ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨—ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារ លិខិតរំលែកទុក្ខមួយច្បាប់ជូននាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) ដើម្បីចូលរួម រំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះករណីគ្រោះទឹកជំនន់ដែល បណ្តាលឱ្យប្រជាពលរដ្ឋជប៉ុនស្លាប់ បាត់ខ្លួន និងរងរបួសជាច្រើននាក់នាពេលកន្លងមកនេះ។
ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បាន បញ្ជាក់ថា “ខ្ញុំមានអារម្មណ៍សោកសៅជាពន់ពេក នៅពេលបានទទួលព័ត៌មានអំពីការ បាត់បង់ជីវិតមនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបាន បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុនតាំងពី ចុងសប្តាហ៍មុន”។
សម្តេចតេជោបានបន្តថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវ ការចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះឯកឧត្តម និងប្រជាជនជប៉ុនពិសេសគ្រួសារ នៃសពក្នុងគ្រាទុក្ខសោក ដោយការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឯកឧត្តមទទួលនូវការ គោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងមនោសញ្ចេតនាសាមគី្គភាព ដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ។
គួរបញ្ជាក់ដែរថា បើតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិច ប្រទេស ជប៉ុនបានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៦នាក់ ទៀតត្រូវបានគេ ជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក៕