AKP កំពត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨–ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការ អំពាវនាវឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើក្នុងការរក្សានិយ័តភាពនៃប្រភពទឹក សម្រួលធាតុអាកាសឱ្យមានប្រក្រតីភាព អនុគ្រោះដល់ជីវិតរស់នៅរបស់មនុស្ស-សត្វ និងអំណោយផលដ៏ប្រសើរដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាកសិករ។
ព្រះរាជឱង្ការអំពាវនាវរបស់ព្រះរាជា ត្រូវបានធ្វើឡើង ក្នុងខណៈដែលព្រះអង្គយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី រុក្ខទិវា ៩ កក្កដា ដែលប្រារព្ធធ្វើឡើងនៅភូមិ ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ព្រះអង្គបានមានព្រះរាជឱង្ការថា ព្រៃឈើជាប្រភពធនធានដ៏មហាសាលដែល មានតម្លៃខាងសេដ្ឋកិច្ចខ្ពស់មិនអាចប៉ាន់ប្រមាណបាន ផ្នែកបរិស្ថាន វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល ប្រព័ន្ធការពារជីវចម្រុះ នឹងផ្ដល់ជម្រកសម្រាប់ស្ថិរភាពនៃជីវិតរស់នៅរបស់មនុស្ស និងសត្វគ្រប់ប្រភេទទៀតផង។
ការប្រារព្ធពិធីរុក្ខាទិវានេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ប្រជា ជាតិកម្ពុជាយើង រួបរួមគ្នាទប់ស្កាត់គ្រោះមហន្តរាយ នៃការបាត់បង់សម្បត្តិព្រៃឈើ និងការពង្រឹងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតនៃមាតុភូមិរបស់ខ្លួន។
ការបាត់បង់ព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាង និងគម្របរុក្ខជាតិ អាចបណ្ដាលឱ្យមានទឹកជំនន់ មហន្តរាយដោយខ្យល់ព្យុះ ការរាំងស្ងួត ធ្វើឱ្យថ្លុក ត្រពាំង បឹងបួរ ព្រែក ស្ទឹងទន្លេ ដែលជាទីតម្កល់ធនធានទឹក ត្រូវខ្វះទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិ ដែលជាហេតុនាំឱ្យមានការបាត់លំនឹង បរិស្ថានធម្មជាតិ ឈានទៅរកការបាត់បង់សត្វព្រៃ និងធនធានធម្មជាតិគ្រប់ប្រភេទ។
ព្រះអង្គបានរម្លឹកថា ពិធីរុក្ខទិវា បានបដិសន្ធិឡើងនៅសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ចដឹកនៃដ៏ថ្លៃថ្លា របស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ តាំងពីទសវត្សរ៍៥០មក ដោយមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា ពិធីរុក្ខាទិវា។
ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គក៏បានកោតសរសើរ និងថ្លែងអំណរ គុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំមន្ត្រីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ ព្រមទាំងរដ្ឋបាលខេត្តកំពត ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អ រៀបចំពិធីរុក្ខទិវា ក្នុងតំបន់ភូមិភាគនិរតីនៃមាតុភូមិយើង ដើម្បីឱ្យទីនេះពោរពេញទៅដោយគម្របព្រៃឈើពណ៌បៃតងជានិច្ច ក្នុងមជ្ឈដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ជារមណីយដ្ឋានដ៏សែនមនោរម្យ សម្រាប់បម្រើវិស័យទេសចរណ៍ទស្សនារមណីយដ្ឋានធម្មជាតិ និងបង្កើនការថែរក្សាការពារព្រៃឈើ ដែលជាធនធានធម្មជាតិដ៏មានតម្លៃជាមរតករបស់ដូនតាយើងបានគង់វង្ស ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ដែរថា ពិធីរុក្ខទិវា៩កក្កដាឆ្នាំ២០១៨នេះ ត្រូវបានរៀបចំធ្វើឡើងនៅ ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងពិធីនោះ កូនឈើគ្រញូង ធ្នង់ និងគីនីន ចំនួន ១ ២៥០០ ដើម ត្រូវបានដាំ នៅលើផ្ទៃដីចំនួន ១០ ហិកតា៕
ដោយ ជឹម ណារី