សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ-កម្មការិនី នៅតំបន់រោងចក្រ ខេត្តកំពង់ស្ពឺ

នៅព្រឹក​ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួបសំណេះ​សំណាល ជាមួយកូន​ក្មួយ​កម្មករ កម្មការិនី​ចំនួន ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ។

នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ​ជាខ្លាំងដែលបាន​អញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករ-កម្មការិនីក្នុងការចុះ​ជួប​សំណេះ​សំណាល​ប្រចាំ​សប្តាហ៍​នេះដើម្បី​ស្វែង​យល់ពី​សុខទុក្ខ​របស់កម្មករ និងដើម្បីដោះស្រាយ​បញ្ហាប្រឈម​នានា​មួយចំនួនរបស់​កម្មករ និងជំរុញនូវគោល​នយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥​)​ ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ពង្រឹង សេដ្ឋកិច្ចជាតិ និងលើកកម្ពស់​ជីវភាព​រស់​នៅរបស់​ពល​រដ្ឋអោយ​កាន់តែ​ល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្តេចនឹងបន្ត​ដឹកនាំប្រទេស​ជាតិ​មិន​តិចជាង​១០ ឆ្នាំទៀត ដើម្បីការ​ពារ​សន្តិភាព ការពារពារ​រោងចក្រ ការពារផល​ប្រយោជន៍​បងប្អូនកម្មករ-កម្មការិនី និងសូមអោយ​បងប្អូន​ប្រជាព​លរដ្ឋគាំទ្រ និងបន្តបោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​ជាបន្តទៀត។ សុខដុមនីយកម្ម នៃបណ្តាល​រោង​ចក្រ​នានា គឺជា​កត្តា​សំខាន់បំផុត ដែលគ្រ​ប់​រោង​ចក្រទាំងអស់ មិនត្រូវឲ្យមាន​បញ្ហា​ផ្ទៃក្នុង​រវាងកម្មករ និងគណៈគ្រប់​គ្រង​រោង​ចក្រឡើង។ ក្មួយកម្មករ-កម្មការិនី ត្រូវតែចេះ​ជួយគ្នា​ទៅវិញ​ទៅមក​ហើយ​ចំពោះតំណាង​កម្មករ ដែលជាប្រធានផ្នែក​ប្រធានរដ្ឋបាល ត្រូវមានការ​យោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ហើយត្រូវរក​វិធីដោះស្រាយ ដោយសន្តិវិធី។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ​ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណា​ងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រា និងកូនក្មួយ​កម្មករ-កម្មការិនីទាំងអស់​ ដែលបាន គោរព​ស្រលាញ់​សម្តេច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវសារ​សំខាន់ៗ ៩ចំនុច​ដើម្បីអោ​យ​ក្រសួងពាក់ពន្ធ័​អោយអ​នុវត្តន៍អោយមាន​ប្រសិទ្ធភាព។

១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២) ត្រូវអនុវត្តន៍ការ​ចុះពិនិត្យ​នៅតាម​មន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យា​បាល​ កម្មករ-កម្មការិនី​រោងចក្រ រួមទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍​ដូចគ្នា​ជាពិ​សេស​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និងក្រសួង​ការងារ​ត្រូវធ្វើអោយ បានម៉តចត់។

៣)ត្រូវអនុវត្តន៍​ចំពោះស្រ្តីមានផ្ទៃពោះ​សំរាលកូន​គឺនឹង​ទទួលបានពេល​វេលា​ឈប់​សម្រាក ពីការងារ​រយៈពេល​៣ខែហើយ ហើយនៅ​ទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយ​បេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។

៤) ត្រូវអនុវត្តន៍ ចំពោះកម្មការិនី​សម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ។ បើសម្រាល​បានកូនភ្លោះ (២) គឺទទួលបាន​ថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួល​បានថវិកា​១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភ​ចំនួន​៥លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និងសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួច​រាល់​ហើយ។

៧) អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូល​និវត្តន៍ (ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំអោយ​ហើយ​​ដើម្បីអោយ​ដំណើរ​ការ​បាន​ល្អនៅក្នុង​ឆ្នាំ២០១៩ នូវរបប​សោធននិវត្តន៍នេះ។

៨)អនុវត្តន៍ចូលរួម​បន្តយកចិត្តទុកដាក់ និងដោះស្រាយ​បញ្ហាផ្សេងៗ ដែលបង​ប្អូនពលករទៅក្រៅប្រទេស ជួយសម្រួល​នូវបែប​បទលិខិតបទ​ដ្ឋានផ្លូវច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខ​ខ័ណ្ឌការងារ ល្អប្រសើរ។

៩) ក្រសួង​ការងារត្រូវចុះ​អនុវត្តតាម​ដានភ្លា​មៗ​អោយបាន​ដិតដល់ និងចូលរួមដោះស្រាយបញ្ហា ប្រឈមនានា​ចំពោះកម្មករ នៅពេលដែលម្ចាស់​រោង​ចក្រ​រត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជា​បន្ទាន់​ដល់កម្មករ-កម្មការិនី ដែលបានធ្វើការ ក្នុងពេល​ដែលថៅកែរោងចក្រ​បានរត់ចោល ហើយត្រូវបន្តដោះស្រាយ​បញ្ហានានា​ជាមួយម្ចា​ស់​រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់​កម្មករ-កម្មការិនីអោយ​បានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបង​ប្អូនកូន​ក្មួយកម្មករ- កម្មការិនី និយោជក​ទាំងអស់ ដែលបាន​ចូលរួម​ក្នុងពិធី​ជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹក​ចិត្តមួយ​ចំនួន​ដល់កម្មករ និងបានឧបត្ថម្ភ​ថវិកាដល់​កម្មការិនីមានផ្ទៃពោះចំនួន ៦៣១ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ