សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២.១២៥នាក់

CNV: 

វឌ្ឍនភាពសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ២.១៣២ នាក់។ គិតពីចំនួនដែល ខ្ញុំព្រះករុណាខ្ញុំ មកសម្រាប់តែសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺមានចំនួនរហូតទៅដល់ ១១ ដង ទាំងថ្ងៃនេះ ចាប់ផ្ដើមពីឆ្នាំ ២០០៣ ដែលពេលនោះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃអង្គការអាស៊ី-អឺរ៉ុបនៅឡើយទេ។ ពីស្ថាប័នអប់រំមួយ ដែលផ្ដើមចេញពីអង្គការក្រៅរដ្ឋាភិបាល ហើយពង្រីកខ្លួនមកដល់ថ្នាក់ជាសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នេះពិតជាមិនធម្មតាទេ ទាក់ទងជាមួយនឹងការខិតខំរបស់ថ្នាក់នាំនៃអង្គការមួយនេះ ហើយក្រោយមក គឺសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប របស់យើងនេះ ដែលខ្ញុំព្រះករុណខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាពទាំងឡាយ ដែលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានបង្កើតឡើងនូវជោគជ័យរបស់ខ្លួន។

កសាងមូលដ្ឋានសម្ភារៈបច្ចេកទេស និងធនធានមនុស្ស ធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣

អម្បាញ់ម៉ិញ មុនពេលដែលចូលមកដល់ទីនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានសួរ ឯកឧត្តម ឌួង លាង ថាយ៉ាងម៉េចទៅក្រុមបាល់ទាត់របស់អាស៊ី-អឺរ៉ុបនោះ? ព្រោះមានចេញមុខប្រកួត ហើយនៅក្នុងរបាយការណ៍ អម្បាញ់មិញឃើញថា ក៏បានប្រឹងប្រែងធ្វើនៅលើផ្ទៃដីចំនួនទៅដល់ ៤ ហិកតា អំពីបាល់ទាត់ខ្នាតធំ/តូច និងកីឡាប្រភេទដទៃទៀត។ អបអរសាទរ ដែលជាផ្នែកមួយសំខាន់ សម្រាប់ការត្រៀមរៀបចំរបស់យើងទាំងបច្ចុប្បន្ន និងទៅអនាគត ដែលប្រទេសកម្ពុជារបស់យើងនឹងក្លាយទៅជាម្ចាស់ផ្ទះ នៃស៊ីហ្គេមឆ្នាំ ២០២៣ ដែលយើងកំពុងតែកសាងនៅមូលដ្ឋានសម្ភារៈបច្ចេកទេសផង និងកសាងធនធានមនុស្ស ដើម្បីធានាជោគជ័យសម្រាប់កាធ្វើជាម្ចាស់ផ្ទះនៅពេលនោះ។

សញ្ញាបត្រទទួលថ្ងៃនេះ ជាការខិតខំរួម

ខ្ញុំព្រះករុណាខ្ញុំ ពិតមានការសប្បាយរីករាយ ដែលសង្កេតឃើញនូវវឌ្ឍនភាពទាំងឡាយ ដែលបានកើតឡើង ដែលថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានមោទនភាព ចំពោះជោគជ័យនៃនិស្សិត ក្នុងនេះ មានបរិញ្ញាបត្ររង ចំនួន ៤៨៣ នាក់។ បរិញ្ញាបត្រ ចំនួន ១.៤៦៣ នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៧៩ នាក់។ និស្សិតថ្នាក់បណ្ឌិត គឺមានចំនួន ៧ នាក់។ នេះជាធនធានមនុស្សរបស់ជាតិរបស់យើង ពិតហើយ នេះជាខិតខំដែលផ្ដើមចេញពីការខិតខំរួម ទាំងសាលា ក៏ដូចជានិស្សិតម្នាក់ៗ ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះជ័យលាភីទាំងអស់ … សង្ឃឹមថា និស្សិតទាំងអស់នឹងបន្តការខិតខំបន្តទៀត ទាំងព្រះសង្ឃ ទាំងគ្រហស្ថ។

សេរីភាវូបនីយកម្មវិស័យអប់រំ លក្ខខណ្ឌមួយនៃសមាជិកភាពអង្គការពាណិជ្ជកម្មពិភពលោក

អ្វីដែលសំខាន់ យើងទាំងអស់គ្នាទទួលបាននូវផលប្រយោជន៍ សម្រាប់សង្គមជាតិរបស់យើង តាមរយៈ នៃការជម្រុញទៅលើការវិនិយោគនៅក្នុងវិស័យអប់រំ ទាំងរដ្ឋ និងការចូលរួមរបស់ផ្នែកឯកជន។ ឥឡូវ យើងសង្កេតឃើញថា កម្រិតឧត្តមសិក្សា​វិស័យឯកជន ដើរតួនាទីធំជាងវិស័យរបស់រដ្ឋ។ ក្នុង​សាកលវិទ្យាល័យរបស់រដ្ឋ យើងក៏បានបើកមួយផ្នែកសម្រាប់ការសិក្សាបង់ថ្លៃ ដូច្នេះ បើយើងពិនិត្យអំពីក្របខណ្ឌនៃឧត្តមសិក្សា ចំនួននិស្សិតរៀនបង់ថ្លៃច្រើនជាងនិស្សិតរៀនដោយអាហារូបករណ៍របស់រដ្ឋ។ នោះហើយជាសេរីភាវូបនីយកម្មលើក្នុងវិស័យអប់រំ ដែលជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលយើងខិតខំធ្វើការងារនៅកិច្ចការងានេះ។

រដ្ឋ និងឯកជន រួមគ្នាលើកកំពស់ការរអប់រំ ដើម្បីអភិវឌ្ឍប្រទេស

ខ្ញុំព្រះកុណាខ្ញុំ ធ្លាប់បញ្ជាក់ពីមុនៗហើយថា ប្រសិនបើយើងមិនផ្ដល់ឱកាសអោយវិស័យឯកជនចូលរួមទេ សួរថា តើយុវជនដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិ តើអោយពួកគេទៅណា នៅពេលដែលពួកគេមិនអាចចូលសាលាក្នុងក្របខណ្ឌសាលារដ្ឋបាន … នោះជាបញ្ហាសង្គមដ៏ធំ ហើយការបណ្តុះបណ្ដាលធន​ធាន​មនុស្សទៀតសោត ក៏មានកម្រិតខ្លាំងណាស់ បើយោងទៅលើគ្រាន់តែការទ្រទ្រង់របស់រដ្ឋ សម្រាប់ការបណ្តុះបណ្ដាលធនធានមនុស្ស។ ដូច្នេះ បានជាយើងផ្ដល់ឱកាសអោយវិស័យឯកជនធ្វើកាវិនិយោគក្នុង​វិស័យអប់រំ មិនគ្រាន់តែកម្រិតថ្នាក់ឧត្តមសិក្សាទេ ថ្នាក់ដទៃទៀត ដូចជាសាលាខ្លះ គឺមានតាំងពីថ្នាក់ក្រោមឡើង ពីបឋមសិក្សា ពីមតេ្តយ្យឡើងតែម្ដង។ ឯចំពោះសាកលវិទ្យាល័យរបស់រដ្ឋ ឧត្តមគ្រឹះស្ថានសិក្សារបស់រដ្ឋ យើងបានបែងចែកមួយភាគសម្រាប់ការរៀនបង់ថ្លៃ ជាការចូលរួមទាំងអស់គ្នា សម្រាប់​លើកកម្ពស់ការបណ្តុះបណ្ដាលធនធានមនុស្ស ជាពិសេស ការលើកកម្ពស់ការអប់រំ ដើម្បីអភិវឌ្ឍប្រទេសរបស់យើង។

ពន្លឿនការបណ្តុះបណ្តា​ល​ធនធានមនុស្សក្នុងស្រុក ជំនួសធនធានមនុស្សពី​ក្រៅ

នេះជាចំណុចដែលកម្ពុជាបានដើរលឿន។ ប៉ុន្តែ បើទោះបីជាដើរលឿនយ៉ាងណាក៏ដោយ យើងក៏ត្រូវពិនិត្យឃើញអំពីបញ្ហាប្រឈមទាំងឡាយ ដែលនៅពីមុខរបស់យើង។ សូម្បីតែឥឡូវនេះ យើងប្រឹងបង្កើតនូវស្ថានភាពនៃវិស័យអប់រំរបស់យើងប៉ុណ្ណឹង និស្សិតមួយឆ្នាំៗចេញរាប់ពាន់ម៉ឺននាក់ ហើយមាននិស្សិតដែលភាគច្រើនបានមានការងារធ្វើ ឯនិស្សិតមួយចំនួនមិនទាន់មានការងារធ្វើ ក៏ត្រូវបន្ត(ការខិតខំ)។ ក៏ប៉ុន្តែ ដោយ​សារការវិនិយោគពីខាងក្រៅមកច្រើន យើងក៏មិនទាន់មាននូវធនធានមនុស្សគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់អោយការវិនិយោគមកពីក្រៅប្រទេសទេ។ ដូច្នេះ បានជាអ្នកវិនិយោគមកពីក្រៅប្រទេស គឺគេព្រួយបារម្ភអំពីបញ្ហាធន​ធានមនុស្សរបស់យើងមានកម្រិត តម្រូវអោយគេត្រូវយកនូវអ្នកជំនាញពីខាងក្រៅចូលមកក្នុងប្រទេសរបស់យើងដោយតម្លៃថ្លៃ។

សិក្សាទីផ្សារការ​ងារ និងតម្រង់ទិសក្នុងការបណ្ដុះបណ្ដាល

នេះជាចំណុចដែលយើងត្រូវខិតខំជម្រុញតទៅទៀត ​ដើម្បីការវិនិយោគណាមួយដែលមកពីខាងក្រៅ យើងមានធនធានមនុស្សបម្រើអោយសេចក្តីត្រូវការរបស់ផ្នែកវិនិយោគ ដូចជា ឥឡូវ យើងជិតឈានចូលដល់ដំ​ណាក់កាលនៃការរុករករ៉ែ ការប្រើប្រាស់អាជីវកម្មរ៉ែ ក្នុងនោះពាក់ព័ន្ធជាមួយហ្នឹងប្រេងកាត។ ឥឡូវ វិស្វករខាងប្រេងកាតរបស់យើងមានប៉ុន្មាននាក់ទៅ? នោះហើយ គឺសុទ្ធតែជាចំណុចប្រឈមរបស់យើង។​ រោងចក្រកាត់ដេរមួយចំនួន ឥឡូវនេះ បានដកជាបណ្តើរៗនូវអ្នកបច្ចេកទេសរបស់គេ ជំនួសដោយជនជាតិខ្មែររបស់យើង។ នៅមានផ្នែកមួយចំនួនទៀតដែលគេនៅមានតម្រូវការ។ បរទេសគេមិនចង់យកមនុស្សពីខាងក្រៅទេ ព្រោះគេត្រូវផ្គត់ផ្គង់បំពេញប្រាក់ខែអោយអ្នកមកពីខាងក្រៅច្រើន។ គេត្រូវការធនធានមនុស្សនៅក្នុងស្រុក ប៉ុន្តែ ធនធានមនុស្សនៅក្នុងស្រុកមិនទាន់គ្រប់គ្រាន់។ អញ្ចឹង បានជាយើងត្រូវការសិក្សា អំពីទីផ្សារការ​ងារ និងតម្រង់ទិសក្នុងការបណ្ដុះបណ្ដាលនោះឯង។

សម្លឹងមើលទីផ្សារការងារក្នុងប្រទេស និងក្នុងតំបន់

ឥឡូវ គ្រប់សាកលវិទ្យាល័យទាំងអស់ ទាំងរដ្ឋ ទាំងឯកជន សុទ្ធតែមានតម្រូវការសម្លឹងមើលទីផ្សារការងារដើម្បីយើងផ្គត់ផ្គង់មនុស្សអោយសមស្រប មិនគ្រាន់តែក្នុងទីផ្សារការងារនៅក្នុងក្របខណ្ឌប្រទេសកម្ពុជាទេ យើងក៏ត្រូវមើលទៅក្នុងក្របខណ្ឌ នៃទីផ្សារការងារក្នុងតំបន់ផងដែរ។ នៅក្នុងសហគមន៍សេដ្ឋ​កិច្ចអាស៊ាន លំហូរមនុស្ស លំហូរទាក់ទងជាមួយនឹងការវិនិយោគនានា ក្នុងហ្នឹងក៏មានទាក់ទងនឹងលំហូនៃពលករ ត្រូវប្រើប្រាស់នៅក្នុងក្របខណ្ឌអាស៊ាន។ ដូច្នេះ ពេលខ្លះយើងទៅរកការងារធ្វើនៅប្រទេសដទៃ ដែលមានប្រាក់ចំណូលខ្ពស់ ហើយប្រទេសគេដទៃ គេក៏មានលទ្ធភាព ដើម្បីមកធ្វើការនៅក្នុងប្រទេសរបស់យើង ទៅតាមរយៈក្រុមហ៊ុននានា ដែលជួលអ្នកទាំងនោះ មកកាន់ប្រទេសរបស់យើងផងដែរ។

តួអង្គស្នូលនៃនិម្មាបនកម្មតំបន់ថ្មី

ដូច្នេះ ការប្រកួតប្រ​ជែងនៅទីនេះ គឺវាជាការប្រកួតប្រជែង មិនមែនជាការកាប់សម្លាប់គ្នានោះទេ គឺវាជាការប្រកួតប្រជែង ដើម្បីធ្វើអោយតំបន់មួយនេះ ក្លាយទៅជាតំបន់ដែលសមាហរណកម្មកាន់តែជ្រៅទៅៗ ហើយដែលធ្វើការអភិ​វឌ្ឍនៅក្នុងក្របខណ្ឌតំបន់ មានសមាហរណកម្ម និងមានសាមគ្គីភាព ក្នុងឋានៈជាតួអង្គស្នូលនៃនិម្មាបនកម្មតំបន់ថ្មីរបស់យើងនេះ។

បន្តទ្រទ្រង់មូលនិធិផ្តល់អង្ករ និងថវិកាសម្រាប់និស្សិតក្រីក្រមកពីខេត្ត

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងនូវការអរគុណ ចំពោះសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដែលបានផ្ដល់​នូវអាហារូបករណ៍ សម្រាប់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីចែកជូនចំពោះនិស្សិតរបស់យើង ដែលថ្ងៃនេះអាចមានមួយចំនួនក៏មានមកទទួលសញ្ញាបត្រផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ក៏នៅបន្តការទ្រទ្រង់តទៅទៀត នូវការ​ផ្គត់ផ្គង់ក្នុងមួយឆ្នាំ គឺទឹកប្រាក់រហូតទៅដល់ ៦០ លាន(រៀល) ជាមួយនឹងអង្ករ ២៤ តោន។ បើគិតជាមួយខែ គឺថា អង្ករ ២ តោន និងប្រាក់ ៥ លាន(រៀល)។ បើគិតជាឆ្នាំ គឺត្រូវអស់ថវិកា ៦០ លាន(រៀល) បូកនឹងអង្ករ ២៤ តោន។ អញ្ចឹងទេ អង្ករ ២៤ តោនហ្នឹង ក៏វាសឹងនឹងស្មើលុយ ៦០ លាន(រៀល) ដែរទេមិនដឹង? ព្រោះអង្ករដូចជា(តម្លៃ) ៤៥០ (រៀល) ឬ ៥០០ (រៀល)ឯណោះ? … ឥឡូវកំពុងផ្តត់ផ្គង់អោយប៉ុន្មានកន្លែងឯណោះ ដើម្បីជួយនិស្សិត​ក្រីក្រដែលមកពីចម្ងាយ គឺអាស៊ី-អឺរ៉ុប អង្ករ ២ តោន ថវិកា ៥ លានរៀល ក្នុង ១ ខែ។ អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស អង្ករ ២ តោន និងថវិកា ៥ លានរៀល។ អង្គការសម្ព័ន្ធខ្មែរជំនាន់ថ្មី អង្ករ ២ តោន ថវិកា ៥ លានរៀល។ អង្គការសហព័ន្ធអឺរ៉ុប អង្ករ ២តោន ថវិកា ៥លានរៀល។ អង្គការវិទ្យាស្ថានអាស៊ីសច្ចៈ អង្ករ ២ តោន ថវិកា ៣ លានរៀល។ យើងបន្តការខិតខំជាមួយគ្នាតទៅទៀត​។ សង្ឃឹមថា សាកលវិទ្យាល័យមួយនេះ ក៏នឹងបន្តការចូលរួមចំណែក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

កម្មវិធីការងារ

រាល់ថ្ងៃ ខ្ញុំករុណាខ្ញុំ ធ្វើសង្កថាច្រើនណាស់ ជាប់រដឹក។ ម្សិលមិញ(នៅឯ)បាត់ដំបង។ កាលពីថ្ងៃអាទិត្យជួបគ្រូបង្រៀន​។ ថ្ងៃនេះ សង្កថានៅទីនេះ។ ល្ងាចនេះ អត់មានសង្កថាទេ គឺធ្វើសុន្ទរកថាតែម្តង​។ សង្កថា និងសុន្ទរកថា គឺខុសគ្នា។ សង្កថា គឺនិយាយតែម្តង ឯសុន្ទរកថា គឺអានយក អាហ្នឹងលឿនទេ។​ ប៉ុន្តែ ចេញពីនេះទៅត្រូវជួបបេសកជនពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលនាំលិខិតរបស់ប្រធានាធិបតីឥណ្ឌូ​នេស៊ី ដើម្បីអញ្ជើញការប្រជុំកំពូលពិសេសរបស់អាស៊ាន ដូចជានៅខែ ១០ ឯណោះ ប៉ុន្តែ គឺត្រូវបញ្ជូនរដ្ឋមន្ត្រីនាំលិខិតមកអញ្ជើញផ្ទាល់។ ស្អែកដូចជាត្រូវជួបជាមួយកម្មករ។ ដល់ទៅថ្ងៃសុក្រ ត្រូវចេញដំណើរទៅប្រជុំមហាអនុតំបន់មេគង្គ​ និងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម ឡាវ​ ដែលហៅថា CLV នៅទីក្រុងហាណូយ។ ត្រឡប់មកវិញថ្ងៃអាទិត្យ ត្រូវជួបគ្រូបង្រៀនទៀត។ អម្បាញ់មិញហ្នឹង ថាជ្រៀតថែម​ ឥឡូវហ្នឹងកាន់អាដូស្យេហ្នឹងមួយគំនរ ដើម្បីទៅ​គណៈរដ្ឋមន្រ្តីឥឡូវហ្នឹង។

សុទ្ធតែសុំកម្មវិធីហើយ និយាយពីសុំណែន។​ យូរណាស់មិនសុំទេ ទើបមកសុំឥឡូវ។​ ឥឡូវគិតទៅថាមានកន្លែងខ្លះតំណាងហើយទើបបាន។ ប៉ុន្តែ កន្លែងខ្លះតំណាងវាមិនកើតទៅទៀត។ សង្កថាវាច្រើនពេក។​ ប៉ុន្តែ យ៉ាងម៉េចក៏ដោយនេះគឺភារកិច្ចដែលយើងធ្វើទៅហើយ។ អាទិត្យក្រោយនេះដូចជាទៅសំឡូត​ដើម្បី​សម្ពោធផ្លូវ។​ ប៉ុន្តែ បើកាលណាឧត្ថម្ភាគចក្រ ខាងឧតុនិយមគេថា ហោះមិនបានទេ ​ម្សិលមិញប្រាប់ សម្តេចក្រ​ឡាហោម ហើយថា ត្រៀមខ្លួនធ្វើដំណើរ។ ម្សិលមិញល្អដែរ​ ចេះឡើងទៅមិនទាន់ហោះផុតពីភ្នំពេញផង (ដេក)លក់បាត់ ស្រាប់តែទៅដល់ភ្ញាក់បើកទូរស័ព្ទឡើង ដើម្បីចាប់យកផែនទី ហោះឃើញទៅលើប្រាសាទឯកភ្នំ ដល់ទៅមើលគេថាថ្មគោលនៅខាងមុខ។ ដល់ត្រឡប់មកវិញមិនទាន់មកដល់ក្រុងបាត់ដំបងផង (ដេក)លក់​បាត់។ ម៉្យាងដែរ អោយតែបានប៉ុណ្ណឹង គឺធូរខ្លួន។

គោរពសាលក្រមតុលាការកំពូល

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសារនយោបាយជាក់លាក់មួយ ដើម្បីចេញអោយពួកជ្រួលជ្រើមទាំងឡាយ ដែល​ប៉ុន្មានថ្ងៃនេះ និយាយពីការចរចា។ តាមរយៈបេសកជនរបស់នាយករដ្ឋមន្ត្រីជប៉ុន បានមកជួប ខ្ញុំព្រះករុណាខ្ញុំ រួចហើយ ពេលនោះនិយាយពីបញ្ហាប្រធានបទច្រើនណាស់ តាំងពីឥណ្ឌូបាស៊ីហ្វិក សេរី​ និងបើកចំហ តាំងពីបញ្ហាមេគង្គអាស៊ានជប៉ុន ទីចុងបំផុតគាត់ស្ទាបស្ទង់មើល តើមានលទ្ធភាពនឹងធ្វើការចរចាឬ​ទេ? ខ្ញុំបានសួរគាត់ថា ចរចាជាមួយអ្នកណា? គាត់ថា ចរចាជាមួយនឹងក្រុមមនុស្សមួយចំនួន។ គាត់មិនហ៊ាន(ថាអ្នកណាទេ) ព្រោះគាត់បានបញ្ជាក់ថា គាត់គោរពច្បាប់កម្ពុជា​ គោរពសាលក្រមតុលាការកម្ពុជា។ គាត់អត់និយាយថាចរចាជាមួយបក្សសង្គ្រោះជាតិ ឬក៏ចរចាជាមួយអ្នកណា គាត់ថាមនុស្សមួយក្រុម។​ បាន​ខ្ញុំប្រាប់ទៅគាត់ថាខ្ញុំអត់មានសិទ្ធិចរចាទេ ព្រោះខ្ញុំត្រូវគោរពនូវសាលក្រមតុលាការ បើសិនជាខ្ញុំចរចា គឺខ្ញុំនឹងត្រូវជាប់ទោសខ្លួនឯង។ អ្នកដែលប្រឆាំងនឹងសាលក្រមតុលាការកំពូល ​នឹងត្រូវជាប់គុក និងមានទោសជាប់គុក ២ ឆ្នាំកន្លះ ថែមទៀត។​ គាត់បញ្ជាក់ហើយបញ្ជាក់ទៀត អំពីបញ្ហាគោរពអធិបតេយ្យជាតិរបស់​កម្ពុជា។ បន្តផ្តល់ជំនួយ និងសហការ គាត់មិនបានធ្វើការគាបសង្កត់អីទេ ហើយម៉្យាងទៀត វាមិនមែនជាកាតព្វកិច្ចរបស់ជប៉ុនដែលមកត្រូវគាបសង្កត់ខ្មែរ។​ ខ្ញុំសូមនិយាយអោយច្បាស់ទៅលើចំណុចនេះ។

នៅកម្ពុជាមិនទាន់មានច្បាប់សម្រាប់លើកលែងទោសអ្នកត្រូវកាត់សិទ្ធិនយោបាយទេ

ខ្ញុំនិយាយអំពីទិដ្ឋភាពផ្លូវច្បាប់ ដែលមិនតម្រូវអោយខ្ញុំធ្វើការចរចា។ គាត់និយាយអំពីលទ្ធភាពដោះស្រាយអោយមនុស្ស ១១៨ នាក់​ ដែលអាចធ្វើសកម្មភាពនយោបាយ។ ខ្ញុំបានប្រាប់គាត់ថា ច្បាប់នៅកម្ពុជា​វាអត់ទាន់មាន​។ ច្បាប់លើកលែងទោស សម្រាប់ពួកអ្នកហាមឃាត់សិទ្ធិធ្វើនយោបាយវាអត់ទាន់មាន វាមានតែច្បាប់ពន្ធនាគារ ដែលអនុញ្ញាតអោយនាយករដ្ឋមន្ត្រីធ្វើការសុំលើកលែងទោស ចំពោះអ្នកដែលជាប់គុក មានសាលក្រមស្ថាពរតែប៉ុណ្ណោះ។ តែគ្មានច្បាប់ ដើម្បីនឹងលើកលែងទោសអោយអ្នកដែលត្រូវកាត់សិទ្ធិនយោបាយនោះទេ។ ខ្ញុំក៏បាននិយាយពីរឿងសីលធម៌មួយចំនួន ដែលពួកគេបានប្រមាថខ្ញុំ ប្រមាថភរិយាខ្ញុំ​ ប្រមាថកូនប្រុសរបស់ខ្ញុំ។​ ឥឡូវ ចរចាទៅ លោកឯងដុតរូបខ្ញុំស្រស់ៗនេះ លោកឯងមកសុំចរចាជាមួយខ្ញុំ។

ការប្រមាថ ជាផ្នែកមួយសំខាន់នាំទៅដល់ការឃ្លាតគ្នានៃវប្បធម៌សន្ទនា

… សង្ឃស្អីមួយនោះដែលសង្ឃចង់បានប្រពន្ធ ខ្ញុំបានស្តាប់លោកឯងនិយាយច្បាស់ណាស់ជាមួយលោក លឺ ឡឺស្រេង ពីរដង។ លោក​ឯងចង់បានប្រពន្ធណាស់ លោកឯងថា ឥឡូវកំពុងខាបព្រលឹងខ្ញុំទៅហើយ។​ អញ្ចឹង ល្អហើយ។ លោកឯងចាំបាច់មករកចរចាស្អីជាមួយខ្ញុំ? លោកឯងប្រមាថប្រពន្ធខ្ញុំ លោកឯងប្រមាថកូនប្រុសរបស់ខ្ញុំ។ ឥឡូវ ចេះនិយាយលោក ហ៊ុន សែន ដាក់បញ្ហាបុគ្គលពីមុខ។ ខ្ញុំជាមនុស្ស លោកឯងចោទប្រពន្ធខ្ញុំជាប្រពន្ធរបស់វៀតណាម​ កូនប្រុសច្បងរបស់ខ្ញុំជាកូនរបស់មេដឹកនាំវៀតណាម។ លោកឯងដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េច?​ រឿងហ្នឹងជាផ្នែកមួយសំខាន់ ដែលនាំទៅដល់ការឃ្លាតគ្នានៃវប្បធម៌សន្ទនា។ ម្តងហើយម្តងទៀត ហើយអោយអ្នកឯងបដិសេធ អ្នកឯងអត់បដិសេធទេ។​ រយៈកន្លងទៅ អ្នកឯងបានដុតរូបខ្ញុំច្រើនហើយ។ អ្នកឯងកំពុងបន្តថា ឥឡូវនេះ ហ៊ុន សែន ត្រូវកងទ័ពប្រឆាំង។​ អញ្ចឹងទេលោកឯងចាំបាច់ចរចា(ធ្វើ)អី? ចាំអោយខ្ញុំរលំតែម្តងទៅវាមិនស្រួល? ចាំបាច់ចរចាធ្វើអី។​ ឥឡូវ កងទ័ពប្រឆាំង នៅក្នុងគណបក្សក៏ប្រឆាំង រដ្ឋបាលក៏ប្រឆាំង ប្រជាជនក៏ប្រឆាំង។ អញ្ចឹង មិនបាច់ចរចាទេ ព្រោះខ្ញុំកំពុងខ្សោយស្រាប់ហើយ។ លោកមកចរចាខ្មោចអី? ចាំនិយាយធ្វើអី?

គ្មានការចរចា គ្មានលើកលែងទោស ឬបន្ធូរបន្ថយទោស

ឥឡូវ និយាយពីបញ្ហាចរចា។ ប្រកាសដាច់ខាតអត់ចរចា។ ខ្ញុំបញ្ជាក់តែ ២ ចំណុចទេ។ ទី ១. គ្មានការចរចាជាមួយពួកក្បត់ជាតិ។ ទី ២. គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសអោយក្រុមពួកក្បត់ជាតិនេះទេ។ លោកឯងចង់ថាម៉េចថាទៅ ចង់ធ្វើអីធ្វើទៅ។ កាលពីមុនម៉េចក៏លោកឯងមិននៅអោយស្ងៀម ធ្វើអោយវាស្រួល។ លោកឯងបង្កើតហឹង្សា ដុតរូប ហ៊ុន សែន គ្រប់ទីកន្លែង។ ឥឡូវ ខាបព្រលឹងហ៊ុន សែ​​ន ទៅ។ ហ៊ុន សែន កំពុងនិយាយខ្លាំងៗនេះ។ ព្រលឹង ហ៊ុន សែន ច្បាស់ណាស់។ រាសីអ្នកឯងមិនដល់ខ្ញុំទេ។ លោកចង់បានប្រពន្ធ។ ខ្ញុំអាចនឹងបញ្ជូននូវខ្សែអាត់ ដែលយើងទាក់ទងគ្នាចុះឡើងតាម WhatsApp។ លោកទាក់​ទងជាមួយខ្ញុំៗចេះតែទាក់ទង។ ប៉ុន្តែ លោក(ប្រែ)ទៅជារឿងមួយផ្សេង …។ ឥឡូវនេះ អ្នកដែលខកខ្លួនមិនតិចទេ ហើយអ្នកខកខ្លួនកំពុងតែសុំមកបណ្តើរៗបន្តទៀត … ពីមុនគេថា មិនជឿទេក្នុងការរំលាយបក្សមួយនោះ វានឹងរស់ឡើងវិញ​។ ឥឡូវចាំរស់ទៅ ចាំទៅ មិនបាច់មកទេ? គេរៀបចូលឆ្នាំឯណេះ … ឆ្នាំនេះមិនដឹងរាំអី? ព្រោះអាញីកែងជើង និងអាអញ្ចេះៗ(វាផុតឆ្នាំទៅហើយ)។ ឥឡូវឆ្នាំនេះ គិតយកសារ៉ាវ៉ាន់ជាគោលតែម្តង។ គិតថាឆ្នាំហ្នឹងគិតតែពីសារាវ៉ាន់តែម្តង លេងអោយវាណាណី។ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសហើយ រាំផ្តាំចាស់ ព្រោះឆ្នាំទៅ គីឡូវាខ្ពស់ … ឥឡូវនៅតែ ៧២ ឬ ៧៣ (គីឡូ) និយាយរាំមិនស្រួលយ៉ាងម៉េច?

ជប៉ុន និងអូស្ត្រាលី ជួបជាមួយសម្តេច ពិភាក្សារឿងផ្តល់ជំនួយ មិនមែនរឿងនយោបាយទេ

លោកឯងបានបាត់បង់ឱកាសហើយ។ ខ្ញុំប្រាប់លោកឯងបន្ថែមទៀត ថ្ងៃអាទិត្យក្រោយ រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកជួបជាមួយខ្ញុំ​ទៀត។ ប៉ុន្តែ មិនមែនប្រធានបទហ្នឹងទេ។ ជួបហើយរដ្ឋមន្រ្តីការបរទេសទាំង ២ ចុះហត្ថលេខា លើការផ្តល់ជំនួយរបស់ជប៉ុនអោយកម្ពុជា។ ជួបរួចហើយខ្ញុំនឹងស៊ីបាយជាមួយនឹងរដ្ឋមន្រ្តីការបរទេសជប៉ុន ពិភាក្សាប្រធានបទផ្សេង។ មិនមែនរឿងលោកឯង។ អានេះភូតនោះភូត។ ថាទៅអូស្ត្រាលីហ្នឹង អូស្រ្តាលីគេនឹងគាប អាស៊ាន និងអូស្ត្រាលី នឹងគាប។ ផ្ទុយទៅវិញទេ។ ពេលដែលខ្ញុំជួបនាយករដ្ឋមន្រ្តីអូស្ត្រាលី នាយករដ្ឋមន្រ្តីអូស្រ្តាលីប្រកាសជំនួយ ៨៧ លានដុល្លារ។ ខ្ញុំមានសិទ្ធិជិះឡានដាក់ទង់ជ័យ ហើយម៉ូតូប៉ុន្មានទៅ(អម)ពីមុខ? ហើយអង្គរក្សភ្នែកកាក់អស់ហើយ មូលហេតុអី? មូលហេតុនៅត្រង់ថា គេប្រឹងការពារយើង ឯយើង(ចុះជួបប្រជាជន)។ ចុះប្រជាជនគាត់មកពេញអញ្ចឹង បើកទ្វារឡើង ដោះអាវចេញ ប្រូច ជាមួយនឹងប្រជាពលរដ្ឋរបស់យើងមកស្វាគមន៍នៅមុខហ្នឹង។ អញ្ចឹង ខាងប៉ូលីសអូស្រ្តាលី ប្រហែលជាគាត់មិនដែលជួបស្ថានភាពនាយករដ្ឋមន្រ្តី មេដឹកនាំរបស់គាត់ ទៅចូលក្នុងចំណោមប្រជាជនបែបនេះ ប្រ​ហែលជាគាត់មិនជួបប្រទះ។ និយាយមិនភ័យយ៉ាងម៉េចអ្នកការពារ? ឥឡូវ រឿងអូស្រ្តាលីវាចប់ហើយ មក​ប្រឌិតរឿងជប៉ុន។ ជប៉ុនគេមិនមកធ្វើរឿងឆ្កួតៗនោះទេ។ ជប៉ុនគេស្គាល់ឯករាជ្យអធិបតេយ្យរបស់ខ្មែរច្បាស់ណាស់។

រឿងធំលើពិភពលោកគឺនុយក្លេអ៊ែរកូរ៉េខាងជើង ការគាំពារនិយម ការដេញអ្នកការទូត

ម្សិលមិញ ខ្ញុំទៅបើកការដ្ឋានសាងសង់ផ្លូវ ជប៉ុនគេមានកិច្ចពិភាក្សានយោបាយរបស់គេ ហើយមិនមែនប្រធានបទរបស់លោកឯងទេ។ ឥឡូវនេះ ប្រហែលជារឿងធំ នៅលើពិភពលោកបច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង​។ ឥឡូវនេះ បញ្ហាគាំពារនិយម លើបញ្ហាពាណិជ្ជកម្ម ដូចជាប្រធានាធិបតីអាមេរិក ដាក់ចេញនូវពន្ធដារលើការនាំចូលដែកថែប និងអាលុយមីញ៉ូមចូលទៅ ក្លាយទៅជារបបគាំពារនិយម បំពានទៅលើគោលការអង្គការពាណិជ្ជកម្មពិភពលោក មិនមែនតែប្រតិកម្មជាមួយប្រទេសមួយចំនួនទេ ​សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិកក៏មានប្រតិកម្មលើរឿងហ្នឹងដែរ។ ពីរអាទិត្យមុននោះ អង់គ្លេសដេញអ្នកការទូតរបស់រុស្ស៊ីៗដេញអ្នកការទូតរបស់អង់គ្លេស​។ ម្សិលមិញនេះ អាមេរិកសម្រេចដេញអ្នកការទូតរុស្ស៊ីទៀត។ ឥឡូវ រុស្ស៊ីនឹងត្រៀមវាយបក ដើម្បីដេញត្រឡប់មកវិញ បូកជាមួយនឹងអឺរ៉ុបមួយចំនួន។ រឿងទាំងអស់នេះ សុទ្ធតែជារឿងចាំបាច់ពិភាក្សាគ្នានៅក្នុងក្របខណ្ឌ នៃមេដឹកនាំ មិនមែនក្បាលលោកឯងប៉ុន្មាននាក់ទេ។

២ មិន ១ មាន

រដ្ឋាភិបាលជប៉ុនគេធ្វើតម្រូវប្រជាជនកម្ពុជាជាង ១៥ លាននាក់ មិនមែនលោកឯងប៉ុន្មាននាក់ហ្នឹងទេ អោយវាយល់អំពីរឿងនេះ។ បើស្គាល់ជប៉ុនមិនច្បាស់ ទៅសួរជប៉ុនខ្លួនឯងទៅ។​ “២ អត់ ១ មាន” … ស្អីទៅ? អត់ចរចា អត់លើកលែងទោស (ឯមានគឺ)មានការបោះឆ្នោតប៉ុណ្ណឹង។ ឥឡូវ ក្រុមអ្នកឯងចង់ចូលជាមួយបក្សអ្នកណាចូលទៅ បង្កើតបក្សថ្មីបក្សទៅ ពួកអ្នកដែលមិនមានសិទ្ធិហាមឃាត់បង្កើតទៅ ធ្វើទៅ ចូលរួមការបោះឆ្នោត។ គ្មានការចូលរួមការចរចាជាមួយអស់លោកឯងទេ។ ផ្លូវច្បាប់មិនអនុញ្ញាតសិទ្ធិអោយខ្ញុំចរចាទេ។ សម្រាប់សិទ្ធិដែលខ្ញុំមាន គឺសិទ្ធិចុះហត្ថលេខាសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសអោយអ្នកដែលបានជាប់គុកដោយសាលដីកាតុលាការស្ថាពរ។

ដកទូរស័ព្ទពី​ មាជ សុវណ្ណរ៉ា

… ខ្ញុំបញ្ជាអោយពួកប៉ូលីសទៅដកទូរស័ព្ទ មាជ សុវណ្ណរ៉ា ចេញភ្លាម។ ហេតុអីបានអោយទូរស័ព្ទ មាជ សុវណ្ណរ៉ា និយាយរាល់ថ្ងៃ? តើប៉ូលីសយើងនៅគុកព្រៃសយ៉ាងម៉េច? ប៉ូលីសធ្វើភ្លាម។ ខ្លួនឯងអ្នកបញ្ជូនព័ត៌មានមកអោយខ្ញុំ ហើយធ្វើម៉េចបាន មាជ សុវណ្ណរ៉ា នៅនិយាយទូរស័ព្ទរាល់ថ្ងៃ? ហើយអាហ្នឹងសុទ្ធតែថា បន្តិចទៀត លោក ហ៊ុន សែន អញ្ចេះអញ្ចុះហើយ​។ ទៅដកពី មាជ សុវណ្ណរ៉ា។ មួយម៉ោងទៀតដកចេញអោយបាន។ បញ្ជាភ្លាម។ … មាជ សុវណ្ណរ៉ា ប្រហែលកំពុងស្តាប់អាហ្នឹង ព្រោះវាដោនឡូតចូលក្នុងហ្នឹង មានអ៊ិនធើណែតទៀត។ ប្រាប់លោកឯង ជាប់អត់ថ្ងៃចេញទេ។ មេលោកឯងព្រ​ហើន ហើយនិយាយភ្លើ​ៗ​យ៉ាងម៉េច? ពន្ធនាគារគ្រប់គ្រងអោយស្រួល គ្មានរឿងត្រូវទូរស័ព្ទចុះឡើង។ … ឆៃ ស៊ីណារិទ្ធិ អ្នកដឹងមុនអាហ្នឹង ហើយម៉េចក៏មិនដក? ឥឡូវ នាយករដ្ឋមន្ត្រីបញ្ជាអោយដកភ្លាម។ ទៅឆែកមើលក្នុងហ្នឹង មានអីខ្លះ? ប្រព័ន្ធទាក់ទងជាមួយអ្នកណាខ្លះ? គេធ្វើដល់នាយករដ្ឋមន្ត្រី គេមិនដឹងរឿងអស់អញ្ចឹងៗ គ្រាន់តែគេមិនមាត់? ជួនកាលគេបន្លាយខ្សែអោយវែង ចាប់ត្រីធំតែប៉ុណ្ណឹងតើ? … ពេលដែលអ្នកឯងវាយគេ អ្នកឯងបានគិតទេ? ហើយអ្នកឯងចង់ផ្តួលរំលំគេ អ្នកឯងបានគិតទេ? ឥឡូវ ចង់អោយគេធ្វើសម្បទាន។ ហួសពេលហើយអូន។ កុំថា លោក ហ៊ុន សែន ឆេវឆាវ។ អត់ទេ។ នយោបាយវាអញ្ចឹង។

បាត់វត្តមាន ហ៊ុន សែន អន្តរាយប្រទេស

លោកឯងមិនទាន់បានកាន់អំណាចផង លោកឯងត្រៀមសម្លាប់ខ្ញុំ។ រឿងអីដែលខ្ញុំមានអំណាចក្នុងដៃ មិនប្រើប្រាស់អំណាច ​ដើម្បីការពាររដ្ឋ។ ហ៊ុន សែន មិនមែនជាបុគ្គលម្នាក់គ្រាន់តែបម្រើត្រឹមតែមួយគ្រួសារទេ។ បាត់វត្តមាន ហ៊ុន សែន ភ្លាមអន្តរាយប្រទេស។ ព្រោះអី? ខ្ញុំព្រះករុណាខ្ញុំ បានបកស្រាយច្រើនដងហើយ នៅពេលនាយករដ្ឋមន្ត្រីអវត្តមានជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយនឹងត្រូវរៀបចំឡើងវិញ មានន័យថា បើនាយករដ្ឋមន្ត្រីស្លាប់ រដ្ឋាភិបាល គឺរលាយតែម្តង។ អត់ត្រូវមានស្តីទីឯណាទៀតទេ។ បើអវត្តមានម្តងម្កាល អាហ្នឹង គឺតែងតាំងស្តីទី។ ប៉ុន្តែអវត្តមានស្ថាពរហើយ ​គឺអត់មានទៀតទេ។ ពេលនោះ សភាត្រូវកោះប្រជុំ ដើម្បីបង្កើត​រដ្ឋាភិបាលថ្មី។ លោកឯងកំពុងខាបព្រលឹងហើយតើ? ដុតរូប សម្រក់ឈាមមាន់ ខាបព្រលឹង ចាំបាច់មករកចរចាជាមួយគ្នាធ្វើអី? ដឹងដែរថាមនុស្សនេះអ្នកកាន់កូនសោរ ហើយចុះម៉េចក៏មកបំពាន? មិនព្រមស្តាប់? មិនព្រមយល់? ខ្ញុំមិនមែនដាក់អន្ទាក់អ្នកឯងទេ ប៉ុន្តែអ្នកឯងរៀបអន្ទាក់ ហើយដើរជាន់ខ្លួនឯងទេ​តើ? អន្ទាក់ទី ១ អន្ទាក់ទី ២ អន្ទាក់ទី ៣ អន្ទាក់ប៉ុន្មានសុទ្ធតែលោកឯងដាក់ខ្លួនឯងទាំងអស់។

មើលៗបានបញ្ជាហើយឬនៅ? មើលមេគុក បើគ្រប់គ្រងមិនបាន ដូរមេគុកហ្នឹងទៅ។ ម៉េចបណ្តោយអោយ មាជ សុវណ្ណរ៉ា និយាយទូរស័ព្ទរាល់ថ្ងៃ? តែហ៊ាននិយាយទៀត ដកមេប៉ូលីស ដកទាំងអស់។ អានោះធ្វើនយោបាយរហូត។ មើលក្នុងសារវាឃើញហើយ …។

នឹងគោរពតាមការសម្រេចរបស់តុលាការថា ដោះលែងជនក្បត់ជាតិនៅក្រៅឃុំឬទេ?

ពីរអត់ មួយមាន។ មួយមាន គឺមានតែការបោះឆ្នោត​ តែអត់ចរចា និងអត់មានការលើកលែងទោស។ ហើយខ្ញុំមិនជឿថា ព្រឹកនេះ សាលាឧទ្ធរណ៍គេនឹងដោះលែងអាចោរក្បត់ជាតិនោះទេ ព្រោះនេះជាអំពើក្បត់ជាតិ។ ក៏ប៉ុន្តែ ខ្ញុំគោរពសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើតុលាការអនុញ្ញាតអោយវានៅក្រៅឃុំ អាហ្នឹងខ្ញុំក៏មិនដឹងធ្វើម៉េច​។ ប៉ុន្តែ ខ្ញុំមិនជឿថា តុលាការនឹងដោះលែងអាមេក្បត់ជាតិហ្នឹងទេ។ អ្នកដែលបញ្ជាចាប់ខ្លួនដំបូង គឺ ហ៊ុន សែន អ្នកបញ្ជា គ្មាននរណាផ្សេងទេ បើគ្មានបទបញ្ជាពី ហ៊ុន សែន គ្មាននរណាហ៊ានចាប់ទេ។ តែទោសក្បត់ជាតិ គឺត្រូវចាប់ទាំងយប់ហ្នឹង។ ឥឡូវវានៅក្នុងកណ្តាប់ដៃតុលាការ ព្រឹកនេះបើសិនតុ​លាការដោះលែង ក៏សុំដោះលែងទៅ ដោះអោយនៅក្រៅឃុំ។ អាហ្នឹងរឿងរបស់តុលាការ ខ្ញុំត្រូវគោរព។

ខ្ញុំមិនជឿថា តុលាការដើរទៅដល់ដំណាក់នោះទេ។ ប៉ុន្មានថ្ងៃនេះ សូម្បីតែ មាជ សុវណ្ណារ៉ា ក៏និយាយដែរ វាថា ជាការល្អណាស់ តុលាការកំពូលទម្លាក់អោយសាលាឧទ្ធរណ៍កាត់វិញ ជាសញ្ញានៃការដោះលែងអោយនៅក្រៅឃុំហើយ។ ភូតថ្លុក ភូតត្រពាំង។ បន្តិចទៀតគេដឹកទៅត្រពាំងថ្លុងវិញ។ ម្សិលមិញបង្ហោះមក លោក ហ៊ុន សែន យកបញ្ហាប្រយោជន៍ផ្ទាល់ខ្លួនជាមុខ គាត់ចង់សំដៅថា ការដុតរូបខ្ញុំនេះមួយ ការប្រមាថប្រពន្ធខ្ញុំ និងកូនប្រុសខ្ញុំនេះ គាត់ថា អាហ្នឹងជារឿងបុគ្គល។ ហ្នឹងជារឿងសីលធម៌ ប៉ុន្តែរឿងផ្លូវច្បាប់ ខ្ញុំអត់មានសិទ្ធិចរចាជាមួយលោកឯងទេ។ លោកឯងចាំមើលទៅ បង់ថ្លៃប៉ុន្មានក៏ខ្ញុំត្រូវបង់ដែរ …។

មិនមានការចរចា ឬអន្តរាគមន៍ណាមួយពីបរទេស

ខ្ញុំធ្លាប់និយាយហើយតើ បើទោះបីដោយតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពអោយបាន។ ពួកអ្នកឯងពួកបំផ្លាញសន្តិភាព ខ្ញុំមិនអាចធ្វើអីជាមួយអ្នកឯងបានទេ ក្រៅតែពីការអនុវត្តច្បាប់តែប៉ុណ្ណោះ​។ អ្នកឯងបាននិយាយហើយតើ កងទ័ពឈប់ស្តាប់បញ្ជា កំពុងតែប្រឆាំង។ អញ្ចឹង លោកឯងបណ្តោយតែម្តងទៅ ចាំបាច់ចរចាធ្វើអី? រុញទូកបណ្តោយទឹកទៅ បើពូកែ។ រួចហើយតាំងចេញមកហើយ លោក ហ៊ុន សែន និយាយអាម៉ឹង។ ចុះលោកឯងអាម៉ឹង ជេរម្តាយខ្ញុំទៅទៀតនោះ វាយ៉ាងម៉េចដែរ? ព្រហើន។ ខ្លួនឯងនៅក្នុងទឹកខ្វៃៗ បក់ដៃហៅគេជួយ តែធ្វើឯងដូចមាំណាស់ … ដោយសារតែនយោបាយវាស្ទើរអញ្ចឹងហើយ បានវាអញ្ចឹង។

បញ្ជាក់សារប៉ុណ្ណឹង ហើយខ្ញុំក៏ឈប់ជ្រលក់មាត់ជាមួយអ្នកឯងដែរ។ បកស្រាយទៅ។ បោកទៅ។ ថ្ងៃ ២៩ ខែកក្កដា ហ្នឹង គេបោះឆ្នោតហើយ។ ចុះឈ្មោះទាន់ ឬមិនទាន់ មិនមែនមុខដូចម៉ែខ្ញុំទេ។ ​ឥឡូវ បក្សនយោ​បាយកើតច្រើនណាស់។ អ្នកណាទៅជ្រកក្រោមបក្សណា អ្នកណាចូលទៅបក្សណា បើលោកឯងចង់បង្កើតបក្សបង្កើតទៅ … ប៉ុន្តែ កុំសង្ឃឹមលើដំណោះស្រាយនយោបាយ។ សុទ្ធតែអោយអន្តរជាតិមកជួយ។ អត់មានអន្តរជាតិណា អត់ត្រូវការអន្តរជាតិណាមកជួយទេ។ វាមិនមែនកិច្ចព្រមព្រៀងប៉ារីសទី ២ ទី ៣ ឯណាទៀតទេ។ ឯងធ្វើខុសច្បាប់ រឿងរ​បស់ឯងត្រូវចូលគុក មិនមែនមនុស្សទាំងអស់ត្រូវជាប់គុកទេ … មិនមែនរឿងនយោបាយឯណា? …។

ភស្តុតាងចាស់នៅក្រឡាញ ចេញភស្តុតាងថ្មីកាត់ដី ៤ ខេត្តអោយស្វយ័តទៀត

ភស្តុតាងនៅក្រឡាញ ហើយឥឡូវភស្តុតាងថ្មីមួយទៀត ដែលអ្នកឯងកាត់ទឹកដីអោយពួកម៉ុងតាញ៉ានេះ។ អ្នកឯងយកថាអាហ្នឹងសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមភាគតិច។ ប៉ុន្តែ ខ្ញុំសុំសួរបងប្អូនយើង តើប្រទេសកម្ពុជាមានជនជាតិភាគតិចឈ្មោះហៅថា ម៉ុងតាញ៉ា ឬទេ? ដែលលឺទេ? យើងធ្លាប់តែលឺ ស្ទៀង ព្នង ចារ៉ាយ​ កាចក់ ទំពួន កួយ យើងធ្លាប់លឺ ប៉ុន្តែ ម៉ុងតាញ៉ា យើងមិនធ្លាប់លឺទេ។ ហេតុអីបានប្រគល់អោយគេស្វ័យភាព ៤ ខេត្ត មានរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ? រឿងនេះអត់តូចទេ លោកកុំយកសិទ្ធិជាមូលដ្ឋាន(ជនជាតិដើមភាគតិចមកនិយាយ)។ សិទ្ធិជាមូលដ្ឋានយើងធ្វើបានតែជាមួយនឹងជនជាតិស្ទៀង ព្នង ចារ៉ាយ​ កាចក់ ទំពួន កួយ ដែលមាននៅក្នុងសញ្ជាតិ​កម្ពុជា តែរឿងម៉ុងតាញ៉ា គឺជាជនជាតិភាគតិចរបស់វៀតណាមទេ។ លោកឯងធ្វើអំពើបែបនេះ មានន័យថាម៉េច? លោកឯងចេញមកទទួលស្គាល់ហើយតើ? រួចហើយលោកឯងប្រកាសថា អាហ្នឹងជាសិទ្ធិនៃជនជាតិដើមភាគតិច។

ប៉ុន្តែ ខ្ញុំចេញជាសំណួរសួរប្រជាជនកម្ពុជាថា នៅកម្ពុជាមានជនជាតិម៉ុងតាញ៉ាឬអត់? ហើយចាំបាច់អី ពេល​ចុះហត្ថលេខាមានទង់ជាតិរហូតដល់ ៣៖ ទង់ជាតិអាមេរិកនៅកណ្តាល ទង់ជាតិខ្មែរ និងទង់ជាតិមួយទៀត តំណាងអោយ កុក ស ដែលជាមេនៃរដ្ឋដេហ្គារបស់ជនជាតិម៉ុងតាញ៉ា? បើខ្មែរ និងខ្មែរ ម៉េចក៏ចាំបាច់ចុះហត្ថលេខា? កុក ស អត់ចេះនិយាយខ្មែរសូម្បីមួយម៉ាត់ ប៉ុន្តែ ហេតុអីបានជាខ្មែរ និងខ្មែរ ត្រូវចុះហត្ថលេខានឹងគ្នា បើសិនជាថាខ្មែរភាគតិច។ ខ្មែរភាគតិចនោះទៀត បើសិនជាខ្មែរមែន ហេតុអីបានជាខ្មែរនោះមានទង់ជាតិ(ផ្សេង) នៅក្នុងពេល ដែលរដ្ឋធម្មនុញ្ញយើងមិនអនុញ្ញាតអោយមានអបគមន៍។ សូម្បីតែនៅក្នុងសម្បថ នៃសមាជិកតំណាងរាស្រ្ត អត់មាននិយាយរឿងអោយមានអបគមន៍ទេ។ មើលទង់ជាតិនៅពីខាងក្រោយនៅពេលដែលគេចុះហត្ថលេខា។ វាជ្រុលហួសហេតុពេកហើយ។

ជម្រុញប្រដាប់អាវុធបះបោរ ស្មើនឹងធ្វើរដ្ឋប្រហារ

ឥឡូវចាប់ផ្តើម ស្អីចរចាៗ។ ប្រាប់(វិញ)ថា អត់ៗ។ មានតែប៉ុណ្ណឹង។ លោកឯងកំពុងធ្វើត្រូវហើយ ដើរដុតរូបខ្ញុំតទៅទៀត ហើយបំផុសអោយកម្លាំងប្រដាប់អាវុធប្រឆាំងជាមួយនឹងខ្ញុំទៅទៀត។ ខ្ញុំបានប្រាប់ទៅទីប្រឹក្សារបស់នាយករដ្ឋមន្រ្តីជប៉ុន (ស៊ិនហ្សូ) អាបេ ថា “ឯកឧត្តម ទង្វើអោយកងទ័ពបះបោរប្រឆាំងរដ្ឋាភិបាល មានន័យថាយ៉ាងម៉េច? មានន័យថា រដ្ឋប្រហារ។ បើកងទ័ពហ្នឹងចេញមកដើម្បីផ្តួលរដ្ឋាភិបាល វាមានន័យថា រដ្ឋប្រហារ”។ អញ្ចឹង ទោសហ្អែងមួយជាន់ទៀត មិនមែនត្រឹមតែមិនអោយកងទ័ពស្តាប់បញ្ជាទេ ប៉ុន្តែអោយ​កងទ័ពធ្វើរដ្ឋប្រហាររំលំរដ្ឋាភិបាល។ បញ្ចប់គ្នាត្រឹមប៉ុណ្ណឹងចុះ។ ត្រៀមខ្លួន ខ្យងក្តក់ទឹកជន់។ ឆ្នាំនេះ មើលទៅពោរពេញដោយសារ៉ាវ៉ាន់ហើយ។ សារនេះគ្រប់គ្រាន់ហើយ …។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់ជ័យលាភី គ្រប់កម្រិត ដែលចូលរួមនៅថ្ងៃនេះ ២.១៣២ នាក់ ក្នុងម្នាក់​ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនសាស្រ្តាចារ្យ និងបុគ្គលិក ចំនួន ៦៥៦ នាក់ ក្នុងម្នាក់ៗថវិកា ១០​ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ថវិកា ៥ លានរៀល។ ជូនវិទ្យាស្ថានជាតិអប់រំ ថវិកា ៥ លានរៀល។ អ្នកដែលទទួលសញ្ញាបត្រមុនៗ បានទទួលថវិកាតែ ៣ ម៉ឺនរៀល ឯគ្រូ សាស្រ្តាចារ្យ បានតែ ៥ ម៉ឺន(រៀល)ទេ។

មានចំណោទសួរថា ចុះកំណើនសេដ្ឋកិច្ចមួយឆ្នាំឡើង ៧% ការផ្តល់អោយនៅដដែលដូចមិនព្រមឡើង។ អញ្ចឹងបានជាឥឡូវឡើងអស់ហើយ ហើយសល់តែប៉ុន្មានថ្ងៃទៀត ក្នុងក្របខណ្ឌមន្រ្តីរាជការ កងកម្លាំងប្រ​ដាប់អាវុធ នឹងត្រូវឡើងបៀវត្សរ៍។ ពេលវេលានេះ ជាពេលវេលាកំពុងបើកបៀវត្សរ៍ ខែមីនា។ ដល់ទៅខែមេសា ចាប់ផ្តើមឡើងប្រាក់ខែ ដល់ឡើងប្រាក់ខែត្រូវបើកអោយបានមុនចូលឆ្នាំ បើបានមុនចូលឆ្នាំ គឺយ៉ាងណាក៏ប្រហែលជាថ្ងៃ(ទី) ១១ អីត្រូវបើកអោយរួច បូកបន្ថែមដោយការឧបត្ថម្ភ។ វាតិចតួចណាស់ម្នាក់ៗ ប៉ុន្តែ បើរាជរដ្ឋាភិបាលរែកពន់កន្លះលាននាក់ឯណោះ …។

ពង្រឹងអនុវត្តទ្រឹស្តីរបស់ សម រង្ស៊ី

ដូចអាពីរអត់ អាមួយមានអម្បាញ់ម៉ិញហ្នឹង។ រង់ចាំទៅ។ សេះដុះស្នែងទៀតក៏មិនទាន់ជួបគ្នាទេ ហើយគ្មានវាសនានឹងជួបគ្នាទេ ព្រោះគេដាក់ចេញគោលដៅ “មានស៊ី អត់សែន មានសែន អត់ស៊ី”។ គេដាក់ចេញគោលដៅខ្លួនគេទេតើ។ ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ សម្រេចបំណងគេ។ លើការជាក់ស្តែងមានតែសែន អត់ស៊ីទេ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រឹងណាស់ ដើម្បីបង្កើតនូវវប្បធម៌សន្ទនា ក៏ប៉ុន្តែ គេមិនលើកលែងអោយខ្ញុំព្រះករុណាខ្ញុំទេ។ ដូច្នេះ គ្មានរឿងអីដែល ខ្ញុំព្រះករុណាខ្ញុំ ត្រូវលើកលែងអោយពួកគេទេ។ កុនចិនបាននិយាយ “ត្រាប្រណីអោយសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង” ពិតជាត្រឹមត្រូវមែន។ ចុះហត្ថលេខាពីរលើកៗលែងទោសអោយគេ។ គ្រាន់តែស៊ីបាយជាមួយគ្នា គេទៅប្រាប់គ្នាគេថា បើមិនចូលជិតមេចោរទេ ធ្វើម៉េចចាប់ចោរបាន? វាទៅឯងជាចោរទៅវិញ​។ ខ្ញុំដាក់ចេញគោលដៅរបស់ខ្ញុំដូចគ្នា កំចាត់ហ្អែងដូចកំចាត់ ប៉ុល ពត។ ប៉ុល ពត ប៉ុណ្ណឹងគង់អស់រលីង …។

ជប៉ុន គោរពឯករាជ អធិបតេយ្យ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

គ្មានបរទេសណាមកត្រួតក្បាល ហ៊ុន សែន បានទេ សុំនិយាយអោយច្បាស់។ គេគិតថា ជប៉ុន មកគាប។ ជប៉ុន ជាប្រទេសមួយ ដែលខ្ញុំបានធ្វើការជាមួយពួកគេៗមិនដែលធ្វើតាមរបៀបដូចលោកឯងនិយាយនោះ​​​ទេ? សូម្បីតែភាសានិយាយក៏ប្រយ័ត្នប្រយែងដែរ។ គ្រាន់តែខ្ញុំងាកទៅសួរៗថា ចរចាជាមួយអ្នកណា? គាត់មិនទាំងហ៊ានឆ្លើយថាជាមួយនឹងបក្ស គាត់ប្រើ(ភាសា)និយាយថា ជាមួយនឹងមនុស្សមួយក្រុម ដែលត្រូវកាត់​សិទ្ធិនយោបាយ​។ គាត់ប្រើពាក្យប្រយ័ត្នណាស់។ ព្រោះអី? គាត់ថា គោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គោរពច្បាប់កម្ពុជា។ គោរពតុលាការកម្ពុជា។ បើគោ​រពតុលាការកម្ពុជា គាត់និយាយថាបក្សយ៉ាងម៉េចកើតទៀត? សូម្បីពាក្យ បក្សសង្គ្រោះជាតិ មួយម៉ាត់ក៏គាត់អត់និយាយដែរ។ គាត់និយាយថា ចរចាជាមួយមនុស្សមួយក្រុម។ ស្តាប់អោយច្បាស់ភាសាអស់នេះ។ បើមិនមានជំនាញ(ការ)ទូតទេ ខ្ញុំអាចអង្គុយបង្រៀនអ្នកស្តាប់ភាសា។ គ្រាន់តែពាក្យថា មិនអាចយោគយល់បាន មិនអាចលើកលែងបាន មិនអាចអត់ឱនអោយបាន គ្រាន់តែបីភាសាហ្នឹង គឺខុសគ្នា។

បើចរចា តាមផ្លូវច្បាប់ គឺប្រឆាំងនឹងសាលក្រមតុលាការកំពូល

នៅពេលដែលយើងចាប់ផ្តើមធ្វើការ ត្រូវស្តាប់សម្លេងរបស់គេអោយច្បាស់ ភាសាខ្លះគេប្រើពាក្យថា មិនអាចអត់ឱនអោយបាន ភាសានេះដល់កម្រិតជ្រៅ ប៉ុន្តែ ខ្លះគេថា មិនអាចយោគយល់បាន។ ន័យវាខុសគ្នា។ គាត់ថា អាចចរចាបានទេ? ព្រោះគាត់និយាយពីតួនាទីរបស់ ខ្ញុំព្រះករុណាខ្ញុំ ដែលធ្លាប់ដើរពីមុនមក ថារឿងអីក៏ដោយឯកឧត្តមតែងតែដោះស្រាយបញ្ហាបានទាំងអស់ ឥឡូវ មានលទ្ធភាពអាចធ្វើការចារចាបានទេ? ខ្ញុំងាកទៅសួរភ្លាម ចរចាជាមួយអ្នកណា? ចរចាជាមួយមនុស្សមួយក្រុម។ បើសិនជាគាត់ប្រើពាក្យថា ចរចាជាមួយបក្សនយោបាយនោះ គាត់នឹងនិយាយខុសនូវភាសាដែលថាគោរពច្បាប់កម្ពុជា ដែលច្បាប់កម្ពុជាបានរំលាយអាបក្សហ្នឹងចោលបាត់ទៅហើយ។ ខ្ញុំប្រាប់គាត់ថា ខ្ញុំចរចាអត់បានទេ (តែ)ចរចាចូលគុកទាំងខ្ញុំទៀត ព្រោះមិនគោរពសាលក្រមតុលាការកំពូល។ ត្រូវជាប់គុក ២ ឆ្នាំកន្លះទៀត។

ខ្ញុំប្រាប់គាត់ ច្បាប់ពន្ធនាគារ អនុញ្ញាតអោយនាយករដ្ឋមន្ត្រីលើកសំណើសុំព្រះមហាក្សត្រ​លើកលែងទោស ពេលណាក៏បាន ប៉ុន្តែ ខ្ញុំអត់លើកលែងទោសអោយទេ។ ខ្ញុំនឹងធ្វើសំណើលើកលែងទោស សម្រាប់ពេលចូលឆ្នាំ។ អាហ្នឹងសម្រាប់ទូទៅ មិនមែនសម្រាប់ មាជ សុវណ្ណរ៉ា ទេ ព្រោះឥឡូវអាហ្នឹងចេះភូតតាំងពីក្នុងគុកមក។ នៅលើពិភពលោកបច្ចុប្បន្ន បច្ចេកវិទ្យាវាជឿនលឿនណាស់ ជឿនលឿនរហូតទៅដល់អ្នកជាប់គុកហើយមានប្រដាប់បញ្ជាចេញមកក្រៅ។ ប៉ុន្តែ យើងក៏ត្រូវមានរបៀបគ្រប់គ្រងអាហ្នឹងអោយបានដែរ។ ចោរតែងតែដើរលឿនជាងប៉ូលីសនៅដំណាក់កាលមួយ តែប៉ូលីសក៏ត្រូវដើរលឿនជាងចោរដែរ។

ជាថ្មីម្តងទៀត សូមសម្តែងនូវការអបអរសាទរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក៏ដូចជា អបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ហើយក៏សូមប្រសិទ្ធពរចំពោះ ព្រះ​តេជព្រះគុណ គ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរ និងពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ