយៈជាង ២ ឆ្នាំ ដែលយើងមិនបានជួបគ្នា។ ប៉ុន្តែ អ្វីដែលបាន(សន្យាថានឹង)ផ្តល់មក គឺផ្តល់ជារៀងរាល់ខែទៀតទាត់ទៅតាមការកំណត់ នៅក្នុងរយៈពេលមុននេះ។ ក្នុងនោះ មជ្ឈមណ្ឌលគ-ថ្លង់ ទាំងនៅកន្លែងនេះ និងនៅកន្លែងពីរផ្សេងទៀត ព្រមទាំងកុមារកំព្រាភ្នំពេញ ដែលមុននេះហៅថា អាស្ប៉េកា ក៏បានផ្តល់ជាទៀងទាត់ ទាំងអង្ករ/ថវិកា និងថ្លៃភ្លើង ដែលត្រូវទូទាត់ជូន ហើយយាយក៏បានផ្តល់ ២០ លានរៀល/១ ឆ្នាំ។

អធ្យាស្រ័យចំពោះការអាក់ខានមិនបានមកប៉ុន្មានឆ្នាំ

ថ្ងៃនេះ បានវិលត្រឡប់មកជួបចៅៗ ហើយសូមអធ្យាស្រ័យ ចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជា ថ្នាក់ដឹកនាំ ព្រមទាំងចៅៗ អំពីការអាក់ខាន។ ប្រហែលជាចៅៗបានដឹងហើយថា តា និងយាយរវល់ពេក។ យាយចង់មកតាំងពីថ្ងៃម្សិលមិញឯណោះ ប៉ុន្តែ តាហត់។ មកពីប្រជុំនៅប្រទេសសាំងហ្គាពួរ ក៏ត្រូវការសម្រាកបន្តិច ហើយក៏គាប់ជួនថ្ងៃនេះថ្ងៃអាទិត្យ ទើបមានឱកាសមកជួបចៅៗសាជាថ្មីម្តងទៀត។ សង្ឃឹមថា ចៅៗមិនប្រកាន់ជាមួយតា/យាយនោះទេ … ប៉ុន្តែ អ្វីដែលតា/យាយមិនភ្លេចនៅត្រង់ថា របបផ្គត់ផ្គង់ដែលបានផ្តល់បន្ថែមចំពោះមជ្ឈមណ្ឌលនោះ ក៏ត្រូវបានផ្តល់ជាទៀតទាត់អនុញ្ញាតឱ្យចៅៗបានទទួលនូវជំ​នួយ​ឧបត្ថម្ភបន្ថែម ទៅលើរបបដែលមជ្ឈមណ្ឌលបានផ្តល់ឱ្យ។

កាយសម្បទាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍខ្លួនទេ

ថ្ងៃនេះ (សំរាប់)ការជួបជុំរបស់យើង តាមិនមានអ្វីច្រើនទេ គ្រាន់តែថា មកនេះក៏បន្តការដាស់តឿន ចំពោះចៅៗទាំងអស់ ត្រូវខិតខំយ៉ាងម៉េចដើម្បីការរៀនសូត្រ។ យើងបានជាកើតមកកាយសម្បទារបស់យើងមិនគ្រប់គ្រាន់ ក៏ប៉ុន្តែ សម័យនេះ បើយើងចេះជំនះវា កាយសម្បទានោះមិនមែនជាឧបសគ្គ នៃការអភិ​វឌ្ឍខ្លួនរបស់ចៅៗម្នាក់ៗនោះទេ។ ឥឡូវនេះ មានអក្សរស្ទាប មានទាំងរបៀបការបកប្រែ ហើយធ្វើឱ្យកុមារគ-ថ្លង់ និងពិការភ្នែកមួយចំនួន ទទួលបានការបណ្តុះបណ្តាលរហូតទៅដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាទៅទៀត។ ហើយ(មាន)មួយចំនួនកំពុងធ្វើការងារនៅតាមស្ថាប័នរបស់រដ្ឋ ក៏ដូចជា ធ្វើការងារនៅតាមវិស័យឯកជន និងធ្វើការនៅតាមក្រុមគ្រួសាររបស់ខ្លួនផងដែរ។

សូមបន្តការយកចិត្តទុកដាក់មើលថែទាំចៅៗទាំងឡាយ

ក៏សូមយកឱកាសនេះ បន្តការអំពាវនាវ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សូមបន្តការយកចិត្ត ទុកដាក់មើលថែទាំចំពោះចៅៗទាំងឡាយ ហើយបញ្ហាមិនមែនគ្រាន់តែបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ការនៅថែរក្សាបន្តនេះ គឺត្រូវការរយៈពេលវែង ដែលយើងត្រូវជូនដំណើរចៅៗទាំងនេះឱ្យទទួលបាននូវការអប់រំមួយ ខ្ពស់ ហើយដែលពួកគេអាចម្ចាស់ការលើខ្លួនឯងនៅពេលក្រោយ។ ខ្ញុំបានដឹងថា លោកគ្រូ អ្នកគ្រូ នៅទីនេះបានចូលក្របខ័ណ្ឌជាគ្រូរបស់ក្រសួងអប់រំ យុវជន និងកីឡា រួចស្រេចអស់ហើយ ដូច្នេះ មិនមានការចាំ បាច់ណាមួយ ដើម្បីដោះស្រាយការសំណូមពរ។

បៀវត្សរ៍មន្ត្រីរាជការ, ខែមករា ឡើងមួយសា និងនៅខែមេសា ឡើងមួយសាទៀត

កាលពីមុន គឺនៅខាងក្រៅក្របខ័ណ្ឌ ឥឡូវនេះ បានចូលក្របខ័ណ្ឌរដ្ឋប៉ុន្មានឆ្នាំរួចមកហើយៗប្រាក់បៀវត្សរ៍ក៏ឡើងជាប្រចាំ។ នៅបាំងតែមួយខែកន្លះទៀត ប្រាក់បៀវត្សរ៍នឹងចាប់ផ្តើមឡើង នៅខែ មករា ហើយដល់ខែ មេសា ក៏ចាប់ផ្តើមឡើងមួយសាទៀត ដែលធ្វើឱ្យចំនួនប្រាក់បៀវត្សរ៍ ដែលលោកគ្រូ អ្នកគ្រូទទួលបាន មួយផ្នែកចេញពីរដ្ឋ មួយផ្នែកទៀតទទួលបានពីមជ្ឈមណ្ឌល ធ្វើឱ្យលោកគ្រូ អ្នកគ្រូ ដែលបម្រើការនៅកន្លែងនេះមានលទ្ធភាពកាន់តែច្រើន ដើម្បីជួយមើលថែទាំចំពោះចៅៗ ដែលមានស្ថានភាពបែបនេះ។

នយោបាយគាំពារសង្គម ចំពោះស្រ្តីមានគភ៌ជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មការិនី

(គេអាច)លើកជាសំណួរមួយថា ក្នុងស្ថានភាពបែបនេះហើយ លោក ហ៊ុន សែន បែរជាចាប់យកស្ត្រីមានផ្ទៃពោះធ្វើជាគោលដៅនៃការអនុវត្តនយោបាយគាំពារសង្គម ដែលបាន និងកំពុងអនុវត្តចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាស្ត្រីមានផ្ទៃពោះ បានអនុវត្តចំពោះកម្មការិនីដែលមានផ្ទៃពោះ ដែលក្នុងនោះគឺទន្ទឹមនឹងបានការឈប់សម្រាករយៈពេល ៣ ខែ និងប្រាក់បៀវត្សរ៍ ១២០% រាជរដ្ឋាភិបាលក៏នឹងផ្តល់ ៤០ ម៉ឺនរៀល ក្នុងករណីកើតបានកូនមួយ និង ៨០ ម៉ឺនរៀលក្នុងករណីកើតបានកូន ២ ហើយនឹងបន្តទៅទៀតយើងអនុវត្តចំពោះស្ត្រីក្រីក្រ ដែលនឹងត្រូវបានទទួលការថែទាំ ចាប់ផ្ដើមពីការមានផ្ទៃពោះ រហូតទៅដល់កូននោះមានអាយុ ២ ឆ្នាំ។

បញ្ចៀសស្ថានភាពកុមារកង្វះអាហារូបត្ថម្ភ

… ពិតហើយស្ថានភាពបែបនេះ វាមិនមែនគ្រាន់តែជាកត្តាមួយនោះទេ អាចចេញមកពីកត្តាច្រើន។ ក៏ប៉ុន្តែកត្តាអាហារូបត្ថម្ភវាក៏អាចជួយជំនះនូវការលំបាកទាក់ទងជាមួយនឹងស្ថានភាពកើតឡើង ក្លាយទៅជាជនពិការតាំងពីកំណើត ឬរហូតទៅដល់បន្ទាប់ពីការកើតហើយក្នុងរយៈពេល ២ ខួប ត្រូវទទួលនូវបញ្ហាការលំ​បាកទាក់ទងទៅនឹងអាហារូបត្ថម្ភនេះ។ ដូច្នេះគោលដៅនៃការចាប់យកស្ត្រីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេធ្វើជាគោលដៅដើម្បីដោះស្រាយ អនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ខ្ញុំគិតថាគឺវាស្ថិតនៅក្នុងចំណែកមួយ ដើម្បីបញ្ចៀសនូវស្ថានភាពដែលចៅៗកំពុងជួបប្រទះនៅទីនេះ។

ពលរដ្ឋ មានសុខភាពល្អ មានប្រាជ្ញាឈ្លាសវៃ និងមានចំណេះដឹង

… យើងចង់អោយប្រជាពលរដ្ឋរបស់យើង កើតឡើងមានកាយសម្បទាល្អ មានប្រាជ្ញាឈ្លាសវៃ ដែលអាចឈានទៅរកប្រទេសមួយដែលមានការរីកលូតលាស់ មិនមែនគ្រាន់តែការរីកលូតលាស់ ទៅលើសំភារៈតែមួយមុខនោះទេ ក៏ប៉ុន្តែកត្តាមនុស្សនោះហើយដែលអាចធ្វើអោយសម្ភារៈរីកចម្រើនទៅបាន។ អញ្ចឹងទេបាននិយាយពាក្យមួយម៉ាត់ថា យកចិត្តទុកដាក់ទៅលើបញ្ហាធនធានមនុស្ស វាមិនមែនគ្រាន់តែទាក់ទងជាមួយសាលារៀនតែមួយមុខទេ តែវាទាក់ទងតាំងពីការចាប់ផ្ដើមទៅលើអាហារូបត្ថម្ភ ទាក់ទងជាមួយនឹងស្រ្តីមានផ្ទៃពោះ ការពិនិត្យស្រ្តីពេលមានផ្ទៃពោះ កាឆ្លងទន្លេ និងថែទាំទារកក្នុងរយៈពេល ២ ឆ្នាំ ក្រោយពេលឆ្លងទន្លេ ដែលយើងចង់បានពលរដ្ឋក្លាយទៅជាពលរដ្ឋដែលមានសុខភាពល្អ មានប្រាជ្ញាឈ្លាសវៃនិងមានចំណេះដឹងនៅពេលអនាគត។

គ្មានការអាក់ខាន ប្រណាំងទូកនៅទីក្រុងភ្នំពេញទេ

… ថ្ងៃនេះ ថ្ងៃអាទិត្យ ១១ កើត ខែកត្តិក។ អញ្ចឹងទេថ្ងៃ ១៤ កើត ចាប់ផ្ដើមបុណ្យអុំទូក ហើយថ្ងៃ ១៥ កើតអកអំបុក (យើងនឹងរៀបចំពិធី)បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប … ខ្ញុំសូមយកឱកាសនេះ​ ជម្រាបប្រជាពលរដ្ឋនៅទូទាំងប្រទេសថា បើទោះបីថ្ងៃនេះទឹកនៅមុខទន្លេចតុមុខរបស់យើង នៅសល់ត្រឹមតែ ៥ ម៉ែត្រ ១ តឹក ៨ ផឹងក្តី (និង)ដែលមុននេះមានការព្រួយបារម្ភថា (ទីមួយ) ពេលបុណ្យអុំទូកអាចនឹងទឹកច្រើនហួស ពេលនោះយើងព្រួយ។ មុននេះព្យាករណ៍ថា ទឹកនៅថ្ងៃបុណ្យអុំទូកនឹងមានកម្រិត ៥ ម៉ែត្រ ២ តឹកទៅ ៥ ម៉ែត្រ ៣ តឹក (យើងក៏ព្រួយ) តែឥឡូវ ថ្ងៃនេះនៅសល់ត្រឹមតែ ៥ ម៉ែត្រ ១ តឹក ៨ ផឹង។ អញ្ចឹងអាចនៅថ្ងៃបុណ្យអុំទូកនៅសល់ត្រឹមតែលើ ៥ ម៉ែត្របន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយ បើទោះបីវានៅក្រោម ៥ ម៉ែត្រ ក៏សូមបញ្ជាក់សាជាថ្មីថា យើងនៅតែអុំទូកដដែល គ្មានការអាក់ខានទេ។ សូមផ្ដាំទៅតាមបណ្ដាខេត្ត ទីអារាមនានាដែលមានទូកមកប្រណាំងនៅទីក្រុងភ្នំពេញត្រៀមខ្លួន។ បើទោះបីថានៅទីក្រុងភ្នំ​ពេញមានការលំបាកបន្តិច ថាទូកវាយឺតជាងទឹកខ្ពស់ ក៏ប៉ុន្តែការអុំទូករបស់យើងនៅតែបន្តធ្វើដដែល។

អាចមានភ្លៀងធ្លាក់ថ្ងៃកាត់ព្រ័ត្រនៃពិធីបុណ្យអុំទូក

… ប៉ុន្តែក៏សូមផ្ដាំផ្ញើទៅជាមួយផងដែរថា យើងមិនសប្បាយភ្លេចខ្លួនជាមួយនឹងតំបន់ជាមួយចំនួនដែលខ្វះទឹកដើម្បីនឹងបញ្ចូលទៅទីស្រែដែលកំពុងតែខ្វះទឹកនោះទេ។ កន្លែងខ្លះមានប្រភពទឹក និងកន្លែងខ្លះគ្មានប្រ​ភពទឹកគ្រប់គ្រាន់ទេ។ ពិតហើយភ្លៀងប៉ុន្មានថ្ងៃនេះ ហើយស្ថានភាពព្យាករណ៍យប់មិញនេះគឺ ព្យុះបានឆ្លងកាត់ បានរលាយនៅលើប្រទេសវៀតណាម ហើយកំពុងតែឆ្លងកាត់នៅលើប្រទេសកម្ពុជាយើង។ អាចមានតំបន់ខ្លះភ្លៀង ក៏ប៉ុន្តែភ្លៀងនោះវាមិនធំដុំទេ។ ការព្យាករអាចនឹងមានភ្លៀងធ្លាក់ថ្ងៃចុងក្រោយនៃបុណ្យអុំទូក គឹពេលកាត់ព្រ័ត្រហ្នឹងតែម្ដង។ នេះគឺគ្រាន់តែជាការទស្សន៍ទាយខាងឧតុនិយមទេ។ តែបើទោះបីទឹកតូចឬទឹកធំ ភ្លៀងឬមិនភ្លៀង ការប្រុងប្រយ័ត្នរបស់យើងត្រូវបានធ្វើ។

យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សំរាប់ពិធីបុណ្យអុំទូក

ថ្ងៃនេះ អភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញមក ក៏ដូចជាស្ថាប័ននានា។ សូមបង្កើនការយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សំរាប់ពិធីដ៏ធំ ដែលប្រជាជននៅតាមទីជនបទរាប់លាននាក់ ចូលមកកាន់ទីក្រុងភ្នំពេញរបស់យើងដើម្បីកំសាន្ដ។ អញ្ចឹងទេ ចៅៗក៏មានឱកាសឈប់សម្រាក ហើយមួយចំនួនក៏អាចទៅលេងនៅកន្លែងនេះ ហើយមួយចំនួនក៏អាចទៅលេងនៅកន្លែងនោះ។ ជាពេលវេលាមួយដែលចៅៗបានទទួលនូវការសប្បាយជាមួយគេជាមួយឯងផងដែរ។

ដល់ដំណាក់កាលផ្ទេរពីការផ្តល់ជំនួយ ទៅកាន់ការដកថយ និងចាប់ផ្តើមទទួលខុសត្រូវ

ថ្ងៃនេះបានជាជួបជាមួយអ្នកទាំងអស់គ្នាហើយ សូមអរគុណលោក Benoît Duchâteau-Arminjon។ ឥឡូវនេះ ដំណើរការធ្វើសមាហរណកម្មសាលាជាមួយនឹងក្រសួងអប់រំបានដំណើរការដល់ណាហើយ?​ សព្វថ្ងៃ យើងទទួលខុសត្រូវទាំងអស់ហើយ … ឆ្នាំក្រោយផ្ទេរ ១០០%។ យ៉ាងណាក៏ដោយយើងជាឪពុករបស់គេ​ កុំយកប្រពន្ធអី ព្រោះយើងមានកូនច្រើនណាស់។ ថ្ងៃមុន ប្រាប់ខ្ញុំថា អត់យកប្រពន្ធទេ ដោយសារមានកូនច្រើនពេក។ ឥឡូវ កូននេះជាកូនរបស់យើង បើទោះបីជាសាលានេះផ្ទេរទៅអោយក្រសួងអប់រំ យុវជន និងកី​ឡា គ្រប់គ្រង ១០០% ក៏ដោយចុះ។ មិនយកប្រពន្ធបាន … ត្រូវមកមើលដើម្បីយើងពិនិត្យ? មកមើលបាន។ ត្រូវហើយដល់ពេលវេលាមួយដែលក្រសួងអប់រំ យុវជន និងកីឡា របស់យើង ទទួលយកនូវការទទួលខុសត្រូវហើយ។ មិនមែនគ្រាន់តែទទួលយកនៅកន្លែងនេះមួយទេ ថ្ងៃក្រោយក៏ត្រូវទទួលយកនៅកន្លែងផ្សេងៗទៀត ដែលដំណាក់កាលសេដ្ឋកិច្ចរបស់កម្ពុជា ជាដំណាក់កាលនៃការផ្ទេរ ពីការដែលគេផ្តល់ជំនួយទៅកាន់ការដែលគេដកថយដើម្បីអោយយើងចាប់ផ្តើមទទួលខុសត្រូវហើយ។ មិនមែនគ្រាន់តែបញ្ហាស្ថិតនៅក្នុងវិស័យទាក់ទិននឹងអង្គការក្រៅរដ្ឋាភិបាលទេ។

សង្គមកិច្ច/អប់រំ ត្រៀមទទួលរ៉ាប់រងដោយខ្លួនឯង នូវមជ្ឈមណ្ឌលដែលជាបណ្តើរៗ ត្រូវបានប្រគល់អោយ

ទាក់ទងជាមួយនឹងជំនួយបរទេសក៏ដូចគ្នាដែរ។ លក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើងតម្រូវអោយគេដកថយ ព្រោះថាគ្រប់លក្ខខណ្ឌហើយគេដកថយជំនួយនោះ ដើម្បីយកទៅប្រគល់ទៅអោយប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង។ គ្រាន់តែបញ្ហាខ្ចីលុយគេ បើយើងនៅតែក្រយើងខ្ចីលុយគេត្រឹមអត្រាការប្រាក់សម្បទាន។ ប៉ុន្តែ បើយើងឡើងឋានៈ ក្លាយទៅជាប្រទេសដែលមានចំណូលសមល្មមហើយ យើងត្រូវទទួល(ការបង់)ការប្រាក់ (ក្នុង)អត្រាការប្រាក់ពាណិជ្ជកម្ម។ ភាពអនុគ្រោះទាំងឡាយត្រូវបានផ្តល់(សំរាប់)​តែប្រទេសអភិវឌ្ឍតិចតួចតែប៉ុណ្ណោះ។ ពេលដែលមានការកើនឡើងសេដ្ឋកិច្ច គេនឹងដកថយ ដើម្បីផ្ទេរជំនួយនោះទៅកាន់ទីកន្លែងផ្សេង ដែលមានការលំបាកជាងយើង។ ដូច្នេះទាំងផ្នែកសង្គមកិច្ច ទាំងផ្នែកអប់រំត្រូវត្រៀមទទួលយកនូវបណ្តាមជ្ឈមណ្ឌល ដែលជាបណ្តើរៗ នឹងប្រគល់មកអោយ​ ដើម្បី​យើងទទួលរ៉ាប់រងខ្លួនឯង។ ដូច្នេះហើយបានជាទំហំថវិកាទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យសង្គមកិច្ចកាន់តែធំទៅៗ ហើយដែលនេះគឺជាការទទួលខុសត្រូវរបស់យើង ចំពោះប្រទេសជាតិ។

បានចូលរួមជួយឧបត្ថម្ភជាមួយមជ្ឈមណ្ឌល តាំងពីឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ននេះ

… យ៉ាងណាក៏ដោយសម្រាប់កុមារពិការ គ-ថ្លង់ របស់ Arminjon នេះ បានសេចក្តីថា បើយើងមិនគិតនៅឯទល់ដែនទេ យើងគិតចាប់ពីច្បារអំពៅ ឥឡូវមកដល់ពេលនេះប៉ុន្មានឆ្នាំហើយ? (២៧ឆ្នាំ) ដល់ឆ្នាំក្រោយ (២៨ឆ្នាំ)។ អញ្ចឹងបានសេចក្តីថាពេលវេលាដែលការជួយនេះរហូតដល់ Arminjon អត់បានប្រពន្ធ។ ២៨ ឆ្នាំ វាគ្រប់គ្រាន់។ អរគុណណាស់ដែលក្នុងរយៈពេល ២៨ ឆ្នាំ ឬ ២៧ ឆ្នាំ កន្លងផុតទៅនេះ បានជួយដល់កុមារគ-ថ្លង់ និងពិការភ្នែក តាំងពីនៅច្បារអំពៅ ដែលខ្ញុំទៅកាលនោះឆ្នាំ ១៩៩៥ បានចូលពាក់ព័ន្ធ ២៣ ឆ្នាំ​ រួចមកហើយ តាំងពីនៅច្បារអំពៅរហូតមកដល់កន្លែងនេះ។ ប៉ុន្តែកាលនោះបានជួយឧបត្ថម្ភ អង្ករខ្លះ លុយខ្លះនៅឯណោះ តាំងពីឆ្នាំ ១៩៩៥ មក រហូតមកដល់ឥឡូវនេះ។

ទោះបីមានការផ្ទេរការគ្រប់គ្រង ទៅក្រសួងអប់រំ យុវជន និងកីឡា ក៏នៅតែបន្តផ្គត់ផ្គង់

ប៉ុន្តែដល់ទៅផ្ទេរមកក្រសួងអប់រំនេះ តើក្រសួងអប់រំត្រូវអោយខ្ញុំបន្តទៀត ឬអត់? ទេវាត្រូវតែបន្តហើយ ព្រោះពិតមែនតែផ្ទេរពីគណៈកម្មការគ្រប់គ្រងដែលលោក Arminjon ទទួលនេះ ប៉ុន្តែចៅៗត្រូវរស់នៅកន្លែងនេះ។ ដូច្នេះអ្វីដែលខ្ញុំធ្លាប់ផ្គត់ផ្គង់កន្លងទៅនេះ ក៏នៅបន្តផ្គត់ផ្គង់តទៅទៀត។ អញ្ចឹងក៏សូមបញ្ជាក់ថា ចាប់ពីឆ្នាំក្រោយទៅ ចៅៗត្រូវទទួលក្រោមការគ្រប់គ្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា ហើយតា និងយាយនៅបន្តការឧបត្ថម្ភដូចពេលមុនដដែល។ អញ្ចឹងសូមកុំអោយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក៏ដូចជាចៅៗមានការបារម្ភថា នៅពេលដែលមានការផ្ទេរការគ្រប់គ្រង ទៅក្រោមការគ្រប់គ្រងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បាត់ជំនួយឧបត្ថម្ភរបស់តាយាយ។ ហើយយាយនេះគាត់ត្រូវទទួលខុសត្រូវសម្រាប់មណ្ឌលនេះគឺ ២០ លានរៀលក្នុងមួយឆ្នាំ។ ទារគាត់បន្ត។ គាត់នៅតែអោយបន្ត។ ការទស្សនកិច្ចមួយឆ្នាំពីរលើក ខ្ញុំនៅតែបន្តប្រគល់ ហើយនឹងការផ្តល់នូវអង្ករ និងប្រាក់ប្រចាំខែសម្រាប់មជ្ឈមណ្ឌល ៣ នេះ បូកទៅនឹងកុមារកំ​ព្រាភ្នំពេញ ដែល អាស្ប៉េកា ពីមុននេះក៏នៅបន្ត។

សម្តេច ទៀ បាញ់ សម្តេច ក្រឡាហោម នៅសៀមរាប ឯនៅបាត់ដំបងក៏នៅបន្ត ខៀវ កាញារិទ្ធ នៅកំពង់ចាម ក៏នៅបន្តដូចគ្នា។ អាហ្នឹងគឺយើងយកការទទួលខុសត្រូវមួយដើម្បីនឹងបញ្ជាក់ កុំអោយមានការបារម្ភ រហូតទៅដល់មានការបារម្ភពីឪពុកម្តាយ ដែលនាំទៅដល់ការលំបាកដកដែលយកកូនចាកចេញពីសាលាជាដើម។

អំណោយ

ថ្ងៃនេះសម្រាប់កុមារ ពិការភ្នែក និងកុមារ គ-ថ្លង់ និងកុមារកំព្រាទាំងអស់ ៦៩០ នាក់ គឺក្នុងម្នាក់ៗ ចៅៗទទួលបាន ឃីតនោះមួយកញ្ចប់ ដែលមានតាំងពី នំ ស្ករគ្រាប់ ទឹកក្រូច ទឹកសុទ្ធ ហើយថវិកានោះម្នាក់ៗ ៥ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកចំនួន ១៨៨ នាក់ ក្នុងម្នាក់ៗទទួលបាននូវឃីតនោះមួយកញ្ចប់ ដែលមានតាំងពី នំ ស្ករគ្រាប់​ ទឹកក្រូច ទឹកសុទ្ធ អីហ្នឹង ហើយនិងថវិកា ១០ ម៉ឺនរៀល ក្នុងម្នាក់ៗ។ ជូនមណ្ឌលកុមារកំព្រាភ្នំពេញ មជ្ឈមណ្ឌលកុមារកំព្រាតាខ្មៅ មជ្ឈមណ្ឌលកុមារកំព្រា កូឡាបទី ៤ មជ្ឈ​មណ្ឌលកុមារកំព្រាចម្ការមន និងមណ្ឌលកុមារកំព្រាផ្កាម្លិះ ៥ មណ្ឌល ក្នុងមួយមណ្ឌលមានផ្តល់ជូន មី ៥កេស ត្រីខ ២ កេស ប៊ីចេង ២ គីឡូក្រាម ស្ករស ៥ គីឡូក្រាម ទឹកក្រូច ៥ កេស ទឹកសុទ្ធ ៥ កេស និងថវិកា ២ លានរៀល។ ទឹកក្រូច ៥ កេស ទឹកសុទ្ធ ៥ កេស និងថវិកា ២ លានរៀល ។ ជូនសាលាកុមារគ-ថ្លង់ ច្បារអំពៅ មី ២០ កេស ត្រីខ ៥ កេស ប៊ីចេង ៥ គីឡូ ស្ករស ២៥ គីឡូ ទឹកក្រូច ២០ កេស ទឹកសុទ្ធ ២០ កេស ថវិកា ៣ លានរៀល។ ជូនសាលាពិការភ្នែក និងកុមារគ-ថ្លង់ កន្លែងហ្នឹង មី ២០ កេស ត្រីខ ៥ កេស ប៊ីចេង ៥ គីឡូ ស្ករស ២៥ គីឡូ ទឹកក្រូច ២០ កេស ទឹកសុទ្ធ ២០​ កេស ថវិកា ៥ លានរៀលច្រើនជាងគេ ព្រោះយើងម្ចាស់ផ្ទះ។

ក្នុងនោះមានការរៀបចំម្ហូបអាហារផ្សេងៗនេះ ដោយឡែកឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ បានរៀបចំកន្សែងពោះគោខ្នាតធំ ចំនួន ៩០០ កន្សែង ដែលនៅក្នុងពិធីចូលរួមនេះមានតែ ៨៧៨ ទេ ប៉ុន្តែ  ៩០០ ឲ្យទាំងអស់ទៅ ដកចេញវិញទេដឹង។ ប៉ុន្តែ គ្រាន់ថាចំនួនហ្នឹងគ្រប់បានមួយម្នាក់ៗ ទាំងគ្រូក៏បាន ទាំងសិស្សក៏បាន សុំមើលកន្សែង បន្តិចមើល កន្សែងដាក់ហើយៗ។ ហើយ ម៉ក់ ពេជ្ជរិទ្ធ កុំភ្លេចរឿងទូទាត់ថ្លៃភ្លើង ថ្លៃភ្លើងទោះបីថា ផ្ទេរទៅក្រសួងអប់រំ យុវជន និងកីឡា ក៏ត្រូវតែនៅបន្តទូទាត់ថ្លៃភ្លើងដដែល។ កាលណាខ្ញុំនៅបន្ត ពេជ្ជរិទ្ធ ឯងក៏ត្រូវនៅបន្តដែរ។ កន្សែងហ្នឹងម៉ូតកន្សែងយើងប្រើរាល់ថ្ងៃដែរ ហើយចៅៗហ្នឹងដណ្តប់បាន។ ថ្ងៃហ្នឹងមានគ្រូពេទ្យមកប្រចាំការផងដែរ។ ជូនក្រុមគ្រូពេទ្យប្រចាំការចំនួន ២ លានរៀល។ ឃើញគ្រូៗមានផ្ទៃពោះ ប៉ុន្មាននាក់ហ្នឹង? មានតែគ្រូមួយហ្នឹង? អាហ្នឹងគ្រូគដែរ? អញ្ចឹងបានសេចក្តីថា កាលយើងកាលមុន​​មានប្តី មានផ្ទៃពោះទៀត។ មានផ្ទៃពោះប៉ុន្មាននាក់? អ្នកមានផ្ទៃពោះត្រូវទៅនៅមួយដុំ។

មានការឧបត្ថម្ភបន្ថែមចំពោះអ្នកមានផ្ទៃពោះ

បន្តិចទៀត យើងនឹងមានការឧបត្ថម្ភមួយផ្សេងពីហ្នឹងទៀត ព្រោះយើងទៅជាមួយ ព្រោះយើងអម្បាញ់មិញហ្នឹង បាននិយាយពីបញ្ហាយកចិត្តទុកដាក់ជាមួយនឹងស្រ្តីមានផ្ទៃពោះ ដល់ក្រឡេកឃើញអ្នកមានផ្ទៃពោះ បែជាធ្វើភ្នែកទៅឯណាដូចជាមើលមិនឃើញ ដូចមិនសម។ មិនដឹងថាថាម៉េចទេនោះ ស្តាប់បានទេ? ឥឡូវថ្ងៃហ្នឹង មានដល់ ៤ នាក់ គ ២ នាក់ និងគ្រូស្ម័គ្រចិត្ត។ អញ្ចឹងបានថា គទៅគ ប៉ុន្តែ រឿងបញ្ហា មិនថាបុរស មិនថានារីទេ ត្រូវតែមានប្រពន្ធ ត្រូវតែមានប្តីដូចតែគ្នាហ្នឹង។ ចាំបន្តិចទៀតចាំរៀបចំការឧបត្ថម្ភមួយដោយឡែក។

បើតាមិនបានមក យាយមក បើយាយមិនបានមក គឺកូនមក ជួបចៅៗ

អស់ហើយប៉ុណ្ណឹង ដើម្បីឲ្យចៅៗបានទទួលទានអាហារ។ អរគុណផងដែរជាមួយនឹងសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបាន ចូលរួមមកថ្ងៃនេះ ហើយយើងនឹងបន្ត ឆ្នាំក្រោយបើថាយ៉ាងណា បើថាតាមិនបានមកទេ យាយមក ប៉ុន្តែ កាលពីពេលមុនដូចជាមិនបានមក កូនមក យើងអត់បានមក ប៉ុន្តែកូនបានមក។ អញ្ចឹងទេ យើងប្រហែលជា ជួបគ្នារាល់ឆ្នាំ ក៏ប៉ុន្តែ គ្រាន់តែជួនកាលតា យាយ មកផ្ទាល់ ជួនកាល តាមក យាយមិនមក តាមិនបានមក យាយមក ហើយបើមិនបានមកទាំង ២ គឺឲ្យកូនណាមួយក្នុងចំណោមកូនទាំង ៥ ។ ចុងបញ្ចប់ហើយជូនពរចៅៗ ជូនពរលោកគ្រូ អ្នកគ្រូគណគ្រប់គ្រង ជូនពរអ្នកទាំងអស់ដែលបានចូលរួម សុំជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ