សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៥

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើទី​១៥​ ក្រោមប្រធានបទ “រួមគ្នាកសាងវិធីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសមាគមន៍ចិន-អាស៊ាន​ប្រកបដោយនវានុវត្តន៍”។

ពិធីបើកពិព័រណ៍នេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី (NICEC) ប្រទេសចិន ដែលមានការចូលរួមពី លោក លូ ស៊ីនសឺ លេខាធិការនៃគណៈ​កម្មាធិការបក្សកុម្មុយនីស្តចិន, លោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជ​កម្ម​អន្តរជាតិចិនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី , លោក ចុង សាន រដ្ឋមន្ត្រីពាណិជ្ជ​កម្ម​ចិន និង លោក ហាន់ ជឹង ឧបនាយករដ្ឋមន្ត្រីចិន។ នាឱកាសនោះ សម្តេចតេជោនាយករដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះប្រកបដោយសេចក្តីសប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលត្រូវបានផ្តល់កិត្តិយសជាប្រទេសកិត្តិយសជាលើកទី២ នៅក្នុងឱកាសដ៏វិសេសត្រូវនឹងឆ្នាំខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក៏ដូចជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងសារៈសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ដែលបានក្លាយជាវេទិកានយោបាយ ការទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាពសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិនចិន និងវិនិយោគិនប្រទេសសមាជិកអាស៊ានទាំងអស់ ក្នុងការជួបជុំពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ។ ដើម្បីសម្រេចបាននូវគោលដៅរួមក្រោមប្រធានបទ “រួមគ្នាកសាងវិថីសមុទ្រសតវត្សរ៍ ទី២១ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍” គឺត្រូវមានការតភ្ជាប់ផ្នែកឌីជីថល ដែលជាកត្តាចាំបាច់មិនអាចខ្វះបានឡើយ។ ទន្ទឹមនឹងនេះគឺត្រូវផ្តល់អាទិភាពខ្ពស់ដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព ពិសេសបង្កើតការងារ និងជួយពង្រឹងដល់ប្រព័ន្ធសុខមាលភាពសង្គម។ លើលពីនេះទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាចលករដ៏សំខាន់ ក្នុងការពន្លឿនសមាហរណកម្មតំបន់ ជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ, ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ការប្រតិបត្តិការធនាគារ និងការទូទាត់ហិរញ្ញវត្ថុ ។ល។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា ក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ចំពោះប្រទេសចិន សព្វថ្ងៃគឺមានការីកចម្រើនខ្លាំងនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបានចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់ប្រទេសជាសមាជិកអាស៊ានដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សអាស៊ាន ឲ្យទទួលបាននូវអត្ថប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ។ នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ព្រមទាំងបានកាត់បន្ថយនូវភាពក្រីក្រ និងវិសមភាពក្នុងសង្គមផងដែរ។ ជាមួយនឹងចក្ខុវិស័យនេះ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា គោលដៅយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះគឺនឹងផ្តោតអាទិភាពទៅការ កែទម្រង់អភិបាលកិច្ចល្អសំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើធនធានមនុស្ស និងបង្កើតបរិយាកាសកាន់តែងាយស្រួលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយដៃគូពាក់ព័ន្ធ ពិសេស ពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបកាន់តែប្រសើរឡើងមួយកម្រិតខ្ពស់ថែមទៅមុខទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។