សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជាអធិ​បតី​ក្នុង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​ទេសចរណ៍ និង​ចែកជ័យ​លាភីទីក្រុងស្អាតលើ​កទី២

នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតការងារទេចរណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាទីក្រុងស្អាតក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១“។ ពិធីនេះមានការ​អញ្ជើញចូលរួមពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ តំណាងមន្ទីទេសចរណ៍ខេត្ត តំណាងក្រុមហ៊ុនទេសចរណ៍ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយចំពោះការចូលរួមក្នុងពិធីបិទអង្គសន្និបាតនេះ និងបានអរគុណចំពោះគណៈកម្មាធិការរៀបចំអង្គសន្និបាតនេះដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានលក្ខណៈកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ការ​រីកចំរើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​​​អំពី​សារៈ​សំខាន់​​នៃកត្តា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នយោបាយ ដែល​ជា​កត្តា​កំណត់ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ធានា​ចីរភាពនៃ​កំណើន​​​វិស័យ​ទេសចរណ៍។​​ ក្នុង​ឆ្នាំ​២០​១​៧​ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរអន្តរជាតិ​ចំនួន​ជាង ៥,៦លាននាក់ កើនឡើង ​១១,៨% និង​ភ្ញៀវទេសចរក្នុងស្រុកមានចំនួន ១១លាននាក់ បានរួម​ចំណែក​ប្រមាណ​​ ១៣% នៃ​ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាង​ឱ្យ​ប្រមាណ​​ ៣០% នៃវិស័យ​សេវា​កម្ម​នៅកម្ពុជា។ ការសម្រេច​បាន​នូវកំណើននៃការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​ឆ្នាំ២០១៧នេះ ក៏ព្រោះដោយសារតែ រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវ​កម្ម​វិធីន​យោបាយ និងមាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយភាព​ប្រាកដ​​និយម​ ពិសេស​មាន​​ច្បាប់​ស្តីពី​ទេសចរណ៍ និងផែនការជាតិ​​យុទ្ធសាស្ត្រ​អភិវឌ្ឍ​​ទេសចរណ៍​២០១២-២០២០។

ក្នុងអង្គសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន៣ចំនុចដល់អង្គសន្និបាតដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែមានសក្តានុពល​ និងរីកចម្រើនឈានឡើង ៖ ១)ត្រូវចូលរួមរក្សាសន្តិភាពអោយបានគង់វង្សពីព្រោះអ្នកទេសចរណ៍អាចធ្វើដំណើរកម្សាន្តទៅមកបាន គឺអាស្រ័យដោយកត្តាមានសន្តិសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គម​ ដូច្នេះសូមចូលរួមថែរក្សាសន្តិសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ។ ជាមួយគ្នានោះរាជរដ្ឋាភិបាលបានតាំងចិត្តថាទោះក្នុងតំលៃណាក៏ដោយគឺកម្ពុជាត្រូវតែរក្សាសន្តិភាពអោយបាន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ២)ត្រូវចាត់ទុកឆ្នាំ២០១៨ជាឆ្នាំនៃទេសចរណ៍បៃតងដូច្នេះត្រូវរួមគ្នាថែរក្សាប្រាង្គប្រាសាទនានាដែលកម្ពុជាមានជាពិសេសសម្បត្តិធម្មជាតិទាំងឡាយជាមួយគ្នានោះត្រូវរួមគ្នាក្នុងការក៏សាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបំរើក្នុងវិស័យទេសចរណ៍។ ៣)បន្តរួមគ្នាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ត្រូវរួមគ្នាបង្កើតផលិតផលទេសចរណ៍ សេវាទេសចរណ៍ ផ្សេងៗ ជាពិសេសត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ចិន ដែលនឹងមកប្រទេសកម្ពុជានាពេលខាងមុខ។ចូលរួមថែរក្សាកេរិ៍្តឈ្មោះប្រទេសកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាព្រះរាជាណាចក្រអាច្ឆរិយៈ ក្នុងនោះខេត្តដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតប្រជែងត្រូវខិតខំប្រឹងប្រែងអោយចំណាត់ថ្នាក់ឡើងមួយកំរិតថែមទៀត​ឬ​ យ៉ាងហោចណាស់ត្រូវរក្សាអោយនៅលើលំដាប់ថ្នាក់ដដែល​ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់អ្នកចូលរួមក្នុងអង្គសន្និបាតទាំងអស់សូម ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមអោយអង្គសន្និបាតបន្តអនុវត្តន៍ផែនការថ្មីដែលបានដាក់ ចេញ សម្រាប់ឆ្នាំ២០១៨ អោយមានប្រសិទ្ធិភាព និងរីកចម្រើនជាបន្តបន្ទាប់ទៀត។

នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីទេសចរណ៍ដែលមានស្នាដៃល្អ និងអញ្ជើញប្រគល់ជ័យលាភី ទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ ២០១៨-២០២១ ដល់ទីក្រុងដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតកន្លងមកនេះ ដែលមានដូចជា ក្រុងបាត់ដំបង ក្រុងកែប ក្រុងកំពត ក្រុងសៀមរាប ក្រុងភ្នំពេញ ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ