សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​ សម្ពោធសាកលវិទ្យាល័យក្រចេះ

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធាណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា!

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!

ជាដំបូងនេះ ដោយសារឆ្នាំថ្មីទើបនឹងចូលមកដល់កាលពីប៉ុន្មានថ្ងៃមុននេះ មិនទាន់ហួសពេល ដើម្បីអោយខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ សូមឱ្យទាំងអស់គ្នាទទួលបាននូវជោគជ័យគ្រប់ៗគ្នា សម្រាប់បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមថ្ងៃនេះ មានទាំងលោកគ្រូ អ្នកគ្រូ នៃសាសនិកឥស្លាម ក៏សូមអោយព្រះអាឡោះជួយតាមបីបាច់ថែរក្សា និងចម្រើនគង់វង្សផងដែរ។

អរគុណសប្បុរសជន បានបង្កើតមូលនិធិឧត្តមសិក្សាខេត្តក្រចេះ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយក្នុង​​ឱកាសឆ្នាំថ្មីយើងក៏មានសមិទ្ធផលថ្មី ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ។ ប៉ុន្មានថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ បានទៅកាន់មាត់សមុទ្រសម្ពោធដាក់ឱ្យប្រើប្រាស់នូវតំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញសម្រាប់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះ គឺយើងបានមកចូលរួមជុំគ្នានៅទីនេះ សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលទាក់ទងទៅនឹងវិស័យ​អប់រំ ដែល​នេះជាមោទនភាពថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសុខសន្តិភាព ដែលយើងរកបានដោយលំបាក។

ខ្ញុំព្រះករុណាខ្ញុំ​ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម គាត ឈន់ ដែលជានិច្ចកាល បានខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតនូវមូលនិធិឧត្តមសិក្សាខេត្តក្រចេះ ហើយដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ងី តាយី ក៏បានចូលរួមនៅសកម្មភាពនៅទីនេះ។ តាមរយៈនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បរិច្ចាគនូវធនធានខ្លះ ដើម្បីចូលរួមចំណែកជាលើកដំបូង ដែលយើងចាប់ផ្ដើមពីមូលនិធិប្រមាណជាជាង ២ លានដុល្លារ សហរដ្ឋអាមេរិក។ បន្ទាប់ទៅដោយសារមានកិច្ចសហប្រតិបត្តិការល្អ រវាងខ្ញុំព្រះករុណាខ្ញុំជាមួយនឹងថ្នាក់ដឹកនាំចិន យើងក៏មានទាក់ទាញនូវសំណូមពរស្នើសុំចំពោះមិត្តចិន ជួយសាងសង់។

មហិច្ឆតាខេត្តមួយសាកលវិទ្យាល័យមួយ

ក្រោមចក្ខុវិស័យដែលខ្ញុំព្រះករុណាខ្ញុំ តែងតែបានដាក់ចេញនូវគំនិតផ្ដួចផ្ដើម គឺខាងក្រោយនេះ យើងបានដាក់ចេញនូវចក្ខុវិស័យ ខេត្តមួយ សាកលវិទ្យាល័យរដ្ឋមួយ ដែលយើងបានចាប់ផ្ដើមរួចមកហើយ នៅខេត្តមួយចំនួន។ កាលពីឆ្នាំ ២០០២ ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញនូវចក្ខុវិស័យ ឃុំមួយ អនុវិទ្យាល័យមួយក្រោយមកដោយឃើញថា ឃុំខ្លះគឺមានទំហំធំ យើងក៏ប្រើពាក្យថា ឃុំមួយ អនុវិទ្យាល័យមួយយ៉ាងតិច ហើយ​យើងក៏បានដាក់ចេញថា ស្រុកមួយ វិទ្យាល័យច្រើន មិនមែនវិទ្យាល័យមួយទេ ហើយខេត្តមានវិទ្យាល័យច្រើន ប៉ុន្តែ អ្វីដែលយើងចង់បានថែមទៀតនោះ គឺមហិច្ឆតាខេត្តមួយសាកលវិទ្យាល័យមួយ ដែលឥឡូវនេះ យើងរាប់បានថា សាកលវិទ្យាល័យមាននៅឯខេត្តបន្ទាយមានជ័យ, បាត់ដំបង, ព្រៃវែង, ស្វាយរៀង ហើយនិងនៅខេត្តសៀមរាប។

ការវិនិយោគប្រទាក់ក្រឡាគ្នាលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់បំរើទៅដល់ការអភិវឌ្ឍ

ថ្ងៃនេះ យើងក៏បានដាក់ឱ្យដំណើរការមួយទៀត នូវសាកលវិទ្យាល័យរបស់រដ្ឋនៅខេត្តក្រចេះ ដែលនេះជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈនៃការបណ្តុះបណ្ដាលធនធានមនុស្ស​។ នេះមិនមែនជាចក្ខុវិស័យឆ្កួតៗ ដូចដែលអ្នកខ្លះបានលើកឡើងនោះទេ ក៏ប៉ុន្តែ យើងមានគោលដៅច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាគ្នា វិនិយោគទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបំរើទៅដល់ការវិនិយោគការអភិវឌ្ឍទីនេះ។ ឧទាហរណ៍៖ ភាពប្រទាក់ក្រឡានេះ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែលើកថា ប្រសិនបើយើងមិនមានការតភ្ជាប់ផ្លូវមកកាន់ទីនេះទេ តើយើងធ្វើសាកលវិទ្យាល័យនៅទីនេះបែបណា? ដូច្នេះ ការធ្វើសាកលវិទ្យាល័យមួយបាន ទាមទារឱ្យមាននូវការអភិវឌ្ឍតាំងពីផ្នែកនៅខាងក្រោមមួយ តាំងពីបឋមសិក្សា មធ្យមសិក្សា និងបណ្ដាហេដ្ឋារចនាសម្ព័នចាំបាច់នានាដែលចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបង្កើតសាកលវិទ្យាល័យនៅខេត្តក្រចេះរបស់យើងនេះ។

មិនហ៊ានពន្យល់អំពីពាក្យ “ក្រចេះ”

ថ្ងៃនេះ យើងជួបជុំគ្នាក្នុងមោទនភាព។ មុននេះ ពាក្យដែលថាក្រចេះៗហ្នឹងតែងតែគេយកមកថា “ក្រ​បានចេះ” បានសេចក្តីថា មិនងាយចេះ។ តាមអ្នកខ្លះគេបកស្រាយអញ្ចឹង។ តែខ្ញុំមិនយល់ទេ អាហ្នឹងខ្ញុំមិនហ៊ានពន្យល់ទេ។ អ្នកអក្សរសាស្ត្រទើបអាចដឹងថា ហេតុអីបានជាគេដាក់ខេត្តក្រចេះ? បើខេត្តកំពង់ស្ពឺអីអាហ្នឹងគេមានប្រវត្តិរបស់គេ។ មានកំពង់ហើយមានដើមស្ពឺនៅកន្លែងហ្នឹង ប៉ុន្តែ ខេត្តក្រចេះមួយ គឺពិបាកបកស្រាយ។ មណ្ឌលគិរី អាហ្នឹងគឺកន្លែងដែលមានសុទ្ធភ្នំ … ឯចំពោះក្រចេះហ្នឹង មកពីយូរពេកបានវាចេះ ឬក៏យ៉ាងម៉េច? ប៉ុន្តែបញ្ហានោះវាហួសសម័យហើយសម្រាប់ខេត្តក្រចេះរបស់យើងនេះ។ តាមរយៈនៃខេត្តមួយ ដែលយើងមានចំនួនសាលារហូតមកដល់ពេលនេះ បឋមសិក្សាមានចំនួន ២៧២ កន្លែង ស្មើនឹង ២.០៩៩ ថ្នាក់។ អនុវិទ្យាល័យមាន ៤១ កន្លែង ស្មើនឹង២០០ ថ្នាក់។ វិទ្យាល័យមាន ១១ កន្លែង ស្មើនឹង ២០៨ ថ្នាក់​។ សាលាគរុកោសល្យមាន ១ កន្លែង ស្មើនឹង ៤ ថ្នាក់។

សាលាល្អ ប្រយ័ត្នគុណភាពអន់

កាលពីឆ្នាំ ២០១៧ ក៏បានដាក់ឱ្យវិទ្យាល័យមួយនៅក្នុងក្រុង ហើយវិទ្យាល័យនោះមិនចេះតូចទេ វិទ្យាល័យដែលអាចចាត់ទុកថា វិទ្យាល័យនោះជាវិទ្យាល័យដែលមានទំហំធំ ដូចជា ១ ខ្នង ៣ ជាន់ ៤០ បន្ទប់។ បើខ្ញុំកុំទៅពិនិត្យផ្ទាល់ ហើយទុកឱ្យរៀននៅកន្លែងនោះ ប្រហែលជាខ្ញុំមានវិប្បដិសារីអស់មួយជីវិត ព្រោះសាលាហ្នឹងវាចង់បាក់ទៅហើយ រួចហើយទុកឱ្យក្មេងនៅហ្នឹង។​ អញ្ចឹង ខ្ញុំឱ្យវាយចោលតែម្តង។ ហើយកសាងថ្មីជារាងអក្សរ U ប៉ុន្តែ ធំណាស់ អាចថា ស្កឹមស្កៃជាងគេក្នុងចំណោមវិទ្យាល័យនៅខេត្តក្រចេះ។ ប៉ុន្តែ កុំល្អតែសា​លា​ណា ឱ្យល្អទាំងគុណភាពផង។ កាលពេលជាប់បាក់ឌុប ជាប់បានប៉ុន្មាននាក់? អូ! យើងមិនមានដល់បាក់ឌុប​ផង។ អញ្ចឹង ឆ្នាំនេះធ្វើម៉េចឱ្យមានអ្នកជាប់បាក់ឌុប ហើយបាននិទ្ទេស A នៅកន្លែងហ្នឹងទើបល្អ។ (នៅនេះ)មានត្រឹមថ្នាក់ទី ១០ ទេ ឆ្នាំក្រោយមានថ្នាក់ទី ១១ ចេះតែបង្កើនឡើងៗ។ ​អញ្ចឹង យើងអត់មានចាប់ផ្តើមទៅដល់ថ្នាក់ទី ១២ តែម្តងទេ។ ធ្វើម៉េចគុណភាព ព្រោះសាលាវាល្អហើយ តែប្រយ័ត្នគុណភាពវាអន់ រឿងវាតែប៉ុណ្ណឹងទេ លោកគ្រូ។ សុំសួរបន្តិច ប្រាក់ខែប៉ុន្មាន? ១ លាន ៤៩ ម៉ឺន(រៀល) អាហ្នឹងគិតទាំងអស់ហើយ។ ហើយជាប់ពន្ធឬនៅប្រាក់ខែ? អត់ទាន់ជាប់ពន្ធទេ ដោយសារគេកាត់បន្ថយរឿងមានកូនមានអីទៀត។ អត់ទាន់ជាប់ពន្ធទេណា។ ប៉ុន្តែ បើសិនជាត្រូវបង់ពន្ធក៏ត្រូវបង់តែបន្តិចហ្នឹង ដើម្បីបង្កើតវប្បធម៌បង់ពន្ធ។ ហើយពន្ធហ្នឹងយកទៅណា? យកមកឱ្យយើងវិញទេតើ។

ជម្រើសនៃយុវជនជំនាន់ថ្មី ជំនាន់សន្តិភាព

សាកលវិទ្យាល័យនៅខេត្តក្រចេះ មិនមែនគ្រាន់តែដោះស្រាយបញ្ហានិស្សិតក្នុងខេត្តក្រចេះនោះទេ ក៏ប៉ុន្តែ ខ្ញុំ​មានសង្ឃឹមថា សាកលវិទ្យាល័យនេះអាចនឹងត្រូវទទួលយកនិស្សិតពីកន្លែងផ្សេងៗ មិនមែនគ្រាន់តែមកពីស្ទឹងត្រែង រតនគិរី មណ្ឌលគិរីទេ សូម្បីតែអ្នកកំពង់ចាមមួយចំនួន ក៏អាចឡើងមករៀនដល់ក្រចេះផងដែរ នៅពេលវេលាចាំបាច់។ នេះហើយជាជម្រើសយុវជនជំនាន់ថ្មី គឺជាជំនាន់ នៃសន្តិភាព ខុសប្លែកពីយុវជនកាលពីជំនាន់មុន ជាពិសេស យុវជនក្នុងសម័យដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់បានឆ្លងកាត់ គឺយុវជនដែលគ្មានឱកាសទាល់តែសោះ ហើយក្លាយទៅជាចំណាប់ខ្មាំង នៃសង្គ្រាម ដែលយើងប្រឹងប្រែងដោះស្រាយ ដើម្បីនាំមកនូវសន្តិភាព សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា។ សាកលវិទ្យាល័យមួយនេះ មិនអាចកើតចេញជារូបរាងបានទេ ប្រសិនបើប្រទេសគ្មានសន្តិភាពនោះ។ តាមរយៈនៃសន្តិភាព យើងផ្តល់លទ្ធភាពឱ្យយើងមានឱកាសសម្រាប់ការអភិវឌ្ឍ ហើយតាមរយៈការអភិវឌ្ឍនោះ គឺធនធានមនុស្សក្លាយទៅជាមុខសញ្ញាសំខាន់ ដែលយើងជម្រុញនៅក្នុងការវិនិយោគ សម្រាប់ចំណេះដឹង ចំណេះធ្វើ សម្រាប់យុវជន និងកុមាររបស់យើង​។

អរគុណសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការឧបត្ថម្ភលើការកសាង

ខ្ញុំសូមអរគុណតាមរយៈឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើជូននូវការអរគុណចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង ចំពោះឯកឧត្តម នាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាថ្នាក់ដឹកនាំ នៃ​បក្សកុំម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រ សម្រាប់ការកសាងនូវសាកលវិទ្យាល័យនេះ។ មិត្តចិនបានផ្តល់ថវិកាសម្រាប់ការកសាងនៅទីនេះចំនួនប្រមាណជា ១០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងមូលនិធិឧត្តមសិក្សាខេត្តក្រចេះ ដែលមាន ឯកឧត្តម គាត ឈន់ ជាប្រធាន ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ជាអនុប្រធាន ឯកឧត្តម ងី តាយី ជានាយកប្រតិបត្តិ គឺសរុបទាំងអស់ យើងចំណាយប្រមាណ ១២ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនូវសាកលវិទ្យាល័យមួយនេះ។

ដោះស្រាយតម្រូវការអន្តេវាសិក សម្រាប់គ្រូ និងនិស្សិត

ដូចក្នុងរបាយការណ៍របស់ឯកឧត្តម ហង់ ជួនណារ៉ុន សាកលវិទ្យាល័យមួយនេះនៅមិនមានការខ្វះខាតនៅឡើយ ជាពិសេស គឺផ្ទះសម្រាប់ស្នាក់នៅរបស់គ្រូ ផ្ទះសម្រាប់ស្នាក់នៅរបស់សិស្ស គឺជាបញ្ហាចាំបាច់ ដែលយើងត្រូវរៀបចំលក្ខណៈសម្បត្តិ ដើម្បីកសាងបន្តជាបណ្តើរៗ ជាពិសេស និស្សិតមកពីចម្ងាយ ហើយ​កាន់តែសំខាន់ជាងទៀត គឺនិស្សិតដែលជាស្រ្តី ដើម្បីយើងកាត់បន្ថយគម្លាត។ និស្សិតដែលជាបុរសអាចរស់នៅតាមកន្លែងនេះ/នោះ ជាពិសេសអាចរស់នៅវត្តលោកបាន … (នៅភ្នំពេញ)ស្នាក់នៅតាមវត្តអារាមបានច្រើន។ ប៉ុន្តែ និស្សិតជានារីអត់បានទេ ព្រះតេជព្រះគុណអ្ហើយ! យកទៅដាក់ ដាច់សីល ដាច់ទានអស់រលីងហើយ។ អញ្ចឹងទេ មានតែយាយជី តាជី តែប៉ុណ្ណោះ ដែលអាចទៅនៅវត្ត … យើងត្រូវបន្តការខិតខំបន្តទៀត ដើម្បីរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការឆ្លើយតបជាមួយនឹងតម្រូវការរបស់គ្រូ​ ដែលត្រូវយកមកបង្រៀននៅទីនេះ ធ្វើការគ្រប់គ្រងនៅទីនេះ ក៏ដូចជាសម្រាប់សិស្សផងដែរ។ សាកលវិទ្យាល័យថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ អាចនិយាយថា នៅមិនទាន់ចប់នូវតម្រូវការចាំបាច់ ដែលទាមទារឱ្យយើងធ្វើការវិនិយោគ​បន្ថែមទៀតនោះទេ។ យ៉ាងណាក៏ដោយ យើងបានដោះស្រាយមួយជំហានហើយ តាមរយៈការបង្កើតឡើងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឆ្លើយតបទៅនឹងការសិក្សារបស់និស្សិតនៅក្នុងខេត្តក្រចេះ ក៏ដូចជា នៅភូមិភាគ​ឦសានរបស់យើង។

ប៉ុល ពត មិនអាចរឹបអូសចំណេះដឹងនៅក្នុងខួរក្បាលរបស់មនុស្ស

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយក​ឱកាសនេះ អំពាវនាវចំពោះមាតាបិតាសិស្ស ក៏ដូចជា ចំពោះយុវជនទាំងឡាយ សូមប្រើប្រាស់ឱ្យបានល្អបំផុត នោះគឺការចាប់យកនូវចំណេះវិជ្ជា ដែលខ្លួនត្រូវយក។ នេះជាការចាំបាច់ខ្លាំងណាស់។ ឪពុកម្តាយក៏ដូចគ្នាដែរ មិនត្រូវឃើញថា ទ្រព្យសម្បត្តិដែលខ្លួនចែកទៅឱ្យកូនចៅ អាចនឹងស៊ីបានមួយជីវិត មិនមែនដូច្នោះទេ។ ទ្រព្យសម្បត្តិអាចនឹងចោរលួច ចោរប្លន់ អាចនឹងភ្លើង​ឆេះ ក៏ប៉ុន្តែ សម្រាប់ការផ្តល់នូវចំណេះវិជ្ជា គឺពាក្យគេថា “កណ្តៀរក៏មិនកោរ កណ្តុរក៏មិនកាត់” សូម្បីតែក្នុងជំនាន់ ប៉ុល ពត គេអាចសម្លាប់បាន អាចរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបាន ប៉ុន្តែ គេមិនអាចរឹបអូសនូវធនធាននៅក្នុងខួរក្បាល នូវចំណេះដឹងនៅក្នុងខួរក្បាលរបស់មនុស្សបានទេ។ ដូច្នេះហើយ បានជាយើងសេសសល់មនុស្សបន្តិចបន្តួច តាមរយៈការចាប់ផ្តើមរបស់យើង “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”។ ចំណុចនេះ ក៏ផ្តល់ឱកាសសម្រាប់ឱ្យយើងងើបរើបឡើងជាបណ្តើរ ហើយតាមរយៈនោះ វិស័យអប់រំរបស់យើងបានក្លាយទៅជាប្រព័ន្ធអប់រំមួយដ៏ល្អ ដែលពិតមែនតែវាមិនឥតខ្ចោះ តែបើប្រៀបធៀបទៅនឹងពេលដែលយើងទើបនឹងចេញដំណើរ គឺយើងពិតជាមានការលំបាក។

ការបណ្តុះបណ្តាលគ្រូ ឈានដល់ ១២ បូក ២, ១២ បូក ៤, បរិញ្ញាបូក ១

អម្បាញ់មិញ ខ្ញុំបានជួបក្មួយៗ ដែលជាគរុសិស្ស ហើយគេគិតថា ឆ្នាំនេះ មានមួយចំនួននឹងចេញទៅបង្រៀន។ គ្រប់ខេត្តទាំងអស់ យើងមានគរុកោសល្យខេត្ត ហើយនិងតំបន់មួយចំនួនមានគរុកោសល្យភូមិភាគដែលបណ្តុះបណ្តាលគ្រូនៅគ្រប់ទីកន្លែង។ ក្រោយរំដោះឆ្នាំ ១៩៧៩ យើងរើសឱ្យខានតែបាន ដើម្បីដាក់បញ្ជូលទៅធ្វើគ្រូបង្រៀន ប៉ុន្តែ គ្រូជំនាន់នោះមកដល់ពេលនេះ នៅសល់តិចតួចណាស់ ប្រសិនបើនៅសល់ភាគច្រើនបានចូលនិវត្តទៅហើយ ជំនួសដោយគ្រូដោយមានការបណ្តុះបណ្តាល ដូចជា ១២ បូក ២, ១២បូក ៤, បរិញ្ញាបូក ១ ដើម្បីបញ្ជូនគ្រូនោះ សម្រាប់ការបំពេញឱ្យសាលានានា នៅក្នុងក្របខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើង។

ខិតខំជម្រុញចុះឈ្មោះសិស្ស ដើម្បីឱ្យសិស្សទទួលបាននូវការសិក្សា

សម្រាប់ខេត្តក្រចេះ គឺអាចចាត់ទុកថា ជាការវិនិយោគដ៏គំហុក​ សម្រាប់ទ្រទ្រង់ឱ្យការរីកចម្រើននៅខេត្តក្រចេះ។ កាលពីដើមនៅក្នុងខេត្តក្រចេះមានវិទ្យាល័យតែមួយទេ ប៉ុន្តែ យើងសព្វថ្ងៃនេះមានវិទ្យាល័យរហូតទៅដល់ ៦ កន្លែង ដែលអាចទ្រទ្រង់បាននូវការដោះស្រាយបញ្ហាសិស្ស​ ហើយឥឡូវនេះចំនួនសាលាច្រើនណាស់ បើនិយាយពីបឋមសិក្សា ២៧២ កន្លែង គឺជាចំនួនមួយដែលច្រើ​ន ដែលនោះជាឱកាស ដែលសុំអំពាវនាវឱ្យមាតាបិតា សុំខិតខំជម្រុញចុះឈ្មោះសិស្ស ដើម្បីឱ្យសិស្សទទួលបាននូវការសិក្សា។ មិនត្រូវឃើញថា កូនវាធំពេញវ័យ ធំមួយចំនួនហើយ បញ្ឈប់វាឱ្យនៅធ្វើកិច្ចការនៅផ្ទះ បញ្ឈប់វាឱ្យជួយមើលប្អូន បញ្ឈប់វាឱ្យជួយដាំស្ល។ ចំណុចនេះ គឺជាចំណុចដែលមើលមិនបានឆ្ងាយទេ ដែលទាមទារឱ្យមានការវិនិយោគ មានការជម្រុញលើកទឹកចិត្តមាតាបិតា​​ ដើម្បីឱ្យកូនទៅរៀន ហើយក៏ត្រូវជម្រុញនូវសិស្ស ដើម្បីធ្វើម៉េចឱ្យពួកគេបានរៀន។

កុមារ និងយុវជនបញ្ចប់ការសិក្សា ឆ្ពោះទៅអនុវិទ្យាល័យ នៅមិនឆ្ងាយពីផ្ទះ

យើងបន្តដាក់ពង្រាយអនុវិទ្យាល័យឱ្យបានច្រើន ដើម្បីធានាឱ្យពួកគេអាចចេញពីបឋមសិក្សាចូលទៅអនុវិទ្យាល័យ។ នៅក្នុងទីនេះ នៅខេត្តក្រចេះមាន ៤៧ ឃុំ យើងមាន ៤១ ឃុំ បូកជាមួយវិទ្យាល័យ ១១ កន្លែង អញ្ចឹងទេ អាច​ថា គ្រប់ឃុំទាំងអស់មានអនុវិទ្យាល័យទៅហើយ ព្រោះដោយសារអនុវិទ្យាល័យខ្លះវានៅជាប់នឹងវិទ្យាល័យតែម្តង​​។ អញ្ចឹងទេ ស្ថានភាពបែបនេះផ្តល់ឱកាសសម្រាប់កុមារ និងយុវជនរបស់យើងទទួលបានបញ្ចប់ការសិក្សាហើយ គឺគេនឹងតម្រង់ឆ្ពោះទៅអនុវិទ្យាល័យ ដែលមិននៅឆ្ងាយពីផ្ទះដូចកាលពីសម័យមុន។ កាលពីមុន ក្នុងមួយស្រុកមានត្រឹមតែអនុវិទ្យាល័យមួយ គឺច្រើនណាស់ទៅហើយ ប៉ុន្តែឥឡូវនេះ យើងនិយាយពីឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ដែលយើងត្រូវខិតខំបន្តទៀត។

កសាងអគារសិក្សាថ្មី ឆ្លើយតបកំណើនសិស្ស និងភូមិករថ្មី

ការវិនិយោគនៅទូទាំងប្រទេសរបស់យើង យើងពិនិត្យឃើញថា យើងកំពុងតែប្រឈមទៅនឹងការទាមទារនូវការកសាងបន្ថែមអគារសិក្សាមួយផ្នែក កសាងអគារសិក្សាថ្មីៗ ដើម្បីបម្រើទៅឱ្យការកើនឡើង នៃចំនួនសិស្ស និងភូមិករថ្មីៗរបស់ប្រជាពលរដ្ឋ ដែលទៅតាំងទីលំនៅថ្មីនៅតាមភូមិដ្ឋាននានា តាមរយៈការធ្វើសម្បទានដី និងផ្តល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋក្នុងរយៈពេលកន្លងទៅ ដែលនៅទីនោះបានកើតជាភូមិករ ហើយភូមិករទាំងនោះ កំពុងទាមទារឱ្យយើងវិនិយោគទៅលើសាលារៀន សម្រាប់កុមារ កូនរបស់ប្រជាពលរដ្ឋ ដែលទៅរស់នៅទីនោះ ហើយពួកគេមានសាលារៀ​ន នេះជាចំណុចទី ១។

កសាងអគារសិក្សាថ្មី ជំនួសសាលាចាស់ទ្រុឌទ្រោម

ឯចំណុចទី ២ សាលាយើងមួយចំនួនបានចាស់ទ្រុឌទ្រោមហើយ​ យើងត្រូវកសាង។ សាលាណា​ជួសជុលបានក៏ជួសជុល សាលាណាជួសជុលមិនបានក៏ត្រូវតែ(សាងសង់ថ្មី)។ ដូចជាអនុវិទ្យាល័យមួយនេះ ប្រ​សិន​បើទុកត្រឹមតែ ២ ឆ្នាំទៀត ប្រហែលជាអគារនេះនឹងត្រូវបាក់រលំតែម្តង ហើយនៅពេលដែលវាបាក់រលំ តើសិស្សប៉ុន្មាន គ្រូប៉ុន្មានដែលត្រូវទទួលការស្លាប់ដោយការបាក់អគារបែបនេះ? ព្រោះអគារនេះតាំងពីក្នុងទសវត្សរ៍ ៦០ ឯណោះ​ ហើយវាត្រូវគ្រាប់ វាត្រូវស្អីឯណា គ្រប់បែបយ៉ាងទាំងអស់។ ដូច្នេះ ទាមទារឱ្យយើងធ្វើការវិនិយោគបន្ថែមទៀត ទៅលើការកសាង សម្រាប់តម្រូវការថ្មីនៃការកើនឡើងភូមិករ នៃការកើនឡើងនៃចំនួនសិស្ស ហ្នឹងមួយផ្នែក។​ មួយផ្នែកទៀតក៏មានតម្រូវការកសាងជំនួសអគារចាស់ៗ ដែលយើងបានកសាងកាលពីពេលមុន។

រាជរដ្ឋាភិបាល ធ្វើវិភាគទានថវិកាបម្រើការអភិវឌ្ឍក្នុងវិស័យអប់រំ

នេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវធ្វើវិភាគទានថវិកាបម្រើទៅដល់ការអភិវឌ្ឍក្នុងវិស័យអប់រំ។ មួយផ្នែកផ្តល់ហើយសម្រាប់អាហារូបករណ៍ ប៉ុន្តែ បញ្ហាមូលដ្ឋានគ្រឹះ បើមានអាហារូបករណ៍ អត់មានថ្នាក់រៀនទេ ក៏មិនដឹងថាយកទៅរៀនអ្វីដែរ។ តម្រូវការមួយទៀត ផ្ទះគ្រូ និងតម្រូវការផ្ទះសិស្ស ដែលនៅតាមវិទ្យាល័យ និងនៅតាមសាកលវិទ្យាល័យ និងនៅតាមឧត្តមសិក្សា ក៏នៅតែជាបញ្ហាចោទ ដែលយើងទាមទារនូវការគិតគូរអំពីថវិកា ដើម្បីជម្រុញនូវការវិនិយោគ សម្រាប់វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា។

ធនធានមនុស្សជាផ្នែកចាំបាច់ សម្រាប់ការអភិវឌ្ឍ

ប្រទេសដែលមានការអភិវឌ្ឍមួយចាំបាច់ត្រូវមានធនធានមនុស្ស នេះគឺជារឿងច្បាស់។ ការចាប់ផ្តើមរបស់យើងជាមួយនឹងធនធានមនុស្សដែលនៅសេសសល់តិចតួច​ ប៉ុន្តែឥឡូវនេះ ធនធានមនុស្សរបស់យើងក៏មានការកើនឡើង ក៏ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ ជាមួយនឹងតម្រូវការដែលយើងត្រូវផ្តល់ឱ្យសម្រាប់ការ​វិនិយោគ (ដើម្បី)អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សូម្បីតែការវិនិយោគ ទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគមកពីក្រៅប្រទេស សុទ្ធតែមានតម្រូវការអំពីធនធានមនុស្សដែលយើងត្រូវផ្តល់ជូន។

ក្រុមហ៊ុនក្នុងស្រុក និងពីក្រៅស្រុក ជួលអ្នកបច្ចេកទេស/កម្មករឯកទេសមកពីខាងក្រៅ

អ្នកដែលវិនិយោគនៅក្នុងប្រទេស មានក្រុមហ៊ុនមួយបានប្រាប់ខ្ញុំថា ​ត្រូវការជ្រើសរើសបុគ្គលិកចំនួនជាង ៤០០ នាក់ ក៏ប៉ុន្តែ នៅពេលដែលជ្រើសរើសតាមរយៈការប្រឡងប្រជែង គឺជ្រើសរើសបានត្រឹមតែប្រមាណជាង ២០០ នាក់ តែ​ប៉ុណ្ណោះ។ ពិតមែនតែមាននិស្សិតចូលប្រឡងច្រើន ក៏ប៉ុន្តែ លក្ខខណ្ឌតម្រូវដើម្បីឱ្យគ្រប់គ្រាន់នៅក្នុងក្រុមហ៊ុនរបស់គេ គឺវាមិនទាន់គ្រប់គ្រាន់។​ តាមរយៈនេះ ក្រុមហ៊ុនខ្លះនៅក្នុងស្រុក ទៅជួលអ្នកឯកទេសមកពីខាងក្រៅប្រទេសមកធ្វើការដោយបង់ប្រាក់ខែយ៉ាងខ្ពស់។ ឯក្រុមហ៊ុនមកពីខាងក្រៅប្រ​ទេស ក៏មានចំនួនកាន់តែច្រើន ដើម្បីចូលមកវិនិយោគ។ ក្រុមហ៊ុនទាំងនោះ មិនចង់នាំមកនូវបុគ្គលិកបរ​ទេសនោះទេ ក៏ប៉ុន្តែ ដោយសារតែយើងខ្វះធនធានមនុស្សដើម្បីផ្តល់ឱ្យពួកគេ ដូច្នេះ តម្រូវឱ្យក្រុមហ៊ុនដែលមកពីក្រៅ ត្រូវនាំមកជាមួយនូវអ្នកបច្ចេកទេស ឬកម្មករឯកទេស ដើម្បីអនុវត្តនូវគម្រោងការក្នុងប្រទេស។

កុំភ័យថាចិនមកនៅស្រុកខ្មែរ

ខ្ញុំលើកឧទាហរណ៍ជាក់ស្តែង ក្នុងរយៈពេលចុងក្រោយនេះ​ មានមតិមួយចំនួន ដែលជាមតិអគតិទាំងស្រុង មានការរិះគន់ទៅលើក្រុមហ៊ុនចិន ជនជាតិចិនមកកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនថា តើជនជាតិចិនមកកម្ពុជានេះ គេមករបៀបម៉េច? ទី ១. ទេសចរ ១ លាន ២ សែននាក់ នាំមកនូវប្រាក់ចំណូលពីប្រទេសចិនមកកម្ពុជាច្រើនណាស់។ ចិនគេមិនមកនៅស្រុកខ្មែរទេ។ បើចិនជំនាន់ដើម កាលពីជំនាន់គេលុកលុយ ជំនាន់វេទនានោះ អាហ្នឹងចិនពិតជារត់ពីស្រុកចិនមកនៅស្រុកខ្មែរ នៅអាស៊ីអាគ្នេយ៍ច្រើន។ នៅស្រុកខ្មែរ នៅ​តាមដងទន្លេមេគង្គរបស់យើង រាប់ទាំងប្រពន្ធរបស់ខ្ញុំ (ដូនតាគាត់មាន)កំណើតនៅហៃណាន។ ប៉ុន្ដែ សម័យ​នោះ សម័យចិនក្រលំបាក ត្រូវទទួលការឈ្លានពានពីបរទេស ដូច្នេះមានការរត់ចេញមកប្រទេសកម្ពុជា។ ឥឡូវ ឱ្យតែចូលឆ្នាំចិន និយាយពីផ្ទះណាក៏សែនដែរ។ ត្រឹមទសវត្សរ៍ ៧០ មួយភូមិសែនត្រឹម ៥ ឬ ១០ គ្រួសារ ឥឡូវមួយភូមិដដែល សែនឡើង ៥០ ទៅ ៦០ គ្រួសារ ព្រោះចេះតែយកគ្នាទៅ ឯណេះកាត់ចិនបន្ដិច ឯណោះកាត់​ចិនបន្ដិច …។

ឆេងម៉េងអត់ដឹងថាម៉េច​ទេនោះ? ឆេងម៉េងមានប្រវត្ដិរបស់គេអញ្ចេះ។ រជ្ជកាលឆេង និងរជ្ជកាលម៉េង តែរជ្ជ​កាលឆេងមិនត្រូវគ្នា​ … ធ្វើយ៉ាងម៉េចឱ្យមនុស្សកោរ(សក់)ក្បាលពាក់កណ្ដាល ហើយគេហាមឃាត់ការរៀបអា​ពាហ៍ពិពាហ៍ រវាងឆេង និងម៉េងទៀត។ ដល់តែក្រោយមកមានការសម្រុះសម្រួល បានជាបង្កើតឱ្យមានឆេងម៉េងហ្នឹងឡើង។ អាហ្នឹងតាមដែលខ្ញុំសិក្សាស្រាវជ្រាវទេ។ ប៉ុន្ដែ អគ្គរដ្ឋទូតគាត់ក្រវីក្បាល ថាអាហ្នឹងមិនមែន​។ មានការស្រាវជ្រាវមួយ ចានមួយនៅវត្ដកំពង់ហ្លួង ពីដើមពាណិជ្ជកម្មរវាងចិន និងកម្ពុជា មានច្រើនណាស់ ប៉ុន្ដែបានមកលិចសំពៅ លិចកាណូត លិចទូកនៅក្នុងតំបន់ពញាឮនៅ​ទន្លេសាប ហើយក៏មានសល់ចានមួយចំនួន។ អក្សរនៅក្នុងចានហ្នឹងគេដាក់ទឹកហូរមិនត្រឡប់។ ខ្ញុំបានសួរគេថា ​ម៉េចបានដាក់នៅលើចានអញ្ចឹង? អ្នកសរសេរនៅលើចានចង់និយាយថា កាលណាដូររជ្ជកាលហើយ មិនដែលរ​ជ្ជកាលនោះត្រឡប់មកវិញទេ ដូរតាំងពីថាង មកសុង ដូរពីសុង មកយាន ដូរពីយាន មកម៉េង ហើយបានចេញ​មកឆេង ហើយបានមកឥឡូវ វាអត់ត្រឡប់ទៅក្រោយវិញទេ។

ធនធានមនុស្សកម្ពុជាមានកម្រិត ទើបមានវត្តមានជនបរទេសមកធ្វើការ

ខ្ញុំត្រូវគូសបញ្ជាក់ ក្រៅពីទេសចរ​ចិន ១ លាន ២ សែន នាក់ នៅមានក្រុមហ៊ុនចិនច្រើនណាស់ ដែលមកវិនិយោគនៅកម្ពុជា និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ យើងអត់ទាន់មានលទ្ធភាពផ្គត់ផ្គង់កម្មករឱ្យទៅបណ្ដាការដ្ឋាន ដែលកំពុងសាងសង់។ ឧទាហរណ៍៖ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលឥឡូវនេះ កំពុងចាប់ផ្ដើមសាងសង់នៅស្ទឹងត្រង់ និងក្រូចឆ្មារ នៅក្នុងខេត្តកំពង់ចាម។ តើយើងមានកម្មករគ្រប់គ្រាន់ ដើម្បីមានសមត្ថភាពសម្រាប់​កសាង​ស្ពាន​ហ្នឹង​ហើយ​ឬនៅ? វាអត់ទាន់មាន។ អគារខ្លះរបស់ចិនមកវិនិយោគនៅកម្ពុជា ៣០ ជាន់, ៤០ ជាន់, ៥០ ជាន់ យើងអត់ទាន់មានកម្មករគ្រប់គ្រាន់​ទេ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។ ដូច្នេះហើយបានឃើញវត្ដមានកម្មកររបស់ចិន។ កុំព្រួយរហូតថាចិនចង់នៅស្រុកខ្មែរ អ្នកទាំងនោះ​ចង់​ឱ្យតែរួចការងារ ដើម្បីបានប្រាក់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញតែប៉ុណ្ណឹង។ បើយើងផ្គត់ផ្គង់ធនធានមនុស្សឱ្យបានគ្រប់ គឺប្រហែលជាគេមិនយកអ្នកបច្ចេកទេសពីស្រុកគេមកទេ។ ​ក្រុម​ហ៊ុនបរទេសមួយណា ក៏តែងតែមាន​អ្នកឯកទេសបរទេស នៅពេលដែលយើងផ្ដល់នូវ​តម្រូវការឱ្យ​គេមិន​ទាន់​គ្រប់​។

ពន្លឿនការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ

រឿងដែលល្អមួយនៅក្នុងវិស័យ​កាត់ដេរ កំពុងតែដកចេញអ្នកបច្ចេកទេស ដែលមកពីខាងក្រៅ ជំនួស​ដោយ​អ្នក​បច្ចេក​ទេសរបស់កម្ពុជា។ ក៏ប៉ុន្ដែ ផ្នែក​សំណង់មួយចំនួន ផ្នែកវិនិយោគមួយចំនួន តម្រូវការពលករដែល​មកពីក្រៅ​ប្រទេស ដែលមានជំនាញដើម្បី​វិនិយោគបម្រើឱ្យការអភិវឌ្ឍក្នុងស្រុករបស់យើង។ អញ្ចឹងទេ ដើម្បីដោះ​ស្រាយ​បញ្ហា​ទាំងអស់ ​មិនគ្រាន់​តែបម្រើឱ្យ​ការវិនិយោគទេ តែបម្រើការអភិវឌ្ឍរយៈពេលវែង​របស់កម្ពុជា ដែល​ត្រូវប្រែ​ក្លាយ​ខ្លួនពីប្រទេស​ដែលមាន​ប្រាក់​ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមាន ប្រាក់ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ ២០៣០ ហើយក្លាយ​ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ការ​ងារដែលត្រូវធ្វើគឺពន្លឿន​នៃដំណើរការបណ្ដុះ​បណ្ដាល​​ធនធាន​មនុស្សឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតប​ទៅនឹង​ការ​អភិវឌ្ឍ។ បច្ចេកវិទ្យាកាន់តែទំនើប ប៉ុន្តែបើមនុស្សអត់ទំ​នើប ក៏វានៅតែប៉ុណ្ណឹង។ ដូច្នេះហើយ​បានជា​យើង​ខិតខំធ្វើទៅលើរឿងនេះ។

យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី ១

បន្ដទៅទៀត នៅក្នុងអាណត្ដិទី ៥ ដែលជិតចប់​ទៅ​នេះ យើង​បានដាក់​ចេញនូវមុំទី ១ ក្នុងចំណោមអាទិភាពទាំង ៤ គឺការអភិវឌ្ឍធនធានមនុស្ស។ ខ្ញុំបាន​ប្រកាស​ដាក់ចេញនូវគោលនយោបាយអាទិភាព ៤ យ៉ាង ក្នុងឆ្នាំ ១៩៨៧ ដែលគិតមកដល់ពេលនេះមានរយៈពេល ៣១ ឆ្នាំហើយ គឺវាត្រូវ។ បានសេចក្ដីថា នយោបាយអាទិភាព​របស់យើង ដែលបានផ្ដោត​ការយកចិត្តទុក​ដាក់​វិនិយោគ “ទឹក ផ្លូវ ភ្លើង និងមនុស្ស”។ ធ្វើ​យ៉ាងម៉េចដោះ​ស្រាយទឹកឱ្យប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ និង​ស្រោចស្រពក្នុងវិស័យកសិកម្ម។ ធ្វើយ៉ាង​ណាកសាងផ្លូវតភ្ជាប់។ ធ្វើយ៉ាងណាដើម្បី​កសាង​អគ្គិសនី ដើម្បី​ការអភិវឌ្ឍ មិនគ្រាន់តែវិស័យឧស្សា​ហ​កម្ម​ទេ វិស័យសេវាក៏មានតម្រូវការរបស់វា ហើយខិតខំវិនិយោគ​ទៅលើធនធានមនុស្ស គឺវិស័យអប់រំ។

វិភាជន៍ថវិកាក្រសួងអប់រំ យុវជន និងកីឡា កើន​ឡើងជាង ៣ ដង ប្រៀបធៀបទៅឆ្នាំ ២០១៣

ឆ្នាំ ២០១៣ យើងបានយកធនធានមនុស្សធ្វើជាវិស័យអាទិភាព។ ប្រជាពលរដ្ឋបាន​ឃើញថា នៅក្នុងអា​ណត្តិទី ៥ នេះ រាជរដ្ឋាភិបាលបានយកចិត្ដទុក​ដាក់វិភាជថវិកាទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា កើន​ឡើងជាង ៣ ដង ប្រៀបធៀបទៅហ្នឹងឆ្នាំ ២០១៣។ កើនឡើងជាង ៣ ដង ទៅក្នុងវិស័យអប់រំ។ ដែលក្នុងនោះ ​ប្រាក់ខែគ្រូបង្រៀនរបស់យើងពីឆ្នាំ ២០១៣ មានប្រមាណ​ជា ១០០ ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះ ​ទាបបំផុតក៏ឡើងដល់ ២៥០ ដុល្លារ សហរដ្ឋអាមេរិកផងដែរ។ នេះគឺជាផ្នែកដ៏សំខាន់មួយ។ ទន្ទឹមជាមួយគ្នានូវ​ការតម្លើងបៀវត្សរ៍ និងការយកចិត្តទុកដាក់ដល់ជីវភាពគ្រូបង្រៀន ​យើងក៏បានជម្រុញការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់ ឆ្លើយតបនឹងការចូលរៀនរបស់សិស្ស និង​ការ​បង្រៀនរបស់គ្រូថែម​ទៀត។ យើងប្រើ​ធនធាន​មិនតិច​ទេ ប៉ុន្ដែ វាមិនទាន់ឆ្អែតដែរ វានៅបន្ដមានតម្រូវការបន្ដទៀត។

យុវជនសម័យនេះ ជាយុវជនមានសិទ្ធិជ្រើសរើសគ្រប់យ៉ាង

ខ្ញុំព្រះករុណាខ្ញុំ យល់ថា យុវជនសម័យនេះ គឺជាយុវជន ដែលមានសិទ្ធិជ្រើសរើសគ្រប់យ៉ាង។ អ្នកខេត្តក្រចេះ ជាប់បាក់ឌុបហើយ​ មិនចង់រៀនសាកលវិទ្យាល័យនៅក្រចេះ បែរជាចង់រៀនសាកលវិទ្យានៅទីក្រុងភ្នំពេញ។ នៅពេលដែលខ្លួនមានបងប្អូននៅទីក្រុងភ្នំពេញ គេក៏អាចទៅភ្នំពេញ។ មិនបង្ខំតែអ្នកក្រចេះ ត្រូវតែរៀននៅក្រចេះទេ គេមានសិទ្ធិជ្រើសរើសច្រើនណាស់។ អ្នកខ្លះជាប់បាក់ឌុបហើយ គេមិនចង់បន្តនៅសា​កលវិទ្យាល័យទេ ប៉ុន្តែ គេចង់បន្តទៅរកផ្នែកឯកទេសតាមរយៈនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រ​សួងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅគ្រប់ខេត្តទាំងអស់។ នេះបង្ហាញឱ្យឃើញថា សម័យប្រទេសមានសន្តិភាព និងសម័យប្រទេសមានសង្គ្រាម គឺខុសគ្នា។

ឥឡូវខេត្តក្រចេះរបស់យើង ពីដើមក្រចេះគេមានចម្រៀង “រំដួលក្រចេះ” (ក្រចេះ-ភ្នំពេញ វិលវិញមិនឆ្ងាយ) ប៉ុន្តែ អាហ្នឹងសម្រាប់អ្នកដែលគេមានសង្សារនៅក្រចេះទេ។​ សម័យសង្គ្រាម ពីនេះទៅដល់ភ្នំពេញចំណាយពេលប៉ុន្មានទៅដើម្បីទៅដល់ក្រចេះ? សូម្បីតែមុនឆ្នាំ​ ១៩៧០ យើងមានផ្លូវពីរខ្សែសម្រាប់ទំនាក់ទំនងជាមួយទីក្រុងភ្នំពេញ ដែលត្រូវប្រើពេលបង្គួរដែរ។ ផ្លូវមួយខ្សែពីផ្លូវជាតិលេខ ៧ តភ្ជាប់​ពីក្រចេះទៅឆ្លងសាឡាងនៅទន្លេបិទ រួចហើយចូលទៅដល់ទីក្រុងភ្នំពេញ។ រួចហើយផ្លូវមួយខ្សែទៀត គឺតាមផ្លូវទឹកប្រហែលជាចាស់ៗជំនាន់មុន អាយុស្រករខ្ញុំអីជាដើមនៅចាំបាន។ មានអាដំបងយក្ស ចេញពីភ្នំពេញ ចេញពីក្រចេះ កាត់កំពង់ចាម ទៅចូលផែមួយចំនួន។ ចេញពីក្រចេះរង្វង់ម៉ោង ៣ ល្ងាច ទៅដល់ភ្នំពេញម៉ោង ៣ (ទាប)ភ្លឺ។

យើងក៏មិនត្រូវភ្លេចថា កាលពីអតីតកាល ដីកន្លែងយើងសាងសង់នេះ គឺដីអតីតព្រលានយន្តហោះផ្ទៃក្នុង។ ឥឡូវ វាលែងមានការចាំបាច់ ដើម្បីធ្វើអាកាសយានដ្ឋាននៅទីនេះ។​ ព្រោះបើធ្វើអាកាសយានដ្ឋាននៅទីនេះ ធ្វើគ្រាន់តែដើម្បីឱ្យគោចូលស៊ី(ស្មៅ)តែប៉ុណ្ណឹងទេ។​ ឥឡូវ យកដីហ្នឹងធ្វើសាកលវិទ្យាល័យតែម្តងទៅ។ នៅ​សល់ ៩៩ ហិចតាដែរ។ ជាមួយនឹងដីនៅកន្លែងដទៃទៀត។ ត្រូវគ្រប់គ្រងឱ្យបានជាមួយនឹងដីនេះ ព្រោះយើងត្រូវការពង្រីកបន្ថែម។ ជាមួយនឹងការស្រាវជ្រាវជាក់ស្តែង ដូចជាបញ្ហាបឹង ទាក់ទងនឹងបញ្ហាវារីវប្បកម្ម យ៉ាងម៉េច អីយ៉ាងម៉េច ពូជត្រីយ៉ាងម៉េច អីយ៉ាងម៉េច នៅក្នុងហ្នឹងដើម្បីធានាការអភិវឌ្ឍប្រទេស។

ចូលរួមប្រជុំមហាអនុតំបន់មេគង្គ និងការប្រជុំតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា​ ឡាវ វៀតណាម

យន្តការអភិវឌ្ឍត្រីកោណ ដែលកាលពីប្រជុំនៅទីក្រុងហាណូយ ជាមួយនឹងការប្រជុំមហាអនុតំបន់មេគង្គ និង​ការប្រជុំតំបន់ត្រីកោណអភិវឌ្ឍ រវាងកម្ពុជា ឡាវ និងវៀតណាម ដែលពេលនោះ ខ្ញុំមានអន្តរាគមន៍ចុងក្រោយ (ដោយឃើញ)ថា ​… តំបន់មុំបី រវាងម្ខាងកម្ពុជា​ ម្ខាងឡាវ និងម្ខាងវៀតណាម គឺជាតំបន់ក្រីក្រខ្លាំងណាស់ និងផ្តួចផ្តើមនៅឆ្នាំ ១៩៩៨ និងផ្តើមប្រជុំនៅឆ្នាំ​ ១៩៩៩។ ដល់ទៅធ្វើរបាយការណ៍នៅទីក្រុងហាណូយ ចាប់ផ្តើម ឯកឧត្តម ប៉ាន សូស័ក្តិ ឡើងធ្វើរបាយការណ៍តឹកឡឹក។ របាយការណ៍យកធ្វើផ្លូវបានប៉ុន្មានម៉ែត្រ? អីប៉ុន្មានម៉ែត្រ? បានខ្ញុំចាប់ផ្តើម។ បន្ទាប់ទៅខ្ញុំទុកសុន្ទរកថាមួយឡែក​។ ខ្ញុំថា មើលគិតផ្លូវលំពី​ត្រង់ណាបានប៉ុន្មានម៉ែត្រ? ទៅអីអាទឹកសុភក្រមិត្តអីឯណានោះ។ ខ្ញុំថា ចុះកម្ពុជាខ្លួនឯងនេះ វិនិយោគដល់កម្រិតសូម្បីតែខេត្តក្រចេះមានសាកលវិទ្យាល័យទៅហើយនោះ ម៉េចក៏មិនចូលទៅក្នុងរបាយការណ៍?

គិតតែអាជំនួយបរទេសបន្តិចបន្តួចហ្នឹង យកមកដាក់ទៅក្នុង​របាយការណ៍? ឡាវបានប៉ុន្មាន? វៀតណាមបានប៉ុន្មាន? យើងបានប៉ុន្មាន? តែយើងអត់បានគិតថា យើងវិនិយោគខ្លួនឯងវាបានប៉ុន្មាន? ពីដើមយើងមានទេផ្លូវ? ផ្លូវលំបាកណាស់តភ្ជាប់ពីទីក្រុង ពីក្រចេះទៅកាន់ស្ទឹងត្រែង ពីស្ទឹងត្រែងឡើងទៅរតនគីរី ពីរតនគីរីទៅព្រំដែនវៀតណាម។ ពីក្រចេះឡើងទៅស្ទឹងត្រែង​ ពីស្ទឹងត្រែងទៅព្រំដែនឡាវ។ ពីស្ទឹងត្រែងទៅព្រះវិហារ ពីរតនគីរីទៅមណ្ឌលគីរី យើងមានការលំបាក។​

មិត្តចិនជួយតភ្ជាប់ភូមិភាគឦសាន

ឥឡូវ តាមរយៈការវិនិយោគផ្ទាល់របស់ខាងផ្នែកកម្ពុជា វាមិនមែនស្ថានភាពដូចឆ្នាំ​ ១៩៩៨ ទៀត ហើយទៅរៀបរាប់បានធ្វើផ្លូវលំ ៣០ គីឡូម៉ែត្រ។ ខ្ញុំអត់អានៗទៅវាទើសភ្នែកពេក។​ អញ្ចឹងទេ និយាយអានេះតែម្តង ព្រោះការពិតយើងធ្វើមិនតិចទេ។ គ្រាន់តែមិត្តចិនជួយតភ្ជាប់ហ្នឹង គឺឦសានហ្នឹងមួយជុំ …។ ឥឡូវ ដល់ត្រឹមស្នួល បែកខ្នែង​ឡើងទៅមណ្ឌលគិរី។ ផ្លូវ ៧៦ មិត្តចិនជួយ ដែលពីមុនគេថា មណ្ឌលគីរី ដីស្អិតចិត្តមិនចង់ទៅ ហើយបើទៅហើយ មិនចង់មកវិញទេ។ ព្រោះមណ្ឌលគីរី វាអត់មានផ្លូវ។​ ប៉ុន្តែឥឡូវផ្លូវចាក់​កៅស៊ូ​ពីស្នូលទៅមណ្ឌលគីរី រួចហើយឆ្លងទៅព្រំដែនវៀតណាម រួចហើយឆ្លងទៅពីមណ្ឌលគិរី​មកកាន់រតនគិរី ពីរតនគិរីទៅព្រំដែនវៀតណាម ក៏មានផ្លូវលេខ ៧៨ ​ហើយពីរតនគិរីមកដល់ស្ទឹងត្រែង ក៏មានផ្លូវលេខ ៧៨។ ពីស្ទឹងត្រែងមកដល់ក្រចេះ ក៏មានផ្លូវលេខ ៧។ អ្វីដែលសំខាន់ជាងនេះ ស្ពានឆ្លងពីទន្លេសេកុង ដែលហៅថាស្ពានមិត្តភាពកម្ពុជា-ចិន បានកសាងរួចរាល់ ដាក់ឱ្យដំណើរជាង ១០ ឆ្នាំ ទៅហើយ កំ​ពុងតែតភ្ជាប់ជាមួយនឹងព្រំដែនឡាវតាមរយៈផ្លូវជាតិលេខ ៧។ បន្ថែមលើនោះ យើងធ្វើស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែងមួយទៀត ដើម្បីតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៩ ទៅខេត្តព្រះវិហារ ដោយមិនចាំបាច់ធ្វើដំណើរថយក្រោយទេ។

យន្តការលេខាធិការដ្ឋានសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍គួរត្រូវបានរៀបចំឡើងវិញ

បើនិយាយពីវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា វាកើតច្រើនណាស់ ប្រើប្រៀបធៀបជាមួយ(ឆ្នាំ) ១៩៩៨ ពេលដែលយើងចាប់ផ្តើម។ យន្តការលេខាធិការដ្ឋានសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ គួរត្រូវបានរៀបចំឡើងវិញ ហើយពិនិត្យអំពីរបៀបគណនាអំពីកំណើនរបស់វា។ យកអាថវិកាបន្តិចបន្តួចដែលជាជំនួយបរទេស រួចប្រជុំម្តងៗ ត្រួតពិនិត្យលើតែអាជំនួយហ្នឹង? ចុះអាខ្លួនឯងធ្វើម៉េចក៏មិនគិតផង? យើងធ្វើច្រើនណាស់ មិនតិចទេណា។ ពីដើមសាលាមួយជាន់ ឥឡូវ សាលា ៣ ទៅ ៤ ជាន់។ បង្កើតឡើងនូវស្ថានភាពបែបនេះ។ (មាន)សូម្បីវារីអគ្គិសនីសេសាន (ដែល)បន្តិចទៀតខាងក្រចេះវាគ្មានរឿងអីដែលលំ​បាកទេ។ ឥឡូវហ្នឹងក្រែងក្រចេះផ្គត់ផ្គង់ភ្លើងមកពីសេសានហើយតើ ចុះម៉េចក៏មិនរៀបរាប់ផងអាហ្នឹង? … ខ្ញុំមើលឃើញទឹកប្រាក់ប្រហែលជា ២ លាន(ដុល្លារអាមេរិក) ក្នុងពេលដែលឯងវិនិយោគអស់ប្រហែល ៤០០ ទៅ ៥០០ លាន(ដុល្លារអាមេរិក)ហើយ តាំងពីឆ្នាំ ១៩៩៨ មក។ ដល់ទៅមើលឃើញផ្លូវក្រាលក្រួសក្រ​ហម​បានប៉ុណ្ណេះ ចុះអាចាក់កៅស៊ូម៉េចក៏មិនដាក់ផង?

លេខាធិការដ្ឋានសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កែប្រែរបៀប(ធ្វើ)ការ និងធ្វើរបាយការណ៍

សុំរំលឹកដាស់តឿនឱ្យកែប្រែនូវរបៀប(ធ្វើ)ការងារ និងរបៀបធ្វើរបាយការណ៍ ដើម្បីពិនិត្យមើលសមិទ្ធ​​ផលនៅក្នុងខេត្ត ៤ ដែលយើងដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ។ ខ្ញុំសូមបញ្ជាក់ខេត្ត ៤ នេះ នៅជាខេត្តរបស់កម្ពុជា តែយើងតភ្ជាប់ជាមួយនឹងខេត្តរបស់ឡាវ និងខេត្តរបស់វៀតណាម ដើម្បីងាយតភ្ជាប់គ្នា និងជួយបំពេញឱ្យគ្នាទៅវិញទៅមក។ ឥឡូវនេះខេត្ត ៤ របស់យើង ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក៏មានបញ្ជូននិស្សិតខ្លះទៅរៀននៅខាងវៀតណាម។ ប៉ុន្តែ នៅពេលដែលសាកលវិទ្យាល័យនេះបានកើត វាក៏បានធ្វើឱ្យមានការកាត់បន្ថយការពឹងផ្អែកទៅលើវៀតណាមនៅម្ខាង ប៉ុន្តែ មិនមែនបានសេចក្តីថា សាកលវិទ្យាល័យមួយនេះសព្វគ្រប់នោះទេ។ នៅមានសាខាសាកលវិទ្យាល័យមួយចំនួន នៅតាមខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែងហើយដែរ អាហ្នឹងផ្នែកវិស័យឯកជន ដែលមានការតភ្ជាប់ តែខ្ញុំព្រះករុណាខ្ញុំ ចង់និយាយអំពីសាកល​វិទ្យាល័យរបស់រដ្ឋនៅទីនេះ។

នឹងសង់ស្ពានមួយទៀតនៅក្រចេះ

ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ជូនទាំងបងប្អូននៅខេត្តក្រចេះ និងបញ្ជាក់ជូនទាំង ឯកឧត្តមអគ្គរដ្ឋទូត នៃសា​ធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលខ្ញុំនិយាយថា ស្ពានវាមិនទាន់គ្រប់។ ត្រូវបង្កើតស្ពានមួយនៅហ្ននឹងក្រចេះរបស់យើង នៅទីរួមខេត្តក្រចេះហ្នឹង។ ស្ពានឆ្លងទន្លេមេគង្គនៅនឹងក្រចេះហ្នឹង ដើម្បីបង្កើតការងារស្រួលទំនាក់ទំនង រវាងអ្នកខេត្តក្រចេះឆ្លងកាត់ទៅកំពង់ធំ ឆ្លងកាត់ទៅសៀមរាបឱ្យលឿន អានេះបើទៅកាត់តាមហ្នឹងជាមួយនឹងកំពង់ធំ តែ ១២៩ គីឡូម៉ែត្រទេ។

វត្តមាន ហ៊ុន សែន/គណបក្សប្រជាជន ឈានទៅបញ្ចប់សាងសង់ស្ពានកាត់ទន្លេមេគង្គក្រចេះ

វត្តមានរបស់ ហ៊ុន សែន វត្តមានរបស់គណបក្សប្រជាជន នៅក្នុងការគ្រប់គ្រងប្រទេសនាពេលខាងមុខ គឺជាវត្តមានដើម្បីឈានទៅបញ្ចប់នូវការសាងសង់ស្ពានឆ្លងកាត់ទន្លមេគង្គនៅក្នុងខេត្តក្រចេះ។ អញ្ចឹងសង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀត ដើម្បីខ្ញុំបន្តដឹកនាំធ្វើស្ពាននៅខេត្តក្រចេះ។ ឯកឧត្តម (ឯកអគ្គរដ្ឋទូតចិន) ខ្ញុំបានប្រកាសជូនប្រជាពលរដ្ឋហើយ … ខ្ញុំបានសិក្សាហើយ។​ ស៊ុន ចាន់ថុល សិក្សាហើយ … គួរតែដាក់ចូល ២០១៩ អា ២០១៨ យើងបើកការដ្ឋាន។ អានោះកំពុងបើកដំណើរការ។ បើអានេះ ២០១៩ ដាក់ចូលឆ្នាំ ២០១៩ ទៅ។ មើលឱ្យវាសឿងបឿងបន្តិចមើល កុំឱ្យគេថាក្រចេះ។ ក្រចេះហ្នឹងថាវាពិតជាឆ្លាតវៃណាស់។ ឯកឧត្តម គាត ឈន់ ដែលជាស្ថាបនិកនៃសាលានេះ … ខ្ញុំបានចូលវិភាគទានតាមរយៈមូលនិធិហ្នឹង ១០ ម៉ឺន ដុល្លារ(អាមេរិក)ដែរ ដើម្បីបង្កើត។

អត់មានថវិកាជាតិទេណា ថវិកាជាតិមានតែអារឿងពន្ធដាស្អីៗ ដែលយើងមិនយក ប៉ុន្តែក្រៅពីនោះ គឺអត់មានថវិកាបដិភាគរបស់រដ្ឋាភិបាលទេ។ បដិភាគរបស់យើងជាមួយនឹងមិត្ត ជាបដិភាគដោយមូលនិធិសប្បុ​រស​ជនទៅវិញទេ ជាង ២ លានដុល្លារសហរដ្ឋអាមេរិក។ ហ្នឹងហើយជាសិល្បៈនៃការចែករំលែកនៅក្នុងក្របខណ្ឌជាតិសាសន៍របស់យើងផង និងនៅក្នុងក្របខណ្ឌនៃមិត្តភក្តិ ដែលចែករំលែកមកឱ្យយើងផង ដែលនេះជាការផ្តល់ជំនួយឥតសំណងរបស់មិត្តចិន សំដៅដោះស្រាយបញ្ហាធនធានមនុស្ស បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ថ្ងៃនេះមើលទៅភ្លៀង ហើយគេឱ្យខ្ញុំព្រះករុណាខ្ញុំ ទៅដល់ភ្នំពេញមុនម៉ោង ១២ ឥឡូវ ទើបហ្នឹង(ម៉ោង) ៩ ជាង។ ឯកឧត្តម លឹម គានហោ (ខ្ញុំមុខជា)ទៅវិញហើយ ព្រោះលឺថាយប់មិញភ្លៀង។ ព្រឹកមិញបើសិនជាហោះពីព្រលឹមបន្តិចអាចនឹងពិបាក (ព្រោះ)ភ្លៀងពីយប់ ដូច្នេះ ព្រលឹមឡើងធម្មតា គឺមេឃវាអត់ស្រឡះទេ។ អញ្ចឹង​ការហោះហើរដោយមើលនឹងភ្នែក មានការលំបាកបន្តិច។ កាលទៅខេត្តព្រះសីហនុក៏ដូចគ្នាដែរ។ អញ្ចឹង ត្រឡប់ទៅវិញ សង្ឃឹមថា មិនទាន់ភ្លៀងទេ។ បើសិនជាភ្លៀង ក៏អាចហោះទៅចុះនៅកន្លែងណាមួយបាន(ដែរ) ព្រោះអម្បាញ់មិញហោះកាត់រកាខ្នុរ ហោះកាត់ផ្នូរដូនតារបស់ប្រពន្ធខ្ញុំនៅខាងរកាខ្នុរ ប៉ុន្តែមិនបាន​ឆ្លងមក(ខាង)ពាមកោះស្នាទេ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់ លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗក្រណាត់ស ១ ដុំ ថវិកាចំនួន ២ ម៉ឺនរៀល។ ជូនយុវជនកាយប្ញទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០០ នាក់ ក្នុងមួយនាក់ៗ​ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ចំនួន ៦៧៦ ក្នុងមួយនាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូននិស្សិត និងគរុសិស្ស (ចំនួន) ៦៨១ នាក់ ក្នុងមួយនាក់ៗ ថវិកា ៣ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ក្រុងក្រចេះ ចំនួន ៤៦៩ នាក់ ក្នុងមួយនាក់ៗ ថវិកា ៥ ម៉ឺនរៀល អមដោយសៀវភៅ ២ ច្បាប់ នៅក្នុងមួយកញ្ចប់ សៀវភៅនេះមួយច្បាប់ជារបស់លោកតា ក្រម ង៉ុយ មួយច្បាប់ទៀត គឺរបស់បណ្ឌិត អ៊ូ ចុង។ សូមឱ្យលោកគ្រូ អ្នកគ្រូ ម្នាក់ៗមាន ១ ច្បាប់ ក្នុងដៃ។ ខ្ញុំបោះ(ពុម្ភ) ១១ ម៉ឺនច្បាប់ ដើម្បីធានាឱ្យគ្រូទាំងអស់មាននៅក្នុងដៃ។ កូនសិស្សយើងដាក់តាមបណ្ណាល័យ។ កូនសិស្សមាន ឱកាសមើលច្រើន។ លោកគ្រូ អ្នកគ្រូ ត្រូវមានសៀវភៅនេះជាប់នឹងខ្លួននៅផ្ទះ ដើម្បីធានាថា ច្បាប់ទូន្មាន របស់ ក្រម ង៉ុយ របស់បណ្ឌិត អ៊ូ ចុង ត្រូវបានគ្រូចេះជាងសិស្ស មិនមែនសិស្សចេះជាងគ្រូទេ។ ប៉ុន្តែ បើគ្រូខ្ជិល ក៏សិស្សចេះជាងគ្រូទេ ព្រោះការប្រៀនប្រដៅមួយនេះល្អណាស់។ ដូច្នេះ សូមលោកគ្រូ អ្នកគ្រូ ទទួលរក្សា ទុកជាវត្ថុអនុស្សាវរីយ៍។

វាគ្មានអីលំបាកទេ សូម្បីតែខ្លួនខ្ញុំ ក៏ខ្ញុំនៅរក្សាទុកនៅនឹងក្បាលដំណេករបស់ខ្ញុំ។ ពេលណាខ្ញុំអផ្សុក ខ្ញុំយកវាមកមើលនូវការប្រៀនប្រដៅរបស់ ក្រម ង៉ុយ និងរបស់បណ្ឌិត អ៊ូ ចុង ផងដែរ។ ជូនសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ​ ថវិកា ៣ លានរៀល។ ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ យុវជនស្រឡាញ់សន្តិភាព និងយុវជន ក១៥៧ ក្នុងមួយក្រុមៗ ថវិកាចំនួន ៣ លានរៀល។ ជូនវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រចេះ ថវិកាចំនួន ២ លានរៀល។ ដូចជានៅខ្វះវិទ្យាល័យមួយទៀត? វិទ្យាល័យ ព្រះសុរាម្រិត, ព្រះកុសុមៈ? វិទ្យាល័យដល់ទៅប៉ុន្មាន? ៣ វិទ្យាល័យ។ ឥឡូវ និយាយថា ៣ អញ្ចេះតែម្តង ១ វិទ្យាល័យជូន(ថវិកា) ចំនួន ២ លានរៀល ដូចគ្នា។ អាហ្នឹងបានស្មើភាព ទាល់តែដាក់ឈ្មោះ ហ៊ុន សែន​បានឱ្យ ដល់ឈ្មោះផ្សេងមិនឱ្យម៉េចហ្នឹងកើត? ព្រោះយើងនិយាយមួយក្រុងក្រចេះ ហើយដល់ទៅបាត់ៗវិទ្យាល័យដល់ទៅពីរ។ ជូនសាកលវិទ្យាល័យក្រចេះ (ថវិកា)ចំនួន ៥ លានរៀល ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ ចំនួន ២០ គ្រឿង ម៉ាស៊ីនព្រីនធ័រ (ចំនួន) ៥ គ្រឿង ម៉ាស៊ីនថតចម្លង (ចំនួន) ២ គ្រឿង និងសៀវភៅ ចំនួន ២០០ កញ្ចប់។ អញ្ចឹង គ្រូនៅវិទ្យាល័យនេះ ក៏នឹងមានអាហ្នឹង ហើយនឹងដាក់នៅក្នុងបណ្ណាល័យ។ ជូនមណ្ឌលសុខភាពអូរប្ញស្សី ថវិកា ២ លានរៀល។ ជូនសាលាក្រុងក្រចេះ ថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រី សម័យ ថវិកា ៥ លានរៀល។

ស្ថានភាពខុសគ្នា រវាង ៤៣​ ឆ្នាំមុន/ក្រោយ

សុំទោស និយាយបន្តិចទៅចុះ ខ្លួនមានតែភ្នែកម្ខាងទេ ម្ខាងពិការទៅហើយ។ កាលពី ៤៣ ឆ្នាំ មុននោះ ពេលនេះភ្នែករបស់ខ្ញុំពិការម្ខាង និងម្ខាងទៀតមើលបានប្រហែលជា ១០០ ម៉ែត្រទេ។ កាលពី ៤៣ ឆ្នាំមុន ម៉ោងថ្មើរនេះ ពេលនេះ ប្រជាពលរដ្ឋរបស់យើងកំពុងធ្វើដំណើរដ៏លំបាកចេញពីទីប្រជុំជនមកកាន់ជនបទ ដោយការជម្លៀសរបស់ ប៉ុល ពត។ កាលពីថ្ងៃទី ១៧-១៨ ជាពិសេស ថ្ងៃទី​ ១៧ គឺថ្ងៃដែលភ្នំពេញត្រូវបានរំ​ដោះ។ ប្រជាជនត្រូវជម្លៀសចេញ។ ហ្នឹងកាលពី ៤៣ ឆ្នាំមុន ប្រជាជននៅទីក្រុងភ្នំពេញ ត្រូវជម្លៀសចេញមកកាន់ជនបទ។ ប៉ុន្តែ ៤៣ ឆ្នាំក្រោយ ប្រជាជនសម្រុកចូលទីក្រុងវិញ បន្ទាប់ពីដើរលេងចូលឆ្នាំហើយ។ ស្ថានភាពវាមិនដូចគ្នានៅកន្លែងហ្នឹង។ វាមិនដូចគ្នាទេ។ កាលពី ៤៣ ឆ្នាំមុន គឺប្រជាជនត្រូវគេជម្លៀស។ កាលពីថ្ងៃទី ១២-១៣ ប្រជាជនចាកចេញពីក្រុង ជម្លៀសខ្លួនឯងទេ ដឹកកូនដឹកចៅទៅលេងស្រុកកំណើត ទៅលេងអង្គរសង្ក្រាន្ត ទៅលេងកន្លែងនេះ/នោះ ដល់ទៅថ្ងៃទី ១៧-១៨ សម្រុកចូលក្រុងវិញ ខុសពីកាល ៤៣ ឆ្នាំមុន។

ការមើលងាយ និងរើសអើងចំពោះជនពិការ ឬអ្នកកើតជំងឺអេដស៍ ជាអំពើអសីលធម៌មិនគួរអត់ឱន

ថ្ងៃទី ១៦ មេសា ១៩៧៥ ខ្ញុំព្រះករុណាខ្ញុំ ត្រូវរបួស។ ឥឡូវនេះ ភ្នែកម្ខាងគឺវាខូចទៅហើយ តែម្ខាងទៀតឱ្យ តែញើសហូរចូលមក រកាំរហូត។ (ញើស)ឱ្យតែហូរធ្លាក់មក ចូលតែភ្នែកហ្នឹង។ ហើយខុសគេអញ្ចេះទៀត តែ​កាលណាបែកញើសចេញមកកន្លែងហ្នឹង យើងយកអាកន្សែងទៅជូតកន្លែងហ្នឹង (ញើស)ចេញអាកន្លែងហ្នឹងកាន់តែច្រើន ហើយបើមិនជូត វាចូលភ្នែកហ្នឹង។ មានតែម្ខាងហើយ ថែមទាំងញើសហ្នឹងចូលភ្នែកទៅទៀត។ សូមអំពាវនាវ សូមឱ្យរក្សានូវភាពគោរព យ៉ាងហោចណាស់នូវផ្នែកសីលធម៌។ អ្នកខ្លះហៅជនពិការអាកំបាក់ អាកំបុត អាខ្វាក់ ខ្លះហៅអាខ្វាង។ នេះជាអំពើអសីលធម៌ ដែលមិនគួរអត់ឱនទេ។ មនុស្សធុនហ្នឹង មិនត្រូវរាប់រក (ព្រោះ)ជាមនុស្សខ្វះការអប់រំ ជាមនុស្សដែលមិនអាចយកជាគ្នាបានទេ។ គេគោរពជនពិការ គេផ្តល់តម្លៃឱ្យជនពិការ ប៉ុន្តែ ខ្លួនឯងបែរជាគេជេរ ជេរអាកំបុត អាកំបាក់ អាខ្វាក់។ ជាអំពើអសីលធម៌ ដែលសង្គមគួរតែត្រូវផ្ចាញ់ផ្ចាលជាមួយនឹងក្រុមអស់ទាំងនេះ។ ពាក្យអាខ្វាក់ ចុះបើកូនខ្លួនឯងវាខ្វាក់ ឬក៏ខ្លួនឯងវាខ្វាក់ តើខ្លួនឈឺចាប់ទេ? សម័យមុនមានអ្នកជេរខ្ញុំអាខ្វាក់ ព្រះមហាក្សត្រថៃ ដែលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គខឹងយ៉ាងខ្លាំង។ ដោយសារអី? ព្រះអង្គក៏ខូចព្រះនេត្រម្ខាងដូចខ្ញុំដែរ។ អញ្ចឹង នៅពេលមានអ្នកនយោបាយជេរខ្ញុំអាខ្វាក់ បានដឹងដល់ព្រះអង្គ ពេលនោះ ព្រះអង្គក៏មានការខឹង។ អាហ្នឹង គឺជារឿងមួយដែលមិនគួរឱ្យមាននៅក្នុងសង្គមកម្ពុជា លើការរើសអើង(ជាមួយនឹងជនពិការ)។

សូម្បីអ្នកកើតជំងឺអេដស៍​ យើងមិនត្រូវឱ្យមានការរើសអើងផង? ហេតុអីត្រូវមានការរើសអើងជាមួយជនពិការ? ជួនកាលខ្លះគ្នាពិការតាំងពីកំណើតដោយជំងឺគ្រុនស្វិតដៃជើង។ ទាមទារឱ្យមានការគោរពគ្នាទៅវិញ ទៅមក។ នេះជាសីលធម៌ ដែលគួរតែមានសម្រាប់មនុស្សគ្រប់រូប មិនគួរត្រូវបានបំភ្លេច ឬមើលរំលងទៅលើ បញ្ហានេះនោះទេ។

ជាថ្មីម្តងទៀត តាមរយៈឯកឧត្តមអគ្គរដ្ឋទូត ​ហើយថ្ងៃនេះឯកឧត្តមអញ្ជើញចូលរួម ម្សិលមិញឯកឧត្តមជាប់ រវល់ជាមួយខ្ញុំពេលព្រឹក ហើយល្ងាចជាប់ជាមួយអភិបាលខេត្តគ័នស៊ី ហើយប្រឹងមកដល់ទីនេះ គឺចាត់ទុកថា ជាការផ្តល់នូវតម្លៃមួយ ផ្តល់នូវកិត្តិយសមួយស​ម្រាប់សាកលវិទ្យាល័យនៅខេត្តក្រចេះរបស់យើង។ ជា​មួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យក្រចេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេស បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ