សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីធនធានទឹកនៃប្រទេសចិន

នៅយប់ថ្ងៃទី ៤ ខែមេសា នេះ បន្ទាប់ពីពិធីលៀងសាយភោជរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួប ឯកឧត្តម E Jingping រដ្ឋមន្រ្តីក្រសួងធនធានទឹកប្រទេសចិន នៅសណ្ឋាគារសុខាសៀមរាប។ លោករដ្ឋមន្រ្តី បានគោរពជម្រាបជូននូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិនជូនចំពោះ សម្ដេចតេជោហ៊ុន សែន។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ឡើងវិញអំពីជំនួបសំខាន់ៗ២លើកកន្លងមកហើយរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ លោកប្រធានាធិបតីចិន Xi Jinping កាលពីឆ្នាំ ២០១៧ និងជំនួបរវាង សម្តេចតេជោ និង លោក Li Keqian នាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១៨ ព្រមទាំងជំនួបថ្មីៗជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi នៅប្រទេសវៀតណាម ក្នុងពេលដែល សម្តេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល GMS6, និង CLV10។ ក្នុងជំនួបទាំងអស់ខាងលើគឺបានពង្រឹងនូវមិត្តភាពជាបងប្អូនដែលមានទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរដែលបានចាត់ទុកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

ប្រទេសចិននឹងបន្តជួយកម្ពុជាព្រមទាំងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឲ្យកាន់តែមានផ្លែផ្កាច្រើនឡើងថែមទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា ការចូលរួមរបស់មិត្តចិននៅក្នុងកិច្ចប្រជុំកំពូលនៃគណកម្មការមេគង្គលើកទី៣ នៅថ្ងៃទី ៤-៥ មេសា នៅសៀមរាបនេះ គឺបានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់មិត្តចិនមកលើកម្ពុជាដែលជាម្ចាស់ផ្ទះផង និងបានរឹតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំរវាងប្រទេសទាំងពីរ និងជាមួយប្រទេសតាមដងទន្លេមេគង្គផងដែរ ដែលនឹងជួយជំរុញការរីកលូតលាស់នៃពាណិជ្ជកម្ម និងទេសចរណ៍ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាតិទាំងអស់។

ពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្រ្ត លោករដ្ឋមន្ត្រីធនធានទឹកចិនបានបញ្ជាក់ថាកន្លងមក តាមរយៈប្រព័ន្ធធារាសាស្ត្រមេគង្គឡានឆាង គឺមានគំរោង ៥ក្នុងនោះគំរោង២បាននឹងកំពុងអនុវត្តនៅក្នុងកម្ពុជាយើង ហើយការអនុវត្តនោះទៀតគឺបានដំណើរការយ៉ាងល្អប្រសើរ។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនថែមទៀតនោះ លោករដ្ឋមន្ត្រីធនធានទឹកចិនបានលើកឡើង ៣ ចំណុចសំខាន់ៗដូចជា ទី១)សូមឲ្យមានទំនាក់ទំនងការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរអោយបានញឹកញាប់។ ទី២)ស្នើសុំអោយមានកិច្ចពិភាក្សាគ្នាឲ្យបានញឹកញាប់ លើប្រព័ន្ធធារាសាស្ត្រដើម្បីឲ្យបានយល់គ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការនានា និង ទី៣) សុំឱ្យមានការជំរុញយន្តការមេគង្គឡានឆាងឲ្យកាន់តែមានប្រសិទ្ធភាព​និងច្បាស់លាស់ជាក់ស្ដែង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណចំពោះការផ្ដាំផ្ញើសាកសួរសុខទុក្ខអំពី លោកប្រធានាធិបតី Xi Jingping និងលោក នាយករដ្ឋមន្ត្រីចិន Li Keqiang ហើយក៏បានសម្តែងការអបអរសាទរ ចំពោះលោកទាំងពីរដែលត្រូវបានបក្សកុម្មុយនីស្តចិនបោះឆ្នោតគាំទ្រអោយដឹកនាំប្រទេសតទៅទៀត។ ទន្ទឹមមនឹងនោះដែរ សម្តេចតេជោ ក៏បានអបអរសាទរដល់ លោក E Jingping ដែលត្រូវបានរដ្ឋាភិបាលចិនជ្រើសតាំងមកចូលរួមកិច្ចប្រជុំគណៈកម្មការមេគង្គនៅកម្ពុជាថ្ងៃនេះ។ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ យើងបានពិភាក្សាគ្នាអំពីបញ្ហាមេគង្គបីដងហើយដូចជា ទី១)គឺមេគង្គឡាងឆាននៅរាជធានីភ្នំពេញ ទី២)គឺ GMS នៅទីក្រុងហាណូយ និង ទី៣)MRC3 នៅពេលនេះ ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាទន្លេមេគង្គ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក E Jingping និងរដ្ឋាភិបាលចិនដែលបានខិតខំយកចិត្តទុកដាក់ជួយកម្ពុជា និងបានពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសក្តិសមជាដៃគូយុទ្ធសាស្ត្រពិតប្រាកដ។ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីសំណាក់មិត្តចិនជាបងប្អូន។ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមអោយមិត្តចិនជួយផ្សព្វផ្សាយ និងជំរុញអោយមានទេសចរចិនមកលេងកម្ពុជាយ៉ាងហោចណាស់បាន ០,៣% ជារៀងរាល់ឆ្នាំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ