… ថ្ងៃនេះ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងម្ចាស់រោងចក្រដែលបានវិនិយោគ ហើយដែលផ្តល់ការអនុញ្ញាតឲ្យកម្មករ/ការិនី នៅក្នុងស្រុកស្អាង ក៏ដូចជាស្រុកកោះធំ បានមកចូលរួមនៅក្នុងពិធីសំណេះសំណាល ហើយបានទទួលការឈប់សម្រាកក្នុងរយៈពេលល្ងាចនេះមួយល្ងាចទៀត។
ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី ការជួបកម្មករ/ការិនីនៅតែបន្ត
ខ្ញុំពិតជាមានការរីករាយដោយសារថ្ងៃនេះ យើងបន្តនៅក្នុងដំណើរឈានឆ្ពោះទៅជួបកម្មករ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិតហើយ សល់ជំនួបប៉ុន្មានលើកទៀតតែប៉ុណ្ណោះ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន នៅក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតចប់ ខ្ញុំនឹងត្រូវបន្តដើរជួបកម្មករនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយអ្វីដែលខ្ញុំបាននិយាយរួចមកហើយនោះ នៅត្រង់ថា ដរាបណាខ្ញុំនៅបន្តជានាយករដ្ឋមន្ត្រីបន្តទៀត ការងារទាក់ទងជាមួយនឹងកម្មករនេះត្រូវបន្តធ្វើមិនចេះចប់។
ដំណាក់កាលសង្គ្រាម វត្តមាននៅតាមខ្សែត្រៀមជួរមុខ
ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាទើបឃើញមុខពូមកថ្ងៃនេះ? នោះគឺជាចម្លើយដែលពូធ្លាប់និយាយទៅកាន់កម្មករ/ការិនី នៅទីកន្លែងផ្សេងៗ ជាង ៥០ ម៉ឺននាក់ … ប្រទេសរបស់យើងមានការវិវឌ្ឍដំណើរការពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ (ក្នុង)ស្ថានភាពមិនដូចគ្នាទេ។ ពេលប្រទេសរបស់យើងស្ថិតនៅក្នុងដំណាក់កាលនៃការលិចលង់ទៅក្នុងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ពេលនោះនៅឃើញសល់រូបភាពមួយចំនួន ដែលពូពាក់ឯកសណ្ឋានយោធាក្នុងសមរភូមិប្រយុទ្ធ ហើយនៅក្នុងរយៈពេលនៃការគ្រប់គ្រងអំណាច ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពេលនោះ ប្រទេសរបស់យើងមិនទាន់រួចចាកផុតពីសង្គ្រាមនៅឡើយទេ។ គេបានឃើញពូនៅខ្សែត្រៀមជួរមុខជាមួយនឹងកងទ័ព ដើម្បីដោះស្រាយការលំបាករបស់កងទ័ពយើងផង និងដោះស្រាយការលំបាកចំពោះប្រជាជននៅក្នុងតំបន់ប្រយុទ្ធផងដែរ។
ទៅក្រៅប្រទេស ចរចាស្វែងរកដំណោះស្រាយនយោបាយស្តីពីបញ្ហាកម្ពុជា
បន្ថែមលើនោះ ដើម្បីធានាថាប្រទេសរបស់យើងបញ្ចប់បានសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ទន្ទឹមនឹងវត្តមាននៅក្នុងឯកសណ្ឋានយោធានៅឯទីតាំងជួរមុខ ដើម្បីដោះស្រាយការលំបាករបស់កងទ័ព និងប្រជាជននៅទីនោះ គេក៏បានឃើញពូនៅក្រៅប្រទេស ដើម្បីចូលរួមការចរចាស្វែងរកដំណោះស្រាយនយោបាយស្តីពីបញ្ហាកម្ពុជា។ ចំណុចនេះ ពេលនោះអាទិភាពរបស់យើង គឺយ៉ាងដូច្នោះឯង ធ្វើយ៉ាងណាទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ហ្នឹងម្ខាង ម្ខាងទៀត ជម្រុញការអភិវឌ្ឍ។ តែដើម្បីដោះស្រាយការបញ្ចប់សង្គ្រាម យើងមិនអាចយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមទេ ត្រូវដំណើរការចរចា។ នោះហើយគឺជាកិច្ចការត្រូវធ្វើនៅក្នុងដំណាក់កាលនោះ។
ដោះស្រាយបញ្ហាកសិកម្ម, កោះធំ និងស្អាង សកម្មភាពច្រើនទាក់ទងកសិកម្ម
ជាមួយនឹងការធ្វើដំណើរលើកិច្ចការងារនោះ បន្ទាប់ទៅ យើងត្រូវធានាថា ធ្វើយ៉ាងម៉េចឲ្យប្រជាជនកម្ពុជាយើងមានស្បៀងហូបគ្រប់គ្រាន់។ នេះជាចំណុចពិសេសមួយ ដែលសង្ឃឹមថាអ្នកស្រុកស្អាង កោះធំនេះ មិនភ្លេចនូវអ្វីដែលជាសកម្មភាពពិតប្រាកដរបស់ខ្ញុំ។ បើពិនិត្យឲ្យបានដិតដល់ សកម្មភាពក្នុងស្រុកស្អាងរបស់យើង និងស្រុកកោះធំ ជាពិសេសគឺស្រុកស្អាងនេះ ជាស្រុកដែលខ្ញុំដើរច្រើនជាងគេ។ គេបានដឹងហើយថាតំបន់អភិវឌ្ឍក្រាំងយ៉ូវ គឺជាតំបន់ដែលពូបានធ្វើសកម្មភាពយ៉ាងច្រើនទាក់ទងជាមួយបញ្ហាវិស័យកសិកម្ម។ ពេលនោះ យើងគ្មានជម្រើសណាល្អជាងទេ ព្រោះមិនទាន់មានការជម្រុញការវិនិយោគផ្នែកឧស្សាហកម្មចូលមកកាន់ប្រទេសកម្ពុជារបស់យើង(នៅឡើយ)។ ដូច្នេះ ជម្រើសពេលនោះគឺដោះស្រាយបញ្ហាឲ្យកសិកររបស់យើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក នៅក្នុងក្របខណ្ឌខេត្តកណ្តាល ដែលស្រុកស្អាងនេះគឺជាស្រុកដែលបានទទួលនូវការរីកចម្រើននូវផ្នែកប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធស្រោចស្រព និងការអភិវឌ្ឍដទៃទៀត។
ផ្លូវលេខ ២១ តភ្ជាប់ភ្នំពេញ ស្អាង កោះធំ ព្រំដែនវៀតណាម
មានចម្រៀងច្រើនណាស់ តាំងពី ម្លប់ត្នោតក្រាំងយ៉ូវ តាំងពី រាំវង់ក្រាំងយ៉ូវ តាំងពី ស្អាងភ្នំស្អាងស្រែនេះ បើនិយាយពីអ្នកដែលមកពីស្អាងភ្នំស្អាងស្រែ គឺថាសុទ្ធតែបានដឹង។ ហើយប្រវត្តិសិត្បូអីនេះ … ហ្នឹងត្រើយខាងនេះ ទឹកវិល ព្រែកអំបិលអីហ្នឹង គឺថាមួយជួរខាងហ្នឹង។ ដល់ទៅខាងនោះ ស្វាយប្រទាល ហើយនិងត្រើយស្លា ចុះទៅរហូតមួយជួរហ្នឹងហូរហែរហូត។ ដំណាក់កាលនោះ យើងត្រូវជម្រុញការអភិវឌ្ឍការដាំដុះ ហើយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ ពេលនោះ សូម្បីតែផ្លូវថ្នល់វាលំបាកធ្វើដំណើរខ្លាំងណាស់។ ប៉ុន្តែការធ្វើដំណើរបច្ចុប្បន្ននេះ វាខុសពីស្ថានភាពកាលពីពេលមុន។ ផ្លូវជាតិលេខ ២១ បច្ចុប្បន្ននេះ កំពុងតែបានតភ្ជាប់ រវាងពីទីក្រុងភ្នំពេញមកដល់ខេត្តកណ្តាល កាត់ស្រុកស្អាង និងកាត់ស្រុកកោះធំ ឆ្ពោះទៅព្រំដែនវៀតណាម ហើយតភ្ជាប់ជាមួយនឹងស្ពានរវាងកម្ពុជា និងវៀតណាម ដែលចេញប្រាក់ពាក់កណ្តាលម្នាក់ ដើម្បីសាងសង់។ ចំណុចនេះផ្តល់នូវលទ្ធភាពដើម្បីការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកសិកម្ម ឬវិស័យសេវា នៅក្នុងតំបន់នេះផងដែរ។
មិនមែនមិនបានគិតគូរអំពីឧស្សាហកម្មទេ ប៉ុន្តែត្រូវគិតអំពីកសិកម្មជាមុនសិន
នោះហើយជាចំណុចដែលក្មួយៗអាចគិតថា ហេតុអ្វីបានជាពូទើបនឹងចាប់ផ្តើមធ្វើក្នុងវិស័យឧស្សាហកម្មនេះ កាលពីខែសីហាកន្លងទៅ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ពូមិនគិតគូរអំពីវិស័យឧស្សាហកម្មទេ គ្រាន់តែពូមិនទាន់បានចុះជាប់ជាមួយនឹងកម្មករតែប៉ុណ្ណោះ។ កាលមុននេះ ចំណាយពេលភាគច្រើនទៅជាមួយនឹងកសិករ ដើម្បីធ្វើវេទិកាសាធារណៈនៅតាមវាលស្រែ នៅតាមប្រឡាយទឹក នៅតាមទំនប់ទឹកច្រើនជាង ដោយសារពេលនោះ តម្រូវការរបស់យើងវាយ៉ាងដូច្នេះ។ ក្រោយមកទៀត នៅក្នុងដំណាក់កាលនៃគោលនយោបាយផលិតស្បៀង និងការនាំចេញអង្ករ ដែលមកដល់ពេលនេះធ្វើឲ្យប្រទេសកម្ពុជាយើង (ប្រែ)ពីប្រទេសដែលមានការផលិតស្បៀងបានតិចតួច ហើយជានិច្ចជាកាលយើងនាំស្បៀងចូលពីប្រទេសក្រៅ តាមរយៈជំនួយ ឬតាមរយៈទិញដូរ មកដល់ពេលនេះ កម្ពុជាយើងនៅសល់ស្រូវ គិតតែជាស្រូវទេ មិនគិតអំពីដំឡូង សណ្តែក ឬក៏អ្វីផ្សេងទៀតដែលអាចទទួលទានបាននោះទេ យើងសល់ស្រូវចំនួន ៥ លាន ៦ សែន តោន សម្រាប់ការនាំចេញទៅបរទេសផងដែរ។
ដល់ដំណាក់កាល ជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម
ធ្វើកសិកម្មតែមួយមុខ វាមិនគ្រប់គ្រាន់ទេ យើងត្រូវជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលយើងមានមូលដ្ឋានរួចមកហើយតាំងពីមុន រហូតមកដល់ពេលនេះ ហើយពេលនេះ វិស័យឧស្សាហកម្មរបស់យើងកំពុងរីកលូតលាស់ ជាពិសេស វិស័យឧស្សាហកម្មស្រាល ដែលក្នុងនោះមានឧស្សាហកម្មផ្នែកទាក់ទិនជាមួយនឹងវាយនភ័ណ្ឌ គឺទាក់ទិននឹងការកាត់ដេរសម្លៀកបំពាក់ ក៏ដូចជាដេរស្បែកជើងមានចំនួនច្រើនជាង។ នៅក្នុងនេះ តាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង អម្បាញ់មិញ គឺអ្នកដែលបានចុះបញ្ជីនៅក្នុងក្រសួងការងារ មានរហូតទៅដល់ ១ ម៉ឺន ២ ពាន់ សហគ្រាស/គ្រឹះស្ថាន ហើយសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជិត ៦០ ម៉ឺនទីកន្លែង។ នេះជាចំនួនមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានោះទេ ហើយទំហំ នៃការនាំចេញរបស់យើងក៏កាន់តែច្រើន។ ចំណុចនេះក៏វាស្របជាមួយនឹងការដាក់ចេញនូវគោលនយោបាយថ្មី លើវិស័យឧស្សាហកម្ម ដែលហៅថា គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលយើងត្រូវបន្តជម្រុញ។
ពង្រាយសាលាទៅតាមមូលដ្ឋាន
ថ្ងៃនេះពូមកជួបក្មួយៗនៅទីនេះ ដែលមានរោងចក្រចំនួន ៨ នៅស្រុកស្អាង និង ២ នៅឯស្រុកកោះធំ ដែលមានកម្មករ/ការិនី ១៦.៤៧៤ នាក់ ដែលនេះក៏ជាចំនួនមួយដែលអាចមើលឃើញថា វាស្ថិតនៅក្នុងផែនការពង្រាយរោងចក្រទៅតាមបណ្តាមូលដ្ឋាន ដែលអាចធ្វើទៅបាន។ ក្មួយៗអាចយល់ដឹងហើយថា កាលពីអតីតកាល យើងខិតខំពង្រាយសាលាទៅតាមមូលដ្ឋាន ដែលមកដល់ពេលនេះក្មួយៗពិតជាពិតប្រាកដហើយថា ក្មួយៗបានរៀនសូត្រនៅក្រោមដំបូលសាលា ដែលគណបក្សប្រជាជន និងរដ្ឋាភិបាលរបស់ពូ ធ្វើតាំងពីពេលមុនរហូតមកដល់ពេលក្រោយ។ នោះគឺការពង្រាយសាលាដែលអនុញ្ញាតឲ្យក្មួយៗបានសិក្សាគ្រប់ៗគ្នា។ លើកលែងតែអ្នក ដែលមិនចង់រៀនតែប៉ុណ្ណោះ តែបើអ្នកចង់រៀនសុទ្ធតែមានលទ្ធភាព។ បើយើងគិត គ្រាន់តែស្រុកស្អាង និងស្រុកកោះធំរបស់យើងនេះ មានវិទ្យាល័យមានច្រើនណាស់។ សូម្បីតែនៅឃុំក្រាំងយ៉ូវ ដើម្បីធានាឲ្យអ្នកខាងក្រាំងយ៉ូវ និងអ្នកមកពីព្រៃកប្បាសមួយចំនួនអាចរៀនសូត្របាននៅឯក្រាំងយ៉ូវ គឺយើងមានវិទ្យាល័យនៅឯក្រាំងយ៉ូវឯណោះ។ គោលដៅឃុំមួយ អនុវិទ្យាល័យមួយយ៉ាងតិច បានសម្រេចហើយ។ យើងកំពុងដាក់ចេញនូវគោលដៅពង្រាយវិទ្យាល័យច្រើនក្នុងឃុំ ក្នុងស្រុក ឬក៏ក្នុងខេត្ត និងកំពុងឈានឆ្ពោះទៅរកខេត្តមួយ សាកលវិទ្យាល័យរដ្ឋមួយយ៉ាងតិច។ នេះគឺជាការរៀបចំនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កាលពីមុនរហូតមក ដល់បច្ចុប្បន្ននៅតែបន្ត។
ពង្រាយរោងចក្រទៅតាមមូលដ្ឋានដែលមានសក្តានុពល
ប៉ុន្តែយើងមិនត្រូវភ្លេចជាមួយនឹងការពង្រាយរោងចក្រ ទៅកាន់ទីកន្លែងដែលមានសក្តានុពល ហើយងាយស្រួលដោះស្រាយការងារឲ្យកម្មករ/ការិនីរបស់យើង។ ក្មួយៗនៅស្រុកស្អាង និងស្រុកកោះធំ អាចចោទជាសំណួរថា ប្រសិនបើរោងចក្រនេះ ស្ថិតនៅទីតាំងក្នុងទីក្រុងភ្នំពេញ តើក្មួយៗមានលទ្ធភាពដើម្បីនឹងធ្វើការនៅទីនោះឬទេ? ច្បាស់ណាស់ក្មួយៗមួយចំនួនទៅធ្វើការនៅទីក្រុងភ្នំពេញ ហើយការចំណាយនៅទីក្រុងភ្នំពេញ គឺពិតជាខ្ពស់ជាង បើប្រៀបធៀបទៅនឹងការចំណាយរបស់ក្មួយៗដែលធ្វើការនៅតាមទីកន្លែងក្បែរខាងនេះ។ ពិតហើយ រោងចក្រនៅក្នុងតំបន់ តាំងពីស្វាយរលំ មកដល់តំបន់យើងនេះ គឺមិនមែនគ្រាន់តែទទួលអ្នកស្រុកស្អាងប៉ុណ្ណោះទេ តែទទួលមកពីខេត្តដទៃទៀតក៏មានផងដែរ។
គ្មានការពង្រាយរោងចក្រ បើមិនទៅភ្នំពេញ គឺធ្វើកសិកម្ម
ប៉ុន្តែ លើកចេញជាសំណួរសម្រាប់អ្នកស្រុកស្អាង និងអ្នកកោះធំទៅចុះ ប្រសិនបើគ្មានការពង្រាយរោងចក្រ មកកាន់ទីនេះទេ តើក្មួយៗកំពុងធ្វើអ្វីនៅពេលនេះ? ចម្លើយគឺមានតែ ២ ទេ មួយគឺក្មួយៗអាចនឹងកំពុងធ្វើ ការនៅឯទីក្រុងភ្នំពេញឯណោះ នៅពេលដែលក្មួយៗចង់ធ្វើការតាមរោងចក្រ។ ប៉ុន្តែ រោងចក្រប្រមូលផ្តុំនៅ ឯទីក្រុងភ្នំពេញ។ ឯពីរក្មួយៗកំពុងធ្វើកសិកម្មជាមួយនឹងឪពុកម្តាយតែប៉ុណ្ណោះ មិនមែនជាកម្មកររោងចក្រដែលទទួលនូវអត្ថប្រយោជន៍ខ្ពស់ រហូតមកដល់ពេលនេះ មានចំនួនទឹកប្រាក់អប្បបរមារហូតទៅដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក ហើយបូកបន្ថែមទៅដោយអត្ថប្រយោជន៍ដទៃទៀត ក្មួយៗទទួលបានរហូតទៅដល់ជាង ២០០ ដុល្លារ។ មានក្មួយៗមួយចំនួនគាត់ទទួលបានច្រើន ជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ ដែលកន្លងទៅ នៅក្នុងខេត្តកណ្តាល ក៏មានមួយចំនួនបានជួបពូនៅឯទីក្រុងភ្នំពេញឯណោះ មួយចំនួនបានទៅជួបរួចហើយ។
វិនិយោគផ្លូវគមនាគមន៍ដឹកជញ្ជូន អគ្គិសនី ធនធានមនុស្ស បម្រើឲ្យតម្រូវការតាមរោងចក្រសហគ្រាស
នេះជាចំណុចដែលក្មួយៗត្រូវមើលឃើញអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមិនមែនគ្រាន់តែការអភិវឌ្ឍនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែយកចិត្តទុកដាក់ផ្តល់នូវការវិនិយោគសម្រាប់ទីជនបទ ដែលមានសក្តានុពល ហើយដែលក្នុងហ្នឹងកន្លែងណាដែលអាចធ្វើទៅរួច គឺដោះស្រាយធ្វើនៅកន្លែងហ្នឹង តាមរយៈការវិនិយោគលើបណ្តាញផ្លូវគមនាគមន៍ ដឹកជញ្ជូន លើការវិនិយោគបញ្ហាអគ្គិសនី ក៏ដូចជាការដោះស្រាយបញ្ហាដទៃទៀត រាប់ទាំងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើឲ្យតាមរោងចក្រ/សហគ្រាស។
ការពង្រាយរោងចក្រតាមតំបន់នានា/កោះធំ ស្អាង ងាយស្រួលតភ្ជាប់ខាងសេដ្ឋកិច្ចប្រទេសជិតខាង
ខ្ញុំក៏សុំយកឱកាសនេះ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយដែលមកដល់ពេលនេះ បានខិតខំពង្រាយរោងចក្រតាមតំបន់នេះ។ សង្ឃឹមថា រោងចក្រដទៃទៀតក៏នឹងពិនិត្យមើលស្ថានភាព ដែលបញ្ហាគមនាគមន៍ត្រូវបានកែលម្អ អគ្គិសនីក៏បានផ្គត់ផ្គង់មកតំបន់នេះ តាមរយៈអគ្គិសនី ដែលផ្គត់ផ្គង់មួយភាគដែលចេញពីទីក្រុងភ្នំពេញ និងមួយភាគនាំចូលពីប្រទេសវៀតណាមឆ្លងកាត់មកកាន់កោះធំ និងមកកាន់ស្រុកស្អាង … ពាណិជ្ជកម្មវាយ៉ាងដូច្នេះ។ ម្យ៉ាងទៀតនៅក្នុងកន្លែងនេះ អាចថាវាមានលក្ខណៈងាយស្រួលណាស់ នៅក្នុងបញ្ហាទាក់ទងនឹងការដឹកជញ្ជូន។ យើងអាចដឹកជញ្ជូនពីទីនេះ ចុះទៅក្នុងកំពង់ផែស្វយ័តក្រុងភ្នំពេញ អាហ្នឹងម្ខាង ឬក៏អាចដឹកតាមផ្លូវជាតិលេខ ១ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ឬក៏អាចដឹកចេញពីទីនេះ ទៅកាន់កំពង់ផែទឹកជ្រៅ នៃក្រុងព្រះសីហនុ ប៉ុន្តែមួយផ្នែកទៀតក៏អាចដឹកចេញឆ្ពោះទៅចុះកំពង់ផែនៅប្រទេសវៀតណាមផងដែរ។ នេះការតភ្ជាប់ខាងសេដ្ឋកិច្ចជាមួយនឹងប្រទេសជិតខាង។
គោលនយោបាយពង្រាយរោងចក្រ មានតាំងពី ១៩៩៩ មក
ចំណុចនេះ ពូគ្រាន់តែលើកមករំលឹកបន្តិច ទាក់ទិននឹងការរៀបចំក្របខណ្ឌគោលនយោបាយ ហើយនេះមិនមែនជាបញ្ហាប្រថុយប្រថាន ហើយមិនមែនជាបញ្ហាធ្វើដោយការឆក់កណ្តៀតនោះទេ។ បើពូមិនច្រឡំ ពូជាអ្នកតាក់តែងរៀបចំនូវគោលនយោបាយ និងសម្រេចទៅលើបញ្ហា ទាក់ទងនឹងការវិនិយោគបែបនេះ។ យើងបានរៀបចំនូវក្របខណ្ឌគោលនយោបាយ ដើម្បីពង្រីកវិស័យឧស្សាហកម្មរបស់យើងចេញក្រៅទីក្រុង ឆ្ពោះទៅកាន់បណ្តាខេត្តនានា តាំងពីឆ្នាំ ១៩៩៩ ឯណោះ។ គិតមកដល់ពេលនេះ មានរយៈកាលជិត ២០ ឆ្នាំ រួចស្រេចទៅហើយ ពីឆ្នាំ ១៩៩៩ ដែលយើងបានបង្កើតនូវវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនតាំងពីពេលនោះ ដែលយើងចាប់ផ្តើមយកចិត្តទុកដាក់។
ធ្វើការព្រឹក ល្ងាចអាចទៅសម្រាកនៅផ្ទះ មិនចាំបាច់ជួលផ្ទះ លូតលាស់រីកចម្រើនជីវភាពប្រជាជន
ដូច្នេះហើយបានជាពូត្រូវធ្វើការជួបជាមួយនឹងកម្មករ។ (ពូ)បានធ្វើរួចមកហើយជាមួយនឹងខេត្តព្រះសីហនុដោះស្រាយចប់ហើយ បានធ្វើរួចមកហើយជាមួយនឹងកម្មករនៅខេត្តស្វាយរៀង ប៉ុន្តែ យើងនៅសេសសល់កម្មករនៅខេត្តកំពង់ឆ្នាំង នៅខេត្តតាកែវ ហើយក៏បានធ្វើមួយចំនួននៅក្នុងខេត្តកណ្តាល ប៉ុន្តែមិនទាន់អស់ កំពង់ស្ពឺក៏ធ្វើមិនទាន់អស់។ នៅខេត្តកំពង់ឆ្នាំង នៅខេត្តតាកែវ នៅខេត្តកំពត នៅខេត្តពោធិ៍សាត់ នៅខេត្តបន្ទាយមានជ័យ និងខេត្តដទៃទៀតដែលមានរោងចក្រនៅទីនោះ ដែល(ពូត្រូវទៅ)ដោះស្រាយការងារឲ្យក្មួយៗ។ ចំណុចងាយស្រួលនៅត្រង់ថា ក្មួយៗមួយចំនួន ធ្វើការមិនតម្រូវឲ្យជួលផ្ទះរបស់គេទេ។ ព្រឹកឡើងមកធ្វើការ ល្ងាចត្រូវទៅសម្រាកនៅផ្ទះរបស់ខ្លួនវិញ ដែលនេះគឺជាវិធីសាស្រ្តដ៏ល្អសមស្របមួយសម្រាប់ការលូតលាស់ ការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង នោះហើយគឺជាការគិតគូរហ្មត់ចត់របស់យើង នៅក្នុងរយៈពេលនៃការដឹកនាំ ដែលមិនមែនដឹកនាំបែបកញ្ឆក់កណ្តៀតនោះឡើយ។
ពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ, មិនចាំបាច់បង់បេឡាថែទាំសុខភាពតទៅទៀតទេ
ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍រួចហើយទាក់ទងជាមួយនឹងអត្ថប្រយោជន៍ ដែលក្មួយៗទទួលបានក្នុងរយៈពេលកន្លងទៅ។ ពូហាក់ដូចជាមានអារម្មណ៍ថា ក្មួយៗបានទទួលរួចហើយៗ នឹងបន្តអនុវត្តបានយល់ដឹងអំពីបញ្ហានេះ ហើយក៏បានអនុវត្តរួចមកហើយដែរ។ ឧទាហរណ៍ ទាក់ទងជាមួយនឹងបញ្ហាអត្ថប្រយោជន៍របស់កម្មករ/ការិនី ដែលទទួលពីនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលពូចង់ឈានឆ្ពោះ ទៅហៅពាក្យថា សំណាញ់សុវត្ថិភាពសង្គម នៅពេលក្រោយ។ ឧទាហរណ៍ កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។ នេះក៏សុទ្ធតែជាអត្ថប្រយោជន៍ ដែលចេញមកពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។ ការបង់ប្រាក់បេឡាថែទាំសុខភាព ដែលមុននេះកម្មករ/ការិនី របស់យើងត្រូវបានបង់ ៥០ ភាគរយ ម្ចាស់រោងចក្រត្រូវបង់ ៥០ ភាគរយ ប៉ុន្តែ ចាប់ពីខែមករា ២០១៨ រហូតមកដល់ពេលនេះ កម្មករ/ការិនីរបស់យើងមិនត្រូវបង់សម្រាប់បេឡាថែទាំសុខភាពទៀតទេ។ ម្ចាស់រោងចក្រត្រូវបង់ ១០០ ភាគរយតែម្តង ដែលធ្វើឲ្យកម្មករ/ការិនីរបស់យើងទទួលបាននូវប្រាក់ចំណេញបន្ថែមពី ៨០០០ ទៅ ១៣០០០ រៀលក្នុងមួយខែ។
អត្ថប្រយោជន៍សម្រាប់កម្មការិនីមានផ្ទៃពោះ
កម្មការិនីដែលមានផ្ទៃពោះ ឆ្លងទន្លេ ដែលមានប្រទេសជាច្រើនមិនបានអនុវត្តទេ ប៉ុន្តែ កម្ពុជាហ៊ានលេង គឺ ទទួលបាននូវការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០ ភាគរយ។ នៅលើពិភពលោក (ក្មួយ)សួរទៅ មានប្រទេសប៉ុន្មានដែលបានធ្វើរឿងនេះ? សួរនៅក្នុងក្របខណ្ឌប្រទេសអាស៊ាន ហើយ សួរទៅប្រទេសអាមេរិកទៅចុះ ឲ្យឈប់សម្រាក ប៉ុន្តែអត់មានផ្តល់ប្រាក់ទេនៅរដ្ឋខ្លះ ឯរដ្ឋខ្លះឲ្យត្រឹមតែ ៥០ ភាគរយតែប៉ុណ្ណោះ។ បន្ថែមលើនោះ ក្មួយៗឆ្លងទន្លេ អនុវត្តនូវកម្មវិធីសាច់ប្រាក់ កើតបានកូនមួយ ៤០ ម៉ឺនរៀល កើតបានកូនភ្លោះពីរ ៨០ ម៉ឺនរៀល កើតបានកូនភ្លោះបី បាន ១២០ ម៉ឺនរៀល បូកជាមួយនឹង ៥ លានរៀលរបស់ពូបន្ថែមទៀត។ ប្រឹងរកអាភ្លោះបីទៅ។ ឥឡូវដូចជាមិនសូវចាប់ជាតិអាភ្លោះបី ពីមុននោះសំបូរភ្លោះបីរហូតទៅដល់ជាង ៣៣១ កើតតិចជាងពេលមុន ប្រហែលមកពីអី? ភ្លើងវាភ្លឺពេក អង្កាល់ពីមុន ព្រោះយើងកាលពីជំនាន់ដុតចង្កៀង ដុតប្រេងកាត ឬក៏មិនទាន់មានអគ្គិសនីប្រើប្រាស់ ហើយមិនទាន់ប្រើប្រាស់របៀបទំនើប អញ្ចឹងទេ វាចេះតែនាំគ្នាចូលទៅចាប់ជាតិបាន ៣ៗ សុទ្ធតែកូនភ្លោះ ៣ តែម្តង។ ប៉ុន្តែ ឥឡូវដល់ភ្លើងភ្លឺច្រើនពេក អត់ហ៊ានចូល ចូលបានតែមួយៗ យ៉ាងច្រើនបាន ២។
កម្មការិនីសម្រាលកូន បានទទួលអត្ថប្រយោជន៍មានចំនួនជាង ២២.០០០ នាក់
ប៉ុន្តែឥឡូវនេះ យើងបានអនុវត្តត្រឹមត្រូវ ហើយសុំថ្លែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសបេឡាជាតិសន្តិសុខសង្គម ដែលមកដល់ពេលនេះក្មួយៗជាកម្មការិនីឆ្លងទន្លេ មានកូននៅក្នុងរបាយការណ៍នេះគិតថា មានកូនរហូតទៅដល់ជាង ២២.០០០ នាក់ហើយ។ អញ្ចឹង នៅពេលខាងមុខ ពេលដែលក្មួយៗឆ្លងទន្លេ ទន្ទឹមនឹងបានទទួលមុនពេលក្មួយៗកំពុងតែធ្វើការ ក្មួយៗបានទទួលបៀវត្សអប្បបរមា ត្រឹមតែ ១៧០ ទេ។ ប៉ុន្តែចាប់ផ្តើមពីក្មួយៗឆ្លងទន្លេ គឺបៀវត្សរ៍នឹងឡើងទៅដល់ ២០៤ ដុល្លារសហរដ្ឋអាមេរិក បូកបន្ថែមដោយប្រាក់របស់រាជរដ្ឋាភិបាលផ្តល់ចំពោះក្មួយៗបន្ថែមទៀត នឹងបាន ៤០ ម៉ឺនរៀលបន្ថែមទៀត ១០០ ដុល្លារ ថែមទៀត។
អាចអនុវត្តអត្ថប្រយោជន៍សម្រាប់អ្នកមានផ្ទៃពោះ នៅក្របខណ្ឌទូទាំងប្រទេសហើយឬនៅ?
នេះក៏ជាផ្នែកមួយនៃការផ្តល់នូវការយកចិត្តទុកដាក់សម្រាប់អាហារូបត្ថម្ភ និងសុខភាពមាតា និងទារក ដែលពូកំពុងតែគិតថា ប្រសិនបើយើងអនុវត្តនូវក្របខណ្ឌទូទាំងប្រទេសបានហើយឬនៅ? កំពុងតែគិតអំពីលទ្ធភាពនៃថវិកាជាតិ។ ពូមិនមែនគ្រាន់តែចង់គ្របដណ្តប់លើមន្រ្តីរាជការស៊ីវិល និងស្រ្តី នៅក្នុងកងកម្លាំងប្រដាប់អាវុធ ជាកងទ័ព អាវុធហត្ថ និងនគរបាលនោះទេ ហើយពូមិនគ្រាន់តែចាប់អារម្មណ៍លើបញ្ហាទាក់ទិនជាមួយនឹងបញ្ហាកម្មការិនីនោះទេ ពូចង់អនុវត្តនៅក្របខណ្ឌទូទាំងប្រទេស ព្រោះថាយើងមានស្រ្តីឆ្លងទន្លេត្រឹមតែអត្រាកំណើនត្រឹមតែ ៤០ ម៉ឺននាក់ បើយើងគិត ១០០ ក្នុងមួយនាក់ គឺយើងអស់ ៤០ លានដុល្លារ។ ប៉ុន្តែសម្រាប់ប្រជាកសិករ ប្រជាជន ដែលមិនមែនជាកម្មការិនី ហើយក៏មិនមែនជាមន្រ្តីរាជការ យើងអាចគិតបានទេថា យើងចាប់ផ្តើមអនុវត្តតាមដំណាក់ៗ ដូចជាឆ្នាំដំបូង រយៈកាលដំបូងត្រឹមប្រមាណ ២០ ម៉ឺនរៀលក្នុងម្នាក់ ក៏អាចបន្ធូរបន្ថយនូវការលំបាករបស់ស្រ្តីឆ្លងទន្លេ ហើយបង្កើននូវអាហារូបត្ថម្ភសម្រាប់មាតា និងទារករបស់យើងផងដែរ។ នេះហើយជាចំណុចដែលពូនិយាយទៅហួសពីក្របខណ្ឌអ្វី ដែលជាការយកចិត្តទុកដាក់ក្នុងចំណោមកម្មករ។ តែនេះគឺជាការគិត ពូមិនមែនជាអ្នកធ្វើប្រជាភិថុតិទេ តែពូត្រូវមានភាពច្បាស់លាស់ទៅលើបញ្ហាទាំងឡាយ (ថាតើ)យើងអនុវត្តបានឬអត់។ វាស្ថិតនៅក្នុងបញ្ហាទាក់ទងជាមួយនឹងថវិកាដែលអាចទ្រទ្រង់បានឬអត់។
ប្រាក់បៀវត្សរ៍ ១៧០ដុល្លារ អាចចាត់ទុកថាជាចំនួនច្រើន បើប្រៀបធៀបជាមួយប្រទេសជិតខាង
នៅក្នុងប្រទេសរបស់យើង ក្មួយៗដែលទទួលបាននូវប្រាក់បៀវត្សរ៍ឆ្នាំកន្លងទៅចំនួន ១៥៣ ដុល្លារ ប៉ុន្តែឆ្នាំនេះឡើងដល់ ១៧០ ដុល្លារ អាចចាត់ទុកថាជាប្រាក់បៀវត្សរ៍មួយដ៏ខ្ពស់ បើប្រៀបធៀបជាមួយប្រទេសជិតខាង។ ពិតហើយវាមិនទាន់គ្រប់គ្រាន់ទេ ប្រាក់ខែទោះបីឡើងទៅដល់ ២០០០ ដុល្លារ ក្នុងម្នាក់ ក៏នៅតែវាមិនទាន់គ្រប់គ្រាន់ដែរ តម្រូវការរបស់មនុស្សមិនចេះចប់ទេ។ អ្នកមាននៅលើពិភពលោកមានលុយ មិនដឹងថាគេយកទៅណាទេ ក៏នៅតែចង់មានចង់បាន។ រឿងលុយ វាមិនដែលចេះស្កប់សម្រាប់មនុស្សទេ។ ក៏ប៉ុន្តែប្រសិនបើក្មួយៗអាចសង្កេតឃើញនៅក្នុងប្រទេសដទៃ ក្មួយៗអាចដឹងថា ការប្រឹងប្រែងធ្វើការក្នុងរយៈពេលកន្លងទៅនេះ បានទទួលអត្ថប្រយោជន៍យ៉ាងម៉េចខ្លះ ពីសំណាក់ការងាររបស់ក្មួយៗ ពីសំណាក់ម្ចាស់រោងចក្រ និងជាពិសេសពីសំណាក់រាជរដ្ឋាភិបាលតែម្តង។ ពេលនេះនៅប្រទេសបង់ក្លាដេស ទើបនឹងមានប្រាក់បៀវត្សរ៍អប្បបរមា ៦៧ ដុល្លារ ហើយ ៦៧ ដុល្លារ នេះ តាំងពីពូទៅទស្សនកិច្ចនៅបង់ក្លាដេស ឆ្នាំ ២០១៤។ ទៅកាលពីឆ្នាំ ២០១៤ នៅ ៦៧ ដុល្លារ អាហ្នឹងនៅកន្លែងតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្តែមិនមែននៅតំបន់សេដ្ឋកិច្ចពិសេស គឺបានតែ ៦០ ដុល្លារទេ។ ឥឡូវមកដល់ពេលនេះនៅ ៦៧ ដុល្លារទេ។ នៅប្រទេសស្រីលង្ការ តែ ៦៧ ដុល្លារទេ ឯនៅប្រទេសឥណ្ឌា ៧៧ ដុល្លារ ដល់ ១៤៣ ដុល្លារ កន្លែងតំបន់ខ្លះបាន ៦៧ដុល្លារ កន្លែងខ្លះបាន ១៤៣ ដុល្លារ។ នៅមីយ៉ាន់ម៉ា ដែលហៅថាភូមាបាន ១០៨ ដុល្លារ នៅឥណ្ឌូនេស៊ីបាន ១០៧ ដុល្លារ ដល់ ២៦៧ ដុល្លារ ព្រោះនៅតំបន់ខ្លះបានតែ ១០៧ ដុល្លារទេ តំបន់ខ្លះមានដល់ ២៦៧ ដុល្លារ។ នៅវៀតណាមតំបន់ខ្លះ ១២២ ដុល្លារ តំបន់ខ្លះ ១៧៥ ដុល្លារ នៅឡាវ ១៣៣ ដុល្លារ នៅប៉ាគីស្ថានបាន ១៣៤ ដុល្លារ។ អញ្ចឹងបើប្រៀបធៀបជាមួយកម្ពុជាយើង ទទួលបានទៅដល់ ១៧០ ដុល្លារ អាចចាត់ទុកថាជាចំនួនដ៏ច្រើន។
មានហានិភ័យខ្ពស់ណាស់ នៃការដែលគេដករោងចក្រចេញ
សូមរំលឹកក្មួយៗថា រោងចក្រកាត់ដេរ ឬដេរស្បែកជើង មានហានិភ័យខ្ពស់ណាស់នៃការដែលគេដកចេញ នៅពេលដែលមានការប្រព្រឹត្តណាមួយរបស់យើងមិនសមស្រប គឺគេនឹងដកចេញរោងចក្រពីប្រទេសរបស់យើង ទៅកាន់ប្រទេសដែលមានការប្រកួតប្រជែង។ តម្លៃពលកម្មរបស់គេទាប ហើយកម្រិតផលិតរបស់គេ ក៏មិនចាញ់កម្រិតការផលិតរបស់យើងផងដែរ។ ដូច្នេះចំណុចនេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងឡាយ ជាពិសេស គឺរាជរដ្ឋាភិបាលត្រូវមើលការខុសត្រូវ ដើម្បីធានាថាម្ចាស់រោងចក្រនៅតែធានាបាននូវការវិនិយោគនៅទីនេះ ជាមួយការផ្តល់អត្ថប្រយោជន៍ឲ្យកម្មករ/ការិនី ដែលធ្វើការ។
អំពាវនាវឲ្យមានសាមគ្គីភាព នៅក្នុងចំណោមរោងចក្រទាំងអស់
រាជរដ្ឋាភិបាលរំពឹងចង់បាននូវសាមគ្គីភាព សុខដុមរមនានៅតាមរោងចក្រ/សហគ្រាសនានា ដែលក្នុងនោះភាគីទាំងពីរមិនអាចខ្វះមួយណាបានទេ។ បើធ្វើជាថៅកែរោងចក្រ បើមានរោងចក្រតែអត់កម្មករ មិនមែនជាម្ចាស់រោងចក្រទេ គឺជាម្ចាស់ឃ្លាំង គ្រាន់តែជាឃ្លាំងដាក់ទំនិញតែប៉ុណ្ណោះ។ ឯចំពោះកម្មករយើង ប្រសិនបើគ្មានរោងចក្រទេ ក្មួយៗមិនអាចហៅខ្លួនថាជាកម្មករបានទេ បើសិនជានៅក្នុងចំណោមការងាររបស់យើង បែរជាស្ថិតនៅជាអ្នកកាន់ចប ឬកាន់នង្គ័លនោះមិនមែនជាកម្មករទេ គឺជាកសិករទៅវិញ។ ដូច្នេះហើយបានជាយើងត្រូវបន្តការយកចិត្តទុកដាក់ អំពាវនាវឲ្យមានសាមគ្គីភាពនៅក្នុងចំណោមរោងចក្រ ជាម្ចាស់រោងចក្រ ជាអ្នកគ្រប់គ្រងរោងចក្រ ថ្នាក់រដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម ជាមួយនឹងកម្មករធ្វើម៉េច ធានាសាមគ្គីភាពនៅក្នុងរោងចក្ររបស់យើង។ ចំណុចនេះ ពូយល់ថាវាមិនមែនជាការលំបាកក្នុងការធ្វើនោះទេ។
មិនឲ្យមានជើងកាង, គោរពសិទ្ធិដល់អ្នកធ្វើកូដកម្ម តែអ្នកធ្វើកូដកម្មត្រូវគោរពសិទ្ធិអ្នក ចង់ធ្វើការ
កាលពីមុននេះ ពូសូមរំលឹកថា សូមកុំឲ្យប្រទេសកម្ពុជា សូមកុំឲ្យតាមបណ្តារោងចក្រ មានបងធំ ជើងកាងនៅទីនោះ។ ពីមុននេះ ក៏មានរោងចក្រខ្លះ គឺកម្មករធ្វើកូដកម្មត្រឹមតែ ២០ នាក់ទេ ក៏ប៉ុន្តែទៅបបួលទៅរាំងស្ទះជាមួយកម្មករ ១០០០ នាក់ទៀត ដែលគេចង់ធ្វើការ។ មិនអាចអនុញ្ញាតឲ្យមានបងធំ ជើងកាងដូច្នេះទេ។ យើងគោរពសិទ្ធិទៅដល់អ្នកដែលមិនពេញចិត្ត ហើយធ្វើកូដកម្ម តែអ្នកធ្វើកូដកម្មក៏ត្រូវគោរពសិទ្ធិដល់កម្មករទាំងឡាយដែលចង់ធ្វើការផងដែរ។ យើងត្រូវយកចិត្តទុកដាក់អនុវត្តសិទ្ធិរបស់យើងឲ្យបានគ្រប់គ្រាន់។ យើងត្រូវគោរពសិទ្ធិដល់អ្នកធ្វើកូដកម្ម តែអ្នកធ្វើកូដកម្មត្រូវគោរពសិទ្ធិអ្នកដែលគេចង់ធ្វើការ គេមិនចូលធ្វើកូដកម្មជាមួយ។ យើងមិនអនុញ្ញាតឲ្យមានបងតូចបងធំ ដោយគ្មានការគោរពនូវសិទ្ធិរៀងៗខ្លួននោះទេ។ សិទ្ធិអ្នកដែលបន្តធ្វើការ សិទ្ធិអ្នកដែលធ្វើកូដកម្ម។ ក៏ប៉ុន្តែឥឡូវនេះដោយសារតែការយកចិត្តទុកដាក់សម្រុះសម្រួលយើងឃើញថា កម្រិតនៃការធ្វើបាតុកម្ម កូដកម្មខុសច្បាប់ គឺមានការថយចុះ។
បានផ្តល់បុរេប្រទាន ដោះស្រាយបញ្ហាថៅកែរត់ចោលរោងចក្រ តែនៅមិនចប់សព្វគ្រប់
ថ្ងៃនេះយកការរំលឹកបន្តិច។ ខ្ញុំបានផ្តល់ប្រាក់បុរេប្រទានឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៤ លាន ៦ សែនដុល្លារ រួចស្រេចទៅហើយ ដើម្បីដោះស្រាយកម្មករដែលម្ចាស់រោងចក្ររត់ចោល។ ក៏ប៉ុន្តែនៅតំបន់ចាក់អង្រែ និងនៅតំបន់ខ្លះក្បែរខាងយើងនេះនៅតែមានរឿងនេះ។ ខ្ញុំសុំរបាយការណ៍។ តើមកពីអ្វីបានជាអស់លោកមិនបញ្ចប់ ហើយទុកឲ្យក្មួយៗខ្លះចង់ទៅដាក់ញ្ញតិ្តនៅផ្ទះខ្ញុំ ក្មួយៗខ្លះបោះតង់។ តើរឿងហ្នឹងវាជារឿងអីពិតប្រាកដ? សូមឲ្យខ្ញុំបានដឹងផងបានទេ អំពីរឿងបញ្ហានេះ។ តើយើងអាចបុរេប្រទានលុយចេញមកបន្ថែម ដើម្បីដោះស្រាយបញ្ចប់រឿងហ្នឹងបានទេ? ខ្ញុំតែងតែនិយាយថា ឲ្យអស់លោកអនុវត្តតាមច្បាប់ កុំអនុវត្តតាមបទបញ្ជា រឿងហ្នឹងក្រែងអស់លោកបានលឺហើយ (…)។ ទន្ទឹមនឹងការកោតសរសើរ ខ្ញុំក៏សូមយកការបញ្ជាក់អំពីកន្លែងនេះ។ ហេតុអ្វីបានជាខ្ញុំចង់ឲ្យពន្លត់ភ្លើងហ្នឹងឲ្យវាឆាប់ចប់ បែរជាភ្លើងហ្នឹងវានៅតែហុយផ្សែងត្រឡប់មកវិញ? រឿងហ្នឹងត្រូវអស់លោកដោះស្រាយ បើត្រូវការលុយបន្ថែមអត់អីទេ បញ្ជូនមកខ្ញុំ ខ្ញុំចារភ្លាមអស់លោកយកលុយទៅបើកទៅ កុំទុកអារឿងហ្នឹងនៅវាយូរពេក។
៦ ខែ ត្រូវបើកជូនប្រាក់អតីតភាពម្តង មិនត្រូវឲ្យជំពាក់យូរទេ
ឥឡូវច្បាប់ទាក់ទងជាមួយនឹងផលប្រយោជន៍របស់កម្មករ ដែលមុននេះថៅកែតែងជំពាក់កម្មករ រាប់ឆ្នាំអំពីប្រាក់អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារ។ ម្តងនោះ នៅឆ្នាំ ២០១២ ខ្ញុំបើកឲ្យនៅខេត្តកណ្តាលនេះ ១២ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុង ១២ លានដុល្លារសហរដ្ឋអាមេរិកនេះ យើងបានមើលឃើញថា បើនិយាយពីប្រាក់បៀវត្សរ៍ប្រចាំខែទៅវិញតិចតួចណាស់ ប៉ុន្តែវាបែរជាប្រាក់អត្ថប្រយោជន៍នោះវាធំពេក។ កម្មករ/ការិនីខ្លះរហូតបាន ២ ម៉ឺនដុល្លារ ខ្លះ ១ ម៉ឺនដុល្លារ ខ្លះ ៧០០០ ពាន់ដុល្លារ ឬ ៨០០០ពាន់ដុល្លារ។ ដូច្នេះបានសេចក្តីថាយើងបណ្តោយទុកឲ្យថៅកែរោងចក្រជំពាក់កម្មករយូរពេក ដល់ពេលដែលម្ចាស់រោងចក្រដួលរលំ ទម្ងន់អម្រែកទាំងប៉ុន្មានធ្លាក់មកលើរាជរដ្ឋាភិបាលទាំងអស់។ អញ្ចឹងទេ ក្នុងខែ ៦ នេះ ច្បាប់នឹងត្រូវធ្វើវិសោធនកម្ម(ថា) ៦ ខែ ត្រូវបើកជូនម្តងមិនត្រូវឲ្យជំពាក់យូរទេ។ ឲ្យតែ ៦ ខែទេ។ អញ្ចឹងទេ ធ្វើឲ្យក្មួយៗ ដែលមានប្រាក់អតីតភាពនេះ យកប្រាក់នេះទៅដោះស្រាយការងារផងដែរ។
កន្លងទៅប្រាក់នេះត្រូវរក្សាទុកជាមួយថៅកែ បើថៅកែចិត្តល្អអត់រត់ចោលអាហ្នឹងវាស្រួលទេ ដល់ថៅកែជំពាក់កាន់តែច្រើនទៅ ថៅកែរត់បាត់ ដល់ថៅកែរត់បាត់ កម្មករត្រូវដេកអត់។ នេះជាសំណាងដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ដោះស្រាយ គ្រាន់តែបុរេប្រទានឲ្យខ្ចីទៅ រួចហើយមិនទាន់សងត្រឡប់មកវិញទេ ព្រោះរោងចក្រដែលគេរត់ចោលហ្នឹងលក់វាមិនបានគ្រប់ស្មើនឹងលុយ ដែលយើងបានបញ្ចេញ។ អញ្ចឹងទេ ខ្ញុំសូមឲ្យ ឯកឧត្តម អ៊ិត សំហេង ដោះស្រាយឲ្យចប់នូវចំណុចទាំងប៉ុន្មាន ព្រោះឲ្យលុយទៅហើយនៅតែមិនព្រមចប់។ បន្តិចទៀតច្បាស់ណាស់ថា បងប្អូន កូនក្មួយ នឹងចង់ទៅដល់ផ្ទះខ្ញុំ ឬក៏អាចពេលណាមួយ ខ្ញុំមកតាខ្មៅគាត់ស្ទាក់ឡានខ្ញុំដើម្បីឲ្យខ្ញុំដោះស្រាយ។ អាហ្នឹងរឿងមកពីលោកឯង។ ខ្ញុំបើកចំហសម្រាប់ការដោះស្រាយបញ្ហានេះ។
… វិបត្តិដែលអាចកើតឡើង បណ្តាលមកពីប្រាក់អតីតភាព ដែលរក្សាទុកយូរជាមួយថៅកែ ហើយថៅកែក៏បានប្រើប្រាស់ប្រាក់នោះ ទៅជាប្រាក់បង្វិលទៅវិញ។ ឥឡូវ សូមម្ចាស់រោងចក្រទាំងឡាយយល់គ្នាឲ្យបាន ត្រឹមតែ ៦ ខែទេ ប្រាក់នេះត្រូវបញ្ជូនទៅឲ្យកម្មករ ដែលទទួលបាននូវអត្ថប្រយោជន៍ ហើយកម្មករយកប្រាក់នោះទៅធ្វើការអ្វី នេះជាផលចំណេញមួយសម្រាប់កម្មករ ហើយកុំឲ្យបន្ទុកក្លាយទៅជារបស់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែបញ្ចេញប្រាក់។ ថៅកែពេលណាជំពាក់កម្មករច្រើន គឺរកវិធីធ្វើម៉េចឲ្យក្ស័យធន ធ្វើម៉េចរត់ចោល ទុកចោលម៉ាស៊ីនប៉ុណ្ណឹងទៅវាមានទៅស្អី ព្រោះលុយជំពាក់កម្មករ ចូលដល់លានដុល្លារឯណោះ។
ប្រមូលផ្ដុំនិពន្ធចំរៀង បំរើអោយគោលដៅកម្មករ/ការិនី
… ថ្ងៃនេះ អ្នកសិល្បៈ ថ្ងៃមុនឃើញ ម៉េង កែវពេជ្ជតា មក ថ្ងៃនេះឃើញថា ហ៊ឹម ស៊ីវន មក ប៉ុន្តែសុំសួរទៅអ្នកចម្រៀង។ ចម្រៀងមួយបទរបស់ ម៉េង កែវពេជ្ជតា ច្រៀងកាលពីដើម ខ្ញុំមិនចាំចំណងជើងទេ ប៉ុន្តែមិនដឹងថា ហ៊ឹម ស៊ីវន ចេះច្រៀងអត់។ បទហ្នឹងចាប់ផ្តើមអញ្ចេះ ទូក-ង ឈ្មោះ មុំ បុទមបុប្ផា វត្តពាមកោះស្នា បុទមកេសរ … តើ ហ៊ឹម ស៊ីវន ឬក៏ ស៊ុន ស្រីពេជ្រ ចេះច្រៀងឬអត់? ថ្ងៃនេះ ម៉េង កែវពេជ្ជតា អត់មក ព្រោះថ្ងៃមុនឃើញមក អត់ដឹងថា ម៉េង កែវពេជ្ជតា មក បើមកអោយច្រៀងអាបទហ្នឹង ព្រោះអាបទហ្នឹង គឺជាបទមួយអនុស្សាវរីយ៍កាលពីដើម។ ចំការដីដុះ កាលប្រុសពីក្មេង អូនឈាងលេងចូលកាត់មុខបងអីណាណោះ … ចំរៀងហ្នឹងអត់មានអ្នកណាសូវច្រៀងទេ មានតែគេចាក់នៅតាមវិទ្យុ ហើយនៅក្នុងផេចរបស់នាយករដ្ឋមន្ត្រី គេចាក់បទហ្នឹង។ ប៉ុន្តែ ស៊ីវន ក៏បានច្រៀងបទរបស់ខ្ញុំច្រើនដែរ ដូចជា អនិច្ចាកូនកំសត់ប្រវត្តិម្ដាយកម្ម ទុកស្រីប្តីព្រាត់ ទុកស្រីប្តីព្រាត់ចំរៀងដើមរបស់ ម៉េង កែវពេជ្ជតា ដែរ។ អញ្ចឹងទេអ្នកចំរៀងមកច្រើននៅទីនេះ ក៏ប៉ុន្តែក៏ចាប់ផ្ដើមកន្សែងក្រហមសម្រាប់កម្មករ/ការិនីរបស់យើងមានបទច្រើនណាស់។ ឥឡូវអ្នកនិពន្ធ ហ៊ុន ហេង អ្នកនិពន្ធដទៃទៀត គឺប្រមូលផ្ដុំនិពន្ធដើម្បីសម្រាប់បំរើអោយគោលដៅកម្មករ/ការិនីរបស់យើង។
ហោះទៅបាត់ដំបង សម្ពោធឧស្សាហកម្មធុនធ្ងន់
ថ្ងៃនេះ ពូក៏ចង់និយាយក្មួយៗត្រូវបន្តការខិតខំ ដើម្បីបន្តធ្វើម៉េចធានាអោយបាននូវការងារធ្វើ និងប្រាក់ចំណូល ដែលយើងបាន និងកំពុងមាន កុំអោយបាត់បង់។ យ៉ាងម៉េចបានជាអ្នកទាំងឡាយបែកញើសឬអត់? យប់មិញភ្លៀង។ ភ្លៀងតាំងពីភ្នំពេញ។ ខ្ញុំទៅស្រាយបួសជាមួយបងប្អូនឥស្លាម ហើយក៏ចេញមក គឺគេបាំងឆ័ត្រទេ ចូលឡាននោះ។ ល្ងាចនេះ ប្រហែលជាអាចភ្លៀងទៀត។ ថ្ងៃស្អែកកំពុងតែគិតមើល ប៉ុន្តែយ៉ាងណាក៏ដោយគឺថាចៀសមិនរួចទេ ត្រូវតែហោះទៅបាត់ដំបង។ ថ្ងៃនេះ មកជួបជាមួយឧស្សាហកម្មធុនស្រាល ប៉ុន្តែថ្ងៃស្អែកទៅជាមួយនឹងឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមួយថ្ងៃផលិតបាន ៥ ពាន់តោន និងមួយឆ្នាំផលិតបាន ១ លាន ៧ សែនតោន ដែលឥឡូវនេះនិន្នាការប្រើស៊ីម៉ង់ត៍ក្លាយទៅជានិន្នាការធំហើយ ប្រើប្រាស់យើងផលិតសព្វថ្ងៃនេះ មានរោងចក្រដូចជា នៅកំពតមានរោងចក្រ ៣ ខេស៊ីមេន, ជីប ម៉ុង, រោងចក្រចិន ៣ រោងចក្រ អានោះមួយទៀត ៤ អញ្ចឹងផលិតបានប្រហែលជា ៧ លានតោនតែប៉ុណ្ណឹងទេ។
និន្នាការប្រើស៊ីម៉ង់ត៍ធ្វើផ្លូវកាន់តែធំ កាត់បន្ថយការប្រើកៅស៊ូ
ប៉ុន្តែ ឥឡូវនិន្នាការយកស៊ីម៉ង់ត៍ធ្វើផ្លូវ គឺកាន់តែធំហើយគឺកាត់បន្ថយប្រើប្រាស់កៅស៊ូហើយ ព្រោះអានេះវាមាំជាង ដាក់ទៅវាណែនតែម្ដង។ ស្អែកនេះគឺត្រូវតែទៅ ត្រូវភ្ញាក់ពីយប់។ នេះដោយសារយើងនៅជិតគ្នា នេះគឺយើងមកមុនម៉ោង ៦ បន្តិចភ្ញាក់ ប៉ុន្តែស្អែកត្រូវភ្ញាក់តាំងពីម៉ោង ៥ ឯណោះ ដើម្បីហោះអោយទាន់ពេលវេលា។ ត្រូវហោះ ១ ម៉ោងកន្លះ ទើបដល់។ ស្អែកនេះ គឺថាភ្លៀងផង ជាពិសេសពេលត្រឡប់មកវិញ គេថាភ្លៀង។ អញ្ចឹងទេ គឺថាទៅអានេះចុះ បើឃើញថាភ្លៀងត្រង់ណា ហោះវាងទៅ រួចហើយបើមិនស្រួលចុះភ្លាម។ ប៉ុន្តែវាពិបាកថាត្រង់អាទន្លេសាបនោះ តែយើងអាចងាកមកខាងដីគោកខាងពោធិ៍សាត់ទៅវិញ ហោះតាមផ្លូវជាតិលេខ ៥ រហូតទៅវិញ មិនអីទេ។
ការងារធ្វើ និងប្រាក់ចំណូលបានមកពីសន្តិភាព និងការអភិវឌ្ឍ
មិនមែនបែកញើសតែខ្ញុំទេ អ្នកអង្គុយហ្នឹងក្ដៅដែរអី? ក្ដៅ ប៉ុន្តែយ៉ាងណាក៏មិនក្ដៅដូចអ្នកឈរនិយាយដែរ ក្មួយៗត្រឹមតែក្ដៅតែអត់ហត់ តែពូនេះ! ក្ដៅហើយហត់ តែយ៉ាងណាទាល់តែមានអ្នកស្ដាប់ទើបអាចមានអ្នកនិយាយបាន ហើយគ្មានអ្នកនិយាយ មិនដឹងថាអង្គុយធ្វើអី ប៉ុន្តែក្មួយៗក៏អាចអង្គុយមើលសិល្បៈបានដែរ។ អ្វីដែលពូចង់ផ្ដាំផ្ញើនៅទីនេះ ក្មួយៗបានដឹងរួចហើយនូវអត្ថប្រយោជន៍ ដែលក្មួយៗទទួលបានពីការងារធ្វើ ហើយតាមរយៈការងារធ្វើ ប្រាក់ចំណូលរបស់ក្មួយៗមានការកើនឡើង ហើយតាមរយៈការកើនឡើងប្រាក់ចំណូលរបស់ក្មួយៗនោះ ជីវភាពក្រុមគ្រួសារក៏មានការកែលម្អ។ តើនោះបានមកពីអ្វី? មិនមែនបានមកពីប្រទេសដែលមានសង្គ្រាមទេ គឺបានមកពីប្រទេសដែលមានសន្តិភាព។ ដូច្នេះសន្តិភាពវាមានតម្លៃធំណាស់ សម្រាប់យើងទាំងអស់គ្នា មិនមែនសម្រាប់អ្នកណាម្នាក់ទេ។ ក្មួយៗត្រូវស្ដាប់អោយបាន អតីតកាលដ៏ឈឺចាប់របស់យើង មិនថាប្រជាជននៅតំបន់នេះទេ គ្រប់ទីកន្លែងទាំងអស់ គ្មានទេរបស់ដែលហៅថាការអភិវឌ្ឍ មានតែការបំផ្លិចបំផ្លាញដោយគ្រាប់បែកគ្រាប់ផ្លោង និងដោយរបបប្រល័យពូជសាសន៍ ត្រូវរឹបអូសទ្រព្យសម្បិត្តអស់រលីង និងប្រជាជនស្លាប់អស់រហូតទៅដល់ជាង ៣ លាននាក់។ នេះជាសោកនាដកម្មពីអតីតកាល។
ការផ្លាស់ដូរ មិនមែនសំដៅទាល់តែដូរមេដឹកនាំនោះទេ
ពូអរគុណ ចំពោះជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ ដែលបានរួមដំណើរជាមួយពូក្នុងរយៈពេលជាង ៣០ ឆ្នាំ ជិត ៤០ ឆ្នាំកន្លងផុតទៅ។ យើងបានប្រឹងប្រែងងើបពីគំនរផេះផង់ ដើម្បីនាំប្រទេសមកដល់ទីនេះ។ យើងបានខិតខំរួមគ្នាផ្តួលរំលំរបប ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ យើងក៏បានរួមគ្នាថែរក្សាសន្តិភាព តាមរយៈសន្តិភាពនោះហើយ ដែលផ្ដល់ឱកាសអោយយើងមានការអភិវឌ្ឍ ហើយមកដល់ដំណាក់កាលដែលពីអតីតកាល ក្នុងខេត្តមួយមានត្រឹមតែវិទ្យាល័យមួយ ឥឡូវនៅក្នុងស្រុកមួយ មានវិទ្យាល័យច្រើនទៅហើយ ឃុំមួយ មានអនុវិទ្យាល័យមួយយ៉ាងតិច។ ទន្ទឹមនឹងនេះ គឺស្ថានភាពវាបានដូរស្ទើរទាំងស្រុង។ នោះហើយគឺការដូរ ដូរមិនមែនសំដៅទៅលើបញ្ហាដូរមេដឹកនាំនោះទេ សភាពការណ៍វាបានដូរតាំងពីឆ្នាំ ១៩៧៩ មក ដូរតាំងពីរកស្បែកជើងពាក់មិនបាន រហូតមកដល់អេស្កាប៉ាំង ហើយគ្វៀរ។ វាដូរតាំងពីដុតចន្លុះ ដូរតាំងពីដុតចង្កៀងប្រទីប មកប្រើអគ្គិសនីអស់ទៅហើយ។ នេះគឺជាការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងជីវភាពរបស់ប្រជាជនរបស់យើង។ ដូច្នេះ តម្លៃសន្តិភាពមានសារៈសំខាន់ធំណាស់ គឺត្រូវរក្សាអោយបាននៅសន្តិភាព ដែលយើងរកបានដោយលំបាក ទម្រាំមានថ្ងៃនេះមិនមែនជារឿងធម្មតាពេកទេ។ ក្មួយៗអាចទៅសួរជីដូនជីតា សួរឪពុកម្ដាយរបស់ក្មួយៗ ទើបពួកគាត់អាចយល់ដឹងថា អតីតកាលពួកគាត់ជួបប្រទះនូវរឿងរ៉ាវអ្វីខ្លះដែលបានកើតឡើង។
ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ជំរើសដែលល្អបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ក្មួយៗក៏អាចមើលឃើញ ទៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដែលប្រទេសនានាមានសង្គ្រាម តើសោកនាដកម្មគេបានកើតរបៀបណា? ដូច្នេះចំណុចការធានាបាននូវសន្តិភាព ដើម្បីធានាបាននូវការអភិវឌ្ឍបន្ត គឺជារឿងចាំបាច់ ដែលត្រូវរួមគ្នារក្សាអោយខានតែបាន។ ដើម្បីរួមគ្នារក្សាអោយបាននោះវាងាយស្រួលទេ យើងមានរបស់ហើយស្រេច តើយើងត្រូវរក្សារបស់នេះឬអត់? សន្តិភាពបានផ្សារភ្ជាប់ជាមួយគណបក្សប្រជាជន។ សន្តិភាពបានផ្សារភ្ជាប់ជាមួយ ហ៊ុន សែន។ ការអភិវឌ្ឍបានផ្សារភ្ជាប់ជាមួយគណបក្សប្រជាជន បានផ្សារភ្ជាប់ជាមួយ ហ៊ុន សែន។ តើគួរអោយបាត់បង់នូវចំណុចនេះឬទេ? ដូច្នេះដើម្បីធានាទៅដល់ការរក្សាសន្តិភាព ដើម្បីធានាទៅដល់ការអភិវឌ្ឍ ជម្រើសដែលល្អជាងគេ គឺការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា។ នេះគឺជាចំណុចដែលធានាច្បាស់ ហើយនេះមិនមែនជាការកញ្ឆក់កណ្ដៀតទេ តែគឺជាការអនុវត្តលើការជាក់ស្ដែងរូចស្រេចទៅហើយ។ អ្នកខ្លះបានសន្យានេះសន្យានោះ ប៉ុន្តែពួកគេបានធ្វើពិតហើយឬនៅ? នេះជារឿងដែលយើងត្រូវចងចាំ។
ដល់រដូវដេញថ្លៃ និងសន្យាហើយ, នៅមានអ្នកសន្យាសងបំណុលជំនួយប្រជាជន
រដូវនេះ គឺជារដូវដេញថ្លៃចាប់ផ្ដើមហើយ។ អ្នកនេះអោយប្រាក់ខែប៉ុណ្ណេះ អ្នកនោះអោយប្រាក់ខែប៉ុណ្ណោះ រហូតដល់អ្នកខ្លះថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ នៅមានអ្នកខ្លះថា បើគេឈ្នះ គេនឹងសងបំណុលឲ្យប្រជាជនទាំងអស់។ នេះគឺជាអំពើបោកប្រាស់មួយ ដែលគួរអោយខ្មាសអៀនខ្លាំងណាស់។ ប៉ុន្មានអាទិត្យមុន លួចសរសេរសំបុត្រមកខ្ចីលុយខ្ញុំសោះ ស្រាប់តែឥឡូវបែរជាសន្យាសងលុយជំនួសប្រជាជនទាំងអស់ទូទាំងប្រទេស ចំពោះធនាគារ។ តើប្រទេសណាដែលអាចធ្វើអញ្ចឹងទៅរួច? បើធ្វើអញ្ចឹងទៅបានយើងចាំបាច់អី ទៅខ្ចីលុយពីបរទេសមកកសាងផ្លូវ មកកសាងប្រឡាយទឹក មកកសាងមន្ទីរពេទ្យនៅក្នុងប្រទេសរបស់យើង? យើងមិនយកលុយទាំងនោះ មកកសាងតែម្ដងទៅ។ ប៉ុន្តែដោយសារតែយើងក្រ អត់មានលុយនោះហើយ បានយើងទៅខ្ចីលុយពីបរទេស មកវិនិយោគ ទាំងអគ្គិសនី ទាំងស្អីៗ សព្វបែបយ៉ាងនេះ សម្រាប់ប្រជាជនរបស់យើង។ ប៉ុន្តែមិននឹកដល់ថា អ្នកខ្លះគឺសន្យាជាមួយប្រជាពលរដ្ឋ ដែលជំពាក់ធនាគារ ឬជំពាក់មីក្រូហិរញ្ញវត្ថុ បែរជាថា បើគេឈ្នះ ធ្វើនាយករដ្ឋមន្ត្រី គឺគេនឹងសងបំណុលជួសប្រជាជនទាំងអស់។ ព្រះអ្ហើយ! លុយនៅឯណា។ លេបថ្នាំច្រឡំទេដឹង? ចំណុចនេះមានតែអ្នកបោកប្រាស់តែប៉ុណ្ណោះ ដែលអាចនិយាយចេញរឿងនេះទៅរួច។
សន្យាផ្តល់លុយប៉ុណ្ណេះប៉ុណ្ណោះ ដោយមិនដឹងពីលទ្ធភាពនៃថវិកាជាតិ
អ្នកខ្លះសន្យាអោយប្រជាពលរដ្ឋអាយុចាស់ៗប៉ុណ្ណេះរៀល ប៉ុណ្ណោះរៀលក្នុងមួយខែ ម៉ឺនរៀលក្នុងមួយខែ គឺមានតែអ្នកបោកប្រាស់តែប៉ុណ្ណោះ ដែលមិនទាន់ដឹងអំពីសមត្ថភាពពិតប្រាកដ នៃលទ្ធភាពនៃថវិកាជាតិរបស់យើង។ នៅលើពិភពលោកនេះ យើងទើបនឹងហ៊ានអនុវត្តនូវគោលនយោបាយផ្ដល់នូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ចំពោះប្រជាពលរដ្ឋក្រីក្រ ដែលមាន ៣ លាននាក់ រួចហើយ បូកនឹងកម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធប្រមាណជិត ៣ លាននាក់ទៀត ប្រមាណជិត ៦ លាននាក់។ យើងទើបនឹងហ៊ានលេងនៅក្នុងឆ្នាំនេះ ដោយបញ្ចេញថវិកាជំហានដំបូងត្រឹមតែ ១០ លានដុល្លារតែប៉ុណ្ណោះ ដើម្បីដោះស្រាយជាមួយនឹងកម្មការិនីឆ្លងទន្លេ ដោយផ្ដល់កម្មវិធីសាច់ប្រាក់។
ត្រឹមតែប្រជាជនទូទៅ ៤០ ម៉ឺននាក់ ដែលមានអត្រាផ្ដល់កំណើត យើងមិនទាន់ហ៊ានលេងនៅឡើយទេ ព្រោះមិនមែនលុយធ្លាក់ពីចុងឈើ ហើយជប់បាននោះទេ។ បើសិនគ្រាន់តែបោះក្រដាសប្រាក់ឱ្យចេញមកនោះ វាមិនមែនជាបញ្ហារកថវិកាទេ។ ខ្ញុំអត់នឹកដល់ថា អ្នកនយោបាយខ្លះដល់សម័យនេះហើយ នៅហ៊ានបោកប្រាស់ប្រជាជនបែបនេះតទៅទៀត? អាសូរតែថ្មី អត់ទៅណាឆ្ងាយនៅវិលវល់ៗនៅត្រង់ហ្នឹង។ ហើយនិយាយតាមមួយបែបទៅ អ្នកណាមិនដឹងទេ ប៉ុន្តែ ប៉ុន្មានថ្ងៃមុន ខ្ញុំមិនបញ្ចេញ ខ្ញុំអត់ចារលើហ្នឹងទាំងអស់។ សុំឲ្យខ្ញុំផ្តល់កម្ចីឲ្យ ១ លាន ៣ សែន ៥ ម៉ឺន ហើយចាំក្រោយបោះឆ្នោត ខែកក្កដា នឹងសងខ្ញុំវិញ។ បានខ្ញុំចេះតែគិតថា ចុះបើមានលុយខែ ៧ សងខ្ញុំ ម៉េចមិនយកលុយហ្នឹងចាយពីឥឡូវទៅ ម៉េចចាំបាច់មកខ្ចីខ្ញុំ។
មិនទាន់មាននរណាអាចសងបំណុលជួយប្រជាជនបានទេនៅលើពិភពលោកនេះ
រឿងរ៉ាវខ្លះលំបាកយល់។ មើល! ឃោសនាឱ្យវាត្រូវតាមក្បួនតាមខ្នាតទៅមើល កុំទៅបោកប្រជាជន? ប្រជាពលរដ្ឋត្រូវបានគេខ្សឹបរួចមកហើយ អ្នកខ្លះហ៊ានចំហ ប៉ុន្តែ អ្នកខ្លះខ្សឹប។ តែទីចុងបំផុត អ្នកដែលជំពាក់បំណុលធនាគារ នៅតែបន្តជំពាក់ដដែល។ នៅលើលោកនេះ វាអត់មានអ្នកណាអាចធ្វើរឿងហ្នឹងទៅរួចទេ។ សូម្បីប្រធានាធិបតីអាមេរិក ដែលជាអ្នកសេដ្ឋកិច្ចដ៏ពិសេសមួយ ក៏មិនបានសន្យាជាមួយនឹងប្រជាពលរដ្ឋ អាមេរិកថា ឈ្នះឆ្នោតហើយសងបំណុលជំនួសប្រជាជនអាមេរិក។ បេក្ខជនប្រធានាធិបតីអាមេរិកមួយណា ក៏អត់ហ៊ានសន្យាដែរ។ (នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី) មហាធៀរ ហ៊ានធ្វើទៅលើផ្នែកខ្លះ សហគ្រាសខ្លះប៉ុណ្ណោះ ក្នុងការបោះឆ្នោតនៅម៉ាឡេស៊ីប៉ុន្មានថ្ងៃមុននោះ។ មិនដែលមានលើបញ្ហាអស់ទាំងនេះ ប៉ុន្តែ អ្នកនយោបាយខ្មែរ គឺដេញថ្លៃគ្នាខ្លាំងណាស់។ ខ្ញុំនៅចាំបាន ឆ្នាំ ២០០៣ មានការដេញថ្លៃសាំង។ គណបក្សមួយនោះសន្យាថា បើគេឈ្នះ គេលក់តែ ១.៥០០ រៀលទេ ក្នុងមួយលីត្រ។ គណបក្សមួយទៀតឡើងថា បើគេឈ្នះ គេលក់តែ ១.២០០ រៀលទេ។ មានអី ការ៉ាស់សាំងមួយនៅឯខេត្តកំពង់ចាម គេដឹងថា អ្នកហ្នឹងនៅបក្សណា។ មានអីពួកយើងលេងល្បែង ទៅដល់ចាក់រួចហើយឱ្យតែ ១.៥០០ រៀល។ អត់ទេ! ១.៨០០ (រៀល)។ ទេ! ចុះលោកឯងឃោសនា ១.៥០០ (រៀល)ទេតើ។ អស់! ចាក់ខ្ទេច។ រួចហើយអានោះបិទការ៉ាស់សាំងអស់ប៉ុន្មានថ្ងៃ។ ធ្វើឱ្យរាង។
គណបក្សប្រជាជន អត់ហ៊ានសន្យា តែបញ្ជាក់អំពីជំហរកម្មវិធីនយោបាយ ដែលបានដាក់ចេញ
សម្រាប់គណបក្សប្រជាជន យើងអត់ហ៊ានសន្យាទេ ក៏ប៉ុន្តែ យើងបញ្ជាក់ឱ្យច្បាស់កម្មវិធីរបស់យើងដាក់ ចេញ។ នៅឆ្នាំ ២០១៣ ពេលនោះ កម្មករ/ការិនីរបស់យើង មានប្រាក់បៀវត្សរ៍ត្រឹមតែ ៨០ ដុល្លារ(អាមេរិក)ទេ អប្បបរមា។ យើងបានដាក់ចេញនូវកម្មវិធី(នយោបាយ) ធ្វើយ៉ាងណានៅឆ្នាំ ២០១៨ បៀវត្សរ៍អប្បបរមាមិនតិចជាង ១៦០ (ដុល្លារអាមេរិក)។ ឥឡូវ យើងមិនតិចជាងមែន គឺឡើងដល់ ១៧០ (ដុល្លារអាមេរិក)។ ប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលរបស់យើង នៅឆ្នាំ ២០១៣ គឺមានត្រឹមប្រមាណជា ៤០ ម៉ឺន រៀល យើងបានដាក់ចេញនូវគោលដៅ គឺប្រាក់បៀវត្សរ៍ទាបបំផុតនៅឆ្នាំ ២០១៨ មិនតិចជាង ១ លានរៀល យើងសម្រេចបាននូវគោលដៅរបស់យើងជាក់លាក់ ព្រោះយើងគិតអំពីអត្រា នៃកំណើនសេដ្ឋកិច្ចរបស់យើង តើយើងអាចរត់ទៅដល់ប៉ុនណា?
ការឆបោក ដើម្បីបានសន្លឹកឆ្នោត ដែលបំផ្លាញប្រជាពលរដ្ឋ មិនគួរធ្វើ
ការឆបោកណាមួយ មិនត្រូវបានយកមកប្រើប្រាស់ជាល្បែង ដើម្បីទាក់ទាញយកសន្លឹកឆ្នោត ហើយនាំឲ្យប្រជាជនខ្លះនឹងត្រូវខ្ចីគេបន្ថែមទៀត ព្រោះមានអ្នកចាំសងជំនួស។ នេះមិនមែនជាវិធីល្អ ដែលខ្ញុំគួរធ្វើអនុសាសន៍ខ្លះ ចំពោះអ្នកដែលបានឃោសនារបៀបនេះ មិនគួរលេងល្បែងឆោតល្ងង់ ហើយនាំទៅដល់ការបំផ្លិចបំផ្លាញសម្រាប់ប្រជាពលរដ្ឋនោះទេ។
មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ មានសមត្ថភាពការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ
អ្នកខ្លះបានចាប់ផ្តើមនិយាយអំពីបញ្ហានេះ/នោះ។ គួរឱ្យចង់សើច នៅក្នុងវេទិកាតុមូលរបស់រាជបណ្ឌិតសភាកន្លងទៅ អ្នកខ្លះចាត់ទុករបបរាជានិយមជារបស់ផ្តាច់មុខរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា អ្នកណាមានសមត្ថភាពពិតប្រាកដ ដើម្បីការពាររាជានិយម ព្រោះសូម្បីតែព្រះរាជវង្ស ក៏គ្មានសមត្ថភាពការពារខ្លួនឯងផងនោះ។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពការពារនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ នេះជាសមត្ថភាពពិតប្រាកដ។ អ្នកខ្លះតាំងខ្លួនជាគណបក្សរាជានិយម ដោយយករាជបល្ល័ង្គ និងរាជានិយមមកផ្សារភ្ជាប់ ដើម្បីធ្វើជាដើមទុនធ្វើការឃោសនានយោបាយ។ មិនមែនជារឿងល្អទេ។
របបរាជានិយមអាចទៅមុខបាន គណបក្សនយោបាយមួយការពារមិនគ្រប់គ្រាន់ទេ
របបរាជានិយម បើសិនទុកគ្រាន់តែបក្សនយោបាយមួយការពារមិនគ្រប់គ្រាន់ទេ។ អំពើឆោតល្ងង់របៀបនេះ មិនត្រូវយកមកប្រើទេ។ ត្រូវប្រមូលបណ្តាបក្សនយោបាយទាំងអស់ចូលរួម ប្រជាជនទាំងអស់ការពារ របបរាជានិយម ទើបរបបរាជានិយមទៅបាន។ វាច្បាស់ណាស់ វាជាការបន្ថោកបន្ទាបរបបរាជានិយម ប្រសិនបើអ្នកទៅឃោសនាថា ខ្ញុំជារាជានិយម ប៉ុន្តែ បែរជាអត់មានសម្លេងឆ្នោត បែរជាអត់មានកៅអីនៅក្នុងសភា តើព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គនឹងត្រូវទទួលការប្រមាថបែបណា? កាលពីអតីតកាល សម្តេចឪ នៅមានព្រះជន្ម តើព្រះអង្គមានព្រះទ័យបែបណា? ពិបាកចិត្តបែបណា? នៅពេលគេប្រើព្រះកិត្តិនាមរបស់ព្រះអង្គទៅធ្វើការឃោសនា? យករាជានិយមទៅធ្វើការឃោសនា?
ជាមនុស្សម្នាក់ឈរការពាររាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ
រាជានិយម ជារបស់រួម មិនមែនជារបស់គណបក្សនយោបាយណាមួយទេ ហើយខ្ញុំគឺជាមនុស្សម្នាក់ ដែលឈរការពាររាជបល្ល័ង្គ ឈរការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ខ្ញុំបានស្បថស្បែជាមួយនឹងព្រះបរម រតនកោដ្ឋ ហើយអាចចាក់ផ្សាយឡើងវិញ តាំងពីពេលនោះរហូតមកដល់ពេលនេះ (ឆ្នាំ) ដែលព្រះបរម រតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេចតាទួតរបស់យើង សោយទិវង្គតទៅ តើរបបរាជានិយមបានចុះខ្សោយឬទេតាំងពីពេលនោះមក? នៅទីនេះ មានព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រហើយ មានទង់ជាតិ សាសនា ព្រះមហាក្សត្រ។ បាវចនាទាំងបី។ តើអ្នកណាអ្នកនាំអាទិ៍ធ្វើរឿងនេះ? មិនមែនអ្នកនៅក្រៅ(រាជ)រដ្ឋាភិបាលទេ គឺអ្នកនៅក្នុងរាជរដ្ឋាភិបាល។
អ្នកណាក៏ដោយ កុំយកប្រើប្រាស់របស់រួមទៅជារបស់ផ្ទាល់ខ្លួន
មិនប្រាកដថារាជវង្ស គឺការពាររាជានិយមទេ។ ជាក់ស្តែង រាជវង្សជា សិរិមតៈ រាជវង្សអង្គនេះ គឺជាអ្នកចូល រួមធ្វើរដ្ឋប្រហារ។ រាជវង្សច្រើនណាស់ ជាពូជ នរោត្តម, ជាពូជ ស៊ីសុវត្ថិ បានចូលរួមជាមួយ លន់ នល់ បំផ្លាញរាជានិយមខ្លួនឯង។ មានរួចមកហើយ។ ខ្ញុំមិនមែនខ្សែពូជពង្សរាជវង្សទេ ក៏ប៉ុន្តែ ខ្ញុំមានរបស់ពិតប្រាកដ ការពារពិតប្រាកដ និងទាមទារពិតប្រាកដ។ ការពារនូវរបបរាជានិយម។ ខ្ញុំចូលព្រៃម៉ាគីនៅឆ្នាំ ១៩៧០ គឺតាមរយៈការអំពាវនាវរបស់អតីតព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋរបស់យើងនាពេលនោះ។ ឥឡូវសូមអំពាវនាវ អ្នកណាក៏ដោយ កុំប្រើប្រាស់របស់រួមទៅជារបស់ផ្ទាល់ខ្លួនឱ្យសោះ ព្រោះសូម្បីតែរាជវង្សការពារខ្លួនឯងមិនបានផង ហើយទៅតាំងខ្លួនថា មានតែខ្លួនមួយគត់ជាគណបក្សរាជានិយម ចុះគេអ្នកដទៃ គេយ៉ាងម៉េច? ព្រលឹមឡើង គេនាំគ្នាគោរពទង់ជាតិ “សូមពួកទេវតា រក្សាមហាក្សត្រយើង” តើស្អីទៅ អាហ្នឹង? សូម្បីតែឃ្លាដំបូង “សូមពួកទេវតា” អ្នកណាពួកទេវតា? គឺគណបក្សប្រជាជន ពួកទេវតា “សូមពួកទេវតា រក្សាមហាក្សត្រយើង” ដូចជាគាប់ជួនយ៉ាងម៉េចមិនដឹង ចម្រៀងគេតែងនិពន្ធតាំងពីជំនាន់ណា(ឯណោះ) សម្តេចព្រះសង្ឃរាជ ជួន ណាត ជាអ្នកព្រះរាជនិពន្ធ… សូមពួកទេវតា យើងសញ្ញាទេវតាបាចផ្កា ហើយកំពុងតែការពាររក្សាព្រះមហាក្សត្ររាល់ថ្ងៃនេះ ក្នុងពេលដែលអ្នកខ្លះជេរប្រមាថ។
បើចង់រំលាយរបបរាជានិយម ត្រូវកន្លងសព ហ៊ុន សែន សិន
ប៉ុន្តែ ខ្ញុំបានប្រកាសម្តងហើយម្តងទៀត បើចង់រំលាយរបបរាជានិយម ត្រូវកន្លងសព ហ៊ុន សែន សិន។ ខ្ញុំនៅទីនេះ ព្រោះយើងនៅក្នុងក្របខណ្ឌប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ សូម្បីតែរដ្ឋសភា ក៏គ្មានសិទ្ធិកែធ្វើវិសោធនកម្មពីចំណុចនេះផង។ នេះគឺជាការដាស់តឿន ចំពោះអ្នកដែលបានប្រើប្រាស់រាជានិយមធ្វើជារបស់ផ្តាច់មុខ។ សូមកុំយករាជានិយមធ្វើជារបស់ផ្តាច់មុខ បើទោះបីខ្លួនជារាជវង្សក៏ដោយ។ កុំភ្លេចថា បើគ្មានការការពាររបស់ប្រជាពលរដ្ឋ ហើយគ្មានការការពារដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលចេញពីគណបក្សប្រជាជន សួរថា តើរាជានិយម និងរាជវង្សនេះ អាចមានលទ្ធភាពអាចនៅបានទេ? ចំណុចនេះ គឺជាចំណុច ដែលយើងត្រូវយល់។ ខ្ញុំមិនចង់ឆ្លើយតបទេ ក៏ប៉ុន្តែ ជាការដាស់តឿន។
គណបក្សប្រជាជន ចាប់បានលេខរៀងទី ២០ ក្នុងចំណោម ២០ គណបក្ស
ម្សិលមិញមានការចាប់ឆ្នោត ឥឡូវ គណបក្សនយោបាយទាំងអស់កំពុងតែអួតពីលេខរៀងរបស់ខ្លួនហើយ ត្រឹមត្រូវណាស់។ អរគុណ ចំពោះសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ អរគុណ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ម្សិលមិញខ្ញុំបានមើលផ្សាយបន្តផ្ទាល់ ពេលដែលខ្ញុំជួបអគ្គរាជទូតថៃហើយ ខ្ញុំមក ស្រាប់តែចាប់ឆ្នោត។ ដល់មើលទៅអត់ឃើញគណបក្សប្រជាជនសោះ។ ដល់ចាប់ដល់ទី ១៥, ទី ១៣ នៅតែមើលមិនឃើញ។ គេបើកទូរទស្សន៍នៅខាងក្នុងការិយាល័យធ្វើការរបស់ខ្ញុំ។ មកដល់ដូចទី ១២, ទី ១៣ ហើយ។ ដល់ទី ១៣ ចំហ្វ៊ុនស៊ិនប៉ិច។ បានចាប់ផ្តើមបន្តមកទៀត ចេះតែហូរហែមក។ ដល់ អាទី ១៩ ហើយក៏នៅតែអត់ឃើញ? អញ្ចឹង វាមានតែទី ២០។ ២០ បក្ស គណបក្សប្រជាជនចាប់បានលេខ ២០ ហ្នឹងតែម្តង។ ឥឡូវ មានអ្នកហៅពីខាងក្រៅចូលមក Facebook Page របស់ប្រធានយុវជនស្រឡាញ់សន្តិភាព ថា ២០ ហ្នឹង គឺថា ចំអាកន្លែងភ័យ។ អានេះយកពាក្យ ព្រហ្ម ម៉ាញ យកពាក្យ អាហុងដា ពាក្យ អាជីវ៉ាន់ស៊ុយ ពាក្យអាក្រឹម អាចាបចៀនអី យកមកលេងសើច។
២០ ងាយចាំ ២០ ងាយគិត ២០ ងាយគូស
ប៉ុន្តែ ខ្ញុំសូមបកស្រាយអំពីលេខរៀងទី ២០។ ដំបូងបំផុត ខ្ញុំចង់និយាយថា ២០ ងាយចាំ ២០ ងាយគិត ២០ ងាយគូស ព្រោះស្រួលណាស់ក្នុងការណែនាំឲ្យប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោត ព្រោះបើសិនជានៅលេខរៀងនេះ លេខរៀងនោះ ពិបាកណាស់។ អាចុងក្រោយគេហ្នឹង គឺស្រួលបំផុតហើយសម្រាប់ប្រជាជនយើង គឺថា រកអាណាក្រោមគេ ក្រោយគេបង្អស់ គូសទៅ។ ត្រូវហើយ។ កុំភ័យ។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់នូវអត្ថន័យ ២ សំខាន់។ ម្សិលមិញ ខ្ញុំបញ្ជាក់ម្តងហើយ។ វាហាក់ដូចជាទេវតារៀបចំឲ្យយើងអញ្ចឹង។
ខួបលើកទី ២០ នៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា
ឆ្នាំនេះ ជាខួបលើកទី ២០ នៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ដែលយើងនឹងធ្វើបុណ្យ ហើយធ្វើឆ្នាំនេះ ធ្វើបុណ្យឲ្យកក្រើកមេឃតែម្តង។ នៅវិមានឈ្នះឈ្នះ។ ឆ្នាំ ១៩៩៨ ដែលយើងបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដែលឆ្នាំនេះ ខួបលើកទី ២០ យើងនឹងធ្វើបុណ្យនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលពេលនោះ ២០ ឆ្នាំមុន ខៀវ សំផន នួន ជា និងមេដឹកនាំរបស់មួយគណៈរដ្ឋមន្រ្តីរបស់ខ្មែរក្រហម បានមកចុះចូលជាមួយខ្ញុំដល់ទួលក្រសាំង ផ្ទះរបស់ខ្ញុំ គឺចំថ្ងៃហ្នឹង។ វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ២០ នៃការបញ្ចប់សង្គ្រាម ២០ នៃជោគជ័យរបស់គណបក្សប្រជាជនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
លេខរៀងទី ២០ ក្នុង ២០ គណបក្សស្មើនឹងកូនពៅគេ ដែលនៅជាមួយម៉ែឪជាងគេ
ម្យ៉ាងទៀត អត្ថន័យនៃ ២០ នេះ ២០ គណបក្ស គឺគណបក្សប្រជាជនគឺកូនពៅ។ ធម្មតាកូនពៅនៅរក្សាម៉ែឪ នៅជាមួយម៉ែឪ។ នេះគឺទំនៀមទម្លាប់របស់ខ្មែរ កូនពៅនៅថែទាំម៉ែឪ ហើយកូនពៅជានិច្ចជាកាល បើថាផ្ទះ គឺចែកឲ្យកូនពៅហ្នឹងតែម្តង។ អញ្ចឹងទេ មានន័យថា និមិត្តរូបនៃការដែលគណបក្សប្រជាជនបន្តការឈ្នះឆ្នោត ហើយនៅបន្តម៉ែឪតទៅទៀតនៅក្នុងប្រទេសកម្ពុជា។ រឿងនេះ គឺវាជារឿងអញ្ចឹង ហើយវាបង្ហាញចេញអំពីការចាប់ឆ្នោតមួយ ដែលតំណាងគណបក្សទៅចូលរួមនៅទីនោះទាំងអស់។ នរណាដឹងលេខណាៗ? សម្តេចព្រះសង្ឃរាជ ព្រះអង្គជាអ្នកចាប់ទេតើ។ ពីមុន យើងចាប់ ២ អាណត្តិចំលេខ ៤។ ២០០៨ ចំលេខ ៤, ២០១៣ ចំលេខ ៤ ទៀត។ ដល់ឥឡូវ ការចាប់ឆ្នោតនោះ យើងបានមកដល់លេខ ២០ គឺជាកូនពៅ ប៉ុន្តែ អត្ថន័យជ្រាលជ្រៅណាស់នៅទីនេះ។
កុំភ្លេចថា ងាយចាំ ងាយគិត ហើយងាយគូស។ ងាយចាំណាស់ ងាយគិតណាស់ គឺលេខ ២០ ងាយចាំណាស់កូនពៅ ព្រោះស្អីក៏ដោយ ខ្ញុំក្នុងឋានៈជាឪពុកម្នាក់ កូនពៅអ្ហើយ គឺជាកូនដែលនៅជាប់ជានិច្ច សូម្បីតែឥឡូវនេះ ផ្ទះនៅភ្នំពេញ ដំបូងថាកសាងផ្ទះមួយនៅជាប់ក្បែរហ្នឹង គិតថា ឲ្យចៅច្បង។ ប៉ុន្តែ ឥឡូវដូរចិត្តហើយ បើម្តាយមីងក៏នៅហ្នឹង ចៅក៏នៅហ្នឹង វាទាស់គ្នាងាប់ហើយថ្ងៃក្រោយនោះ អត់ពីយើងទៅ។ អញ្ចឹងដូរចិត្តថា ផ្ទះហ្នឹងត្រូវបានទៅកូនពៅហើយ។ សូម្បីតែរៀបការហើយ ទៅណាមកណា គិតអាកូនពៅហ្នឹងជាងគេ។ និយាយអញ្ចឹងមិនមែនបានសេចក្តីថាលម្អៀងទេ។ តែធម្មតា កូនពៅគឺជាអាកូនដែលនៅជាមួយច្រើនជាងគេ ប៉ុន្តែ សំណាងល្អ កូនមួយនេះវាមិនចេះនោមដាក់។ កូនខ្ញុំ ៥ ពូកែនោម ២ ស្រី ១ ប្រុស ១ ឲ្យតែមកជិត ឲ្យតែដេកជាមួយយើង គឺដឹងតែពីនោមដាក់យើងតែម្តង។
ក្តាប់ឲ្យជាប់របស់ដែលមានក្នុងដៃរួចហើយ ការពារឲ្យបាន
… មិនមែនជាការឃោសនាបោះឆ្នោតទេ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មិនគ្រប់គ្រងទៅលើដំណើរការក្រៅពីក្នុងរយៈពេលនៃយុទ្ធនាការបោះឆ្នោតទេ។ ក៏ប៉ុន្តែ ខ្ញុំក៏ដឹងថា បក្សនយោបាយនានាក៏កំពុងដើរធ្វើការ រហូតទៅដល់អ្នកដែលដើរឃោសនាថា បើគេឈ្នះធ្វើនាយករដ្ឋមន្រ្តី គេសងជំនួស។ គេដើរធ្វើបាន អញ្ចឹង ខ្ញុំនិយាយចំហដាក់ទូរទស្សន៍តែម្តងទៅ ព្រោះនាយករដ្ឋមន្រ្តីក្នុងតំណែងគឺនិយាយតែអញ្ចឹង។ ដើម្បីរក្សាបាន នូវការងារធ្វើ រក្សាបាននូវប្រាក់ចំណូល និងបង្កើនប្រាក់ចំណូលនៅពេលខាងមុខ ជម្រើសដែលល្អជាងគេ ក្តាប់ឲ្យជាប់របស់ដែលមានក្នុងដៃរួចហើយ ការពារឲ្យបានអាហ្នឹង។ អ្នកដទៃទៀតប្រាកដហើយឬនៅអាហ្នឹង? ខ្ញុំបើករថយន្តអមជូនជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ និងក្មួយៗ បើគិតក្នុងរង្វង់ដំណើរការទាំងមូល គឺមានរយៈពេលជាង ៤០ ឆ្នាំ ប៉ុន្តែ បើគិតជាក្នុងតំណែងជានាយករដ្ឋមន្រ្តី ដែលកាន់គន្លឹះស្លាប់រស់របស់ប្រទេសជាតិ គឺរយៈពេល ៣៣ ឆ្នាំហើយ តាំងពីប្រជាជនមានត្រឹមតែជាង ៥ លាននាក់ ឥឡូវប្រជាជនកើនដល់ជាង ១៥ លាន ជិត ១៦ លាននាក់ស្រាប់ទៅហើយ។ ពិតមែនហើយ យើងមិនទាន់ស្កប់ស្កល់ ហើយក៏មិនទាន់អស់នូវការខ្វះខាត ដែលត្រូវធ្វើការកែលម្អបន្ថែម យើងត្រូវបន្តធ្វើ។
បើរដ្ឋមានលុយសងបំណុលជំនួសប្រជាជន ចាំបាច់ទៅខ្ចីបរទេសធ្វើផ្លូវ?
… សុំ(ទោស)អ្នកដែលទទួលនូវការដែលខ្ញុំនិយាយថ្ងៃនេះប៉ះពាល់ តែខ្ញុំអត់ខ្លាចនឹងនិយាយប៉ះពាល់ទេ។ អ្នកឯងទៅប្រកាសថា សងបំណុលជួសប្រជាជន គឺជាការបោកប្រាស់ប្រជាជន ដែលខ្ញុំត្រូវតែនិយាយបកស្រាយឲ្យប្រជាជនបានដឹង។ នៅលើលោកនេះ គ្មានលទ្ធភាពទេ ហើយអ្នកដែលទៅនិយាយក៏អត់មានលុយដែរ។ បើចង់ឲ្យខ្ញុំបង្ហាញសំបុត្រ ខ្ញុំបង្ហាញសំបុត្របាន។ ខ្ញុំបង្ហោះតាមហ្វេសប៊ុករបស់ខ្ញុំបានភ្លាម។ អាងលើលុយរដ្ឋ។ បើអាងលើលុយរដ្ឋ សួរថាប្រជាជនកម្ពុជាជំពាក់មីក្រូហិរញ្ញវត្ថុ និងធនាគារប៉ុន្មានទៅ? សព្វថ្ងៃ ២-៣ ពាន់លាន។ អញ្ចឹងបើយើងមាន ២-៣ ពាន់លាន យើងចាំបាច់ទៅខ្ចីបរទេសធ្វើអី? យើងម៉េចមិនធ្វើផ្លូវឲ្យចប់ឲ្យហើយទៅ? យើងចាំបាច់ទៅពឹងពាក់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី យើងទៅពឹងពាក់ជប៉ុន ពឹងពាក់ចិន ពឹងពាក់កូរ៉េធ្វើអី បើសិនជាយើងមានលុយនោះ។ មកពីវាអត់លុយ ចេះនិយាយ ដូចភូតយ៉ាងម៉េច ភូតសុទ្ធ។
កុំភ្ជាប់ព្រះមហាក្សត្រ និងរាជានិយម ជាមួយនឹងបក្សរបស់ខ្លួនម្នាក់ឯង
ខ្ញុំសុំស្នើដោយទទូច កុំភ្ជាប់ព្រះមហាក្សត្រ កុំភ្ជាប់រាជានិយម ទៅនឹងខ្លួន ទុកឱកាសឲ្យអ្នកដទៃ ទុកឱកាសឲ្យប្រជាជនការពាររាជានិយម ទើបវារឹងមាំជាង។ ខ្លួនឯងការពារបក្សខ្លួនឯងរកតែកៅអីអង្គុយក្នុងសភាមិនបានផង រួចហើយទៅធានារាជានិយមតែមួយគត់ អញ្ចឹងទាត់គេឯងចោល។ ថាអញ្ចេះទៅល្អមើល ថាអំពាវនាវការពាររាជានិយមទាំងអស់គ្នា។ ហ្នឹងត្រូវហើយ បើនិយាយអញ្ចឹង។ បើគ្រាន់តែនិយាយយកចំណេញសន្លឹកឆ្នោតបែបនេះ គឺមិនត្រឹមត្រូវទេ។ ខ្ញុំនិយាយនេះ ក៏ក្នុងគោលដៅការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្គ ការពារនូវរបបរាជានិយមពិតប្រាកដ ដែលមិនចង់ឲ្យមានការប្រមាថ។ ឧទាហរណ៍ ស្រាប់តែចេញលទ្ធផលបោះឆ្នោតមក អត់កៅអី ឬក៏មាន ៤-៥ កៅអី ហើយយកឈ្មោះរាជានិយមទៅប្រើ វាអាប់ឱនធ្វើឲ្យខូចព្រះកិត្តិសព្ទរបស់អង្គព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ដែលមិនគួរត្រូវបានធ្វើនោះទេ។
បន្តដើរជួបកម្មករ លើកលែងក្នុងពេលយុទ្ធនាការឃោសនា
ថ្ងៃនេះ ថានិយាយតិច អស់ពីតិចចេញច្រើន។ មួយម៉ោង ២០ នាទីហើយល្មមហើយ … (សួរអ្នកចម្រៀង) ថ្ងៃនេះ ក្មួយៗល្ងាចនេះបានសម្រាក។ យប់មិញភ្ញាក់តាំងពីម៉ោង ៣ នោះ ខ្លះមុនម៉ោង ៣ ផង។ ប៉ុន្តែ ល្ងាចនេះ បានសម្រាកមួយល្ងាចដោយមានការផ្តល់បៀវត្សរ៍ត្រឹមត្រូវ។ អរគុណណាស់លោកថៅកែរោងចក្រ ម្ចាស់រោងចក្រទាំងឡាយ យកចិត្តទុកដាក់លើសុខទុក្ខកម្មករ ហើយកម្មករនឹងប្រឹងធ្វើការមកវិញ។ អញ្ចឹងការយល់គ្នាបែបនេះ គឺជាការល្អណាស់ ដែលខ្ញុំសុំឲ្យបន្តមានបរិយាកាសបែបនេះតទៅទៀត។ ខ្ញុំនឹងបន្តដើរបន្តទៅទៀត។ សប្តាហ៍ខាងមុខ នឹងទៅខេត្តកំពង់ចាម បន្ទាប់ទៅដូចជាទៅតាកែវ បន្ទាប់ពីតាកែវ បានកំពង់ឆ្នាំង កំពង់ឆ្នាំងហើយបានកណ្តាលមួយទៀត ទៅស្រុកអង្គស្នួល រួចហើយផ្អាកសិន។ (ក្នុង)យុទ្ធនាការបោះឆ្នោតត្រូវផ្អាកសិន ព្រោះគេហាមក្នុងការផ្តល់ជំនួយ។ ឧទាហរណ៍ សូម្បីតែស្រ្តីមានផ្ទៃពោះដែលថ្ងៃហ្នឹង ពូត្រូវដើរចែកមួយកញ្ចប់ៗម្នាក់ តែមិនដឹងប៉ុន្មានទេ សម្រាប់ក្មួយៗឆ្លងទន្លេ គឺបើសិនហ៊ានចែកនោះ គេផាកភ្លាមតែម្តង។ អញ្ចឹងធ្វើឲ្យពូត្រូវទទួលទណ្ឌកម្ម ដោយការដាក់ចេញពីទោសទណ្ឌតាមច្បាប់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្រូវឲ្យ។ គេហៅថា ដាក់ទោសមកលើអ្នកឃោសនាតែម្តង ដែលគេតម្រូវនៅពេលនោះ។ បន្ទាប់ទៅ ពូនឹងដើរជួបជាមួយកម្មករ ដើរវិលជុំ ពូប្តេជ្ញាចិត្តហើយថា នឹងខិតខំបន្តក្នុងតំណែងនាយករដ្ឋមន្រ្តី រយៈពេលយ៉ាងតិច ១០ ឆ្នាំទៀត។ ប៉ុន្តែ នៅបានឬមិនបាន គឺចំណុះទៅលើអ្នកបោះឆ្នោត ហើយសង្ឃឹមថា ក្មួយៗនឹងបន្តការបោះឆ្នោតឲ្យគណបក្សប្រជាជនតទៅទៀត ដើម្បីពូមានលទ្ធភាពបន្តរួមដំណើរជាមួយក្មួយៗ រក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសនេះតទៅទៀត។
ថ្ងៃនេះ ក៏មិនខុសពីកន្លែងដទៃដែរ មានកម្មករ/ការិនី របស់យើងចំនួន ១៦.៤៧៤ នាក់ មកពី ១០ រោងចក្រ ក្មួយៗអ្ហើយបន្តិចបន្តួចទេ ម្នាក់ៗ ២ ម៉ឺនរៀល សម្រាប់ជាកាដូចងដៃ។ ឯក្រុមតន្រ្តីសម័យ គឺចំនួន ៥ លានរៀល ដដែល។ បូកជាមួយនោះ សម្រាប់ក្មួយៗឆ្លងទន្លេ ក្រៅពី ២ ម៉ឺនរៀល គឺក្មួយៗនឹងទទួលបានស្រោមសំបុត្រមួយម្នាក់ ប៉ុន្តែ កុំភ្លេចក្មួយៗណា ពិនិត្យមើលទៅថាមានកូនភ្លោះ ត្រូវប្រាប់ពូ ពូនឹងជូន ២ ស្រោមសំបុត្រ។ ហើយអត់ប្រកាសថាប៉ុន្មានទេ ក្មួយៗយកទៅមើលខ្លួនឯងទៅ។ អរគុណណាស់ ថ្ងៃនេះ ជួបជុំគ្នាក្នុងបរិយាកាសរីករាយ ហើយសុខដុមរមនា ហើយពេលត្រឡប់ទៅវិញ ធ្វើម៉េចធ្វើដំណើរឥឡូវសុទ្ធតែលេងឡានម៉ាស៊ីនត្រជាក់ … អាហ្នឹងអ្នកកោះធំ ឯអ្នកនៅនេះ គេជិះម៉ូតូជិះស្អីមកជាមួយគ្នា ហើយបើសិនចង់រាំវង់ ក៏រាំបានដែរ អត់អីទេ នៅម្តុំនោះ … ព្រោះចំហាយចូលឆ្នាំវាមិនទាន់អស់ទេ។ ចុងបញ្ចប់ហើយ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕