បន្ទាបមកនៅរសៀលថ្ងៃដដែលនោះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២ ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។

ថ្លែងទៅកាន់មេដឹកនាំ នៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនិមួយៗ ឲ្យបញ្ចប់ការចរចាតាមអាណត្តិ ដែលផ្តល់ដោយថ្នាក់ដឹកនាំ នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋាន មួយចំនួន និងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើន ជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀត ក៏ដោយ។ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំ នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទាំងអស់ថាកិច្ចព្រមព្រៀង នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមាន លក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិក ទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិត នៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។
មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្រ្តីកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។












