សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ

សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

  • សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
  • ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និង អន្តរជាតិ
  • បងប្អូនជនរួមជាតិទាំងអស់ជាទីនឹករឭក !

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយក​រដ្ឋ​មន្ត្រី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជាវៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម» ក្នុងឃុំសំពៅពូន ស្រុក​កោះ​ធំ ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ជាប់ជាមួយនឹងស្រុកឡុងប៊ិញ ខេត្តឤងយាង នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម។

ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយរំដោះប្រជាជន និង ប្រ​ទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិកា​រ ប្រកប​ដោយ​​ភាតរភាព ដោយបានចែករំលែកធនធានរបស់ខ្លួនចូលរួមវិភាគទានដ៏ថ្លៃថ្លា ក្នុងការជួយស្តារ និងអភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ចកម្ពុជា ជាបន្តបន្ទាប់រហូតមក។ ជាមួយនេះ កម្ពុជាសូមអបអរសាទរចំពោះការអភិវឌ្ឍ​សង្គម​ជាតិ​វៀតណាម ដែលតាមរយៈការរីកចម្រើននេះ ក៏នឹងអូសទាញបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រទេសជិតខាង ដូចជាកម្ពុជាផងដែរ។

ជាការពិត ពិធីនេះក៏ជាការរំឭកខួបអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលមកដល់ឆ្នាំ ២០១៧ នេះ មានរយៈពេល ៥០ ឆ្នាំមកហើយ (១៩៦៧-២០១៧) ។ តាមរយៈនេះ យើងឤចនិយាយបានថា ស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាចំណងដៃមួយនៃឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀត​ណាម។ ដោយឡែក សមិទ្ធផលនេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញឱ្យឃើញពីសមានចិត្តដ៏​ថ្លៃថ្លារបស់រដ្ឋាភិ​បាល​វៀតណាម ក្នុងការពង្រឹង ពង្រីក ទំនាក់ទំនងសហប្រតិបត្តិការ និងសាមគ្គីភាពរវាងប្រទេសជិត​ខាង​ទាំង​ពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខសន្តិភាព, ស្ថិរភាព, សណ្តាប់ធ្នាប់ សម្រាប់ប្រជាជាតិទាំងពីរ និង ប្រទេសក្នុងតំបន់ឤស៊ាន ព្រមទាំងមហាអនុតំបន់មេគង្គទៀតផង។

ជាងនេះទៅទៀត ស្ពាន និងផ្លូវតភ្ជាប់នេះ ក៏ជាការពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយការ​បើក​​ច្រកទ្វារឆ្លងកាត់ព្រំដែន នឹងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់, ការលើកកម្ពស់វិស័យពាណិជ្ជកម្ម និង ទេសចរណ៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ជាច្រើន ទាំងខាងនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដែលជាបុរេលក្ខខណ្ឌសម្រាប់ដំណើរផ្លាស់ប្តូរស៊ីជម្រៅ​ក្នុងគ្រប់ទិដ្ឋភាព នៃសង្គម​សេដ្ឋ​កិច្ច។ ជាក់ស្តែងថ្ងៃនេះ យើងមានស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់ នៃ​ប្រទេស​ទាំង​​ពីរ គឺជាច្រកដ៏មានសក្តានុពលសម្រាប់ភ្ជាប់ទៅនឹងទីផ្សារ និងគាំទ្រដល់សន្ទុះនៃកំណើន​សេដ្ឋ​កិច្ច​កម្ពុជា។

ជាមួយនឹងសមិទ្ធផលថ្មីៗបន្ថែមទៀតនេះ កម្ពុជាសង្ឃឹមថា នឹងសម្រេចបាននូវមហិច្ឆតាជំរុញពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកើនដល់ ៥ ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាង​មុខ ដែលនឹង​ជួយរួម​ចំ​ណែករក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលជាគោលដៅនៃកំណើនរបស់​​ខ្លួន បន្ទាប់ពីកម្ពុជាសម្រេចបាននូវកំណើន ៧,៧% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទស​វត្សរ៍ និងបានរំ​ដោះ​ប្រជាជនកម្ពុជារាប់លាននាក់ចាកផុតពីអន្ទាក់ នៃភាពក្រីក្រ ។ ដូច្នេះ ដើម្បីបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច​កម្ពុជា ក្នុងល្បឿនមួយកាន់តែលឿនជាងមុន ជាមួយនឹងភាពអំណោយផលនៃសមាហរណកម្មតំបន់ និង ពិភព​លោក ការធានារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើន ប្រ​កបដោយចីរភាព គឺជាកិច្ចការចាំបាច់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមកោតសរសើរដល់ក្រុមពាក់ព័ន្ធ ដល់ការសម្រេចបាននូវសមិទ្ធផលនេះ ក្នុង​នោះ មានក្រុមហ៊ុនចម្រុះស៊ានកូវ័ន (វៀតណាម), ក្រុមហ៊ុន សុខ សុខា (កម្ពុជា) និងក្រុមហ៊ុនរចនាប្លង់​វិស្វ​កម្ម​ដឹក​ជញ្ជូន អេង ស្តុក (Stock Inc) របស់សាធារណរដ្ឋសង្គមនិយម​វៀតណាម ដែលបាន​សិក្សាគូរប្លង់​បច្ចេក​ទេស ព្រមទាំងក្រុមហ៊ុនក្នុងស្រុក ខេស៊ីអ៊ីស៊ី  ជាអ្នកមើលការខុសត្រូវ និងត្រួតពិនិត្យបច្ចេកទេសសំ​ណង់ ដែលបានសម្រេចជោគជ័យតាមផែនការកំណត់។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឤជ្ញាធរដែនដី ព្រម​ទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាសម្រេចឱ្យបាន​ជោគ​ជ័យនូវផែនការយុទ្ធសាស្ត្រ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននានា នៅទូទាំងប្រទេស ជា​ពិសេស ស្ពានជ្រៃធំ/ឡុងប៊ិញ និងផ្លូវតភ្ជាប់នេះ។

[ចាប់ផ្តើមអត្ថាធិប្បាយ]

ប្រែក្លាយតំបន់អតីតសមរភូមិអោយក្លាយជាតំបន់អភិវឌ្ឍន៍

ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តមនាយករដ្ឋមន្ត្រី បងប្អូនជនរួមជាតិកម្ពុជា និងបងប្អូនវៀតណាម ដែលបាន​ចូល​​រួម អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្ថែមបន្តិច។ នេះហើយជាគោលនយោបាយ ដែល​ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ គឺប្រែក្លាយតំបន់អតីតសមរភូមិ អោយក្លាយទៅជាទីផ្សារ និងប្រែក្លាយតំបន់​ព្រំដែនជាមួយប្រទេសជិតខាងទំាងអស់ អោយក្លាយទៅជាតំបន់ ជាព្រំដែនសន្តិភាព មិត្តភាព និង​សហ​ប្រតិ​បត្តិ​​ការ និងការអភិវឌ្ឍ។ កម្ពុជាមានព្រំដែនជាមួយនឹងវៀតណាមជាង ១ ពាន់គីឡូម៉ែត្រ មានព្រំ​ដែន​​ជា​មួយ​ថៃ​​ជិត ១ ពាន់គីឡូម៉ែត្រ និងមានព្រំដែនជាមួយឡាវទៀតផង។ យើងចង់បានព្រំដែនមិត្តភាព សន្តិភាព សហ​ប្រតិ​បត្តិការ និងការអភិវឌ្ឍ ដើម្បីធានានូវផលប្រយោជន៍ សម្រាប់ប្រជាជនទំាងសងខាង។ ខ្ញុំបានសម្រេច​រួច​មក​ហើយ នូវការប្រែក្លាយតំបន់អតីតសមរភូមិ អោយទៅជាទីផ្សារ។ ឥឡូវកំពុងតែខិតខំ​ដើម្បីប្រែក្លាយតំបន់​ព្រំ​ដែន​ជាមួយប្រទេសជិតខាងទំាងអស់អោយក្លាយជាតំបន់អភិវឌ្ឍន៍ សហប្រតិ​បត្តិ​ការ មិត្តភាព ហើយក៏ជា​ផ្នែក​​មួយដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសជាប់ជាមួយគ្នា។

(ដោយសារការ)បកប្រែមិនត្រូវ អញ្ចឹងទេ ខ្ញុំត្រូវនិយាយភាសាវៀតណាម​បន្តិច។ បើ​គេ​ឃើញខ្ញុំនិយាយវៀត​ណាម​ គេថាខ្ញុំហ្នឹងអាយ៉ង ប៉ុន្តែដូចជាគេមិនទាន់និយាយថា ខ្ញុំជាអាយ៉ងបារំាង អាយ៉ងអង់គ្លេស នៅពេល​ដែល​ខ្ញុំនិយាយភាសាបារំាង និងភាសាអង់គ្លេសនោះទេ។ ឥឡូវដើម្បីបញ្ជាក់​អំពី​អត្ថន័យនេះ សម្រាប់អោយ​ឯក​ឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ថ្នាក់ដឹកនំាវៀតណាម បងប្អូនវៀតណាម​នៅ​ទី​នេះ ខ្ញុំសុំនិយាយ​ជាភា​សា​វៀត​ណាមពីរបីម៉ាត់ (សម្តេចមានប្រសាសន៍ជាភាសាវៀតណាម)។ ខ្ញុំក៏អាច​និយាយភាសាអង់គ្លេសជាមួយ​អ្នក​ដែលចង់និយាយជាមួយខ្ញុំដែរ ប៉ុន្តែសង្ឃឹមថា មនុស្ស​មួយ​ចំនួន​នឹងមិន​ថ្កោល​ទោសខ្ញុំ(ដែល)និយាយភា​សា​​វៀត​ណាម។

ដោយសារតែវាមិនមាននៅក្នុង​សុន្ទរកថា ខ្ញុំត្រូវនិយាយ​ពាក់ព័ន្ធជាភាសាវៀតណាមអោយច្បាស់ ទៅលើបញ្ហា​នេះអំពីអ្វីដែលខ្ញុំសម្រេចបាន នៅត្រង់ថា យើងបានប្រែ​ក្លាយសមរភូមិទំាងអស់អោយក្លាយទៅជាទីផ្សារ និងតំ​បន់​អភិ​វឌ្ឍន៍​រួចជាស្រេចទៅហើយ។ ឥឡូវយើងកំពុងតែ​បន្តការខិតខំជាមួយប្រទេសជិតខាង ដើម្បីប្រែក្លាយតំ​បន់​ព្រំដែន អោយទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ខ្ញុំក៏បាន​ដាក់​សំ​នួរ​សម្រាប់​ប្រជាជនដែលរស់នៅសងខាងព្រំដែន តើចង់​ផ្លាស់ប្តូរទំនិញ ការទៅមករកគ្នា ជាទេសចរ ឬចង់ជីក​លេណ​​ដ្ឋានដើម្បីវ៉ៃគ្នា? ខ្ញុំគិតថា ប្រជាជននៅតាមព្រំដែន​ទំាងអស់ ចង់បានសន្តិភាព និងការអភិវឌ្ឍ មិនមែន​ចង់​បានសង្គ្រាមនោះទេ។ សង្ឃឹមថា ស្ពានថ្ងៃនេះ ជា​ផ្នែក​មួយ​នៃការតភ្ជាប់ក្នុងទំនាក់ទំនងរវាងប្រទេសទំាងពីរ ក្នុងឋានៈជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់វិស័យ។

[បញ្ចប់អត្ថាធិប្បាយ]

នៅទីបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជាវៀតណាម ជ្រៃធំ/ឡុង​​ប៊ិញ និង ផ្លូវតត្ជាប់នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម»នៅពេលនេះ  ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ​ព្រះថេរា​នុត្ថេរៈ គ្រប់ព្រះអង្គ និងជូនពរឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម​និយមវៀត​ណាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនជនរួមជាតិទាំងអស់ ​សូម​ប្រ​កប​​ដោយពុទ្ធពរទាំងបួន ប្រការ ឤយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី៖ «កម្ពុជាត្រូវការប្រជាធិបត...

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោម ចំណង ជើងថា «កម្ពុជាត្រូវការ ប្រជាធិបតេយ្យ ដែលផ្អែក លើមូល ដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។