សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបប្រធាន​សភា​ពាណិ​ជ្ជកម្ម និង​ឧស្សាហកម្ម អូស្រ្តាលី

164

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
នៅក្នុងជំនួបនេះ លោក Jeremy Johnson បានបញ្ជាក់ថាលោកតែងតែជំរុញអោយមានឱកាសនៃការធ្វើពាណិជ្ជកម្មជាច្រើន ដែលនាំមកនូវផលប្រយោជន៍រវាងអាស៊ាន និងអូស្ត្រាលី។ លោក Jeremy Johnson នឹងខិតខំពង្រឹងកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសលើការវិនិយោគ ពាណិជ្ជកម្មទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកនឹងយកចិត្តទុកដាក់សិក្សាស្វែងយល់អោយកាន់តែច្បាស់អំពីឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលីជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ កាលពីឆ្នាំ២០០៦ ក្នុងពេលដែសម្តេចតេជោបានធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីគឺបានចុះហត្ថលេខាក្នុងការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្តេចបានសួរបញ្ជាក់ផងដែរថា តើតក្រុមប្រឹក្សានេះអាចដល់ពេលត្រូវបង្កើតអោយចេញជារូបរាងដើម្បីបម្រើដល់កិច្ចសហប្រតិបត្តិការលើវិស័យពាណីជ្ជកម្ម និងវិនិយោគបានឬនៅ?
ប្រទេសកម្ពុជានាសព្វថ្ងៃនេះ គឺបានទាក់ទាញអ្នកវិនិយោគទុនពីបរទេសជាច្រើន។ សម្តេចតេជោ ចង់ឃើញការវិនិយោគពីអូស្ត្រាលីនៅកម្ពុជាអោយកាន់តែច្រើនឡើងថែម ជាពិសេសគឺសម្តេចតេជោ បានស្នើអោយពិចារណាក្នុងការបើកជើងហោះហើរកម្ពុជា-អូស្រ្តាលី ព្រោះនៅអូស្រ្តាលីក៏មានបងប្អូនខ្មែររស់នៅទីនេះប្រមា៦ម៉ឺននាក់។ តាមរយៈជើងហោះហើរដោយត្រង់នេះ គឺនឹងនាំទេសចរអូស្រ្តាលីមកកំសាន្តនៅកម្ពុជាកាន់តែច្រើនឡើងជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសជាច្រើនដល់វិស័យឯកជន ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអញ្ជើញលោក Jeremy Johnson ទៅទស្សនកិច្ចស្វែងយល់នូវឱកាសវិនិយោគនៅកម្ពុជាផងដែរ៕