សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម (CLV)លើកទី១០ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ

នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៦ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម (CLV)លើកទី១០ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ

នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសទាំងបី CLV បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង ដែលប្រទេស CLV បានក្លាយជាប្រទេសដែលមានរីកចម្រើនលឿនបំផុតនៅក្នុងអនុតំបន់ និងសមិទ្ធិផលដ៏សំខាន់ដែលសម្រេចបាន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ប្រទេសទាំងបីនៅតែប្រឈម នឹងបញ្ហាគួរឲ្យកត់សម្គាល់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ មេដឹកនាំ CLV បានគូសបញ្ជាក់ពីភាពចាំបាច់នៃការភ្ជាប់ក្នុងចំណោមប្រទេស CLV ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងប្រសិទ្ធិភាពនៅក្នុងខ្សែសង្វាក់តំបន់ និងសាកលលោក ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផង។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះដែរ មេដឹកនាំ CLV បានអះអាងរួមគ្នា នូវការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងបី និងកសាងសមាហរណកម្មក្នុងប្រទេស CLV ប្រកប ដោយចីរភាព និងវិបុលភាព ដែលជាផ្នែកមួយមិនអាចខ្វះបាន ក្នុងចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ2025 តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា នឹងគោលនយោបាយជាតិដែលសមស្រប។ ដើម្បីសម្រេចបានចក្ខុវិស័យនោះ មេដឹកនាំ CLV បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ខេត្តតាមព្រំដែននៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមរយៈការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងចំនោមប្រទេស CLV ទៅនឹងប្រទេសសមាជិកអាស៊ានដទៃទៀត។ ជាមួយគ្នានេះ មេដឹកនាំនៃប្រទេស CLV បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសម្របសម្រួលចម្រុះ CLV (JCC) ក្នុងការអនុវត្តផែនការមេ ដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៃតំបន់ CLV DTA សម្រាប់ឆ្នាំ 2010-2020 ក៏ដូច ជាការសម្រេចចិត្តផ្សេងទៀត(KH-Guidance) ដែលបានសំរេចបានមុនពេលកិច្ចប្រជុំកំពូល CLV កន្លងមក។ ការខិតខំប្រឹងប្រែងទាំងនេះ បានឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន ដល់ជីវភាពប្រជាជន និងកំរិតអភិវឌ្ឍន៍ក្នុងតំបន់ CLV DTA។ មេដឹកនាំនៃប្រទេស CLV បានលើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភា និងស្ថាប័នរដ្ឋាភិបាល ក៏ដូចជាសកម្មភាពដែលជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងធុរៈជននៃប្រទេសទាំងបី។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានស្វាគមន៍ចំពោះលទ្ធផលសន្និសីទលើកទី6 នៃគណៈកម្មការ អន្តរសភាកម្ពុជា-ឡាវ-វៀតណាម ស្ដីពី”ការពង្រឹងការត្រួតពិនិត្យរបស់អង្គការនីតិប្បញ្ញត្តិ លើការផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 1 ដល់ថ្ងៃទី 4 ខែសីហាឆ្នាំ 2017 នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ និងលទ្ធផលកិច្ចប្រជុំ JCC CLV លើកទី 11 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 17 ដល់19 ខែធ្នូឆ្នាំ 2017 នៅខេត្តប៊ីញហ្វឿក ប្រទេសវៀតណាម។ មេដឹកនាំទាំងអស់ ក៏បានបញ្ជាក់ឡើងវិញ នូវសារៈសំខាន់ នៃការធានាសន្តិសុខសុវត្ថិភាពនិងស្ថេរភាពបរិស្ថានសម្រាប់វិនិយោគិន ធុរជន និងប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរខុសច្បាប់ រួមទាំងការជួញដូរព្រៃឈើ គ្រឿងញៀននិងមនុស្សនិងអំពើភេវកម្ម បន្តការបោសសម្អាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ មេដឹកនាំ CLV ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ស្ថាប័នពាក់ព័ន្ធនៃប្រទេស CLV ក្នុងការរៀបចំកម្មវិធីកសាងសមត្ថភាព និងចែករំលែកព័ត៌មានរួមគ្នា ដោយបានស្នើសុំឲ្យមានការតភ្ជាប់ខ្សែទូរស័ព្ទ Hotline សម្រាប់ដំណោះស្រាយការងារបន្ទាន់ ឲ្យប្រសើរឡើងជាពិសេសនៅថ្នាក់តំបន់។ មេដឹកនាំទាំងអស់ បានប្ដេជ្ញាធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV តាមរយៈការរៀបចំពិសេស និងគោលនយោបាយអនុគ្រោះ និងកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានកត់សំគាល់នូវលទ្ធភាពពី”របាយការណ៍សិក្សា ស្ដីពីផែនការអភិវឌ្ឍនៃឧស្សាហកម្មកៅស៊ូCLV” ដែលរៀបចំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវ និងក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម។ តាមរយះជំរុញឲ្យក្រសួងទាំងបី បញ្ចប់របាយការណ៍សិក្សានេះ និងដាក់ជូនកិច្ចប្រជុំកំពូល CLV DTA លើកទី១១ សម្រាប់ធ្វើការពិចារណា។ មេដឹកនាំទាំងបី ក៏បានប្ដេជ្ញាឡើងវិញ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងបី ជាពិសេសតាមរយៈការបណ្ដុះបណ្ដាល ឬការផ្លាស់ប្ដូរព័ត៌មាន ចំណេះដឹងនិងបទពិសោធន៍ ក្នុងការគ្រប់គ្រង និងការបង្ការជំងឺ ជាពិសេសនៅក្នុងស្ថានភាពនៃការផ្ទុះរាតត្បាតនៃជំងឺឆ្លង ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងប្រសិទ្ធភាព រួមមាន ធនធានទឹក សត្វព្រៃ និងព្រៃឈើ។ ជំរុញឲ្យមានការទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងបី តាមរយៈការផ្ដល់សញ្ញាជាមុនអោយបានទាន់ពេលវេលានិងប្រព័ន្ធចែករំលែកព័ត៌មានស្ដីពីទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះធម្មជាតិនិងការបំពុលបរិស្ថានឆ្លងកាត់ព្រំដែន។ ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម បានថ្លែងគុណដល់ន្រទេសឡាវ ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១១ នៅឆ្នាំ ២០២០។ នៅក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ប្រមុខមេដឹកនាំនៃប្រទេសទាំងបី បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...