លោកជំទាវ លំ គន្ធារី ដឹកនាំបើកវេទិកាសាធារណៈនៅឃុំក្ដីដូង នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

(កំពង់ធំ)÷ នាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២រសៀល នៅសាលាឃុំក្ដីដូង នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានបើកវេទិកាសាធារណៈមួយរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្ដីដូង និងប្រជាពលរដ្ឋនៅមូលដ្ឋានប្រមាណ ២០០នាក់។ វេទិកាសាធារណៈនេះ ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោកជំទាវ លំ គន្ធារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្ដីដូង ព្រមជាមួយនិងឯកឧត្តមអនុប្រធាន និងលោក លោកស្រីជាសមាជិកក្រុមការងារ។ ក៏មានផងដែរ វត្តមានរបស់មន្ត្រីជំនាញមកពីបណ្ដាការិយាល័យក្នុងស្រុកកំពង់ស្វាយ និងមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

មានមតិថ្លែងបើកវេទិកា លោកជំទាវ លំ គន្ធារី បានលើកឡើងថា វេទិកាសាធារណៈនេះមានសារៈសំខាន់ណាស់ ដោយវាជាយន្តការមួយក្នុងការលើកកម្ពស់គណនេយ្យភាព តម្លាភាព ការទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងដំណើរការអភិបាលកិច្ចនៅមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនិងជាអទិភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ វេទិកានេះធ្វើឡើងក៏ដើម្បីធានាថា រាល់សំណូមពរ សំណើ និងបញ្ហាផ្សេងៗ របស់ពលរដ្ឋនៅឃុំក្ដីដូងនឹងត្រូវបានកត់ត្រាទុក ដោះស្រាយ និងឆ្លើយតប។

អង្គវេទិកាបានទទួលយកនូវសំណើ និងសំណូមពរចំនួន ៨ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការសុំសាងសង់ឬជួសជុលផ្លូវ-ស្ពាន-ប្រឡាយទឹក ការសាងសង់ប្រពន្ធលូរំដោះទឹក ការស្នើសុំទប់ច្រាំងស្ទឹងកុំឲ្យបាក់ដី សំណើសុំបង្គោលអគ្គិសនីបន្ថែម និងសំណើសុំសាងសង់មណ្ឌលសុខភាពថ្មីមួយ។ ក្នុងនោះសំណើនិងសំណូមពរចំនួន៦ករណីត្រូវបានទទួលយកនិងដោះស្រាយរួចនៅនឹងកន្លែង ដោយឡែកសំណើចំនួន២ទៀតពាក់ព័ន្ធនឹងបង្គោលអគ្គិសនីនិងសំណើសុំទប់ច្រាំងស្ទឹងកុំឲ្យបាក់ដី ត្រូវបានកត់ត្រាទុក និងបានស្នើបន្តទៅក្រុមការងារថ្នាក់ជាតិដើម្បីគិតគូរដោះស្រាយបន្ត។

មុននឹងបញ្ចប់ លោកជំទាវប្រធានក្រុមការងារបានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអង្គការសមាគមនានា ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនពលរដ្ឋដោយមិនគិតនឿយហត់ និងសម្រេចបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ ជាមួយគ្នានេះ លោកជំទាវក៏បានសំណូមពរឲ្យពលរដ្ឋនៅមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញនានា ដើម្បីសម្រួលដល់ការសាងសង់សមិទ្ធផលផ្សេងៗនៅមូលដ្ឋានឲ្យបានរលូននិងជោគជ័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទូទាំងឃុំ និងនៅបណ្ដាឃុំជិតខាងផងដែរ។

អង្គវេទិកាសាធារណៈនេះបានបិទបញ្ចប់ទៅនៅម៉ោង៤រសៀលថ្ងៃដដែល ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាតរៈ និងភាពស្និទ្ធស្នាលជាទីបំផុត៕

   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ