ប្រសាសន៍​សំខាន់​ៗ របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ជិត២ពាន់នាក់

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៧ នេះ​អញ្ជើញ​​ជាអធិ​បតី​ប្រគល់​សញ្ញាបត្រ ​ដល់និស្សិត​សកល​វិទ្យាល័យ​​អាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅ​វិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួល​សញ្ញាបត្រ​នៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញា​បត្ររង ជំនាន់​ទី​១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែល​សម្តេច​បានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅ​ការចែក​សញ្ញា​បត្រ​ថ្ងៃនេះ មិនមែនជាការ​ចៃដន្យ​នោះឡើយ តែជាវឌ្ឍនភាពដ៏​ធំមួយ​សម្រាប់​ការអប់រំ ស្រប​តាម​ចក្ខុវិស័យ​របស់ រាជរដ្ឋាភិបាល ដែលបានលើក​ទឹកចិត្ត​ដល់វិស័យ​ឯកជន​ឲ្យចូល​រួមក្នុង​ការ​បណ្តុះ​បណ្តាល​។​

– សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ​ការភ្ញាក់ផ្អើល បន្ទាប់ពីមានជន​បរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម កំពុងបន្តការសិក្សាកម្រិតបិរញ្ញាបត្រ ដល់បណ្ឌិតនៅសាកល​វិទ្យាល័យ​អាស៊ី​អឹរ៉ុប​។​ សម្តេចថ្លែងថា កម្ពុជា ក៏មានលទ្ធភាពបណ្តុះបណ្តាលជនបរទេស នេះជាមោទនភាពមួយរបស់កម្ពុជា ដែល​បានងើបឡើងចេញគំនរផេះផង់នៃភ្លើងសង្រ្គាម។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនប្រាកដថា អាច​មាន​ជីវិត​ដល់​ឆ្នាំ​២០៥០​យ៉ាង​ណា​ក្តី តែត្រូវតែរៀបចំផែនទីចង្អុលផ្លូវមួយសម្រាប់អនាគត។ សម្តេចក៏បានថ្លែងរំលឹកផងដែរថា អ្វីដែល​កម្ពុជា​សម្រេច​បានទាំងអតីតកាល និងពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយគ្មានការគិតគូរនោះទេ តែបាន​កើតឡើងដោយ មានការដាក់ចេញនូវគោលនយោបាយយ៉ាងជាក់លាក់។ សម្តេចស្នើ​កុំឲ្យ​មាន​ការ​ប្រមាថ​នូវអ្វី ដែលកម្ពុជាសម្រេចបាន ព្រោះវាមិនមែនជារឿងងាយស្រួល ហើយក៏មិន​មែនជា​ការកើត​ឡើង​ដោយ​ចៃដន្យនោះឡើយ តែរាជរដ្ឋាភិបាលមានផែនទីចង្អុលផ្លូវមួយយ៉ាងច្បាស់លាស់។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ការដាក់​ចេញនូវ​គោល​នយោ​បាយ​នីមួយៗ​មិនមែន​ជាការ​លេង​សើច​ឡើយ​។ សម្តេចតេជោថា ទាំងគោលនយោបាយអប់រំ និងគោលនយោបាយលើវិស័យសុខាភិបាល ត្រូវបាន​ដាក់​ចេញ​ដោយការ​ពិនិត្យ​យ៉ាងល្អិតល្អន់ អមដោយ​ការធ្វើ​សកម្មភាព​ព្រមៗគ្នាពីអ្នកពាក់ព័ន្ធ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់​ចេញ​មិន​មែន​លេង​សើចដូចអ្នកអត្ថាធិប្បាយមួយចំនួន ដែលមិនបានសិក្សា និងពិនិត្យ​ពី​សកម្មភាព​របស់​រាជ​រដ្ឋា​ភិបាល​នោះ​ឡើយ។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានថ្លែង​រិះគន់​ដល់​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​របស់​អ្នក​ទាំង​នោះ​ថា គឺជារឿងមួយដ៏ខ្មាសអៀន។ សម្តេចតេជោ ក៏អំពាវនាវដល់និស្សិតទាំងអស់ ឲ្យពិចារណា ​ឲ្យបាន​ច្បាស់​លាស់​ ដោយមិនត្រូវសម្រេចចិត្តតាមការអត្ថាធិប្បាយ និងការ​លើក​ឡើង​ណាមួយ​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​នោះឡើយ។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរដល់និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ ព្រោះ​ជា​ជោគ​​ជ័យមួយកើតចេញពីការខិតខំប្រឹងប្រែងរបស់និស្សិតនីមួយៗ។ សម្តេច​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ថា ការទទួលបានជោគជ័យលើការសិក្សានេះ គឺបានកើតចេញពីកិច្ចខិតខំរបស់ខ្លួនផ្ទាល់ និងក្រុម​គ្រួសា​រ​ផ្ទាល់។ សម្តេចបានគូសបញ្ជាក់ថា ការសិក្សាមិនមែនជាការងាយស្រួល ដូចការប្តូរឈាម និង​សរី​រាង្គ​កាយមួយចំនួនរបស់មនុស្សនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីរត់​តាម​ឲ្យ​នូវ​ការ​វិវឌ្ឍន៍របស់ពិភពលោកនាពេលបច្ចុប្បន្ន។

– សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឲ្យនិស្សិតរៀបចំ ហើយ​មិនទាន់​មាន​ការ​ងារ​ធ្វើត្រូវ​ប្រឹងប្រែង​ស្វែង​រក​ការ​ងារ​ធ្វើ។ ពាក់ព័ន្ធនឹងការស្វែងរកការងារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនិស្សិតថា មាន​តែ​ប្រទេស​មាន​សន្តិភាពទេ ទើបផ្តល់ឱកាសឲ្យនិស្សិតអាចស្វែងរកការងារធ្វើបាន គ្មានប្រទេស​មាន​សង្រ្គាម​ណា​មួយ អាចផ្តល់ឱកាសឲ្យស្វែងរកការងារធ្វើបាននោះឡើយ។

– ក្នុងខួប៤២ឆ្នាំ នៃការទទួលជ័យជម្នះរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន បាន​រំលឹកថា ជាសោកនាដកម្មមួយរបស់ប្រជាពលរដ្ឋ ដែលផ្តើមចេញពីការធ្វើរដ្ឋប្រហាររបស់លោក លន់ នល់ កាលពីថ្ងៃទី១៨ មីនា ១៩៧០។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែល៤២ឆ្នាំក្រោយ នៃរបបខ្មែរក្រហម បាន​ធ្វើឲ្យប្រជាពលរដ្ឋអាចដើរលេងកម្សាន្ត យ៉ាងសប្បាយ រីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែល​ទើប​បញ្ចប់​ទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដែល​បាន​ជួយ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កបរិយាកាសឲ្យប្រជាពលរដ្ឋបានលេងសប្បាយរីករាយ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្កាន្តឆ្នាំថ្មីមានច្រើនកន្លែង មិន​មែនមាន​តែខេត្ត​សៀម​រាប​នោះ​ទេ​ ហើយសម្តេចសង្ឃឹមថា នៅឆ្នាំក្រោយសង្រ្កាន្តអបអរសាទរឆ្នាំថ្មី នឹងមាននៅគ្រប់ខេត្តទាំងអស់។ សម្តេច​នាយករដ្ឋមន្រ្តី បានថ្លែងថា សង្រ្កាន្តនេះ អាចធ្វើនៅតាមភូមិ ក៏បាន។

– សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងរិះគន់ដល់អ្នកតំណាងរាស្រ្តមួយរូប ដែលបាន​រិះគន់​លើកា​ររៀប​ចំ​ព្រឹត្តិការណ៍​សង្រ្កាន្តអបអរសាទរឆ្នាំថ្មី។ សម្តេចបានហៅការលើកឡើងនោះថា ជាកា​រលើក​ឡើង​ទាំង​មិន​បាន​យល់ច្បាស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានធ្វើ​ឲ្យប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​លេង​កម្សាន្ត​ឆ្ពោះ​ពីខេត្តមួយ ទៅខេត្តមួយ​យ៉ាង​ងាយស្រួល។ សម្តេចតេជោបា​នថ្លែងថា នៅ​សល់​តែ​ផ្លូវ​មួយ​ខ្សែ​ទៀត​ប៉ុណ្ណោះ នឹងធ្វើឲ្យប្រជាពលរដ្ឋ​ធ្វើដំណើរ​បានទៅគ្រប់ខេត្តទាំងអស់។ ផ្លូវមួយខ្សែនោះ គឺ​ផ្លូវ​ភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង កាត់តាមថ្មដា ខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកោះកុង។

– សម្តេចនាយករដ្ឋមន្រ្តីថា ការធ្វើដំណើរដោយសេរី និង​ការលេង​កម្សាន្ត​សប្បាយ​របស់​ប្រជា​ពល​រដ្ឋ​នេះ​ហើយ​ ទើបជាសិទ្ធិសេរីភាពពិតប្រាកដ។ សម្តេចតេជោ បានចោទសួរថា កាលពី ៤២ឆ្នាំមុន តើសិទ្ធិ​សេរីភាព​របស់ប្រជាពលរដ្ឋស្ថិតនៅទីណា?

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យរួមគ្នាថែរក្សានូវសុខសន្តិភាព និង​សមិទ្ធផល​ទាំង​អស់​កម្ពុជា​សម្រេច​បាននាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បានថ្លែងរំពឹងថា អ្នកនយោបាយ និងអ្នក​អត្ថា​ធិប្បាយ​យល់​ច្បាស់ពីនយោបាយក្នុង និង​ក្រៅ​ប្រទេស ដែលជាការគាំទ្រគ្នាទៅវិញទៅមក។ សម្តេចតេជោ បាន​ថ្លែង​ថា កម្ពុជា កំពុងបង្វែរគោលនយោបាយទៅក្រៅប្រទេស តាមរយៈការពង្រីកទីផ្សារថ្មី រក្សាទីផ្សារចាស់ ដើម្បី​ផលិតផលរបស់ខ្មែរ ដែលជាការរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើទៅដល់ពលករ និងក្រុមគ្រួសារពលករនៅកូរ៉េខាងត្បូង កុំព្រួយ​បារម្ភ​ពីស្ថាន​ភាព​នៅឧបទ្វីបកូរ៉េ, សង្រ្គាមមិនអាចផ្ទុះឡើងនោះឡើយ

– សម្តេចរំលឹកថា កាលពីឆ្នាំ២០០៤ មានតិះទៀនថា សម្តេច​មិនបាន​គិតគូរ​ពីការ​ជម្លៀស​ពលករ​ខ្មែរ​នោះ​កូរ៉េ​។

– សម្តេចបានចោទសួរថា តើគួរជម្លៀស ឬមិនជម្លៀស? សម្តេចថ្លែងថា គ្មាន​ហេតុផល​ណាត្រូវ​ជម្លៀស​ពលក​រនោះឡើយ ព្រោះសង្រ្គាមមិនបានកើតឡើងឡើយ ហើយមធ្យោបាយជម្លៀសមានការពិបាកខ្លាំង ពោល​ការ​ជម្លៀស​អាចធ្វើបាន​តែតាមផ្លូវទឹក និងផ្លូវអាកាសតែប៉ុណ្ណោះ ព្រោះគ្មានផ្លូវគោកនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មធ្យោបាយជម្លៀសមិនមែនជាជម្រើសល្អនោះឡើយ។ សម្តេច​នាយករដ្ឋមន្រ្តីថា ការជ្រើសយកមធ្យោបាយរស់នៅជាមួយប្រជាពលរដ្ឋកូរ៉េខាងត្បូង ជាមធ្យោ​បាយ​មួយដ៏ល្អ។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ទៀតថា ប្រសិនបើមានការជម្លៀសមែននោះ មិន​ចាំ​បាច់​ទៅ​ស្វែង​រក​ទីផ្សារ​ការងារ​នៅ​កូរ៉េខាង​ត្បូងទៀតនោះទេ។

– សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា រាល់ពេល​សម្តេច​ជួបជា​មួយ​ថ្នាក់​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង​ សម្តេចតែងស្នើសុំឱកាសការងារសម្រាប់ពលរដ្ឋខ្មែរ។ សម្តេចបានថ្លែងថា ទីផ្សារ​ការងារ​នៅ​កូរ៉េ​មិន​មែន​មាន​តែខ្មែរនោះទេ ប្រទេសសមាជិកអាស៊ានមួយចំនួនទៀត ក៏មានប្រជាពល​រដ្ឋធ្វើការ​នៅទីនោះ​ផង​ដែរ​។

– សម្តេចនាយករដ្ឋមន្រ្តី បានអះអាងប្រាប់ពលករខ្មែរថា លទ្ធភាពនៃការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ មាន​កម្រិត​ទៀបបំផុត ពោលគឺមិនអាចផ្ទុះឡើងនោះឡើយ។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីៗមិនអាចបញ្ចប់ត្រឹមការវាយកូរ៉េខាងជើងនោះឡើយ អាមេរិក​អាចខូចខាតតិចតួច តែផលប៉ះពាល់ និងភាពខ្ទេចខ្ទាំខ្លាំងនោះគឺ កូរ៉េខាងត្បូង និងប្រទេសជប៉ុន។

– សម្តេចតេជោ ហ៊ុន សែន គាំទ្រឲ្យមានការស្រាវជ្រាវជាក់លាក់មួយលើរឿងគ្រាប់បែកគីមីនៅប្រទេសស៊ីរី ក្នុងឋានៈកម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិ។

– សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែទទូចឲ្យមានការអត់ធ្មត់លើបញ្ហានៅឧបទ្វីបកូរ៉េ តាមរយៈ​ការបើក​កិច្ច​ចរ​ចា​៦ភាគីឡើងវិញ ឬតាមវិធីដទៃទៀត ដែលប្រកបដោយសន្តិវិធី។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ស្ថាន​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ សម្តេចបានផ្តាំផ្ញើដល់ពលករ និងអាណា​ព្យា​បាល​ពលករ​នៅកូរ៉េខាងត្បូង កុំមានការព្រួយបារម្ភ​ចំពោះស្ថាន​ភាពនៅឧបទ្វីបកូរ៉េ។

– សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា កាលពីឆ្នាំ២០០៤ ព្រោះបញ្ហានៅឧបទ្វីបកូរ៉េនេះ កូរ៉េខាង​ជើងបាន​ស្នើឲ្យ​កម្ពុជា រើស្ថានទូតចេញពីកូរ៉េខាងត្បូង តែត្រូវបានសម្តេចបដិសេធមិនឲ្យរើចេញនោះឡើយ។ សម្តេច​តេជោ ក៏បានបានបង្ហាញពីការសម្រេចចិត្តរបស់សម្តេចមួយចំនួន ទៀតចំពោះកា​រជម្លៀស​ប្រជាពល​រដ្ឋនៅឯបរទេស ដូចជានៅជប៉ុន ក្នុងពេលជួបគ្រោះរញ្ជួយដីជាដើម។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖១៧នាទីព្រឹកថ្ងៃដដែលនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...