សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធផ្លូវជាតិលេខ ៦ ពី ថ្នល់កែង-អង្គ្រង ខេត្តសៀមរាប

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។​​

ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។

សម្ពោធផ្លូវជាតិលេខ ៦ ពីផ្លូវកែងដល់អង្គ្រង/ខេត្តសៀមរាប ២៥០ គីឡូម៉ែត្រ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦ ដែលតភ្ជាប់ពីផ្លូវកែងរហូតទៅដល់ខេត្តសៀមរាបចំនួន ២៥០ គីឡូម៉ែត្រ និយាយលេខគត់។ ដំបូងនេះ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការអភ័យទោសជាមួយនឹងការលើកពេលវេលាកាលពីមុនចូលឆ្នាំ ដែលគ្រោងសម្ពោធមុនចូលឆ្នាំ ដាក់អោយប្រើប្រាស់ ហើយត្រូវលើកមកដល់ពេលនេះ។ ឯព្រឹកនេះទៀតសោត គួរណាស់តែខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើដំណើរមកមុននេះកន្លះម៉ោង ក៏ប៉ុន្តែសម្រាប់ធាតុអាកាសនៅទីនេះ គឺល្អ មិនមានភ្លៀងទេ ប៉ុន្តែនៅទីក្រុងភ្នំពេញ និងនៅតាខ្មៅ ដែលជាកន្លែងហោះហើរឡើងនៃឧទ្ធម្ភាគចក្រ គឺភ្លៀងខ្លាំង ដែលមិនអាចហោះហើរបាន។ ត្រូវអង្គុយចាំកន្លះម៉ោង​ទើបអាចហោះហើរចេញមកបាន។ ដូច្នេះ បានជាធ្វើអោយព្រះតេជព្រះគុណ ក៏ដូចជាបងប្អូនជនរួមជាតិត្រូវអង្គុយរង់ចាំនៅទីនេះ។ ប៉ុន្តែដូចពាក្យធ្លាប់បានលើកឡើងថា មកយឺតប្រសើរជាងមិនមក។ ថ្ងៃនេះ យ៉ាងណាក៏ដោយ យើងក៏បានជួបជុំគ្នានៅទីនេះ ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិដ៏សំខាន់មួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងតាមរយៈឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ជូននូវការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលបានផ្ដល់នូវការឧបត្ថម្ភគាំទ្រ សម្រាប់ការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

ឆ្នាំទៅ និងឆ្នាំនេះ សម្ពោធផ្លូវដែលមិត្តចិនជួយប្រមាណ ៣០០ គីឡូម៉ែត្រ

ក្នុងនោះ ហេដ្ឋារចនាសម័្ពន្ធចាំបាច់នានា ក៏ត្រូវបានផ្ដល់ជាបន្តបន្ទាប់។ យោងទៅលើប្រវត្តិនៃការកសាងផ្លូវមួយខ្សែនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចាំបានថា នៅក្នុងការតាំងពិព័រណ៌អាស៊ានចិន លើកទី ៨ នៅទីក្រុងណាននីង នៃខេត្តក្វាងស៊ី ឆ្នាំ ២០១១ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំចិន គឺឯកភាពគ្នាសម្រេចទៅលើការជួយកសាងនូវផ្លូវជាតិមួយខ្សែនេះ។ បន្ថែមលើនោះ នៅឆ្នាំ ២០១២ យើងក៏បានចុះហត្ថលេខាទៅលើឥណទានសម្រាប់ការប្រើប្រាស់នូវការសាងសង់ផ្លូវជាតិមួយនេះ។ ឆ្នាំ ២០១៣ យើងក៏បានបើកការដ្ឋានដើម្បីសាងសង់។ មិនមែនគ្រាន់តែជាបញ្ហាផ្លូវចាប់ពីផ្លូវកែងមកប៉ុណ្ណោះទេ។ ដូច​ដែលឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់បង្ហាញអម្បាញ់មិញ។ ឆ្នាំទៅ យើងបានសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវលេខ ៦ អា ចាប់ពីគល់ស្ពានជ្រោយចង្វារ មកទល់ថ្នល់កែង។ ថ្ងៃនេះ យើងក៏ចាប់ផ្ដើមសម្ពោធពីថ្នល់កែងរហូតទៅទល់ខេត្តសៀមរាប ដែលមានប្រវែង ២៥០ គីឡូម៉ែត្រទៀត។ ផ្លូវនេះ ប្រហាក់ប្រហែលជិត ៣០០ គីឡូម៉ែត្រ ដែលយើងបានសម្ពោធឆ្នាំទៅ និងសម្ពោធឆ្នាំនេះ។

ផ្លូវលេខ ៦, ៦២, ៩ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ

បើយើងនិយាយអំពីតួអង្គពាក់ព័ន្ធជាមួយនឹងផ្លូវនេះ មិត្តចិនបានជួយតភ្ជាប់ផ្ទៃក្នុងរបស់យើងបានល្អប្រសើរណាស់។ យើងក្រឡេកមើលទៅខាងមុខ ដែលមិនឆ្ងាយប៉ុន្មានពីទីនេះ ការតភ្ជាប់មួយក៏បានភ្ជាប់ពីផ្លូវជាតិលេខ ៦ នេះ ដែលត្រូវទៅកាន់ខេត្តព្រះវិហារ។ នេះគឺចំណុចជាការតភ្ជាប់មួយ ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការតភ្ជាប់ពីផ្លូវជាតិលេខ ៦ ឆ្លងកាត់ខេត្តព្រះវិហារ និងកាត់បណ្ដាស្រុក ទៅកាត់ប្រាង្គប្រាសាទព្រះវិហារ ហើយក៏មានផ្លូវតភ្ជាប់ដើម្បីចុះទៅខេត្តសៀមរាប តាមកោះកេរិ៍្ត។ មានផ្លូវមួយខ្សែទៀត ដែលនូវភាពងាយស្រួល​ គឺការតភ្ជាប់ពីផ្លូវជាតិលេខ ៦២ តាមរយៈផ្លួវជាតិលេខ ៩ ទៅខេត្តស្ទឹងត្រែង។ នៅទីនោះ ប្រជាពលរដ្ឋរបស់យើងចង់ធ្វើដំណើរពីទីនេះ ទៅកាន់ខេត្តក្រចេះ ឬចុះទៅកាន់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង មិនមានការចាំបាច់ ដើម្បីត្រឡប់ថយក្រោយទៅកាន់ទីក្រុងភ្នំពេញ ហើយទើបធ្វើដំណើរចេញទៅខេត្តក្រចេះ និងធ្វើបែកទៅរកខេត្តរតនគិរី មណ្ឌលគិរី ឬស្ទឹងត្រែងនោះទេ។ ប៉ុន្តែយើងចាប់ផ្ដើមចេញពីទីនេះ ទៅកាន់ខេត្តព្រះវិហារ ហើយតភ្ជាប់ពីខេត្តព្រះវិហារ តាមរយៈផ្លូវថ្មីមួយខ្សែ​ គឺផ្លូវជាតិលេខ ៩ បានសម្ពោធដាក់អោយប្រើប្រាស់រួចហើយ ហើយក៏បានឆ្លងកាត់ទន្លេមេគង្គ និងផ្សារភ្ជាប់ខ្លួនទៅខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ហើយក៏អាចចេញត្រឡប់មកវិញ ទៅតាមខេត្តកំពង់ចាម ព្រៃវែង ហើយចូលមកកាន់ទីក្រុងភ្នំពេញវិញផងដែរ។ នេះជាការតភ្ជាប់ ដើម្បីភាពងាយស្រួលរបស់យើង នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ទំនាក់ទំនងរវាងខេត្តកំពង់ធំនិងខេត្តសៀមរាប ត្រូវកាត់ផ្ដាច់ក្នុងដំណាក់កាលនៃសង្រ្គាមវិនាសកម្ម

ចំណុចនេះហើយ ដែលមិត្តចិន គឺបានចូលរួមចំណែកអភិវឌ្ឍកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីសម្រួលទៅដល់ការរស់នៅរបស់ប្រជាជនរបស់យើង។ កាលមុននេះ តើពេលដែលយើងធ្វើដំ​ណើរទៅកាន់ព្រះវិហារ ត្រូវចំណាយពេលប៉ុន្មាន? ហើយបើនិយាយអំពីផ្លូវជាតិលេខ ៦ យើងនេះវិញ អតីតកាលឈឺចាប់របស់យើង។ យើងមានមោទនភាពដោយសារតែខ្លួនយើង បានដោះស្រាយបញ្ហារបស់យើង​តែម្ដង។ អំពីបញ្ហាតភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ខេត្តសៀមរាប តើកាលពីសម័យដើម យើងធ្វើដំណើរបែបណា? លោកតា លោកយាយដែលមានព្រះជន្ម ៥០ ៦០ ឬ ៧០ ឆ្នាំ អាចយល់បានអំពីទំនាក់ទំនងរវាងខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលត្រូវកាត់ផ្ដាច់នៅក្នុងដំណាក់កាលនៃសង្រ្គាមវិនាសកម្មក្នុងប្រទេសរបស់យើង។ ជាពិសេសនៅតំបន់ស្ទោងនេះឯង ដែលជាតំបន់មានការប្រយុទ្ធស៊ីសាច់ហុតឈាមនៅទីនោះ ហើយសូម្បីតែតំបន់នេះ ក៏មិនមែនជាតំបន់មានសុវត្ថិភាពដែរ។

ឆ្នាំ ១៩៨៩ ចុះពិនិត្យស្ថានភាពខេត្តកំពង់ធំ

ទីរួមខេត្តកំពង់ធំ តាំងពីឯកឧត្តម ងួន ញ៉ិល ធ្វើជាអភិបាលខេត្ត​ឯណោះ គឺសុទ្ធតែជាតំបន់រងគ្រោះទៅហើយ។ ពេលឯកឧត្តម ងួន ញ៉ិល ទៅធ្វើជាលេខាបក្សនៅឯក្រុងភ្នំពេញ ពេលនោះឯកឧត្តម ដូ សូហាន់ នៅធ្វើជាលេខាបក្ស ហើយឯកឧត្តម ខៀវ ហន ជាអភិបាលខេត្ត។ ខ្ញុំព្រះករុណាខ្ញុំ បាននាំកូនទាំងអស់ មកទីរួមខេត្តកំពង់ធំ។ ពេលនោះមិនគួរនាំកូនមកប្រថុយប្រថានទេ ក៏ប៉ុន្តែដោយសារតែម្ដាយរបស់គេ បានចាកចេញទៅទីក្រុងវៀងចន្ទន៍ អញ្ចឹងបន្សល់ទុកកូនទាំង ៥ អោយនៅជាមួយខ្ញុំព្រះករុណាខ្ញុំ។ កូនបងនៅរៀន ឯកូន ៤ ទៀតបានធ្វើដំណើរមកជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ សុទ្ធតែនៅតូចៗ ហើយយប់ឲ្យដេកជាមួយហ្នឹង នោមដាក់ឯងពេញ។ ប៉ុន្តែ ពេលនោះ មិនសមនឹងនាំកូនមកទេ ក៏ប៉ុន្តែ នេះគឺជាភារកិច្ចរបស់ឪពុក ដែលត្រូវមើលកូន។ ឆ្នាំ ១៩៨៩ គឺជាឆ្នាំគ្រោះថ្នាក់នៅពេលនោះ ដែលត្រូវចុះមកពិនិត្យអំពីស្ថានភាព នៃខេត្តកំពង់ធំរបស់យើងនេះ។

សង្គ្រាមនៅកំពង់ធំ នាំទៅដល់ការបាត់ទីរួមស្រុកស្ទោង

ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំពីបញ្ហាទាក់ទង​​ជាមួយនឹងសង្គ្រាមដែលកើតឡើងនៅក្នុងតំបន់ស្ទោង ខេត្តកំពង់ធំរបស់យើងនេះ ក្នុងចន្លោះរវាងស្រុកស្ទោង និងស្រុកជីក្រែងរបស់ខេត្តសៀមរាប។ ព្រំប្រទល់នេះ មិនអាចធ្វើដំណើរបានទេ។ កម្លាំងទ័ពព្រៃគឺតែងតែវាយប្រហារនៅតំបន់នោះ រហូតដល់មួយពេលនោះ គឺយើងមានការបាត់បង់ទីរួមស្រុកស្ទោងផងដែរ។ ការបាត់បង់ទីរួមស្រុកស្ទោង ការពិតទៅវាមិនមែនមកពីខ្មែរក្រហម និងហ្វ៊ុនស៊ិនប៉ិចខ្លាំងទេ។ កាលពីនោះ កងពលលេខ ១៥ របស់ហ៊្វុនស៊ិនប៉ិច របស់ ខាន់ សាវឿន​ នេះ គឺចូលវាយជាមួយនឹងខ្មែរក្រហម … និយាយពីប្រវត្តិយោធាត្រង់ហ្នឹងបន្តិចទៅចុះ។ តែសព្វថ្ងៃនេះ យើងបាន និងកំពុងប្រែក្លាយតំបន់អតីតសមរភូមិ ឲ្យទៅ​ជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ហើយ។ យើងរំលឹករឿងអស់ទាំងនេះ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងធ្វើការចងចាំអំពីប្រវត្តិអតីតកាលដ៏ឈឺចាប់របស់យើង។

មេទ័ពមួយចំនួនមិនចេះក្បួនទ័ព

មិនគួរនឹងបាត់ស្រុកស្ទោងទេ កាលពីពេលនោះ ក៏ប៉ុន្តែវាជាកំហុសរបស់ អែល វ៉ាន់សារ៉ាត ដែលមានតួនាទីជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិផង ហើយជាប្រធានអគ្គស្នងការនយោបាយផង។ ហេតុអីបានជាយកទីបញ្ជាការទៅដាក់នៅឯសានគរ។ នរណាគេទៅធ្វើអញ្ចឹង? សូម្បីតែប្រធានភូមិភាគក៏មិនមានការចាំបាច់ដើម្បីទៅឈរជើងនៅកន្លែងនោះដែរ។ គឺកន្លែងនោះយ៉ាងច្រើនឲ្យទីបញ្ជាការកងពលទៅចុះ។ ឯចំពោះទីបញ្ជាការភូមិភាគ​នៅសៀមរាបនោះ វាត្រូវហើយ ប៉ុន្តែរឿងអីឲ្យ អែល វ៉ាន់សារ៉ា​ត មក បែរជានាំគ្នាទៅឈរជើងនៅសានគរ។ ដល់ទៅពេលគេវាយគ្នានៅឯស្ទោង ឯងខំដកទាំងអូតូប្លាំងដេចូលទីរួមខេត្តកំពង់ធំ។ រឿងអីមិនឲ្យទាហានរត់ បើមេវារត់បាត់ទៅហើយ។ អញ្ចឹងបានថា មេទ័ពមួយចំនួនមិនចេះក្បួនទ័ព ហើយចង់ធ្វើជាអ្នកក្លាហាន។ រឿងមេរត់ចោលកូនមិនបានទេណា។ ហ្នឹងត្រូវពិសោធន៍។ តែសង្គ្រាមវាចប់ទៅហើយ​ៗ យើងនឹងធ្វើខួបទី ២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ។

ជិះម៉ូតូសណ្តោងរទេះលក់ពងមាន់អាំង ស្គាល់រសជាតិ និងដឹងពីស្ថានភាពប្រាក់ចំណូល

… យើងបានប្រែក្លាយតំបន់សមរភូមិទៅជាទីផ្សារ និងទៅជាតំបន់នៃការអភិវឌ្ឍ។ ឆ្នាំ ២០១៦ ខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរកាត់ខេត្តកំពង់ធំ ៣ លើក។ ប៉ុន្តែ អ្នកកំពង់ធំបានដឹងត្រឹមតែ ២ លើកតែប៉ុណ្ណោះ។ មានមួយលើកនោះ ធ្វើដំណើរពីសៀមរាបតាមឡាន ហើយចូលទៅផ្សារ។ ទៅផ្សារនោះក៏មានរឿងមួយ អាចផ្តល់នូវផលប្រយោជន៍ឲ្យខ្ញុំព្រះករុណាខ្ញុំ បានសិក្សាអំពីប្រវត្តិនៃផ្សារ តើគួរដោះស្រាយផ្សាររបៀបណា? ផ្សារនោះជាផ្សារដែលឆេះបាត់ហើយ។ មានអ្នកខ្លះគេឌឺឲ្យខ្ញុំព្រះករុណាខ្ញុំ ដោយសារខ្ញុំព្រះករុណាខ្ញុំចុះដើរ​ ក៏ទៅឃើញរ៉ឺម៉ក ទើបនឹងស្គាល់លើកដំបូងគេហៅពងមាន់អាំង ក៏ឡើងជិះម៉ូតូនោះទៅ តែមិនបញ្ឆេះទៅមុខទេ ព្រោះប៉ូលីសផាកម្តងទៅហើយ ដោយមិនបានពាក់មួកការពារ ផាកនៅឯ​កោះកុង ប៉ុន្តែ មកបង់លុយនៅភ្នំពេញ។ ទោះបីជានាយករដ្ឋមន្រ្តី អត់ពាក់មួក ក៏ត្រូវតែប៉ូលីសផាកដែរ។ … ការឡើងជិះនេះវាមានប្រយោជន៍របស់វានៅត្រង់ថា យើងបានស្គាល់រសជាតិ នៃអ្នកលក់ពងមាន់អាំង ហើយស្ថានភាពប្រាក់ចំណូលរបស់គាត់ប៉ុណ្ណា។

 (១) សង់ដំបូលជូនគាត់ (២) គាត់សង់តូបខ្លួនឯង ហេតុអី អាជីវករស្នើសុំពន្យារអាណត្តិ?

បន្ទាប់ទៅ ក៏បានដើរចូលទៅក្នុងផ្សារ។ ក្នុងផ្សារនោះ បានប្រជាពលរដ្ឋលើកសំណូមពរមកខ្ញុំថា សម្តេច! សុំកុំឲ្យមានអា​ណត្តិអី សូមពន្យារអាណត្តិ ឬឲ្យកុំមានអាណត្តិ។ ពេលនោះ គាត់សុំពន្យារអាណត្តិទៅដល់ឆ្នាំ ២០២០ តែប៉ុណ្ណោះ។ ​បានខ្ញុំងាកមកអភិបាលខេត្តពេលនោះ ហេតុអ្វីបានផ្សារនេះវាមានអាណត្តិ? ដំបូលផ្សារនេះ ខ្ញុំអ្នកធ្វើឲ្យទាំងអស់។ ខ្ញុំចេញជាង ២០ ម៉ឺនដុល្លារធ្វើឲ្យទាំងអស់។ អាហ្នឹងទី ១។

ទី ២ ប្រជាពលរដ្ឋជាអ្នកកសាងតូបខ្លួនឯង ហេតុអីបានជាត្រូវមានអាណត្តិ? អាហ្នឹងសិក្សាមួយកន្លែង។ ដល់មួយកន្លែងទៀតទៅក្រចេះ មួយកន្លែងទៀតទៅកំពង់ឆ្នាំង បានខ្ញុំយល់ថា អត់ទេ! អង្គុយបក់ផ្សែងងាប់បណ្តោយ។ ខ្ញុំព្រះករុណាខ្ញុំអ្នកធ្វើដំបូលផ្សារហ្នឹងវាច្រើនណាស់ ចាប់ផ្តើមពីផ្សារពោធិសាត់ឆេះ ក៏ខ្ញុំព្រះករុ​ណាខ្ញុំធ្វើ ដល់ផ្សារកំពង់សោមឆេះ ខ្ញុំព្រះករុណាខ្ញុំក៏ធ្វើ ផ្សារកំពង់ធំឆេះ ក៏ខ្ញុំព្រះករុណាខ្ញុំធ្វើ ផ្សារក្រចេះឆេះ ក៏ធ្វើ ទៅដល់ផ្សារសៀមរាបមួយទៀត ផ្សារក្រគរឆេះ ក៏ធ្វើៗ គ្រប់តែផ្សារ វារឿងទៅកើតអញ្ចេះ។ អ្នកមិនធ្វើទៅ​ជាបានផល នៅត្រង់ថា គេដើរបោកថា ផ្សារហ្នឹងតែកាលណាបោះឆ្នោតរួចហើយ គេដកហើយ អញ្ចឹងបើបោះឲ្យខ្ញុំៗធានាថាឲ្យលក់រហូត។ នែ! វាទៅជាអញ្ចេះ​។

ចេញសារាចរ ជូនសិទ្ធិ ​និងលក់សិទ្ធិលក់ដូរក្នុងផ្សាររបស់រដ្ឋអោយបងប្អូនលក់ដូរ

ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន សិក្សាភ្លាម ហើយធ្វើសារាចរឲ្យខ្ញុំថ្ងៃនោះ។ អញ្ចឹងបានជាឥឡូវនេះ ផ្សាររបស់រដ្ឋ ដែលបានដាក់ឲ្យវិនិយោគ ហើយចប់ការវិនិយោគហើយ នឹងត្រូវបន្តឲ្យបងប្អូនលក់ដូរដោយគ្មានទីបញ្ចប់ទេ។ បងប្អូនមានសិទ្ធិតកូនតចៅ តជំនាន់ ហើយបងប្អូនក៏មានសិទ្ធិលក់សិទ្ធិឲ្យអ្នកដទៃដែរ ព្រោះជួលកាល​លក់ដូរយូរទៅៗ មិនសូវជាកាក់កប គាត់ចង់ទៅរកមុខរបរផ្សេងទៀត គាត់លក់តូបហ្នឹងបានឲ្យអ្នកដទៃ។

ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ប្រែក្លាយតំបន់ប្រយុទ្ធជា​ទីផ្សារ និងតំបន់អភិវឌ្ឍន៍

ឯម្តងទៀត ខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ចេញតាំងពីព្រលឹមឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គ មកតាមផ្លូវជាតិលេខ ៩ រួចហើយឆ្លងកាត់ស្រុករវៀង របស់ខេត្តព្រះវិហារ។ តាំងពីស្រុករវៀង រហូតទៅដល់ស្រុកបារាយណ៍ គឺធ្វើដំណើរប៉ុន្មានម៉ោងឯណោះ ទៅស៊ីបាយនៅសណ្ឋាគារមួយនៅកំពង់ធំ។ ប៉ុន្តែ មុនចូលស៊ីបាយនៅកំពង់ធំនេះ សាលានៅអាចារ្យលក្ខណ៍ សាលានៅទីរួមខេត្តកំពង់ធំនេះ​ ក៏ត្រូវបានសាងសង់។ ទម្រាំចេញផុតទៅដល់វិទ្យាល័យតាំងគោក គ្រាន់តែសាលាផ្ដល់ថ្មីចំនួនតែ ៩ ខ្នង​ទេ ប៉ុន្តែមានដល់ទៅ ១២៣ បន្ទប់ឯណោះ សុទ្ធតែ ៣ ជាន់ ៤ ជាន់ អត់សូវមាន ២ ជាន់ទេ។ អញ្ចឹងទេបានជា អាចហ្នឹងបញ្ជាក់អះអាងដោយមោទនភាពថា កម្ពុជាបានឆ្លងកាត់ពីដំណាក់កាលសង្គ្រាម ហើយការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ បាន និងកំពុងប្រែក្លាយតំបន់ប្រយុទ្ធទាំងឡាយ អោយទៅជា​ទីផ្សារ និងទៅជាតំបន់ដែលមានការអភិវឌ្ឍន៍។

ជាក់ស្ដែង ផ្លូវថ្នល់ដែលយើងធ្វើទាំងប៉ុន្មាននេះ ដែលរួមមានទាំងផ្លូវលេខ ៦ ហើយជាពិសេសគឺក្នុងតំបន់ចន្លោះរវាងតំបន់ស្រុកស្ទោង និង្នុងតំបន់ចន្លោះាតំបន់ដែលកំពុងគឺមហុង្រាស់ ស់សារធ្វើអោយឆ្នាំង បានផ្អាកល្នឹង ត់ទន្លេមេគង្ក ស្រុកជីក្រែងរបស់ខេត្តសៀមរាបនេះតែម្ដង ដែលជាតំបន់ប្រយុទ្ធស្រួចស្រាល តំបន់ផ្លូវ ៦២ តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារនិងតំបន់ផ្លូវជាតិលេខ ៩ ដែលតភ្ជាប់ពីខេត្តព្រះវិហារទៅខេត្តស្ទឹងត្រែង សុទ្ធតែតំបន់ដែលមានការប្រយុទ្ធ ហើយបើនិយាយពីផ្លូវ ៦២ ទៀតសោត អ៊ុនតាក់ក៏ទៅវាមិនបានដែរ។ អ៊ុនតាក់គាត់អត់ប្រើផ្លូវនេះទេ ដោយ​សារពេលនោះខ្មែរក្រហមដាក់មីនផង កាប់ឈើដាក់ពាំងផ្លូវហ្នឹងផង។ កងពលធំទី ៥ ពេលនោះដែលក្រោយមក ទៅកងពលលេខ ១២។ ឥឡូវក្លាយទៅកងពលធំលេខ ៣ គឺបានស្ថិតនៅក្នុងតំបន់នេះ។

ផ្លូវពីរខ្សែ (១) កំពង់ធំ/ខេត្តក្រចេះ (២) កំពង់ឆ្នាំង/កំពង់ធំ បេក្ខភាពគម្រោងសុំសាធារណរដ្ឋប្រជាមានិតចិន

… ថ្ងៃនេះខ្ញុំពិតជាអរគុណជាមួយនឹងការឧបត្ថម្ភទាំងឡាយ ដែលមិត្តចិនបានផ្ដល់សម្រាប់យើង មិនមែនតែផ្លូវនៅទីនេះទេ ទាំងផ្លូវសាងសង់រួច និងកំពុងសាងសង់ប្រមាណជា ៣ ពាន់គីឡូម៉ែត្រ ដែលបាន និងកំពុងសាងសង់ហើយស្ពានឆ្លងទន្លេជាច្រើន ដែលកំពុងតែត្រូវបន្ត។ ជាមួយនោះក៏សូមបញ្ជាក់ជូនបងប្អូនថា មុននេះខ្ញុំធ្លាប់បាននិយាយថាយើងនឹងមានផ្លូវ ២ ខ្សែបន្ថែមទៀតដែលតភ្ជាប់ពីខេត្តកំពង់ធំទៅខេត្តក្រចេះ តាម ស្រុកសណ្ដាន់ ហើយដែលត្រូវធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ នៅឯទីរួមខេត្តក្រចេះ ដើម្បីងាយស្រួលតភ្ជាប់រវាងក្រចេះ និងខេត្តកំពង់ធំ ក្នុងរង្វង់តែជាង ១០០ គីឡូម៉ែត្រតែប៉ុណ្ណោះ។ បច្ចុប្បន្នយើងត្រូវធ្វើដំណើរអាចថាលើសពាក់កណ្ដាល។ ផ្លូវនេះជាបេក្ខភាពគម្រោង ដែលយើងដាក់ជូនសាធារណរដ្ឋប្រជាមានិតចិន។ ឯផ្លូវ ១ ខ្សែទៀត ខ្ញុំក៏ធ្លាប់ប្រកាសថា តភ្ជាប់ពីខេត្តកំពង់ឆ្នាំងមកខេត្តកំពង់ធំ ម្ដុំកំពង់ថ្ម ក៏ប៉ុន្តែសុំញាតិញោមព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលរស់ក្នុងនៅខេត្តកំពង់ធំក្ដី រស់នៅក្នុងខេត្តកំពង់ឆ្នាំងក្ដី​មេត្តាយោគយល់អធ្យាស្រ័យ អំពីការដែលមិនទាន់មានលទ្ធភាពសាងសង់ទៅបាន។ ការពិតក្រុមហ៊ុនសាងសង់បានធ្វើការសិក្សាហើយ រាប់ទាំងតម្លៃនៃការសាងសង់ ដែលត្រូវចំណាយអស់ប៉ុន្មានជាង ១០០ លានដុល្លារអាមេរិក។ ក៏ប៉ុន្តែសូមញាតិញោមពិចារណាមើល ថាគួរសាងសង់ ឬទេ? ព្រោះអ្វី?

ផ្លូវពីកំពង់ឆ្នាំងមកខេត្តកំពង់ធំ ម្ដុំកំពង់ថ្ម ត្រូវរកការធានាថា ប្រជាពលរដ្ឋមិនរងផលប៉ះពាល់សិន

យើងត្រូវសាងសង់កាត់ទន្លេសាប អញ្ចឹងផលប៉ះពាល់ទៅលើទន្លេសាបយ៉ាងណា យើងមិនទាន់បានសិក្សាលម្អិតនៅឡើយទេ។ ទាក់ទងនឹងចរន្តទឹកទន្លេដ៏សំខាន់មួយនេះ មានផលប៉ះពាល់ ក៏ប៉ុន្តែដំបូងបំផុតច្បាស់ជាប្រជាជនជេរតែម្ដង។ ហេតុអីបានជាប្រជាជនជេរ? អ្នកដែលធ្វើដំណើរនៅលើផ្លូវអត់ជេរទេ។ គាត់អរ។ ក៏ប៉ុន្តែអ្នកធ្វើដំណើតាមទូក គឺអ្នកដែលជេរ។ ព្រោះអ្វី? គាត់ធ្លាប់បើកទូកតាមហ្នឹង គាត់ធ្លាប់ចែវទូកតាមហ្នឹង ក៏ប៉ុន្តយើងដាក់ផ្លូវទៅបានសេចក្ដីថា ប្រជាពលរដ្ឋគាត់ត្រូវធ្វើរបៀបម៉េច? បើសិនជា ៥ គីឡូម៉ែត្របើកស្ពាន១ ដូច្នេះប្រជាជនត្រូវតែចែវទូក ៥ គីឡូម៉ែត្រហ្នឹង ដើម្បីទៅរកកន្លែងឆ្លង បើមិនអញ្ចឹងគាត់ត្រូវអូសទូកឆ្លងផ្លូវហ្នឹងតែម្ដង។ អញ្ចឹងប្រជាជនអ្នកដាក់បណ្ដាសារយើងតែម្ដង។ ជួយអ្នកធ្វើដំណើរតាមផ្លូវគោក ក៏ប៉ុន្តែយើងបែរជាត្រូវបិទនៅចរន្តទឹកទៅវិញ។ នេះមិនទាន់គិតទៅដល់បញ្ហាចរន្តត្រី ដែលត្រូវឡើងត្រូវចុះទៅតាមច្រកហ្នឹង ដែលយើងត្រូវបិទវាហើយ តើផលប៉ះពាល់នៅក្នុងតំបន់ទន្លេសាបយ៉ាងណា។ ដូច្នេះបានជាផ្លូវនេះត្រូវបានផ្អាកសិន ទុកសិក្សានៅពេលក្រោយ។ ត្រូវតែច្បាស់លាស់ និងត្រូវធ្វើពិធីយ៉ាងណាដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើង មិនត្រូវទទួលរងផលប៉ះពាល់ទេ។

បើសិក្សាផ្លូវ/ស្ពានកំពង់ធំ/កំពង់ឆ្នាំងឡើងវិញ ត្រូវយករូបមន្តសិនហ្សិន ពីចិនដីគោក ទៅហុងកុង

ដូចជា ប្រទេសខ្លះ សូម្បីតែពីសិនហ្សិន របស់ចិនដីគោក ទៅហុងកុង គេហៅថាធ្វើស្ពានឆ្លងសមុទ្រតែម្ដង។ គេធ្វើបាន។ ប្រសិនបើការសិក្សាស្ពានរវាងកំពង់ឆ្នាំង ជាមួយនឹងកំពង់ធំតាមរូបមន្តសិនហ្សិន ប្រហែលជាអាចប្រជាជនមិនជេរ ព្រោះវាសុទ្ធតែសសរកន្លែងណា ដែលជាកន្លែងឆ្លងកាត់របស់កាណូត កប៉ាល់ យើងត្រូវធ្វើអោយខ្ពស់ពីទឹក កន្លែងណាដែលធម្មតា យើងអោយវានៅធម្មតាដើម្បីអោយទូកឆ្លងកាត់បាន។ ធ្វើម៉េចអោយខ្ពស់ជាងយ៉ាងហោចណាស់ ៣ ម៉ែត្រ ពីកំពស់ទឹកជំនន់ឆ្នាំ ២០០០ ដែរ។ នេះគ្រាន់តែជាអនុសាសន៍ ដើម្បីសិក្សាឡើងវិញ ប្រសិនបើយើងចង់ធ្វើ។ មិនអាចលើកទំនប់បិទទេ។ រឿងនេះបង្កើតទៅជាការស្ទះចរន្តទឹក ការធ្វើចរាចររបស់ត្រី ហើយជាពិសេសការធ្វើចរាចររបស់ប្រជាពលរដ្ឋ។ យើងខិតខំធ្វើស្ពានអោយ​គាត់ងាយស្រួល ក៏ប៉ុន្តែអ្នកក្នុងទឹកបែរជាដាក់បណ្ដាសារថា មកពីអាហ្នឹងវាធ្វើស្ពានបានជាអញអត់មានកន្លែងឆ្លង។ សុំមេត្តាអធ្យាស្រ័យអំពីគម្រោងដែលខ្ញុំបានប្រកាសហើយ ប្រហែលជានៅក្នុងពេលដែលយើងបានសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិ ៦២ តែម្ដង ដែលតភ្ជាប់រវាងខេត្តព្រះវិហារ ហើយអតីតដោយអគ្គរដ្ឋទូតឈ្មោះខ្មែរ ច័ន្ទ គឹមហង្ស ជាស្ត្រីអគ្គរដ្ឋទូតកាលពីពេលនោះ …។

ដាក់គម្រោងផ្លូវតភ្ជាប់ពីកោះកុង ទៅកាន់ថ្មដា និងទៅកាន់សំឡូត

សូម្បីតែប៉ុន្មានថ្ងៃនេះ សូមឯកឧត្តមអគ្គរដ្ឋទូតបានជ្រាបផងដែរ យើងខ្ញុំនឹកដាក់គម្រោងមួយជាគម្រោងឆាប់ ដើម្បីសូមការគំាទ្រ ជាបេក្ខភាពគម្រោងសម្រាប់ឆ្នំានេះ និងឆ្នំាក្រោយ ផ្លូវតភ្ជាប់ពីកោះកុង ទៅកាន់ថ្មដា និងទៅកាន់សំឡូត ដើម្បីភ្ជាប់ព្រំដែនកម្ពុជា-ថៃ។ ផ្លូវមួយជុំវិញ(ប្រទេស) នៅចន្លោះតែកន្លែងហ្នឹងទេ ក្រៅពីនោះមិត្តចិនបានជួយ សឹងតែជុំវិញហើយ … មិនដល់ ២០០ គីឡូម៉ែត្រទេ។ តម្លៃប្រហាក់ប្រហែល ២០០ លានដុល្លារសហរដ្ឋអាមេរិកទេ។ តំបន់នោះសុទ្ធតែតំបន់មានការប្រយុទ្ធ ប៉ុន្តែឥឡូវនេះ ប៉ៃលិន តំាងពីម៉ាឡៃមកដល់ប៉ៃលិន មកដល់សំឡូត យើងមានផ្លូវ។ ពីពោធិ៍សាត់ យើងមានផ្លូវហើយ ប៉ុន្តែរវាងថ្មដា និងសំឡូត រវាងថ្មដា និងកោះកុង មិនទាន់មានផ្លូវក្រាលកៅស៊ូទេ យើងចង់អោយមានផ្លូវក្រាលកៅស៊ូនៅតាមនេះ។

កំណើនសេដ្ឋកិច្ចរបស់ចិន ជួយចិនខ្លួនឯងផង ជួយប្រទេសនានា លើពិភពលោកផង

… យើងត្រូវផ្អែកទៅលើដៃគូយុទ្ធសាស្ត្រ ដែលតែងតែផ្តល់លក្ខណៈងាយស្រួល ដែលខ្ញុំព្រះករុណាខ្ញុំ តែងតែនិយាយថា កំណើនសេដ្ឋកិច្ចរបស់ចិន ការរីកលូតលាស់របស់ចិន មិនមែនគ្រាន់តែជួយចិនខ្លួនឯងទេ ក៏ប៉ុន្តែចិនបានជួយអភិវឌ្ឍប្រទេសជាច្រើន នៅលើពិភពលោកនេះ។ បច្ចុប្បន្ននេះ ដោយសារមានគំនិតផ្តួច​ផ្តើម ខ្សែក្រវាត់មួយផ្លូវមួយ របស់ប្រធានាធិបតី ស៊ី ជិងពីង ឥណទានដែលចិនបានផ្តល់សម្រាប់អនុវត្តនូវគម្រោង ផ្លូវមួយខ្សែក្រវាត់មួយ កាន់តែមានទំហំធំ។ កម្ពុជាក៏បានទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ហើយក៏បានទទួលនូវគំនិតផ្តួចផ្តើម និងការបង្កើតឡើងនូវធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលកម្ពុជាក៏ជាស្ថាបនិកមួយផងដែរ … យើងមិនទាន់ឈានទៅប្រើប្រាស់ឥណទាន ដែលចេញពីប្រភពធនាគារនេះទេ។ យើងគ្រាន់តែប្រើប្រាស់នូវហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ។

ដៃគូអភិវឌ្ឍន៍របស់យើង វាយតម្លៃការរីកលូតលាស់របស់យើងមិនទាន់ត្រូវទេ

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ព្រមទំាងអាជ្ញាធរដែនដីទំាងបីខេត្តគឺ ខេត្តកំពង់ចាម ដែលមានប្រវែងផ្លូវចំនួន ៤៣ គីឡូម៉ែត្រ ជិត ៤៤ គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៤៤ គីឡូម៉ែត្រជាង និងខេត្តសៀមរាប ជាង ៦០ គីឡូម៉ែត្រ ដែលបានរួមសហការ សម្រួលអោយក្រុមហ៊ុន សៀងហៃគ្រុប ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសក្វាងចូវ វ៉ាងអាន កសាងសម្រេចបានជោគជ័យ។ ការពិតផ្លូវនេះ បានរួចរាល់មួយឆ្នំាហើយ ពន្យារ​​ពេលដល់ទៅមួយឆ្នំាឯណោះ បានសម្ពោធ រួចតំាងពីខែ ៦ ឆ្នំា ទៅ ឥឡូវនេះខែ ៦ ឆ្នាំក្រោយបានយើងសម្ពោធ។ សម្ពោធនេះគ្រាន់តែបង្រ្គប់កិច្ចទេ។ តាមពិតប្រជាជនបានប្រើប្រាស់រួចហើយៗ ភាពងាយស្រួលកាលពីឆ្នំានេះ ចូលឆ្នំាប្រជាជនដើរតាមផ្លូវនេះច្រើនណាស់ ទំាងផ្លូវលេខ ៦ ចេញពីទីក្រុងភ្នំពេញ តភ្ជាប់មកផ្លូវ ៦A ហើយសុទ្ធ​តែ ៤ គន្លង។ ប៉ុន្តែយើងមកដល់ត្រឹមស្គន់ ទៅសៀមរាប គឺនៅត្រឹមតែ ១២ ម៉ែត្រ។ ១២ ម៉ែត្រក៏វាល្មមសមរម្យហើយ។ ប្រៀបធៀបនឹងផ្លូវជាតិដែលយើងមាន ខ្ញុំព្រះករុណាខ្ញុំ បើមិនច្រឡំទេ កាលពីជំនាន់ឯកឧត្តម ឃី តំាងលឹម បើកការដ្ឋានផ្លូវនេះ នៅឆ្នំា ២០០០ ដូចជានៅកន្លែងហ្នឹងដែរ កសាងម្តងហើយផ្លូវលេខ ៦ នេះ ដោយទុនធនាគារអភិវឌ្ឍន៍អាស៊ី។ ពេលនោះ គ្រាន់តែកសាងផ្លូវធម្មតា។

សូម្បីតែឆ្នំា ២០០០ ហើយ ដៃគូអភិវឌ្ឍន៍របស់យើងមួយចំនួនវាយតម្លៃការរីកលូតលាស់របស់យើងមិនទាន់ត្រូវទេ នៅបបួលយើងកសាងផ្លូវ ៧ ម៉ែត្រ ៨ ម៉ែត្រនៅឡើយទេ។ មិនទាន់ពង្រីកទៅដល់ ១០ ម៉ែត្រទេ។ វាយតម្លៃយើងអត់ត្រូវ ក៏ប៉ុន្តែលោកយាយ លោកតា កាលពីដើមយើងមានផ្លូវជាតិ ៧ ម៉ែត្រ ចាត់ទុកថាធំណាស់ ឥឡូវ ១២ ម៉ែត្រវានៅតែតូច។ ហេតុអ្វីបានជាមិនពង្រីក ៤ គន្លងតែម្តង។ ការពិតមិត្តចិនគាត់ក៏ចង់ផ្តល់ដែរ សម្រាប់ការពង្រីក ៤ គន្លង ចេញពីភ្នំពេញមកដល់ថ្នល់កែង ពីថ្នល់កែងទៅដល់សៀមរាប មិត្តចិនក៏ចង់ដែរ ក៏ប៉ុន្តែយើងវិញទេ ដែលមានការញញើតញញើម។ ដោយសារតែចិត្តសប្បុរសរបស់រាជរដ្ឋាភិបាលកន្លងមក ចំពោះប្រជាជន ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ គ្រាន់តែយើងដោះស្រាយផលប៉ះពាល់សម្រាប់ផ្លូវពីរទៅពីរមកប៉ុន្មានគីឡូ បូកជាមួយផលប៉ះពាល់ដទៃទៀត អស់ ២៧.៨១៥.៥៣៧ ដុល្លារអាមេរិក ហើយដោះមីន អស់ចំនួន ២.៤៣៩.៨០៦ ដុល្លារអាមេរិក។ ផ្លូវនេះបើសរុបទៅ គិតទំាងពន្ធដារផង គឺស្មើនឹង ៣១៥ លានដុល្លារអាមេរិកឯណោះ …។

ដើម្បីអនុវត្តគម្រោងការនីមួយៗ ត្រូវមានសាច់ប្រាក់ខ្លួនឯង

… សាច់ប្រាក់ ១២ លានជាង ស្មើនឹង ៥% នៃតម្លៃកិច្ចសន្យាសាងសង់ និងតម្លៃកិច្ចសន្យាកុងស៊ុលតង់ ដោះស្រាយផលប៉ះពាល់ជាង ២០ លាន(ដុល្លារ) ដោះស្រាយគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ ២ លាន ៤ សែនជាង។ គ្រាន់តែប៉ុណ្ណេះ អាចចង្អុលបង្ហាញថា បើរាជរដ្ឋាភិបាលមិនមានសន្សំប្រាក់ទេ មិនអាចអភិវឌ្ឍគម្រោងនេះបានទេ។ គ្រាន់តែបញ្ចេញទឹកប្រាក់នៅទីនេះ វាជិតតែនឹងជាង ៤០ លានដុល្លារអាមេរិក។ ដើម្បីអនុវត្តគម្រោងការមួយហ្នឹង ត្រូវមានសាច់ប្រាក់ខ្លួនឯង។ មិត្តចិនហើយដែលផ្តល់ភាពអនុគ្រោះអោយយើងបង់តិច។ ប្រទេសណាក៏ដោយ ទាមទារឲ្យបង់ ៣០%។ មានទាមទារឲ្យបង់លើសពីហ្នឹងទៀត ប៉ុន្តែក្រៅពីនោះ យើងត្រូវធ្វើបដិភាគ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងធ្វើផ្លូវទាំងនេះ ក៏យើងមិនបង្កើតឲ្យមានការរាំងស្ទះនៅតាមផ្លូវ នៅតាមបណ្តាទីប្រជុំជនទេ។ ដូច្នេះរាល់ទីប្រជុំជនទាំងអស់ យើងធ្វើផ្លូវវាងទាំងអស់ បានជាបង្កើតឲ្យមានការចំណាយធំ ប៉ុន្តែនេះគឺជាការជៀសមិនរួចទេ។

ខេត្តកំពង់ធំ នឹងលែងជាតំបន់ទៅហួសមកផុត

… ខ្ញុំព្រះករុណាខ្ញុំ គិតថាវាមិនយូរប៉ុន្មានទេ នៅក្នុងទឹកដីនៃខេត្តកំពង់ធំ អាចនឹងមានការដាក់រោងចក្រ ដែលយើងកំពុងតែជម្រុញទៅរកគោលដៅពង្រាយរោងចក្រនានា។ ប៉ុន្តែយ៉ាងហោចណាស់ ខេត្តកំពង់ធំរបស់យើងក៏បានក្លាយទៅជាគោលដៅនៃទេសចរណ៍ បន្ទាប់ពីសំបូរព្រៃគុកត្រូវបានដាក់ជាសម្បត្តិបេតិក​ភណ្ឌពិភពលោក។ នៅមិនដល់មួយខែទៀតទេ ដល់ខួបមួយឆ្នាំ នៃការដាក់សំបូរព្រៃគុកឲ្យទៅជាបេតិក​ភណ្ឌពិភពលោក។ ដូច្នេះទីរួមខេត្តកំពង់ធំ បន្តិចទៀតនឹងមានសណ្ឋាគារ ដែលនឹងទទួលភ្ញៀវទេសចរ ដែលគេអាចធ្វើដំណើរចេញពីទីក្រុងភ្នំពេញមក ហើយគេក៏អាចធ្វើដំណើរចេញពីសៀមរាប មកសម្រាកនៅកំពង់ធំ រួចហើយយកពេលទស្សនកិច្ចនៅសំបូរព្រៃគុករបស់យើង។ សង្ឃឹមថាកំពង់ធំមិនមែនជាទីកន្លែងទៅ​​ហួសមកផុតទៀតទេ។ មុននេះ កំពង់ធំគឺជាតំបន់ដែលគេទៅហួសមកផុត។ ឧទាហរណ៍ថាគេទៅព្រះវិហារ អញ្ចឹងគេទៅព្រះវិហារទៅ។ គេទៅហួស។ ដល់គេចង់ទៅសៀមរាប គេទៅហួសទៀត។

អញ្ចឹងទេ ឥឡូវយើងបានសំបូរព្រៃគុកមួយ ដើម្បីនឹងទាក់ទាញភ្ញៀវទេសចរដែលចំនួនចេះតែកើនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ​។ តាមរយៈនោះវិស័យសេវាក៏មិនត្រូវបានរីកលូតលាស់ យើងត្រូវប្រឈមនឹងបញ្ហាដោះស្រាយជាបន្តនូវបញ្ហាជាច្រើនទៀត មិនមែនចប់ត្រឹមហ្នឹងទេ។ ក្នុងខេត្តកំពង់ធំ ខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាក់អម្បាញ់មិញ គឺផែនការតភ្ជាប់រវាងខេត្តកំពង់ធំ និងក្រចេះឲ្យកាន់តែជិត រវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំងឲ្យ​កាន់តែជិត ក៏ប៉ុន្តែត្រូវតែមានផែនការជាក់លាក់ ត្រូវធ្វើកិច្ចការជាក់លាក់ ដើម្បីជៀសវាងផលប៉ះពាល់ទៅលើបរិស្ថាន ដែលទាក់ទងជាមួយនឹងបឹងទន្លេសាបដ៏ធំរបស់យើងផងដែរ។

រាជរដ្ឋាភិបាលមានការចាំបាច់អនុវត្តច្បាប់អស្សាមីករណ៍

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះអរគុណចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ហើយសុខចិត្តដកថយ ទទួលយកនូវសំណង។ ពិតហើយក្នុងចំណោមជាង ៤ ពាន់គ្រួសារដែលមានផលប៉ះពាល់ ក៏មានប៉ុន្មាន​គ្រួសារដែលរាជរដ្ឋាភិបាល ត្រូវចាប់បង្ខំអនុវត្តនូវច្បាប់អស្សាមីករណ៍ ព្រោះនៅពេលដែលជាង ៤ ពាន់គ្រួសារបានចាកចេញផុតទៅ នៅសល់ប្រមាណជាង ៤២ គ្រួសារដែលមិនព្រមចាកចេញ ទាមទារនូវតម្លៃមួយខ្ពស់​។ ដើម្បីបម្រើនូវផលប្រយោជន៍សាធារណៈគឺតម្រូវឲ្យមានការអនុវត្ត ព្រោះបើមិនអញ្ចឹងទេ ចម្ងាយផ្លូវ ២៥០ គីឡូម៉ែត្រ ហើយប្រជាពលរដ្ឋជាង ៤ ពាន់គ្រួសារបានដកថយ ទទួលយកសំណងហើយ ឯអ្នកប៉ុន្មានគ្រួសារនេះមិនព្រមចាកចេញ ហើយទារសំណងលើស។ អញ្ចឹងច្បាប់អស្សាមីករណ៍ ដែលតម្រូវឲ្យមានការបម្រើផលប្រយោជន៍សាធារណៈ រដ្ឋត្រូវអនុវត្ត។ សុំអធ្យាស្រ័យលើបញ្ហាទាំងនោះ ដោយធ្វើឲ្យអ្នកទាំងនោះមិនពេញចិត្ត។ ពិតហើយប្រជាពលរដ្ឋរបស់យើងសុទ្ធតែអ្នកទទួលផល ទោះបីអ្នកនៅជិត អ្នកនៅឆ្ងាយ ប៉ុន្តែអ្នកនៅជិតផ្លូវនេះតែម្តងដែលអ្នកទទួលផលពីផ្លូវមួយនេះ។ លំហូរមនុស្សលំហូរទំនិញទៅតាមផ្លូវនេះច្រើនណាស់ ដែលធ្វើឲ្យប្រជាជនបានទទួលផល។

អំណរគុណការរួមដំណើរតាំងពីប្រមាណជិត ៤០ ឆ្នាំ

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា យើងនឹងបន្តរួមដំណើរជាមួយគ្នាបន្តទៀត លោកយាយ លោកតា លោកអ៊ំ មាមីងទាំងឡាយ ដែលធ្លាប់ដឹងរឿងអតីតកាល ពិតជាមិនទាន់ភ្លេចទេ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះថ្លែងអំណរគុណចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្រុសបងស្រី ប្អូនប្រុសប្អូនស្រី ដែល​បានរួមដំណើរជាមួយខ្ញុំព្រះករុណាខ្ញុំ តាំងពីប្រមាណជិត ៤០ ឆ្នាំមុននោះ។ បើគ្មានការគាំទ្រពីលោកយាយ លោកតា ពីលោកអ៊ំ មាមីង និងបងប្អូនជនរួមជាតិទេ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមិនអាចសម្រេចជោគ​ជ័យក្នុងការនាំប្រទេសចេញពីសង្គ្រាម ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយការអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាព​ជាតិទាំងស្រុងនោះទេ ហើយក៏មិនអាចនាំមកនូវការវិវឌ្ឍលូតលាស់ ដែលលោកយាយ លោកតា គាត់នៅចាំខ្លួនឯងថា កាលពីឆ្នាំ ១៩៧៩ តើខ្លួនមានអី ដល់ពេលនេះខ្លួនមានអី?

មិនអាចធ្វើតាមចិត្តចង់ទេ មិនប្រៀបធៀបជាមួយប្រទេសដែលអភិវឌ្ឍរយឆ្នាំហើយទេ

លោកយាយលោកតាជាសាក្សីរស់។ បើទោះបីលោកយាយ/តា មានការមិនពេញចិត្តលើចំណុចនេះ ឬចំ​ណុចនោះ មិនទាន់ស្កប់ស្កល់ជាមួយនឹងអ្វី ដែលតាមការចង់បានរបស់ខ្លួន ក៏ប៉ុន្តែស្ថានភាពចេញដំណើររបស់យើងលំបាកណាស់ រកតែស្បែកជើងពាក់មិនបានផង នៅពេលនោះ។ ពេលនេះ លោកយាយ/តា បានទទួលនូវទីវត្តអារាមសម្រាប់ការគោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនា។ លោក/អ្នកគ្រូបានទៅបង្រៀន កូនសិស្សបានចូលសាលារៀន ដែលនៅក្នុងខេត្តកំពង់ធំរបស់យើងនេះ ពេលនេះមានមេត្តយ្យសាលារហូតទៅដល់ ១៨៨ កន្លែង មានបឋមសិក្សា ៤៧០ កន្លែង អនុវិទ្យាល័យ ៦៧ កន្លែង វិទ្យាល័យ ២៤ កន្លែង​។ នេះជាចំនួនមួយដ៏ច្រើន ដែលក្នុងនោះអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំដែលបានដាក់មកនៅទីនេះ គឺមានចំនួន ១៨៩ ខ្នង ស្មើនឹង ៨៣៦ បន្ទប់ ក្នុងនោះអគារផ្តល់ថ្មី ៩ ខ្នង ១៣៣ បន្ទប់ សុទ្ធតែជាអគារទំនើប។ ចំណុចនេះយើងធ្វើដំណើរតាមមួយ មិនអាចទៅតាមចិត្តយើងចង់ទេ ព្រោះយើងគ្មានប្រាក់។ អ្នកខ្លះចង់ឲ្យយើងប្រៀបធៀបជាមួយនឹងប្រទេសគេ ដែលគេអភិវឌ្ឍ ២០០ ឆ្នាំហើយ។

កំពង់ធំ ជាឈ្នាន់ទាក់ទងទៅអន្លង់វែង នាំដល់ការសម្លាប់ សុន សេន និងគ្រួសារយ៉ាងអាណោចអធ័ម

អ្នកខ្លះចង់ឲ្យយើងធ្វើតាមគេ ដែលគេអភិវឌ្ឍរាប់សិបឆ្នាំហើយ។ យើងត្រូវចាំថា ឆ្នាំ ១៩៧៩ យើងសល់តែបាតដៃទទេ ហើយបាតដៃនោះក៏ត្រូវរបួសទៀតផង។ សង្គ្រាមនៅញាំញីនៅតំបន់នេះ​ តំបន់កំពង់ធំអាចចាត់​ទុកថាជាតំបន់ បើនិយាយពីរំលត់សង្រ្គាមឲ្យផុតពីទឹកដី ស្មើនឹងខេត្តសៀមរា​ប និងខេត្តឧត្តរមានជ័យដែរ ព្រោះជាផ្នែកដែលជាឈ្នាន់ទាក់ទងទៅអន្លង់វែង។ ខ្ញុំចាំមិនភ្លេចទេ យកប្អូនថ្លៃ សុន សេន ឲ្យមកឈរជើងនៅប្រាសាទបល្ល័ង្កដើម្បីធ្វើឈ្នាន់ចូលទៅអន្លង់វែង។ ដូច្នេះហើយបាន ប៉ុល ពត សង្ស័យ សុន សេន។ ពេលនោះ នី កន និង សុន ឈុន ត្រូវតែងតាំងជាទីប្រឹក្សាក្រសួងការពារជាតិ ហើយប្អូន សុន សេន ឈ្មោះ​លោក ឆន ត្រូវបានបញ្ចូនឲ្យមកធ្វើឈ្នាន់រុញចូលទៅអន្លង់វែង បង្កើតជាការសង្ស័យ ដែល ប៉ុល ពត​សម្លាប់ សុន សេន ទាំងគ្រួសារ។ ជារឿងអាណោចអធ័មមួយ។ ក៏ប៉ុន្តែ នេះជាបញ្ហាពាលស៊ីពាល។ របៀបសម្លាប់មនុស្សរបស់ ប៉ុល ពត ធ្វើតាំងពីលើរហូតដល់ក្រោម មិនរើសមុខអ្នកណាមួយនោះទេ។

សម្រេចចិត្តរក្សាសន្តិភាព និងអភិវឌ្ឍ បោះឆ្នោតជូណគណបក្សប្រជាជន

ប៉ុន្តែ ឥឡូវប្រ​ទេសមានសន្តិភាពហើយ សូមចូលរួមរក្សាសន្តិភាពនេះ ដើម្បីធានាការអភិវឌ្ឍបន្ត កុំឲ្យប្រទេសយើងធ្លាក់ទៅក្នុងសង្រ្គាម ដូចឆ្នាំ ១៩៧០ … បើកុំមានសង្រ្គាមឆ្នាំ ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដែរ ហើយក៏គ្មានអ្វើកើតឡើងនោះដែរ បើសិនទុកឲ្យព្រះករុណា ព្រះបិតា ព្រះអង្គបន្តដំណើរដឹកនាំប្រទេសនេះ។ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍវាជាការងាយស្រួលទេ គឺលោកយាយ/តា បងប្អូនប្រជាពលរដ្ឋរបស់យើង​ជាយុវជន ដែលគ្រប់អាយុបោះឆ្នោត ធ្វើការសម្រេចចិត្តតែប៉ុណ្ណោះ។ តើសម្រេចចិត្តរក្សាសន្តិភាព និងការអភិវឌ្ឍនេះឬទេ? បើសិនជាសម្រេចចិត្តដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍដែលមានរួចមកហើយ គឺបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា មាន​លេខរៀងទី ២០ ទៅ គឺធានាបានហើយ។ ការធានានេះ មិនមែនជាការធានាខ្យល់ទេ។ សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងតែរស់ក្រោមដំបូលសន្តិភាពហើយតើ កំពុងទទួលបានការអភិវឌ្ឍជាជំហានៗហើយ។ មិនមែនជាការភូតភរទេ។ លើដំណើរផ្លូវជាក់ស្តែង …។

ខឹងគោ កុំវាយរទេះ

ក្មួយៗត្រូវចាំ បើមានសង្រ្គាម កុំសង្ឃឹមថាក្មួយបានទៅបង្រៀន។ ព្រោះអ្វី? សាលាត្រូវគេដុតដូចសម័យមានសង្រ្គាមអញ្ចឹង។ សម័យមានសង្រ្គាមត្រូវគេដុត ទម្លាក់គ្រាប់បែក។ កុំសង្ឃឹម ការដែលបានទៅបង្រៀននោះ កូនសិស្សក៏គ្មានលទ្ធភាពរៀន គ្រូក៏គ្មានលទ្ធភាពទៅបង្រៀនដែរ។ កាលពីសម័យព្រះករុណាក៏មានសាលាដែរ ប៉ុន្តែសាលាទាំងនោះក្លាយទៅជាបន្ទាយទាហាន រហូតមានសាលាមួយចំនួនក្លាយជាគុកធ្វើទារុណកម្មសម្លាប់មនុស្សទៀតផង។ តើនោះជាអ្វី ? ឥឡូវនេះ ប្រៀបធៀបគ្នាមើល។ មិនមែនជាការឃោស​នានោះទេ ក៏ប៉ុន្តែ ប្រជាពលរដ្ឋអាចប្រៀបធៀបបាន។ សម័យមុនជួបប្រទះរឿងអី ហើយសម័យ ប៉ុល ពត និងសម័យសង្រ្គាមជួបប្រទះរឿងអី ឥឡូវនេះ កំពុងមានសន្តិភាពបាន និងជួបប្រទះរឿងអី?  ពិតហើយមិនទាន់ស្កប់ស្កល់ និងមិនទាន់ពេញចិត្តចំពោះទង្វើខ្លះនៃមន្រ្តីនៅខាងក្រោមទេ ក៏ប៉ុន្តែ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងមិនខឹងគោ វាយរទេះទេ។ ខឹងមេភូមិ មកខឹងដល់ ហ៊ុន សែន ដែរ។ ខឹងមេឃុំមកខឹងដល់ ហ៊ុន សែន ដែរ។ កូនវាមានតក់ មាននាឡិ។ លោកយាយ/តា ជួយគិតមើល ម្តាយខ្ញុំគាត់និយាយប្រាប់ខ្ញុំកាលពីខ្ញុំនៅតូច គាត់ថាដើម្បីចិញ្ចឹមពួកខ្ញុំរស់ សក់ក្បាលអញមួយជ្រៀកជា ១០។ ដល់ក្រោយមកខ្ញុំធ្វើនាយករដ្ឋមន្រ្តីខ្ញុំបានប្រាប់ចំពោះគាត់វិញថា កាលពីដើមម៉ែឯងសក់មួយសរសៃជ្រៀក ជា ១០ ឥឡូវខ្ញុំត្រូវជ្រៀកជា ១ ពាន់។ ម៉ែគ្រាន់តែទទួលខុសត្រូវមួយគ្រួសារ កូន ៦ នាក់ តែប៉ុណ្ណឹង …។

គណបក្សប្រជាជនឈ្នះ គឺប្រជាជនជាអ្នកឈ្នះ

ខ្ញុំត្រូវទទួលខុសត្រូវមនុស្សរាប់លាននាក់។ ទូទាំងប្រទេស បើធ្វើមិនស្រួលទេប្រជាជននឹងស្លាប់ ជួបប្រទះនឹងមហន្តរាយ អញ្ចឹងទេ បានជាចំណុចនេះមិនមែនចំណុចធម្មតាពេក​ទេ។ ខ្ញុំសង្ឃឹម ហើយអរគុណប្រជាពលរដ្ឋដែលធ្លាប់បានគាំទ្រចំពោះគណបក្សប្រជាជនកន្លងទៅ ហើយអរគុណទុកជាមុនថា ប្រជាជននឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនជាបន្តទៀត។ បើចង់រក្សាសន្តិភាព ចង់រក្សាការអភិវឌ្ឍ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនដែលមានសញ្ញាទេវតាបាចផ្កានៅលេខរៀងទី ២០ … គណបក្សប្រជាជនឈ្នះ គឺប្រជាជនជាអ្នកឈ្នះនោះឯង។ យើងឈ្នះត្រង់ថាប្រទេសយើង មិនកើតសង្រ្គាមឡើងវិញដោយការបំផ្លិចបំផ្លាញរបស់ជនណា ឬក្រុមណា។ យើងឈ្នះ ដោយសារយើងមានលទ្ធ​ភាពកសាងជីវភាពដោយខ្លួនយើង ដោយគ្មានអ្នកណាបង្គាប់បញ្ជាដូចសម័យកាលដែលប្រទេសមានសង្រ្គាម និងការបែកបាក់នោះទេ។

និយាយពីរឿង ផែង វណ្ណៈ​ និង ខាន់ ចាន់សុផល

រឿងរ៉ាវវាមិនចេះចប់។ យប់មិញនេះ ក៏ខំមើល ហើយខ្ញុំព្រះករុណាខ្ញុំ សុំយកពីទីនេះឲ្យអំពាវនាវ រឿងដែលកើតនៅបន្ទាយមានជ័យ រឿងបញ្ហាពោតស្ងោរ ពោតដុត។ ខ្ញុំសូមអំពាវនាវ ឲ្យបញ្ចប់រឿងនេះ?  ដើម្បីការ​ពារតម្លៃព្រះពុទ្ធសាសនា និងការពារតម្លៃស្រ្តីខ្មែរ។ រឿងមនុស្សតែ ២ នាក់ ធ្វើអោយរញ្ជួយមេឃ រញ្ជួយ​ផែនដី ធ្វើឲ្យពោតឡើងថ្លៃ ធ្វើឲ្យពោតចុះថ្លៃ។ ជារឿងមិនសមហេតុទាល់តែសោះ។ យប់មិញខ្ញុំតាមមើលទៀត … វាគ្មានចាប់ផ្តើមពីអ្នកណាទេ និយាយឲ្យវាត្រង់ អ្នកដែលពូកែបង្កើតរឿង ផែង វណ្ណៈ នេះមួយនិយាយឲ្យ​ចំ​តែម្តងទៅ សម្ភាសន៍ខាងលោក។ ឯទី ២គឺ ខាន់ ចាន់សុផល ទៅសម្ភាសន៍​ខាងស្រី។ វាមិនខុសពីចាប់សង្អារជល់គ្នាទេ។ បង្កើតរឿងវែងឆ្ងាយទៅដល់ណាទៀត។ ពីរនាក់នេះសុទ្ធតែជាមន្ត្រីយោធា។ អស់លោកនៅតែបន្ត មិនខំរំងាប់អធិករទេ … តើវាមានផលចំណេញអីទៅ ?​ ខាងព្រះសង្ឃក៏ត្រូវបានទទួលពិន័យរួចហើយ។ ឯខាងស្រ្តីក៏ទទួលភាពអាម៉ាស់ច្រើនណាស់ទៅហើយ។ តើខ្ញុំអាចសុំបានទេអស់លោកអ្នកលេងហ្វេសប៊ុក ទាំងឡាយបង្ករឿងដល់ណាទៀត …។

ព្រះពុទ្ធសាសនាមិនគប្បីអាប់ឱនដោយការប្រព្រឹត្តមិនគប្បីនៃសង្ឃមួយអង្គ ឬពីរអង្គទេ

តើដំណើរជាតិយើងវាយ៉ាងម៉េច? បើគ្រាន់តែរឿងប៉ុណ្ណឹង? ព្រះពុទ្ធសាសនាមិនគប្បីអាប់ឱនតាមរយៈការប្រព្រឹត្តអំពើមិនគប្បីចំពោះសង្ឃមួយអង្គ ឬពីអង្គទេ ហើយស្រី្តខ្មែរ មិនគប្បីត្រូវបង្ខូចយសដោយសារទង្វើខុសឆ្គងរបស់ស្ត្រីម្នាក់ ឬពីរនាក់ដែរ។ តើខ្ញុំអាចសុំបានទេពីមន្ត្រីយោធាទាំងពីរនេះ? បើសុំមិនបានជម្រើសដែលនៅសេសសល់មានតែដេញចេញពីជួរ ឲ្យទៅធ្វើអ្នក Facebook តែម្តងទៅ … និយាយពី ផែង វណ្ណៈ ឯណោះ អាជ្ញាធរសៀមរាបគេឈរប៉ុនមេឃប៉ុនដី ឯងទៅឯណាចេះដឹងរឿងប្លង់ដី ប្លង់ស្អីឯណា។ តើគេធ្វើស្អីអាហ្នឹង? គេចង់ល្បីខាងហ្វេសប៊ុក ឬស្អី? គេបើកផ្លូវ … ឯងទៅដោះស្រាយចង់ធ្វើតុលាការ ប៉ាវ ចិន ឬស្អី​? ចង់បញ្ជូនឲ្យរដ្ឋមន្ត្រីបានដឹង។ នាយករដ្ឋមន្ត្រីមានតែហៅទូរស័ព្ទសួរ ផែង វណ្ណៈ មើល ផែង វណ្ណៈ ឯងស្គាល់រឿងហ្នឹងប៉ុណ្ណា។ កាលពីថ្ងៃសៅរ៍ទូរស័ព្ទជួប ផែង វ​​​ណ្ណៈ​​​។ ផែង វណ្ណៈ សុំទោស។ អញ្ចឹងអ្នកដែលពឹង​ ផែង វណ្ណៈ លើបញ្ហាបើកផ្លូវនៅសៀមរាប មិនត្រូវយកជាការបន្តទៀតទេ …។

រឿងមនុស្សពីរនាក់សោះ។ គ្នាបានជាអញ្ចឹងទៅហើយ គួរអាណិតគ្នាផង។ មនុស្សណាដែលមិនប្រព្រឹត្តខុសនោះ តែទុកពេលវេលាឲ្យគ្នាកែប្រែទៅបានទេ។ ចង់ឈ្នះចង់ចាញ់។ បើចង់ចាញ់ចង់ឈ្នះឲ្យគាត់តែពីរនាក់ហ្នឹងទៅ។ កុំយើងទៅបង្ហោះរឿងកើតចេញពេញពិភពលោកនោះ។ មានអ្នកបកស្រាយពីខាងក្រៅប្រ​ទេស ខ្ញុំក៏ចេះតែស្តាប់ទៅ ក៏ប៉ុន្តែរឿងបកស្រាយពីក្រៅប្រទេសគឺជារឿងមួយ ជាសិទ្ធិនៃការបញ្ចេញមតិ ក៏ប៉ុន្តែមិនសមនឹងមន្ត្រីយោធារបស់ឯងនេះទៅចាប់សង្អារជល់គ្នា …។ ខ្ញុំអំពាវនាវប្រជាពលរដ្ឋស្ងប់ ហើយបើសិនគេក្តីក្តាំងគ្នាទៅតុលាការ ក៏ទុកឲ្យគេក្តីក្តាំងគ្នានៅតុលាការទៅ …។

អាកាសធាតុមិនអំណោយផលសម្រាប់ការហោះហើរ

ដោយសារធាតុអាកាសមិនអំណោយផល គេអោយខ្ញុំព្រះករុណាខ្ញុំស្រូតត្រឡប់ទៅវិញ ប៉ុន្ដែ​បើពិបាក មានការចុះព្រឹប(លើផ្លូវលេខ ៦)រួចខ្លួន។ បើកាត់ទន្លេសាប រាងយ៉ាប់​បន្ដិច។ អាធំវាអត់អីទេ ប៉ុន្ដែព្រឹកមិញមានបានត្រៀមខ្លួនជិះអាធំមកឯណា ត្រៀមខ្លួនជិះអាតូច ដល់តែត្រៀមខ្លួនជិះអាតូចប៉េលប៉ាលៗ។ ប៉ុន្ដែអាហ្នឹងហោះទាបៗបាន ស្រណុកបន្ទាបខ្លួន​ចុះ​បណ្ដោយ រួចហើយហៅតាក់ស៊ីជិះទៅភ្នំពេញ …។

អំណោយសម្រាប់អ្នកចូលរួម

ហើយថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់​សមួយដុំ ថវិកា ២ ម៉ឺនរៀល។ ជូនក្រុមកាយាឬទ្ធិ និងកាកបាទក្រហម ២០០​ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ​ជូនសិស្សានុសិស្សចំនួន ២៧៦៩ នាក់ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូន​គរុ​សិស្ស​​ចំនួន ១៨៩ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀលដែរ បន្ដិចទៀតចេញ​ទៅបង្រៀន​ហើយ​ក្មួយ​ ។ ជូនលោក​គ្រូ​អ្នក​គ្រូ ១៦៩ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យកំពង់ធំ សង្កាត់អាចារ្យ​លក្ខណ៍ ថវិកា ២ លានរៀល​។ ជូនសាលាគរុកោល្យវិក្រឹត្យការខេត្ដកំពង់ធំចំនួន ៣ លានរៀល។ ជូនមណ្ឌល​សុខភាព​ព្រៃប្រស់ ថវិកា ២ លានរៀល។ជូនសាលាស្រុកកំពង់ស្វាយ ថវិកា ២ លានរៀល។ ជូនតន្ដ្រី​​សម័យ​ថវិកា ៥ លានរៀល។

វិទ្យាល័យកសាងបានប៉ុន្មានហើយ? ប៉ុន្ដែតាំងគោកយើងធ្វើមុន? (ចូលរៀនហើយ)ឯយើង​នៅ​នេះ​​កំពង់ធំហើយ កាលហ្នឹងដូចអោយប៉ុន្មានវិទ្យាល័យនោះ (៤វិទ្យាល័យ) ចាប់ពីកំពង់ធំទៅកំពង់ថ្ម ហើយសាលា​បឋមសិក្សាអនុវត្ដន៍អាហ្នឹងក៏ហើយដែរ? ដូច្នេះសមិទ្ធផលវាចេះតែកើតបន្ដិចម្ដងអញ្ចឹង។ ជាមួយការប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៦ ប្រវែង ២៤៨.៥៣ គីឡូម៉ែត្រ ចាប់​ពី​ថ្នល់កែង/កំពង់ចាម ទៅ​ដល់អង្ក្រងខេត្ដ/សៀមរាប ក្រោមហិរញ្ញប្បទានសាធារណរដ្ឋប្រជាមានិត​ចិន ​និងថវិកាបដិ​ភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ សម្ដេច ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្ដម លោក​ជំទាវ អស់លោក លោកស្រី អ្នកនាង បងប្អូនជនរួមជាតិ សូមជួបពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ