នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ-កម្មការិនីចំនួន ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ-កម្មការិនី នៅក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករ និងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង។ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រី ក៏បានរំលឹកអំពីអត្ថប្រយោជន៍ថ្មីៗ ដែលកម្មករ-កម្មការិនីទទួលបាន ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺដើម្បីជីវភាពក្មួយៗកម្មករ-កម្មការិនីទាំងអស់ និងទិសដៅគោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥-២០២៥។
សម្តេចតេជោ ហ៊ុន សែន តែងតែមកជួបជាមួយកម្មករយើងនៅថ្ងៃទី១ឧសភា តែដោយសារអំឡុងខែឧសភានោះអាចនឹងមានភ្លៀងធ្លាក់ដូច្នេះសម្តេចសុំយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅក្នុងខែមីនានេះតែម្តង។ សម្តេចតេជោ ពិតជាមានមោទនភាពចំពោះសមិទ្ធផល នៃវិស័យឧស្សាហកម្ម ដែលបានកើតមានឡើងក្នុងខេត្តព្រះសីហនុនេះ។ បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុមានជាតំបន់សេដ្ឋកិច្ចពិសេស និងមានរោងចក្រសហគ្រាសជាច្រើនផងដែរសម្រាប់ផ្តល់ការងារដល់កូនក្មួយយើងជាច្រើន។ ដូចច្នេះដើម្បីថែរក្សាការងារនេះឲ្យបានគង់វង្ស សម្តេចតេជោ ហ៊ុន សែន សូមឲ្យកម្មករ-កម្មការិនី បន្តចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាបន្តទៀតដើម្បីឲ្យសម្តេចបានរួមដំណើរជាមួយកូនក្មួយកម្មករដើម្បីដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានកំណត់នូវប៉ូលសេដ្ឋកិច្ច សំខាន់ចំនួន៣ ដែលជាប៉ូលសំខាន់សម្រាប់ជំរុញកំណើសេដ្ឋកិច្ចជាតិ មានដូចជាទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ហើយនៅពេលខាងមុខកម្ពុជា នឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែម នៅតំបន់ភូមិភាគឥសាន្ត ដូចជានៅ ខេត្តមណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង និងព្រះវិហារជាដើម ដែលខេត្តទាំងអស់នោះជាប្រភព នៃដំណាំកសិឧស្សាហកម្ម និងផលិតផលផ្សេងទៀត។
សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងខេត្តព្រះសីហនុ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដែលមានភាពទាក់ទាញ នៅខេត្តព្រះសីហនុក៏មានកំពង់ផែទឹកជ្រៅដ៏សំខាន់មួយសម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសផងដែរ។ កម្ពុជានឹងបង្កើតកំពង់ផែទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខ ដែលនឹងបង្កើតឡើងក្នុងស្រុងស្ទឹងហាវ ខេត្តព្រះសីហនុ និងសមុទ្រខេត្តកំពតផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ចំនួន២ចំនុច ដល់ម្ចាស់រោងចក្រសហគ្រា ដែលចង់ឲ្យកម្មករនៅបំរើការងាររោងចក្ររបស់យើងនោះគឺ
១) ត្រូវតម្លើងប្រាក់ខែកម្មករ-កម្មការិនីឲ្យបានខ្ពស់។
២) ត្រូវមានផ្ទះសម្រាប់កម្មករស្នាក់នៅ បើការអនុវត្តន៍បែបនេះបាននោះ នឹងធ្វើឲ្យវិស័យនេះកាន់តែមានការអភិវឌ្ឍរីកចម្រើន។
សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឲ្យកម្មករ-កម្មការិនីត្រូវតែរួមគ្នាថែរក្សា សន្តិភាព មានការយោគយល់គ្នាទៅវិញទៅមករវាងកម្មករ ប្រធានផ្នែក ប្រធានរដ្ឋបាល និងថៅកែរោងចក្រ។ មិនត្រូវមានបងតូចបងធំនៅក្នុងរោងចក្រ និងត្រូវរួមគ្នាថែរក្សាការងារឲ្យបានល្អ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករ-កម្មការិនី និងសូមអោយបងប្អូនប្រជាពលរដ្ឋ គាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៣២៩ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕