ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជា ការតបតាមការអញ្ជើញរបស់ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ឥស្សរជនកម្ពុជាដែលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ បានឱ្យដឹងបន្តថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គ លើកទី៦ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ច សហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព” ថ្នាក់ដឹកនាំ នឹងអនុម័តជាផ្លូវការផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨ -២០២២ និងក្របខ័ណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូល នឹងត្រូវចេញផ្សាយផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើក ទី៦ សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់ មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុ តំបន់មេគង្គ ផងដែរ។ ដោយឡែកក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹងពិនិត្យសមិទ្ធផលនាឆ្នាំកន្លងមក នៃគំនិតផ្ដួច ផ្ដើមនានា ហើយនឹងកំណត់ទិសដៅអភិវឌ្ឍន៍នាពេលអនាគត ក្នុងវិស័យសំខាន់ៗ រួមមានកិច្ច សហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ ថ្នាក់ដឹកនាំ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០៣០ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា ឡាវ វៀតណាម ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់៕
ដោយជឹម ណារី