នាវេលាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជទ័យប្រោស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងនាំមកនូវថវិកាចំនួន ៥០ម៉ឺនដុល្លារ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំនួន ៥០ម៉ឺនដុល្លារ ដើម្បីដង្ហែ ព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច នៃព្រះអង្គទាំងទ្វេ។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានសៀវភៅស្តីពីសមិទ្ធផលនានា និងកម្រងព្រះរាជសកម្មភាពរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៦ពាន់ដុល្លារអាមេរិក សម្រាប់ព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងឆមាសទី ២ (ខែកក្កដា ដល់ខែធ្នូ) ឆ្នាំ២០១៨ នេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។