នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។ បច្ចុបប្បន្ន ខេត្តកណ្តាលមានរោងចក្រ សហគ្រាស ចំនួន ៤៦២ មានកម្មករនិយោជិតសរុបជាង ១៥ម៉ឺននាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសរុប១៦៨ មានកម្មករនិយោជិតចំនួន ១៣៤,៣២៣នាក់។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងចំពោះការអញ្ជើញមកជួបជុំសំណេះសំណាលផ្ទាល់ជាមួយកម្មករកម្មការនីនៅខេត្តកណ្តាលនាពេលនេះ។ ការជួបជុំជាមួយ កម្មករនៅខេត្តកណ្តាលនេះគឺជាការជួបលើកទី២ផងដែរ ដែលកាលពីលើកមុនជួបនៅ តំបន់រោងចក្រ 7NG និងនៅពេលនេះជួបនៅទីក្រុងតាខ្មៅម្តង។
សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាគិតចាប់ពីខែ សីហា កន្លងមកគឺមានរយៈ ពេលប្រមាណ៦ខែហើយដែល សម្តេចតេជោ បានចុះជួបបងប្អូនកម្មករ កម្មការនី តាមបណ្តាល រោងចក្រនានាហើយសកម្មភាពនេះនៅតែធ្វើជាបន្តបន្ទាប់ទៀតហើយ ចាប់តាំងពីការដាក់ផែនការចុះជួបបងប្អូនកម្មករ កម្មការនីមក គឺសម្តេចតេជោ បានចុះជួបកម្មករមានប្រមាណជាង ៥០ ម៊ឺននាក់ហើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេច តែងតែផ្សារភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូចជាការផ្សារភ្ជាប់ជាមួយ បងប្អូននៅសមរភូមិ បងប្អូនប្រជាកសិករ សិស្សនិសិ្សត កីឡាករកីឡាការនី សិល្បករ សិល្បការិនី កម្មករ កម្មការនីជាដើម។ល។ នៅរោងចក្រខេត្តកណ្តាលនេះ កន្លងមក សម្តេចតេជោ ក៏ធ្លាប់បានចូលរួមដោះស្រាយបញ្ហារោងចក្រដែលថៅកែរត់ចោលផងដែរតាមរយៈការផ្តល់ជាសាច់ប្រាក់ ដើម្បីបើកប្រាក់ខែដល់ក្មួយៗកម្មករដែរថៅកែរត់ចោលនោះ។ សម្តេចតេជោ បានរំលឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រ សហគ្រាស មានតែ៦៤ប៉ុណ្ណោះ ហើយមានកម្មករបំរើការងារត្រឹមតែ ៨២,០០០នាក់ ក៏បន្តែបច្ចុប្បន្នមានរោងចក្ររាប់រយ និងកំលាំងពលកម្មប្រមាណជាង ១លាននាក់ហើយ។ ដោយសារតែកត្តាសុខសន្តិភាពដែលធ្វើឲ្យវិនិយោគិនបរទេសមានជំនឿជឿជាក់មកលើកម្ពុជាសម្រេចមកវិនិយោគក្នុងប្រទេសដែលធ្វើឲ្យកូនក្មួយទទួលបានការងារធ្វើផងដែរ។ ដូចច្នេះដើម្បីរក្សានូវសន្តិភាព និងរក្សានូវការងាររបស់ក្មួយៗកម្មករ កម្មការនីទាំងអស់ សម្តេចតេជោ សូមឲ្យក្មួយៗបន្ត គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀតដើម្បីឲ្យសម្តេចបានអភិវឌ្ឍន៍ប្រទេសនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់រួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ព្រោះបើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍន៍ឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តធ្វើការអំពាវនាវឲ្យម្ចាស់រោងចក្រ និងកម្មករ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករាល់កំហុសខុសឆ្គងទាំងឡាយ។សម្តេចតេជោ ក៏បានបញ្ជាក់សារជាថ្មីទៀតថា ក្នុងរោងចក្រមិនត្រូវឲ្យមាន បងតូច បងធំនោះទេ ហើយកម្មករទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការងារដោយយកចិត្តទុកដាក់ និងរក្សាការងារឲ្យបាន គង់វង្ស។ក្មួយកម្មករ កម្មការនីត្រូវតែចេះជួយគ្នាទៅវិញទៅមក ហើយចំពោះតំណាងកម្មករដែលជាប្រធានផ្នែក ប្រធានរដ្ឋបាល ត្រូវមានការយោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ហើយត្រូវរកវិធីដោះស្រាយដោយសន្តិវិធី។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករ កម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកូនក្មួយកម្មករ កម្មការនីទាំងអស់ដែលបានគោរពស្រលាញ់សម្តេច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកសារជាថ្មីផងដែរ សូមឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងការងារ ត្រូវអនុវត្តន៍នូវអនុសាសន៍សំខាន់ៗ ៩ចំនុច ដែលបានដាក់ចេញទៅឲ្យមានប្រសិទ្ធភាព ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ សូមជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និបដិភាណៈ កុំបីឃ្លៀឃ្លាតឡើយ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករនិងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៤១២ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូន កូនក្មួយកម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕