សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;
គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា កន្លងទៅនេះ និង សូមឆ្លៀតឱកាសនេះ កោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ និង ការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល លើការគ្រប់គ្រង និង អភិវឌ្ឍវិស័យរ៉ែ វិស័យប្រេងកាត និងវិស័យថាមពល។

ក្រសួងរ៉ែ និងថាមពលមានអាណត្តិកិច្ចលើវិស័យស្នូលចំនួន ៣ គឺ វិស័យរ៉ែ  វិស័យប្រេងកាត និង វិស័យ​ថាមពល ។ វិស័យស្នូលទាំង ៣ នេះ បានដើរតួនាទីសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើពិពិធកម្មសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និង ទាក់ទាញការវិនិយោគពីវិនិយោគិនក្នុងស្រុក និងពីបរទេស។ ស្របតាមនេះ ខ្ញុំសូមផ្ដល់ការចាប់អារម្មណ៍អំពីវឌ្ឍនភាពជាបឋមអំពីវិស័យរ៉ែ ដូចតទៅ ៖

ទី១. បរិយាកាសធុរកិច្ចក្នុងវិស័យរ៉ែត្រូវបានកែលម្អ តាមរយៈ៖ ការកាត់បន្ថយការិយាធិបតេយ្យឱ្យបានកាន់តែសាមញ្ញ និង ឆាប់រហ័ស ការសម្រួលនីតិវិធីឱ្យបានកាន់តែងាយស្រួល និង ការលុបបំបាត់ភាពស្មុគស្មាញសម្រាប់ធុរជន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) វិស័យថ្មអារ ជាដំណោះស្រាយទីមួយប្រកបដោយផ្លែផ្កាក្នុងតំណែងនាយករដ្ឋមន្រ្តី

អនុញ្ញាតឲ្យខ្ញុំសូមកោតសរសើរឯកឧត្ដម កែវ រតនៈ ក៏ដូចជាមន្រ្តីក្រសួងរ៉ែ និងថាមពល ចំពោះវិស័យថ្មអារដែល​បានលើកអម្បាញ់មិញនេះ។ ធម្មតាយើង​ចាំអ្វីដែលកើតមុនគេ​ និងអ្វីដែលកើតក្រោយគេ។ ឯកណ្ដាលនេះ ចាំមិនបាន។ វិស័យថ្មអារនេះ គឺជាដំណោះស្រាយទីមួយរបស់ខ្ញុំ នៅក្នុងអាណត្តិជានាយករដ្ឋមន្រ្តី ដែលទទួលលទ្ធ​​ផលជាផ្លែផ្កា។ កាលពីខែកញ្ញា ឆ្នាំ២០២៣ ខ្ញុំចាំ ខ្ញុំទៅចូលពិធីពិព័រណ៍នៅណាននីង។ ពេលនោះមានការដាក់តាំងពិព័រណ៍ ហើយមានស្តង់មួយដែលមានថ្មអារកម្ពុជា បង្ហាញពីសក្ដានុពល។ ជិតចប់ ប្អូនស្រីម្នាក់ ដែលឥឡូវបានបញ្ជាក់មកថា ជាកូនឧកញ៉ា ឡេង ប្ញទ្ធី ខ្សិបប្រាប់ខ្ញុំថា “សម្ដេចជួយផង វិស័យថ្មអារមានបញ្ហាប្រឈមអាចបិទ។ រោងចក្របិទបណ្ដើរៗ”។ ខ្ញុំសួរថាមូលហេតុអី? គាត់ថា “បញ្ហាមានច្រើន ក្រោយកូវីដ-១៩ផងអីផង ប៉ុន្តែ បញ្ហាប្រឈមមួយចំនួនគឺរឿងអាករ។ អត្រារបស់យើងរាងខ្ពស់ បូកជាមួយនឹងការស្មុគស្មាញមួយចំនួនទៀត”។ សូមអរគុណឯកឧត្ដម កើត រិទ្ធិ ផងដែរ ដែលមុននឹងចេញទៅគាត់ក៏ធ្លាប់មកជួបខ្ញុំ។ ខ្ញុំចូលចិត្តឲ្យស្រាវជ្រាវ។ របាយការណ៍ជាផ្លូវការមួយ តែខ្ញុំឲ្យស្រាវជ្រាវក្រៅផ្លូវការ។ ពេលខ្លះខ្ញុំជួបដាច់ដោយឡែកចង់ដឹងរឿង។ ជួនកាលរឿងតូចៗនេះ វាធ្វើឲ្យដួលរឿងធំៗ។ រឿងមួយពីរតូចៗ វាធ្វើឲ្យដួលវិស័យ។

(២) ការកាត់អាករ ធ្វើអោយវិស័យថ្មអាររីកចំរើនបួនដង និងមានកំណើនសួយសារ

ត្រឡប់មកវិញ ខ្ញុំបានបង្កើតគណៈកម្មការមួយប្រគល់ភារកិច្ចជូនឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានចាត់តាំងឯកឧត្ដម កែវ រតនៈ ជាប្រធានយន្តការគណៈកម្មការដឹកនាំពិភាក្សាជាបន្ទាន់។ ការចរចាគ្នាខ្លាំង គឺការទម្លាក់អត្រាអាករ។ ខ្ញុំបានសម្រេច​ថាកាត់ចោលទៅ បើវាធ្វើឲ្យវិស័យហ្នឹងដួល។ យើងអត់បានអីទេ។ អញ្ចឹងហើយបានជាកន្លែងខ្លះដូចជាទម្លាក់អាករមកសូន្យ កន្លែងខ្លះដូចទាបច្រើនមែនទែន។ គយត្រូវការពារ ព្រោះគាត់ទទួលភារកិច្ចក្នុងការទទួលចំណូល។ បើអត់បានចំណូល ស្ថាប័នផ្សេងៗមានអីចាយ​។ ភារកិច្ចត្រូវតែធ្វើ។ ត្រូវអារកាត់ពីនាយករដ្ឋមន្រ្តី។ ខ្ញុំបានឯកភាពឲ្យធ្វើ។ ឥឡូវ បើតាមរបាយការណ៍ សន្ទុះនៃការរីកចម្រើនវិស័យថ្មអារប្រែពីប៊ិះរលំទៅកំណើនក្នុងមួយឆ្នាំនេះ ៤ដង មិនមែនកើនមួយជាពីរ មួយជាមួយកន្លះទេ។ មួយគុណនឹងបួន។ ពីខែ៩ ឆ្នាំ២០២៣ មកខែ៩ ឆ្នាំ២០២៤ តាមរបាយការណ៍របស់ក្រសួង ហើយសួយសារក៏កើន។ ប្រៀបបីដូចជាដកពីហោប៉ៅឆ្វេងដាក់ហោ​ប៉ៅ​ស្ដាំ។ អញ្ចឹង សម្រាប់ខ្ញុំ នេះគឺជាបទពិសោធមួយដែលចងចាំ ហើយត្រូវធានានិរន្តរភាព។ គន្លឹះចងចាំមិនមែនដោយ​សារវាជោគជ័យនៃការដោះស្រាយមួយរបស់ខ្ញុំនៅដំបូងអាណត្តិនោះទេ។ រដ្ឋាភិបាលថ្មីបង្កើត ថ្ងៃ២២ ខែ៩ ពីខែ៨មកជិតមួយខែ ខ្ញុំបានចេញទៅជួប និងចាប់ផ្ដើមដោះរឿងនេះមុនគេ។ អ្វីដែលឲ្យខ្ញុំចាប់អារម្មណ៍រឿងថ្មអារនេះ គឺវាជាគំរូនៃការដោះស្រាយ។

(៣) កត្តា ៤ ដែលធ្វើឲ្យការដោះស្រាយវិស័យថ្មអារបានជោគជ័យ

ខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខនឹងអាចដោះស្រាយវិស័យផ្សេងទៀត។ ដោយសារអី? កត្តា​គន្លឹះមិនមែនលើរឿងទម្លាក់អាករទេ។ ទម្លាក់អាករគឺជាផ្នែកមួយ ប៉ុន្តែគឺការអនុវត្ត។ ខ្ញុំចាប់អារម្មណ៍លើកត្តា ៤ ដែលធ្វើឲ្យជោគជ័យ។ កត្តាទី១ គឺហ៊ានវះកាត់។ សុខចិត្តធ្លាយហោប៉ៅខាងក្រោយ។ យើងប្រថុយប្រថាន។ ដាក់វិធានការហើយ តែយើងមិនទាន់ប្រាកដថានឹងដើរឡើងវិញទេ។ អញ្ចឹងអាចទន្សាយក៏រួចត្រីរ៉ស់ក៏រួច។ តែបើយើងមិនហ៊ានធ្វើ អាចបញ្ហា។ ប៉ុន្តែ គន្លឹះដែលជោគជ័យធំនៅនឹងកត្តា ៣ទៀត។ កត្តាទី២ គឺយើងមានយន្តការច្បាស់លាស់ ម៉ឺងម៉ាត់ តាមដាន អនុវត្ត និងជួយជំរុញការអនុវត្ត។ យើងបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដែលមានឯកឧត្ដម ​កែវ រតនៈ ដឹកនាំ មានគយមានអីតាមដោះស្រាយបញ្ហាជាប់។ កត្តាទី៣ គឺមន្រ្តីទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ មិនបង្កើតបន្ទុកទៅលើវិស័យនេះ។ បើសិនជាយើងដោះតែអត្រាគយ តែបើសិនជាមន្រ្តីពាក់ព័ន្ធផ្សេងទៀតបង្កើតបន្ទុក ក៏ធ្វើឲ្យគាត់ដួលដែរ​។ វាមានក្នុងក្រៅ។ និយាយឲ្យច្បាស់។ កាត់ខាងក្រៅ ដោះខាងក្នុង ទាំងពីរធ្វើឲ្យជារួមវាអស់។ អញ្ចឹងការចូលរួមដោយស្មោះត្រង់របស់មន្រ្តី​អនុវត្តភារកិច្ចបានត្រឹមត្រូវ ជួយទៅដល់វិស័យឯកជន ដោយមិនបង្កើតបន្ទុកចាំបាច់បន្ថែមទៀតទៅលើវិស័យ។ ទោះបីជាយើងដូរប្រព័ន្ធ ដូរបែបបទក៏ដោយ បើដល់ពេលទៅអនុវត្ត នៅតែមិនទាន់រលូន វាក៏នៅតែមានបញ្ហាដូចតែគ្នាដែរ។ ឯកត្តាទី៤ គឺវិស័យឯកជនផ្ទាល់តែម្ដង ត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នារបស់វិស័យឯកជន។ បើវិស័យឯកជនជាក្រុមហ៊ុនទាំងអស់អត់ស្រុះគ្នា រវល់តែកាប់ចាក់ លេងល្បិចដាក់គ្នា អត់ត្រង់នឹងគ្នា ធ្វើការមិនកើត។ ត្រូវមានភាពទៀងត្រង់ជាមួយរដ្ឋ បង់ពន្ធអោយបានគ្រប់។ វិស័យថ្មអារបានដើរតួនាទីនេះ។​

(៤) រដ្ឋផ្ដល់គោលការណ៍ មន្រ្តីអនុវត្តត្រឹមត្រូវ វិស័យឯកជនរួមគ្នាធ្វើ នាំមកនូវស្ថានភាពជាតិខ្មែរឈ្នះ

នេះហើយជាគំរូដែលចង់ឃើញវិស័យផ្សេងៗទៀត បានន័យថាវិស័យឯកជនក្នុងវិស័យថ្មអារស្រុះគ្នា ឯកភាពគ្នាជាក្រុមមួយ។ កុំឯកភាពគ្នាហើយ ទៅរកវិធីប៉ែងជើងគ្នា។ សូមធ្វើការត្រង់ជាមួយនឹងរដ្ឋាភិបាល។ អញ្ចឹងរដ្ឋាភិបាលដោះស្រាយបញ្ហា ដោះស្រាយបញ្ហាស្មុគស្មាញ តម្រង់ទិសនៃការអនុវត្តបានប្រសិទ្ធភាព ហើយវិស័យឯកជនដើរតួនាទី។ ខ្ញុំតែងតែនិយាយ ភាពជាដៃគូរវាងវិស័យឯកជន(និងរដ្ឋ) ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។ ជួយធ្វើ បានន័យថា រួមគ្នា ឯកភាពគ្នា អ្នកណាធ្វើខុសអី កែខ្លួនឯងទៅ កុំឲ្យចាំបាច់ពិបាករដ្ឋទៅចាប់ ឯកភាពគ្នាធ្វើហើយ ស្រុះគ្នាធ្វើ។ ក្នុងវិស័យថ្មអារនេះ ពិតណាស់ថាមិនបាន ១០០% ទេ ប៉ុន្តែអ្វីដែលយើងធ្វើគឺល្អច្រើនបំផុត ហើយជាគំរូមួយដែលខ្ញុំគិតថាបើវិស័យផ្សេងៗទៀតជាច្រើនធ្វើដូចគ្នា ខ្ញុំគិតថាយើងមិនពិបាក។ រដ្ឋផ្ដល់ឲ្យនូវគោលការណ៍ មន្រ្តីអនុវត្តត្រឹមត្រូវ មិនបង្កើតបន្ទុកបន្ថែម វិស័យឯកជនរួមគ្នាធ្វើ ឯកភាពគ្នាតាមគោលការណ៍ ស្មោះជាមួយគ្នា ធ្វើជាមួយគ្នាបានយូរអង្វែង ទាំងវិស័យឯកជនក៏រីកចម្រើន ១គុណនឹង៤ រដ្ឋសួយសារក៏កើន ហ្នឹងដែលខ្ញុំចង់បាន។ ឈ្នះឈ្នះ។ សំខាន់បំផុតជាតិខ្មែរឈ្នះ។ មិនត្រឹមតែបានចំណូលច្រើនទេ តែប្រព័ន្ធការងារ ការគោរពគ្នា តម្លាភាពនៃការធ្វើការ … ខ្ញុំថា វិស័យថ្មអារគឺជាវិស័យមួយ ប្រហែលជាអាចងាយស្រួល(អនុវត្ត)ដោយ​សារមិនមានក្រុមហ៊ុនច្រើន ប៉ុន្តែខ្ញុំថាបើមានឆន្ទៈ ចង់សមាជិករាប់ពាន់ក៏ធ្វើបានដែរ វាអត់អាស្រ័យទៅលើសមា​ជិកតិចឬ​ច្រើនទេ តែអាស្រ័យទៅលើឆន្ទៈ និងការឯកភាពគ្នាក្នុងការធ្វើ។

(៥) វិស័យថ្មអារមានបញ្ហាអ្វី សូមរាយការណ៍ជាការងារបន្ទាន់ត្រង់មកនាយករដ្ឋមន្ត្រី

អញ្ចឹង រដ្ឋ និងឯកជន ជាដៃគូជំរុញការវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ច ដែលវិស័យថ្មអារនេះដែលខ្ញុំអាចថាជាមោទនភាពរបស់ខ្ញុំមួយ។ បើថ្ងៃក្រោយ ពេលចូលនិវត្តន៍ ខ្ញុំសរសេរសៀវភៅស្តីពីបទពិសោធន៍(នៃការដឹកនាំកនុងតំណែងជានាយករដ្ឋមន្ត្រី) ប្រហែលជាវិស័យថ្មអារជាវិស័យមួយដែលខ្ញុំចងចាំ។ ក្នុងចន្លោះពេលនេះ ខ្ញុំបានដោះច្រើន តែជោគជ័យដែលក្នុងរយៈពេលខ្លី មានកត្តាកំណត់ដូចជាយន្តការតាមដានត្រួតពិនិត្យ ជំរុញការអនុវត្ត ដើម្បីឲ្យច្បាស់លាស់ ធ្វើការហ្មត់ចត់ ភាពបត់បែន មន្រ្តីអនុវត្តឯកភាពគ្នាដោយស្មោះត្រង់ មិនបង្កើតបន្ទុកបន្ថែម វិស័យឯកជនរួមគ្នាដោយស្មោះត្រង់ធ្វើការជាមួយគ្នា។ មានបញ្ហា បើយើងដោះបែបនេះបាន មានដំណោះស្រាយលឿន ហើយបង្កើតនូវអ្វីដែលយើងចង់បាន។ ធ្វើម៉េចធានាយន្តការនេះកុំឲ្យដើរតែមួយឆ្នាំ ដោយឆ្នាំក្រោយមានបញ្ហាវិញ។ មានបញ្ហា ត្រូវរាយការណ៍ ហើយខ្ញុំនឹងទទួលជាការងារបន្ទាន់ត្រង់តែម្ដង។ មានរឿងអីទាក់ទងនឹងវិស័យថ្មអារ មកដល់ខ្ញុំភ្លាម។ ខ្ញុំថាជា Baby មួយដែលខ្ញុំចូលរួមក្នុងការជួយឲ្យសុខភាពកាន់តែល្អ តាំងពីគេមកខ្សិបខ្ញុំនៅណាននីង ថា “សម្ដេចអើយ! Baby ហ្នឹងជិតដាច់ខ្យល់ហើយ” ទៅជា Baby មួយដែលឡើងគីឡូ ៤ដង ក្នុងរយៈពេលមួយឆ្នាំ។ នេះគឺជាអ្វីដែលខ្ញុំចង់ឃើញ ហើយជាគំរូមួយធំ។ យើងអាចពិនិត្យមើលវិស័យផ្សេងៗទៀត កន្លែងណាដែលអាចធ្វើ យើងធ្វើ។ ខ្ញុំជឿថា វិស័យឯកជនរបស់យើងក៏អាចចូលរួមបាន​។ យើងបង្កើនអភិក្រម និងជំរុញកិច្ចការយន្តការបែបនេះឲ្យបានជោគជ័យ។

[ចប់សេចក្ដីអធិប្បាយ១]

ទី២. ចីរភាពនៃការប្រើប្រាស់ធនធានរ៉ែ ត្រូវបានធានា តាមរយៈវិធានការហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ។ ជាការពិត, ធនធានរ៉ែ គឺជាធនធានដែលមិនកកើតឡើងវិញ ក៏ប៉ុន្តែគ្រប់ប្រទេសក្នុងសកលលោកត្រូវការជាចាំបាច់ នូវការទាញយក និង ប្រើប្រាស់នូវធនធានរ៉ែ សម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ។ ប៉ុន្តែ អ្វីដែលជាគន្លឹះសំខាន់ គឺការទាញយកមកប្រើប្រាស់ឱ្យមានចីរភាព ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និង បរិស្ថាន, និង រក្សាបាននូវតុល្យភាពនៃការអភិរក្សធនធានធម្មជាតិ និង ទ្រព្យសម្បត្តិវប្បធម៌ ។ ដូច្នេះ,  ខ្ញុំគាំទ្រចំពោះគោលនយោបាយ និង វិធានការរបស់ក្រសួងរ៉ែ និង ថាមពល ដែលមិនអនុញ្ញាតឱ្យមានប្រតិបត្តិការធនធានរ៉ែនៅក្នុងតំបន់បេតិកភណ្ឌ, តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និង តំបន់អភិរក្សមួយចំនួនផ្សេងទៀត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(៦) បញ្ឈប់ការផ្ដល់/លុបចោលអាជ្ញាបណ្ណ និងបង្រួមប្រតិបត្តិការរុករករ៉ែក្នុងតំបន់អភិរក្សព្រៃឡង់ និងកំពត ហើយមិនអនុញ្ញាតឱ្យនាំចេញផលិតផលរ៉ែថ្មសំណង់

កិច្ចការងារនេះ មិនមែនត្រឹមតែនិយាយទេ។ ខ្ញុំបានផ្ដល់គោលការណ៍ ឯកភាពឲ្យអនុវត្ដក្នុងរយៈពេល​ប៉ុន្មានខែនេះ តាំងពីរាជរដ្ឋាភិបាលកើត។ ទី១ ខ្ញុំបានឲ្យបញ្ឈប់ផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីបន្ថែមក្នុងតំបន់អភិរក្ស​ព្រៃឡង់ ​កាលពីថ្ងៃ ២៤ វិច្ឆិកា ២០២៣។ បីខែក្រោយពីខ្ញុំទទួល(តំណែងជានាយករដ្ឋមន្រ្តី) ក៏បានចារឯកភាពបញ្ឈប់ការផ្ដល់រ៉ែ អាជ្ញាបណ្ណរុករករ៉ែអីផ្សេងៗក្នុងតំបន់ព្រៃឡង់។ តំបន់ដែលមានអាជ្ញាបណ្ណហើយឲ្យបង្រួម ព្រោះជួនកាលគាត់យកទៅទុកយូរ។ អោយពិនិត្យមើលកន្លែងណាអត់ចាំបាច់ ឲ្យបង្រួមប្រតិបត្ដិការ កុំយកទុកចោល ហើយធ្វើតាមក្របខណ្ឌ។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានសំរេចលុបចោលអាជ្ញាបណ្ណឧស្សាហកម្មធនធានរ៉ែថ្មកំបោរមួយ នៅខេត្តកំពត តាមការស្នើសុំ និងពិនិត្យយោបល់បច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ថាទុកទីតាំងនេះ ជាកន្លែងបដិបត្ដិសាសនា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌

ក្រសួងរ៉ែ និង ថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា និង រដ្ឋបាលខេត្តកំពត ត្រូវចុះទៅប្រកាសនិងរៀបចំតំបន់ខាងលើនេះជាវិធានការប្រញាប់។ អាជ្ញាបណ្ណហ្នឹងយកទុកយូរណាស់ហើយៗ មិនទាន់ផុតសុពលភាពក៏ដោយឲ្យពិនិត្យវាយតម្លៃឡើងវិញ​ … កន្លែងនេះ អាចអភិរក្ស ហើយធ្វើទៅជាកន្លែងតំបន់បេតិកភណ្ឌ ព្រោះមានវត្ដមានអីនៅហ្នឹង។ រៀបអាហ្នឹង បង្វែរវាចេញពីកន្លែងដែលត្រូវយកថ្មកំបោរទៅជាតំបន់អេកូទេសចរណ៍ បង្កើតសហគមន៍ ហើយថែ​ទាំវាដើម្បីធានានូវចីរភាពរបស់យើង។

លើសពីនេះ ខ្ញុំក៏សូមប្រកាសបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថាមិនអនុញ្ញាតឱ្យមានការនាំចេញនូវផលិតផលរ៉ែថ្មសំណង់ ដើម្បីរក្សាទុកសម្រាប់សេចក្ដីត្រូវការរបស់ប្រជាជាតិយើងទៅថ្ងៃក្រោយជាបន្តទៀត។ យើងត្រូវគិតគូវែងឆ្ងាយ។ ជាគោលនយោបាយត្រូវគិតពីបុរេសកម្ម។ អ្វីដែលជាតម្រូវការចំពោះមុខ ត្រូវមានតុល្យភាពជាមួយអ្វីដែលជាតម្រូវការរយៈពេលវែង។

[ចប់សេចក្ដីអធិប្បាយ២]

ទី៣. អភិបាលកិច្ចលើវិស័យរ៉ែ និងទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ត្រូវបានចាត់វិធានការ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះ ក្រៅពីការទាញយក និងប្រើប្រាស់ធនធានរ៉ែឱ្យមានចីរភាព ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម, រាជរដ្ឋាភិបាល បានចាត់វិធានការលុបបំបាត់ និង ទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ និង ការប្រកួតប្រជែងមិនស្មើភាព និង ការយកចិត្តទុកដាក់ ដល់សហគមន៍មូលដ្ឋាន ដែលមានការដ្ឋានរ៉ែស្ថិតនៅ ។ ជាមួយនេះ ជាការកត់សម្គាល់ឃើញថា ក្រសួងស្ថាប័នសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងល្អ ពិសេស រវាងក្រសួងរ៉ែ និងថាមពល, អង្គភាពប្រឆាំងអំពើពុករលួយ, កងរាជអាវុធហត្ថផ្ទៃប្រទេស និង រដ្ឋបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ និង លុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យ បានទាន់ពេលវេលា និង មានប្រសិទ្ធភាព ។  ការងារនេះ ជួយដល់កិច្ចខិតខំថែរក្សា ធនធានសម្បត្តិធម្មជាតិ ជំរុញដល់កំណើនចំណូលជាតិ លើកកម្ពស់ការប្រកួតប្រជែងស្មើភាពគ្នា ហើយក៏ចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន សង្គម និង លើកកម្ពស់សុវត្ថិភាព និង សុខុមាលភាពនិយោជិតកម្មករថែមទៀតផង ។

ទី៤. វិស័យរ៉ែបានផ្តល់ការងារជូនប្រជាពលរដ្ឋ និង ប្រមូលចំណូលចូលថវិកាជាតិ ដែលក្នុងនោះ ចំណូលរដ្ឋពីវិស័យរ៉ែ មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានចូលរួមចំណែកក្នុងថវិកាជាតិ (ជិត ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ នេះ) ព្រមទាំង បានផ្តល់ការងារផ្ទាល់ក្នុងវិស័យរ៉ែនេះ ជូនប្រជាពលរដ្ឋជាង ១ ម៉ឺននាក់ ផងដែរ ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ម្ចាស់អាជីវកម្មរ៉ែ ដែលបានយកចិត្តទុកដាក់លើសុវត្ថិភាព និង ជាពិសេស ការលើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ ដែលបម្រើការងារនៅក្នុងការដ្ឋានរ៉ែរបស់ខ្លួន ហើយខ្ញុំក៏សូមអំពាវនាវឱ្យបន្តយកចិត្តទុកដាក់លើចំណុចនេះ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាព និង ពិនិត្យលទ្ធភាពក្នុងការផ្ដល់ផលប្រយោជន៍ជូននិយោជិតកម្មករឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ, ដើម្បីជាការចូលរួមក្នុងការអភិវឌ្ឍវិស័យរ៉ែឱ្យកាន់តែមានការរីកចម្រើន ខ្ញុំសូមផ្ដល់នូវការលើកទឹកចិត្ត និង ណែនាំបន្ថែម ដូចខាងក្រោម ៖

ទី១. ក្រសួងរ៉ែ និង ថាមពលត្រូវបន្តរៀបចំសិក្សា ដោយសហការជាមួយដៃគូពាក់ព័ន្ធ  ឬ វិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ (Potential Mineral Map) និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ(Rare Earth) ក្នុងគោលដៅទាក់ទាញការវិនិយោគប​ន្ថែម ។ ជំរុញបញ្ចប់ការរៀបចំកំណត់តំបន់(Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះឱ្យបានល្អ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៧) សិក្សានិងរៀបចំតំបន់ដែលអាចយកថ្ម/ធនធានអី ដើម្បីបំរើអី ដោយអភិរក្សនិងអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា

កិច្ចការនេះ ខ្ញុំឯកភាព ហើយខ្ញុំក៏បានផ្ដល់គោលការណ៍ដល់ឯកឧត្តម កែវ រតនៈ។ ពិតណាស់ យើងត្រូវយករ៉ែសំណង់។ ពេល​ធ្វើផ្លូវមួយ យើងត្រូវការថ្ម។ ប៉ុន្ដែ មិនឲ្យតែធ្វើផ្លូវ ឲ្យតែមានភ្នំចេះតែវាយនោះទេ។ ពិតណាស់ វាជួយកាត់បន្ថយតំលៃនៃការធ្វើ ប៉ុន្ដែ(ក៏ត្រូវវាយ)តំលៃពីការខូចខាត។ កុំងាកទៅណាក៏ឃើញតែខ្ទេចដែរ។ សុខចិត្តឲ្យថ្លៃបន្ដិច​ចុះ ប៉ុន្ដែប្រមូលផ្ដុំទៅលើកន្លែងណាមួយ។ កុំឲ្យវាកញ្ឆិតកញ្ឆតគ្រប់កន្លែង។ បើយើងមិន​យកថ្មពីក្នុងប្រទេស មានតែទិញថ្មពីក្រៅប្រទេស។ វាថ្លៃ។ ប៉ុន្ដែត្រូវកំណត់ថា បើមួយផ្លូវជាតិលេខ ៥ហ្នឹង មានភ្នំប៉ុន្មានជាកន្លែងដែលត្រូវយកថ្ម ក្រុមហ៊ុនត្រូវយកថ្មយកពីកន្លែងហ្នឹងបានហើយ កុំផ្ដល់ license នៅកន្លែងផ្សេងទៀត។ អត់ចាំបាច់។ កុំឲ្យទៅកន្លែងណាផ្សេងដើម្បីកាត់បន្ថយថ្លៃ ដោយត្រូវតែវាយភ្នំកន្លែងនោះ។ ថ្លៃបន្ដិចចុះ។ ដឹកជញ្ជូនឆ្ងាយបន្ដិចចុះ ប៉ុន្ដែយើងក៏រួមដើម្បីការពារដោយចីរភាព។ ខ្ញុំបានផ្ដល់(គំនិត)ជាគោលការណ៍ ដែលបានជជែកជាមួយឯកឧត្តម កែវ រតនៈ តាំងពីដើម​ទីមក។ ជាគំនិតនិងការលើកឡើងរបស់ឯកឧត្តម កែវ រតនៈ ហើយខ្ញុំក៏គាំទ្រ។ ខ្ញុំឯកភាព។ យើងត្រូវយករ៉ែដើម្បីផល ប៉ុន្ដែយើងត្រូវគ្រប់គ្រងដូចចំណុចដែលខ្ញុំបានលើកឡើង។ បើយើងមិនយករ៉ែបម្រើឲ្យ​ការអភិវឌ្ឍប្រទេសជាតិ យើងត្រូវចំណាយទុនធំ ដោយពឹងផ្អែកការនាំចូលទាំងអស់។ អញ្ចឹង ការរៀបចំការគ្រប់គ្រងត្រូវធ្វើឲ្យបានល្អ កំណត់ឲ្យបានច្បាស់ កំណត់ zoning អោយហើយតែម្ដង។ ពេលដែលគេមកសួរ​ យើងអាចប្រាប់ភ្លាមថា យកនៅកន្លែងហ្នឹងអត់បានទេ។​ កុំ(គេ)មកសួរ ចាំខ្ញុំបញ្ជូន(មន្ដ្រី)ទៅសិក្សា ៣ខែ សិនបានឬអត់ ដាក់សំណើសិន។ សិក្សាឲ្យ​ហើយ តើតំបន់ណាដែលអាចយកថ្មបាន តំបន់ណាសំរាប់បំរើឲ្យផ្លូវប៉ុន្មាន។ តំបន់ណាធ្វើអី កន្លែងណាត្រូវយកធនធានអី ដើម្បីបំរើអី ឧទាហរណ៍។ កន្លែងណាដែលត្រូវការពារ​។ នេះដែលយើងត្រូវជំរុញការអភិវឌ្ឍដោយចីរភាព។ អភិរក្ស និងអភិវឌ្ឍ ត្រូវដើរជាមួយគ្នា អញ្ចឹងជាការងារដែលចំាបាច់។

[ចប់សេចក្ដីអធិប្បាយ៣]

ទី២.    ក្រសួងរ៉ែ និង ថាមពលត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

ដាក់មកខ្ញុំ ក៏ខ្ញុំមិនស៊ីញ៉េដែរ។ អញ្ចឹង ការពារកន្លែងនេះ។ ខ្ញុំឯកភាព។ បើក្រសួងមិនស្នើ ខ្ញុំមិនស៊ីញ៉េ។ អត់​មានអ្នកណាដាក់ទេ។ អញ្ចឹងឯកភាពគ្នាខ្ញុំ និងឯកឧត្តមរដ្ឋមន្ដ្រី តំបន់ព្រៃឡង់អត់អោយចេញអាជ្ញាបណ្ណរុករករ៉ែអី ទៀតទេ។ ទុកចុះ។

[ចប់សេចក្ដីអធិប្បាយ៤]

ទី៣. ក្រសួងរ៉ែ និង ថាមពល ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវរាល់សកម្មភាពរ៉ែអនាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី៤. ក្រសួងរ៉ែ និង ថាមពល និង ស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]

(៨) កងរាជអាវុធហត្ថនិងកងនគរបាល ពង្រឹងការគ្រប់គ្រងជាតិផ្ទុះ សំរាប់វាយថ្មជាមួយក្រុមហ៊ុន

ខ្ញុំសូមឲ្យចាប់អារម្មណ៍លើកិច្ចការនេះ។ ថ្ងៃនេះមានឯកឧត្តម អគ្គបញ្ជាការ ឯកឧត្តម​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថ ដែលបានមក។គឺការគ្រប់គ្រងជាតិផ្ទុះជាពិសេស គីបវាយថ្ម ដាច់ខាតត្រូវ​តែគ្រប់គ្រងឲ្យបាន។ នេះជាកិច្ចការដែលសំខាន់។ មានក្រម។ ទាំងការដឹកជញ្ជូន យើងមានហើយ។ បទបញ្ជារបស់យើង គោលការណ៍របស់រាជរដ្ឋាភិបាល ដំណើរត្រូវមានអាវុធហត្ថ ត្រូវមានប៉ូលីសអម​យ៉ាងណា។ ត្រូវពង្រឹងការអនុវត្ដនេះ។ ជាពិសេសនៅកន្លែងដាក់(បំផ្ទុះ)តែម្ដង។ ការវាយ(យកថ្ម)កន្លែងខ្លះ ដែលខ្ញុំបានចុះទៅ(ឃើញ) ឥឡូវប្រហែលជាកែហើយ កាលពីមុនគឺអត់មានទេ។ មានតែទូរឈើមួយគត់(ចាក់)សោរ Solex អត់មានមនុស្ស។ ត្រូវពង្រឹងជាមួយក្រុមហ៊ុន។ ហ្នឹងត្រូវធ្វើម៉េចឲ្យទទួលខុសត្រូវក្នុងការគ្រប់គ្រង។ បើមិនអញ្ចឹងទេ វាគ្រោះថ្នាក់។ (វាជា)សន្ដិសុខជាតិរបស់យើង។ ការដឹកជញ្ជូន ការទុកដាក់របស់យើង គឺសុំឲ្យក្រុមហ៊ុនឯកជនទាំងអស់សហការ ហើយគ្រប់គ្រងការងារ​នេះឲ្យបាន ទាំងការថែទាំនៅនឹងកន្លែង ក៏ដូចជាការដឹកជញ្ជូនផ្សេងៗ ដែលមានកងរាជអាវុធហត្ថ និងកងនគរបាលជាតិដើម្បីជួយក្នុងកិច្ចការនេះ។ ជាពិសេសជួយទៅពិនិត្យ ត្រួតពិនិត្យ ទៅមើលនៅតំបន់ទុកដាក់តែម្ដងនៅតាមក្រុមហ៊ុន​។​

[បញ្ចប់សេចក្ដីអធិប្បាយ៥]

ចំពោះវិស័យប្រេងកាតវិញ, ថ្វីត្បិតតែនិន្នាការសកល ការប្រើប្រាស់ប្រេងឥន្ធនៈមានការថយចុះ, ប៉ុន្តែ ប្រេងឥន្ធនៈនៅតែមានតួនាទីសំខាន់ ក្នុងតម្រូវការថាមពលនាពេលបច្ចុប្បន្ន ក៏ដូចអន្តរកាលឆ្ពោះទៅពេលអនាគត ។ សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានបន្តធានាការផ្គត់ផ្គង់ប្រេង និង ឧស្ម័នឥន្ធនៈគ្រប់ប្រភេទឱ្យបានគ្រប់គ្រាន់ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន និងការអភិវឌ្ឍ ។ ទន្ទឹមនេះ ខ្ញុំសូមធ្វើចំណាប់អារម្មណ៍ ដូចខាងក្រោម ៖

ទី១. បញ្ហាសុវត្ថិភាព ៖ តាមរបាយការណ៍របស់ក្រសួងរ៉ែ និង ថាមពល ឃើញថា ក្រសួងកំពុងរៀបចំបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងសកម្មភាពអាជីវកម្មទាំងនៅតាមស្ថានីយប្រេង និង ឧស្ម័នឥន្ធនៈ, ទីតាំងស្តុក, ការដឹកជញ្ជូន និង ការរៀបចំប្រព័ន្ធផ្គត់ផ្គង់  និង ចែកចាយឧស្ម័នឥន្ធនៈក្នុងអគារ ។ ការងារនេះ មានភាពចាំបាច់ ដែលត្រូវបន្តយកចិត្តទុកដាក់ឱ្យអស់លទ្ធភាព ដោយសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]

(៩) គ្រប់គ្រងតាមអភិក្រមបុរេសកម្ម ជាជាងប្រតិកម្ម ចំពោះការប្រើប្រាស់ gas ជាចំហេះ

ចំណុចនេះ ខ្ញុំធ្លាប់បានលើក ហើយបានប្រគល់ភារកិច្ចឱ្យឯកឧត្តម សាយ សំអាល់ ជជែកជាមួយនឹងឯកឧត្តម កែវ រតនៈ រៀបចំក្រម បទដ្ឋានបច្ចេកទេសសុវត្ថិភាព ដើម្បីគ្រប់គ្រងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ gas នៅតាមអគារ ព្រោះទៅថ្ងៃមុខ gas ដែលយើង(ប្រើប្រាស់មក)ចម្អិន វាមិនខុសពីម៉ាស៊ីនត្រជាក់ទេ។ ម៉ាស៊ីនត្រជាក់ ពីមុនចេញប្រភេទតូចៗ ដល់ពេលអគារកាន់តែទំនើប ចេញ central air ដាក់តែមួយ(ប្រើ)រួម។ gas ក៏មិនខុសគ្នាដែរ។ ឥឡូវ ខ្លះអាចទិញចង្ក្រាន ទិញម៉ាស៊ីនអីមកខ្លួនឯង ប៉ុន្តែទៅថ្ងៃមុខ សម្រាប់ខុនដូ អគារធំៗ ប្រហែលជារត់ទុយោ gas (ដោយមាន)ក្រុមហ៊ុនមួយផ្គត់ផ្គង់។ អញ្ចឹងត្រូវមានស្តង់ដារឱ្យច្បាស់ គ្រប់គ្រងឱ្យច្បាស់។ ហ្នឹងជាការងារនគរូបនីយកម្ម ជាមួយសំណង់ ជាមួយនឹងដែនដី។ ពេលតហើយ (បើមិនត្រួតពិនិត្យទេ អាចមាន)គ្រោះថ្នាក់។

(បើ)ធ្លាយម៉ាស៊ីនត្រជាក់ អត់គ្រោះថ្នាក់ទេ ប៉ុន្តែបើធ្លាយ gas ក្នុងអគារ (នឹង)មានបញ្ហា។ បើសិនជាអ្នកប្រតិបត្តិ អ្នកដែលទៅដំឡើង gas ហ្នឹង អត់ច្បាស់លាស់ទៀត គ្រោះថ្នាក់។ ធ្លាយទឹក យើងអាចដាប់ពិដាន ឬមួយ(ចោះ)រកឃើញ ប៉ុន្តែ(ឆ្លាយ) gas នេះ នៅសុខៗ អាចគ្រោះថ្នាក់ ឬមួយមានអណ្ដាតភ្លើងបន្តិចផ្ទុះភ្លាម។ នៅប្រទេសលោកខាងលិច ធ្លាប់មានករណីដែលផ្ទុះអគារតែម្ដង។ ផ្ទុះ gas ឆេះមួយជាន់អញ្ចឹងទៅ។ អញ្ចឹងត្រូវគិតលក្ខខណ្ឌនេះ។ ជាបុរេសកម្ម។ ខ្ញុំគិតមើល ចៀសមិនផុតទេ អ្វីដែលមាននៅប្រទេសផ្សេង យើងនឹងឈានទៅដល់។ ការប្រើប្រាស់ gas ជំនួសអគ្គិសនី ឬមួយជំនួសការដុតផ្សេងៗ នឹងមាន។ អញ្ចឹងត្រូវមានការគ្រប់គ្រង ត្រូវយកអភិក្រមបុរេសកម្ម ជាជាងប្រតិកម្ម កុំឱ្យមានសភាពការណ៍ហើយ បានចាប់ផ្ដើម(ទប់ស្កាត់) ឬចាប់ផ្ដើមកំណត់។ នេះជាកិច្ចការនៅក្នុងការគ្រប់គ្រងសុវត្ថិភាព។

[ចប់សេចក្ដីអធិប្បាយ៦]

ទី២. បញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA) ៖ សម្រាប់ការចរចារជាមួយប្រទេសថៃ ខ្ញុំសូមជម្រាបជូនថា ការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺ ការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជាបានទទួលការលើកទឹកចិត្ត និង ការគាំទ្រ ពីបណ្តាប្រទេសអន្តរជាតិធំៗ លើការអភិវឌ្ឍតំបន់ OCA នេះ ដូចជា សហរដ្ឋអាម៉េរិក បារាំង ជប៉ុន ចិន សហភាពអឺរ៉ុប និង ប្រទេសអង់គ្លេស ជាដើម ដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និង ពិភពលោក ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]

(១០) ចរចាព្រំដែនសមុទ្រផ្អែកលើស្មារតីការពារផលប្រយោជន៍ជាតិរៀងៗ ខ្លួន

​ខ្ញុំសូមនិយាយបន្តិចទេ។ ព្រឹកមិញខ្ញុំនិយាយច្រើនហើយ។ រឿងទាមទារ និងការចងភ្ជាប់រឿងបច្ចេកទេស និង​សេ​ដ្ឋកិច្ចទៅនយោបាយពីមជ្ឈដ្ឋានក្រុមជ្រុលនិយមជ្រុល ទាំងនៅក្នុងប្រទេសជិតខាងយើង និងនិងនៅកម្ពុជា។ ខ្ញុំគ្រាន់តែចង់បញ្ជាក់រឿងនេះបន្តិច។ ទី១ ដែលមានការចោទថាមានការស៊ុមគ្រលំគ្នាដើម្បីបានផលប្រយោជន៍រវាងគ្រួសារសម្ដេចតេជោ និងគ្រួសារឯកឧត្តម ថាក់ស៊ីន គឺគ្មានទេ។ កិច្ចការនេះ គ្មានធ្វើអីស្ងាត់ទេ។ កាលពីទស្សនកិច្ចផ្លូវ​​ការ ខ្ញុំបានប្រ​កាសជាមួយឯកឧត្តម អតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បញ្ជាក់ជំហរនៅសន្និ​សីទសារព័ត៌មានថា “យើងពិភាក្សាគ្នា”។ ក៏​មិនមែនរឿងថ្មីដែរ។ យើងបានចរចាគ្នា តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០១ ហើយបានចេញ MOU និងបានចរចាគ្នាបន្តមកទៀតដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហើយក៏គ្មានការបោះបង់សិទ្ធចរចាព្រំដែននោះដែរ។ រឿងព្រំដែន គណៈកម្មការចរចាព្រំដែន រឿងសេដ្ឋកិច្ចយើងចរចារឿងសេដ្ឋកិច្ច ដើម្បីចែកផលគ្នា

ថ្ងៃមុន បាននិយាយលេងជាមួយខាងភាគីមិត្ត។ គាត់ថា “បើសិនជាទុកយូរបន្តិចទៀត ហ្គាសនឹងអស់តម្លៃ ព្រោះគេទៅ EV អស់ហើយ”។ ប៉ុន្តែ សម្រាប់សន្តិសុខថាមពល ក៏ដូចជាការជួយជំរុញសេដ្ឋកិច្ច (វានៅមាន)ផលច្រើនណាស់។ យើងអាចទាញយកមកប្រើប្រាស់ចែករំលែក រវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រជាជន។ ​គ្រួ​សារសម្ដេចតេជោ គ្រួសារឯកឧត្តម ថាក់ស៊ីន មិនអាចនឹងយករាប់រយពាន់លានបារ៉ែលទៅដាក់នៅឯណាទេ។ គឺមានតែយកមកជួយធ្វើឱ្យថ្លៃហ្គាសក្នុងប្រទេសចុះថោកសំរាប់ប្រជាពលរដ្ឋ។ យកមកធ្វើជា petrol chemical បង្កើតឧស្សាហកម្ម អីផ្សេងៗ ដែលអាចទាញបាន(ផលបន្ថែមទៀត)។ រឿងព្រំដែន រឿងចរចាអធិបតិយ្យ​ភាពទឹកដី គឺនៅបន្តធ្វើតាមយន្តការ។ ប៉ុន្តែ អ្នកនយោបាយរបស់យើងនៅក្រៅប្រទេសហ្នឹងពូកែណាស់។ បន្តិចៗ ក៏តាំងបបួលធ្វើបាតុកម្ម។ ឥឡូវបបួលបាតុកម្មទៀតហើយ។ ទៅប្ដឹង ICJ គេយកកោះយកអី។ គេ​ចរចាមិនទាន់ចប់ផង។ កំពុងតែចរចា។ ទុកអោយក្រុមការងារបច្ចេកទេសព្រំដែនចរចាដើម្បីផលប្រយោជន៍រៀងៗខ្លួន។ រកដំណោះស្រាយ។ កន្លែងហ្នឹង ពីមុនមកអត់ដែលមានអ្នកណាកំណត់ព្រំដែនទឹកទេ។ តាំងពីជំនាន់បារាំង។ ​គេកំណត់ព្រំដែនគោក។ យើងខំចរចា​បោះព្រំដែនដើម្បីថ្ងៃក្រោយប្រជាជនប្រ​ទេសទាំង២ អាចរស់នៅដឹងកន្លែងណាជាអធិបតិយ្យភាពរបស់កម្ពុជា កន្លែងណាជាអធិបតេយ្យភាពរបស់ថៃ កន្លែងណាដែលប្រជាជនអាចបើកច្រក​បង្កើនទំនាក់ទំនងគ្នា​បាន។ ព្រំដែនសមុទ្រ យើងចរចាផ្អែកទៅលើស្មារតី ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន តែដំណោះស្រាយដើម្បីកុំឱ្យវានៅពំា​ត្រណោត។

រឿង OCA នេះ អត់មានរឿងអីដែលត្រូវធ្វើអោយបាត់ទឹកដីទេ។ សូមអ្នកនយោបាយខ្លះ កុំយករឿងនយោយបាយមកទំលាក់ចូលក្នុងរឿងបច្ចេកទេស។ គេដោះស្រាយព្រំដែន គឺផ្អែកទៅលើច្បាប់ និងបច្ចេកទេសព្រំដែន។ នៅពេលដែលយកនយោបាយមកឡូកឡំឡើងតាមហ្វេសប៊ុកតាមអី វាទៅជារឿងផ្សេង។ អ្នកនយោបាយធ្វើនយោ​បាយទៅ ទុកឱ្យអ្នកបច្ចេកទេសធ្វើការបច្ចេកទេស។ តែនយោបាយត្រូវមានព្រំដែន គិតពីផលប្រយោជន៍ជាតិ។ កុំបង្កើតទំនាស់ កុំបំផុសនាំប្រជាពលរដ្ឋទៅធ្វើអីដែលមានមិនការចាំបាច់ ​ហើយវាអត់ត្រូវសោះ។ រឿងព្រំដែនទឹកជាមួយ​ប្រទេសថៃ យើងនៅចរចា។ អត់ទាន់មានគោលការណ៍ឯកភាពថា អ្នកណាបាត់អីអ្នកមានអីនោះទេ។ ដែលមកចោទថាបាត់នេះបាត់នោះ អត់ត្រូវទេ។ យើងនៅចរចានៅឡើយ។ ទាល់តែ​ចុះ MOU ឬមួយកិច្ចព្រមព្រៀង (ទើបមានការ)ឯកភាពគ្នាថា​ ​យកព្រំកន្លែងណា។ ហ្នឹងបានទៅមើលជាក់ស្ដែងថា កន្លែងណាបាត់ កន្លែងណាសល់។ បើឥឡូវអត់ទាន់ឯកភាពគ្នាផង នៅបន្តចរចានៅឡើយ យើងទៅស្រែកយ៉ាងម៉េច​។ ទៅប្ដឹងអ្នកណា ប្ដឹងរឿងអី? ព្រឹកមិញ សម្ដេចតេជោមានប្រសាសន៍ថា “ដំបៅមិនឈឺ យកឈើឆ្កឹះ”

(១១) គ្មានជំរើសលើកប្រទេសចេញពីគ្នាទេ មានតែពង្រឹងកិច្ចសហប្រតិបត្តិការ

យើងការពារទឹកដី។ តែការស្រលាញ់ទឹកដីមិនតែអស់លោកទេ។ រដ្ឋាភិបាលក៏ស្រលាញ់ទឹកដីដែរ។ មន្ត្រីរបស់ខ្ញុំដែលចរចាអត់បាយអត់ទឹក មន្ត្រីរបស់ប្រទេសក្បែរព្រំដែនក៏សុទ្ធតែអ្នកស្រលាញ់ទឹកដីដូចគ្នា ការពារដើម្បីផលប្រយោជន៍រួម ដោះស្រាយបញ្ចប់រឿងអោយបានច្បាស់។ រាប់រយឆ្នាំមកនេះមិនដែលមាន។ យើងទុកអោយប្រ​ជា​ជនប្រទេសទាំងពីរមានផលប្រយោជន៍អាចរស់នៅ​​ជាមួយគ្នា។ យើងគ្មានជំរើសលើកប្រទេសចេញពីគ្នា យើងមានតែពង្រឹងកិច្ចសហប្រតិបត្តិការ។ ព្រឹកមិញខ្ញុំឱ្យគោលការណ៍ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅចរចាដើម្បីយើងចរចាផ្លូវស្ទឹងបត់។ យើងចរចាមក។ បន្តិចទៀតយើងបង្កើតច្រកហ្នឹង ដោយសារទំនិញចេញចូលតាមច្រកប៉ោយប៉ែតរាងធ្ងន់។ ឥឡូវយើងបង្កើតច្រកស្ទឹងបត់ជាមួយ បានណង ដើម្បីឱ្យ(លំហូរពាណិជ្ជកម្ម)ដើរទៀត។ ​​ហ្នឹងដែលហៅថាប្រតិបត្តិការ។ ប្រ​ទេសទាំងពីរ ប្រជាជនទាំង ២នៅជាមួយគ្នា។

ការដោះស្រាយត្រូវអនុវត្តាមគោលការណ៍អហិង្សា គោលការណ៍ច្បាប់ គោលការណ៍​​បច្ចេកទេស កុំបំផុសអោយប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលផង​ យកទៅប្រឆាំងប្រទេសនេះ ប្រ​ឆាំងប្រទេសនោះ អោយប្រជាជនឈ្លោះគ្នា។ បច្ចុប្បន្ននេះងាយស្រួលដុត ដោយសារប្រជាជនម្នាក់ៗគាត់មាន(ការបារម្ភរឿងទឹកដី) តែគេពង្វក់គាត់មិនស្រួល គាត់យល់ខុស ឡើងហ្វេសប៊ុកជេរ។ ជេរតគ្នាចុះឡើង វាទៅជារឿង។ កន្លងទៅយើងឃើញហើយ។ រឿងខ្លះតូច​មួយសោះ។ គាត់តគ្នាទៅមក។ រឿងបវរកញ្ញារឿងអីអញ្ចឹងទៅ សឹងតែផ្ទុះប្រទេសនិងប្រទេស។ ​វាអត់ត្រូវ។ ងាយណាស់(ក្នុងការបាត់ទំនាក់ទំនងប្រទេសជិតខាង)។ អញ្ចឹងបានថា អ្នកនយោបាយដែលគិតពីផលប្រយោជន៍ជាតិ ត្រូវគិតពីអ្វីដែលខ្លួនធ្វើថាតើអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រ​យោជន៍​ជាតិ(ដូចម្តេច)។ ស្រលាញ់ជាតិដូចគ្នាទេ។ វិធីសាស្ត្រធ្វើ គឺសុំឱ្យបងប្អូនមហាជនយើងចូលរួម ថាកុំយកបញ្ហារឿងបូរណភាពទឹកដីក្លាយទៅដាក់ម្ទេសដាក់ម្រេចដាក់អំបិលក្លាយទៅជារឿងនយោបាយ។ (ការទាញ)ចំ​ណេញពីរឿងនយោបាយ វាធ្វើឱ្យខាតប្រយោជន៍ជាតិជាធំ ធ្វើឱ្យបាត់បង់ទំនាក់ទំនងរវាងប្រទេសជិតខាងដោយមិនមានហេតុផល។

(១២) ផលសេដ្ឋកិច្ចដែលមិនប៉ះពាល់អធិបតេយ្យភាព បើអាចជជែកបាន ធ្វើដើម្បីប្រយោជន៍ប្រជាជនទាំងពីរ

សុទ្ធតែកើតពីការយល់ច្រឡំ។ ទុកអោយយន្តការផ្លូវការធ្វើការទៅ គឺយន្តការដែលបានឯកភាពគ្នា យន្តការព្រំដែននៃប្រទេសទាំង២ ចរចាគ្នាទៀតទៅ។ ព្រំដែនគោក យើងបោះបង្គោលបាន ៤២ និងបន្តចរចាដើម្បីកំណត់ការឯកភាពគ្នាលើបង្គោលប៉ុន្មានទៀត ដើម្បីយើងបញ្ចប់។ កន្លែងណាយើងឯកភាពគ្នាហើយ បើកព្រំដែនសេដ្ឋកិច្ចទៅ។ ព្រំដែន​សមុទ្រដែលមិនទាន់មានការឯកភាព យើងបន្តចរចាគ្នាទៀតទៅ។ ផលសេដ្ឋកិច្ចដែលមិនប៉ះពាល់អធិបតេយ្យភាព បើអាចជជែកបាន យើងធ្វើដើម្បីប្រយោជន៍ប្រជាជនយើងទាំងពីរ។ មិនមែនយកមកដាក់ក្នុងកុងខ្ញុំទេ យកមកដាក់កុងរបស់ជាតិ។ យើងមានគណៈកម្មការគ្រប់គ្រងដោយតម្លាភាព។ រឿងនេះមិនមែនជារឿងដែលត្រូវលួចចរចាដូចជីកកំណប់ទេ។ មិនខ្វះទេអ្នក​​បបួលខ្ញុំទៅជីកកំណប់។ ឱ្យតែជីក​ហ្នឹង គឺបបួលវាយកន្លែងធំៗ។ ថ្ងៃមុននៅបាត់ដំបង គេប្រាប់ថានៅក្រោមអីណា។ តិចខ្ញុំនិយាយចេញទៅគេទៅជីកមែន។ ខ្ញុំចាំ។ អ៊ំម្នាក់ហ្នឹងអោយតែមកហ្នឹង ដឹងតែរឿងហ្នឹង។ ជំនាន់ ប៉ុល ពត ទៅ ២០នាក់ សល់តែគាត់មួយ។ រឿងអញ្ចឹងទាំងអស់។ នៅព្រលានយន្តហោះដូចគ្នា ២០តោនក្រោមអគារហ្នឹង។ សល់តែគាត់មួយគត់។ ចេញមក​តែអញ្ចឹង។ បើនៅពោធិ៍សាត់ កន្លែងណាមួយនោះ ជីកឡើងចង់អស់ផ្លូវ។ ដល់អត់ឃើញថាមាសរត់ …។

​​​នេះគឺរឿងជាតិ។ ក្រុមហ៊ុនដែលវិនិយោគមិនមែនជាក្រុមហ៊ុនណា សុទ្ធតែក្រុមហ៊ុនមកពីបណ្ដាប្រទេសដូចអាមេរិក, អឺរ៉ុប ដែលចង់វិនិយោគ មានទៅលាក់ស្អីជិត។ ផលមកគឺប្រ​ជា​ពលរដ្ឋដឹងទាំងអស់គ្នា​ មិនមែនដើម្បីអ្នកណាៗ គឺយកមកដើម្បីបម្រើសេដ្ឋកិច្ចជួយជាតិរបស់យើង។ ប្រទេសព្រុយណេគេមានហ្គាសក្រោមដី គេធ្វើប្រទេសអ្នកមាន ប្រទេសតូចមួយ។ ប្រទេសអារ៉ាប់មានប្រេងក្រោមដីហ្នឹង គាត់ធ្វើអ្នកមាន។ ឥឡូវគាត់យកទៅវិនិយោគលើអីផ្សេងទៀតៗ។ ខ្សាច់សោះតែអាចធ្វើបាន។ យើងនៅសល់កំណប់ តែទៅទិញពីក្រៅមក។ ​យើងពេលទិញពីខាងក្រៅ។ ពេលសង្គ្រាមពីខាងក្រៅ អានោះឡើងថ្លៃ យើងក៏ត្រូវដាច់ខ្យល់ដែរ។ តែបើសិនយើងមាននៅក្នុង(ដែនអធិបតេយ្យ)របស់យើងៗអាចធានាតម្លៃមួយចំនួនបាន ជួយគ្នា យកមកជួយសេដ្ឋកិច្ចយើង។ ទៅមុខវាត្រូវការអគ្គិសនីដើរដោយឧស្ម័ន ដោយអីហ្នឹង។ បើសិនជាតម្លៃកាន់តែថោក វត្ថុធាតុដើមហ្នឹងវាធ្វើឱ្យ(តម្លៃរបស់)យើងថោក ទម្លាក់ថ្លៃឱ្យប្រជាពលរដ្ឋបាន ប្រជាពលរដ្ឋសន្សំលុយថ្លៃភ្លើង។ ឧស្សាហកម្មមួយៗកាត់តែថ្លៃចំណាយ ថ្លៃភ្លើងហ្នឹង គាត់អាចពង្រីកបានអូតែល។ គ្រាន់អូតែលមួយនេះ ១ឆ្នាំ ១ខែ មិនស្រួលចំ​ណាយ ១០ ទៅ ២០ម៉ឺនដុល្លារ គ្រាន់តែថ្លៃភ្លើង។ បើយើងអាចទម្លាក់បាន (គាត់ក៏នឹងមានប្រាក់ចំណេញ)។

(១៣) ការបំផុសរឿងព្រំដែនក្នុងគោលបំណងប្រមូលមនុស្សធ្វើបាតុកម្មមិនបានសំរេច

នេះគឺជាកិច្ចការដែលខ្ញុំសូមនិយាយបន្តិចអំពីរឿង OCA នេះ។ ព្រឹកមិញ ខ្ញុំប្រាប់និស្សិតថា ដោយសារពេលវេលា អ្នកណាចង់តភាគ OCA មើលល្ងាចនេះ។ ខ្ញុំសូមអត់លើករឿងព្រំដែនព្រឹកមិញទេ។ បើសិនអត់ដឹងរឿងព្រំដែនដែនសមុទ្រកោះគុត សុំមើលវីដេអូឡើងវិញទៅ។ មើលភាគមួយចុះ។ អានេះភាគ២។ តែរឿងវាប្រទាក់ក្រឡាគ្នា។ មានក្រុមមនុស្សមួយចំនួនចង់ឱ្យតែមានរឿង ជាពិសេសរឿងជាតិនិយម។ រឿងព្រំដែននេះចេះតែយកទៅដើម្បីបំផុសប្រជាពលរដ្ឋ។ ពេលបុណ្យអុំទូកនេះ ពួកេគចេញមកនិយាយហើយនិយាយទៀតរឿងនេះ ក្នុងបំណងប្រមូលមនុស្សមួយចំនួនដែលឡើងមកលេងបុណ្យអុំទូកនេះធ្វើបាតុកម្មក្រោយ។ តែដូចខ្ញុំបាននិយាយ ប្រជាជនមិនទៅស្តាប់អីរឿងហ្នឹង។ ប្រជាពលរដ្ឋមកលេងអុំទូក មិនមែនមកធ្វើបាតុកម្មទេ។ ប្រជាពលរដ្ឋត្រូវការបុណ្យទាន … ២ម៉ឺននាក់ មកជួយ(និងជាអ្នកចំណុះទូក ចូលរួមពិធីបុណ្យអុំទូក)​។ អ៊ំស្រីម្នាក់ប្រហែលជាម្តាយអ្នកចំណុះទូក ឬយ៉ាងម៉េចទេ គាត់ឈរមើលពីលើ តែកាយវិការដូចអ្នកវាយបុកអញ្ចឹង​។ ហ្នឹងស្មារតីសាមគ្គីគ្នា​ ឯកភាពជាតិ ស្មារតីវិជ្ជមានជាមួយគ្នា។ កុំយកតែរឿងបង្កើតមិនទុកចិត្តគ្នានាំឱ្យទោមនស្សជាមួយខ្មែរនិងខ្មែរគ្នាឯង នាំឱ្យប្រជាជនបង្ករនូវភាពមិនទុកចិត្តគ្នាជាមួយរដ្ឋាភិបាលនូវរឿងស្អីដែលមិនពិតសោះ។

លោក អ៊ុំ សំអាន (ព្រឹកមិញខ្ញុំអត់បញ្ចេញឈ្មោះ) រអ៊ូឆ្ការដៃឆ្ការជើង។ អ្នកជំនាញគ្រប់។ លោកហ្នឹងកាលឆ្នាំ ២០១៦ ជាប់គុកម្តង ដោយសាររឿងព្រំដែន។ សន្ធិសញ្ញា ដែលសម្តេច ហេង សំរិន បានចុះ គាត់យកទៅក្លែងឯកសារថាសន្ធិសញ្ញាហ្នឹង សម្តេច ហេង សំរិន បានចុះដើម្បីរំលាយព្រំដែនប្រទេសទាំងពីរ។ ការពិតមិនមានចុះឯកសារ​ហ្នឹងទេ។ គេបង្កើតឯកសារក្លែងក្លាយយកទៅបង្ហោះ។ អញ្ចឹងត្រូវទទួលទោស។ ឆ្នាំ២០១៨ សុំចេញ ដោយសរសេរ(លិខិតសុំទោស) ដាក់ទៅសម្តេចតេជោ​ ថា​ រាងហើយ “ខ្ញុំសន្យាថា ខ្ញុំនឹងមិនយករឿងព្រំដែនមកនិយាយដោយគ្មានការពិចារណា” បានន័យថា មិនយករឿងក្លែងក្លាយមកទៀតទេ។ ឥឡូវគាត់ធ្វើទៀត … ទូតអាមេ​រិកអត់មក។ DCM (Deputy Chief of Mission) អត់មក? គាត់ចោទថា កាលខ្ញុំចូលសាលា WestPoint ហ្នឹង គឺពុករលួយ។​ គាត់អ្នកទៅប្រឡង តែមកជាប់ខ្ញុំ។ ខ្ញុំប្រាប់ មិនមែនរឿងពុករលួយទេ រឿងនីតិវិធីអាមេរិកទាំងអស់ ប្រយ័ត្នជេរអាមេរិក។ ប្រវត្តិគាត់បង្កើតរឿង។ ឥឡូវចេញអញ្ចឹងទៀត។ និយាយអីផ្សេង និយាយចុះ ហេតុអីបំ​ផុស​ប្រជាពលរដ្ឋ។

បើមេរបស់គាត់វិញ អង្គុយតែលើកពីរូបមន្តបង់ក្លាដេសជោគជ័យហើយ។ ខ្ញុំមិនថាប្រទេសណា តាមដានមើលសភាពការណ៍ខ្លួនឯងទៅ។ រដ្ឋាភិបាលថ្មីយ៉ាងម៉េច? ស្ថានភាពទំនាស់ផ្ទៃក្នុងរវាងប្រជាជននោះនៅក្នុងប្រទេសនោះយ៉ាងម៉េច?  រវាងគណបក្សដែលកាន់អំណាចកំពុងតែទំនាស់គ្នាយ៉ាងម៉េច? អាចមានលទ្ធភាពបាតុកម្មផ្តួលទៅខាងមុខទៀត។ បើសិនជាដំណោះស្រាយអត់បាន។ ដៃម្ខាងនិស្សិតដែលកំពុងទាមទារ​រឿងថ្មី ដៃម្ខាងគណបក្សប្រឆាំងដែលទាមទារការបោះឆ្នោត។ ធ្វើមិនស្រួលរឿងទៀត។ មិនប្រាកដថាការជំរុញបានទេ។ តែរឿងផ្ទៃក្នុងប្រទេសគេ ខ្ញុំមិនប៉ះពាល់។ គ្រាន់តែមើលថា ការកែសម្រួលសិទ្ធិរបស់ប្រជាជនក្នុងរបបប្រជាធិបតេយ្យ រើសរដ្ឋាភិបាលតំណាង គឺតាមរយៈការបោះឆ្នោត មិនមែនដូចគាត់បង្កើតចលនាក្រៅប្រទេស ត្រៀមទៅបង្កើតរដ្ឋាភិបាលនិរទេស ហើយមិនទទួលស្គាល់ការបោះឆ្នោត។ នៅក្រៅប្រទេស លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត រដ្ឋទូតយើង មាននាយករដ្ឋរមន្ត្រីនិរទេសមួយរូប មានតែម្នាក់ឯងទេ ក្នុងរដ្ឋាភិបាលគាត់ ប្រទេសលោកខាងលិច ប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីតែម្នាក់ឯងគត់។ លោកអី? សម សារី? ឥឡូវមានការចង់បង្កើតរដ្ឋាភិបាលនិរ​ទេសផ្សេងទៀតនៅក្រៅប្រទេស។ តើការធ្វើបែបនេះស្របច្បាប់នៅប្រទេសប្រជាធិបតេយ្យ ឬយ៉ាងណា។ ខ្ញុំមិនដឹង? ជាពិសេសកុំមកបំផុសធ្វើសកម្មភាពដូចថ្ងៃ ១៨ សីហា រៀបចំការប៉ះបោរហិង្សាផ្ទួលរដ្ឋាភិបាល។ សូមកុំយករឿងអស់នេះទៅដុតប្រទេស តាមរយៈការបំផុសប្រជាពលរដ្ឋឱ្យយល់ច្រឡំហើយរុញ (ធ្វើបាតុកម្ម)។

(១៤) ការព្យាយាមដាក់នយោបាយចូលក្នុងរឿង OCA ជាប្រការគ្រោះថ្នាក់

ខ្ញុំសូមប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យផ្អែកលើច្បាប់ សូមណែនាំទៅអ្នកនោះផង ជាពិសេសកំពុងតែមានមូលដ្ឋានធ្វើសកម្មភាពនៅប្រទេសអស់នោះថាកុំឱ្យបំផុស ឬមួយធ្វើអីខុសពីព្រំដែនច្បាប់ ដែលសូម្បីតែនៅប្រទេសដែលគាត់កំពុងនៅហ្នឹង ក៏មិនអាចទទួលបាន។ នេះដើម្បីពង្រឹង ​មិនមែនខ្ញុំគំរាមទេ។ ដើម្បីធានានូវស្ថិរភាពនូវអ្វីដែលជាដំណោះស្រាយ ដើម្បីផលប្រយោជន៍ជាតិ។ កុំយករឿងបែបនេះមកបំ​ផុសប្រជាពលរដ្ឋ ដើម្បីជំរុញរឿងអីផ្សេង។ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យអ្នកជ្រុលនិយមមួយក្តាប់តូច ធ្វើឱ្យបាត់បង់ស្ថិរភាព សន្តិភាព សន្តិសុខក្នុងប្រទេសនោះទេ។ នៅស្រុកខ្មែរ ចូលឆ្នាំច្រើនណាស់ លោកជំទាវ ឯកឧត្តម។ ខ្ញុំស្កូវដោយសារ ១ឆ្នាំ ខ្ញុំចូលឆ្នាំ ៣ដង។ បន្តិចទៀតចូលខែ ១២ ខ្ញុំចូលឆ្នាំសកល, ខែ ២ មានចូលឆ្នាំចិន, ខែ ៤ មានចូលឆ្នាំខ្មែរ​ ចូលទាំងអស់ឱ្យតែមានចូលឆ្នាំ មិនមែនថាខ្ញុំគ្រប់ទិសទេ ឱ្យតែពេលបុណ្យទានគឺខ្មែរអបអរសា​ទរទាំងអស់ ព្រោះយើងជាប្រទេសដែលមានសុខដុមបនីយកម្ម អត់រើសអើង …។

អ្វីដែលខ្ញុំនិយាយ គឺដើម្បីធានាសុខដុមបនីយកម្ម ផ្អែកទៅលើព័ត៌មានពិត។ សូមកុំជំរុញព័ត៌មានក្លែងក្លាយ Fake News ការប៉ះបោរ ហើយជាពិសេសបំផុសចលនាអ្វីមួយដែលធ្វើសកម្មភាពខុសច្បាប់ ដូចថ្ងៃ ១៨ សីហា កន្លងទៅ។ ខ្មែរឆ្លងកាត់សង្គ្រាម ៥០០ឆ្នាំហើយ។ សុំតែសុខ កុំឱ្យវេទនា​ សុំតែពេលអុំទូក ពេលចូលឆ្នាំ មិនថាឆ្នាំចិន ឆ្នាំខ្មែរ ឆ្នាំណូអ៊ែល គ្រឹស្ដសាសនានោះទេ អាចអបអរសាទរជាមួយគ្នាបាន មិនថាបក្សណា ឬបក្សណាទេ ត្រូវនៅជាមួយគ្នាដើម្បីកុំឱ្យទំនាស់ផ្ទៃក្នុងយើងកើតមាន។ អញ្ចឹងការព្យាយាមដាក់នយោបាយចូលនៅក្នុងរឿងដូចចរចា OCA ជារឿងព្រំដែនរឿងអី ជារឿងគ្រោះថ្នាក់។ ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋ សូមឱ្យមានជំហរច្បាស់​លាស់ យល់ច្បាស់ពីបុព្វហេតុ ការខិតខំរបស់រដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ជាតិ មិនថាការចរចារឿង OCA ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ការការពារបូរណភាពទឹកដីទាំងដែនទឹក ដែនគោករបស់យើងនៅក្នុងការការពារ និងដោះស្រាយបញ្ហាជំរុញទៅដល់ការសហការ អភិវឌ្ឍប្រទេស និងសហប្រតិបត្តិការល្អជាមួយមិត្ត នេះជាចំណុចល្អរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានដាក់គោលការណ៍នេះរាប់សិបទសវត្សរ៍មកហើយៗ នឹងបន្តធ្វើទៅទៀតដើម្បីផលប្រយោជន៍ប្រជាជនទាំងអស់គ្នា។​ សូមកុំចូលរួមជាមួយចលនា ឬការបំផុសបែបណា ដែលធ្វើ​ឱ្យបែកបាក់សាមគ្គី ឯកភាពជាតិ ជាពិសេសធ្វើឱ្យមានភាពវឹកវរក្នុងសង្គម។

[ចប់សេចក្ដីអធិប្បាយ៧]

ដូចនេះ សម្រាប់ជាទិសដៅការងារក្នុងវិស័យប្រេងកាត, ខ្ញុំសូមណែនាំបន្ថែមលើចំណុច មួយចំនួន ដូចខាងក្រោម ៖

ទី១. បន្តបើកទីផ្សារប្រកួតប្រជែងឱ្យទូលាយ ដើម្បីធានាការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ដោយខិតខំកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មល្អ ជាមួយដៃគូពាក់ព័ន្ធ ។

ទី២. ក្រសួងរ៉ែ និងថាមពលត្រូវពន្លឿនការរៀបចំបទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពនានា ជាពិសេស បញ្ចប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ និង ចែកចាយឧស្ម័នឥន្ធនៈក្នុងអគារឱ្យបានឆាប់ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]

(១៥) សហការជាអន្តរក្រសួងត្រួតពិនិត្យរៀបចំការបង្កប់ទុយោឧស្ម័នឥន្ធនៈ

ដូចខ្ញុំបានលើកអម្បាញ់មិញនេះ ត្រូវធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ព្រោះមិនអាចដាក់តែក្រសួងមួយ ហើយក្រសួងមួយទៀតមិនអនុវត្ត។ ដាក់ទៅវាអត់ដើរ។ រៀបចំជា ecology ព្រោះកិច្ចការខ្លះគឺការសហការអន្តរក្រសួងនេះសំខាន់។ បើយើងចេញឆ្កុយតែឯកតោភាគី ​ម្ខាងទៀតអត់ឯកភាព។ ប៉ុន្តែការងារវាប្រទាក់ក្រឡា។ អត់ចេញ។ បើចេញខុសស្តង់ដារមានបញ្ហា។ ដូចជាអាជ្ញាធរ ព្រោះជួនកាល គោលការណ៍ថ្នាក់ជាតិ ស្រាប់តែដាក់ទៅដល់ខណ្ឌ ទៅដល់ស្រុក ទៅដល់ក្រុង អត់អនុវត្តតាម។ ទាល់​តែមានគោលការណ៍ យន្តការច្បាស់លាស់។ កន្លងទៅ ពេលខ្លះ រឿងដោះតែប៉ុណ្ណឹង មន្រ្តីពីកណ្តាលទៅនិយាយអញ្ចេះ មន្រ្តីពីខណ្ឌនិយាយអញ្ចុះ។ ទាល់តែមានការឯកភាពគ្នាជាស្តង់ដារមួយ។ អ្នកណាទទួលខុសត្រូវសិទ្ធិណាត្រូវមូលដ្ឋាន សិទ្ធិណាត្រូវអី ហើយត្រូវមានស្តង់ដារយ៉ាងម៉េច។ បានន័យថា យើងគិតពីដើមដល់ចប់។ កុំគិតតែពាក់កណ្តាល។ អនុវត្តហើយចាំធ្វើការទៀត។ ធ្វើ simulation ធ្វើ test តែម្តងថាឯកសារវាទៅយ៉ាងម៉េច មុននឹងចេញ។ កុំឲ្យស្ងាត់ៗ ស្រាប់តែអគារឡើង បង្កប់ទុយោអស់រលីង យើងអត់ដឹងអីសោះ។ ហ្នឹងគ្រោះថ្នាក់។ ក្រសួងថាខ្ញុំអត់ដឹង មានអ្នកណាទៅពិនិត្យមើលស្តង់ដារទុយោ អ្នកណាទៅពិនិត្យយ៉ាងម៉េច។

[ចប់​សេចក្តីអធិប្បាយ៨]

ទី៣.ខិតខំស្វែងរក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រប់មធ្យោបាយ ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសផលិតប្រេងកាត និង ឧស្ម័ន តាមរយៈការជំរុញផលិតកម្មប្រេងកាតរបស់យើងនៅប្លុក A ឡើងវិញ ត្រៀមលក្ខណៈ ដើម្បីចរចាជាមួយភាគីថៃនៅតំបន់ OCA និង ការទាក់ទាញការវិនិយោគលើរោងចក្រចម្រាញ់ប្រេងកាតដែលអាចជាឧស្សាហកម្មគន្លឹះ ក្នុងការពង្រីកទៅផ្នែកឧស្សាហកម្មផ្សេងៗជាច្រើនទៀត ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ៩]

(១៦) គិតគូរទីតាំងសំរាប់ការចម្រាញ់ប្រេង កុំឲ្យប៉ះពាល់ដល់បរិស្ថាននិងសក្តានុពលដ៏ទៃ

នៅក្នុងរបាយការណ៍របស់ឯកឧត្តម កែវ រតនៈ បានលើក ហើយខ្ញុំក៏ស្វាគមន៍។ បានឆ្លងខ្ញុំម្តងហើយ។ ខ្ញុំថាល្អ បើសិនជាមានការមកធ្វើការចម្រាញ់ប្រេងកាតនៅយើងជាការល្អ តែត្រូវគិតគូរទីតាំងឲ្យបានច្បាស់ កន្លែងណាត្រូវទុកសម្រាប់រឿងប្រេងកាត រឿង petrol chemical អីគិតឲ្យហើយ។ កុំឲ្យដាក់គ្រប់កន្លែង។ រុញទៅកន្លែងហ្នឹងជិតផែ ជិតអីហ្នឹងផ្សេងៗ បើមិនអញ្ចឹងទេយើងពិបាក។ អ្នកនេះសុំដាក់នេះ។ ធ្វើយូរៗទៅ ដល់ ២០ ឆ្នាំក្រោយគ្រប់កន្លែងទាំងអស់ទៅជាកន្លែងគីមី កន្លែងប្រេងកាត ធ្វើអ្វីទៀតអត់ចេញ។ អញ្ចឹង ខ្ញុំថាឥឡូវវាយតម្លៃឲ្យខ្ញុំ។ កន្លែងហ្នឹងមានសក្តានុពលអី។ បើសិនជាយកប្រេងកាតទៅដាក់ យក petrol chemical ទៅដាក់ កន្លែងសក្តានុពលផ្សេងទៀតលែងដើរ អត់មានអ្នកណាទៅសង់អូតែលទេសចរណ៍នៅកន្លែងប្រេងកាតទេ។ អញ្ចឹងវាយតម្លៃឲ្យខ្ញុំថា តើដាក់នៅហ្នឹងខាតអីចំណេញ​អី។ តើយើង readjust យ៉ាងម៉េច។ យើងត្រូវគិតគូរ។ យើងត្រូវតម្រង់ទិស។ ត្រូវហ៊ានប្រាប់វិស័យឯកជនថា “អត់ទេ”។ ឥឡូវកន្លែងខ្លះយើងអត់ឲ្យតែម្តង ដូចផែទឹកជ្រៅថ្មី។ យើងបិទ ព្រោះច្រើនហើយ។ បើមានការចាំបាច់លក្ខខណ្ឌអីបម្រើឲ្យកន្លែងណាពិសេសដែលមានទ្រង់ទ្រាយធំយ៉ាងម៉េចសម្រាប់ជា supply chain, eco system អីយើងឲ្យ។

(១៧) បញ្ឈប់ផ្តល់អាជ្ញាបណ្ណស្រាបៀរសំរាប់ប្រើប្រាស់ក្នុងស្រុក និងពិនិត្យមើលរឿងរោងចក្រតម្លើងរថយន្ត

ឥឡូវ license ស្រាបៀរ ខ្ញុំឈប់ឲ្យហើយ។ ៧ហើយ។ បើ​ធ្វើនាំចេញក្រៅប្រទេសខ្ញុំឲ្យ តែបើធ្វើនៅក្នុងស្រុកខ្ញុំមិនឲ្យទៀតទេ។ ខ្ញុំបញ្ជាក់ឲ្យហើយ ក្រែងលោអ្នកណាចង់ធ្វើ។ យើងត្រូវហ៊ានថាទេ ដើម្បីជួយតម្រង់ទិសវិស័យឯកជន។ ពេលខ្លះយើងត្រូវផ្តល់យោបល់ឲ្យគាត់ថា កុំធ្វើអាហ្នឹងអត់កើតទេខ្ញុំ ខ្ញុំហ៊ានទទួលថាទីផ្សារខ្ញុំតែប៉ុណ្ណឹង ឥឡូវមានមនុស្សច្រើនហើយ។ ខ្ញុំឲ្យគិតមើលរឿងរោងចក្រតម្លើងរថយន្ត។ ឥឡូវមានច្រើន។ ទីផ្សារប៉ុណ្ណឹង​តើត្រូវការរោងចក្រតម្លើងរថយន្តប៉ុន្មាន។ បើយើងឲ្យច្រើនពេក អ្នកដែលមានស្រាប់ ក្រែងលោអត់រីក … យើងត្រូវធ្វើឲ្យអ្នកមាន(អាជ្ញាបណ្ណ)រីកចម្រើន។ អ្នកដែលដាក់ទុនហើយអាចរីក។ អញ្ចឹងយើងត្រូវហ៊ានប្រាប់ថា ឥឡូវ license ប៉ុណ្ណេះខ្ញុំឲ្យ។ ប្រទេសខ្លះគេកំណត់ license ទាំងចំនួនរថយន្តទៀត ដូចនៅ Singapore ដូចកំណត់រថយន្តទៀត។ លោកជំទាវគាត់ស្តាប់ខ្មែរអត់បាន។ គេអត់ឲ្យចំនួនរថយន្តច្រើនពេកទេ។ តាក់ស៊ីនៅកន្លែងខ្លះ ប្រ​ទេសខ្លះ ឧទាហរណ៍ថាក្នុងក្រុងហ្នឹងឲ្យតែ ១០០០០ ទេ។ វាច្រើនពេកពិបាកគ្រប់គ្រង។ អញ្ចឹងយើងត្រូវមើល។ មិនមែនគ្រប់វិស័យទេ។ ជាពិសេសលើវិស័យវិនិយោគធំៗ តូចៗ អត់អីទេ។ យើង free market ទៅ ត្រឹមតែបើកតែគុជអី មិនបាច់ដាក់ License កំណត់ទេ។ គាត់បើក គាត់ជោគជ័យមិនជោគជ័យគាត់ដួល។ តែអាធំៗវិនិយោគ ៥០-៦០ លានដុល្លារ ១០០-២០០ លានដុល្លារ ត្រូវគិតអាហ្នឹង។

(១៨) មិនប្រើប្រាស់ផលិតផលសម្រេចទាំងអស់ តែជំរុញការផលិតវត្ថុធាតុ មិនមែនតែក្នុងវិស័យថាមពលទេ តែក្នុងវិស័យឧស្សាហកម្មផ្សេងៗ

ជាការគិតគូរ រៀបចំឲ្យមានរោងចក្រចម្រាញ់ប្រេងកាត រៀបចំទីកន្លែង។ យើងត្រូវមើល បើសិនជា OCA ចេញ ត្រូវមាន petrol chemical industry ដែលយកមកចម្រាញ់ធ្វើជី ចម្រាញ់ធ្វើជ័រផ្លាស្ទិក ធ្វើអីផ្សេងៗ។ យើងត្រូវវិនិយោគលើហ្នឹង។ គិតឲ្យហើយ។ បើមក រុញទៅណា។ កុំរុញគ្រប់កន្លែង។ ជួនកាលកន្លែងហ្នឹងកំពុងតែធ្វើ resort ស្រាប់តែដាក់រោងចក្រកសចម្រាញ់ហ្នឹងផាំង អស់តម្លៃ resort បាត់ ខូចវិស័យទេសចរណ៍បាត់។ អញ្ចឹងសុំឲ្យគិតគូរផង។ ខ្ញុំបានឲ្យគោលការណ៍ថ្ងៃមុនហើយ។ ត្រូវការកន្លែងហ្នឹងយ៉ាងម៉េចរំកិលប៉ុន្មានគីឡូ ឬយ៉ាងណា ដើម្បីឲ្យបានចំណេញទាំង២ កុំឲ្យលុបអាទេសចរណ៍ហ្នឹងចោល។ កុំអោយដាក់ការវិនិយោគហ្នឹង បាត់សក្តានុពលមួយ។ បានន័យថា យើងខាតអស់មួយចំហៀង។ យើងចំនេញតែមួយ។ បើលើកវាមកតែ ៥គីឡូ បានន័យថាចំ​ណេញទាំង២។ គិតមើល៕ សុខចិត្តធ្វើហេដ្ឋារចនាសម្ព័ន្ធថែមបន្តិចចុះ តែរយៈពេលវែង យើងថែរក្សាតម្លៃទាំង២។ អញ្ចឹងការជំរុញ(អោយមានរោងចក្រចំរាញ់)ប្រេងកាតនេះ ខ្ញុំសង្ឃឹមថាអាចធ្វើបាន។​ ការជំរុញឲ្យមានការផលិតវត្ថុធាតុដើមច្រើន មិនមែនតែរឿងវិស័យថាមពលទេ នៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ ខ្ញុំបានណែនាំ ដើម្បីជំរុញឲ្យបានច្រើន។ កម្ពុជាមិនមែនជាកន្លែងប្រើប្រាស់ផលិតផលសម្រេចទាំងអស់នោះទេ តែយើងក៏អាចមានលទ្ធភាពកែច្នៃវត្ថុធាតុដើមផងដែរ

[ចប់សេចក្តីអធិប្បាយ៩]

ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្តលើវិស័យថាមពល ដែលជាវិស័យទី ៣ ស្ថិតក្រោមអាណត្តិកិច្ច ក្រសួងរ៉ែ និង ថាមពល ដោយផ្តល់អានុសាសន៍ភ្ជាប់លើចំណុចនីមួយៗ ។  វិស័យថាមពល ត្រូវបានកំណត់ជាអាទិភាពគ ក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលពាក្យ «ភ្លើង» ក្នុងបាវចនានេះ សំដៅដល់ ថាមពល ។​ ជាការពិត, ថាមពល គឺជាផលិតផលមួយដ៏មានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងសង្គម ដែលបានបម្រើឱ្យជីវភាពប្រចាំថ្ងៃ និង បម្រើឱ្យការអភិវឌ្ឍវិស័យផ្សេងៗទៀត របស់ប្រទេសជាតិ ។ ដូច្នេះ ការគ្រប់គ្រង និង ការអភិវឌ្ឍវិស័យថាមពល ឱ្យបានត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍតំបន់ជនបទ និង ការបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ។ ចំណុចសំខាន់ៗក្នុងវិស័យថាមពល រួមមាន ៖

ទី១.ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និង គ្រប់ទីកន្លែង ខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និង កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងសេចក្តីត្រូវការ និង ភាពចាំបាច់នៃការប្រើប្រាស់ថាមពល ក៏កាន់តែកើនឡើងជាលំដាប់ ។ បច្ចុប្បន្ន, ការប្រើប្រាស់ថាមពលអគ្គិសនីនៅទូទាំងប្រទេសនៅឆ្នាំ ២០២៤ បានកើនឡើង ១៥,៥៦% ធៀបទៅនឹងការប្រើប្រាស់នៅឆ្នាំ ២០២៣ ដែលនៅក្នុងនោះ ៨៦,៦៧% ជាបរិមាណថាមពលដែលបានផលិតក្នុងស្រុក និង ១៣,៣៣%  ជាបរិមាណ ថាមពលនាំចូល​ពីប្រទសជិតខាង ។ ជាមួយនេះ, ការខិតខំអភិវឌ្ឍខ្សែបណ្តាញផ្គត់ផ្គង់គ្រប់កម្រិតរហូតដល់ចុងឆ្នាំ ២០២៤ នេះ បានធ្វើឱ្យវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី ពីប្រព័ន្ធបណ្តាញ​ជាតិ បានគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% នៃចំនួនភូមិទូទាំងប្រទេសរួចហើយ ដែលនៅក្នុងនោះ ការភ្ជាប់បណ្តាញឱ្យទីតាំងអ្នកប្រើប្រាស់គ្រប់ប្រភេទនៅចុងឆ្នាំ ២០២៤ នេះបានឡើងដល់ចំនួន ៣,៨៦ លានទីតាំង គឺកើនឡើងប្រមាណ ៤% ធៀបទៅនឹងឆ្នាំ ២០២៣ ។ ចំពោះការភ្ជាប់បណ្តាញឱ្យលំនៅឋានប្រជាពលរដ្ឋបានកើនឡើងដល់ ៣,៦០ លានខ្នងផ្ទះ ដែលត្រូវជា ៩៥,២៤% នៃខ្នងផ្ទះសរុបទូទាំងប្រទេសរួចហើយ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១០]

នេះគឺជាសមិទ្ធផលនៅក្នុងរយៈពេលខ្លីនេះដែលអា​ចជំរុញបាន។ ជាសមិទ្ធផលធំមួយរបស់វិស័យថាមពលរបស់យើងដែលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាក់ស្តែង​។

[ចប់សេចក្ដីអធិប្បាយ១០]

ខ្ញុំសូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ដៃគូអភិវឌ្ឍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលបានចូលរួមជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដែលញុំាងឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាព ដ៏ត្រចះត្រចង់ក្នុងបេសកកម្មផ្តល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយគ្រប់គ្រាន់ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាខាងលើនេះ ។

ចំពោះចំណុចនេះ ខ្ញុំសូមឱ្យក្រសួងរ៉ែ និងថាមពលសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ខាងលើ បន្តការខិតខំរបៀបនេះបន្តទៀត ពីព្រោះពេលដែលសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីក៏កាន់តែចាំបាច់ និងកាន់តែកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

ពាក់ព័ន្ធជាមួយការបង្កើនស្ថិរភាព និង គុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីក្រសួងរ៉ែ និងថាមពល ៖ ១). ត្រូវបន្តអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនអគិ្គសនី អនុស្ថានីយ និងបណ្តាញចែកចាយបន្ថែម រួមជាមួយនឹងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងនិងបញ្ជាឱ្យទាន់ទៅតាមតម្រូវការ និង ទៅតាមពេលវេលាកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីកាន់តែមានស្ថិរភាព និង គុណភាព និង ២). ត្រូវរៀបចំឱ្យការផ្តល់សេវានានា និងព័ត៌មានផ្សេងៗពាក់ព័ន្ធ ជាមួយការផ្គត់ផ្គង់អគ្គិសនី អាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរសព្ទដៃ ដើម្បីធ្វើយ៉ាងណាឱ្យការងារផ្តល់សេវា និង ព័ត៌មានទាំងនេះកាន់តែទំនើប ងាយស្រួល តម្លាភាព និង មានប្រសិទ្ធភាព ចំពោះអ្នកប្រើប្រាស់ថែមទៀត ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១១]

ព្រឹកមិញ ខ្ញុំនិយាយនៅពិធីចែកសញ្ញាបត្រថា បន្តិចទៀតចង្កេះខោរបស់ប្រជាជនយើង ជាពិសេសអ្នកទីក្រុងនឹងកើន ដោយសារមនុស្សលែងទៅរកម្ហូបហើយ ឱ្យម្ហូបរត់រកមនុស្ស តាមទូរស័ព្ទបាន។ ឥឡូវលែងជិះម៉ូតូ ជិះអីទៅបង់ភ្លើងនៅ EDC ហើយ pay តាមទូរស័ព្ទដៃទៀត។ អញ្ចឹងទៅមុខទៀត​ នេះជាការវិវឌ្ឍរបស់យើង។ សូមធ្វើទំនើបកម្មនៅគ្រប់វិស័យទាំងអស់ មិនមែនតែវិស័យថាមពលនោះទេ ជាការជំរុញ e-government អាចជួយសម្រួលក្នុងការធ្វើការងារ។ ​

[ចប់សេចក្ដីអធិប្បាយ១១]

ទី២. ផ្អែកលើនិន្នាការសកល និង ការកំណត់អភិក្រមសម្រាប់ការគ្រប់គ្រង និង ការ-អភិវឌ្ឍវិស័យថាមពលបន្ត បច្ចុប្បន្ន និន្នាការសកលតម្រូវឱ្យការអភិវឌ្ឍ និង ការប្រើប្រាស់ថាមពល ត្រូវតែយកចិត្តទុកដាក់លើបញ្ហាថាមពលស្អាត ប្រសិទ្ធភាពថាមពល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ដូច្នេះ ការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ និង គ្រប់ទីកន្លែង នៅមិនទាន់បំពេញបានតាមគោលដៅ នៃវិស័យថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ ។

ផ្អែកលើមូលដ្ឋាននេះ ខ្ញុំសូមណែនាំឱ្យក្រសួងរ៉ែ និងថាមពលយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យថាមពលដែលយើងប្រើប្រាស់កាន់តែស្អាត កាន់តែមានប្រសិទ្ធភាព មានស្ថិរភាព ថ្លៃសមរម្យ និងមានសមធម៌ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសម្រួលដល់ជីវភាពសង្គមនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងអាចធ្វើអន្តរកាលវិស័យថាមពលកម្ពុជាឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអន្តរជាតិ ។

ក្នុងន័យនេះ ខ្ញុំសូមឯកភាពជាមួយមតិរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងការកំណត់យកអភិក្រមចំនួន ៤ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យថាមពលបន្តទៀតគឺ ៖ ១). បង្កើនថាមពលស្អាត និង ប្រសិទ្ធភាពថាមពល, ២). រក្សាថ្លៃសមរម្យ ស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និង ចែកចាយថាមពល, ៣). បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់, ៤). បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និង ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និង ជនបទ ។

លើទិដ្ឋភាពនៃការបង្កើនថាមពលស្អាត និងប្រសិទ្ធភាពថាមពល ដើម្បីឱ្យស្របតាមនិន្នាការសកល, ខ្ញុំសូមឱ្យគ្រប់ភាគីពាក់ព័ន្ធពិនិត្យធ្វើការអភិវឌ្ឍប្រភពថាមពល បំពេញតម្រូវការ តាមរយៈថាមពលស្អាត ដែលរួមមានថាមពលកកើតឡើងវិញ និងថាមពលផ្សេងទៀតឱ្យអស់លទ្ធភាព ។ ខ្ញុំបានដឹងថា ថាមពលកកើតឡើងវិញខ្លះ ដូចជាថាមពល ពន្លឺព្រះអាទិត្យ និង ថាមពលខ្យល់ គឺមានសក្តានុពលតែក្នុងពេលម៉ោងមួយចំនួន ដែលធម្មជាតិផ្តល់ឱ្យតែប៉ុណ្ណោះ, បន្ថែមពីលើនោះការបញ្ចេញអានុភាពរបស់វាប្រែប្រួលមិនទៀងទាត់ទៅតាមធម្មជាតិ ដែលតម្រូវឱ្យយើងត្រូវផ្គុំជាមួយប្រព័ន្ធស្តុកថាមពល និង ប្រព័ន្ធសម្របសម្រួលវៃឆ្លាត ទើបអាចច្នៃប្រឌិដ្ឋប្រើប្រាស់តាមសេចក្តីត្រូវការបាន ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១២]

(១៩) បង្កើនការផលិតឋាមពលអគ្គិសនីកកើតឡើងលើសពី ៦២% ក្នុងតម្លៃទាប ដើម្បីលក់ជូនប្រជាពលរដ្ឋ

អំពីការធ្វើពិពិធកម្មប្រភពថាមពល។ នៅក្នុងប្រជុំគណៈរដ្ឋមន្ត្រី ដូចជាលើកមុនមួយទៀត រាជរដ្ឋាភិបាលបានឯកភាពអនុម័តគម្រោងអភិវឌ្ឍន៍ប្រភពថាមពល ២៣ គម្រោង មានផលិតភាពសរុប ៥,៩៥០ មេហ្គាវ៉ាត់ ដូចនៅក្នុងរបាយការណ៍ឯកឧត្តម កែវ រតនៈ។ ឥឡូវ (យើងមាន)ប្រភពថាមពលពីប្រភពថាមពលស្អាត។ យើងមាន ៦២%។ គោលដៅរបស់យើងគឺបង្កើនទៅដល់ ៧០% នៅឆ្នាំ ២០៣០។ នៅអាស៊ានយើងលេខ២ ឡាវលេខ១ ដោយសារឡាវមានប្រភពថាមពលពីវារីអគ្គិសនីច្រើន។ យើងលេខ ២។ ឥឡូវ ឆ្នាំ ២០៣០ យើងត្រូវធ្វើយ៉ាងណាឲ្យប្រភពថាមពលនេះកើនឡើង។ អញ្ចឹង ២៣ គំរោងនេះ យើងមានទាំងសូឡា យើងមានទាំងវារីអគ្គិសនី មានទាំងដើរដោយខ្យល់ យើងមានជីវម៉ាស យើងមានគម្រោង battery ថ្មស្តុកថាមពល ដើម្បីធ្វើយ៉ាងណាធានានូវចីរភាព និងស្ថេរភាព ក៏ដូចជាតម្លៃ។ គម្រោងមួយៗគឺចរចាតម្លៃ(ផលិតឋាមពល) ដូចចង់ទាបជាងគេ។ សូម្បីតែស្ថាប័នពិភពលោកខ្លះក៏ប្រាប់ថាធ្វើមិនបានផង។ ដូចជា ៣,៨ សេន សម្រាប់សូឡា។ នៅប្រទេសអភិវឌ្ឍអីមានតម្លៃ ៦ សេនេនោះ។ យើងចរចា។ ក្រុមហ៊ុនវិនិយោគ ទាល់តែព្រមផលិតហើយលក់ឲ្យ EDC ក្នុងតម្លៃ ៣,៦ សេន (ទើបទទួលបានការអនុញ្ញាត) ដើម្បី EDC យកចែកចាយបន្ត។ ប្រជាជនកាន់តែ(បានតម្លៃ)ថោក។ បើលក់ថ្លៃ យើងអត់ឲ្យ។ យើងត្រូវចុះកុងត្រា ៥០ ឬ៦០​ឆ្នាំ។ យូរ។ សម្រាប់គេវិនិយោគធំ អញ្ចឹងយើងនិយាយពីដើមទី។

(២០) រដ្ឋ/EDC ខាត តែរក្សាថ្លៃអគ្គិសនីស្ថេរឱ្យប្រជាពលរដ្ឋបានប្រើ

គោលដៅយើង គឺធ្វើឲ្យមានប្រភពកាន់តែធំ ហើយយើងធ្វើពិពិធកម្ម។ កន្លងទៅ ក្នុងរយៈពេលប៉ុន្មានទស្សវត្ស៍នេះ យើងថាតែមួយទស្សវត្ស៍នេះ តម្លៃអគ្គិសនីមានការកែសម្រួលចុះឡើងជាលំដាប់។ ក្នុងរយៈពេលដែលមានជំលោះនៅក្រៅប្រទេសនេះ នៅប្រទេសជិតខាងរបស់យើង លោកជំទាវ ឯកឧត្តម មកពីប្រទេសមួយចំនួន ថ្លៃអគ្គិសនីនៅប្រទេសឯកឧត្តម លោកជំទាវ បានកើន ២ ឬ៣ ដងហើយ។ EDC/កម្ពុជាសុខចិត្តខាត។ រដ្ឋសុខចិត្តខាត ដើម្បីជួយទប់។ មួយគីឡូប៉ុន្មាននៅប៉ុណ្ណឹង អត់តម្លើង។ មួយគីឡូឡើងប៉ុន្មានភាគរយ។ ខ្ញុំមិនចង់ឲ្យឯកឧត្តម កែវ រតនៈ ឈឺក្បាល ដោយសួរពីខាតប៉ុន្មានទេ ដោយសារឧបត្ថម្ភដើម្បីលំនឹងតម្លៃ កុំឲ្យ(ថ្លៃ)ចូលទៅដល់ផ្ទះប្រជាពលរដ្ឋ។ ពិតណាស់ខ្ញុំឃើញតាមហ្វេសប៊ុក តាមអី មានថាម៉េចក៏ឡើងថ្លៃម្ល៉េះ ស្អីម្ល៉េះ។ ថាតម្លៃថ្លៃ តែតម្លៃមួយគីឡូវ៉ាត់ម៉ោងរក្សាការប្រើប្រាស់។ ជញ្ជីងថ្លឹងអីរបស់គេត្រូវហើយ។ ម៉ាស៊ីនអីយ៉ាងម៉េច ប៉ុន្តែសម្រាប់គោលការណ៍របស់រាជរដ្ឋាភិបាល គឺយើងត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋទៅតាមរយ

ៈការរក្សាតម្លៃ ហើយនៅថ្ងៃអនាគតអាចឈានទៅដល់ការកាន់តែធ្វើឲ្យមានលទ្ធភាព តាមរយៈការគិតគូរអំពីការវិនិយោគ កុងត្រាឲ្យច្បាស់ពីដើមទី ចរចាឲ្យបាន​ ព្រោះឥឡូវយើងបច្ចេកវិទ្យាក៏អាចនេះច្រើន។

[ចប់សេចក្ដីអធិប្បាយ១២]

ដោយឡែក, ចំពោះបញ្ហាប្រសិទ្ធភាពថាមពល ខ្ញុំចង់ជម្រាបជូនថា ប្រសិទ្ធភាពថាមពលមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចជាតិ ពីព្រោះវាអាចសន្សំសំចៃបរិមាណនៃការប្រើប្រាស់ថាមពល ដោយធានាបំពេញភារកិច្ច ឬបង្កើតលទ្ធផលនៃសេដ្ឋកិច្ច និង សង្គមដូចមុន ឬ ល្អជាងមុន ធ្វើឱ្យយើងអាចកាត់បន្ថយតម្រូវការ កាត់បន្ថយការវិនិ​យោគ កាត់បន្ថយចំណាយ ពង្រឹងសន្តិសុខ ​ថាមពល បង្កើនភាពប្រកួតប្រជែង បន្ថយឧស្ម័នផ្ទះកញ្ចក់ និង បង្កើតទីផ្សារថ្មីសម្រាប់ការងារ ។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០” និង បានចេញអនុក្រឹត្យបង្កើត “គណៈកម្មាធិការជាតិប្រសិទ្ធភាពថាមពល” ដើម្បីដឹកនាំ សម្របសម្រួល និង អនុវត្តការងារប្រសិទ្ធភាពថាមពល រួចហើយ ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១៣]

(២១) បច្ចេកវិទ្យាប្រើថាមពលតិចនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយការប្រើប្រាស់ថាមពល

ការសិក្សាបច្ចេកវិទ្យាថ្មី ដើម្បីកាត់បន្ថយការចំណាយនេះសំខាន់។ នេះគឺវិស័យឯកជន ដើរតួនាទីចូលរួមខ្លាំង។ ខាងសំណង់ ខាងអចលនទ្រព្យ ក៏អាចចូលរួម។ ថ្ងៃមុនឯកឧត្តម កើត រិទ្ធ ធ្វើអគារសាលាមួយនៅព្រៃឈរ។ ស្អាត យើងរៀបចំក្បឿងជូនគាត់។ ឥឡូវលោកគ្រូ អ្នកគ្រូថា ខ្ញុំអត់ចង់បានក្បឿងទៀតទេ (ព្រោះ)បង់ថ្លៃភ្លើង(ច្រើន)។ ទប់អត់ជាប់។ ខ្ញុំសុំយកសង្ក័សីដែលមាន អាំងសូឡង់។ ដល់ដាក់សង្ក័សីមាន អាំងសូឡង់ មិនសូវស្អាតដូចក្បឿង តែកាត់បន្ថយថ្លៃភ្លើងច្រើន សំភារៈ អគ្គិសនីផ្សេងៗ។ អញ្ចឹងការចូលរួមវិស័យឯកជនអាចនាំចូលនូវផលិត​ផល បច្ចេកវិទ្យាដែលប្រើថាមពលតិច បូកជាមួយនឹងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ហ្នឹងមិនមែនការ​ងារតែរដ្ឋទេ។ ដើម្បីឲ្យកាត់បន្ថយការចំណាយទៅលើថាមពល ទាល់តែប្រជាពលលរដ្ឋសន្សំសំចៃដែរ។ អ្នកដែលហូប no calory sugar (ស្ករអត់មាន calory) កាលស្ករមាន calory កាហ្វេដាក់តែមួយកញ្ចប់ទេ។ ដល់អត់ដាក់ calory ដាក់ច្រើនកញ្ចប់។ សួរម៉េចក៏ឡើងគីឡូ … អញ្ចឹងរដ្ឋថែរក្សាលំនឹង ប៉ុន្តែការស្រាវជ្រាវ ការប្រើប្រាស់ រួមជាមួយនឹងការនាំចូលនូវបច្ចេកវិទ្យាថ្មីៗ ជាពិសេសនៅខាងសំណង់ ខាងអ្នកលក់អគ្គិសនីជួយ … យើងរួមគ្នាដើម្បីកាត់បន្ថយនូវការប្រើប្រាស់ និងថាមពល ព្រោះបើយើងប្រើ កាត់បន្ថយ នៅសល់ទុកឲ្យអ្នកផ្សេង តម្លៃសរុបអាចថយ

[ចប់សេចក្ដីអធិប្បាយ១៣]

ខ្ញុំសូមឱ្យក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័ន​បង្គោល និងក្រសួង-ស្ថាប័ន​​នានា ដែលជាស្ថាប័នដៃគូ យកចិត្តទុកដាក់ជំរុញការអនុវត្តគម្រោងថាមពលស្អាត និងគម្រោងប្រសិទ្ធភាពថាមពលឱ្យអស់ពីលទ្ធភាព ។

បន្ថែមលើនេះ ខ្ញុំសូមឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជួយគាំទ្រដល់ការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលដែលបានរៀបចំដោយ “គណៈកម្មាធិការជាតិប្រសិទ្ធភាពថាមពល” ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេសជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភព-លោក ដើម្បីពន្លឿនការងារប្រសិទ្ធភាពថាមពលដែលបានគ្រោង និងឈានទៅសម្រេចគោលដៅសន្សំសំចៃប្រភពថាមពលឱ្យបាន ១៩% នៅដំណាច់ឆ្នាំ ២០៣០ ខាងមុខ។

ទី៤. ទន្ទឹមនេះ ការផ្គត់ផ្គង់ថាមពលមួយ ដែលមានថ្លៃសមរម្យ ស្ថិរភាព និង សមធម៌ គឺជាគោលការណ៍គ្រឹះដែលត្រូវប្រកាន់ខ្ជាប់ ។ ចំពោះបញ្ហាថ្លៃ, ពិតមែនតែបច្ចុប្បន្នសេដ្ឋកិច្ចបានចាប់ផ្តើមដំណើរការជាបណ្តើរៗឡើងវិញហើយ, ប៉ុន្តែ ដោយសារឥទ្ធិពលនៃសង្គ្រាមរវាងរុស្សី និង អ៊ុយក្រែន និង សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យសម្ភារៈ និង បរិក្ខារនានា សម្រាប់ការអភិវឌ្ឍគម្រោង វិស័យថាមពលនៅមានថ្លៃខ្ពស់នៅឡើយ ។ ការណ៍នេះ ក៏កើតឡើងផងដែរចំពោះធ្យូងថ្ម ប្រេងឥន្ធនៈ និងឧស្ម័ន សម្រាប់ការផលិត​ថាមពល ។ បន្ថែមពីលើនេះ ការវិនិយោគលើគម្រោងប្រព័ន្ធស្តុកថាមពល និង ប្រព័ន្ធសម្របសម្រួលវៃឆ្លាត សម្រាប់គាំទ្រការផលិតថាមពលកកើតឡើងវិញ ក៏បានដាក់សម្ពាធបន្ថែមផងដែរលើថ្លៃអគ្គិសនី ។

ទោះជាយ៉ាងណា ខ្ញុំសូមបន្តគាំទ្រនូវគោលនយោបាយគាំពារថ្លៃអគ្គិសនីដើម្បីរក្សាស្ថិរភាពថ្លៃមិនឱ្យឡើងថ្លៃអគ្គិសនី។

ជាមួយនេះ ខ្ញុំក៏សូមឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកៀរគរហិរញ្ញប្បទានសម្បទាន ជួយដល់ការអភិវឌ្ឍក្នុងវិស័យ​ថាមពល ឱ្យអស់លទ្ធភាព ដើម្បីជួយបន្ថយ​នូវសម្ពាធលើថ្លៃដើមអគ្គិសនី ។ គួរមានផងដែរ, ការគិតគូរធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានស្ថិរភាព គ្មានការរអាក់​រអួល ដែលត្រូវមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត, ក្នុងន័យនេះ ខ្ញុំស្នើឱ្យអ្នកពាក់ព័ន្ធ ដូចជាក្រសួងបរិស្ថាន ក្រសួងសាធារណៈការនិងដឹកជញ្ជូន អាជ្ញាធរ រាជធានី-ខេត្ត និង ប្រជាពលរដ្ឋនានា​ ចូលរួមទាំងអស់គ្នាដោះស្រាយដីសម្រាប់ការសាងសង់គម្រោងថាមពលនានា និងអនុញ្ញាតឱ្យដាំបង្គោលអគ្គិសនីនៅតាមទីតាំងចំាបាច់ ដើម្បីឱ្យយើងទាំងអស់គ្នាអាចទទួលបាននូវការផ្គត់ផ្គង់ថាមពលមានស្ថិរភាព គ្មានការរអាក់​រអួល បានឆាប់រហ័ស ទៅតាមការគ្រោងទុក និងអនុលោមតាមច្បាប់ជាធរមាន ។

ទន្ទឹមនេះ ដើម្បីឱ្យមានសមធម៌រវាងតំបន់ទីក្រុង និងជនបទ ជាពិសេសលើបណ្តាភូមិដាច់ស្រយាល ០,៨៥% ដែលនៅសល់មិនទាន់មានបណ្តាញផ្គត់ផ្គង់អគ្គិសនីទៅដល់នៅឡើយ, ខ្ញុំសូមគាំទ្រចំពោះការផ្ដួចផ្ដើមរបស់ក្រសួងរ៉ែ និងថាមពល ក្រោមកម្មវិធី “គីឡូម៉ែត្រចុងក្រោយ(The Last Mile)” មានន័យថា រាជរដ្ឋាភិបាលនឹងត្រូវខិតខំប្រឹងប្រែងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា​ មានអគ្គិសនីប្រើប្រាស់ដូចគ្នា ។

ទី១. ដោយសារនិន្នាការសកលឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការផ្គត់ផ្គង់ថាមពលស្អាតសម្រាប់វិស័យឧស្សាហកម្មកម្មន្តសាល និង វិស័យផ្សេងៗទៀត បានក្លាយទៅជាចំណុចទាក់ទាញមួយ សម្រាប់វិនិយោគិនឱ្យចូលមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា, ដូច្នេះ ខ្ញុំស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ យកលទ្ធផលនៃការអភិវឌ្ឍថាមពលស្អាត និង ប្រសិទ្ធភាពថាមពល ដែលកម្ពុជាយើងកំពុងធ្វើ និង បន្តជំរុញ ផ្សព្វផ្សាយ និង ទាក់ទាញការវិនិយោគបន្ថែម ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៤]

(២២) ទាញផលពីឋាមពលប្រភពបៃតងបន្ថែម

សូម្បីតែយើងនាំចេញ ទីផ្សារខ្លះក៏តម្រូវដែរ។ បើរោងចក្រហ្នឹងប្រើប្រាស់ថាមពលពីធ្យូងថ្ម គេអត់យកទេផលិត​ផល​ហ្នឹង។ ប៉ុន្តែបើផលិតដោយប្រ់ថាមពលប្រភពកកើតគេយក។ ក្រសួងបរិស្ថានបានរាយការណ៍មកឱ្យខ្ញុំថ្ងៃមុនថា យើងមានគម្រោង Red បូកនេះ កាបោនមួយឆ្នាំ យើងលក់បានដូចជា ៦លានដុល្លារ គ្រាន់តែតំបន់បីដែលយើងការពារបរិស្ថានហ្នឹង នៅកែវសីមា ពោធិ៍សាត់ខាងត្បូង និងភ្នំក្រវ៉ាញ និងនៅព្រៃឡង់។ យើងកំពុងសិក្សា ១២កន្លែងទៀត។ ថវិកាទាំងអស់នេះ អាចចាក់ចូលទៅក្នុងសហគមន៍។ ប្រជាពលរដ្ឋនៅមូលដ្ឋាន មួយផ្នែកបានធ្វើហើយ កសាងសមិទ្ធផលដើម្បីជួយជំរុញបន្ថែម និងកសាងអភិវឌ្ឍន៍បន្ថែមទៀត។ ការទាញពីរឿងបៃតងនេះ អាចបានផលច្រើនណាស់។ ខ្ញុំសូមឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធ ជួយដាក់កែវយិតរកមើល ជួន​កាលគេមាននៅហ្នឹងហើយ ប៉ុន្តែយើងមិនទាន់ដឹង។ កាលមុន សូម្បីតែនៅក្នុងប្រទេសយើង ខ្ញុំចាំម្ដងនោះ ក្រ​សួងការងារ មានកញ្ចប់ថវិកាសម្រាប់មន្ទីរការងារ និងការបណ្ដុះបណ្ដាល។ មួយឆ្នាំៗសល់ច្រើន ដោយសារពេលខ្លះ គម្រោងខ្លះថ្នាក់ក្រោមមិនទាន់ដឹង។ ដល់មកប្រាប់ទៅ បានដឹង បានមកយកទៅប្រើ។ យើងមើលដែរ។ ឥឡូវដាក់ Green Finance ដាក់អ្វីផ្សេងៗ។ យើងអាចពិនិត្យ​មើល តើយើងអាចធ្វើអ្វីបាន។ ប៉ុន្តែមើលកាតព្វកិច្ច មើលតម្រូវការ និងស្ថានភាពរបស់យើង។ តើគម្រោងណាដែលយើងអាចទាញបាន។

យើងអ្នកក្រ កុំចង់ធ្វើស្តង់ដារអ្នកមាន។ ដើរសន្សឹមៗ។ យើងត្រូវប៉ាន់ខ្លួនឯង។ ចង់ដើរដល់ហ្នឹង កុំលោត។ តែលោតខ្លាំងពេក ប្រយ័ត្នគ្រោះថ្នាក់។ បានន័យថា ដាក់សម្ពាធខ្លាំងពេកទៅដល់វិស័យឯកជន ឬមួយអី ប៉ុន្តែយើងដើរសន្សឹមៗទៅ។ ជួនកាល បាត់ម្ចាស់ការ។ យើងចង់បានមួយ ទៅមើលមួយទៀត។ ហ្នឹងហើយបានជាខ្ញុំថា គោល​ការណ៍ និងការអនុវត្តបច្ចេកវិទ្យា គោលការណ៍ណែនាំថ្មី ផ្អែកទៅលើបច្ចេកទេសអី កុំយកស្តង់ដារប្រ​ទេសដែលគេដើរទៅខ្ពស់ហើយ។ កន្លែងខ្លះ ដាក់មក គេអត់បង្ខំយើងទេ តែដល់ស្ដាប់ទៅពិរោះ ឃើញក្នុងអង្គប្រជុំគេលើកដៃទាំងអស់គ្នា យើងយកដែរ។ ដល់យកមកជាប់ជើង ដោយសារវាមិនត្រូវស្ថានភាពស្រុកយើង។ ហ្នឹងខាងពាណិជ្ជកម្ម កសិកម្ម ខាងគ្រប់ក្រសួងទាំងអស់ស្វែងយល់។ ត្រូវមើលអ្វីដែលសមស្របជាមួយយើង។ យើងជាប្រទេសតូច។ យើងអត់បំពុលបរិស្ថានច្រើនទេ។ ប៉ុន្តែយើងធ្វើច្រើនណាស់ដើម្បីជួយបរិស្ថាន។ គួរតែបានផល។

យើងសុខចិត្តលុបចោលអាជ្ញាបណ្ណ(ប្រើប្រាស់)ធ្យូងថ្ម (ដើម្បីបាន)អគ្គិសនី របស់ឧកញ៉ា គិត ម៉េង។ ចុងក្រោយលុបចោលឱ្យទៅ LMG នៅពេលដែលប្រទេសអ្នកមានជាច្រើនមិនទាន់លុបផង។ យើងដើរមុន សុខចិត្តលះបង់។ អញ្ចឹងគួរតែបានផល។ យើងដើរតួនាទីជាប្រទេសសមាជិកពិភពលោកមួយដែលបុរេសកម្ម។ អញ្ចឹងទាញផលមកវិញ ជាពិសេស ពីការចូលរួមរបស់យើងនៅក្នុងការលះបង់ ថែរក្សាបរិស្ថាន។រឿងនេះ ខ្ញុំឃើញក្រសួងបរិស្ថានធ្វើការងារបានល្អ។ ខ្ញុំសរសើរ តាំងពីជំនាន់ឯកឧត្តម សាយ សំអាល់ មក ទាញបានច្រើនទៅលើរឿងហ្នឹង។ ខ្ញុំសួរ ឯកឧត្តម សាយ សំអាល់ តាំងពីអាណត្តិមុន ធ្វើម៉េចបាន? (គាត់ឆ្លើយ) បងអើយ! មានច្រើនណាស់។ សំខាន់យើងចេះរកអត់។ យើងចេះចរចាចែចូវគេអត់? … ទាញមកលក្ខខណ្ឌយើងត្រូវ​ឬអត់។  អញ្ចឹងដាក់មើល។ ខាងក្រសួង រ៉ែនិងថាមពលចូលរួម។ ហ្នឹងវាទាក់ទងជាមួយនឹងហិរញ្ញវត្ថុ រឿង Green Finance អីផ្សេងៗ ដែលយើងធ្វើបាន។ ពិតណាស់ យន្តការខ្លះដើរ perfect យន្តការខ្លះមិនដើរ ប៉ុន្តែយើងស្វែងយល់។

[ចប់សេចក្ដីអធិប្បាយ១៤]

ទី២. ដោយសារការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្តអគ្គិសនី ធ្វើឱ្យប្រទេសជាតិទទួលបាននូវផលប្រយោជន៍ចំនួន ២ គឺ ១). បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យានយន្តអគ្គិសនីប្រើថាមពលតិចជាងការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល ៥ ដង និង ២). បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ, ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” ដែលមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិស័យយានយន្តអគ្គិសនី ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៥]

យើងកំពុងចរចាជាមួយនឹងក្រុមហ៊ុនរថយន្ត BYD ពីការរៀបចំដំឡើងនៅកម្ពុជានេះ។ យើងមានក្រុមហ៊ុនជាច្រើនបាននាំរថយន្តអគ្គិសនីចូលមកហើយ។ ខ្លះលាយអគ្គិសនីជាមួយនឹងប្រេង។ ខ្លះសុទ្ធ។ ដូចមានហើយនៅក្នុងហ្នឹង មាន Tesla។ យើងមានហើយជាអនាគត។ បានអញ្ចឹង ទាមទារឱ្យយើងរៀបចំបន្ត។

[ចប់សេចក្ដីអធិប្បាយ១៥]

ឈរលើមូលដ្ឋាននៃគោលនយោបាយខាងលើនេះ, ក្រសួងរ៉ែ និងថាមពល ដែលមានតួនាទី និង ភារកិច្ចដឹកនាំជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា, ត្រូវប្រញាប់ប្រញាល់ចាប់ផ្តើមដាក់ចេញចំណាត់ការនានា ជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានមុនដំណាច់ ឆ្នាំ២០២៤ នេះ, ពីព្រោះមានតែការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានកាន់តែច្រើនទេ ទើបអាចទាក់ទាញបង្កើនការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ទៅប្រើប្រាស់យានយន្តអគ្គិសនីវិញជាបណ្ដើរៗ ដោយផ្តល់ជម្រើសសម្រាប់ប្រជាពលរដ្ឋ ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៦]

(២៣) ប្រគល់ការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EV ទៅក្រសួងរ៉ែនិង​ថាមពលគ្រប់គ្រង

ចំណុចនេះ ពីដើមអាណត្តិ ខ្ញុំបានធ្វើការវះកាត់មួយរឿងហ្នឹង។ ពីដើមទី ខាងថ្លៃភ្លើង ខាងប្រេង ក្រសួងរ៉ែ និងថាមពល គ្រប់គ្រង។ ដល់កន្លែង charge ភ្លើង ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រង។ ដល់អញ្ចឹង ការសហការពិបាក ព្រោះត្រូវដំឡើងស្ថានីយបញ្ចូលប្រេង បញ្ចូល(អគ្គិសនី) ចរចាបានតែទីតាំង តែអត់បានតម្លៃថ្លៃភ្លើង ឬមួយលក្ខខណ្ឌផ្សេងៗ​ ហើយភាគច្រើនដាក់នៅក្នុងស្ថានីយប្រេង។ កន្លែងហ្នឹង ឡានទៅដាក់ប្រេងផង គេបញ្ចូល(អគ្គិសនី)ផង។ បើនៅពីរស្ថាប័ន រៀងលំបាក។ អញ្ចឹងខ្ញុំក៏បានវះកាត់។ ខ្ញុំចារផ្ដល់គោលការណ៍តែម្ដង កាលហ្នឹង នៅប្រជុំលើកយោបល់មក មិនទាន់ដាច់ស្រេច។ ខ្ញុំថាប្រគល់ការដំឡើងស្ថានីយនេះ ទៅក្រសួងរ៉ែ និង​ថាមពល។ ដោយឡែក ខាងក្រសួងសាធារណការ និងដឹកជញ្ជូន គឺទទួលការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដូចធ្វើរថយន្តផ្សេងៗ ដូចគ្នាទៅ។ អញ្ចឹងទៅ វាដាច់ស្រេច។ បើមិនអញ្ចឹងទេ នៅស្ថានីយមួយ មានដល់ទៅ ២-៣ ដំឡើងស្ថានីយបញ្ចូលអគ្គិសនី តែចំនួនវ៉ុល ចំនួនអី ក្រសួងរ៉ែ និងថាមពល ជាអ្នកគ្រប់គ្រង។ ដល់អញ្ចឹងវាអត់ស៊ីគ្នា។ អញ្ចឹងវះកាត់ឱ្យ មួយប្រគល់ឱ្យក្រសួងរ៉ែ និងថាមពល គ្រប់គ្រង។

ពិតណាស់ យើងត្រូវកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ព្រោះកិច្ចការនេះ អាណត្តិមុន ឯកឧត្តម ស៊ុន ចាន់ថុល ផ្ដួចផ្ដើមធ្វើ។ ដើម្បីឱ្យដើរ គឺដាក់នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន។ ដើរមួយជំហានហើយ។ ឥឡូវប្រគល់ភារកិច្ចទៅរុះរើខ្លះ។ ប៉ុន្តែអាហ្នឹង វាត្រូវតែអញ្ចឹង។ បើមិនអញ្ចឹង យើងនៅពាំត្រណោត។ យើងពិបាកការបែងចែក។ គោលនយោបាយដាក់អត់ចេញ។ គោលនយោបាយ EV ដឹកនាំហើយ ដោយក្រសួងរ៉ែ និងថាមពល ដល់ទីបំផុតនៅខ្វះកន្លែងដាក់ស្ថានីយ។ អ្នកណាជាអ្នកធ្វើគោលនយោបាយ? ហ្នឹងត្រូវការស្តង់ដារបច្ចេកទេស។ មិនស្រួលយកកន្លែងសាកអគ្គិសនី ទៅដាក់កន្លែងដាក់ប្រេង។ មិនឆេះ។ ហ្នឹងត្រូវមើលឱ្យច្បាស់។ ជួនកាល ស្ថានីយ៍ក្នុងក្រុងអត់លំបាកទេ ប៉ុន្តែប្រយ័ត្នស្ថានីយតាមខេត្ត ដេប៉ូតូចៗ អត់កន្លែង ដាក់មកជិតគ្នា ឬមួយគាត់ដំឡើងភ្លើងអត់ស្រួល ឆេះទាំងឡានទៀត។

(២៤) EV មិនមែនអនាគតទេ ជាបច្ចុប្បន្ន

ក្រសួងទាំងពីរ និងគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ សូមជំរុញ ព្រោះវាមិនមែនអនាគតទៀតទេ វាបច្ចុប្បន្នហើយ។ EV ជាបច្ចុប្បន្នកាល ទៅមុខទៀតខ្ញុំមិនដឹងទេ។ ឥឡូវគេកំពុងសិក្សា ហ៊ីដ្រូសែន (Hydrogen)។ ថ្ងៃមុន ឃើញហ៊ីដ្រូសែន បន្តិចទៀតយកទៅធ្វើប្រេងសម្រាប់យន្តហោះធ្វើអី។ ខ្ញុំមិនដឹង ប៉ុន្តែបច្ចុប្បន្ន គឺអគ្គិសនី តម្រូវការមានឡានមកហើយ។ អង្ករក្លាយជាបាយហើយ។ ឡានចូលមកហើយ។ ប្រើប្រាស់ក្នុងក្រុងហើយ ត្រូវមានកន្លែងគ្រប់គ្រង។ អញ្ចឹងមានគោលការណ៍ចេញហើយ ដើម្បីគ្រប់គ្រងស្តង់ដារបច្ចេកទេស ជារឿងសំខាន់ ហើយបូកជាមួយនឹងក្រម។ អញ្ចឹងយើងធ្វើទៅលើកិច្ចការនេះ។ ចំណុចដែលពាក់ព័ន្ធនឹងវិស័យថាមពលប៉ុន្មាននេះ ជាគោលការណ៍សម្រាប់ក្រសួងបន្តដឹកនាំតទៅទៀតទៅលើវិស័យរបស់ខ្លួន និងវិស័យអាទិភាព។

[ចប់សេចក្ដីអធិប្បាយ១៦]

បន្ថែមពីលើវឌ្ឍនភាពការងាររបស់វិស័យរ៉ែ វិស័យប្រេងកាត និង វិស័យថាមពលខាងលើ ខ្ញុំក៏សូម អបអរសាទរនូវវប្បធម៌ និង គោលនយោបាយធនធានមនុស្សដ៏ត្រឹមត្រូវ ដែលក្រសួងរ៉ែ និងថាមពល បានរៀបចំ និង អនុវត្តដោយប្រកាន់យកគុណាធិបតេយ្យជាគោល ហើយក៏សូមលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនី, និង  អគ្គិសនីកម្ពុជា ចំពោះការងារសង្គម និង ការងារសម្ព័ន្ធមេត្រីភាព ដែលចាត់ទុកថា ជាគំរូមួយរបស់ស្ថាប័នរដ្ឋ ។

ខ្ញុំសូមថ្លែងអំណរគុណ ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានផ្ដល់កិច្ចសហការ និងសូមបន្តផ្តល់ការគាំទ្រ និង កិច្ចសហការក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងរ៉ែ និង ថាមពល ក្នុងការនាំមកនូវការរីកចម្រើនសម្រាប់វិស័យរ៉ែ វិស័យថាមពល និង វិស័យប្រេងកាតនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង និង បន្តរៀបចំទំនើបកម្មស្ថាប័នរបស់ខ្លួន។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងពិសេសចំពោះការជួយឧបត្ថម្ភជាច្រើន របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, រដ្ឋាភិបាលជប៉ុន, រដ្ឋាភិបាលបារាំង, រដ្ឋាភិបាលអាល្លឺម៉ង់, រដ្ឋាភិបាលកូរ៉េ, ធនាគារអភិវឌ្ឍអាស៊ី, អង្គការJICA, អង្គការKFW, China Exim Bank, ធនាគារពិភពលោក ចំពោះជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសដល់វិស័យថាមពល។

ជាទីបញ្ចប់,    ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល», ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ