សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​ប្រគល់រង្វាន់ជ័យលាភី មេដាយមាសកីឡាតេក្វាន់ដូ ជើងឯកអាស៊ី លើកទី ៩ នៅប្រទេសម៉ុងហ្គោលី

CNV: 

ប្រារព្ធពិធីពីរក្នុងពេលតែមួយ

ថ្ងៃនេះ យើងធ្វើពិធីពីរជាប់គ្នា។ ពិធីទី ១ គឺស្វាគមន៍ និងផ្តល់នូវរង្វាន់ សម្រាប់កីឡាតេក្វាន់ដូ ដែលទើបនឹងទទួលជោគជ័យនៅឯប្រទេសម៉ុងហ្គោលី ហើយទី ២ ក៏បាននឹងបន្តផ្តល់នូវការឧបត្ថម្ភសម្រាប់កីឡាយើងហៅថាបោះប៊ូលទៅចុះ គេហៅ ប៉េតង់ ប៉ុន្តែ យើងថាបោះប៊ូល អញ្ចឹង ទៅវាស្រណុកស្តាប់ គឺកម្រិតថ្នាក់ពិភពលោក ដែលយើងបានទទួលសាជាថ្មីម្តងទៀត។ បានដោះស្រាយនូវប្រាក់រង្វាន់រួចមកហើយដែរ តែនៅសល់ប្រាក់របស់ខ្ញុំ ដែលថ្ងៃនេះក៏ត្រូវបានចេញ គិតមើលទៅ គឺ ១៩៥.៦៥០ ដុល្លារ(អាមេរិក)។ ចេញថ្ងៃហ្នឹង ចេញចង់ធំជាងប្រាក់ខាងរដ្ឋ។ ថវិការដ្ឋផ្សេង ថវិការបស់ខ្ញុំផ្សឹង។ អញ្ចឹងទេ តែកាលណាទទួលជោគ ជ័យ ច្រើនមែនទែន ខ្ញុំត្រូវតែបញ្ចាំផ្ទះយកលុយមកបើក(ជូនកីឡាករ/ការិនី)។

កីឡាករខ្លះបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ

ខ្ញុំសូមអញ្ជើញក្មួយ សុភ័ក្រ ចាន់ឧត្តម និងអ្នកដែលទទួលមេដាយមាសដទៃទៀតនៅផ្នែកតេក្វាន់ដូឡើងក្រោកឈរឡើង។ សុទ្ធតែមេដាយមាសហើយ? មេដាយប្រាក់/សំរឹទ្ធអង្គុយចុះ។ សុំមើលមុខពួកមេដាយមាស ព្រោះខ្លះមានមេដាយមាសផង មេដាយមាសច្រើន ហើយក៏មេដាយប្រាក់ច្រើនផង។ សុំអង្គុយចុះ។ ឥឡូវ សូមអញ្ជើញខាងមេដាយប្រាក់ងើបឡើង។ មេដាយប្រាក់ ២ នាក់។​ អង្គុយចុះ។ សូមអញ្ជើញខាងមេដាយសំរឹទ្ធ។ អញ្ចឹង​បានតែថា អ្នកខ្លះបានទាំងមាសផង បានទាំងប្រាក់ផង បានទាំងសំរឹទ្ធផង។ ជុំគ្នា។ អញ្ចឹង បានជាលុយវាត្រូវតែច្រើនដែរ។ អាសំរឹទ្ធក៏បាន អាប្រាក់ក៏បាន។ ម្នាក់គឺទទួលបាន(ថវិកា)ច្រើន។

នឹងឡើងបានមួយស័ក្តិសម្រាប់កងកម្លាំង នៅពេលបានមេដាយមាសកម្រិតពិភពលោក និងតំបន់

ឥឡូវ សូមអញ្ជើញកីឡាខាងផ្នែកប៊ូល។ កែ ឡេង បានឡើងស័ក្តិហើយឬនៅ? ឥឡូវស័ក្កិប៉ុន្មានហើយ? ស័ក្តិ ៥ ហើយ។ វាយយកតែមួយប្រកួតទៀតបានឡើងផ្កាយមួយហើយ។ ឥឡូវ គឺកំណត់គ្នាអញ្ចឹង។ អ្នក​ណានៅក្នុងកងទ័ព អ្នកណានៅក្នុងនគរបាល នៅក្នុងអាវុធហត្ថ កាលណាឈ្នះមេដាយមាសមួយ គឺឡើងមួយស័ក្តិ។ ប៉ុន្តែ វាមានកម្រិតរបស់វា។ កម្រិតស៊ីហ្គេមអត់ទេ កម្រិតពិភពលោក និងតំបន់ដែលជាកម្រិតដែលត្រូវទទួលនូវការលើកទឹកចិត្តបែបនេះ។

អ្នកខ្លះសូម្បីតែពាក្យអបអរសាទរមួយម៉ាត់ក៏គ្មាន

ថ្ងៃនេះ ខ្ញុំគ្មានអ្វីក្រៅតែពីការសប្បាយរីករាយ ជាមួយនឹងក្មួយៗទាំងអស់ ដែលបានចូលរួមប្រកបដោយជោគជ័យនៅក្នុងការប្រកួត។​ ឯកឧត្តម កែវ រេមី ដែលជាប្រធានសហព័ន្ធ ក៏បានជូនព័ត៌មានជាបន្តបន្ទាប់ រាប់ទាំងបញ្ជូននៅពេលដែលគេគោរពទង់ជាតិ ដែលនោះ ជាក្តីរំភើបធំសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ប្រ​ជាជនកម្ពុជាខ្លះស្វាគមន៍ណាស់ ចំពោះជោគជ័យរបស់ជនជាតិកម្ពុជាខ្លួនឯង ក៏ប៉ុន្តែ វាមានប្រជាជនកម្ពុជាមួយធុន ដែលជាកីឡាសោះទទួលជោគជ័យ សូម្បីតែពាក្យថា អបអរសាទរតែមួយម៉ាត់គឺគ្មានតែម្តង​។ ព្រោះអ្វី? ព្រោះគេខ្លាចថា វាជោគជ័យនេះនៅក្នុងដំណាក់កាលគណបក្សប្រជាជនដឹកនាំ ដំណាក់កាល ហ៊ុន សែន ដឹកនាំអំណាច។ ដូច្នេះ បើគេសរសើរកីឡានោះ វាមិនខុសពីសរសើរ ហ៊ុន សែន ទេ។ ជាការយល់ខុស។ ប៉ុន្តែ អាហ្នឹងទុកឱ្យរឿងគេទៅ។ ប្រជាជនអាចចេះវិនិច្ឆ័យបានហើយ បើគ្រាន់តែកីឡាករ/ការិនីទៅទទួលជោគជ័យ វាមានប៉ះពាល់អីនឹងរឿងនយោបាយ? ហេតុអ្វីគ្រាន់តែត្រឹមថាសូមអបអរសាទរ។ ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ត្រូវដាក់ចូលជាបេតិកភណ្ឌពិភពលោករបស់យើងទាំងអស់គ្នាទេតើ គ្រាន់តែអប​អរសាទរមួយម៉ាត់ហេតុអ្វីក៏មិនធ្វើ? រឿងនេះ គឺជារឿងមួយចម្លែកដែរ។

ក្នុងឋានៈជាខ្មែរ ពិតជាមោទនភាពនៅពេលលឺភ្លេងជាតិ និងទង់ជាតិបង្ហូតឡើង

និយាយពីចិត្តរបស់យើងទាំងអស់គ្នាក្នុងឋានៈជាខ្មែរចំតួ នៅពេលដែលយើងទទួលជ័យជម្នះ ធម្ម​តា​គេដាក់ទង់ជាតិលេខ ១, លេខ ២​ និងលេខ ៣ ប៉ុន្តែ ភ្លេងជាតិវិញគេលេងភ្លេងជាតិតែអ្នកជាប់លេខ ១ តែប៉ុណ្ណោះ​ ​ដូច្នេះ នៅពេលដែលយើងឃើញ​ទង់ជាតិរបស់យើង(បង្ហូត)ឡើង និងលឺសម្លេងភ្លេងជាតិរបស់យើង ក្នុងឋានៈ​ជាខ្មែរ កុំថាឡើយជានាយករដ្ឋមន្ត្រី សូម្បីតែប្រជាពលរដ្ឋក៏មានទឹកចិត្តសប្បាយរីករាយដែរ។ ក្មួយៗពិតជាមិនធ្វើឱ្យប្រជាជាតិនេះខកបំណងនោះទេ។ ខិតខំទៅប្រកួតទាំងការលំបាក។

មិនប្រឹងហ្វឹកហាត់នៅកន្លែងហ្វឹកហាត់ អ្នកនឹងបរាជ័យនៅទីលានប្រកួត

បើយោងទៅតាមទ្រឹស្តីយោធា គេថា បើសិនជាអ្នកមិនខិតខំបង្ហូរញើសនៅទីលានហ្វឹកហាត់ទេ អ្នកនឹងត្រូវហូរឈាមនៅទីលានប្រយុទ្ធ។ នេះជាទ្រឹស្តីយោធា។ ឯទ្រឹស្តីកីឡាវិញ បើអ្នកមិនប្រឹងហ្វឹកហាត់នៅកន្លែងហ្វឹកហាត់ទេ អ្នកនឹងបរាជ័យនៅទីលានប្រកួតតែម្តង។ នេះត្រូវចាំទៅលើទ្រឹស្តីនេះ។ ទ្រឹស្តីយោធា ឬក៏ទ្រឹស្តីស្អីក៏ដោយ ការមិនហ្វឹកហាត់ ការមិនខិតខំរៀនសូត្រចំណេះទូទៅ ឬក៏មុខវិជ្ជាណាមួយដែលត្រូវការប្រឡង អ្នកមិនខំរៀននៅទីកន្លែងដែលអ្នកត្រូវរៀន​ អ្នកក៏មិនអាចទៅប្រឡងជាប់នៅកន្លែងដែលប្រឡងនោះដែរ។​ អញ្ចឹង ខាងយោធាគេមានទ្រឹស្តីថា បើអ្នកមិនខិតខំបង្ហូរញើសនៅលើទីលានហ្វឹកហាត់ អ្នកនឹងត្រូវហូរឈាមនៅទីលានប្រយុទ្ធ។ ផ្នែកកីឡា អ្នកមិនប្រឹងហ្វឹកហាត់នៅទីលានហ្វឹកហាត់ អ្នកនឹងបរាជ័យនៅលើទីលានប្រកួត។ ចំណុចនេះ ក្មួយៗទាំងអស់ត្រូវចាំ គ្រប់ប្រភេទកីឡាទាំងអស់ មិនថាតែកីឡាដែលយើងចែករង្វាន់ និងបំពាក់មេដាយនៅថ្ងៃនេះទេ ក៏ប៉ុន្តែ គ្រប់កីឡាទាំងអស់ដែលយើងត្រូវបន្តការយកចិត្តទុកដាក់។

ថវិកាជាតិមិនគ្រប់គ្រាន់ ត្រូវការរួមចំណែកឱ្យ​កីឡាអាចប្រកួតប្រជែងក្នុងក្របខណ្ឌតំបន់ និងពិភពលោក

ខ្ញុំពិតជាមានមោទនភាព នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកីឡារបស់យើងចាប់ផ្តើមឈានពីកម្រិតមួយទៅកាន់កម្រិតមួយ។ ខ្ញុំគិតថា យើងមានលទ្ធភាព ដើម្បីឈានទៅដល់ដំណាក់កាលថ្មីមួយ តាមរយៈការប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ជាថ្មីម្តងទៀត ខ្ញុំសូ​មថ្លែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើការបណ្តុះបណ្តាល ខិតខំធ្វើការហ្វឹកហាត់។ ហើយក៏សូមថ្លែងអំ​ណរគុណ ចំពោះគ្រប់ស្ថាប័នជាតិ ក៏ដូចជា វិស័យឯកជន ដែលបានជួយទ្រទ្រង់ទៅដល់វិស័យកីឡារបស់យើង។ ថវិកាជាតិតែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ក៏ប៉ុន្តែ ត្រូវការរួមចំណែកពីយើងទាំងអស់គ្នា ដើម្បីឱ្យ​កីឡារបស់យើងក្លាយទៅជាកីឡា ដែលអាចនឹងប្រកួតប្រជែងនៅក្នុងក្របខណ្ឌប្រទេសរបស់យើង នៅក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពិភពលោក។

កីឡាករបាល់ទាត់យើងខំប្រកួត បែរជាមិនលើកទឹកចិត្ត ទៅជាជេរ និងស្តីបន្ទោសពេលចាញ់

កីឡាមានឈ្នះ មានចាញ់។ ខ្ញុំគួរតែរំលឹកបន្តិច។ មិនគួរឡើយប្រើប្រាស់នូវ Facebook ជេរគ្នានៅក្នុងកីឡានោះទេ។ ​ថ្ងៃមុនមានការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមកីឡាបាល់ទាត់កម្ពុជាអាយុក្រោម ២១ ជាមួយទីម័រលេស្ត ដើម្បីទទួលយកពានរង្វាន់ស្តេច ស៊ុលតង់ ប្រ៊ុយណេ។ ជាអកុសល កីឡាកររបស់យើងត្រូវបានទទួល​ការបណ្តេញចេញដោយកាតក្រហម។ ខ្ញុំក៏មិនបានឃើញទេ ដោយសារថ្ងៃនោះខាងទូរទស្សន៍ BTV អត់នឹកស្មានថាកម្ពុជាឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ។ យើងតែងតែគេទម្លាក់ពេលទាត់ជម្រុះហ្នឹង ឬក៏ឡើងទៅដល់កម្រិតណាមួយតែប៉ុណ្ណឹង។ អញ្ចឹង គេអត់បានទិញសិទ្ធិក្នុងការទទួលការផ្សាយបន្តផ្ទាល់ពីប្រ៊ុយណេមកទេ។ ដល់ម៉ោងប្រកួតហើយ ខ្ញុំខំចេញពីកន្លែងជួបជាមួយនឹងថ្នាក់ដឹកនាំគ្រឹស្តបរិស័ទ ដើម្បីទាន់ពេលមើលបាល់​។ មកដល់នៅតែមិនឃើញទៀត ដល់អញ្ចឹងសួរទៅថាអត់បានផ្សាយទេ។ អញ្ចឹង បើកមើល Facebook Page របស់ Fresh News ដល់ទៅជិតចូលដល់វគ្គទី ២ ទៅហើយ។ ដល់ចូលដល់វគ្គទី ២ បានគេនិយាយថាកីឡាកររបស់យើង ១០ (នាក់) ទល់នឹងគេ ១១ (នាក់)។

គ្នាខិតខំប្រកួតមែនទែន ក្នុងមនុស្ស ១០ នាក់ ទល់នឹង ១១ នាក់ ប៉ុន្តែ រឿងនោះវារឿងមួយហើយ គ្នាប្រឹងណាស់ទៅហើយ ប៉ុន្តែ មិននឹកស្មានថា ក្នុង Facebook Page នោះ មានការចូលមក comment ជេរគ្នានៅក្នុងហ្នឹង។ អ្នកនេះជេរអញ្ចេះ អ្នកនោះជេរអញ្ចុះ អ្នកនេះសរសើរអញ្ចេះ អ្នកនោះសរសើរអញ្ចុះ។ រឿងដែលហួសចិត្តនៅត្រង់ថាម៉េចមិនដាក់ កែវ រំចង់ ចូលទាត់? ពេលណាបានដាក់ កែវ រំចង់ ចូល? វាហួសចិត្តនៅកន្លែងហ្នឹង។ បើថាមិនចេះទេ ថាឱ្យមិនចេះទៅ ចាំបាច់ចូល comment ធ្វើអី? កែវ រំចង់ អ្នកប្រដាល់ទម្ងន់ជាង ៧០ គីឡូក្រាមឯណោះ បានជាមិនសូវចេញវាយទេ។ តែអាទិត្យនេះ រំចង់ នឹងចេញវាយជាមួយនឹងថៃនៅទូរទស្សន៍បាយ័ន។ បើថាមិនយល់កីឡា កុំទៅចូល comment ធ្វើអី។

មានអ្នកជ្រុលហួសទៅដល់ថ្នាក់ថា កម្ពុជាចាញ់បាល់ទាត់ដោយសារមិនផ្លាស់ប្តូរមេដឹកនាំ

មានមួយនោះទៅជ្រុលហួសថា កីឡាបើមិនដូរមេដឹកនាំកម្ពុជាទេ កីឡាកម្ពុជាទៅត្រង់ណាក៏ចាញ់ដែរ។ វាទៅជាអញ្ចឹងទៅ។ បើដូច្នោះ យើងពិនិត្យមើលប្រទេសចិន គាត់ដែលទៅទាត់បាល់ឯណាទៅឈ្នះគេ ក៏មិនដៀលមេដឹកនាំចិនផងទៅ? ចុះឡើងៗមកជួបគ្នារឿងនយោបាយនៅក្នុងកន្លែងហ្នឹង។ ដូច្នេះ ខ្ញុំស្នើថាគ្នាអ្នក​ប្រកួតនោះខំប្រឹងប្រកួតចង់ដាច់ខ្យល់ហើយ ១០ នាក់ ទល់នឹង ១១ នាក់ ទប់ទល់បានកម្រិតប៉ុណ្ណឹងក៏វាល្អណាស់ ប៉ុន្តែថ្ងៃនោះ យើងមានកំហុស។ នៅជិតវគ្គចុងក្រោយជិតចប់ ខ្ញុំក៏បានចូល comment បន្តិចថា “វាជាការល្អណាស់ទៅហើយ ក្នុងប្រវត្តិកីឡាបាល់ទាត់កម្ពុជា ដែលយើងបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ”។ គេអាចដឹងបានថា នេះគឺជានាយករដ្ឋមន្រ្តីចូលមក​ comment តែម្តង។ ប៉ុន្តែ មិននឹកស្មានថា អ្នកនៅក្នុងស្រុករបស់យើងនេះ បែរជាជេរគ្នានៅក្នុង Facebook Page នេះទៅវិញ។ វាជារឿងដែលមិនគួរគប្បីទេ គួរតែលើកទឹកចិត្ត។ បែរទៅជេរ ឆេង ម៉េង ដែលត្រូវគេដេញចេញ(ពីការប្រកួត) ទៅជេរគ្នាចង់ងាប់ចង់រស់ ថាថ្ងៃក្រោយកុំឱ្យ ឆេង ម៉េង ទៅទាត់ទៀត។ មិនដឹងថាម៉េចដែរ ព្រោះខ្ញុំក៏មិនបានមើលពេលគេ replay អាកន្លែងហ្នឹងឱ្យមើលទេ ប៉ុន្តែ​ ថាត្រូវគេដួលហើយ ទាត់គេមួយ​ជើងទៀត។ អាហ្នឹងក៏ជាការមួយដាស់តឿនស្មារតីដែរ នៅពេលដែលគេដេញចេញយ៉ាងដូច្នេះ ដែលខ្ញុំតែងតែអំពាវនាវថា ធ្វើម៉េចពេលចូលប្រកួតកុំឱ្យត្រូវកាតក្រហម គេដេញចេញហើយ ឬក៏ប្រើសារធាតុញៀនដែលទទួលការហាមឃាត់។

ជ័យលាភីថ្ងៃនេះ ជាថ្នាលបណ្តុះបណ្តាលសម្រាប់ដល់ពេលស៊ីហ្គេម ២០២៣

អរគុណ និងលើកទឹកចិត្ត ចំពោះក្មួយៗខាងតេក្វាន់ដូ។ ឥឡូវ អាយុប៉ុនៗនេះ ២០២៣ នៅសល់ ៥ ឆ្នាំទៀត​។ ពេលនោះ អ្នកដែលទទួលមេដាយនៅពេលនេះអាយុ ១៣ ឆ្នាំ។ ៥ ឆ្នាំទៀត ១៨ ឆ្នាំល្មមហើយ។ អនា​គត​នៅវែងឆ្ងាយ។ … (សួរពីដៃរបួស) … វាយដៃម្ខាង ឈ្នះទៀត។ អញ្ចឹង ថ្ងៃក្រោយបង្រៀនគ្នា របួសហើយ គេនៅឱ្យវាយទៀត។ វាយហើយ ថែមទឹកទៀត។ ថែម ២ ដង វាយ ៤ ទឹក ហើយវាយតែដៃម្ខាងឈ្នះបាន។ អបអរសាទរ។ អាយុប៉ុនៗហ្នឹង គឺជាថ្នាលបណ្តុះសម្រាប់ឈានទៅស៊ីហ្គេមឆ្នាំ ២០២៣។ យើងក៏នៅមានការប្រកួតស៊ីហ្គេម នៅថ្នាក់កន្លែងនេះ/នោះបន្តទៅទៀត ទៅតាមកម្មវិធីដែលបានគ្រោងទុក។

ជម្រុញចលនាកីឡា ទៅជាចលនាជាតិ ប្រជាជនចូលរួមច្រើន

ដូចខ្ញុំនិយាយព្រឹកមិញអញ្ចឹង កម្មវិធីព្រឹកមិញមួយព្រឹក ថ្ងៃមកជួបភ្ញៀវ ឥឡូវមកជួប(ទី)នេះ ចេញទៅវិញនៅភ្ញៀវ ហើយភ្ញៀវលឺថានឹងអាចមកមុនម៉ោងផង។ អញ្ចឹងទេ ខ្ញុំក៏មិនចង់ចំណាយពេលច្រើននោះទេ គ្រាន់តែអំពាវនាវឱ្យគ្រប់សហព័ន្ធទាំងអស់ ពង្រឹងនូវការហ្វឹកហាត់ឱ្យ​បានខ្លាំងថែមទៀត ហើយតាមរយៈនូវកម្មវិធីកីឡាជាតិ​លើកទី ២ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃសុក្រនេះ នឹងបង្កើនសមត្ថភាពកាន់តែខ្លាំង ហើយជម្រុញចលនាកីឡារបស់យើងឱ្យទៅជាចលនាជាតិមួយ​ ដែលប្រជាជនចូលរួមកាន់តែច្រើន។

ប្រាក់រង្វាន់ពីរដ្ឋ និងពីសម្តេច ចំពោះជ័យលាភី និងគ្រូបង្វឹក

ថ្ងៃនេះ ខ្ញុំសូមប្រកាសសម្រាប់​អ្នកដែលទទួលរង្វាន់នេះ គឺមានទាំងលុយរដ្ឋ មានទាំងលុយផ្ទាល់របស់ខ្ញុំ។ កីឡាករ សុភ័ក្រ ចាន់ឧត្តម ទទួលបានថវិកាជាប្រាក់រៀលរបស់ក្រសួងអប់រំ​ យុវជន និងកីឡា ៧២ លានរៀល ​ឯថវិការបស់ខ្ញុំ ១ ម៉ឺន ៧ ពាន់ ដុល្លារ។ នេះគឺជាអ្នកដែលទទួលបានមេដាយមាស ៣ មេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ១ មេដាយច្រើនជាងគេ។ អាយុប៉ុណ្ណឹងបានប៉ុណ្ណឹង ហើយសំខាន់វាយតែដៃម្ខាង។ ទី ២. កីឡាករ សុខ សូណាំ ទទួលបានមេដាយមាស ២ មេដាយប្រាក់ ២ មេដាយសំរឹទ្ធ ១ នឹងទទួលបានថវិកាជាតិ ៦៩ លានរៀល និងថវិការបស់ខ្ញុំ ១ ម៉ឺន​ ៦ ពាន់ដុល្លារ។ ទី ៣. កីឡាករ កាង ប៊ុនឡុង មេដាយមាស ១ មេដាយប្រាក់ ២ មេដាយសំរឹទ្ធ ១ ត្រូវបានថវិកាជាតិចំនួន ៥៣ លានរៀល និងថវិកាខ្ញុំចំនួន ១ ម៉ឺន ២ ពាន់ដុល្លារ។ ទី ៤. កីឡាករ ចេង រោងរាជ បានមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធ ១ បានថវិការបស់រដ្ឋចំនួន ៥៣ លានរៀល និងថវិការបស់ខ្ញុំចំនួន ១ ម៉ឺន ២ ពាន់ដុល្លារ។ ទី ៥. កីឡាករ គយ មុទិតា បានមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធ ១ ទទួលបានថវិការបស់រដ្ឋ(ចំនួន) ៥៣ លានរៀល និងថវិការបស់ខ្ញុំចំនួន ១ ម៉ឺន ២ ពាន់ដុល្លារ។ ទី ៦. កីឡាករ ម៉េត សុខមាន ទទួលបានមេដាយមាស ១ ប្រាក់ ១ សំរឹទ្ធ ១ ទទួលបានថវិការដ្ឋចំនួន ៤០ លានរៀល និងថវិការបស់ខ្ញុំ ៩ ពាន់ដុល្លារ។ ទី ៧. កីឡាករ យឿន ប៊ុនឡុង មេដាយមាស ២ ទទួលបានថវិការបស់រដ្ឋ ៣២ លានរៀល និងថវិការបស់​ចំនួន ៨ ពាន់ដុល្លារ។ ទី ៨. កីឡាករ ណេត ថាក់លី បានមេដាយមាស ១ និងសំរឹទ្ធ ១ បានថវិការបស់រដ្ឋចំនួន ២៧ លានរៀល និងថវិការបស់ខ្ញុំចំនួន ៦ ពាន់ដុល្លារ។ ទី ៩. កីឡាការិនី រស់ ស្រីនិច ទទួលបានមេដាយប្រាក់ ២ ទទួលបានថវិការបស់រដ្ឋ ២៦ លានរៀល និងថវិការបស់ខ្ញុំ ៦ ពាន់ ដុល្លារ។ ទី ១០. កីឡាករ សៀង អេងហ៊ុយ មេដាយមាស ១ មេដាយសំរឹទ្ធ ១ ទទួលបានថវិការបស់រដ្ឋ ២៧ លានរៀល​ និងថវិការបស់ខ្ញុំ ៦ ពាន់ដុល្លារ។ ទី ១១. កីឡាករ ជា ចាន់ឡា មេដាយមាស ១ មេដាយសំរឹទ្ធ ១ ទទួលបានថវិការបស់រដ្ឋ ២៧ លានរៀល និងថវិការបស់ខ្ញុំ ៦ ពាន់ដុល្លារ។ ទី ១២. កីឡាករ គន ផល្លី ទទួលបានមេដាយប្រាក់ ១ សំរឹទ្ធ១ ទទួលបានថវិការបស់រដ្ឋ ២៤ លានរៀល និងថវិការបស់ខ្ញុំ ៥ ពាន់ដុល្លារ។ ទី ១៣. កីឡាករ តាំង ស្រ៊ាសុខ ទទួលបានមេដាយមាស ១ ទទួលបានថវិការដ្ឋ ១៦លានរៀល និងថវិការបស់​ខ្ញុំ​ ៤ ពាន់ដុល្លារ។ ទី ១៤. កីឡាការ ស៊ុម គង់ហេង ទទួលបានមេដាយមាស ១ ទទួលបានថវិការដ្ឋ ១៦ លានរៀល និងថវិការបស់ខ្ញុំ ៤ ពាន់ដុល្លារ។ ទី ១៥. កីឡាករ ប៉ាល់ ជីវ័ន្ដ ទទួលបានមេដាយមាស ១ ទទួលបានថវិការដ្ឋ ១៦ លានរៀល និងថវិការបស់ខ្ញុំ ៤ ពាន់ដុល្លារ។ ទី ១៦. កីឡាករ ខឿន ប៊ុនលាង ទទួលបានមេដាយមាស ១ ទទួលបានថវិការដ្ឋ ១៦ លានរៀល និងថវិការបស់ខ្ញុំ ៤ ពាន់ដុល្លារ។ ទី ១៧. កីឡាករ គន លីរតនៈ បានមេដាយសំរឹទ្ធ ២ ទទួលបានថវិការដ្ឋចំនួន ២២ លាន(រៀល) និងទទួលបានថវិការបស់ខ្ញុំចំនួន ៤ ពាន់ដុល្លារ។ ទី ១៨. កីឡាករ ប៊ុត សេរីគង្គា ទទួលបានមេដាយសំរឹទ្ធមួយ ទទួលបានថវិកា ចំនួន ១១ លានរៀលជាថវិការដ្ឋ និងថវិការបស់ខ្ញុំចំនួន ២ ពាន់ដុល្លារ។ ទី ១៩. កីឡាករ ហ៊ វិចិត្រ ទទួលបានមេដាយសំរឹទ្ធតមួយ ទទួលបានថវិការដ្ឋចំនួន ១១​ លានរៀន និងថវិការបស់ខ្ញុំ ២ ពាន់ដុល្លារ។ ទី ២០. កីឡាករ តាក់ ឧត្តម ទទួលបានថវិការដ្ឋ ១១ លានរៀល ថវិការបស់ខ្ញុំ ២ ពាន់ដុល្លារ។ ទី ២១. កីឡាករ ទ្រី វលក្ខណ៍ ទទួលបានមេដាយសម្រិតមួយ ទទួលបានថវិការដ្ឋ ១១ លានរៀល ថវិការបស់ខ្ញុំ ២ ពាន់ដុល្លារ។

សម្រាប់លោកគ្រូ ទី ១ គឺគ្រូបង្វឹកជនជាតិកូរ៉េ មានខាងត្បូងផង ខាងជើងផង។ ឱ្យតែអ្នកណាពូកែចូលមក (សម្តេចនិយាយភាពខុសគ្នា រវាងគ្រូបង្វឹកតេក្វាន់ដូកូរ៉េខាងជើង និងខាងត្បូង)។  ខាងផ្នែកនេះ គឺពូកែខាងជើងផងដៃផង ដូច្នេះ ខាងផ្នែកក្បាច់គុនខាងកងទ័ព គឺខាងជើង លោក រិច អូលណាំ។ គ្រូបង្វឹកទទួលបានថវិកាចំនួន ១៦ លានរៀល ជាថវិការដ្ឋ និងថវិការបស់ខ្ញុំ ៤ ពាន់ដុល្លារ។ ទី ២. លោក បួន ហ៊ីងសុធីយា ទទួលបានថវិកាចំនួន ១៦ លានរៀល ជាថវិការដ្ឋ និង ៤ ពាន់ដុល្លារ ជាថវិការបស់ខ្ញុំ។ ទី ៣. លោក កែវ មករា ហើយវាយឈ្នះកូនសិស្សដែរហ្នឹង? យើងគ្រាន់តែចេះបង្ហាត់ទេឬ? តែវាយៗមិនបានទេ។ ខ្ញុំបង្ហាត់បាន ក៏ប៉ុន្តែឱ្យវាយមិនបានទេ វាយជាមួយគេវាយមិនឈ្នះទេ។ ខ្ញុំធ្លាប់រៀនកងទ័ពពិសេស ដូច្នេះ ខ្ញុំអាចបង្ហាត់ជាក្បួនបាន ក៏ប៉ុន្តែខ្ញុំមិនអាចវាយបានទេ។ តាំងពីដើម បើថាកូនសិស្សក្នុងសាលារៀនផ្នែកកុម្មង់​ដូផ្នែកពិ​សេសហ្នឹង គឺ ៧៨ នាក់​ ក្នុង ៧៨ នាក់ ខ្ញុំលេខទី ៧៨ បើមាន ៧៩ នាក់ ប្រហែលជាខ្ញុំធ្លាក់ទៅលេខទី ៧៩។ បានសេចក្តីថា ខ្ញុំវាយជាមួយគេអត់កើតទេ គ្រាន់តែថាមួយការពារខ្លួន ត្រឹមហ្វឹកហាត់ហ្នឹងបាន គេហៅថា ក្បួនក្បាច់គុណរបស់កងទ័ព។ លោក កែវ មករា ទទួលបានថវិកាចំនួន ១៦ លានរៀល ថវិការបស់រដ្ឋ និងថវិការបស់ខ្ញុំចំនួន ៤ ពាន់ដុល្លារ។ ទី ៤. លោក ហ៊ឹម រីដា ហ្នឹងប្រហែលជាបង្ហាត់សិស្សសុទ្ធតែមេដាយប្រាក់ ឬក៏មេដាយសំរឹទ្ធ ទទួលបានថវិការដ្ឋ ១១ លាន ២ សែន(រៀល) និងថវិការបស់ខ្ញុំ ២.៨០០ ដុល្លារ។ អាហ្នឹងទៅតាម​ពិន្ទុរបស់សិស្ស បើសិស្សបានលុយច្រើន យើងក៏បានលុយច្រើនដែរ។ ទី ៥. លោក អ៊ឹង សុជាតា ទទួល​បានថវិការដ្ឋ(ចំនួន) ១១ លាន ២ សែនរៀល និងថវិការបស់ខ្ញុំចំនួន ២.៨០០ ដុល្លារ។ អស់ហើយខាង​ផ្នែកតេក្វាន់ដូ។

ប្រាក់រង្វាន់ពីរដ្ឋ និងសម្តេច ចំពោះជ័យលាភី និងគ្រូបង្វឹក ខាងផ្នែកប៉េតង់

ឥឡូវ ចូលទៅដល់កីឡាករ/ការនីប្រកួតប៉េតង់ ជើងឯកពិភពលោក លើកទី ១៦ នៅក្រុងតៃហ៊ូ ខេត្តស៊ិញជាំង ប្រទេសចិន។ ថវិការបស់ក្រសួងបានប្រគល់ជូនហើយ មុនពេលសំណេះសំណាល(នៅទី)នេះ អញ្ចឹង នៅតែថវិការបស់ខ្ញុំទេ។ លោកស្រី កែ ឡេង បានទទួលរួចហើយនូវថវិកាចំនួន ១៨៤ លាន(រៀល) របស់ក្រ​សួងអប់រំ ដែលជាថវិការដ្ឋ ហើយថ្ងៃនេះហ្នឹងទទួលថវិការបស់ខ្ញុំ ១ ម៉ឺនដុល្លារ ព្រោះអាហ្នឹងកម្រិតពិភពលោក មាដាយមាស។ កីឡាការិនី អ៊ុក ស្រីមុំ មេដាយសំរឹទ្ធ ទទួលបានថវិការដ្ឋរួចហើយចំនួន ៦៤ លាន(រៀល) ថ្ងៃនេះទទួលថវិការបស់ខ្ញុំចំនួន ២ ពាន់ដុល្លារ។ កីឡាការិនី អ៊ុន ស្រីយ៉ា មេដាយសំរឹទ្ធ ១ បានទទួលថវិការបស់រដ្ឋចំនួន ៦៤ លានរៀលហើយ ថ្ងៃនេះទទួលថវិការបស់ខ្ញុំចំនួន ២ ពាន់ដុល្លារថែមទៀត។ ជូនកីឡាការិ​នី ស្រ៊ាង សុរ៉ាឃីម មេដាយសំរឹទ្ធ ១ ដែលបានទទួលថវិការបស់រដ្ឋចំនួន ៦៤ លានរៀលហើយ ថ្ងៃនេះទទួលថវិការបស់ខ្ញុំចំនួន ២ ពាន់ដុល្លារ ថែមទៀត។ ចុះគ្រូបង្វឹកទទួលរួចហើយ? គ្រូបង្វឹក លោកគ្រូ សុខ ម៉ុង ទទួលបានថវិការដ្ឋបានហើយនៅ?​ លោកគ្រូទទួលបានថវិការដ្ឋរួចហើយ ចំនួន ១២០ លាន(រៀល) ហើយទទួលថវិការបស់ខ្ញុំចំនួន ៣ ពាន់ដុល្លារ។ លោក អ៊ឹង គឹមស្រ៊ុន ហ្នឹងជាប្រធានប្រតិភូ ក៏ទទួលបានថវិកា ២ ពាន់ដុល្លារ ព្រោះយើងប្រធាន តិចជាងគេបានហើយ។

អ្នកគ្រប់គ្រងរដ្ឋាភិបាលបាល តែនិយាយត្រូវតែអនុវត្ត

ចុះឡើងៗ ថវិកាខ្ញុំមិនតូចទេ។ ច្រើនរយលាន។ ថ្ងៃនេះអស់ ១៩៥.៦៥០ (ដុល្លារ) អញ្ចឹងវាស្មើនឹងចូល ៨០០ លាន(រៀល) … តែយើងបានប្តូរផ្ដាច់។ យើងបាននិយាយហើយ យើងត្រូវតែធ្វើ។ បើយើងនិយាយហើយមិនធ្វើ គេថាយើងភូត។ អញ្ចឹងបានថា កាន់រដ្ឋបាល កាន់រដ្ឋអំណាច អត់មានទៅនិយាយភ្លឹបឡើងថាចាស់ ៤ ម៉ឺន, ៥ ម៉ឺន, ២០ ម៉ឺន បានទេណា។ តែប្រកាសភ្លាម គឺត្រូវអនុវត្ត។ បក្សនៅក្រៅរដ្ឋាភិបាលនិយាយបាន ក៏ប៉ុន្តែ អ្នកដែលគ្រប់គ្រងរដ្ឋាភិបាល តែនិយាយត្រូវធ្វើតែម្ដង …។ ខ្ញុំនិយាយហើយ ឱ្យតែឈ្នះ  … ធ្វើម៉េចឱ្យវាមានមុខមានមាត់ថា ខ្មែរក៏ជាជនជាតិសាសន៍មួយ ដែលយើងមើលទៅលើប្រាង្គប្រាសាទរបស់​យើង។ ប្រវត្តិប្រទេសខ្លះ ក៏កើតឡើងនៅក្រោយការកសាងប្រាង្គប្រាសាទអង្គររបស់ដូនតាយើងទេ។ យើងមិនបានមើលស្រាលជនជាតិណាកើតមុនកើតក្រោយអីទេ ក៏ប៉ុន្តែ យើងក៏មានប្រវត្តិវែងឆ្ងាយដែរ។

រឿងបណ្ណាល័យនៅសាកលវិទ្យាល័យភ្នំពេញ

ដូចជាការកសាងអាគារសន្តិភាព មានជនបរទេសមិនតិចទេ​ បានសួរខ្ញុំថា តើប្រទេសណាមកជួយគូសប្លង់​? ប្រ​ទេសណាមកជួយធ្វើ? បានខ្ញុំបានប្រាប់ថា នេះជាបាតដៃខ្មែរសុទ្ធសាទ ទាំងការគូសប្លង់ ទាំងការសាងសង់ និងទាំងលុយ។ ដូនតាខ្ញុំធ្វើអង្គរវត្តបាន រឿងអីខ្ញុំធ្វើប៉ុណ្ណឹងមិនបាន? អញ្ចឹងបានមានរឿងបប    ់ដូរេអត់កើតទេ គ្រាន់តែថាមួយណ្ណាល័យមួយសាកលវិទ្យាល័យភ្នំពេញ ដែលមានតម្លៃសាងសង់ជាង ១ លានដុល្លារ(អាមេរិក) តែប៉ុណ្ណោះ ស្រាប់តែគេហៅជនបរទេសមកគូសប្លង់។ អ្នកនោះក៏គូសប្លង់ រួចហើយកសាងរួច ហើយគូសប្លង់មិនទាន់រួច នៅទាស់គ្នានៅឡើយ។ គ្រាន់តែប៉ុណ្ណឹងយើងឃើញហើយថា គេរកការងារឱ្យគ្នាគេធ្វើទេ។ គេផ្តល់ជំនួយឱ្យយើង ម៉េច​ក៏គេមិនប្រើស្ថាបត្យកររបស់យើង ដើម្បីគូសប្លង់? ហេតុអីចាំបាច់ទៅយកពីខាងក្រៅមកគូសប្លង់ឱ្យ​មាន​ទំនាស់គ្នា? ដល់ទៅសួរមែនទែន ថាតូចជាងបណ្ណាល័យរបស់ខ្ញុំធ្វើផង …។

មានពេលខ្លះ ប្រទេសដែលទទួលជំនួយមានការទើសទាល់ក្នុងចិត្តណាស់ ដោយសារតែហេតុអីបានគេមិនព្រមមើលឃើញមនុស្សក្នុងស្រុករបស់យើង ហើយយកមនុស្សក្នុងស្រុករបស់យើងទៅប្រើប្រាស់? បែរជាយកមនុស្សក្រៅស្រុក។ នេះបានសេចក្តីថា គេរកការងារអោយគ្នាធ្វើ។ អញ្ចឹង បានជាយើងនៅទីនេះរៀនឱ្យឆ្លាតបន្តិច។ ឥឡូវហ្នឹងសុំថាពិភាក្សាទៅ សុំឱ្យស្ថាបត្យករស្រុកយើងគូសប្លង់។ ថ្ងៃក្រោយយើងត្រូវតែចេះហ៊ានតស៊ូ បើថាមិនអញ្ចឹងទេ មិនបាច់តែម្តង។ វិស័យឯកជន​របស់យើង ខ្ញុំគ្រាន់តែអំពាវនាវតែមួយភ្លែត បានឥឡូវហ្នឹង ត្រឹមតែបណ្ណាល័យ ២ ឬ ៣ លាន(ដុល្លារអាមេរិក)នោះ? វាមិនពិបាកទេ។ ត្រឹមតែជាង ១ លាន(ដុល្លារអាមេរិក)ធ្វើឱ្យយឺតការ …។

ពេលខ្លះទើសដល់ថ្នាក់លែងចង់បានជំនួយ

គេឱ្យយើង ១០០ កន្លែងខ្លះគេអាចយកទៅវិញដល់ ៨០ គេទុកឱ្យយើងតែ ២០ ទេ? ព្រោះគេប្រើទៅលើការ មកបណ្តុះបណ្តាល និយាយលិច/កើត។ មានកន្លែងខ្លះខ្ញុំទើសយកតែមែនទែន ទើសរហូតដល់លែងចង់ ទទួល ព្រោះវាឆៅពេក។ ជំនួយយកមកយកទៅវិញ។ ពាក្យដែលហៅថា Technical Assistance (ជំនួយបច្ចេកទេស) បានសេចក្តីថា ជំនួយហ្នឹងស្អី? ជំនួយហ្នឹងគេមក គេធ្វើបាឋកថាឱ្យយើង ឱ្យយើងទៅអង្គុយ ស្តាប់គេអញ្ចឹងទៅ។​ មានថ្ងៃមួយនោះ មានគេហៅខ្ញុំទៅអង្គុយស្តាប់រឿងគេធ្វើទំនប់ទឹកនៅប្រទេសម៉ិចស៊ិច ប្រទេសប្រេស៊ីលឯណាឯណោះ ទាំងខ្ញុំ ទាំងឯកឧត្តម លឹម គានហោ ទៅអង្គុយស្តាប់នៅវត្តភ្នំ អំពីផែនការ ភ្នំពេញរបស់មហាអនុតំបន់មេគង្គ។ ខ្ញុំថា អូ! អាផែនការភ្នំពេញវាអញ្ចឹងទេ? ផែនការភ្នំពេញផ្តោតទៅលើការបណ្តុះបណ្តាល មានបានហេដ្ឋារចនាសម្ព័ន្ធឯណាមួយដុំ? អត់ទទេស្អាត។

ជំនួយខ្លះបានត្រឹមកត់ត្រា តែគ្មានវត្ថុតាង

ជំនួយខ្លះគ្រាន់តែបានកត់ត្រាចូលជាជំនួយទេ ក៏ប៉ុន្តែ យើងអត់មានវត្ថុតាងអីទុកនៅបន្សល់ទេ គ្រាន់តែមក គេទៅជួលគ្រូម្នាក់អញ្ចឹងមក រួចហើយមកឧទ្ទេសនាមឱ្យយើងតឹកៗទៅ ហើយអត់ដឹងថា​ស្រុកខ្មែរបែរមុខទៅណាផងទេ? គេយកបទពិសោធន៍មកឧទ្ទេសនាមថា ការកសាងធារាសាស្ត្រនៅស្រុកខ្មែរ ប៉ុន្តែយកបទពិ​សោធន៍ពីប្រេស៊ីល ពីម៉ិចស៊ិច ម៉េច(ហ្នឹង)ត្រូវគ្នា? ទៅដល់ខ្ញុំអង្គុយស្តាប់ អុញ! គេនិយាយ​ស្អីវ៉ី? និយាយយូរៗទៅហៅ សុខ ចិន្តា មកសួរ​ អាហ្នឹងកម្មវិធីគេអញ្ចឹង។ បើកម្មិធីគេអញ្ចឹងម៉េចក៏ ចិន្តា ឯងឱ្យខ្ញុំមកស្តាប់? ឱ្យ​ លឹម គានហោ មកស្តាប់? ព្រោះសុទ្ធតែមេទឹកស្រាប់ហើយ។ ក្នុងរយៈពេលហ្នឹង សុទ្ធតែជាពេលវេលាដែលយើងលេងអាប្រឡាយមួយខ្សែដ៏ធំ(ហើយ)វែង អូសទឹកតាំងពីកំពង់ស្ពឺ ទម្លាក់មកដល់ភ្នំពេញ។ យើងអាធំៗទំនប់មួយគគោក ប្រឡាយមួយគគោក ស្រាប់តែហៅអ្នកដទៃឱ្យមកឧទ្ទេសនាមឱ្យ យើងធ្វើព្រងើយអញ្ចឹងទៅ?

អគារសន្តិភាព ទាំងថវិកា គូសប្លង់ និងសាងសង់ ជាស្នាដៃស្ថាបត្យករខ្មែរ

មនុស្សច្រើនណាស់សម្លឹងឃើញអគារហ្នឹងវាដូចជាវាសឿងបឿងគ្រាន់បើដែរ សួរថា ស្ថាបត្យករ មកពីប្រ​ទេសណា? ខ្ញុំថា ស្ថាបត្យករខ្មែរ។ ហើយនេះជាទស្សនាទាន ខ្ញុំគូសរហូតទៅដល់ម៉ោង ២ (ទាបភ្លឺ)។ ប៉ុន្តែ ខ្ញុំមិនមែនគូសប្លង់ទេ ខ្ញុំគូសទស្សនាទាន ថាត្រូវធ្វើយ៉ាងម៉េច? អាក្រោមយ៉ាងម៉េច? អាលើយ៉ាងម៉េច? រាប់ទាំងអាតំ​បន់ត្រូវត្រួតពលខាងក្នុង។ កុំឱ្យវាពិបាក។ ជួនកាលថ្នាក់នាយករដ្ឋមន្ត្រីមកទស្សនកិច្ច យើងត្រៀមត្រួតពល​នៅខាងក្រៅ។ ភ្លៀងឈូមក ត្រូវរើ។ ឥឡូវនេះ​ អត់ទេ ដាក់មកក្នុងហ្នឹងទាំងអស់។ លេងត្រួតពលខាងក្នុង។ យើងធ្វើបាន។

ខាងលើកន្លែងណាប្រជុំអាស៊ាន ប្រជុំអាស៊ានបូក កន្លែងណាប្រជុំស្អីៗ ខ្ញុំគូស បន្ទាប់ទៅនាំគ្នាហៅប្រជុំៗទៅរៀបចំគូសប្លង់ទៅតាមទស្សនាទាននោះ។ ហ្នឹងជាគំនិតផ្តួចផ្តើមរបស់យើង។ ខ្ញុំអត់ចេះគូសប្លង់ស្អីៗទេ ប៉ុន្តែ គ្រាន់តែទស្សនាទានដែលត្រូវមាន។ ដូចជាត្រង់នេះ ប្រើ(ក្នុង)ពិធីជប់លៀងផ្លូវការក្នុងពេលមានទស្សនកិច្ច​នាយករដ្ឋមន្ត្រី ឬប្រធានាធិបតី។ យើងអាចប្រើធ្វើសន្និបាតបាន យើងប្រើ(សម្រាប់ការ)ជួបជុំ ប្រើបានពហុវិស័យ​។ តាំងពីយើងចាប់កសាងអគារនេះ យើងកាត់បន្ថយការជួលកន្លែងប្រជុំនៅកន្លែងដទៃបានច្រើន ដើម្បីយើងមកប្រើប្រាស់នៅកន្លែងនេះ។ វាកាត់បន្ថយការចំណាយ ដែលយើងជួលអគារនៅកន្លែងដទៃ ហើយវាមានសុវត្ថិភាពផង រាប់ទាំងប្រព័ន្ធអាំងទែណែត។

ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាបច្ចុប្បន្ន ធ្វើឱ្យភ្លេចអំពីអតីតកាលដ៏ឈឺចាប់ដែលបានឆ្លងកាត់

ខ្ញុំគ្រាន់តែជាការលើកឡើងតែប៉ុណ្ណោះ ដើម្បីឱ្យយើងអាចយល់ដឹងជាមួយគ្នាថា យើងមានប្រវត្តិវែងឆ្ងាយណាស់។ ថ្ងៃណាមួយយើងនឹងឈានទៅដល់កម្រិតដូចគេដូចឯង​ គ្រាន់តែអតីតកាលរបស់យើងវាឈឺចាប់ពេក។​ ឆ្នាំ ១៩៧៩ វាអត់មានអីសោះ? ទទេស្អាត។ ប៉ុន្តែឥឡូវយើងបានឈានមកដល់ដំណាក់កាលដែលគេមើលអត់ដឹងថា អតីតកាលរបស់កម្ពុជាជួបប្រទះបញ្ហាអីផងហ្នឹង? អ្នកខ្លះពេលមកដល់ ឃើញសាមញ្ញពេក​… មិនមែនត្រឹមតែថាសាមញ្ញទេ គេហៅថាជីវភាពឌីណាម៉ិចវា​ខ្លាំងណាស់។ ភាពរស់រវើកនៅក្នុងទីក្រុង នៅក្នុងប្រជាជនរបស់យើង អំពីភាពសកម្មនៅក្នុងបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាស្អីៗ ដល់អញ្ចឹងទៅគេអត់គិតថាអតីតកាលរបស់កម្ពុជាជួបប្រទះនូវហេតុការណ៍អី។ យើងតែងតែរំលឹកប្រាប់គេថា ឆ្នាំ ១៩៧៩ ពេល​ខ្ញុំចូលមកដល់ភ្នំពេញមានប្រជាជនតែ ៧០ នាក់ទេ ដែលខ្ញុំជួប។ តែឥឡូវភ្នំពេញជាប់ស្ទះឡាន។

បំពាក់គ្រឿងឥស្សរិយយស ជាការលើកទឹកចិត្តចំពោះដល់អ្នកទទួលបានមេដាយ

ខ្ញុំមានប៉ុណ្ណឹង ហើយប្រហែលជាភ្ញៀវរបស់ខ្ញុំក៏ជិតមកដល់ដែរហើយ បើយោងទៅតាមម៉ោងនេះ។ ថ្ងៃនេះ ក៏មានការបំពាក់គ្រឿងឥស្សរិយយសសម្រាប់អ្នកទាំងឡាយដែលបានទទួលមេដាយ។ ក្រៅពីទទួលមេ​ដាយ​នៅឯណោះ និងទទួលបានថវិកា យើងក៏មានមេដាយនៅក្នុងប្រទេសរបស់យើងជូនក្មួយៗ ជូន​​កី​ឡាករ/ការិនីរបស់យើងថែមទៀត ដែលនេះជាការលើកទឹកចិត្ត ដែលយើងជម្រុញវិស័យនេះឱ្យទៅជាវិស័យ​មួយ នៃការដែលយើងអាចងើបមុខងើបមាត់ជាមួយនឹងតំបន់ និងពិភពលោក។

វិស័យកីឡាបច្ចុប្បន្នក្លាយជាប្រធានបទប្រកួតប្រជែងយ៉ាងខ្លាំង

កុំភ្លេចថា វិស័យកីឡាបច្ចុប្បន្ននេះ វាក្លាយទៅជាប្រធានបទ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង។ សូម្បី តែទីតាំងប្រកួត ដូចជា៖ World Cup ឬក៏ទីតាំងប្រកួតនេះ/នោះ សុទ្ធតែមានការដាក់រួចហើយ គឺថា ដាក់បេក្ខភាពចលនាឱ្យគេបោះឆ្នោត ដើម្បីតើជាប់អ្នកណាអីអ្នកណា? បន្តិចទៀតដល់ World Cup នៅរុស្ស៊ី។ បន្ទាប់ទៅៗប្រទេសណាទៀត? ដូចជាទៅកាតា បន្ទាប់ពីកាតា គឺទៅប្រទេសណាទៀត ត្រូវមានការបោះ ឆ្នោតយ៉ាងគគ្រឹកគគ្រេង ហើយចលនាគ្នាខ្លាំងណាស់។ សុំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះ/នោះ គឺមានការប្រឹងប្រែង។

ពិភពលោកចំណាយធំទៅលើវិស័យកីឡា

ការចំណាយទៅលើវិស័យកីឡានៅលើពិភពលោកនេះ កាន់តែធំទៅៗ។ សូម្បីតែនៅក្នុងប្រទេសយើង សព្វថ្ងៃ រោងចក្រមិនតិចទេ ដែលផលិតខោអាវកីឡា។ ហើយខោអាវកីឡាមួយចំនួនបានផលិតដាក់ស្លាក សម្រាប់ក្រុម Arsenal, ក្រុម Real Madrid អីនៅហ្នឹងហើយស្រេច។ ពិភពលោកចំណាយទៅលើវិស័យកីឡានេះធំណាស់។ ចំណាយច្រើនជាងគេ គឺបាល់ទាត់ហ្នឹងតែម្តង។ បន្ទាប់ពីបាល់ទាត់ គឺប្រហែលជាកីឡាកូនហ្គោល។ បើតាមដឹង ក្នុងមួយឆ្នាំ ចំណាយទៅលើវិស័យកូនហ្គោលនេះ ៥០ (ឬ) ៦០ ពាន់លាន (ដុល្លារអាមេរិក)។ ព្រោះអញ្ចេះ បើនិយាយពីការថតផ្នែកកូនហ្គោល គឺអានេះច្បាស់ជាងអីទៀត រហូតដល់វាថតបានគ្រាប់បាល់ចូលទៅក្នុងឡូត៍ហើយ វាថតបាននៅក្នុងឡូត៍ហ្នឹងទៀត … វាយចេញទៅ បាល់វាហោះទៅធ្លាក់នៅឯណា វារត់យ៉ាងម៉េចអីយ៉ាងម៉េច វាថតបានដល់កម្រិតប៉ុណ្ណឹង។ ហើយប្រដាប់វាយកូនហ្គោល គឺថាវាលក់ដាច់។ អាហ្នឹងមនុស្សមិនទាន់លេងច្រើនផង។ បន្តិចទៀតមនុស្សនឹងលេងច្រើន …។

នឹងមិនមានជោគជ័យ បើគ្មានការខិតខំរួមគ្នា

យើងក៏មិនលឿនហួស តែក៏មិនឱ្យយឺតពេក។ ពិតមែនហើយ បើគ្មានការខិតខំ គ្មានការរួមគ្នា វាមិនអាចមានជោគជ័យទេ។ សង្ឃឹមថា យើងនឹងជួបគ្នានៅល្ងាចថ្ងៃទី ២៥ ថ្ងៃសុក្រនេះ ដើម្បីបើកកីឡាជាតិលើកទី ២ ដែលលើកនេះយើងធ្វើទ្រង់ទ្រាយធំ។ មុននេះ គ្រាន់តែជាការចូលរួមជាអធិបតីរបស់នាយករដ្ឋមន្ត្រីទេ ប៉ុន្តែ លើកនេះ យើងបាននាំភ្លើងប្រទានដោយព្រះមហាក្សត្រ ពីព្រះបរមរាជវាំង ហើយរត់មកកាន់ពហុកីឡាដ្ឋានជាតិ(អូឡាំពិក)របស់យើង និងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីដដែល។ ចុងបញ្ចប់ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ក្មួយៗកីឡាករ/ការិនី លោកគ្រូ អ្នកគ្រូ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា