នៅល្ងាចថ្ងៃពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់គណៈប្រតិភូកិច្ចប្រជុំកំពូលគណកម្មាធិការទន្លេមេគង្គលើកទី៣ ដែលធ្វើឡើងនៅ សណ្ឋាគារ សុខា ខេត្តសៀមរាប។ ពិធីនេះមានការចូលរួមពី ឯកឧត្តម Thongloun Sisoulith នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Nguyen Xuan Phuc នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្ត្រីសំខាន់ៗជាច្រើនទៀតផងដែរ។
មុននឹងផ្តើមពិធីលៀងសាយភោជ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសន្ទរកថាចំណាប់អារម្មណ៍ដែលមានខ្លឹមសារថា សម្តេចពិតជាមានកិត្តិយស និងក្តីរីករាយក្រៃលែង ដែលបានទទួលស្វាគមន៍ចំពោះវត្តមាន ថ្នាក់ដឹកនាំប្រទេស និងគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងសាយភោជន៍នាពេលនេះ និងត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំកំពូលគណកម្មាធិការទន្លេមេគង្គលើកទី៣ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃ ស្អែក ទី៥ ខែមេសា ឆ្នាំ២០១៨។ សម្តេចពិតជាមានមោទនភាព ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៣ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅលើកទឹកដីអង្គរនៃខេត្តសៀមរាប។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាប្រទេសតាមដងទន្លេមេគង្គបានធ្វើកិច្ចការជាមួយគ្នាជាយូមកហើយ ក្នុងការប្រែក្លាយតំបន់ទន្លេមេគង្គទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសដើម្បីសាមគ្គីភាពរបស់ប្រជាជនយើងដែលចែកទន្លេរួមគ្នា។ ជាងនេះទៅទៀត ទន្លេមេគង្គបានក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃតំបន់អាស៊ីអាគ្នេយ៍។ ទន្លេនេះមិនត្រឹមតែបានភ្ជាប់ប្រទេសយើងទាំង៦ជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាវាសនារួមប្រកបដោយមិត្តភាព ភាពជាអ្នកជិតខាងល្អ សន្តិភាព និងវិបុលភាព។ ដូចនេះ យើងត្រូវបន្តរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ទើបយើងអាចសម្រេចបាននូវភាពចម្រុងចម្រើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សម្តេចតេជោ នាយករដ្ឋមន្ត្រី សង្ឈឹមយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលគណកម្មាធិការទន្លេមេគង្គលើកទី៣ ថ្ងៃស្អែកនេះ នឹងទទួលបាននូវលទ្ធផលជាផ្លែផ្កាល្អ ប្រកបដោយផលិតភាព ដែលនឹងរួមចំណែកត្រួសត្រាយផ្លូវ ឲុ្យបានកាន់តែប្រសើរឡើងថែមទៀត ឆ្ពោះទៅសម្រេចបាននូវគោលដៅចុងក្រោយរបស់យើងនោះគឺ “ភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម និងនិរន្តរភាពបរិស្ថានក្នុងអាងទន្លេមេគង្គ ” ហើយយើងនឹងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តកម្រិតនយោបាយរបស់យើង ដោយនឹងផ្តោតជាសំខាន់ លើការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលនយោបាយ អភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គដែលជាប្រធានបទនៃកិច្ចប្រជុំកំពូលគណៈកម្មាការទន្លេមេគង្គលើកទី៣ ក្រោមទិសស្លោក” ទន្លេមេគង្គតែមួយ ស្មារតីតែមួយ” ។
ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីដែនដីអង្គរ ខេត្តសៀមរាប ជាខេត្តដែលមានប្រាង្គប្រាសាទដ៏អស្ចារ្យជាច្រើន ដែលជាមរតវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលជាមោទនភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្តគោលដៅទេសចរណ៍ដ៏ល្បីល្បាញ។
មុននឹងបញ្ជប់ សម្តេចតេជោ បានជូនពរដល់ ថ្នាក់ដឹកនាំ និងគណៈប្រតិភូកិច្ចប្រជុំកំពូលគណកម្មាធិការទន្លេមេគង្គលើកទី៣ទាំងអស់ សូមអោយការស្នាក់អាស្រ័យនៅក្រុងសៀមរាប ប្រកបដោយក្តីរីករាយ និងផាសុកភាព។ នៅក្នុងពិធីលៀងសាយភោជ នារាត្រីនេះក៏មានការសម្ដែងសិល្បៈពីសំណាក់ក្រុមសិល្បករ សិល្បការិនី ជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃកិច្ចប្រជុំទាំងអស់ បានទស្សនាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕