កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ ស្តីពីអឺរ៉ុប និងអាស៊ី : ដៃគូសកលសម្រាប់ដោះស្រាយបញ្ហាប្រឈមសកល ក្រោមប្រធានបទ កសាអនាគតជាមួយគ្នា : ការលើកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព បានប្រារព្វពិធីបើកជាផ្លូវការហើយ កាលពីរាត្រីថ្ងៃទី១៨ ខែតុលា ម៉ោងទៅទីក្រុងប្រ៊ុសែល ប្រទេសប៊ែលហ្សីក។ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី អឺរ៉ុប បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងយោបល់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក។
ក្រោមប្រធានបទសំខាន់ នៃទ្វីបអឺរ៉ុបនិងទ្វីបអាស៊ី: ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល យើងមានបំណងពង្រឹងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ រវាងតំបន់អាស៊ី នឹងអឺរ៉ុប នៅពេលយើងស្វែងរកសកម្មភាពរួមគ្នា នៅក្នុងតំបន់ជាច្រើនដូចជាការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ទៅ នឹងនិរន្តរភាព ការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុជាដើម។ ស្រដៀងគ្នានេះដែរ ASEM គឺជាក្របខ័ណ្ឌដ៏សំខាន់មួយ ដើម្បីបង្កើតឱ្យមានការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈម ផ្នែកសន្តិសុខ ដែលកំពុងកើតមានរួមទាំងការមិនរីកសាយអាវុធភេរវកម្ម សុវត្ថិភាពប្រពន្ធ័អ៊ិនធើណេត និងការធ្វើចំណាកស្រុកមិនទៀងទាត់នៅ ក្នុងតំបន់ និងទូទាំងពិភពលោក។
កម្មវិធីកិច្ចប្រជុំកំពូលនេះ នឹងរៀបចំសម័យប្រជុំពេញអង្គចំនួនពីរ ដែលគ្របដណ្តប់លើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមជាសកល និងទម្រង់ការចាកចេញ ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលគួរតែអនុញ្ញាតឱ្យមានទស្សនៈផ្លាស់ប្តូរគ្នាដោយត្រង់ នៅក្នុងបរិបទ ដែលរឹតបន្តឹងនិងមិនផ្លូវការ។ ជាទម្លាប់ព្រឹត្តិការណ៍ធំ ធំ ចំនួយបួនត្រូវបានធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូល ASEM ដើម្បីបង្កើនការសន្ទនាដែលពាក់ព័ន្ធនឹង (i) អាជីវកម្មដើម្បីអាជីវកម្ម (ii) ប្រជាជន និងប្រជាជន (iii) អ្នកតំណាងរាស្រ្ត (iv) យុវជន ។ លទ្ធផលនៃព្រឹត្តការណ៍ទាំងនេះ នឹងត្រូវដាក់បញ្ជូលនៅក្នុងកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំ។ នៅក្នុងរបៀបវារៈដែលបានគ្រោងទុក ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីអឺរ៉ុប បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើចំណុចមួយចំនួន នៃប្រធានបទពិភាក្សា ក្នុងនោះទី១-របៀបវារ:ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនិងគោលដៅអាទិភាពទាំង១៧ បានផ្តល់នូវក្របខណ្ឌសម្របសម្រួលរួមមួយ សម្រាប់គ្រប់ប្រទេស រួមគ្នាដោះស្រាយ លើបញ្ហាប្រឈមសកលសំខាន់ៗ ដែលអាចប៉ះពាល់ដល់លទ្ធភាព របស់ប្រទេសនីមួយៗ ក្នុងការជំរុញកំណើន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សមធម៌យ៉េនឌ័រ និងការផ្តល់សិទ្ធអំណាចដល់ស្រ្តី ជាពិសេសការរក្សាសន្តិភាព និងស្ថេរភាព។
មេដឹកនាំទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់ នៃការតភ្ជាប់អាស៊ី អឺរ៉ុប ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងវិស័យថ្មីៗទៀត ដូចជាវិស័យពន្ធដារ ការធ្វើឌីជីថលលូបនីយកម្មសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលគម្បីត្រូវផ្សារភ្ជាប់ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដោយមិនត្រូវទុកឲ្យអ្នកណាម្នាក់ ត្រូវបានបោះបង់ចោលនោះទេ។ ទី២- ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន សំខាន់បំផុត ទាមទារឲ្យមានសន្តិភាព និងសន្តិសុខជាមុន និងទី៣- សន្តិភាពមិនអាចសម្រេចបានមកដោយឯកឯងនោះទេ។
ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ី អឺរ៉ុបដទៃទៀតដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថានៅក្នុង ពិធីបើកកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ ពិធីពិសារអាហារថ្ងៃត្រង់ ក្នុងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១២ ដោយបានធ្វើការគូសបញ្ជាក់ថា កម្ពុជាសូមសំដែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗ នៅឧបទ្វីបកូរ៉េ ជាពិសេសកិច្ចប្រជុំកំពូល ដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យ នៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឲ្យបានខ្ជាប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក។ យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព។
សុន្ទរកថារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដែថា កម្ពុជាបន្តអំពាវនាវដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយ ស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយ នៅលើឧបទ្វីបកូរ៉េ។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីបិទបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី ១២ បណ្តាមេដឹកនាំនៃប្រទេសអាស៊ី អឺរ៉ុបទាំងអស់ បានឯកភាពគ្នាក្នុងការផ្តល់ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ។ ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ីអឺរ៉ុប ក្នុងការទទួលភាពជាប្រធានរបស់កម្ពុជាសម្រាប់កិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុបលើកទី១៣ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបសារសំខាន់បំផុត។
សុន្ទរកថារបស់សម្តេចតេជោបានបន្តថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកន្លងមក ពិសេសក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប បន្ទាប់ កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកតាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ បានបិទបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត នៅរសៀលថ្ងៃទី១៩តុលា បន្ទាប់ពីដំណើរការពេញរយៈពេល២ថ្ងៃ ក្រោយពីឈានទៅចេញសេចក្តីប្រកាសរួមស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សីក៕