ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារស្នាក់នៅ របស់សម្តេចតេជោ នៅទីក្រុងប្រ៊ុចសែន ប្រទេសប៊ែលហ្សីក នាព្រឹកថ្ងៃទី១៨ ខែតុលា លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប មានគម្រោងនិងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៩ខាងមុខ ដើម្បីធ្វើការណែនាំដល់ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបមួយចំនួន មកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកអនុប្រធានក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ អំពីសុវត្តិភាព នៃការធ្វើចរាចរណ៍ ដែលជាបញ្ហាប្រឈមមួយ ដែលមិនត្រឹមតែកើតមានឡើង ក្នុងប្រទេសកម្ពុជានោះទេ គឺវាបានកើតមានឡើងនៅក្នុងតំបន់អាស៊ានទាំងមូល ពោលគឺមានប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន ប្រមាណ១២ម៉ឺនទទួលរងគ្រោះថ្នាក់ចរាចរក្នុង១ថ្ងៃ ដែលជាការខាតបង់ថវិកាប្រមាណ ៣% នៃ GDP របស់អាស៊ាន។ លោកអនុប្រធានក៏បានពិភាក្សាលើប្រធានបទ នៃស្ថានភាព នៃការប្រើប្រាស់ដុល្លាតូបនីយកម្មក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបន្ត រឺអនាគតវា និងប្រែប្រួលទៅជាបែបណា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោក ម៉ាទីន ហេយ និងគណៈប្រតិភូក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពីការធ្វើពាណិជ្ជកម្មរវាង សហភាពអឺរ៉ុប ជាមួយនិងប្រទេសកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍នូវគំនិតលើកឡើង របស់គណៈប្រតិភូ ដែលទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ពិសេសលើផ្នែកឯកជន។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ ហើយសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប នៅក្នុងឆ្នាំ២០១៩ សម្តេចសូមស្វាគមន៍ និងសូមគោរពអញ្ជើញគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីបន្តថា ការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប និងជាមួយកម្ពុជា មិនមែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ សម្តេចបន្តថា កន្លងមកមាន ប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ារ ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ។ សម្តេចបន្តដែរថា កន្លងមក EU បានជួយ ដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សំរេចដក់នូវ EBA គឺហាក់បីដូចជា EU បោះបង់ចោលនូវអ្វី ដែលខ្លួនបានធ្វើកាលពីពេលកន្លងមក។
សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជា កាលពីទសវត្ស៧០ កំហុសទី២ គាំទ្រដល់របបខ្មែរក្រហមជាង១ទសវត្ស ពិសេសគាំទ្រខ្មែរ ក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជាធិបតេយ្យនៅសហភាពអឺរ៉ុប សម្រាប់កម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោក៏បានសំដែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ ពីសភាពការណ៍ពិតរបស់កម្ពុជា និងបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប គឺជាសេចក្តីថ្លែងការណ៍មានលក្ខណៈត្រឹមត្រូវ ពោលគឺក្រុមប្រឹក្សាអឺរ៉ុប ត្រូវតែស្តាប់នូវសម្លេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិលជាដើម។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោក ម៉ាទីន ក៏បានជំរាបជូនសម្តេចតេជោ ដែរថា គណៈប្រតិភូរបស់លោកបានធ្វើសន្ទស្ស៍រួចមកហើយថា ក្រុមធុរកិច្ចរបស់ខ្លួននឹងបន្តបណ្តាក់ទុន និងវិនិយោគ ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត ពោលគឺកម្ពុជាជាប្រទេសមួយមានស្ថានភាពអំណោយផលជាងប្រទេសអាស៊ានដទៃទៀត ក្នុងតំបន់ ដែលមានការគាំទ្រលើសពី៥០% ដែលអាចធ្វើពាណិជ្ជកម្មជាមួយបាន។ លោកអនុប្រធានក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ វានិងធ្វើឲ្យបះពាល់ដល់ បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយៈនេះតំណាងធុរកិច្ចទាំងអស់របស់ EU និងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណៈកម្មការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួនសម្រាប់កម្ពុជា។ លោកអនុប្រធានបន្តថា ប្រសិនជាមានការអនុវត្តនូវ EBA មែននោះ តម្លៃទំនិញនិងមានការកើនឡើងរហូត ដល់១២% ដែលនាំចូលមកទីផ្សារអឺរ៉ុប ដែលនោះគឺជាការខាតបង់ដល់ច្រើននៅតំបន់អឺរ៉ុប។
សម្តេចបានសំដែងនូវការរីករាយចំពោះការលើកឡើងពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប។ សម្តេចបន្តថា ប្រសិនជាមានការអនុវត្តជាក់ស្តែងនោះ ការនាំចេញនឹងនៅតែបន្តតែគ្រាន់តែវាមានការកើនឡើង នៃផ្នែកពន្ធ ហើយកម្ពុជា និងមិនមានវិធានការណាមួយ ដែលត្រូវដាក់ទៅលើបណ្តាក្រុមហ៊ុនអឺរ៉ុបនោះដែរ ពោលគឺកម្ពុជាចង់ប្រាប់ពីការពិតដល់សហភាពតែប៉ុណ្ណោះ៕