នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេទៅកោះប៉ែនស្ថិតនៅក្នុង ភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្ពានកោះប៉ែននេះ ត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធដែលប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ១៣លានដុល្លារអាមេរិក។ ស្ពានកោះប៉ែនគឺបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ ដែលមានបណ្តោយ ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង។
ថ្ងែនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង និងអបអរសាទរចំពោះសមិទ្ធផល”ស្ពានកោះប៉ែន” ដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ និងប្រើប្រាស់ដោយថវិការាជរដ្ឋាភិបាលដោយផ្ទាល់។ នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកសាងជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ដល់ប្រជាពលរដ្ឋនៅថ្ងៃនេះថា ចាប់ពីពេលនេះតទៅនៅពេលដែលកម្ពុជាយើងមានប្រាក់គ្រប់គ្រាន់ហើយ គឺយើងអាចសាងសង់ស្ពានឆ្លងទន្លេដោយខ្លួនឯងបានហើយ។ នៅពេលខាងមុខនេះ កម្ពុជានឹងសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេជាច្រើនទៀតដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្តល់ថរិកាដល់ការសាងព្រមទាំងក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលបានចូលរួមក្នុងការពិនិត្យលើបច្ចេកទេសសាងសង់ឲ្យសម្រេចបានចេញនូវសមិទ្ធផលស្ពាននេះដោយគ្មានភាគីបរទេសណារួមចំណែកឡើយ។ សម្តេចតេជោ ក៏បានអរគុណផងដែរដល់ ម្ចាស់សាឡាងឆ្លងកាត់ទន្លេនេះ ដែលកន្លងមកក្នុងអំឡុងពេលសាងសង់ស្ពាន គឺបានដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនមានការគិតថ្លៃ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏សូមអភ័យទោសចំពោះប្រជាពលរដ្ឋដែលមានការរង់ចាំយូរដោយសារការយឺតយ៉ាវពេលឆ្លងសាឡាងក្នុងពេលកំពុងដំណើរការសាងសង់ស្ពាន។
កម្ពុជាគឺកំពុងអនុវត្តិខ្ជាប់នូវយុទ្ធសាស្ត្រចតុកោណក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលចាំបាច់ត្រូវមានធនធានមនុស្ស, ផ្លូវ, ទឹក និងភ្លើង ដែលវិស័យទាំង ៤នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងកាអភិវឌ្ឍប្រទេស និងបម្រើការរស់នៅរបស់ប្រជាពលរដ្ឋ។
តាមរយៈស្ពាននេះ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងមិនមានការលំបាកដូចកាលពីមុនទៀតទេ ពីព្រោះការពីមុនពេលគាត់ឆ្លងកាត់ស្ពានប្ញស្សី គឺមនុស្សឆ្លងម្នាក់ត្រូវអស់៥០០ រៀល, ម៉ូតូមួយ ១៥០០រៀល, ឡានតូច ២០,០០0 រៀល និងឡានដឹកសព ១៥០ ដុល្លារ ប៉ុន្តែចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋមិនអស់ប្រាក់ទៀតទេ គឺទាំងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។
ជាពិសេសជាងនេះទៀត គឺក្រោយពេលមានស្ពាននេះហើយ តំបន់កោះប៉ែននឹងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ព្រោះតំបន់នេះគឺជាកន្លែងទាក់ទាញទេសចរណ៍ស្រាប់។ សូមភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តនៅតំបន់កោះប៉ែន ព្រោះពេលនេះយើងមានស្ពានឆ្លងទន្លេហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៅមុខទៀត ដើម្បីរក្សាការពារសន្តិភាព ការពារផលប្រយោជន៍ជាតិ។ សូមបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជាបន្តទៀត។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវសៀវភៅភិរម្យ អ៊ូ (ក្រមង៉ុយ) និង បណ្ឌិត អ៊ូចុង ចែកជូនលោកគ្រូអ្នកគ្រូចំនួន ១,៥៥២នាក់។ សម្តេចតេជោ បានត្រៀម ១១ម៊ឺនក្បាល សម្រាប់ចែកជូនដល់គ្រូបង្រៀនទូទាំងប្រទេស។ សម្តេចតេជោនឹងនាំយកសៀវភៅនេះទៅចែកជូនសិស្សនិសិ្សត ដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលី ចំនួន ២,៥០០ ក្បាលផងដែរ នៅក្នុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអូស្រ្តាលីអាស៊ានខាងមុខនេះ។
នាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើញបំពាក់គ្រឿងឥស្សិរយយសជូនដល់ក្រុមការងារកងវិស្វ័កម្ម ក្រសួងការពារជាតិ និងអ្នកដែរមានស្នាដៃល្អដែលបានចូលរួមចំណែកក្នុងការកសាងស្ពាននេះ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយក្រៃលែង។ បន្ទាប់មកសម្តេចតេជោបានអញ្ជើញកាត់ខ្សែបូរដាក់សម្ពោធ“ស្ពានកោះប៉ែន” ឲ្យប្រជាពលរដ្ឋប្រើប្រាស់ចាប់ពីពេលនេះតទៅ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពានឆ្លងទន្លេកោះប៉ែន ខេត្តកំពង់ចាម
ពត៌មានផ្សេងៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...
នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈចេញទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។