សម្រង់ប្រសាសន៍ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៤

CNV:

ជាបឋមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយបង្គំ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់; សូមថ្វាយបង្គំសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់; សូមថ្វាយបង្គំ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ​ ជាមេត្រី

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្ដីសោមនស្ស និង កិត្តិយសបំផុត ដែលបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា–ចក្រកម្ពុជា ទ្រង់ព្រះបរមរាជានុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមដោយផ្ទាល់ក្នុងពិធីបើក «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី៣២» នាពេលនេះ។

ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង ក្នុងនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ សូមថ្លែងអំណរព្រះគុណ និង អរគុណប្រកបដោយសទ្ធាជ្រះថ្លា និង សូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និមន្ត និង អញ្ជើញចូលរួមក្នុងពិធីអនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ដើម្បីកំណត់នូវបញ្ហាប្រឈម មូលហេតុនៃបញ្ហាប្រឈម កាត់បន្ថយ និង លុបបំបាត់នូវបញ្ហាទាំងឡាយ និង រកដំណោះស្រាយសមស្រប ក្នុងការរួមចំណែកដល់ការកាត់បន្ថយនូវបញ្ហានានា ក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ពុទ្ធបរិស័ទ និង​ សង្គមជាតិទាំងមូល សំដៅអភិរក្ស និង អភិវឌ្ឍព្រះពុទ្ធសាសនា ទ្រទ្រង់ និង លើកកម្ពស់សីលធម៌សង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសុខដុមរមនា និង ចីរភាព។

ជាមួយគ្នានេះ ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និង សាសនា ដែលបានលើកឡើងពីការ​វិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យធម្មការ និង សាសនា ជាពិសេស ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និង ពង្រីកពុទ្ធិកសិក្សា, ចំណែកវិស័យពាហិរសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ហើយគ្រប់សាសនាបានរួមគ្នាធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកថែរក្សាឱ្យបានសុខដុមរមនាសង្គម សន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព និង ភាពធន់។

សាសនាជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះ ជាអត្តសញ្ញាណ និង គុណតម្លៃរួមដឹកនាំជីវិតរបស់មនុស្ស នៅក្នុងសង្គមនីមួយៗ ធ្វើឱ្យផ្នត់គំនិត ឥរិយាបទ សកម្មភាពមនុស្សមានភាពសមរម្យ និង មានលក្ខណៈប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ។

ពិភពលោកបច្ចុប្បន្នមានការប្រឈមច្រើន, ដូចជា សង្រ្គាម អំពើហិង្សា កម្មវិបាកនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និង បញ្ហាជាច្រើនទៀត បានដាក់សម្ពាធធ្ងន់ធ្ងរលើស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ច និង ជីវភាពរបស់ប្រជាពលរដ្ឋ ដោយធ្វើឱ្យប្រជា-ជនមានភាពតានតឹងក្នុងអារម្មណ៍ និង ព្រួយបារម្ភច្រើន, ដែលការណ៍នេះ បង្កការប៉ះពាល់ដល់សុខភាពផ្លូវកាយ និង ផ្លូវចិត្ត ។ បើសុខភាពផ្លូវចិត្តមិនល្អ បញ្ញាស្មារតីធ្លាក់ចុះ សភាវៈអាក្រក់នឹងចូលទៅដឹកនាំគ្រប់គ្រងការគិត និង ទង្វើរបស់មនុស្ស, ដែលធ្វើឱ្យមានកម្ម វិបាកអវិជ្ជមានលើ មនសិការ គុណធម៌ សីលធម៌ សាមគ្គីធម៌ សុខដុមរមនាសង្គម សន្តិភាព និងការអភិវឌ្ឍ។

ក្នុងបរិការណ៍នេះ, ការអប់រំតាមរយៈព្រះពុទ្ធសាសនា កាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកចម្រើនខាងសម្ភារ និង ស្មារតី ត្រូវតែមានតុល្យភាព និង ល្បឿនស្មើគ្នា ហើយការស្វែងរកភាពមានបានខាងផ្នែកសម្ភារ: ត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ សមធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ។ ដូច្នេះ, វាពិតជាមានភាពចាំបាច់ និង បន្ទាន់ ក្នុងការបញ្ជ្រាបការ យល់ដឹងដល់សង្គម ដើម្បីពន្យល់ឱ្យមើលឃើញពីគុណតម្លៃ និង ផលប្រយោជន៍នៃការប្រតិបត្តិតាមធម៌វិន័យ ការគោរពច្បាប់ ការលើកកម្ពស់សុជីវធម៌ មនុស្សធម៌ សីលធម៌ និង គុណធម៌។ ជាការពិត, គ្រប់សាសនា សុទ្ធសឹងតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការ ទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល ។ មិនតែប៉ុណ្ណោះ, ទ្រឹស្តីសាសនាក៏ជាបទដ្ឋាននៃគុណតម្លៃរួម ដើម្បីជួយឱ្យសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និង ការអភិវឌ្ឍ ហើយក៏ជាមាគ៌ា សម្រាប់អ្នកប្រតិបត្តិគ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រយោជន៍, ទាំងលោកនេះ និង លោកខាងមុខផងដែរ។

លើសពីនេះ, ព្រះពុទ្ធសាសនានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ត្រូវបានមេដឹកនាំនៃបណ្ដាប្រទេសជាច្រើន, ជាពិសេស ប្រទេសមហាអំណាចធំៗ បានយល់ឃើញស្របគ្នាថា ព្រះពុទ្ធសាសនាជាសាសនានៃសន្តិភាព អហិង្សា និង ស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវលើកកម្ពស់ ។ ជាក់ស្ដែង, យើងបានឃើញមានគំនិតផ្តួចផ្ដើមជាច្រើនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដូចជាទិវាវិសាខបូជារបស់អង្គការសហប្រជាជាតិ (UNDV) កិច្ចប្រជុំកំពូលពុទ្ធសាសនិក និងសន្និសីទព្រះពុទ្ធសាសនាជាច្រើនទៀត, ដែលសុទ្ធតែមានគោលដៅយកព្រះពុទ្ធសាសនាជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា ក្នុងបរិការណ៍នៃភាពតានតឹងរវាងគុណតម្លៃនៃសេរីភាព និង ការប្រតិបត្តិសាសនា ដើម្បីធានាឱ្យបាននូវសុខសន្តិភាពប្រកបដោយចីរភាព សម្រាប់តំបន់ និងពិភពលោក ។

ក្រោមម្លប់នៃសុខសន្តិភាពតាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រទេសជាតិមានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និង ស្ថិរភាពនយោបាយ ហើយសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងគត់មត់ក្នុងរយៈពេលជាង ២៦ ឆ្នាំកន្លងទៅនេះ ។ កត្តានេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមំា និង ជាកាលានុវត្តភាពយ៉ាងធំធេង​សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ, ក្នុងនោះ វិស័យសាសនាក៏មានការរីចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និង គុណភាព។

ផ្អែកលើគុណតម្លៃ និង តួនាទី​របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ រដ្ឋធម្មនុញ្ញនៃព្រះរាជា-ណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ថា «ព្រះពុទ្ធសាស​នា​ជាសាសនារបស់រដ្ឋ» ហើយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ (ប្រមាណ ៩៧%) បានគោរព និង ប្រតិបត្តិព្រះពុទ្ធសាសនា។ ទោះជាយ៉ាងនេះក្តី, រដ្ឋធម្មនុញ្ញ ច្បាប់ និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ​ពុំមានការរឹតត្បិត​លើសិទ្ធិសេរីភាពខាងសាសនានោះទេ, ពោល គឺប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញទី​ខាងជំនឿ ។ សេរីភាពខាងជំនឿ និង ការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និង សន្តិសុខសាធារណៈ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ឃើញថា ដើម្បីឱ្យស័ក្ដិសមនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ យើងត្រូវខិតខំបន្តទៀត ដើម្បីអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនខ្ពង់ខ្ពស់ឡើងមួយកម្រិតថ្មីទៀត តាមរយៈការពង្រឹងតួនាទី ភារកិច្ចដឹកនាំ ការគ្រប់គ្រង និង ការពង្រឹងពង្រីកចំណេះដឹងពិតរបស់ព្រះពុទ្ធសាសនាក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតឱ្យបានរឹងមាំ។ ក្នុងន័យនេះ ប្រជាពលរដ្ឋកម្ពុជានឹងបានយល់ជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត មើលឃើញកាន់តែច្បាស់អំពីភាពចាំបាច់ និង បន្ទាន់សម្រាប់ការប្រតិបត្តិតាមបរមពុទ្ធោវាទ ដែលផ្ដោតលើការមិនធ្វើនូវអំពើអាក្រក់គ្រប់យ៉ាង ការធ្វើនូវអំពើល្អ និង ការសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ ដែលជាគុណតម្លៃសំខាន់ចាំបាច់សម្រាប់ជួយឱ្យសង្គមមានភាពសុខដុមរមនា។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

ឥឡូវទុកព្រះរាជតំណាងមួយអន្លើ … សុំថា បើករង្វង់ក្រចក ចាកចេញពីព្រះរាជតំណាង មក ហ៊ុន សែន ម្ដង​។ រៀងរាល់ឆ្នាំ ព្រះករុណាព្រះមហាក្សត្រព្រះអង្គតែងតែប្រទានឲ្យធ្វើជាព្រះរាជតំណាងឲ្យប្រធានព្រឹទ្ធសភា ឯចំ​ពោះរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំបានចូលខ្លះដែរ តែភាគច្រើនបានផ្ដល់ឲ្យសម្ដេច ម៉ែន សំអន ធ្វើជាតំណាង។ ឥឡូវ ឮសូរថា នាយករដ្ឋមន្រ្តីមកចូលរួមខ្លួនឯង ដោយសារគេមានកម្លាំងគ្រាន់បើ។ ដូច្នេះគេអាចមកបិទ។ ពេល​បិទ នាយករដ្ឋមន្រ្តីនឹងមកខ្លួនឯង។ អញ្ចឹងល្អហើយ។ កាលពីមុន ឲ្យតំណាង(មក) គឺឧបនាយករដ្ឋមន្រ្តីមួយមកបិទ។ ឥឡូវនាយករដ្ឋមន្រ្តីខ្លួនឯងនឹងមកបិទ។ អញ្ចឹងជាកិត្តិយសមួយដែរ។ ឥឡូវគេទើបនឹងអាយុ ៤៦ឆ្នាំប៉ុណ្ណឹង។ កាលពីមុន ខ្ញុំព្រះករុណាខ្ញុំធ្វើជានាយករដ្ឋមន្រ្តីនៅអាយុ ៣២ឆ្នាំ ក៏ដើរច្រើនដែរ។ កូនគេចូលធ្វើនាយករដ្ឋមន្រ្តីអាយុ ៤៥ឆ្នាំ ឥឡូវគេ ៤៦ឆ្នាំ។ ឯខ្ញុំព្រះករុណាខ្ញុំចូលធ្វើនាយករដ្ឋមន្រ្តីនៅអាយុ ៣២ឆ្នាំ។ អញ្ចឹងកម្លាំងកំហែងនៅពេលដែលយើងមានអាយុក្មេង ចលនា សកម្មភាពវាខ្លាំង។ ចុះពីលើឡានអម្បាញ់មិញ ជួបសម្ដេចក្រឡាហោម ស ខេង សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ថាពួកយើងចាស់ៗហើយ បានគេឲ្យមកអនុសំវច្ចរៈក្បែរព្រះសង្ឃ។ ឯនាយករដ្ឋមន្រ្តីក្មេងនោះ គេកំពុងតែជួបនិស្សិតប្រមាណ៨ពាន់នាក់នោះ​។ អញ្ចឹងគេទៅៗ។ រឿងហ្នឹងត្រូវធ្វើតាមរបៀបមួយ គេថាដំណាក់កាលមួយ។

(១) គ្រប់សាសនាមានទំនាក់ទំនងជាមួយនឹងការគ្រប់គ្រងរដ្ឋ

ខ្ញុំព្រះករុណាខ្ញុំសូមងាកមកការនិយាយដាច់ដោយឡែក ដែលមិនមែនជាសុន្ទរកថាព្រៀងទុក ដែលជាព្រះរាជតំណាងនោះទេ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរាងស្អកបន្តិច ដោយសារម្សិលមិញទម្លាក់គីឡូវាទៅជ្រុល ព្រឹកឡើងស្អកក ព្រោះកាឡូរីវាយខ្លាំងដើម្បីត្រៀមរៀបចំ យប់នេះប្រជុំទាំងយប់។ ស្អែកនេះ ទាំងព្រឹកទាំងល្ងាច ហើយប៉ុន្មានថ្ងៃទៀត។ ភ្ញៀវមកពេញស្រុកទេសរបស់យើង។ ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ សូមនិយាយទៅដល់បញ្ហាទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ។ ចំណុចនេះ មុនៗមក ខ្ញុំព្រះករុណាខ្ញុំក៏ធ្លាប់និយាយ។ វាជាចំណងទាក់ទងវិចារវិទ្យា ដែលបំពេញឲ្យគ្នាទៅវិញទៅមក ដោយចៀសវាងមិនបានទេ។ មិនមែនគ្រាន់តែបញ្ហាពុទ្ធចក្រ និងអាណាចក្រទេ យើងអាចនិយាយបានថា គ្រប់សាសនាទាំងអស់តែងមានទំនាក់ទំនងជាមួយនឹងការគ្រប់គ្រងរដ្ឋ។ មិនថាព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនា សាសនាដទៃទៀត គ្មានសាសនាណាមួយដែលប្រដៅមនុស្សឲ្យធ្វើអំពើខុសឆ្គងទេ។ ដូច្នេះ នៅទីនេះ យើងត្រូវតែបំពេញឲ្យគ្នាឲ្យខាងតែបាន។

ផ្នែកអាណាចក្រត្រូវតែលើកកម្ពស់ និងធ្វើឲ្យវិស័យសាសនាទាំងឡាយ ពិសេស ពុទ្ធសាសនា ទទួលបាននូវការរីកចម្រើន។ ឯខាងវិស័យអាណាចក្រ ជាមួយនឹងការរីកចម្រើនទៅលើវិស័យសាសនានេះ វិស័យអាណាចក្រ និយាយតាមមួយបែបគឺរដ្ឋតែម្ដង ទទួលផលប្រយោជន៍មកវិញ គឺការចេះដឹងរបស់ពលរដ្ឋ ការយល់ដឹងរបស់ពលរដ្ឋ អំពីការធ្វើអំពើល្អ។ តាមរយៈអំពើល្អនោះហើយ​ ដែលបង្កលក្ខណៈឲ្យរដ្ឋគ្រប់គ្រងកាន់តែប្រសើរ ដែលមិនមានបញ្ហាហិង្សា ឬអំពើបាបនានាកើតឡើងក្នុងសង្គម។ នេះគឺជាការបំពេញឲ្យគ្នាហើយ។ ព្រះតេជព្រះគុណត្រូវមើលអញ្ចេះ។ នៅពេលដែលខាងផ្នែកប្រជាពលរដ្ឋមានសេចក្ដីសុខ មានការរីកចម្រើនក្នុងជីវភាព ព្រះពុទ្ធសាសនារបស់យើង ព្រះសង្ឃរបស់យើងក៏មានចង្ហាន់ល្អៗ ក៏មានការចូលរួមវិភាគទានកសាងទីអារាម សេនាសនៈ ក៏បានល្អដែរ។

(២) កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ប៉ុន្តែ នៅពេលណាដែលប្រជាពលរដ្ឋរបស់យើងជួបការលំបាក ព្រះសង្ឃក៏ពិបាករកចង្ហាន់ឆាន់ដែរ ព្រោះប្រជាពលរដ្ឋគាត់ត្រូវការទទួលទានដែរ។ អញ្ចឹងទេ ទំនាក់ទំនងនេះបេះមិនដាច់ពីគ្នាទេ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាពណាស់ ដោយសារនៅក្នុងប្រទេសរបស់យើងគឺមួយផ្នែកសុខដុមនីយ​កម្មរវាងជាតិសាសន៍ និងសាសនា ត្រូវបានធ្វើយ៉ាងល្អ គ្មានការបៀតបៀនណាមួយពីសាសនាមួយទៅកាន់សាសនាមួយ។ ក្នុងនិកាយនីមួយៗ ក៏មិនមានបញ្ហាអីធំដុំនោះដែរ។ ឧទាហរណ៍ ពុទ្ធសាសនារបស់យើងមានធម្មយុត្តិ និងមហានិកាយ ក៏មិនមានបញ្ហាអីជាមួយគ្នាដែរ។ ពិធីក្នុងព្រះបរមរាជវាំងក្ដី ក្នុងពិធីនានាក្ដី តែងមានធម្មយុត្តិ និងមហានិកាយ ចូលរួមជាមួយគ្នា។ នេះជាស្ថានភាពល្អប្រសើរ។ មួយផ្នែកទៀត គឺការយល់អធ្យាស្រ័យពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះការកសាង ឬការធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់យើង។

(៣) នយោបាយឈ្នះឈ្នះប្រព្រឹត្តទៅបានព្រោះកម្ពុជា​មានជាតិសាសន៍មួយ និងកាន់ព្រះពុទ្ធសាសនាភាគច្រើន

ចំណុចនេះយើងជឿជាក់ទៅលើស្ថានភាពរបស់ប្រទេសយើង។ ខ្ញុំព្រះករុណាខ្ញុំក៏សុំបញ្ជាក់បន្ថែមបន្តិចថា ហេតុអីបានជាយើងងាយស្រួលក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ? កាលពី ២៦ឆ្នាំមុន ឬក៏ជិត ២៧ឆ្នាំមុនហើយ ឬក៏លើសពីនេះបន្តិច បើគិតពីឆ្នាំ១៩៩៦ កុំមើលស្រាលឲ្យសោះត្រង់ចំណុចនេះ។ នោះគឺជាតិសាសន៍ និងសាសនានេះឯង។ ប្រទេសមួយចំនួនរកការដោះស្រាយអត់បានទេ ដោយសារប្ញសគល់របស់វាកប់ជ្រៅពេករវាងជាតិសាសន៍ និងសាសនា។ សូមសម្លឹងមើល គ្រាន់តែក្នុងចំណោមប្រទេសអាស៊ាន ប្រទេសខ្លះធ្វើនយោបាយតាមរបៀបសន្តិភាពជាមួយគ្នាមិនបានទេ ដោយសារប្ញសគល់ចេញពីជាតិសាសន៍ផង ចេញពីសាសនាមិនត្រូវគ្នាផង។ ​ឯចំពោះយើង ភាពងាយស្រួលនៅត្រង់ថា ខ្មែរតែមួយ ទោះបីថាមានជនជាតិភាគតិចតិចតួច ប៉ុន្តែយើងមិនមានការប្រកាន់រើសអើងគ្នាទេ ព្រះពុទ្ធសាសនាភាគច្រើន។

អញ្ចឹងការអនុវត្តនយោបាយឈ្នះឈ្នះងាយស្រួលជាង។រឿងនេះ ខ្ញុំព្រះករុណាខ្ញុំតែងតែរំព្ញកនៅពេលដែលមានថ្នាក់ដឹកនាំបរទេសមកនិយាយអំពីបទពិសោធទាក់ទិនជា​មួយនឹងការអនុវត្តនយោបាយឈ្នះឈ្នះ។ ខ្ញុំព្រះករុណាខ្ញុំតែងតែរំព្ញកគេថា បទពិសោធកម្ពុជាមិនប្រាកដថាយកទៅអនុវត្តនៅប្រទេសដទៃបានទេ ដោយសារវាមានស្ថានភាពសេដ្ឋកិច្ចសង្គម ឬជាតិសាសន៍ និងសាសនាខុសគ្នា។ ជាភ័ព្វសំណាង នៅកម្ពុជាមានព្រះពុទ្ធសាសនាដូចគ្នា ហើយក៏មានគេហៅថាសុខដុមបនីយកម្មជាតិសាសន៍ និងសាសនាដូច្នេះវាជាការងាយស្រួលក្នុងការពន្លត់ភ្លើងសង្រ្គាមមួយដែលកើតរ៉ាំរ៉ៃរាប់រយឆ្នាំមកហើយនោះ។

(៤) រដ្ឋសភាអនុម័តនិរាករណ៍ច្បាប់ស្តីពីការសម្រួលពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម

ក្នុងចំណុចនេះ វាទាក់ទិនជាមួយនឹងទិដ្ឋភាពនយោបាយ។ ខ្ញុំព្រះករុណខ្ញុំ សុំយកឱកាសនេះនិយាយបន្តិច។ យើងត្រូវទទួលស្គាល់ថា កន្លងទៅនេះ ជាពិសេសម្សិលមិញនេះ រដ្ឋសភាបានអនុម័តនិរាករណ៍ចោលច្បាប់ស្តីពីការសម្រួលពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម។ មានតែកិច្ចព្រមព្រៀងនេះមួយទេដែលមានចំណងផ្លូវច្បាប់ ហើយត្រូវសុំសច្ចាប័នពីសភា និងព្រះរាជក្រម ដាក់ឲ្យប្រើប្រាស់ដោយព្រះមហាក្សត្រដែលអាចឡាយព្រះហស្តលេខានៅថ្ងៃនេះ។ ហេតុអីបានជាយើងបោះបង់ចោល? វាជាគំនិតផ្តួចផ្តើមរបស់ខ្ញុំព្រះករុណាខ្ញុំសុទ្ធសាធក្នុងពេលវេលាដែលពេលនោះខេត្តរតនគិរី និងមណ្ឌលគិរី ការធ្វើដំណើរទៅខាងក្រោម យើងត្រូវប្រើពេលច្រើនណាស់។ យើងត្រូវសុំឆ្លងកាត់ទឹកដីវៀតណាមដើម្បីចូលទៅទីរួមខេត្តរតនគិរី និងមណ្ឌលគិរីវិញ។ យើងក្រណាស់នៅពេលនោះ។ រយៈកាល ២៥ ឆ្នាំនេះ យើងបានអភិវឌ្ឍនៅទីនោះប្រសើរតាមរយៈនៃការសម្រួលពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍ។ ហេតុអីបានជាយើងត្រូវបោះបង់ចោល? គឺយើងមិនចង់ឲ្យបញ្ហានេះក្លាយជាការបែកបាក់ជាតិនោះទេ។ ប្រជាពលរដ្ឋមួយចំនួនត្រូវស្ថិតនៅក្រោមការញុះញង់របស់ពួកអគតិ របស់ពួកជ្រុលនិយម។

ដូច្នេះ យើងសុខចិត្តបោះបង់ចោលផលចំនេញខាងសេដ្ឋកិច្ចសង្គមដែលមានការគាំទ្រយ៉ាងច្រើន ហើយអ្នកគាំទ្រ​ដំបូងគេគឺជប៉ុនតែម្តង។ បន្ទាប់ទៅមានអង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសមួយចំនួនផ្សេងទៀតចូលមកជួយនៅក្នុងតំបន់ទាំងនោះ។ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថាប្រទេសទាំងនោះឈប់ជួយទេ។ តែអ្វីដែលយើងធ្លាប់ទទួលផលពីមុន ឧទាហរណ៍ ការផលិតនៅតំបន់នោះគឺបើយើងដឹកជញ្ជូនសម្រាប់ការនាំចេញ ដឹកមកកំពង់ផែកំពង់សោមគឺវាឆ្ងាយ មិនអាចមានផលចំណេញខាងសេដ្ឋកិច្ចបានទេ។ ប៉ុន្តែបើយើងដឹកឆ្លងទៅកំពង់ផែខាងវៀតណាមវិញ យើងពិតជាងាយស្រួលជាង។ ប្រជាជនវៀតណាមមានប្រជាជន ១០០ លាននាក់។ អញ្ចឹងវាអាចក្លាយទៅជាទីផ្សាររបស់កម្ពុជាមួយដែរ។ ឥឡូវបើនិយាយពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានទៅផុត ១០ពាន់លានដុល្លារក្នុងប៉ុន្មានខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ គឺមានរហូតទៅដល់ប្រមាណ ៨ ពាន់លានដុល្លារ ។ ក្នុងចំណោម ៨ ពាន់លានដុល្លារកម្ពុជានាំចេញទៅវៀតណាមប្រមាណជាង ៤ពាន់លានដុល្លារ។ គ្រាន់តែស្វាយចន្ទីឆ្នាំនេះនាំចេញ ១០ ខែ មានរហូតទៅដល់ ៨០ ម៉ឺនតោន។ ព្រះតេជព្រះគុណ បងប្អូនជនរួមជាតិ ប្រសិនបើមិនមានទីផ្សារវៀតណាមជួយទិញទេ តើលក់ទៅអ្នកណា? កសិ​ករយើងដាំយកធ្វើអ្វី? ឥឡូវរឿងនេះវាបានឆ្លងផុតហើយ យើងសុខចិត្តខាំមាត់សង្កត់ចិត្ត ហើយយើងជូនដំណឹងទៅខាងភាគីឡាវ ភាគីវៀតណាមថា យើងនឹងចាកចេញហើយ ប៉ុន្តែកិច្ចព្រមព្រៀងដែលមានតាមរយៈសភាគឺក៏ត្រូវឆ្លងកាត់សភា។

(៥) មានក្រុមដែលកំពុងតែបង្វែបញ្ហាពីកម្ពុជា/វៀតណាម មកកម្ពុជានិងថៃពីបញ្ហាអធិបតេយ្យភាពកោះគុត

ថ្ងៃនេះ នឹងចេញជាផ្លូវការនូវការសម្រេចដោយសភា ក៏បានលើករឿងនេះទៅព្រឹទ្ធសភា ហើយព្រឹទ្ធសភាក៏ផ្តល់មតិត្រឡប់មកវិញ។ អរគុណចំពោះរដ្ឋសភាដែលបានយល់ស្របជាមួយនឹងការផ្តល់មតិរបស់ព្រឹទ្ធសភាទាក់ទិនជាមួយនឹងសេចក្តីព្រៀងច្បាប់។ បញ្ហាមួយដែលខ្ញុំព្រះករុណាខ្ញុំ សូមស្នើឲ្យព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនរួមជាតិកម្ពុជា (បានជ្រាបគឺ) គេកំពុងតែដាក់បញ្ហាស្តីពីកោះគុត (ដោយ)បង្វែពីកម្ពុជា/វៀតណាមដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែនក៏អាចថាបាន។ ឥឡូវនេះគេបង្វែមកទិសខាងលិចវិញម្តង។ នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត។ ឥឡូវនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានពួកជ្រុលនិយមនៅក្រៅប្រទេសអំពាវនាវឲ្យធ្វើបាតុកម្មដើម្បីទាមទារយកកោះគុត។ ខ្ញុំព្រះករុណាខ្ញុំក៏ចង់ចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច។ ប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេដែលស្គាល់កោះគុត។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានទៅកោះគុតនៅឆ្នាំ ១៩៩០។

(៦) ឆ្នាំ ២០០១ កម្ពុជានិងថៃឈានដល់អនុស្សារណៈយោគយល់គ្នាស្តីពីតំបន់ត្រួតស៊ីគ្នា

ពេលនោះ ខ្ញុំព្រះករុណាខ្ញុំបានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC នៅបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសំងាត់រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងឧត្តមសេនីយ Yongchaiyudh និងតំណាងរបស់ជប៉ុន។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំទៅដេកនៅកោះកុង ម៉ោងប្រហែលជា ២ ភ្លឺ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមអូប័រឡើងទៅកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរចេញទៅប៉ាតាយ៉ា ដោយទៅដល់ប៉ាតាយ៉ានៅម៉ោង ៤ភ្លឺ។ កោះគុតជាតំ​បន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ ដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី Chatichai Choonhavan​ បានចរចាពិភាក្សាជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ។ អតីតនាយករដ្ឋមន្រ្តី Chatichai Choonhavan បានមកជួប ខ្ញុំព្រះករុណាខ្ញុំដល់ផ្ទះនៅវិមានឯករាជ្យ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេងនៅក្នុងតំបន់ត្រួតស៊ីគ្នានេះ។ ប៉ុន្តែកិច្ចការទាំងអស់មិនអាចឈានទៅមុខបានទេ។ ឆ្នាំ ២០០១ យើងបានបង្កើតអនុស្សារណៈនៃការយោគយល់គ្នាមួយ ដែលរហូតមកដល់ពេលនេះ ២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលំអិតណាមួយនៅឡើយ។ យើង​បង្កើតគណកម្មការ២ មួយគឺគណកម្មការទាក់ទងជាមួយនឹងកិច្ចការព្រំដែន និងមួយទៀតអនុគណកម្មការទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា។

(៧) ដល់ពេលវេលារៀបចំច្បាប់ដាក់ក្រុមបង្ករឿងនេះជាក្រុមភេរវកម្មហើយឬនៅ

ឥឡូវនេះ គេកំពុងធ្វើថាឲ្យប្រជាជនកម្ពុជាធ្វើបាតុ​កម្មដើម្បីរុញរដ្ឋាភិបាលឲ្យប្តឹងទៅតុលាការអន្តរជាតិ។ ដំបៅមិនឈឺយកឈើចាក់។ រឿងគេកំពុងតែជជែកគ្នាឯយើងមករុញ។ តើនេះជាអ្វីទៅ ជាអំពើអ្វី? ម្តងហើយម្តងទៀត ពួកគេរុញមិនឲ្យប្រជាជនទទួលបានសេចក្តីសុខតាមរយៈនៃការបង្កើតចលនាប្រឆាំង។ ព្រះតេជព្រះគុណ! តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់​តែងច្បាប់រៀបចំច្បាប់ដាក់ក្រុមនេះជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? នេះមានចំណុចជាការញុះញង់ អុច​អាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃ ដែលមិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជានោះទេ។​ វាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ។ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងតែធ្វើដំណើរ ទាំងខាងថៃទាំងខាងយើង ដោយមិនទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអ្វីបានជារុញធ្វើរឿងនេះ? ជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស? សូមបងប្អូនប្រជាពលរដ្ឋពិចារណា និងជ្រើសរើសមួយណា រវាងការញុះ​ញង់ឱ្យមានអំពើហិង្សាទាំងក្នុងជាតិ និងជាមួយប្រទេសជិតខាង។

(៨) កម្ពុជា/ថៃ មិនទាន់ប្រើអស់លទ្ធភាពចរចាទ្វេភាគីនៅឡើយទេ

ស្លាកស្នាមសង្រ្គាមនៅប្រាសាទព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងការឈឺចាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាប្រជាពលរដ្ឋថៃ ទៅលើការបាត់បង់ប្ដីសី ឬការរបួសស្នាមនៅក្នុងសមរភូមិនៅឡើយទេ។ តើឥឡូវអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមនៅកម្ពុជា ដែលជ្រកកោននៅប្រ​ទេស​ក្រៅ គួរត្រូវធ្វើរឿងនេះជាបន្តទៀត ឬក៏ត្រូវឱ្យវាមានសេចក្ដីសុខជាមួយគ្នាសិន? ដោះស្រាយ នៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា។ យើងមិនទាន់ប្រើអស់លទ្ធភាពនៃការចរចារវាងទ្វេភាគីនៅឡើយទេ។ តើដល់ពេលហើយឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ? ការទៅកាន់តុលាការអន្តរជាតិ វាគ្រប់គ្រាន់ដើម្បីនឹងយកឈ្នះទេ? មិនមែនជាបញ្ហាតូចតាចទេ។ ការមើលមុខគ្នាមិនត្រង់រវាងប្រទេសជិតខាងដែលនៅ​ជាមួយគ្នា មិនមែនជាបញ្ហាធម្មតាទេ។

(៩) មានបទពិសោធន៍ ៣៨ឆ្នាំ ក្នុងការដឹកនាំប្រទេស ពីបាត់ដៃទទេឆ្លងកាត់ឧបសគ្គនិងវិបត្តិសេដ្ឋកិច្ច

សូមទូលប្រគេនព្រះតេជព្រះគុណ! ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានពិសោធន៍ជោកជាំលើការងារគ្រប់គ្រងរដ្ឋ និងដឹក​នាំប្រទេស ដែលនៅលើភពផែនដីនេះ មិនមានអ្នកណាមួយដឹកនាំប្រទេសបានយូរជាងខ្ញុំព្រះករុណាខ្ញុំនោះទេ។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្រ្តី និងធ្វើរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី នៅឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៥ គឺ ៦ឆ្នាំ អញ្ចឹងវាជាង ៤០ឆ្នាំ។ ឥឡូវនេះ នៅធ្វើប្រធានព្រឹទ្ធសភានៅឡើយ។ អត់មានអ្នកណាដែលមានការដឹកនាំតាំងពីអត់បាយស៊ី ធ្វើឱ្យមានបាយស៊ី, ដឹកនាំតាំងពីមានសង្រ្គាម ធ្វើឱ្យមានសន្តិភាពនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានបទពិសោធន៍។ ទោះបីអ្នកណាថា ខ្ញុំព្រះករុណាខ្ញុំល្ងង់ (ប៉ុន្តែ) ល្ងង់ឬមិនល្ងង់ គឺអ្នកឯងគិតមើលទៅ។ ខ្ញុំអាចនៅជា​មួយនឹងប្រជាពលរដ្ឋរបស់ខ្ញុំ ក្នុងពេលដ៏លំបាក រហូតមកដល់ដំណាក់កាលដែលមានការធូរស្រាលជាង(មុន)។ បើទោះបីជាកត្តាសេដ្ឋកិច្ចពេលខ្លះមានការលំបាក ដោយការញាំញីពីជំងឺកូវីដ១៩, ដោយការញាំញីដោយសង្រ្គាមនៅក្រៅប្រទេស ដែលវាជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុក។

(១០) កត្តាធំពីរធ្វើឱ្យប្រទេសលូតលាស់ គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

ខ្ញុំព្រះករុណាខ្ញុំ មើលឃើញចំណុចសំខាន់ពីរ ដែលធ្វើឱ្យប្រទេសមួយលូតលាស់បាន។ ទី១ គឺស្ថិរភាពផ្ទៃក្នុង, ទី២ ទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងល្អ។ កត្តាពីរនេះធំណាស់។ មានកត្តាជាច្រើន ប៉ុន្តែកត្តានាំមុខ ទី១ ត្រូវមានស្ថិរភាពផ្ទៃក្នុង។ គ្មានសន្តិភាព គ្មានស្ថិរភាព កុំនិយាយអំពីលទ្ធិប្រជាធិបតេយ្យ កុំនិយាយអំពីសិទ្ធិមនុស្ស កុំនិយាយអំពីអ្វីផ្សេងទៀត ត្រៀមត្រង់សេទៅ បើអត់មានស្ថិរភាពទេ។ អាហ្នឹងនិយាយការពិត។ គ្មានប្រទេសណាមួយអភិវឌ្ឍន៍ដោយខ្វះស្ថិរភាព ឬខ្វះសន្តិភាពនោះទេ អត់ទេ។ ទី២ ជាមួយនឹងប្រទេសជិតខាង ត្រូវតែធ្វើការឱ្យបានជិតស្និត រួមរស់ដោយសន្តិវិធី។

បន្ទាប់ពីបញ្ចប់នូវនយោបាយឈ្នះឈ្នះ ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញនូវគោល​ដៅធំពីរគឺ ទី១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ។ ឥឡូវនេះ ប្រមាណជា ៩៥% ឬលើស ៩៥% ទៅហើយ ដែលយើងបានប្រែក្លាយពីតំបន់សមរភូមិឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ ការដាំដុះ ឬទៅរហូតដល់ទៅ(បង្កើតជា)ទីផ្សារផង។ ឯនៅសល់ប៉ុន្មានជា ៥% ទៀត ជាអ្វីទៅ? ដីដែលមិនទាន់បំផ្លាញចោលគ្រាប់មីនអស់ ដោយសារគ្រាន់មីននោះស្រុកខ្មែរមានច្រើនពេក តាំងពីឆ្នាំ ១៩៧០។ អញ្ចឹងយើងកំពុងតែបន្ត។ ឥឡូវយើងកំពុងធ្វើជាម្ចាស់ផ្ទះនូវសន្ធិសញ្ញា អូតាវ៉ា ស្ដីពីការប្រឆាំងគ្រាបមីននេះឯង។ ហ្នឹងជាគោលដៅទី១ ដែលខ្ញុំដាក់ចេញ ធ្វើ(ដោយ)ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ។

ទី២ ត្រូវប្រែក្លាយខ្សែព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។​ ដូច្នេះហើយ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែធ្វើការចរចាជាមួយនឹងមិត្តភក្ដិដែលជាប់ជិតខាងយើង មានវៀតណាម ឡាវ និងថៃ។ ជម្លោះបានកើតក្នុងមួយរយៈនៅប្រាសាទព្រះវិហារ តាមាន់ តាក្របី ក៏ប៉ុន្តែយើងបានធ្វើឱ្យសភាពការណ៍នេះនៅទ្រឹង តាមរយៈយន្តការយោធានៅហ្នឹងកន្លែង សម្រុះ​សម្រួលដោះស្រាយបញ្ហាកុំឱ្យសង្រ្គាមរីករាលដាលចេញពីតំបន់ព្រះវិហារទៅទូទាំងតំបន់ព្រំដែន តាមរយៈក្រុមប្រឹក្សាសន្តិសុខ តាមរយៈតុលាការឡាអេ។ យើងដោះស្រាយជាមួយឡាវ ពេលនេះបានបោះបង្គោលចំនួន ៨៦% រួចស្រេចទៅហើយ។ យើងដោះស្រាយជាមួយវៀតណាម ពេលនេះ បានដោះស្រាយ(និងបោះបង្គោល)ចំនួន ៨៤% នៅសល់ ១៦% ទៀត នៅបន្តដោះស្រាយ ចរចាជាមួយគ្នា ដើម្បីឈានទៅបោះបង្គោល។

(១១) មិនគប្បីមានជម្លោះទល់ដែនជាមួយប្រទេសជិតខាង ខណៈកំពុងជំ​រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ព្រះតេជព្រះគុណមួយចំនួនបាននិមន្ត ប្រជាជនមួយចំនួនបានទៅលេងទល់ដែន។ សូមទៅមើលទល់ដែន ទៅមើលបង្គោល ហើយឥឡូវកំពុងតែស្រុះស្រួលគ្នា ទាំងជាមួយឡាវ វៀតណាម បន្ថែមបង្គោល(ព្រំដែន)តូចៗមួយចំនួនផ្សេងទៀត ដើម្បីឱ្យប្រជាជនយើងងាយយល់ ងាយដឹងថា កន្លែងណាជាដីយើង កន្លែងណាជាដីគេ។ ព្រះ​អង្គប្រមើលមើលអញ្ចេះ ប្រសិនបើប្រទេសកម្ពុជាមួយ មានជម្លោះទល់ដែនជាមួយនឹងប្រទេសជិតខាង តើកម្ពុជាត្រូវធ្វើអ្វី? កម្ពុជាត្រូវបញ្ចេញកងទ័ពចេញពីបន្ទាយរាប់ម៉ឺននាក់ទៅឈរជើងតាមព្រំដែន។ អ្នកនៅខាងក្រោយ ក៏ត្រូវតែបញ្ជូនភស្តុភារទៅកាន់ព្រំដែន។ តើយើងគួរធ្វើអញ្ចឹងទេ នៅក្នុងស្ថានភាពមួយដែលកំពុងតែជំ​រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទំនាក់ទំនងជិតខាងល្អ ដែលប្រទេសទាំងឡាយជាប់ជិតខាងយើងកំពុងតែបានធ្វើជាមួយយើង។ ពិតហើយ នៅក្នុងប្រទេសនិមួយៗ តែងមានពួកជ្រុលនិយម ប៉ុន្ដែជ្រុលនិយមនៅកម្ពុជាគឺជ្រុលនិយមមិនធម្មតា គឺជ្រុលនិយមដែលគួរត្រូវបានរៀបចំដាក់ក្នុងច្បាប់ចាត់ទុកក្រុមនេះ(ជាក្រុមភេរវកម្ម)។ ប៉ុន្ដែគេមិនហ៊ានដាក់សមាសភាពនាយករដ្ឋមន្ដ្រី ប្រធានាធិបតី រដ្ឋមន្ដ្រីមកទេ។ បើតែហ៊ានដាក់មកគ្រឹបមក គឺឯនេះចេញគ្រីបភ្លាម។ ​សាកល្បងទៅ។ ដល់អញ្ចឹង គេប្រកាសថា អ្នកដឹកនាំគឺជិត ហ៊ុន សែន នៅក្បែរៗ ហ៊ុន សែន ហ្នឹង។ (បើនៅ)ស្ទើភ្លើងកុំអី។

(១២) សូមពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលចរចាជាមួយភាគីថៃ

ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវប្រជាពលរដ្ឋរបស់យើង ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលថៃ​។ សង្ឃឹមថាអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការ​ចរចាដែរ។ ប៉ុន្ដែអ្វីដែលគួរឆ្ងល់ទាំងខាងថៃ អ្នកជ្រុលនិយមថៃ និងស្រុកខ្មែរ ដែលជ្រកកោននៅបរទេសគេ​ថា ខ្ញុំព្រះករុណាខ្ញុំកំពុងតែពិភាក្សាជាមួយថាក់ស៊ីនដើម្បីចែកផល។ ពេលដែលថាក់ស៊ីនចេញពីកន្លែងឃុំឃាំង​មកផ្ទះ ខ្ញុំព្រះករុណាខ្ញុំក៏បានទៅបាងកកដើម្បីទទួលទានអាហារសួរសុខទុក្ខក្នុងឋានៈជាមិត្តភក្ដិចាស់។ គេថាខ្ញុំព្រះករុណាខ្ញុំទៅពិភាក្សាជាមួយ ថាក់ស៊ីន លើរឿងចែកផលគ្នា។ ឱ! ព្រះអើយព្រះ។ តើយមរាជ​អាចយកមនុស្សហ្នឹងទៅបានអត់? តើមានឋានយមរាជមែនឬអត់? ខ្ញុំព្រះករុណាខ្ញុំមិនច្បាស់ដែរទាល់តែព្រះតេជព្រះគុណ។ រឿងឋានមនុស្ស និងឋានទេព្ដា និងព្រះនិពា្វន្ដ យកមួយណា? ខ្ញុំព្រះករុណាខ្ញុំមិនទៅទេ ឋានទេព្ដា និងព្រះនិ​ពា្វន្ដ។ សុំនៅឋានមនុស្សលោក ព្រោះទៅឋានទេព្ដាក៏មានទេព្ដាយាមទ្វារ មានស្ដេចទេព្ដា មានមន្ដ្រី។ អញ្ចឹងទៅធ្វើ​អី នៅឋានមនុស្សលោក(វិញ)។ ឋានទេព្ដាអត់មានគុយទាវស៊ីទៀត សុខចិត្តនៅឋានមនុស្សលោក។ បើមិនបានចូល KTV Karaoke ជាមួយគេក៏សុខចិត្តថាស្ដាប់គេនិយាយទៅចុះ ព្រោះអភ័ព្វណាស់មួយជីវិតនេះ។ មិនដែលបានស្គាល់។និយាយអញ្ចឹង ប្រសិនបើប្រពន្ធលឺ ថាគាត់នេះប្រសិនបើធ្វើតូចជាងហ្នឹង ប្រហែលទៅមែន។

ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវ។ ខ្ញុំមិនដឹងថានាយករដ្ឋមន្ដ្រីកំពុងតែនិយាយរឿងហ្នឹងឬក៏អត់ ប៉ុន្ដែធម្មតា ក្នុងឋានៈខ្ញុំព្រះករុណាខ្ញុំជាប្រធានគណបក្សនយោបាយមួយ និងជាប្រធានព្រឹទ្ធសភា ខ្ញុំព្រះករុណាខ្ញុំបើក​រង្វង់ក្រចកថា សម្ដីនេះមិនមែនជាព្រះរាជតំណាងទេ គឺសម្ដី ហ៊ុន សែន ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា និងជាប្រ​ធានគណបក្សនយោបាយកាន់អំណាច ទោះបីមិនមែនជាសិទ្ធនីតិប្រតិបត្ដិ អំណាចនៅនាយករដ្ឋមន្ដ្រីឯណោះទេ ដែលខ្ញុំព្រះករុណាខ្ញុំសុខចិត្តលះបង់អំណាចនោះដើម្បីឲ្យការបន្ដវេនបានរលូន។ សម្ដេចចាស់ៗសុទ្ធតែU80។ ម្សិលមិញ អ្នកបកប្រែជប៉ុនមិនយល់ថាម៉េចទៅ U80 ឬU70។ ថា U នឹងដូចពួកបាល់ទាត់នោះ​គេមិន U17 និងU១៦ អី។ រដ្ឋាភិបាលមុន មានឧបនាយករដ្ឋមន្ដ្រីអាយុជាង៨០ អញ្ចឹងបានសេចក្ដីថា U90 មានឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីអាយុជាង ៧០ នឹងមិន U៨០ មាន U៧០ …។

(១៣) ករណីជ្រុលហួស អាចបង្កបញ្ហាផ្ទៃក្នុង និង/ឬមានការផ្ទុះអាវុធនៅព្រំដែន

ខ្ញុំព្រះករុណាខ្ញុំសូមលើកទិដ្ឋភាពនឹងមួយដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ស្ងាត់ ទុកឲ្យរាជរដ្ឋាភិបាលធ្វើការ។ប្រសិនបើឈានជ្រុលហួស ស្ថានការណ៍(នឹងមានការវិវត្តន៍ ដែល) ទី១ ផ្ទៃក្នុងអាចមានបញ្ហា ព្រោះរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យធ្វើតែពីសតែពាសទេ។ ទី២ ព្រំដែនអាចមានបញ្ហាផ្ទុះអាវុធ ហើយក៏សូមអំពាវនាវទៅកាន់កងទ័ពមិនឲ្យលឺសូរបញ្ហាហ្នឹង មិនគួរកងទ័ពធ្វើការចល័តនៅតំបន់នោះទេ ទាំងកងទ័ពជើងទឹកជើងគោក។ ខ្ញុំព្រះករុណាខ្ញុំខ្លួនឯងទៅកោះ​គុតនឹងនៅឆ្នាំ១៩៩០ ជាមួយសម្ដេចពិជ័យ(សេនា ទៀ បាញ់) ហើយទៅមួយសារទៀតតាមឡាន ទៅបុណ្យសពបង សាយ ភូថង។ យើងឃើញស្ថានភាពកោះគុតយ៉ាងម៉េច។ ប៉ុន្ដែ ដំណាក់កាលនេះជាដំ​ណាក់កាល​ស្ថិតនៅក្នុងការចរចានៅឡើយ អត់ទាន់បានត្រូវរ៉ូវគ្នាទេ។ ប្រេងនៅក្រោមបាតសមុទ្រឯណោះ គេថាចែកគ្នា ថាក់ ស៊ីន ហ៊ុន សែន បាត់ទៅហើយ។ អាក្រក់ដល់ម្លឹង។ ទេព្ដាអើយ! យមរាជអើយ មេត្តាផ្ដល់យុត្ដិធម៌ហើយកាច់ពួកអាយុត្ដិធម៌ឲ្យវាទៅណាទៅណីទៅចុះ។ ប៉ុន្ដែសុំឲ្យគេបានសេចក្ដីសុខរបស់គេ ខ្ញុំព្រះករុណាខ្ញុំមិនដាក់បណ្ដាសាអីទេ។

(១៤) ថ្វាយព្រះរាជយោបល់ព្រះមហាក្សត្រ សូមពន្យារពេលតែងតាំងសម្ដេចសង្ឃរាជថ្មី

ឥលូវ ខ្ញុំព្រះករុណាខ្ញុំសុំចូលមកយោបល់ទាក់ទងនឹងការគេហៅថាទម្លាយបន្ដិច ទូលប្រគេនចំពោះសម្ដេចព្រះ​សង្ឃរាជ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ!​ តើព្រះអង្គពិតជាបានដាក់ជាចម្ងល់ថា សម្ដេច ព្រះសង្ឃរាជ បានសោយទីវង្គត់ទៅហើយ ហេតុអ្វីមកដល់ម៉ោងនេះ មិនទាន់ចាត់តាំងសម្ដេចព្រះសង្ឃរាជ។ ខ្ញុំព្រះ​ករុណាខ្ញុំ ស្នើសុំការយោគយល់ទុកពេលវេលាបន្ដិច ព្រោះថាគ្មានភាពបន្ទាន់ពេកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំបាន​ពិភាក្សាជាមួយសម្ដេច អំ លឹមហេង សម្ដេច ណយ ច្រឹក ដោយស្ងាត់ស្ងៀម។ ខ្ញុំព្រះករុណាខ្ញុំក៏ចូលទៅថ្វាយបង្គំព្រះមហាក្សត្រដើម្បីសុំនូវការពន្យារពេលដើម្បីតែងតាំងសិន។ ដោយសារតែជាមនុស្សចាស់ទុំម្នាក់ហើយកាន់មុខនាទីជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ​ ខ្ញុំព្រះករុណាខ្ញុំ ជួយជាជំនួយការថ្វាយព្រះរាជយោបល់ថ្វាយព្រះមហាក្សត្រទៅលើរឿងអស់នេះ។ មានតែព្រះមហាក្សត្រទេ ដែលមានព្រះរាជសិទ្ធិតែងតាំង តាមសំណើរបស់នាយករដ្ឋមន្ដ្រី ក្នុងពេលដែលនាយករដ្ឋមន្ដ្រីក៏បានពិភាក្សាគ្នា ប៉ុន្ដែទុកលទ្ធភាពឲ្យខ្ញុំព្រះករុណាខ្ញុំក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថ្វាយព្រះរាជយោបល់ សុំពន្យារពេល។ អញ្ចឹងសុំថា តើការតែងតាំងអ្នកណាជាសម្ដេចព្រះសង្ឃរាជ ឬសម្ដេចព្រះ​សង្ឃនាយកខាងមហានិកាយគឺខ្ញុំព្រះករុណាខ្ញុំសុំរក្សាការសំងាត់នៅកន្លែងនេះ ទុកតែព្រះមហាក្សត្រ ខ្ញុំព្រះករុណាខ្ញុំនិងប៉ុន្មាននាក់ដឹងបានហើយ។ សុំកុំអាលប្រញាប់ទៅណា។

(១៥) សូមក្រសួងធម្មការនិងសាសនា ក៏ដូចជាពិធីការ រៀបអាសនៈក្រមឡើងវិញ

ទី២ ខ្ញុំព្រះករុណាខ្ញុំស្នើឱ្យក្រសួងធម្មការនិងសាសនា ក៏ដូចជាពិធីការ រៀបឡើងវិញនូវអាសនៈក្រម។ អ្វីជាទីអា​ស​នៈក្រម? ការៀបចំពិធីការរបស់យើងសព្វថ្ងៃនេះ កំពុងរៀបចំពិធីការទៅតាមគោរមងារ មិនមែនរៀបចំពិធីការតាមតួនាទីទេ។ សុំព្រះរាជទានទោស ខ្ញុំព្រះករុណា ខ្ញុំត្រូវនិយាយត្រង់ៗ បើមិននិយាយត្រង់មកប្លាៗ មកធ្វើអី គ្រាន់តែមកសូត្រធម៌តាម។ ប៉ុន្តែខ្ញុំព្រះករុណា ខ្ញុំធ្វើការកែតម្រូវ។ ត្រង់នេះ អាសនៈក្រមដែលកំពុងរៀបចំ គឺរៀបចំតាមគោរមងារ មិនមែនរៀបចំតាមតួនាទីទេ។ អត់ត្រូវទាល់តែសោះ។ មិនដែលអភិបាលខេត្តទៅអង្គុយក្រោយអភិបាលស្រុកទេ។ ព្រះតេជគុណ ខាងរដ្ឋបាលគេមានអភិបាលខេត្ត គេមានអភិបាលស្រុក។ អភិបាលខេត្តខ្លះឧត្តមមន្ត្រីថ្នាក់លេខ៣ ប៉ុន្តែអភិបាលស្រុកខ្លះឧត្តមមន្ត្រីថ្នាក់លេខ១ ប៉ុន្តែគេមិនមែនឱ្យអភិបាលស្រុកទៅអង្គុយខាងមុខទេ គេឱ្យអភិបាលខេត្តអង្គុយមុខ។ ឯយើងសព្វថ្ងៃនេះ ព្រះអនុគុណអង្គុយមុខមេគុណ។ អនុគុណគឺអភិបាលស្រុក ព្រះ​មេគុណគឺអភិបាលខេត្ត … ខ្ញុំព្រះករុណាខ្ញុំចូលទៅដល់ព្រះបរមរាជវាំង និយាយអោយត្រង់ទៅចុះ ម៉េចក៏សម្ដេច សៅ ចាន់ថុល ទៅអង្គុយពីខាងលើសម្ដេច ឃឹម សន។ អ្នកណារៀបចំ?

ប៉ុន្តែមិនបាននិយាយ​។ យូរហើយ អត់ត្រូវទេ។ សម្ដេច ឃឹម សន ជាព្រះមេគុណ រឿងអីទៅអង្គុយក្រោមសម្ដេច ចាន់ថុល។ សម្ដេច ចាន់ថុល អត់មកទេថ្ងៃនេះ។ និមន្តទៅអាមេរិក។ សូមនិយាយអោយត្រង់ ព្រះអង្គផ្អែកលើអី? ផ្អែកលើព្រះធម្មលិខិត​។ អត់មានទេ។ សូមមើលទម្រង់កន្លងទៅ។ បើនិយាយពីគោរមងារ អ្នកណាទៅលើសពី ហ៊ុន សែន សុទ្ធតែសម្ដេចអគ្គមហា។ នាយករដ្ឋមន្ត្រីបច្ចុប្បន្នគ្រាន់តែនាយឧត្តមសេនីយ៍ ខ្ញុំព្រះករុណាខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។ ប៉ុន្តែនៅពេលដែលខ្ញុំព្រះករុណា ខ្ញុំចាកចេញពីដំណែងនាយករដ្ឋមន្ត្រី មកកាន់ដំណែងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដោយពេលនោះមិនមែនជាប្រធានព្រឹទ្ធសភាទេ ខ្ញុំព្រះករុណាខ្ញុំត្រូវឈរក្រោយកូន នៅពោធិ៍ចិនតុង ឃើញញយហើយ។ សូម្បីអុំទូកឆ្នាំទៅ កូនវាអង្គុយខាងនោះ ខ្ញុំព្រះករុណាខ្ញុំជាកិត្តិយសដែលបានអង្គុយនៅកន្លែងមួយកៀនកន្លៀត។ វាត្រូវតែអញ្ចឹង។ ឥឡូវបើសិនជាយកនូវគោរមងារយកមកដាក់ បើនិយាយពីកងទ័ពវិញ​ ខ្ញុំព្រះករុណាខ្ញុំផ្កាយធំជាងគេ។ នៅ២នាក់ដែរ ព្រោះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ គឺមានតែ៣រូបទេ សម្ដេច ជា ស៊ីម គាត់មរណកាលហើយ។ សម្ដេច ហេង សំរិន និងខ្ញុំព្រះករុណាខ្ញុំ។

សុំដូរឡើងវិញ រឿងហ្នឹងរឿងក្រសួងធម្មការរៀបចំជាមួយពិធីការ … សុំកែតម្រូវស្រែកឱ្យលឺពេញមួយប្រទេសតែម្ដង។ ហ៊ុន សែន និយាយគឺអញ្ចឹង។ កាលពីចាប់ផ្ដើមអានដំបូង។ ខ្ញុំព្រះករុណាខ្ញុំ តែគេសរសេរអោយអានគឺរដិបរដុប តែបើនិយាយគឺទៅលឿនតែម្ដង រដាស់ម៉ាស៊ីនហើយ។

(១៦) គួរពិចារណារួមគ្នាលើការទិញដី​ទុកឱ្យពុទ្ធបរិស័ទមានទីកន្លែងសម្រាប់ធ្វើចេតិយឬទេ

សុំបញ្ជាក់ រឿងមួយទៀត។ ខ្ញុំព្រះករុណាខ្ញុំ (ស្នើឱ្យ)ធ្វើការពិចារណា។ ក្រសួងធម្មការនិងសាសនា ធ្វើការជាមួយនឹងព្រះសង្ឃ និងអាជ្ញាធរ ត្រង់ទីអារាមរបស់យើងសម្បូរទៅដោយចេតិយ។​​​ សំណាងល្អដែលទីអារាមខ្លះនៅអាចទទួលចេតិយបាន ប៉ុន្តែនៅពេលខាងមុខអត់កន្លែងធ្វើចេតិយទេ។ តើយើងគួរពិចារណារួមគ្នាទៅលើការទិញដី​ទុកនៅទីកន្លែងណាមួយ ដើម្បីឱ្យពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់មានការធ្វើចេតិយឬទេ។ បើធ្វើតែក្នុងវត្តរបៀបនេះ អ្នករើកុដិលោក(ធ្វើចិត្តិយ)ក៏មានដែរ។ យើងត្រូវគិតគូរមុនទុកឱ្យហើយ។ យើងភាគច្រើនគឺចេតិយ ប៉ុន្តែចេតិយខ្ញុំព្រះករុណាខ្ញុំអត់ព្រមទៅនៅវត្តទេ។ សុំទោស។ សួរទៅប្រពន្ធខ្ញុំព្រះករុណាខ្ញុំ គាត់ថាធ្វើរួចហើយ។ ធ្វើនៅឯណា? នៅវត្តចំពុះក្អែក វត្តសម្ដេច អំ លឹមហេង។ ថាទេមិនទៅនៅជាមួយទេ។ ដាច់ខាតហើយ​ថ្លង់ក្មេងៗ ជួនកាលវារាន់ទៅបត់ជើងតូចធំ ក្បែរដាក់ចេតិយឯងនៅហ្នឹង។ សុំទោសមិនទៅទេ។ ប៉ុន្តែឥឡូវយើងគួររៀបចំទុក។ ចិនគេមានកន្លែងមុងរបស់គេ។ ឯយើងក៏អាចមានកន្លែងសម្រាប់ការធ្វើចេតិយ។ ប៉ា​ឆាមិនពិបាកទេ ប៉ុន្តែរឿងចេតិយតម្កល់អដ្ឋិធាតុ។

ជួនកាលកន្លែងមួយ យើងលៃទុកដីអញ្ចឹងទៅ មួយកន្លែងយើងទិញ ៣ហិកតាអញ្ចឹងទៅ រៀបចំដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគាត់ទៅធ្វើចេតិយ។ យើងត្រូវគិតទៅដល់អ្នកដែលគ្នាអត់មានលទ្ធភាពធ្វើចេតិយផង។ យើងអាចរៀបចំធ្វើចេតិយមួយដែលពុទ្ធបរិស័ទ ក្រុមគ្រួសារខ្លះខ្វះលទ្ធភាពយកទៅទុកនៅទីកន្លែងនោះដែរ។ មិនមែនជាផ្នូរខ្មោចរួមដូចសម័យ ប៉ុល ពត ទេ ប៉ុន្តែជាទីកន្លែងសម្រាប់អ្នកក្រីក្រដាក់អដ្ឋិធាតុរបស់ឪ៊ពុកម្ដាយ ដែលគេទៅធ្វើបុណ្យនៅកន្លែងនោះ ក៏ជាទីកន្លែងជួបជុំនៃក្រុមគ្រួសារដែលមានអដ្ឋិធាតុយកទៅដាក់នៅកន្លែងនោះ។ គ្រាន់តែជាការផ្ដល់មតិ សូមព្រះតេជ​ព្រះគុណ (ទទួលយកទៅពិចារណា)។ ឥឡូវព្រះតេជព្រះគុណគិតមើល វត្តខ្លះសម្បូណ៌ដោយចេតិយ។ ចេតិយគ្របដណ្ដប់សឹងតែ៥០% នៃចំនួនព្រះវិហារ សាលាឆាន់ ឬកុដព្រះសង្ឃ។ អញ្ចឹងថាអាចធ្វើទៅរួច ឬអត់? នេះគ្រាន់តែជាមតិទេ។ ការងារនេះមិនថារាជរដ្ឋាភិបាល មិនថាអ្នកណាទេដែលអាចផ្គួចផ្តើមគំនិតអាចធ្វើទៅរួច យើងគួរចាប់ផ្តើមទៅលើរឿងនេះផងដែរ។

(១៧) គប្បីប្រុងប្រៀបអ្នកបន្តវេនជាអាចារ្យក្នុងព្រះបរមរាជវាំង

មួយទៀត ខ្ញុំព្រះករុណាខ្ញុំសូមយកឱ្យនេះផ្តាំផ្ញើចំពោះអាចារ្យ ហើយក៏និយាយទៅកាន់ក្រសួងធម្មការ និងសាស​នា។ ក្រោយពេលដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសអាសន្នស្តីអំពីវិបត្តិខ្វះអាចារ្យ អាចារ្យ និងអាចារិនីក៏ត្រូវបានបណ្តុះបណ្តាលឡើង។ ឥឡូវនេះ សេចក្តីត្រូវការរបស់ពលរដ្ឋក៏មានចំនួនត្រូវការអាចារ្យកាន់ច្រើនផងដែរ។ ក្នុងពេលដែលអាចារ្យមានបទពិសោធន៍ចាស់ៗ គាត់ចេះតែចាស់ទ្រោមទៅៗ សូម្បីតែអាចារ្យគន់ ប្រហែលជាឥឡូវពេលនេះកំពុងនៅវៀតណាមឯណោះ។ ខ្ញុំក៏ជូនថវិកាខ្លះដើម្បីឱ្យគាត់ទៅពេទ្យ។ អត់ពីអាចារ្យគន់ទៅ តើអាចារ្យក្នុងព្រះបរមរាជវាំងមានអ្នកណា? បានប្រុងប្រៀបហើយ ឬនៅ? ស្អីក៏ដោយត្រូវមានសា្មរតីប្រុងប្រៀប។ សូម្បីតែរឿងសម្តេច គង់ សំអុល ខ្ញុំព្រះករុណាខ្ញុំក៏ត្រូវពិនិត្យមើលតើអ្នកណាត្រូវបន្តកិច្ចការបន្ទាប់ពីសម្តេច គង់ សំអុល។ ថ្ងៃនោះដូចជាប្រើពេលប៉ុន្មានម៉ោង តែងតាំងហើយក្នុងថ្ងៃហ្នឹង។ មើលកុំឱ្យពិបាកពេកដោយសារតែព្រះមហាក្សត្រទើបប្រទានគោរមងារ ឧកញ៉ាមហាមន្ត្រី ពេលហ្នឹងព្រះមហាក្សត្រព្រះអង្គគង់នៅឯព្យាបាលព្រះរោគនៅប៉េកាំងប្រទេសចិន។ អញ្ចឹងត្រូវទំនាក់ទំនងតាមសារសំឡេងទៅវិញទៅមកដើម្បីតែងតាំងភ្លាមៗ ចៅហ្វាវាំង មួយទៀត។ ចៅហ្វាវាំង គង់ សំអុល បានមរណៈកាលហើយ ត្រូវតែតែងតាំង ចៅហ្វាវាំង មួយភ្លាម ដើម្បីទទួលខុសត្រូវចាត់វិធានការនានានៅក្នុងព្រះបរមរាជវាំង មិនអាចទុកឱ្យទំនេរយូរទេ។

(១៨) វត្តនីមួយៗ គួរបណ្តុះបណ្តាលអាចារ្យដើម្បីជំនួសអាចារ្យចាស់ៗ

ឥឡូវ មិនមានភាពចាំបាច់លឿនពេកក្នុងការតែងតាំងអាចារ្យសម្រាប់វាំងទេ។ ឧទាហរណ៍ បើអាចារ្យគន់ យ៉ាងម៉េចៗទៅ (សង្ឃឹមថា អាចារ្យ គន់ អាយុបាន ១០ឆ្នាំ ២ដងទៀត) អញ្ចឹងទៅចុះ។ តម្រូវការអាចារ្យកាន់តែច្រើន ពេលនេះម៉ោងនេះ សំឡេងភ្លេងការមិនដឹងថា ភូមិណាប៉ុន្មានទេ។ តេជគុណអើយ។ ស្រុកខ្មែរយើងគេហាមការក្នុងពេលចូលវស្សា តែចេញវស្សាហើយគេការហើយ។ ពេលការហ្នឹងតម្រូវការអាចារ្យ។ អាចារ្យហ្នឹងត្រូវការអាចារ្យការ អាចារ្យខ្មោច អាចារ្យសូត្រមន្ត ធ្វើបុណ្យសង្ឃទាន ត្រូវការអាចារ្យច្រើនណាស់ ព្រះតេជគុណ ព្រះសង្ឃកាន់តែច្រើន ក៏ត្រូវការអាចារ្យកាន់តែច្រើន។ អញ្ចឹងសូមឱ្យតាមវត្តអារាមនីមួយៗ ក៏បណ្តុះបណ្តាលអាចារ្យ ដោយយកអាចារ្យ ហៅថា តៃកុងអែប។ មានអាចារ្យវត្តស្រាប់។ អញ្ចឹងទេព្រះតេជគុណតាមវត្តនីមួយៗគួរតែត្រូវបានបណ្តុះបណ្តាលអាចារ្យដើម្បីជំនួសអាចារ្យចាស់ ដែលគាត់មិនអាចធ្វើទៅបាន។ យើងមានអាចារ្យថ្មីមកជំនួសដោយមិនរង់ចាំតែពីអាចារ្យដែលបណ្តុះបណ្តាលដោយក្រសួងធម៌ការ និងសាសនាទេ តាមទីអារាមនីមួយអាចទទួលបានការបណ្តុះបណ្តាល សម្រាប់អាចារ្យ។

(១៩) ភាពល្អិតល្អន់ក្នុងការងារកំប៉ិកកំប៉ុក ជួយឱ្យធ្វើការងារធំបាន

សូមផ្តាំផ្ញើលោកអាចារ្យ ពេលនេះគឺជាពេលការ ហើយតែងតែជជែករឿងថា ដាក់កូនប្រុសខាងស្តាំ ឬដាក់កូនប្រុសខាងឆ្វេង។ រឿងហ្នឹងនៅតែជាប្រធានបទដដែល ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បានទៅជួបអាចារ្យម្តង ព្រោះពេលហ្នឹងកំពុងជជែកគ្នាហើយ។ អាចារ្យ ញៀន ភឿង និងអាចារ្យមួយចំនួនទៀត និងការអនុវត្តជាក់ស្តែងថាអាចារ្យ គន់ និងអាចារ្យមួយចំនួនផ្សេងទៀតដែលជាទម្លាប់។ ខាងផ្នែកអាចារ្យ ញៀន ភឿង ថាកូនកម្លោះត្រូវតែដាក់ខាងឆ្វេងដៃមុនពេលផ្ទឹម កូនក្រមុំនៅខាងស្តាំដៃ។ អញ្ចឹង ពេលហ្នឹងមានការជជែកដេញដោលគ្នាច្រើនណាស់រហូតដល់ថា អ្នកណាធ្វើខុសពីក្រសួងធម៌ការ គឺមិនត្រូវ។ បានខ្ញុំព្រះករុណាត្រូវបកស្រាយ។ ឥឡូវការសូមឱ្យអាចារ្យស្តាប់នូវដំបូន្មានរបស់មេបា។ ការសម្រេចចិត្តរបស់មេបា។ បើមេបាថាតម្រូវឱ្យដាក់កូនកម្លោះនៅខាងស្តាំដៃ កូនក្រមុំគឺធ្វើតាមម្ចាស់ដើមការទៅ។ កុំមានះ។ លើកលែងតែម្ចាស់ដើមការគាត់ប្រាប់មកថា​ សម្រេចលើអាចារ្យរៀបចំយ៉ាងណាឱ្យល្អ ហ្នឹងសិទ្ធិរបស់អាចារ្យដាក់ខាងណាក៏ស្រេចលើអាចារ្យដែរ។ ប៉ុន្តែអាចារ្យត្រូវតែសួរម្ចាស់ដើមការតើកូនកម្លោះត្រូវដាក់ខាងស្តាំដៃ ឬដាក់ខាងឆ្វេងដៃ។​ ខ្លះថាលោក ហ៊ុន សែនចូលដល់រឿងកំប៉ិចកំប៉ុកទៀតហើយ។ ខ្ញុំនៅតែបញ្ជាក់ដដែល បើមិនចេះការងារកំប៉ិចកំប៉ុកទេ កុំទៅចង់ធ្វើអ្នកធំអី។ ហ្នឹងនិយាយរឿងពិត។ រឿងគ្រាន់តែអាចារ្យការនេះនៅខាងឆ្វេងដៃ នៅខាងស្តាំដៃ ថាជារឿង កំប៉ិចកំប៉ុក លោក ហ៊ុន សែន កំប៉ិចកំប៉ុក មកចេះដឹងតាំងពីអញ្ចឹងៗ។ ខ្ញុំគ្រាន់តែផ្តាំទៅវិញថាបើមិនចេះការងារកំប៉ិចកំប៉ុកធ្វើការ​ងារកំប៉ិចកំប៉ុកមិនបាន កុំសង្ឃឹមថាធ្វើធំបាន ត្រូវមានភាពល្អិតល្អន់។

(២០) សូមអង្វរកព្រះសង្ឃកុំមានព្រះទ័យច្រណែនគ្នា

មួយទៀត ខ្ញុំព្រះករុណាខ្ញុំសុំ។ បើព្រះសង្ឃថាសូមបិណ្ឌបាត។ ឯខ្ញុំព្រះករុណាខ្ញុំសូមអង្វរក សូមព្រះសង្ឃកុំច្រ​ណែនគ្នាអី។ ខ្ញុំព្រះករុណាខ្ញុំហាក់ដូចជាថា បើព្រះសង្ឃដែលមាននិន្នាការនយោបាយចុះ​ ខ្ញុំព្រះករុណាខ្ញុំមិនថាទេ ប៉ុន្តែពេលខ្លះ គ្រាន់តែព្រះសង្ឃខ្លះមានឥទ្ធិពល ក៏ចេះច្រណែនគ្នាដែរ។ អញ្ចឹងតើកាមកិលេសនៅក្នុងធម៌ប្រដៅព្រះពុទ្ធសាសនាហ្នឹងវាយ៉ាងម៉េចទៅ។ ខ្ញុំព្រះករុណាខ្ញុំលើកឱ្យចំៗអញ្ចឹង។ ព្រះអង្គចន្ទមុនី មិនដឹងថានិមន្តមក ឬអត់ថ្ងៃនេះ? អត់បានមក។ ទើសព្រះអង្គចន្ទមុនី។ ធ្វើម៉េចបើពុទ្ធបរិស័ទចូលចិត្តព្រះអង្គចន្ទមុនីហើយ។ យើងជួយអរទៅ។ ចាំបាច់អីទៅច្រណែនជាមួយលោកធ្វើអី? នេះនិយាយឱ្យត្រង់ជាមួយគ្នាអញ្ចឹងតែម្តង។ ខ្ញុំព្រះករុណា​ខ្ញុំពិតជាពិបាកយល់។ យើងកុំទៅច្រណែនគ្នាអំពីអ្នកនេះមានឥទ្ធិពល អ្នកនោះមានប្រជាប្រិយ អ្នកនេះអត់ប្រជាប្រិយ។ យូរៗហៅព្រះអង្គអាឆែបអញ្ចឹងទៅ។

ពេលមួយខ្ញុំព្រះករុណាខ្ញុំចេញសារទៅឱ្យខាងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ថាជួយសម្រួល ព្រោះតែព្រះអង្គចន្ទមុនីនិមន្តទៅណាគឺមានពុទ្ធបរិស័ទតាមមក។ ថ្ងៃមុនកូនប្រសារខ្ញុំព្រះករុណាខ្ញុំ ក៏ឈ្មោះនី ប្រពន្ធខ្ញុំព្រះករុណាខ្ញុំក៏ឈ្មោះនី ដល់ទៅគេទៅចាំនៅហ្នឹង ថាព្រះអង្គចន្ទមុនីទៅ។ ឥឡូវអ្នកណាបង្ខំឱ្យទៅបាន។ ហ្នឹងនិយាយគ្នាឲ្យច្បាស់មើល។ ជួនកាលនាយករដ្ឋមន្ត្រីទៅប្រមូលមនុស្សមក គេមិនមកជារឿងរបស់គេ។ នេះគឺការស្ម័គ្រចិត្តទៅរបស់ពុទ្ធបរិស័ទទៅវត្ត ឬក៏ទៅចាំលោកកន្លែងនេះកន្លែងនោះ។ ម៉េចក៏យើងចាំបាច់ច្រណែន។ មានលោកអ្នកឧកញ៉ាមហាភក្តីមួយដែរ ថ្ងៃទៅតាំងមួយគូរទន្ទឹមគ្នា សួរថាឥឡូវដាក់ស្អី គុយ សុផល។ កំពុងរកឈ្មោះតើ។ អញ្ចេះ ខ្ញុំទូលថ្វាយទៅព្រះករុណាដោយសារតែសម្តេច គង់ សំអុល គាត់ស្មោះត្រង់ណាស់ អញ្ចឹងដាក់អញ្ចេះតែម្តងទៅ លោកអ្នកឧកញ៉ាមហាភក្តី បណ្តោយទៅ តត្រកូលត្រង់។

អាហ្នឹងខ្ញុំព្រះករុណាខ្ញុំត្រង់ថា សុំអង្វរកកុំឲ្យដល់ព្រះសង្ឃច្រណែនគ្នា អ្នកនេះគ្រាន់បើជាងអញ អ្នកនោះគ្រាន់​បើ​ជាងអញ។ វាមិនជាការល្អទេ។ ខ្ញុំព្រះករុណាខ្ញុំ ពេញចិត្តជាមួយនឹងព្រះតេជព្រះគុណដែលចេញមកបកស្រាយរឿងនេះរឿងនោះ ផ្តល់នូវការអប់រំ ឱវាទតាមប្រពៃណីព្រះពុទ្ធសាសនា។ ឯណាព្រះតេជព្រះគុណ ហាក់ សៀងហៃ? ព្រះអង្គអើយ ជួយខាងអក្សរសាស្ត្រតទៅទៀត ដែលព្រះអង្គតែងតែ live អំពីការបង្រៀនខាងអក្សរសាស្ត្រ។ ឥឡូវហ្នឹង ព្រះអង្គជួយបង្រៀនពាក្យ «ដែរ និងដែល»។ ជួនកាលច្របូកច្របល់នៅក្នុងហ្វេសប៊ុកក្តី ក្នុងការសរសេរក្តី។ ខ្ញុំទៅដែរប៉ុន្តែអត់សរសេរ ដែ និង រ ទេ គាត់សរសេរ ដែ និង ល។ ហ្នឹងវាទៅជារឿងអញ្ចឹង។ ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃមុនក៏បានឃើញ ព្រះតេជព្រះគុណ ហាក់ សៀងហៃ (ហៅថាលោកកូន)និមន្តជាមួយនឹងព្រះអង្គចន្ទមុនីមើលក្នុងវត្ត។ ខ្ញុំព្រះករុណាខ្ញុំ សប្បាយ។ អ្នកដែលអត់មានប្រកែប្រកាន់គ្នាដើរក្នុងវត្ត។ មើលដើមឈើ មើលសាលា មើលស្អីៗ។ ថ្ងៃមុនខ្ញុំព្រះករុណាខ្ញុំ ឧបត្ថម្ភទៅកន្លែងហ្នឹងមួយឆ្នាំ ៥ម៉ឺនដុល្លារដើម្បីព្រះតេជព្រះ​គុណបន្តកិច្ចការទាក់ទងនឹងវិស័យសាសនានៅកន្លែងនោះ។ ថ្ងៃមុនដូចជាបានយកទៅប្រគេនហើយ អញ្ចឹងសុំបន្តទៅទៀតព្រះតេជព្រះគុណ រឿងអក្សរសាស្ត្រ ដូចជាទីប្រឹក្សារាជបណ្ឌិតសភា ទទួលបន្ទុកខាងផ្នែកអក្សរសាស្ត្រហ្នឹងផងដែរ អញ្ចឹងសុំបន្តទៅទៀត។

ខ្ញុំព្រះករុណាខ្ញុំ ប៉ប៉ាច់ប៉ប៉ោចណាស់ ហ្នឹងដែលហៅថាហ៊ុនសែននោះ ដូរចរិតមិនបានទេ ព្រះតេជព្រះគុណ ប៉ុន្តែគ្រាន់ថាចំណុចនេះកាលពីមុន ជនបរទេសម្នាក់ដែលគេសរសេរបានប្រៀបធៀបថា សុន្ទរកថារបស់លោក ហ៊ុន សែន មានចរិតបញ្ជា ឯសុន្ទរកថារបស់ ហ៊ុន ម៉ាណែត អត់មានចរិតបញ្ជាទេ។ ខ្ញុំព្រះករុណាខ្ញុំ វាយបកត្រឡប់ទៅ​វិញថា ពួកអ្នកឯងនេះសំណាងបានកើតនៅប្រទេសអ្នកមានទេ បានមកប្រដៅខ្ញុំ តែខួរក្បាលអ្នកឯង មិនប្រា​កដថាល្អជាងខ្ញុំទេ។ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមក គឺលើកជាសំណើ មិនដាក់បញ្ជាទេ។ អ្នកដែលត្រូវដាក់បញ្ជាគឺ ហ៊ុន ម៉ាណែត … ខ្ញុំព្រះករុណាខ្ញុំប្រើពាក្យនៅទីនេះគឺឲ្យពិនិត្យ និងការផ្លាស់ប្តូរ កន្លែងណាដែលជាកន្លែងខ្ញុំព្រះករុណាខ្ញុំធ្វើបាន ដូចជាឲ្យមានការផ្លាស់ប្តូរអាសនៈក្រម រវាងព្រះមេគុណ និងព្រះអនុគុណ គ្រាន់តែខុសគោរម្យងារ អាហ្នឹងអាចនិយាយទៅរួច។ ប៉ុន្តែអ្នកខ្លះដែលមិនធ្លាប់ធ្វើនាយករដ្ឋមន្ត្រី មិនដឹងថាតើតួនាទីនាយករដ្ឋមន្ត្រីវាត្រូវចេញបញ្ជាឬអត់? វាត្រូវចេញបញ្ជាតែនិយាយ ធ្វើត្រូវចេញបញ្ជា។ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ អត់ចេញបញ្ជាទេ អំពាវនាវឲ្យពិចារណា។ ឥឡូវខ្ញុំព្រះករុណាខ្ញុំ ចូលមកដល់ព្រះរាជតំណាងវិញម្តង ផុតពីហ៊ុនសែន ចូលដល់ព្រះរាជតំណាង។

[ចប់ការធ្វើអធិប្បាយ១]

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អនុសំវច្ឆរមហាសន្និបាតមន្រ្ដីសង្ឃទូទាំងប្រទេសលើកទី ៣២ នឹងប្រមូលបាននូវបណ្ដុំបញ្ញាញាណ បណ្ដុំបទពិសោធ ទស្សនៈគ្រប់ជ្រុងជ្រោយ កំណត់បានត្រឹមត្រូវនូវបញ្ហា មូលហេតុនៃបញ្ហាកាត់បន្ថយ និង បំបាត់នូវបញ្ហា ព្រមទាំងបង្កើតនូវវិធីសាស្រ្ត និង យន្ដការថ្មីៗ សំដៅបង្កើនប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង ព្រះពុទ្ធសាសនានៅកម្ពុជា លើកកម្ពស់ស្មារតីនៃការពង្រឹង និង ពង្រីកសាមគ្គីធម៌ ការអភិវឌ្ឍសមត្ថភាព ភាពជាគំរូ និង ការអប់រំសីលធម៌ ដើម្បីកសាងឱ្យនូវមូលធនសង្គម សុខដុមរមនាសង្គម សន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ផ្អែកលើទ្រឹស្តីអប់រំរបស់ព្រះពុទ្ធសាសានា ។

អនុសំវច្ឆរមហាន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ដែលនឹងប្រកាសបើកនាពេលបន្តិចទៀតនេះ គឺប្រព្រឹត្ដទៅប្រកបដោយមហាសាមគ្គីភាពដ៏ទូលំទូលាយ និង ស្និទ្ធស្នាលបំផុត ស្របពេលដែលប្រជាជនកម្ពុជាយើង កំពុងរស់នៅពោរពេញទៅដោយសុខសន្ដិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា និង ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណា ព្រះបាទសមេ្ដចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា–ណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា-ចក្រកម្ពុជា ។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ឃើញថា ពេលនេះ ជាឱកាសមាសសម្រាប់ការបង្កើនភាពចាស់ទុំខាងស្មារតី និង សុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម ដើម្បីបង្កើនភាពធន់របស់សង្គម ដែលអាចទប់ទល់នឹងបញ្ហាប្រឈមនានា និង មូលធនសង្គម ដើម្បីរួមគ្នាថែរក្សាសន្តិភាព និង បង្កើនល្បឿននៃការអភិវឌ្ឍ ឈានឆ្ពោះទៅដល់ការសម្រេចបាន​គោលដៅនៃការអភិវឌ្ឍជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។

ជាថ្មីម្តងទៀត ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត និង ក្នុងនាមទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរឱ្យអនុសំវច្ឆរមហា-សន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣២ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បី រួម​ចំណែកដល់ការអភិវឌ្ឍព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿងបន្ថែមទៀត លើកកម្ពស់តួនាទី ព្រះពុទ្ធសាសនាក្នុងសង្គម តាមរយៈ ការអប់រំលើកកម្ពស់សីលធម៌សង្គម និង សុខភាពផ្លូវចិត្តរបស់ប្រជាជន ដែលបច្ចុប្បន្ននេះ កត្តាទាំងពីរនេះ គឺមានភាពចាំបាច់ និង បន្ទាន់ជាងពេលណាៗទាំងអស់ ។

ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ ប្រគេនពរ និង ជូនពរចំពោះសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុ-ត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គពិធី សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

ឆ្លៀតឱកាសដ៏ថ្លៃថ្លា ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអង្គម្ចាស់ ជីវិតលើត្បូង ទ្រង់សព្វព្រះរាជហរទ័យប្រោសប្រទាន ព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ សម្រាប់ឧបត្ថម្ភកម្មវិធី​រៀបចំអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី ៣២ ចំនួន ២០ លានរៀល។

[ចប់សេចក្តីអធិប្បាយ២]

ទូលបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រកាសបើក «អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២» ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ